Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 11
Roma KhmerNT 11:1  ដូច្នេះ​ខ្ញុំ​សូម​សួរ​ថា​ តើ​ព្រះជាម្ចាស់​បោះ​បង់​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចោល​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែរ​ ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។​
Roma KhmerNT 11:2  ព្រះជាម្ចាស់​មិន​បោះបង់​ចោល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​នោះ​ឡើយ​ ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អ្វីដែល​បទគម្ពីរ​បាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ​ឬអី​ថា​ តើ​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ?​
Roma KhmerNT 11:3  គឺ​គាត់​ទូលថា៖​ «ព្រះអម្ចាស់​អើយ!​ ពួកគេ​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​រំលំ​កន្លែង​ថ្វាយ​តង្វាយ​ទាំងឡាយ​របស់​ព្រះអង្គ​ចោល​ ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ រួច​ពួកគេ​រក​សម្លាប់​ខ្ញុំ​ទៀត!»​
Roma KhmerNT 11:4  តើ​ព្រះជាម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​យ៉ាង​ដូចម្ដេច?​ គឺ​ព្រះអង្គ​ឆ្លើយ​ថា៖​ «យើង​បាន​រក្សា​មនុស្ស​ប្រាំពីរពាន់​នាក់​ទុក​សម្រាប់​យើង​ ជា​ពួកអ្នក​ដែល​មិន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះបាល»។​
Roma KhmerNT 11:5  ដូច្នេះ​ដែរ​ នៅ​បច្ចុប្បន្ន​នេះ​ ក៏​មាន​អ្នក​នៅ​សល់​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ដោយសារ​ព្រះគុណ​
Roma KhmerNT 11:6  ហើយ​បើ​ដោយសារ​ព្រះគុណ​មែន​ នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​
Roma KhmerNT 11:7  តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​
Roma KhmerNT 11:8  ដូចមាន​សេចក្ដី​ចែង​ទុកថា៖​ «ព្រះជាម្ចាស់​ប្រទាន​វិញ្ញាណ​ស្ពឹក​ស្រពន់​ និង​ភ្នែក​ដែល​មើល​មិន​ឃើញ​ ហើយ​ត្រចៀក​ដែល​ស្ដាប់​មិន​ឮ​ដល់​ពួកគេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។​
Roma KhmerNT 11:9  ឯ​ស្ដេច​ដាវីឌ​វិញ​និយាយ​ថា៖​ «សូម​ឲ្យ​តុ​របស់​ពួកគេ​ត្រលប់​ជា​អង្គប់​ ជា​អន្ទាក់​ ជា​របស់​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល​ និង​ជា​សំណង​ដល់​ពួកគេ​វិញ​ចុះ​
Roma KhmerNT 11:10  សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​ងងឹត​មើល​មិន​ឃើញ​ ហើយ​ឲ្យ​ខ្នង​របស់​ពួកគេ​កោង​រហូត»។​
Roma KhmerNT 11:11  ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​
Roma KhmerNT 11:12  បើ​កំហុស​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភពលោក​ ហើយការ​អន់​ថយ​របស់​ពួកគេ​ នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​ភាព​ពេញ​លក្ខណៈ​របស់​ពួកគេ​វិញ​ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត!​
Roma KhmerNT 11:13  ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ ព្រោះ​ខ្ញុំ​ជា​សាវក​សម្រាប់​សាសន៍​ដទៃ​ បាន​ជា​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំ​នេះ​
Roma KhmerNT 11:14  ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជន​រួមជាតិ​របស់​ខ្ញុំ​ច្រណែន​ ដើម្បី​ឲ្យ​ពួកគេ​ខ្លះ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​
Roma KhmerNT 11:15  បើ​ការ​ដែល​ពួកគេ​ត្រូវ​បដិសេធ​ នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភពលោក​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ពួកគេ​ត្រូវ​ទទួល​យក​វិញ​ នោះតើ​មិន​មែន​ជា​ការ​មាន​ជីវិត​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់​ទេឬ?​
Roma KhmerNT 11:16  បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ​ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ​ ហើយ​បើ​ឫស​បរិសុទ្ធ​ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​
Roma KhmerNT 11:17  យ៉ាង​ណា​ក្ដី​ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ​ ហើយ​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ​ក្នុង​ចំណោម​មែក​ទាំង​នោះ​ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍​ផ្សេង​ទៀត​ទៅ​ហើយ​
Roma KhmerNT 11:18  នោះ​ ចូរ​កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​បី​អ្នក​អួតអាង​ក៏ដោយ​ ក៏ចូរ​ដឹង​ថា​ មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស​ គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​
Roma KhmerNT 11:19  ពេល​នោះ​អ្នក​នឹង​និយាយ​ថា​ មែក​ទាំង​នោះ​ត្រូវ​បាន​កាត់​ចេញ​ ដើម្បី​យក​ខ្ញុំ​ផ្សាំ​ជំនួស។​
Roma KhmerNT 11:20  មែន​ហើយ​ ពួកគេ​ត្រូវ​បាន​កាត់​ចេញ​ដោយសារ​គ្មាន​ជំនឿ​ រីឯ​អ្នក​វិញត្រូវ​បាន​ភ្ជាប់​ឲ្យ​ជាប់​ដោយ​សារ​ជំនឿ​ ដូច្នេះ​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ឡើយ​ ប៉ុន្ដែ​ចូរ​កោតខ្លាច​វិញ​
Roma KhmerNT 11:21  ដ្បិត​បើ​ព្រះជាម្ចាស់​មិន​អត់ឱន​ឲ្យ​មែក​ពី​កំណើត​ផង​ នោះ​ព្រះជាម្ចាស់​ក៏​មិន​អត់ឱន​ឲ្យ​អ្នក​ដែរ។​
Roma KhmerNT 11:22  ចូរ​ពិចារណា​អំពី​សេចក្ដី​សប្បុរស​ និង​ភាព​ម៉ឺងម៉ាត់​របស់​ព្រះជាម្ចាស់​ចុះ។​ ព្រះអង្គ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ដួល​ចុះ​ ប៉ុន្ដែ​ព្រះអង្គ​មាន​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ លុះត្រា​តែ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ក៏​ត្រូវ​កាត់​ចេញ​ដែរ​
Roma KhmerNT 11:23  ឯ​ពួកអ្នក​ដែល​ត្រូវ​កាត់ចេញ​ទាំង​នោះ​ក៏​ដូច្នេះ​ដែរ​ បើ​ពួកគេ​បោះ​បង់​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះជាម្ចាស់​នឹង​ផ្សាំ​ពួកគេ​វិញ​ ព្រោះ​ព្រះអង្គ​អាច​ផ្សាំ​ពួកគេ​ជា​ថ្មី​បាន។​
Roma KhmerNT 11:24  ដ្បិត​បើ​អ្នក​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ព្រៃ​ ត្រូវ​បាន​កាត់​យក​មក​ផ្សាំ​ជាប់​ដើម​អូលីវ​ស្រុក​ដែល​មិនមែន​ជា​ដើម​ពី​កំណើត​ទៅ​ហើយ​ ចុះ​ទម្រាំ​ពួកគេ​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ស្រុក​ស្រាប់​ នោះ​ងាយ​ផ្សាំ​ជាប់​ដើម​របស់​ខ្លួន​វិញ​លើស​ជាង​អម្បាល​មាន​ទៅ​ទៀត។​
Roma KhmerNT 11:25  បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អាថ៌កំបាំង​នេះ​ឡើយ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ស្មាន​ថា​ខ្លួន​ឯង​ឆ្លាត​ គឺ​ថា​ជនជាតិ​អ៊ីស្រាអែល​មួយ​ចំនួន​មាន​ចិត្ដ​រឹងរូស​ រហូត​ទាល់តែ​ឲ្យ​សាសន៍​ដទៃ​ទាំងឡាយ​បាន​ចូល​មក​គ្រប់​ចំនួន។​
Roma KhmerNT 11:26  ដូច្នេះហើយ​ជនជាតិ​អ៊ីស្រាអែល​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទាំង​អស់​គ្នា​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ ហើយ​ព្រះអង្គ​នឹង​ដក​យក​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ចេញ​ពី​យ៉ាកុប​
Roma KhmerNT 11:27  ដ្បិត​នេះ​ហើយ​ជា​កិច្ច​ព្រមព្រៀង​របស់​យើង​ជាមួយ​ពួកគេ​ គឺ​នៅ​ពេល​ដែល​យើង​ដក​យក​បាប​ចេញ​ពី​ពួកគេ»។​
Roma KhmerNT 11:28  យោង​តាម​ដំណឹង​ល្អ​ ដោយសារ​អ្នករាល់​គ្នា​ ពួកគេ​ត្រលប់​ជា​សត្រូវ​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​យោង​តាម​ការ​ជ្រើសរើស​វិញ​ ដោយសារ​ដូនតា​របស់​ពួកគេ​ ព្រះជាម្ចាស់​ស្រឡាញ់​ពួកគេ​
Roma KhmerNT 11:29  ព្រោះ​អំណោយទាន​ និង​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​មិន​ប្រែប្រួល​ឡើយ​
Roma KhmerNT 11:30  ដ្បិត​ពី​ដើម​អ្នក​រាល់គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ តែ​ឥឡូវ​អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ដោយសារ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់​ទាំង​អស់​នោះ​ជា​យ៉ាង​ណា​
Roma KhmerNT 11:31  នោះ​ពួកគេ​ក៏​ដូច្នោះ​ដែរ​ គឺ​ឥឡូវ​នេះ​ពួកគេ​មិន​ស្ដាប់​បង្គាប់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នៅ​ពេល​នេះ​ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​នោះ​ដែរ​
Roma KhmerNT 11:32  ដ្បិត​ព្រះជាម្ចាស់​បាន​បង្ខាំង​មនុស្ស​ទាំង​អស់​ទុក​ក្នុង​សេចក្ដី​មិន​ស្ដាប់​បង្គាប់​ ដើម្បី​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដល់​ពួកគេ​គ្រប់​គ្នា។​
Roma KhmerNT 11:33  សេចក្ដី​សប្បុរស​ ប្រាជ្ញា​ និង​ចំណេះ​របស់​ព្រះជាម្ចាស់​បរិបូរ​ ជ្រាល​ជ្រៅ​ណាស់!​ គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បាន​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​អាច​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ​
Roma KhmerNT 11:34  តើ​មាន​អ្នកណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​ ឬ​ធ្លាប់​ធ្វើ​ជា​អ្នក​ផ្ដល់​យោបល់​ដល់​ព្រះអង្គ​ដែរ​ឬទេ?​
Roma KhmerNT 11:35  តើ​មាន​អ្នកណា​ធ្លាប់​ថ្វាយ​ដល់​ព្រះអង្គ​ជាមុន​ ដើម្បី​ឲ្យ​ព្រះអង្គ​តបស្នង​ដល់​ខ្លួន​វិញ​ដែរ‍ឬ​ទេ?​
Roma KhmerNT 11:36  ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះអង្គ​ ដោយសារ​ព្រះអង្គ​ និង​សម្រាប់​ព្រះអង្គ‍។​ សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​