Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 10
Roma KhmerNT 10:1  បងប្អូន​អើយ!​ ចិត្ដ​ប្រាថ្នា​របស់​ខ្ញុំ​ និង​ការ​អធិស្ឋាន​ទូល​សុំ​ដល់​ព្រះជាម្ចាស់​សម្រាប់​ជនជាតិ​អ៊ីស្រាអែល​ គឺ​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​
Roma KhmerNT 10:2  ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​
Roma KhmerNT 10:3  ព្រោះ​ពួកគេ​មិន​យល់​អំពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ហើយ​ពួកគេ​ខំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​សុចរិត​ដោយ​មិន​បាន​ចុះចូល​តាម​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ឡើយ​
Roma KhmerNT 10:4  ដ្បិត​ព្រះគ្រិស្ដ​ជា​អ្នក​សម្រេច​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ទទួល​សេចក្ដី​សុចរិត។​
Roma KhmerNT 10:5  លោក​ម៉ូសេ​បាន​ចែងទុក​អំពី​សេចក្ដី​សុចរិត​ដែល​មាន​តាមរយៈ​ក្រឹត្យវិន័យ​ថា​ អ្នកណា​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់នៅ​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង​
Roma KhmerNT 10:6  ឯ​សេចក្ដី​សុចរិត​ដែល​មាន​ដោយសារ​ជំនឿ​វិញ​ មាន​ចែង​ដូច្នេះ​ថា​ កុំ​ឲ្យ​អ្នក​គិត​ក្នុង​ចិត្ដ​ថា​ តើ​អ្នកណា​នឹង​ឡើង​ទៅ​ស្ថានសួគ៌​បាន​ [គឺ​ថា​ដើម្បី​នាំ​ព្រះគ្រិស្ដ​ចុះមក]?​
Roma KhmerNT 10:7  ឬ​តើ​អ្នកណា​នឹង​ចុះ​ទៅ​ក្នុង​រណ្ដៅ​នរក​ [គឺ​ថា​ដើម្បីនាំ​ព្រះគ្រិស្ដ​ចេញ​ពី​ចំណោម​ពួក​មនុស្ស​ស្លាប់]?​
Roma KhmerNT 10:8  តើ​បទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច?​ គឺ​ចែងថា៖​ «ព្រះបន្ទូល​នៅ​ក្បែរៗ​អ្នក​នេះ​ឯង​ គឺ​នៅ​ក្នុង​មាត់​របស់​អ្នក​ និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក»​ នោះ​ហើយ​ជា​ព្រះបន្ទូល​អំពី​ជំនឿ​ដែល​យើង​កំពុង​ប្រកាស​
Roma KhmerNT 10:9  ព្រោះបើ​មាត់​របស់​អ្នក​ប្រកាស​ថា​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​ ហើយ​ជឿ​នៅ​ក្នុង​ចិត្ត​ថា​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ នោះ​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​
Roma KhmerNT 10:10  ដ្បិត​មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ចិត្ដ​ដែល​ជឿ​ ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​មាត់​ដែល​ប្រកាស​
Roma KhmerNT 10:11  ព្រោះ​បទគម្ពីរ​ចែង​ថា៖​ «អ្នកណា​ក៏ដោយ​ដែល​ជឿ​ព្រះអង្គ​ អ្នក​នោះ​នឹង​មិន​ខក​ចិត្ដ​ឡើយ»។​
Roma KhmerNT 10:12  ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​
Roma KhmerNT 10:13  ព្រោះ​អ្នកណា​ក៏ដោយ​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​
Roma KhmerNT 10:14  ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​អំពាវនាវ​រក​ព្រះអង្គ​បាន​ បើ​ពួកគេ​មិន​ដែល​ជឿ​ផង?​ ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេច​បាន​ បើ​ពួកគេ​មិន​ដែល​ឮ​ផង?​ ហើយ​ឲ្យ​ពួកគេ​ឮ​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ប្រកាស​ប្រាប់​ពួកគេ​ផង?​
Roma KhmerNT 10:15  តើ​ឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅ​ផង?​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ជើង​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដ​ ​ល្អ​ប្រពៃ​ណាស់​ហ្ន៎!»​
Roma KhmerNT 10:16  ប៉ុន្ដែ​មិន​មែន​មនុស្ស​ទាំង​អស់​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ​ ព្រោះ​លោក​អេសាយ​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​សេចក្ដី​ប្រកាស​របស់​យើង?»​
Roma KhmerNT 10:17  ដូច្នេះ​ ជំនឿ​កើត​មកពី​ការឮ​ ហើយ​ការ​ឮ​នោះ​ជា​ការ​ឮ​អំពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​
Roma KhmerNT 10:18  ប៉ុន្ដែ​ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​មិន​ដែល​ឮ​ទេ​ឬ?​ ទេ​ ពួកគេ​បាន​ឮ​ប្រាកដ​ណាស់​ «សំឡេង​នោះ​បាន​លាន់​ពាសពេញ​ផែនដី​ ហើយ​ពាក្យ​សំដី​ក៏​ឮ​ដល់​ចុង​បំផុត​នៃ​ផែនដី​ទៀត​ផង»។​
Roma KhmerNT 10:19  ហើយ​ខ្ញុំ​សូម​សួរ​ទៀត​ថា​ តើ​ជនជាតិ​អ៊ីស្រាអែល​មិន​ដែល​ដឹង​ទេ​ឬ?​ លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ច្រណែន​ដោយសារ​មនុស្ស​ដែល​មិន​ដឹង​ជា​ជនជាតិ​ណា​មួយ​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខឹង​ដោយសារ​ជនជាតិ​មួយ​ដែល​គ្មាន​ប្រាជ្ញា»។​
Roma KhmerNT 10:20  រីឯ​លោក​អេសាយ​វិញ​មាន​ចិត្ដ​ក្លាហាន​ ហើយ​គាត់​បាន​ថ្លែង​ថា៖​ «យើង​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​ស្វែង​រក​យើង​បាន​ឃើញ​យើង​ ព្រមទាំង‍​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​សួរ​រក​យើង​ឃើញ​យើង​ដែរ»។​
Roma KhmerNT 10:21  ហើយ​គាត់​បាន​ថ្លែង​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «យើង​បាន​លូក​ដៃ​របស់​យើង​ពេញ​មួយ​ថ្ងៃ​ទៅ​ឯ​ជនជាតិ​មួយ​ដែល​មិន​ស្ដាប់បង្គាប់​ ហើយ​ចេះតែ​ប្រឆាំង»។​