Site uses cookies to provide basic functionality.

OK
II PETER
Up
1 2 3
Toggle notes
Chapter 1
II P KhmerNT 1:1  ខ្ញុំ​ ស៊ីម៉ូន​ពេត្រុស​ ជា​បាវបម្រើ​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ដូច​ជា​ជំនឿ​របស់​យើង​ដែរ​ តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​
II P KhmerNT 1:2  ដោយសារ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​
II P KhmerNT 1:3  ដ្បិត​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​សម្រាប់​ជីវិត​ និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក‍​ឯ​សិរី​រុងរឿង​ និង‍​សេចក្ដី​ល្អ​របស់​ព្រះអង្គ​ផ្ទាល់​
II P KhmerNT 1:4  ហើយ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស​អស្ចារ្យ​ដល់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ចំណែក​នៅ​ក្នុង​លក្ខណៈ​របស់​ព្រះជាម្ចាស់​តាមរយៈ​សេចក្ដី​សន្យា​ទាំង​នោះ​ ព្រមទាំង​រួច​ផុត​ពី​សេចក្ដី​ពុករលួយ​នៅ​ក្នុង​លោកិយ​នេះ​ ដែល​កើត​ពី​សេចក្ដី​ប៉ងប្រាថ្នា។​
II P KhmerNT 1:5  ហេតុ​នេះ​ហើយ​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​ទៅ​លើ​សេចក្ដី​ល្អ​នោះ​
II P KhmerNT 1:6  បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ទៅ​លើ​ការ​ស្គាល់​ព្រះជាម្ចាស់​ បន្ថែម​ការ​អត់ធ្មត់​ទៅ​លើ​ការ​គ្រប់គ្រង​ចិត្ត​ បន្ថែម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ទៅ​លើការ​អត់ធ្មត់​
II P KhmerNT 1:7  បន្ថែម​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ទៅ​លើ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​បន្ថែម​សេចក្ដី​ស្រឡាញ់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​
II P KhmerNT 1:8  ដ្បិត​បើ​សេចក្ដី​ទាំង​នេះ​បាន​កើន​ឡើង​នៅ​ក្នុង​អ្នក​រាល់គ្នា​ មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្ជិល​ច្រអូស​ ឬ​គ្មាន​ផល​ផ្លែ​ក្នុង​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ឡើយ​
II P KhmerNT 1:9  ព្រោះ​អ្នកណា​ដែល​គ្មាន​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់​ ឬ​ជា​មនុស្ស​មើល​មិន​បាន​ឆ្ងាយ​ ហើយ​ភ្លេច​ថា​ ព្រះជាម្ចាស់​បាន​សំអាត​ពួកគេ​ឲ្យ​បាន​រួច​ពី​បាប​កាល​ពី​មុន​ហើយ។​
II P KhmerNT 1:10  ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​មាន​ចិត្ដ​សង្វាត​ ដើម្បី​ធ្វើ​ឲ្យការ​ត្រាស់​ហៅ​ និង​ការ​ជ្រើសរើស​របស់​អ្នក​រាល់គ្នា​ប្រាកដ​ប្រជា​ ដ្បិត​បើ​ប្រព្រឹត្ដ​សេចក្ដី​ទាំង​នេះ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ជំពប់​ដួល​សោះ​ឡើយ​
II P KhmerNT 1:11  ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​
II P KhmerNT 1:12  ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​
II P KhmerNT 1:13  ដរាប​ណា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រោង​នេះ​នៅ​ឡើយ​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ ដែល​ត្រូវ​រំលឹក​ និង​ដាស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​
II P KhmerNT 1:14  ដោយ​ដឹង​ថា​ ខ្ញុំ​នឹង​ដោះ​រោង​នេះ​ចេញ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដូច​ដែល​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​បង្ហាញ​ឲ្យខ្ញុំ​ឃើញ​ច្បាស់​
II P KhmerNT 1:15  ខ្ញុំ​នឹង​ខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​លោក​នេះ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។​
II P KhmerNT 1:16  ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​
II P KhmerNT 1:17  ដ្បិត​ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​
II P KhmerNT 1:18  យើង​បាន​ឮ​សំឡេង​នេះ​ចេញ​ពី​ស្ថាន​សួគ៌​មក​ នៅ​ពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។​
II P KhmerNT 1:19  យើង​មាន​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល​ដ៏​ប្រាកដ​ប្រជា​ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​
II P KhmerNT 1:20  ជា​បឋម​ត្រូវ​ដឹង​ថា​ គ្រប់​ទាំង​ការ​ថ្លែង​ព្រះ​បន្ទូល​នៅ​ក្នុង​បទគម្ពីរ​មិន​មែន​ជា​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នកណា​ម្នាក់​ឡើយ​
II P KhmerNT 1:21  ដ្បិត​ការ​ថ្លែង​ព្រះបន្ទូល​មិន​មែន​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ​ គឺ​មនុស្ស​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​ដែល​ព្រះវិញ្ញាណ​បណ្ដាល។​
Chapter 2
II P KhmerNT 2:1  ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​
II P KhmerNT 2:2  មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​
II P KhmerNT 2:3  ដោយ​សារ​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​
II P KhmerNT 2:4  ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ ដើម្បី​ជំនុំជម្រះ​
II P KhmerNT 2:5  ហើយ​បើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភព​លោក​ជំនាន់​មុន​ នៅ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​ និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​
II P KhmerNT 2:6  បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​
II P KhmerNT 2:7  ហើយ​បើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត​ ដោយ​ព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប​
II P KhmerNT 2:8  (ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅ​ក្នុង​ចំណោម​ពួកគេ​ ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់​ជា​រៀង​រាល់ថ្ងៃ​ ដោយ​ព្រោះ​បាន​ឮ​ និង​បាន​ឃើញ​អំពើ​អាក្រក់​របស់​ពួកគេ)​
II P KhmerNT 2:9  ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​
II P KhmerNT 2:10  ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​
II P KhmerNT 2:11  ទោះបី​ពួក​ទេវតា​ដែល​មាន​កម្លាំង​ និង​អំណាច​ធំ​ជាង​ពួកគេ​ក៏​ដោយ​ ក៏​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​ដែរ។​
II P KhmerNT 2:12  ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​
II P KhmerNT 2:13  ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​
II P KhmerNT 2:14  ពួកគេ​មាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិត​ក្បត់​ ហើយ​មិន​ឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ ក៏​អូសទាញ​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន​ផង​ ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដី​លោភ​ ជា​កូន​ត្រូវ​បណ្ដាសារ។​
II P KhmerNT 2:15  ពួកគេ​បាន​បោះ​បង់​ផ្លូវ​ត្រង់​ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​
II P KhmerNT 2:16  ដូច្នេះ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​
II P KhmerNT 2:17  មនុស្ស​ទាំង​នេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។​
II P KhmerNT 2:18  ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​
II P KhmerNT 2:19  ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព​ ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្ក្រាប​បាន​ អ្នក​នោះ​នឹង​ត្រលប់​ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។​
II P KhmerNT 2:20  ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​
II P KhmerNT 2:21  ដ្បិត​សម្រាប់​ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ញត្ដិ​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​
II P KhmerNT 2:22  ការ​ដែល​កើត​ឡើង​ចំពោះ​ពួកគេ​ គឺ​ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​
Chapter 3
II P KhmerNT 3:1  ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​
II P KhmerNT 3:2  ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​អំពី​សេចក្ដី​ដែល​ពួកអ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ញត្ដិ​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​
II P KhmerNT 3:3  មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​
II P KhmerNT 3:4  ដោយ​និយាយ​ថា​ តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​របស់​ព្រះអង្គ​នៅ​ឯណា​ ដ្បិត​តាំង​ពី​ពួក​ដូនតា​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក។​
II P KhmerNT 3:5  ព្រោះ​គេ​ចង់​បំភ្លេច​សេចក្ដី​នេះ​ថា​ តាំង​ពី​យូរ​ណាស់​មក​ហើយ​ នោះ​មាន​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​
II P KhmerNT 3:6  បន្ទាប់​មក​ ពិភព​លោក​ត្រូវ​ទឹក​នោះ​ជន់លិច​បំផ្លាញ​
II P KhmerNT 3:7  ហើយ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​
II P KhmerNT 3:8  បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថា​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​
II P KhmerNT 3:9  ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​
II P KhmerNT 3:10  ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មក​ដូចជា​ចោរ​ នៅ​ថ្ងៃ​នោះ​ ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង​ ធាតុ​ទាំងឡាយ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​អស់​ដែរ។​
II P KhmerNT 3:11  បើ​អ្វីៗ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​ត្រូវ​រស់នៅ​បែប​ណា​ ​គឺ​អ្នក​រាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​ និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​
II P KhmerNT 3:12  ទាំង​ទន្ទឹង​រង់ចាំ​ ឲ្យ​ថ្ងៃ​របស់​ព្រះជា​ម្ចាស់​ឆាប់​មក​ដល់​ ព្រោះ​នៅ​ថ្ងៃ​នោះ​ ផ្ទៃមេឃ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​អស់​ដែរ។​
II P KhmerNT 3:13  ប៉ុន្ដែ​យើង​ទន្ទឹង​រង់ចាំ​ផ្ទៃមេឃ​ថ្មី​ និង​ផែនដី​ថ្មី​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដែល​នៅ​ទីនោះ​មាន​តែ​សេចក្ដី​សុចរិត។​
II P KhmerNT 3:14  ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​
II P KhmerNT 3:15  ហើយ​ចូរ​យល់​ថា​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​
II P KhmerNT 3:16  ហើយ​ដូច​នៅ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ គាត់​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​
II P KhmerNT 3:17  ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​រួច​ហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​ខុសឆ្គង​របស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ខ្ជាប់ខ្ជួន​របស់​ខ្លួន​នោះ​ឡើយ​
II P KhmerNT 3:18  ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​