Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 6
Mark KhmerNT 6:1  ព្រះអង្គ​ក៏​ចេញ​ពី​ទី​នោះ​ យាង​ចូល​ទៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ​
Mark KhmerNT 6:2  លុះ​ដល់​ថ្ងៃ​សប្ប័ទ​ ព្រះអង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ទាំង​និយាយ​ថា៖​ «តើ​អ្នក​នេះ​ចេះ​សេចក្ដី​ទាំង​នេះ​ពីណា​មក?​ ម្ដេច​ក៏​អ្នក​នេះ​មាន​ប្រាជ្ញា​ម៉្លេះ​ ហើយ​ការ​អស្ចារ្យ​បែប​នេះ​កើត​ពី​ដៃ​គាត់​ទៀត!​
Mark KhmerNT 6:3  តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​
Mark KhmerNT 6:4  ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទី​កនែ្លង​ លើក​លែង​តែ​នៅ​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​សាច់​ញាតិ​គាត់​ប៉ុណ្ណោះ»​
Mark KhmerNT 6:5  ព្រះអង្គ​មិន​អាច​ធ្វើការ​អស្ចារ្យ​អ្វី​នៅ​ទី​នោះ​បាន​ទេ​ ក្រៅ​ពី​ដាក់​ដៃ​លើ​អ្នក​ជំងឺ​ពីរ​បី​នាក់​ឲ្យ​បាន​ជា​ប៉ុណ្ណោះ​
Mark KhmerNT 6:6  ព្រះអង្គ​ឆ្ងល់​ពី​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ហើយ​ក៏​យាង​ទៅ​បង្រៀន​ក្នុង​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​នោះ។​
Mark KhmerNT 6:7  ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់​ពីរ​នាក់​មក​ ហើយ​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​ រួច​ក៏​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់​
Mark KhmerNT 6:8  ព្រះអង្គ​បង្គាប់​ពួកគេ​ថា៖​ «ពេល​ធ្វើ​ដំណើរ​ ក្រៅ​ពី​ឈើ​ច្រត់​ កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​ គឺ​មិន​ត្រូវ​យក​នំបុ័ង​ ថង់​យាម​ និង​ដាក់​លុយ​នៅ​ក្នុង​ខ្សែ​ក្រវាត់​ឡើយ​
Mark KhmerNT 6:9  តែ​ត្រូវ​ពាក់​ស្បែក​ជើង​ ហើយ​មិន​ត្រូវ​ពាក់​អាវ​ពីរ​ទេ»​
Mark KhmerNT 6:10  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ស្នាក់​នៅ​ផ្ទះ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​រហូត​ដល់​ចាក​ចេញ​ពី​ទី​នោះ​
Mark KhmerNT 6:11  ឯ​កន្លែង​ណា​ដែល​មិន​ទទួល​ ឬ​មិន​ស្ដាប់​អ្នក​ ចូរ​រលាស់​ធូលី​ដី​ពី​បាត​ជើង​អ្នក​ ពេល​ចេញ​ពី​ទី​នោះ​ ទុក​ជា​ទី​បន្ទាល់​ដល់​គេ»​
Mark KhmerNT 6:12  ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ និង​ប្រកាស​ឲ្យ​មនុស្ស​ប្រែ​ចិត្ដ​
Mark KhmerNT 6:13  និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ជា​ច្រើន​ ទាំង​ចាក់​ប្រេង​តាំង​លើ​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​បាន​ជា។​
Mark KhmerNT 6:14  ស្ដេច​ហេរ៉ូឌ​បាន​ឮ​ពី​ការ​នេះ​ ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បី​ល្បាញ​ ហើយ​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​គាត់»​
Mark KhmerNT 6:15  ប៉ុន្ដែ​អ្នក​ខ្លះ​និយាយ​ថា៖​ «ជា​លោក​អេលីយ៉ា»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល​ជំនាន់​មុន»​
Mark KhmerNT 6:16  កាល​ស្ដេច​ហេរ៉ូឌ​ឮ​ពី​ការ​នេះ​ក៏​មាន​បន្ទូល​ថា៖​ «លោក​យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់​ក​នោះ​ បាន​រស់​ឡើង​វិញ​ហើយ»​
Mark KhmerNT 6:17  ដ្បិត​ស្ដេច​ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ​ដោយ​សារ​ស្ដេច​បាន​រៀប​ការ​ជាមួយ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ដែល​ត្រូវ​ជា​ប្អូន​របស់​ស្ដេច​
Mark KhmerNT 6:18  ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌ​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ ដែល​ព្រះអង្គ​យក​ប្រពន្ធ​របស់​ប្អូន​ខ្លួន​ឯង​នោះ»​
Mark KhmerNT 6:19  នាង​ហេរ៉ូឌាស​ក៏​ចង​គំនុំ​នឹង​លោក​យ៉ូហាន​ ហើយ​ចង់​សម្លាប់​គាត់​ តែ​នាង​មិន​អាច​ធ្វើ​បាន​
Mark KhmerNT 6:20  ដ្បិត​ស្ដេច​ហេរ៉ូឌ​កោត​ខ្លាច​ និង​ការពារ​លោក​យ៉ូហាន ព្រោះ​ដឹង​ថា​ គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ដែរ។​
Mark KhmerNT 6:21  កាល​ឱកាស​ល្អ​មក​ដល់​ គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ឲ្យ​ពួក​មន្ត្រី​ មេ​ទ័ព​ធំៗ​ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលីឡេ​
Mark KhmerNT 6:22  កូន​ស្រី​នាង​ហេរ៉ូឌាស​ក៏​ចូល​មក​រាំ​ថ្វាយ​ ហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​ និង​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​ចង់​បាន​អ្វី​ ចូរ​សុំ​យើង​ចុះ​ យើង​នឹង​ឲ្យ​នាង»​
Mark KhmerNT 6:23  ព្រះអង្គ​បាន​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​ «អ្វី​ក៏​ដោយ​ដែល​នាង​សុំ​យើង​ យើង​នឹង​ឲ្យ​នាង​ សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»​
Mark KhmerNT 6:24  នាង​ក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖​ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?»​ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា៖​ «ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក»​
Mark KhmerNT 6:25  ភ្លាម​នោះ​ នាង​បាន​ចូល​ទៅ​ជួប​ស្ដេច​យ៉ាង​ប្រញាប់​ប្រញាល់​ ហើយ​ទូល​សុំ​ថា៖​ «ខ្ញុំ​សុំ​ព្រះអង្គ​ប្រទាន​ក្បាល​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​នៅ​ពេល​នេះ»​
Mark KhmerNT 6:26  ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​
Mark KhmerNT 6:27  ដូច្នេះ​ ស្ដេច​ក៏​ចាត់​ពេជ្ឈ​ឃាដ​ភ្លាម​ ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ ពេជ្ឈ​ឃាដ​ក៏​ចេញ​ទៅ​កាត់​ក​គាត់​នៅ​ក្នុង​គុក​
Mark KhmerNT 6:28  រួច​គេ​បាន​នាំ​ក្បាល​គាត់​ដាក់​លើ​ថាស​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​ក៏​ប្រគល់​ឲ្យ​ម្ដាយ​នាង​
Mark KhmerNT 6:29  ពេល​សិស្ស​របស់​គាត់​ឮ​ដូច្នេះ​ ក៏​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។​
Mark KhmerNT 6:30  កាល​ពួក​សាវក​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូ​ គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ និង​បាន​បង្រៀន​
Mark KhmerNT 6:31  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​រាល់គ្នា​បាន​សម្រាក​បន្ដិច»​ ព្រោះ​មនុស្ស​ចេញចូល​ច្រើន​ពេក​ រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន​
Mark KhmerNT 6:32  ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​
Mark KhmerNT 6:33  ប៉ុន្ដែ​ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ទៅ​ ហើយ​បាន​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ទៅ​ ក៏​រត់​ដោយ​ថ្មើរ​ជើង​ពី​ក្រុង​ទាំង​អស់​ទៅ​ទី​នោះ​ ហើយ​បណ្ដាជន​បាន​ទៅ​ដល់​មុន​
Mark KhmerNT 6:34  ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះ​ករ​ ក៏​មានចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគេ​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។​
Mark KhmerNT 6:35  ពេល​នោះ​ជិត​យប់​ហើយ​ ពួក​សិស្ស​ក៏​មក​រក​ព្រះអង្គ​ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ពេល​នេះ​ជិត​យប់​ទៅ​ហើយ​
Mark KhmerNT 6:36  សូម​រំសាយ​ពួកគេ​ឲ្យ​ទៅ​ស្រុក​ភូមិ​នៅ​ជុំវិញ​ ដើម្បី​ទិញ​អាហារ​បរិភោគ​ដោយ​ខ្លួន​គេ»​
Mark KhmerNT 6:37  ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​
Mark KhmerNT 6:38  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ទៅ​មើល​មើល៍​ អ្នក​រាល់គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន?»​ ពេល​ដឹង​ហើយ ​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​
Mark KhmerNT 6:39  ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​
Mark KhmerNT 6:40  ហើយ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ដែល​មាន​គ្នា​មួយ​រយ​នាក់​ ឬ​ហាសិប​នាក់​
Mark KhmerNT 6:41  បន្ទាប់​ពី​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​មក​ ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថាន​សួគ៌​ ទាំង​អរ​ព្រះគុណ​ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ ដើម្បី​រៀប​ចំ​នៅ​មុខ​គេ​ ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំង​អស់​គ្នា​ដែរ។​
Mark KhmerNT 6:42  ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​
Mark KhmerNT 6:43  បន្ទាប់​មក​ ពួកគេ​ប្រមូល​ចំណិត​នំបុ័ង​ និង​ត្រី​ដែល​នៅ​សល់​បាន​ដប់​ពីរ​កន្ដ្រក​ពេញៗ​
Mark KhmerNT 6:44  មនុស្ស​ដែល​បាន​បរិភោគ​នំប៉័ង​នោះ​ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។​
Mark KhmerNT 6:45  ភ្លាម​នោះ​ ព្រះអង្គ​តឿន​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ក្រុង​បេតសៃដា​មុន​ ហើយ​ទី​បំផុត​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​
Mark KhmerNT 6:46  កាល​ព្រះអង្គ​មាន​បន្ទូល​លា​ពួកគេ​ហើយ​ ក៏​យាង​ទៅ​ភ្នំ​ ដើម្បី​អធិស្ឋាន។​
Mark KhmerNT 6:47  ល្ងាច​នោះ​ទូក​បាន​នៅ​កណ្ដាល​បឹង​ ហើយ​ព្រះអង្គ​នៅ​លើ​គោក​តែ​ម្នាក់​ឯង​
Mark KhmerNT 6:48  ព្រះអង្គ​បាន​ឃើញ​ពួកគេ​ចែវ​ទូក​បញ្ច្រាស់​ខ្យល់​យ៉ាង​លំបាក​ ដូច្នេះ​ប្រហែល​នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​ទៅ​ឯ​ពួកគេ ​ហើយ​ចង់​ទៅ​ហួស​ពួកគេ​
Mark KhmerNT 6:49  ពេល​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ពួកគេ​ស្មាន​ថា​ខ្មោច​លង​ ក៏​ស្រែក​ឡើង​
Mark KhmerNT 6:50  ព្រោះ​ពួកគេ​គ្រប់​គ្នា​ខ្លាច​ពេល​ឃើញ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ»​
Mark KhmerNT 6:51  ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​
Mark KhmerNT 6:52  ដោយ​ព្រោះ​ចិត្ដ​គេ​រឹង​រូស​ ពួកគេ​មិន​យល់​អំពី​រឿង​នំប៉័ង​ទេ។​
Mark KhmerNT 6:53  ពេល​ឆ្លង​ដល់​ដី​គោក​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត​ ហើយ​ចត​ទូក​នៅ​ទី​នោះ​
Mark KhmerNT 6:54  ពេល​ពួកគេ​ចេញ​ពី​ទូក​ ប្រជាជន​ក៏​ស្គាល់​ព្រះអង្គ​ភ្លាម​
Mark KhmerNT 6:55  ពួកគេ​រត់​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​ទាំង​មូល​ ហើយ​ចាប់​ផ្ដើម​សែង​អ្នក​ជំងឺ​លើ​កន្ទេល​ ទៅ​កន្លែង​ដែល​គេ​ឮ​ថា​ព្រះអង្គ​នៅ​
Mark KhmerNT 6:56  ពេល​ព្រះអង្គ​ទៅ​ដល់​ទី​ណា​ក៏​ដោយ​ មិន​ថា​នៅ​ក្នុង​ភូមិ​ស្រុក​ ឬ​ក្រុង​ទេ​ ពួកគេ​បាន​ដាក់​អ្នក​ជំងឺ​នៅ​តាម​ផ្លូវ​ ហើយ​អង្វរ​ព្រះអង្គ​ឲ្យ​ពួកគេ​ពាល់​ត្រឹមតែ​រំយោល​អាវ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ ហើយ​អស់​អ្នក​ដែល​បាន​ពាល់​ ក៏​បាន​ជា​សះ​ស្បើយ។​