Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 4
Luke KhmerNT 4:1  ពេលនោះ​ព្រះយេស៊ូ​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​ត្រលប់​ពី​អូរ​យ័រដាន់​មក​វិញ​ ហើយ​ព្រះវិញ្ញាណ​បាន​នាំ​ព្រះអង្គ​ទៅ​ឯ​ទីរហោឋាន​
Luke KhmerNT 4:2  ដើម្បី​ឲ្យ​អារក្ស​សាតាំង​ល្បួង​សែ​សិប​ថ្ងៃ​ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ ព្រះអង្គ​មិន​បាន​បរិភោគ​អ្វី​សោះ។​ កាល​រយៈពេល​សែ​សិប​ថ្ងៃ​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ព្រះអង្គ​ក៏​ឃ្លាន​
Luke KhmerNT 4:3  នោះ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ក្លាយជា​នំប៉័ង​ទៅ»​
Luke KhmerNT 4:4  ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ»​
Luke KhmerNT 4:5  អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ ហើយ​បង្ហាញ​ឲ្យ​ព្រះអង្គ​ឃើញ​នគរ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី​
Luke KhmerNT 4:6  ហើយ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ឲ្យ​សិទ្ធិ​អំណាច​ ព្រមទាំង​សិរី​រុងរឿង​នៃ​នគរ​ទាំង​អស់​នោះ​ដល់​អ្នក​ ដ្បិត​ទាំង​អស់នោះ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ហើយ​ ខ្ញុំ​ចង់​ឲ្យ​ទៅ​អ្នកណា​ក៏​បាន​
Luke KhmerNT 4:7  ដូច្នេះ​ប្រសិន​បើ​អ្នក​ថ្វាយបង្គំ​ខ្ញុំ​ នោះ​អ្វីៗ​ទាំង​អស់​នឹង​ក្លាយជា​របស់​អ្នក​ហើយ»។​
Luke KhmerNT 4:8  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​
Luke KhmerNT 4:9  អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡិម​ រួច​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះវិហារ​ ហើយ​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​
Luke KhmerNT 4:10  ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ដើម្បី​ការពារ​អ្នក​
Luke KhmerNT 4:11  ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»។​
Luke KhmerNT 4:12  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ទៀត​ថា​ កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​
Luke KhmerNT 4:13  កាល​អារក្ស​សាតាំង​បាន​បញ្ចប់​សេចក្ដី​ល្បួង​ទាំង​អស់​សព្វ​គ្រប់​ហើយ​ វា​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លុះត្រា​តែ​មាន​ឱកាស​ទៀត។​
Luke KhmerNT 4:14  ព្រះយេស៊ូ​យាង​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ ប្រកប​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮ​សុសសាយ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំ​វិញ។​
Luke KhmerNT 4:15  ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ទាំង​ទទួល​បាន​ការ​សរសើរ​តម្កើង​ពី​ពួកគេ​ទាំង​អស់​គ្នា។​
Luke KhmerNT 4:16  បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើន​វ័យ​ឡើង​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ​តាម​ទម្លាប់​របស់​ព្រះអង្គ​ ព្រមទាំង​បាន​ក្រោក​អាន​បទ​គម្ពីរ​
Luke KhmerNT 4:17  ហើយ​គេ​បាន​យក​អត្ថបទ​គម្ពីរ​របស់​លោក​អេសាយ​ដែល​ជា​អ្នក​នាំ​ព្រះបន្ទូល​មក​ប្រគល់​ជូន​ព្រះអង្គ។​ កាល​បាន​លា​អត្ថបទ​ហើយ​ ព្រះអង្គ​រក​ឃើញ​កន្លែង​មួយ​ដែល​ចែង​ថា៖​
Luke KhmerNT 4:18  «ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ ពីព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ក្រ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការ​ប្រោស​ឲ្យ​ភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ ហើយ​ឲ្យ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​មាន​សេរីភាព​
Luke KhmerNT 4:19  ព្រមទាំង​ប្រកាស​ពី​ឆ្នាំ​នៃ​សេចក្ដី​មេត្ដា​របស់​ព្រះអម្ចាស់»​
Luke KhmerNT 4:20  ហើយ​ព្រះអង្គ​ក៏​មូរ​អត្ថបទ​គម្ពីរ​ប្រគល់​ទៅ​ឲ្យ​អ្នក​ថែរក្សា​វិញ​ នោះ​ភ្នែក​របស់​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​សម្លឹង​មើល​ព្រះអង្គ​គ្រប់ៗ​គ្នា។​
Luke KhmerNT 4:21  ព្រះអង្គ​ក៏​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ថ្ងៃ​នេះ​បទ​គម្ពីរ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​នៅ​នឹង​ត្រចៀក​បាន​សម្រេច​ហើយ»។​
Luke KhmerNT 4:22  ពួកគេ​គ្រប់​គ្នា​បាន​សរសើរ​ព្រះអង្គ​ និង​នឹក​អស្ចារ្យ​ពី​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះគុណ​ដែល​បាន​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ ប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ?»​
Luke KhmerNT 4:23  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មុខ​ជា​និយាយ​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​ថា​ គ្រូ​ពេទ្យ​អើយ!​ ចូរ​ព្យាបាល​ខ្លួនឯង​ចុះ អ្វី​ៗ​ដែល​យើង​ឮ​ថា​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ​ ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។​
Luke KhmerNT 4:24  ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ទេ​
Luke KhmerNT 4:25  ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ពី​សេចក្ដី​ពិត​ថា​ នៅ​ជំនាន់​លោក​អេលីយ៉ា​ មាន​ស្ដ្រី​មេម៉ាយ​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ កាល​នោះ​មេឃ​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ​បណ្ដាល​ឲ្យ​មាន​គ្រោះ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​លើ​ទឹក​ដី​ទាំង​មូល​
Luke KhmerNT 4:26  ប៉ុន្ដែ​ព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលីយ៉ា​ឲ្យ​ទៅ​ឯ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​មេម៉ាយ​ទាំង​នោះ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ឯ​ស្ដ្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា​នៃ​ស្រុក​ស៊ីដូន​វិញ។​
Luke KhmerNT 4:27  ហើយ​នៅ​ជំនាន់​លោក​អេលីសេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​ គឺ​មាន​តែ​លោក​ណាម៉ាន​ ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។​
Luke KhmerNT 4:28  កាល​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ក៏​ពោរ​ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​
Luke KhmerNT 4:29  ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​
Luke KhmerNT 4:30  តែ​ព្រះអង្គ​បាន​យាង​កាត់​កណ្ដាល​ចំណោម​ពួកគេ​ចេញ​ទៅ។​
Luke KhmerNT 4:31  ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​
Luke KhmerNT 4:32  ពួក​អ្នក​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកប​ដោយ​សិទ្ធិ​អំណាច។​
Luke KhmerNT 4:33  នៅ​ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​របស់​អារក្ស​ចូល​ គាត់​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​
Luke KhmerNT 4:34  «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​អើយ​ តើ​យើង​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។​
Luke KhmerNT 4:35  ព្រះយេស៊ូ​បន្ទោស​វា​ថា៖​ «ស្ងៀម​ ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»​ កាល​អារក្ស​ផ្ដួល​បុរស​នោះ​ទៅ​កណ្ដាល​ចំណោម​ហើយ​ វា​ក៏​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ឡើយ។​
Luke KhmerNT 4:36  ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ ក៏​និយាយ​គ្នា​ថា៖​ «តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​ បាន​ជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិ​អំណាច​ និង​ឫទ្ធានុភាព​ ហើយ​ពួក​វា​ក៏​ចេញ​មក​ដូច្នេះ?»​
Luke KhmerNT 4:37  ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទី​កន្លែង​នៅ​ស្រុក​ជុំ​វិញ។​
Luke KhmerNT 4:38  កាល​បាន​ក្រោក​ឡើង​ចេញ​ពី​សាលា​ប្រជុំ​ ព្រះអង្គ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។​ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មាន​ជំងឺ​គ្រុន​ជា​ខ្លាំង​ ពួកគេ​ក៏​អង្វរ​ព្រះអង្គ​ឲ្យ​ប្រោស​គាត់។​
Luke KhmerNT 4:39  ព្រះអង្គ​ក៏​ឈរ​ជិត​គាត់​ស្ដី​បន្ទោស​ដល់​ជំងឺ​គ្រុន​ នោះ​ជំងឺ​គ្រុន​ក៏​បាត់​ទៅ​ ហើយ​ភ្លាម​នោះ​គាត់​ក្រោក​ឡើង​បម្រើ​ពួកគេ។​
Luke KhmerNT 4:40  នៅ​ពេល​ថ្ងៃ​លិច​ អស់​អ្នក​ដែល​មាន​បងប្អូន​មាន​ជំងឺ​រោគា​ផ្សេងៗ​បាន​នាំ​ពួក​អ្នក​ជំងឺ​ទាំង​នោះ​មក​ឯ​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​ដោយ​ដាក់​ព្រះហស្ដ​លើ​ពួកគេ​ម្នាក់​ម្ដងៗ។​
Luke KhmerNT 4:41  ពួក​អារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ ទាំង​ស្រែក​ថា៖​ «ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»​ ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​ មិន​អនុញ្ញាត​ឲ្យ​ពួកវា​និយាយ​ទេ​ ពីព្រោះ​ពួកវា​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ។​
Luke KhmerNT 4:42  លុះ​ព្រឹក​ឡើង​ ព្រះអង្គ​ក៏​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ​ ហើយ​បណ្ដាជន​បាន​តាម​រក​ព្រះអង្គ​ កាល​ពួកគេ​បាន​មក​ជួប​ព្រះអង្គ​ហើយ​ ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាក​ចេញ​ពី​ពួកគេ។​
Luke KhmerNT 4:43  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ដល់​ក្រុង​ដទៃ​ទៀត​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដើម្បី​ការ​នេះ​ឯង»​
Luke KhmerNT 4:44  ព្រះអង្គ​ក៏​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​ជនជាតិ​យូដា។​