Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 11
Mark KhmerNT 11:1  ពេល​ពួកគេ​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ នៅ​ត្រង់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ព្រះអង្គ​ពីរ​នាក់​
Mark KhmerNT 11:2  ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​អ្នក​ ពេល​ចូល​ទៅ​ដល់​ក្នុង​ភូមិ​ភ្លាម​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ក្បាល​ដែល​គេ​ចង​ទុក​ មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​វា​ ហើយ​ដឹក​វា​មក​
Mark KhmerNT 11:3  ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​
Mark KhmerNT 11:4  ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​
Mark KhmerNT 11:5  អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​ និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ស្រាយ​កូន​លា​នេះ​ធ្វើ​អ្វី?»​
Mark KhmerNT 11:6  អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេ​ ដូច​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​
Mark KhmerNT 11:7  អ្នក​ទាំង​ពីរ​នោះ​ដឹក​កូន​លា​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូន​លា​នោះ​
Mark KhmerNT 11:8  មនុស្ស​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​គេ​លើ​ផ្លូវ​ អ្នក​ខ្លះ​ទៀត​បាន​កាត់​មែក​ឈើ​ពី​ចម្ការ​ ​មក​ក្រាល​លើ​ផ្លូវ​ដែរ​
Mark KhmerNT 11:9  អ្នក​ដើរ​នាំ​មុខ​ និង​អ្នក​ដើរ​តាម​ក្រោយ​បាន​ស្រែក​ឡើង​ថា៖​ «ហូសាណា!​ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់​
Mark KhmerNT 11:10  សូម​ថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ ជា​ឪពុក​របស់​យើង​ដែល​នឹង​មក​ដល់​ ហូសាណា!​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​
Mark KhmerNT 11:11  ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ព្រះ​វិហារ​ ពេល​មើល​សព្វ​កន្លែង​ហើយ​ ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជា​មួយ​សាវក​ទាំង​ដប់​ពីរ​ ព្រោះ​ល្ងាច​ណាស់​ហើយ។​
Mark KhmerNT 11:12  លុះ​ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចាក​ចេញ​ពី​ក្រុង​បេថានី​ ព្រះអង្គ​ក៏​ឃ្លាន​
Mark KhmerNT 11:13  កាល​បាន​ឃើញ​ដើម​ល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ ព្រះអង្គ​ក៏​ទៅ​មើល​ ក្រែង​លោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​ តែ​ពេល​មក​ដល់​ ព្រះអង្គ​ឃើញ​ថា​ ក្រៅ​ពី​ស្លឹក​ គ្មាន​អ្វី​សោះ​ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ​
Mark KhmerNT 11:14  ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​ថា៖​ «ដរាប​ត​ទៅ ​គ្មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ទេ»​ ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់​ឮ​ដែរ។​
Mark KhmerNT 11:15  ពួកគេ​មក​ដល់​ក្រុង​យេរូសាឡិម​ រួច​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​
Mark KhmerNT 11:16  ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សែង​ទំនិញ​ឆ្លង​កាត់​ព្រះវិហារ​ទេ​
Mark KhmerNT 11:17  ទាំង​មាន​បន្ទូល​បង្រៀន​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ទេ​ឬ​អី​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ ដំណាក់​សម្រាប់​ជន​ជាតិ​ទាំង​អស់​អធិស្ឋាន?​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​វិញ»​
Mark KhmerNT 11:18  កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​
Mark KhmerNT 11:19  ហើយ​នៅ​ល្ងាច​នោះ​ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ក្រុង។​
Mark KhmerNT 11:20  លុះ​ព្រលឹម​ឡើង​ កាល​ពួកគេ​ទៅ​ជិត​ដើម​ល្វា​ ក៏​ឃើញ​វា​ក្រៀម​ស្វិត​រហូត​ដល់​ឫស​
Mark KhmerNT 11:21  កាល​លោក​ពេត្រុស​នឹក​ចាំ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ មើល​ចុះ​ ដើម​ល្វា​ដែល​លោក​ដាក់​បណ្ដាសា​នោះ​ ក្រៀម​ស្វិត​ទៅ​ហើយ»​
Mark KhmerNT 11:22  ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៅ​ពួកគេ​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​
Mark KhmerNT 11:23  ​ខ្ញុំ​ប្រាប់អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ ដោយ​គ្មាន​ចិត្ដ​សង្ស័យ​ តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង​មែន​ នោះ​នឹង​បាន​សម្រេច​ដល់​គាត់​
Mark KhmerNT 11:24  ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​អធិស្ឋាន​សុំ​ ទាំង​ជឿ​ថា​ នឹង​ទទួល​បាន​ នឹងបាន​សម្រេច​ដល់​អ្នក​រាល់គ្នា​
Mark KhmerNT 11:25  ហើយ​ពេល​អ្នក​រាល់គ្នា​ឈរ​អធិស្ឋាន​ ប្រសិន​បើ​អ្នក​រាល់គ្នា​មាន​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌​លើក​លែង​ទោស​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ​
Mark KhmerNT 11:26  [ប៉ុន្ដែ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ឲ្យ​គាត់​ទេ​ នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើក​លែង​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ»]។​
Mark KhmerNT 11:27  រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះវិហារ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និងពួក​ចាស់​ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ​
Mark KhmerNT 11:28  ហើយ​ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​អ្នក​ធ្វើ​ការ​ទាំង​នេះ?»​
Mark KhmerNT 11:29  ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា​៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ​ ​សូម​ពួក​លោក​ឆ្លើយ​នឹងខ្ញុំ​ នោះ​ខ្ញុំ​នឹង​ប្រាប់ពួកលោក​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​សិទ្ធិ​អំណាច​អ្វី។
Mark KhmerNT 11:30  តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ស្ថាន​សួគ៌​ ឬ​ក៏មក​ពី​មនុស្ស​?​ សូម​ឆ្លើយប្រាប់​ខ្ញុំ​ផង​»
Mark KhmerNT 11:31  ​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​ថា​៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថាន​សួគ៌​ ​នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន​?
Mark KhmerNT 11:32  តើ​យើងគួរ​និយាយ​ថា​ មក​ពី​មនុស្សឬ?»​ (ពួក​គេ​ខ្លាច​ពួកបណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហានថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​ពិត​ប្រាកដ)
Mark KhmerNT 11:33  ដូច្នេះ​ ពួកគេ​ក៏​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ» ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សារ​សិទ្ធិ​អំណាច​អ្វី»។​