Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 3
Roma KhmerNT 3:1  ដូច្នេះ​ តើ​ជនជាតិ​យូដា​មាន​អ្វី​ប្រសើរ​លើស​គេ​ ហើយ​ការ​កាត់ស្បែក​មាន​ប្រយោជន៍​អ្វី​ដែរ?​
Roma KhmerNT 3:2  ប្រសើរ​ច្រើន​ក្នុង​គ្រប់​ជំពូក​ គឺ​មុន​ដំបូង​ព្រះជាម្ចាស់​បាន​ផ្ទុកផ្ដាក់​ព្រះបន្ទូល​ដល់​ពួកគេ។​
Roma KhmerNT 3:3  ចុះ​បើ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​មិន​ជឿ​ តើ​យ៉ាង​ដូចម្ដេច​ដែរ​?​ តើ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​នឹង​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ឬ?​
Roma KhmerNT 3:4  ​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​
Roma KhmerNT 3:5  បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​
Roma KhmerNT 3:6  មិន​មែន​ដូច្នោះ​ទេ!​ បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន​ តើ​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​យ៉ាង​ដូចម្ដេច?​
Roma KhmerNT 3:7  ម្យ៉ាង​ទៀត​ បើ​សេចក្ដី​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ចម្រើន​ឡើង​ ដើម្បី​តម្កើង​សិរី​រុងរឿង​របស់​ព្រះអង្គ​វិញ​ តើ​ហេតុអ្វី​ខ្ញុំ​នៅ​តែ​ជាប់​ជំនុំជម្រះ​ទុក​ជា​មនុស្ស​បាប​ដូច្នេះ‍?​
Roma KhmerNT 3:8  ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ!​
Roma KhmerNT 3:9  បើ​ដូច្នេះ​ តើ​យើង​ល្អ​ជាង​គេ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថា​ ទោះ​ជា​ជនជាតិ​យូដា​ក្ដី​ ​ជនជាតិ​ក្រេក​ក្ដី​ ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​បាប​ទាំង​អស់​គ្នា​
Roma KhmerNT 3:10  ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ​
Roma KhmerNT 3:11  គ្មាន​មនុស្ស​ណា​ម្នាក់​យល់​ គ្មាន​មនុស្ស​ណា​ម្នាក់​ស្វែង​រក​ព្រះជាម្ចាស់​ឡើយ​
Roma KhmerNT 3:12  មនុស្ស​គ្រប់​គ្នា​បាន​វង្វេង​ ហើយ​ត្រលប់​ជា​ឥត​បានការ​ទាំង​អស់​គ្នា​ គ្មាន​អ្នកណា​ម្នាក់​ធ្វើ​ល្អ​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ
Roma KhmerNT 3:13  បំពង់‍ក​គេ​ជា​ផ្នូរ​ចំហ​ គេ​ប្រើ​អណ្ដាត​បោក​បញ្ឆោត​ ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់វែក​
Roma KhmerNT 3:14  មាត់​របស់​គេ​ពេញ​ដោយ​បណ្ដាសារ​ និង​សេចក្ដី​ជូរចត់​
Roma KhmerNT 3:15  ជើង​របស់​គេ​រហ័ស​នឹង​បង្ហូរ​ឈាម​
Roma KhmerNT 3:16  ហើយ​ផ្លូវ​របស់​គេ​មាន​តែ​សេចក្ដី​វិនាស​ និង​សេចក្ដី​វេទនា​
Roma KhmerNT 3:17  ហើយ​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ត​ទេ​
Roma KhmerNT 3:18  ​នៅ​ចំពោះ​ភ្នែក​របស់​ពួកគេ​ គ្មាន​ការ​កោតខ្លាច​ព្រះជាម្ចាស់​សោះ»។​
Roma KhmerNT 3:19  យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​
Roma KhmerNT 3:20  ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​
Roma KhmerNT 3:21  ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​
Roma KhmerNT 3:22  គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​
Roma KhmerNT 3:23  មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​
Roma KhmerNT 3:24  ប៉ុន្ដែ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​ ​តាមរយៈ​ការ​ប្រោស​លោះ​ ដែល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​
Roma KhmerNT 3:25  គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយសារ​ឈាម​របស់​ព្រះអង្គ​តាមរយៈ​ជំនឿ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​មិន​បាន​ដាក់​ទោស​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពី​មុន​ទេ​
Roma KhmerNT 3:26  ដោយសារ​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​គ្រា​នេះ​ ដូច្នេះ​ ព្រះអង្គ​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ។​
Roma KhmerNT 3:27  ដូច្នេះ​ហើយ​ តើ​យើង​មាន​អ្វី​អួតអាង?​ គ្មាន​ទេ!​ ចុះ​សំអាង​លើ​គោលការណ៍​អ្វី?​ គោលការណ៍​នៃ​ការ​ប្រព្រឹត្ដិ​ឬ?​ ទេ​ មិន​មែន​ទេ​ គឺ​សំអាង​លើ​ក្រឹត្យក្រម​នៃ​ជំនឿ​វិញ!​
Roma KhmerNT 3:28  ដ្បិត​យើង​យល់​ឃើញ​ថា​ មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យទេ។​
Roma KhmerNT 3:29  តើ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ជនជាតិ​យូដា​ប៉ុណ្ណោះ​ឬ?​ តើ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​ទេ​ឬ?​ មែន​ហើយ​ ​ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​
Roma KhmerNT 3:30  ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​
Roma KhmerNT 3:31  ដូច្នេះ​ តើ​យើង​នឹង​ទុក​គម្ពីរ​វិន័យ​ជា​ឥត​ប្រយោជន៍​ដោយ​ព្រោះ​ជំនឿ​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ ផ្ទុយ​ទៅ​វិញ​ យើង​លើក​ស្ទួយ​គម្ពីរ​វិន័យ។​