Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 8
Luke KhmerNT 8:1  ក្រោយមក​ ព្រះអង្គ​បាន​យាង​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ និង​ពី​ភូមិ​មួយ​ទៅភូមិ​មួយ​ ទាំង​បង្រៀន​ និង​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ឯ​សាវក​ទាំង​ដប់​ពីរ​បាន​នៅ​ជាមួយ​ព្រះអង្គ​ដែរ​
Luke KhmerNT 8:2  ព្រមទាំង​ស្ដ្រី​ខ្លះ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ដែរ​ ​គឺ​នាង​ម៉ារា​ហៅ​ថា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ ដែល​មាន​អារក្ស​ចំនួន​ប្រាំ​ពីរ​បាន​ចេញ​ពី​នាង​
Luke KhmerNT 8:3  និង​នាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសាជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​ នាង​ស៊ូសាន​ ព្រមទាំង​ពួក​ស្ដ្រី​ជាច្រើន​ទៀត​ដែល​បាន​ផ្គត់​ផ្គង់​ដល់​ព្រះអង្គ​ និង​ពួក​សាវក​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។​
Luke KhmerNT 8:4  ពេល​បណ្ដាជន​ច្រើន​កុះករ​ និង​ពួក​អ្នក​នៅ​ក្រុង​ផ្សេងៗ​ប្រមូល​ផ្ដុំគ្នា​មក​ជួប​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​
Luke KhmerNT 8:5  «មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​របស់​គាត់​ ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ត្រូវ​គេ​ដើរ​ជាន់​ ហើយ​សត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។​
Luke KhmerNT 8:6  ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម​ កាល​ដុះ​ឡើង​ នោះ​ក៏​ក្រៀម​ស្វិត​ទៅ​ ព្រោះ​គ្មាន​សំណើម​
Luke KhmerNT 8:7  គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​ក៏​ដុះ​ឡើង​ជាមួយ​បន្លា​ដែល​បាន​រួបរឹត​វា។​
Luke KhmerNT 8:8  រីឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ក៏​ដុះ​ឡើង​បង្កើត​ផល​បាន​មួយ​ជា​មួយ​រយ»។​ ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ថា៖​ «អ្នកណា​មាន​ត្រចៀក​ស្ដាប់​ ចូរ​ស្ដាប់​ចុះ!»​
Luke KhmerNT 8:9  ពួក​សិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?»​
Luke KhmerNT 8:10  ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ ដើម្បី​ឲ្យ​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ ប៉ុន្ដែ​មិន​យល់។​
Luke KhmerNT 8:11  រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូច​ត​ទៅ​ គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​
Luke KhmerNT 8:12  គ្រាប់​ពូជ​លើ​ផ្លូវ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ រួច​អារក្ស​សាតាំង​ក៏​មក​ឆក់​យក​ព្រះបន្ទូល​នោះ​ពី​ចិត្ដ​របស់​ពួកគេ​ទៅ​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ជឿ​ និង​បាន​សង្គ្រោះ​ឡើយ។​
Luke KhmerNT 8:13  គ្រាប់​ពូជ​លើ​ថ្ម​ជា​អស់​អ្នក​ដែល​នៅ​ពេល​បាន​ឮ​ព្រះបន្ទូល​ ក៏​ទទួល​យក​ដោយ​អំណរ​ តែ​អ្នក​ទាំងនេះ​គ្មាន​ឫស​ទេ​ ពួកគេ​ជឿ​បាន​តែ​មួយ​រយៈ​ ហើយ​នៅ​ពេល​មាន​សេចក្ដី​ល្បួង​ ពួកគេ​ក៏​បោះបង់​ចោល។​
Luke KhmerNT 8:14  គ្រាប់​ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​ដោយសារ​តែ​សេចក្ដី​ខ្វល់ខ្វាយ​ ទ្រព្យ​សម្បត្ដិ​ ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាម​មក​រួបរិត​ នោះ​មិន​បាន​បង្កើត​ផល​ផ្លែ​ដ៏​ល្អ​ឡើយ។​
Luke KhmerNT 8:15  គ្រាប់​ពូជ​លើ​ដី​ល្អ​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ និង​បាន​រក្សា​ទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់​ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។​
Luke KhmerNT 8:16  គ្មាន​អ្នកណា​អុជ​ចង្កៀង​ហើយ​យក​ក្រឡ​គ្រប​ ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ​ គឺ​គេ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ពួក​អ្នក​ចូល​មក​បាន​មើល​ឃើញ​ពន្លឺ។​
Luke KhmerNT 8:17  ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​នឹង​មិន​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ និង​យក​មក​បើក​ចំហ​ដែរ។​
Luke KhmerNT 8:18  ដូច្នេះ​ចូរ​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​ នឹង​ត្រូវ​ដកយក​ពី​អ្នក​នោះ​វិញ​ សូម្បីតែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​មាន​ផង»។​
Luke KhmerNT 8:19  ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ជួប​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ទៅ​ជិត​ព្រះអង្គ​បាន​ទេ​ ពីព្រោះ​មនុស្ស​ច្រើន​ពេក​
Luke KhmerNT 8:20  រួច​មាន​គេ​ទូល​ព្រះអង្គ​ថា៖​ «ម្ដាយ​ និង​បងប្អូន​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ចង់​ជួប​លោក»។​
Luke KhmerNT 8:21  ប៉ុន្ដែ​ ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ហើយ​ប្រព្រឹត្តតាម​ អ្នក​នោះ​ហើយ​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ»។​
Luke KhmerNT 8:22  នៅ​ថ្ងៃ​មួយ​ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​ និង​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។​ ពួកគេ​ក៏​ចេញ​ទូក​ទៅ។​
Luke KhmerNT 8:23  កាល​ពួកគេ​កំពុង​ឆ្លង​ទូក​ ព្រះអង្គ​ក៏​ផ្ទំ​លក់​ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ ព្រមទាំង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។​
Luke KhmerNT 8:24  ពួកគេ​បាន​ចូល​មក​ជិត​ដាស់​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ លោក​គ្រូ!​ យើង​កំពុងតែ​វិនាស​ហើយ»​ ព្រះអង្គ​ក៏​ភ្ញាក់​ឡើង​ បន្ទោស​ខ្យល់ ​និង​ទឹក​រលក​ ហើយ​វា​ក៏​ឈប់​ រួច​ក៏​ស្ងប់​ទៅ។​
Luke KhmerNT 8:25  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ជំនឿ​របស់​អ្នក​រាល់គ្នា​នៅ​ឯណា?»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ទាំង​កោតខ្លាច​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ បាន​ជា​សូម្បី​តែ​ខ្យល់​ និង​ទឹក​ស្ដាប់​បង្គាប់​លោក​ ពេល​លោក​បញ្ជា?»​
Luke KhmerNT 8:26  ពួកគេ​ក៏​ឆ្លងទូក​មក​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ ដែល​នៅ​ទល់​មុខ​ស្រុក​កាលីឡេ។​
Luke KhmerNT 8:27  កាល​ព្រះអង្គ​ឡើង​លើ​គោក​ ក៏​បាន​ជួប​នឹង​បុរស​ម្នាក់​មកពី​ក្រុង​នោះ​ ដែល​មាន​អារក្ស​ចូល​ និង​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​អ្វី​សោះ​អស់​រយៈពេល​យូរ​មក​ហើយ​ គាត់​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​ទេ​ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច​ប៉ុណ្ណោះ។​
Luke KhmerNT 8:28  ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​
Luke KhmerNT 8:29  ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ​ ព្រោះ​វា​បាន​សណ្ឋិត​ក្នុង​គាត់​ច្រើន​លើក​ហើយ​ ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះ​ជើង​ និង​ដាក់​ច្រវាក់​ក៏​ដោយ​ ក៏​គាត់​នៅតែ​ផ្ដាច់​ចំណង​ទាំង​អស់​នោះ​ខ្ទេច​ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។​
Luke KhmerNT 8:30  ព្រះយេស៊ូ​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ វា​ក៏​ឆ្លើយ​ថា៖​ «កង​ទ័ព»​ ព្រោះ​មាន​អារក្ស​ច្រើន​បាន​ចូល​ក្នុង​គាត់​
Luke KhmerNT 8:31  ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ​ កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​
Luke KhmerNT 8:32  នៅ​ទីនោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​តែ​ស៊ី​ចំណី​លើ​ភ្នំ​ ហើយ​អារក្ស​ក៏​អង្វរ​ព្រះអង្គ​សុំ​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួកវា។​
Luke KhmerNT 8:33  ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​
Luke KhmerNT 8:34  ពេល​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើត​ឡើង​ ក៏​រត់គេច​ខ្លួន​អស់​ ហើយ​បាន​រៀបរាប់​រឿង​នេះ​នៅ​តាម​ក្រុង​ និង​ជនបទ​នានា​
Luke KhmerNT 8:35  ប្រជាជន​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុការណ៍​ដែល​កើតឡើង​ និង​បាន​មក​ជួប​ព្រះយេស៊ូ​ ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​ពី​គាត់​កំពុង​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​ស្លៀក​ពាក់​ និង​មាន​ស្មារតី​ឡើងវិញ​ ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។​
Luke KhmerNT 8:36  ពួក​អ្នក​ដែល​បាន​ឃើញ​ ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​បុរស​មាន​អារក្ស​ចូល​ត្រូវ​បាន​ប្រោស​ឲ្យ​ជា។​
Luke KhmerNT 8:37  អ្នក​ទាំង​អស់​ដែល​នៅ​ជុំវិញ​តំបន់​របស់​ពួក​គេរ៉ាស៊ីន​បាន​សុំ​ឲ្យ​ព្រះអង្គ​ចាក​ចេញ​ពី​ពួកគេ​ ព្រោះ​ពួកគេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជាខ្លាំង​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រលប់​មក​វិញ។​
Luke KhmerNT 8:38  បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​នោះ​ បាន​អង្វរសុំ​នៅ​ជាមួយ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​ចាត់​គាត់​ឲ្យ​ទៅ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​
Luke KhmerNT 8:39  «ចូរ​ត្រលប់ទៅ​ផ្ទះ​របស់​អ្នក​វិញ​ ហើយ​រៀប​រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។​ គាត់​ក៏​ចេញ​ទៅ​ពាសពេញ​ក្រុង​ទាំងមូល​ប្រកាស​ប្រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។​
Luke KhmerNT 8:40  ពេល​ព្រះយេស៊ូ​ត្រលប់​មកវិញ​ មនុស្ស​ច្រើន​កុះករ​បាន​ស្វាគមន៍​ព្រះអង្គ​យ៉ាង​រាក់​ទាក់​ ដ្បិត​ពួកគេ​គ្រប់គ្នា​បាន​ទន្ទឹងចាំ​ព្រះអង្គ​
Luke KhmerNT 8:41  ហើយ​មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យៃរ៉ូស​បាន​មក​ ម្នាក់​នេះ​ជា​ប្រធាន​សាលា​ប្រជុំ​ គាត់​បាន​ក្រាប​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ផ្ទះ​របស់​គាត់​
Luke KhmerNT 8:42  ព្រោះ​កូន​ស្រី​តែមួយ​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ​ជិត​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ​
Luke KhmerNT 8:43  ហើយ​មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ (នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​នាង​ទាំង​អស់​លើ​ពួក​គ្រូ​ពេទ្យ)​ តែ​គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាបាល​នាង​ជា​ឡើយ។​
Luke KhmerNT 8:44  កាល​បាន​ចូល​មក​ជិត​ពី​ខាង​ក្រោយ​ នាង​បាន​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​ ហើយ​នាងក៏​បាន​ឈប់​ធ្លាក់​ឈាម​ភ្លាម។​
Luke KhmerNT 8:45  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​
Luke KhmerNT 8:46  ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​អ្នកណា​ម្នាក់​បាន​ពាល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អំណាច​បាន​ចេញ​ពី​ខ្ញុំ»។​
Luke KhmerNT 8:47  កាល​ស្ដ្រី​នោះ​ដឹង​ថា​ នាង​លាក់​មិន​ជិត​ ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅ​ពី​មុខ​ព្រះអង្គ​ ហើយ​នាង​រៀប​រាប់​ប្រាប់​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​អំពី​មូល​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះអង្គ​ និង​អំពី​របៀប​ដែល​នាង​បាន​ជា​ភ្លាមៗ​
Luke KhmerNT 8:48  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សុខ​សាន្ដ​ចុះ»។​
Luke KhmerNT 8:49  ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​មនុស្ស​ម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​លោក​យៃរ៉ូស​ថា៖​ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ​ កុំ​រំខាន​លោក​គ្រូ​ទៀត​អី»​
Luke KhmerNT 8:50  ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ ក៏​ឆ្លើយ​ទៅ​លោក​យៃរ៉ូស​ថា៖​ «កុំ​ខ្លាច​អី!​ គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​ នាង​នឹង​បាន​ជា»។​
Luke KhmerNT 8:51  ពេល​មក​ដល់​ផ្ទះ​នោះ​ ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​ទៅ​ខាង​ក្នុង​ជាមួយ​ព្រះអង្គ​ទេ​ លើកលែង​តែ​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។​
Luke KhmerNT 8:52  មនុស្ស​ទាំង​អស់​កំពុង​កាន់ទុក្ខ​ ទាំង​ទ្រហោ​យំ​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ឈប់​ទ្រហោ​យំ​ទៀត​ទៅ​ ដ្បិត​នាង​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​
Luke KhmerNT 8:53  ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​
Luke KhmerNT 8:54  ប៉ុន្ដែ​ព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង​ ទាំង​ស្រែក​ហៅ​ថា៖​ «នាង​តូច​អើយ!​ ក្រោក​ឡើង»​
Luke KhmerNT 8:55  វិញ្ញាណ​របស់​នាង​ក៏​ត្រលប់​មក​វិញ​ ហើយ​នាង​បាន​ក្រោក​ឈរ​ភ្លាម​ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ផ្ដល់​អាហារ​ឲ្យ​នាង​បរិភោគ។​
Luke KhmerNT 8:56  ឪពុក​ម្ដាយ​របស់​នាង​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​កុំ​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ។​