Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 17
Matt KhmerNT 17:1  ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រះយេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់​ទៅ​ដាច់​ឡែក​ពី​គេ​ ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​
Matt KhmerNT 17:2  ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែក​ នៅ​ចំពោះ​មុខ​ពួកគេ​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​ចែង​ដូច​ជា​ដួង​អាទិត្យ​ ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ដូច​ជា​ពន្លឺ​
Matt KhmerNT 17:3  ហើយ​មើល៍​ លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​បាន​លេច​មក​ឲ្យ​ពួក​គេ​ឃើញ​ ទាំង​កំពុង​និយាយ​ជាមួយ​ព្រះអង្គ​ផង​
Matt KhmerNT 17:4  លោក​ពេត្រុស​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទី​នេះ​ ប្រសិន​បើ​ព្រះអង្គ​ព្រម​ ខ្ញុំ​នឹង​ធ្វើ​រោង​បី​នៅ​ទី​នេះ​ មួយ​សម្រាប់​ព្រះអង្គ​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​
Matt KhmerNT 17:5  កាល​លោក​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ​ នោះ​ក៏​មាន​ពពក​ដ៏​ភ្លឺ​ចិញ្ចាច​គ្រប​បាំង​ពួកគេ​ ហើយ​មាន​សំឡេង​និយាយ​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ត​នឹង​ព្រះអង្គ​ណាស់​ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»​
Matt KhmerNT 17:6  ពេល​ពួក​សិស្ស​ស្ដាប់​ឮ​ គេ​ក៏​ក្រាប​ផ្កាប់​មុខ​ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង​
Matt KhmerNT 17:7  ព្រះយេស៊ូ​ក៏​ចូល​ទៅ​ជិត​ និង​បាន​ពាល់​គេ​ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ក្រោក​ឡើង​កុំ​ខ្លាច​អី»​
Matt KhmerNT 17:8  កាល​ពួកគេ​ងើយ​ភ្នែក​ឡើង​ នោះ​មិន​ឃើញ​អ្នកណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​ប៉ុណ្ណោះ។​
Matt KhmerNT 17:9  ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​បង្គាប់​ពួកគេ​ថា៖​ «កុំ​ប្រាប់​អ្នកណា​អំពី​ហេតុ​ការណ៍​ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ​ រហូត​ដល់​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ»។​
Matt KhmerNT 17:10  ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ចុះ​ហេតុអ្វី​បាន​ជា​ពួក​គ្រូវិន័យ​និយាយ​ថា​ លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?»​
Matt KhmerNT 17:11  ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​អេលីយ៉ា​មក​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​
Matt KhmerNT 17:12  តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួល​ស្គាល់​លោក​ទេ​ បែរ​ជា​ប្រព្រឹត្ត​ចំពោះ​លោក​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង​ ហើយ​កូនមនុស្ស​នឹង​ត្រូវ​ពួកគេ​ធ្វើ​ទុក្ខ​យ៉ាង​ដូច្នោះ​ដែរ»។​
Matt KhmerNT 17:13  ពួក​សិស្ស​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​
Matt KhmerNT 17:14  កាល​បាន​មក​ដល់​បណ្ដាជន​ហើយ​ នោះ​បុរស​ម្នាក់​បាន​មក​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​
Matt KhmerNT 17:15  ទូល​ថា៖​ «លោកម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​កូន​ប្រុស​ខ្ញុំ​ផង​ ព្រោះ​វា​ឆ្កួត​ជ្រូក​រង​ទុក្ខ​ខ្លាំង​ណាស់​ ហើយ​វា​ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ក្នុង​ទឹក​ជា​ញឹក​ញាប់​
Matt KhmerNT 17:16  ខ្ញុំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​ តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យ​ជា​បាន​ទេ»។​
Matt KhmerNT 17:17  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ​នៅ​ទី​នេះ‍»‍។​
Matt KhmerNT 17:18  ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ ក្មេង​នោះ​ក៏​បាន​ជាសះស្បើយ​ចាប់​តាំង​ពី​ពេល​នោះ​មក‍។​
Matt KhmerNT 17:19  បន្ទាប់​មក​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ដោយ​ឡែក​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​យើង​មិន​អាច​បណ្ដេញ​អារក្ស​នោះ​បាន​ដូច្នេះ?»​
Matt KhmerNT 17:20  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​
Matt KhmerNT 17:21  ប៉ុន្ដែ​អារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញ​ចេញ​ទេ​ លើកលែង​តែ​អធិស្ឋាន​ និង​តម​អាហារ»។​
Matt KhmerNT 17:22  កាល​ពួកគេ​មក​ជុំ​គ្នា​នៅ​ស្រុក​កាលីឡេ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​
Matt KhmerNT 17:23  គេ​នឹង​សម្លាប់​លោក​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»​ ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ព្រួយ​ចិត្ដ​ជា​ខ្លាំង។​
Matt KhmerNT 17:24  កាល​ពួកគេ​មក​ដល់​ក្រុង​កាពើណិម​ នោះ​មាន​ម្នាក់​ជា​អ្នក​ទារ​ពន្ធ​ចំនួន​ពីរ​ដ្រាក់ម៉ា​សម្រាប់​ព្រះ​វិហារ​ បាន​ចូល​មក​ជិត​លោក​ពេត្រុស ​សួរ​ថា៖​ «តើ​គ្រូ​របស់​ពួក​អ្នក​មិន​បង់​ពន្ធ​ព្រះ​វិហារ​ទេ​ឬ?»​
Matt KhmerNT 17:25  លោក​ពេត្រុស​ក៏​តប​ថា៖​ «បាទ»​ ហើយ​កាល​មក​ដល់​ក្នុង​ផ្ទះ​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ជា​មុន​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ‍!​ អ្នក​យល់​យ៉ាង​ដូច​ម្ដេច​ តើ​ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធដារ​ ឬ​សួយអាករ​ពី​នរណា‍?​ ពី​កូន​របស់​ខ្លួន​ ឬ​ពី​អ្នក​ដទៃ?»​
Matt KhmerNT 17:26  គាត់​ទូល​តប​វិញ​ថា៖​ «ពី​អ្នក​ដទៃ»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ដូច្នេះ​កូន​ស្ដេច​មិន​បាច់​បង់​ពន្ធ​ទេ​
Matt KhmerNT 17:27  ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​គេ​ទាស់ចិត្ដ​ ចូរ​ទៅ​បឹង​ ហើយ​បោះ​សន្ទូច​ចុះ​ រួច​យក​ត្រី​ដែល​ជាប់​សន្ទូច​មុន​គេ​ បើក​មាត់​វា​ នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ​ ចូរ​យក​កាក់​នោះ​បង់​ពន្ធ​ឲ្យ​គេ​សម្រាប់​ខ្ញុំ​ និង​អ្នក​ចុះ‍»។​