Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 15
Mark KhmerNT 15:1  លុះ​ព្រលឹម​ឡើង​ភ្លាម​ កាល​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ ពួក​គ្រូ​វិន័យ​បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​មូល​រួច​ហើយ​ ក៏​ចង​ព្រះយេស៊ូ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​
Mark KhmerNT 15:2  លោក​ពីឡាត់​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​ឬ?»​ ព្រះអង្គ​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ!»​
Mark KhmerNT 15:3  ពួក​សម្ដេច​សង្ឃ​ក៏​ចោទ​ប្រកាន់​ព្រះអង្គ​ពី​រឿង​ជា​ច្រើន​
Mark KhmerNT 15:4  លោក​ពីឡាត់​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ទេ​ឬ?​ មើល​គេ​ចោទ​ប្រកាន់​អ្នក​ច្រើន​ណាស់»​
Mark KhmerNT 15:5  ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទេ​ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់។​
Mark KhmerNT 15:6  រៀង​រាល់​ថ្ងៃ​បុណ្យ​ គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ តាម​ដែល​ពួកគេ​សុំ​
Mark KhmerNT 15:7  មាន​មនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​បះបោរ​ គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការ​បះបោរ​នោះ​
Mark KhmerNT 15:8  ដូច្នេះ​ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​ទៅ​សុំ​លោក​ពីឡាត់​ឲ្យ​ដោះ​លែង​អ្នក​ទោស​ ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ​
Mark KhmerNT 15:9  ប៉ុន្ដែ​លោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជន​ជាតិ​យូដា​ដល់​អ្នក​រាល់គ្នា​វិញ​ទេ?»​
Mark KhmerNT 15:10  ព្រោះ​គាត់​ដឹង​ថា​ ពួក​សម្ដេច​សង្ឃ​ប្រគល់​ព្រះអង្គ​ឲ្យ​គាត់​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​
Mark KhmerNT 15:11  ប៉ុន្ដែ​ពួក​សម្ដេច​សង្ឃ​បាន​ញុះ​ញង់​បណ្ដា​ជន​ឲ្យ​សុំ​គាត់​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​វិញ​
Mark KhmerNT 15:12  លោក​ពីឡាត់​ឆ្លើយ​នឹង​ពួកគេ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ជាមួយ​នឹង​អ្នក​ដែល​អ្នក​រាល់គ្នា​ហៅ​ថា​ ស្ដេច​របស់​ជន​ជាតិ​យូដា​នេះ?»​
Mark KhmerNT 15:13  ពួកគេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖​ «ឆ្កាង​វា​ទៅ!»​
Mark KhmerNT 15:14  ប៉ុន្ដែ​លោក​ពីឡាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី?​ តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?»​ ប៉ុន្ដែ​ពួកគេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ «ឆ្កាង​វា​ទៅ!»​
Mark KhmerNT 15:15  ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​
Mark KhmerNT 15:16  ពួក​ទាហាន​ក៏​យក​ព្រះអង្គ​ចូល​ទៅ​ក្នុង​ទី​ធ្លា​បន្ទាយ​ និង​បាន​ហៅ​ពួក​ទាហាន​ទាំង​អស់​មក​ជួប​ជុំ​គ្នា​
Mark KhmerNT 15:17  ពួកគេ​បាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​ និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​ មក​បំពាក់​ឲ្យ​ព្រះអង្គ​
Mark KhmerNT 15:18  រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​
Mark KhmerNT 15:19  ហើយ​ពួកគេ​ក៏​វាយ​ព្រះ​សិរ​ព្រះអង្គ​នឹង​ដំបង​ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ រួច​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះអង្គ​ទៀត។​
Mark KhmerNT 15:20  កាល​ពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​ និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ ដើម្បី​យក​ទៅ​ឆ្កាង។​
Mark KhmerNT 15:21  មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នក​ក្រុង​គីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​
Mark KhmerNT 15:22  ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ (ដែល​ប្រែ​ថា​ តំបន់​លលាដ៍​ក្បាល)​
Mark KhmerNT 15:23  ពួកគេ​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹក​ទេ​
Mark KhmerNT 15:24  ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ​ ហើយ​យក​អាវ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អាវ​នោះ​
Mark KhmerNT 15:25  ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​
Mark KhmerNT 15:26  ហើយ​មាន​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​ថា​ «ស្ដេច​របស់​ជន​ជាតិ​យូដា»​
Mark KhmerNT 15:27  ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​
Mark KhmerNT 15:28  [នេះ​ស្រប​តាម​បទ​គម្ពីរ​ចែង​ថា៖​ «ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់»]​
Mark KhmerNT 15:29  ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​
Mark KhmerNT 15:30  ចូរ​សង្គ្រោះ​ខ្លួន​ឯង​ ហើយ​ចុះ​ពី​លើ​ឈើ​ឆ្កាង​មក»​
Mark KhmerNT 15:31  ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូ​វិន័យ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​បែប​ដូច្នោះ​ដែរ​ថា៖​ «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​
Mark KhmerNT 15:32  ចូរ​ឲ្យ​ព្រះគ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​លើ​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ ដើម្បី​ឲ្យ​យើង​ឃើញ​ និង​ជឿ​ផង»​ ឯ​ពួក​អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដែរ។​
Mark KhmerNT 15:33  លុះ​ដល់​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​
Mark KhmerNT 15:34  នៅ​ម៉ោង​បី​រសៀល​នោះ​ ព្រះយេស៊ូ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេឡយៗ​ ឡាម៉ាសាបាច់ថានី»​ ដែល​ប្រែ​ថា៖​ «ឱ​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ហេតុ​អ្វី​ព្រះអង្គ​បោះ​បង់​ខ្ញុំ​ដូច្នេះ?»​
Mark KhmerNT 15:35  អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​
Mark KhmerNT 15:36  មាន​បុរស​ម្នាក់​បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ ជ្រលក់​ទឹក​ខ្មេះ​ដាក់​នឹង​ដើម​ត្រែង​ រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គ​ផឹក​ដោយ​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ថា​តើ​លោក​អេលីយ៉ា​មក​ដោះ​គាត់​ចុះ​ដែរ​ឬ​អត់»​
Mark KhmerNT 15:37  ព្រះយេស៊ូ​ក៏​ស្រែក​យ៉ាង​ខ្លាំង​ ហើយ​បាន​ផុត​ដង្ហើម​ទៅ​
Mark KhmerNT 15:38  ពេល​នោះ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា​ពីរ​ ចាប់​ពី​លើ​រហូត​ដល់​ក្រោម​
Mark KhmerNT 15:39  កាល​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ជិត​ទល់​មុខ​នឹង​ព្រះអង្គ​ បាន​ឃើញ​ព្រះអង្គ​បាន​ផុត​ដង្ហើម​យ៉ាង​ដូច្នេះ​ ក៏​និយាយ​ថា៖​ «បុរស​នេះ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន»​
Mark KhmerNT 15:40  មាន​ស្ដ្រី​ខ្លះ​បាន​សម្លឹង​មើល​ពី​ចម្ងាយ​ ក្នុង​ចំណោម​នោះ​មាន​ទាំង​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​យ៉ាកុប​តូច​ និង​យ៉ូសេ​ ព្រម​ទាំង​នាង​សាឡូមេ​ដែរ​
Mark KhmerNT 15:41  ស្ដ្រី​ទាំង​នោះ​ជា​អ្នក​តាម​បម្រើ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ស្ដ្រី​ច្រើន​នាក់​ផ្សេង​ទៀត​ ជា​អ្នក​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​ជាមួយ​ព្រះអង្គ។​
Mark KhmerNT 15:42  ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​ គឺ​មុន​ថ្ងៃ​សប្ប័ទ​មួយ​ថ្ងៃ​ ហើយ​នៅ​ល្ងាច​នោះ​
Mark KhmerNT 15:43  លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​អ្នក​ដែល​រង់​ចាំ​នគរ​ព្រះជាម្ចាស់​ បាន​ទៅ​ជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ​
Mark KhmerNT 15:44  ពេល​ដឹង​ថា​ព្រះអង្គ​សោយ​ទិវង្គត​ លោក​ពីឡាត់​ឆ្ងល់​ណាស់​ ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយ​ទិវង្គត​មែន​ឬ​មិន​មែន​
Mark KhmerNT 15:45  ពេល​ដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​ គាត់​ក៏​ប្រគល់​សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប​
Mark KhmerNT 15:46  លោក​យ៉ូសែប​ក៏​ទិញ​សំពត់​ទេស​ឯក​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯក​នោះ​ បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​នៅ​ក្នុង​ថ្ម​ ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ​
Mark KhmerNT 15:47  នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ូសេ​ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​សព​ព្រះអង្គ។​