Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 10
Matt KhmerNT 10:1  កាល​ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់​ពីរ​មក​ហើយ​ ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​ ដើម្បី​បណ្ដេញ​ពួកវា​ និង​ប្រោស​ជំងឺ​រោគា​គ្រប់​យ៉ាង​ឲ្យ​បាន​ជា។​
Matt KhmerNT 10:2  សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ​ ទី​មួយ​លោក​ស៊ីម៉ូន​ ហៅ​ពេត្រុស​ និង​លោក​អនទ្រេ​ជា​ប្អូន​របស់​គាត់​ រួច​មាន​កូន​របស់​លោក​សេបេដេ​ គឺ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់​
Matt KhmerNT 10:3  ហើយ​មាន​លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ថូម៉ាស​ លោក​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធដារ​ លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ថាដេ​
Matt KhmerNT 10:4  លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិនិយម​ និង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​
Matt KhmerNT 10:5  ព្រះ​យេស៊ូ​បាន​ចាត់​សាវក​ទាំង​ដប់​ពីរ​នេះ​ឲ្យ​ចេញ​ទៅ​ដោយ​បង្គាប់​ថា៖​ «ចូរ​កុំ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ​ ហើយ​កុំ​ចូល​ក្នុង​ក្រុង​ពួក​សាម៉ារី​
Matt KhmerNT 10:6  ផ្ទុយ​ទៅ​វិញ​ ចូរ​ទៅ​រក​រាស្ដ្រ​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះជាម្ចាស់​
Matt KhmerNT 10:7  ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា​ នគរ​ស្ថានសួគ៌​នៅ​ជិត​បង្កើយ​
Matt KhmerNT 10:8  ចូរ​ប្រោស​អ្នក​ឈឺ​ឲ្យ​បាន​ជា​ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត​ មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​ត្រូវ​បណ្ដេញ​អារក្ស​ផង។​ អ្នក​រាល់គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ​ ក៏​ត្រូវ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។​
Matt KhmerNT 10:9  កុំ​យក​មាស​ប្រាក់​ ឬ​លុយ​កាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​អ្នក​រាល់គ្នា​
Matt KhmerNT 10:10  ហើយ​កុំ​យក​ថង់​យាម​ អាវ​ពីរ​បន្លាស់​ ស្បែក​ជើង​ ឬ​ឈើ​ច្រត់​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​ធ្វើ​ការ​ស័ក្ដិសម​នឹង​ទទួល​បាន​ជំនួយ។​
Matt KhmerNT 10:11  ពេល​អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា​ ឬ​ភូមិ​ណា​ក៏​ដោយ​ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ក្នុង​ក្រុង​ ឬ​ភូមិ​នោះ​ ចូរ​នៅ​ទី​នោះ​រហូត​ដល់​ពេល​អ្នក​រាល់គ្នា​ចាក​ចេញ​
Matt KhmerNT 10:12  ហើយ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ​ផង‍។​
Matt KhmerNT 10:13  បើ​ផ្ទះ​នោះ​ស័ក្តិសម​មែន​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​អ្នក​រាល់គ្នា​មាន​ដល់​ផ្ទះ​នោះ​ចុះ​ តែ​បើ​ផ្ទះ​នោះ​មិន​ស័ក្តិសម​ទេ​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​មាន​ដល់​អ្នក​រាល់គ្នា​វិញ។​
Matt KhmerNT 10:14  បើ​គ្មាន​អ្នកណា​ទទួល​ ឬ​ស្ដាប់​ពាក្យ​អ្នក​រាល់គ្នា​ទេ​ ពេល​ចេញ​ពី​ផ្ទះ​ ឬ​ក្រុង​នោះ​ ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​
Matt KhmerNT 10:15  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត។​
Matt KhmerNT 10:16  ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​
Matt KhmerNT 10:17  ប៉ុន្ដែ​ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស​ ដ្បិត​គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​វាយ​អ្នក​រាល់គ្នា​នឹង​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​
Matt KhmerNT 10:18  ហើយ​ដោយ​ព្រោះ​ខ្ញុំ​ គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ចំពោះ​មុខ​ពួក​អជ្ញាធរ​ និង​ស្ដេច​ ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួកគេ​ និង​ដល់​សាសន៍​ដទៃ‍។​
Matt KhmerNT 10:19  ប៉ុន្ដែ​ពេល​គេ​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​និយាយ​អ្វី​ ឬ​និយាយ​បែប​ណា​ឲ្យ​សោះ​ ព្រោះ​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​នូវ​អ្វី​ ដែល​អ្នក​រាល់គ្នា​ត្រូវ​និយាយ​នៅ​វេលា​នោះ​
Matt KhmerNT 10:20  ដ្បិត​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះវិញ្ញាណ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មាន​បន្ទូល​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។​
Matt KhmerNT 10:21  បងប្អូន​នឹង​ប្រគល់​បងប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ ព្រមទាំង​ប្រគល់​ឲ្យ​គេ​សម្លាប់។​
Matt KhmerNT 10:22  មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នកណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​
Matt KhmerNT 10:23  ពេល​គេ​បៀតបៀន​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​មួយ​ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​កូន​មនុស្ស​មក​វិញ​ អ្នក​រាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង‍។​
Matt KhmerNT 10:24  សិស្ស​មិន​ដែល​លើ​គ្រូ​ទេ​ ហើយ​បាវបម្រើ​ក៏​មិន​ដែល​លើ​ចៅហ្វាយ​ដែរ​
Matt KhmerNT 10:25  ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ​ ហើយ​បាវបម្រើ​បាន​ដូច​ជា​ចៅហ្វាយ​ នោះ​ល្មម​ហើយ។​ ប្រសិន​បើ​គេ​ហៅ​មេ​គ្រួសារ​ថា​ អារក្ស​បេលសេប៊ូល​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​សមាជិក​គ្រួសារ​វិញ​ គេ​ហៅ​លើស​នោះ​អម្បាល​មាន​ទៅ​ទៀត។​
Matt KhmerNT 10:26  ដូច្នេះ​កុំ​ខ្លាច​ពួកគេ​អី​ ព្រោះ​គ្មាន​ការ​លាក់​កំបាំង​ណា​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ដែរ។​
Matt KhmerNT 10:27  អ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​នៅ​ទី​ងងឹត​ ចូរ​អ្នក​រាល់គ្នា​និយាយ​នៅ​ទី​ភ្លឺ​ ហើយ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ឮ​នឹង​ត្រចៀក​ ចូរ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ។​
Matt KhmerNT 10:28  ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូប​កាយ​ ប៉ុន្ដែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​ឲ្យ​សោះ​ ផ្ទុយ​ទៅ​វិញ​ ចូរ​កោត​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូប​កាយ​ ទាំង​ព្រលឹង​នៅ​ក្នុង​ស្ថាន​នរក។​
Matt KhmerNT 10:29  តើ​ចាប​ពីរ​មិន​មែន​ថ្លៃ​មួយ​សេន​ទេ​ឬ​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី​ដោយ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មិន​ដឹង​នោះ​ឡើយ​
Matt KhmerNT 10:30  ហើយ​សូម្បី​តែ​សក់​ក្បាល​អ្នក​រាល់គ្នា​ ក៏​ព្រះអង្គ​ដឹង​ចំនួន​ទាំង​អស់​ដែរ​
Matt KhmerNT 10:31  ដូច្នេះ​ កុំ​ខ្លាច​អី​ ដ្បិត​អ្នក​រាល់គ្នា​មាន​តម្លៃ​លើស​សត្វ​ចាប​ទៅ​ទៀត។​
Matt KhmerNT 10:32  អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​
Matt KhmerNT 10:33  អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ ខ្ញុំ​នឹង​បដិសេធ​អ្នកនោះ​នៅ​មុខ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។​
Matt KhmerNT 10:34  ចូរ​កុំ​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​ក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដី​សុខសាន្ដ​ទេ​ គឺ​នាំ​ដាវ​វិញ​
Matt KhmerNT 10:35  ព្រោះ​ខ្ញុំ​មក​បំបែក​កូន​ប្រុស​ពី​ឪពុក​ កូន​ស្រី​ពីម្ដាយ​ ហើយ​កូន​ប្រសា​ស្រី​ពី​ម្ដាយ​ក្មេក​
Matt KhmerNT 10:36  ឯ​សត្រូវ​របស់​អ្នក​នោះ​ គឺ​ជា​សមាជិក​គ្រួសារ​របស់​អ្នក​នោះ​ឯង។​
Matt KhmerNT 10:37  អស់​អ្នក​ដែល​ស្រឡាញ់​ឪពុក​ ឬ​ម្ដាយ​លើស​ខ្ញុំ​ នោះ​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ទេ​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​ ឬ​កូន​ស្រី​លើស​ខ្ញុំ​ នោះ​ក៏​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ដែរ។​
Matt KhmerNT 10:38  អស់​អ្នក​ដែល​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ នោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ‍។​
Matt KhmerNT 10:39  អស់​អ្នក​ដែល​រក​ជីវិត​នឹង​បាត់​ជីវិត​ តែ​អស់​អ្នក​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ នោះ​នឹង​បាន​ជីវិត​វិញ។​
Matt KhmerNT 10:40  អ្នកណា​ទទួល​អ្នក​រាល់គ្នា​ នោះ​ក៏​ទទួល​ខ្ញុំ​ដែរ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ​ នោះ​ក៏​ទទួល​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ដែរ។​
Matt KhmerNT 10:41  អ្នកណា​ដែល​ទទួល​អ្នក​នាំ​ព្រះបន្ទូល​ដោយ​ឈ្មោះ​អ្នក​នាំ​ព្រះបន្ទូល​ នឹង​ទទួល​បាន​រង្វាន់​របស់​អ្នក​នាំ​ព្រះបន្ទូល។​ អ្នកណា​ដែល​ទទួល​មនុស្ស​សុចរិត​ដោយ​ឈ្មោះ​មនុស្ស​សុចរិត​ នឹង​ទទួល​បាន​រង្វាន់​របស់​មនុស្ស​សុចរិត។​
Matt KhmerNT 10:42  អ្នកណា​ឲ្យ​ទឹក​ត្រជាក់​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​នេះ​ផឹក​ ដោយ​នូវ​ឈ្មោះ​ជា​សិស្ស​របស់​ខ្ញុំ​ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់គេ​ឡើយ»។​