Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 24
Matt KhmerNT 24:1  កាល​ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ​វិហារ​ទៅ​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះ​វិហារ។​
Matt KhmerNT 24:2  ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ឃើញ​របស់​ទាំង​អស់​នោះ​ទេ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅ​ទី​នេះ​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​
Matt KhmerNT 24:3  កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ នោះ​ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ ទូល​សួរ​ថា៖​ «សូម​ប្រាប់​យើង​ផង​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ តើ​ទីសំគាល់​នៃ​ការ​មក​ដល់​របស់​លោក​ និង​គ្រា​ចុង​បញ្ចប់​មាន​អ្វី​ខ្លះ?»​
Matt KhmerNT 24:4  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នកណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ឡើយ​
Matt KhmerNT 24:5  ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​ថា​ ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន។​
Matt KhmerNT 24:6  អ្នក​រាល់គ្នា​នឹង​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​ជ្រួល​ច្របល់​អី​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្តែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ​
Matt KhmerNT 24:7  ដ្បិត​ជនជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជនជាតិ​មួយ​ ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ព្រម​ទាំង​មាន​គ្រោះ​អត់​ឃ្លាន​ និង​ការរញ្ជួយ​ដី​ច្រើន​កន្លែង​
Matt KhmerNT 24:8  ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​
Matt KhmerNT 24:9  បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​
Matt KhmerNT 24:10  នៅ​ពេល​នោះ​ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល​ ពួកគេ​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។​
Matt KhmerNT 24:11  អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន។​
Matt KhmerNT 24:12  ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​កើន​ឡើង​ នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ​
Matt KhmerNT 24:13  តែ​អ្នក​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​
Matt KhmerNT 24:14  ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​នេះ​ នឹង​ត្រូវ​ប្រកាស​ទូ​ទាំង​ពិភព​លោក​ ទុក​ជា​ទី​បន្ទាល់​មួយ​ដល់​ជន​ជាតិ​ទាំង​អស់​ បន្ទាប់​មក​ទៀត​ ទី​បញ្ចប់​ក៏​មក​ដល់។​
Matt KhmerNT 24:15  ដូច្នេះ​ នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​ទី​បរិសុទ្ធ​ ដូច​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​ដានីយ៉ែល​ ជា​អ្នក​នាំ​ព្រះបន្ទូល។​ នោះ​ចូរ​ឲ្យ​អ្នក​អាន​យល់​ចុះ។​
Matt KhmerNT 24:16  នៅ​ពេល​នោះ​ ចូរ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​
Matt KhmerNT 24:17  ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ ចុះ​មក​ក្រោម​យក​របស់​របរ​ពី​ក្នុង​ផ្ទះ​របស់​គាត់​ឲ្យ​សោះ។​
Matt KhmerNT 24:18  កុំ​ឲ្យ​អ្នក​នៅ​ស្រែ​ចម្ការ​បក​ក្រោយ​ទៅ​យក​អាវ​គាត់​ឲ្យ​សោះ។​
Matt KhmerNT 24:19  នៅ​គ្រា​នោះ​ ពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់។​
Matt KhmerNT 24:20  ដូច្នេះ​ ចូរ​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ការ​រត់​គេច​របស់​អ្នក​រាល់គ្នា​កើត​ឡើង​នៅ​រដូវ​រងា​ ឬ​ថ្ងៃ​សប្ប័ទ​ឡើយ​
Matt KhmerNT 24:21  ពីព្រោះ​នៅ​ពេល​នោះ​ នឹង​មាន​ទុក្ខ​វេទនា​ដ៏​សម្បើម​ គឺ​មិន​ដែល​មាន​ទុក្ខ​វេទនា​បែប​នេះ​ឡើយ​ ចាប់​តាំង​ពី​ដើម​កំណើត​ពិភព​លោក​ រហូត​មក​ដល់​ពេល​នេះ​ ហើយ​ក៏​នឹង​មិន​កើត​ឡើង​ទៀត​ដែរ​
Matt KhmerNT 24:22  ហើយ​ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​
Matt KhmerNT 24:23  នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រាប់​អ្នក​រាល់គ្នា​ថា​ មើល៍​នែ​ ព្រះគ្រិស្ដ​នៅ​ទី​នេះ​ ឬ​នៅ​ទី​នោះ​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​
Matt KhmerNT 24:24  ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​
Matt KhmerNT 24:25  មើល៍​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​រួច​ហើយ​
Matt KhmerNT 24:26  ដូច្នេះ​ បើ​គេ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះអង្គ​នៅ​ទីរហោឋាន​ នោះ​កុំ​ចេញ​ទៅ​ឲ្យ​សោះ​ ឬ​ថា​ មើល៍​ ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ នោះ​កុំ​ជឿ​ឲ្យ​សោះ​
Matt KhmerNT 24:27  ដ្បិត​កូន​មនុស្ស​នឹង​មក​ដូច​ជា​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​
Matt KhmerNT 24:28  ទី​ណា​មាន​សាក​សព​ សត្វ​ត្មាត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ។​
Matt KhmerNT 24:29  ប៉ុន្ដែ​នៅ​ក្រោយ​គ្រា​ទុក្ខ​វេទនា​ទាំង​នោះ​ភ្លាម​ ដួង​អាទិត្យ​នឹង​អាប់​រស្មី​ ហើយ​លោក​ខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ទេ​ ឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ ហើយ​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ។​
Matt KhmerNT 24:30  នៅ​ពេល​នោះ​ ទីសំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ​ ឯ​កុលសម្ព័ន្ធ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​កាន់​ទុក្ខ​ ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​ នៅ​លើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​
Matt KhmerNT 24:31  លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ ដោយ​សំឡេង​ត្រែ​លាន់​រំពង​ ហើយ​ពួក​ទេវតា​នឹង​ប្រមូល​អស់​អ្នក​ ដែល​លោក​បាន​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​ទៀត។​
Matt KhmerNT 24:32  ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ហើយ​ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​
Matt KhmerNT 24:33  ដូច្នេះ​ កាល​ណា​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់តែ​កៀក​បំផុត​ហើយ។​
Matt KhmerNT 24:34  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រា​តែ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន។​
Matt KhmerNT 24:35  ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​
Matt KhmerNT 24:36  ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរបិតា​តែ​មួយ​អង្គ​គត់​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​ សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ ឬ​ព្រះរាជបុត្រា​
Matt KhmerNT 24:37  ដ្បិត​នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ កូន​មនុស្ស​នឹង​មក​ជា​យ៉ាង​នោះ​ដែរ។​
Matt KhmerNT 24:38  សម័យ​នោះ​ មុន​មាន​ទឹក​ជំនន់​ ពួកគេ​ស៊ី​ផឹក​ និង​រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ​
Matt KhmerNT 24:39  គឺ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរ​នាំ​អ្វីៗ​ទាំង​អស់​ទៅ​ ឯ​ការ​មក​ដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ។​
Matt KhmerNT 24:40  នៅ​ពេល​នោះ​ បុរស​ពីរ​នាក់​នៅ​ស្រែ​ចម្ការ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ​
Matt KhmerNT 24:41  ឯ​ស្ដ្រី​ពីរ​នាក់​កំពុង​កិន​ស្រូវ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ។​
Matt KhmerNT 24:42  ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះអម្ចាស់​របស់​អ្នក​រាល់គ្នា​នឹង​មក​នៅ​ថ្ងៃ​ណា​ទេ​
Matt KhmerNT 24:43  ចូរ​អ្នក​រាល់គ្នា​ដឹង​ការ​នេះ​ចុះ​ថា​ បើ​ម្ចាស់​ផ្ទះ​ដឹង​ថា​ ចោរ​នឹង​មក​នៅ​ពេល​ណា​មួយ​ នោះ​គាត់​មុខជា​មិន​ដេក​ទេ​ ហើយ​មិន​បណ្តោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ​
Matt KhmerNT 24:44  ហេតុនេះ​ហើយ​ ចូរ​អ្នករាល់គ្នា​ប្រុង​ប្រៀប​ដូច្នេះ​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា​ កូន​មនុស្ស​មក​នៅ​ពេល​ណា។​
Matt KhmerNT 24:45  ដូច្នេះ​ តើ​អ្នកណា​ជា​បាវបម្រើ​ដ៏​ស្មោះ​ត្រង់​ ហើយ​ឆ្លាត​ ដែល​ចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​បាវបម្រើ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេល​វេលា?​
Matt KhmerNT 24:46  មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​យ៉ាង​ដូច្នោះ​
Matt KhmerNT 24:47  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែងតាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​
Matt KhmerNT 24:48  ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​អាក្រក់​វិញ​ នោះ​វា​គិត​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ណាស់​
Matt KhmerNT 24:49  នោះ​វា​ក៏​ចាប់​ផ្ដើម​វាយ​បាវបម្រើ​ឯ​ទៀតៗ​ជា​គូកន​របស់​វា​ ព្រម​ទាំង​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក​
Matt KhmerNT 24:50  ហើយ​ចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​វា​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​វា​មិន​ដឹង​ទាល់​តែ​សោះ​
Matt KhmerNT 24:51  ចៅហ្វាយ​នឹង​កាត់​វា​ជា​ពីរ​កំណាត់​ រួច​ដាក់​វា​ឲ្យ​នៅ​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​