Site uses cookies to provide basic functionality.

OK
PHILIPPIANS
Up
1 2 3 4
Toggle notes
Chapter 1
Phil KhmerNT 1:1  ខ្ញុំ​ប៉ូល​ និង​ធីម៉ូថេ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួកអ្នក​មើល​ខុសត្រូវ​ និង​ពួកអ្នក​ជំនួយ​នៅ​ក្រុង​ភីលីព​
Phil KhmerNT 1:2  សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​
Phil KhmerNT 1:3  ខ្ញុំ​អរព្រះគុណ​ព្រះ​របស់​ខ្ញុំ​ រាល់​ពេល​ដែល​ខ្ញុំ​នឹកចាំ​ពី​អ្នក​រាល់គ្នា​
Phil KhmerNT 1:4  ហើយ​នៅ​ក្នុង​គ្រប់​ទាំង​ការ​ទូល​អង្វរ​របស់​ខ្ញុំ​ ខ្ញុំ​តែងតែ​ទូល​អង្វរ​ដោយ​អំណរ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ជានិច្ច​
Phil KhmerNT 1:5  ដោយសារ​ការ​ដែល​អ្នក​រាល់គ្នា​រួម​ចំណែក​នៅ​ក្នុង​ដំណឹង​ល្អ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ពេល​នេះ‍។​
Phil KhmerNT 1:6  ខ្ញុំ​ជឿ​ជាក់​លើ​សេចក្ដី​នេះ​ថា​ ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​អ្នក​រាល់គ្នា​ ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​រហូត​ដល់​ថ្ងៃ​របស់​ព្រះគ្រិស្ដ​យេស៊ូ។​
Phil KhmerNT 1:7  ការ​ដែល​ខ្ញុំ​គិត​ចំពោះ​អ្នក​ទាំង​អស់​គ្នា​បែប​នេះ​ គឺ​ត្រឹមត្រូវ​ហើយ​ ព្រោះ​ខ្ញុំ​មាន​អ្នក​រាល់គ្នា​នៅ​ក្នុង​ចិត្ត​ ដោយ​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​រួម​ចំណែក​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ព្រះគុណ​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ឆ្លើយ​ការពារ​ និង​បញ្ជាក់​អំពី​ដំណឹង​ល្អ។​
Phil KhmerNT 1:8  ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​
Phil KhmerNT 1:9  ខ្ញុំ​អធិស្ឋាន​បែប​នេះ​ថា​ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រាជ្ញា​ និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​
Phil KhmerNT 1:10  នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​
Phil KhmerNT 1:11  ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ការ​សរសើរ​តម្កើង​ និង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​
Phil KhmerNT 1:12  បងប្អូន​អើយ!​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ហេតុការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ បាន​ធ្វើ​ឲ្យ​ដំណឹង​ល្អ​កាន់​តែ​រីក​ចម្រើន​ឡើង​
Phil KhmerNT 1:13  ដូច្នេះ​ហើយ​បាន​ជា​ក្នុង​បន្ទាយ​ទ័ព​ទាំង​មូល​ និង​អ្នក​ទាំង​អស់​ផ្សេង​ទៀត​បាន​ដឹង​ច្បាស់​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ដោយសារ​ព្រះគ្រិស្ដ​
Phil KhmerNT 1:14  ហើយ​ដោយសារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ‍។​
Phil KhmerNT 1:15  មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ និង​ការ​ឈ្លោះ​ប្រកែក​មែន​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ពិត​ជា​ប្រកាស​ដោយ​ព្រោះ​បំណង​ល្អ​
Phil KhmerNT 1:16  គឺ​ពួកគេ​ប្រកាស​ដោយ​សេចក្ដី​ស្រឡាញ់​ ទាំង​ដឹង​ថា​ ខ្ញុំ​ត្រូវ​បាន​កំណត់​សម្រាប់​ឆ្លើយ​ការពារ​ដំណឹង​ល្អ​
Phil KhmerNT 1:17  រីឯ​ពួកអ្នក​ដែល​ប្រកាស​ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ ពួកគេ​ប្រកាស​អំពី​ព្រះគ្រិស្ដ​ដោយ​ការ​ប្រជែង​ មិន​មែន​ដោយ​ស្មោះត្រង់​ទេ​ គឺ​ដោយ​គិត​ថា​ នឹង​ធ្វើ​ឲ្យ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​កាន់​តែ​វេទនា​
Phil KhmerNT 1:18  តើ​យ៉ាង​ដូច​ម្ដេច​ដែរ?​ គឺ​មិន​ថា​ដោយ​របៀប​ណា​ទេ​ ទោះបី​ដោយ​ធ្វើ​ពុត​ ឬ​ដោយ​ពិត​ប្រាកដ​ក្ដី​ ឲ្យ​តែ​គេ​បាន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ នោះ​ខ្ញុំ​ត្រេកអរ​ចំពោះ​ការ​នេះ​ហើយ​ រួច​ខ្ញុំ​នឹង​ត្រេកអរ​តទៅ​ទៀត​
Phil KhmerNT 1:19  ដ្បិត​ខ្ញុំ​ដឹង​ថា​ ការ​នេះ​នឹង​ត្រលប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ​ ដោយសារ​ការ​ទូល​អង្វរ​របស់​អ្នក​រាល់គ្នា​ និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​គ្រិស្ដ។​
Phil KhmerNT 1:20  ស្រប​ទៅ​តាម​ការ​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​ និង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ គឺ​ថា​ ខ្ញុំ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ទាំង​ស្រុង​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ ក៏​ដូច​រាល់​ពេល​ដែរ​ ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​នឹង​ត្រូវ​បាន​លើក​តម្កើង​ឡើង​នៅ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ ទោះ​រស់​ ឬ​ស្លាប់​ក្ដី​
Phil KhmerNT 1:21  ដ្បិត​សម្រាប់​ខ្ញុំ​ រស់​គឺ​សម្រាប់​ព្រះគ្រិស្ដ​ ហើយ​ស្លាប់​ គឺ​ចំណេញ​
Phil KhmerNT 1:22  ប៉ុន្ដែ​បើ​ការ​រស់នៅ​ខាង​រូបកាយ​នេះ​ ជា​កិច្ចការ​ដែល​មាន​ផលផ្លែ​សម្រាប់​ខ្ញុំ​ នោះ​ខ្ញុំ​មិន​ដឹង​ថា​នឹង​ជ្រើស​រើស​យក​មួយ​ណា​ទេ​
Phil KhmerNT 1:23  ពេល​នេះ​ខ្ញុំ​រារែក​ដោយសារ​សេចក្ដី​ទាំង​ពីរ​យ៉ាង​ ម្យ៉ាង​គឺ​ចង់​ទៅ​នៅ​ជាមួយ​ព្រះគ្រិស្ដ​ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់​
Phil KhmerNT 1:24  ប៉ុន្ដែ​ម្យ៉ាង​ទៀត​ ខ្ញុំ​នៅ​ក្នុង​រូបកាយ​នេះ​តទៅ​ទៀត​ នោះ​ចាំបាច់​ជាង​សម្រាប់​អ្នក​រាល់គ្នា​
Phil KhmerNT 1:25  ដោយ​ជឿ​ជាក់​លើ​សេចក្ដី​នេះ​ បាន​ជា​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​នឹង​រស់នៅ​ ហើយ​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​តទៅ​ទៀត​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រីក​ចម្រើន​ឡើង​ ហើយ​មាន​អំណរ​ដោយសារ​ជំនឿ​
Phil KhmerNT 1:26  និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនៈភាព​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ ដោយសារ​ខ្ញុំ​មក​នៅ​ជាមួយ​អ្នក​រាល់គ្នា​ម្ដង​ទៀត។​
Phil KhmerNT 1:27  អ្នក​រាល់គ្នា​គ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ចុះ​ នោះ​ទោះបី​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ឬ​នៅ​ឆ្ងាយ​ក្ដី​ ខ្ញុំ​នឹង​ឮ​អំពី​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ឈរ​មាំមួន​ដោយ​មាន​វិញ្ញាណ​តែ​មួយ​ និង​តស៊ូ​ជាមួយ​គ្នា​ដោយ​មាន​គំនិត​តែ​មួយ​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ​
Phil KhmerNT 1:28  ទាំង​មិន​ខ្លាច​ពួកអ្នក​ប្រឆាំង​នៅ​ក្នុង​ការ​អ្វី​ឡើយ‍។​ នេះ​ជា​ភស្ដុតាង​ពី​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ ប៉ុន្ដែ​ជា​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ហើយ​ការ​នេះ​មក​ពី​ព្រះជាម្ចាស់​
Phil KhmerNT 1:29  ពី​ព្រោះ​ការ​នេះ​ត្រូវ​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ដោយសារ​ព្រះគ្រិស្ដ​ គឺ​មិន​គ្រាន់តែ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឲ្យ​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ព្រះអង្គ​ដែរ​
Phil KhmerNT 1:30  ដ្បិត​អ្នក​រាល់គ្នា​កំពុង​ជួប​ការ​តយុទ្ធ​តែ​មួយ​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ថា​ ខ្ញុំ​មាន​ ហើយ​ក៏​ឮ​ថា​ ឥឡូវ​នេះ​ខ្ញុំ​នៅ​តែ​មាន។​
Chapter 2
Phil KhmerNT 2:1  ដូច្នេះ​បើ​មាន​ការ​លើក​ទឹកចិត្ដ​ណា​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ បើ​មាន​ការ​កម្សាន្ដ​ចិត្ដ​ណា​មួយ​របស់​សេចក្ដី​ស្រឡាញ់​ បើ​មាន​សេចក្ដី​ប្រកប​ណា​មួយ​របស់​ព្រះវិញ្ញាណ​ បើ​មាន​ព្រះហឫទ័យ​សន្ដោស​ និង​សេចក្ដី​មេត្ដា​ករុណា​ណា​មួយ​នោះ​
Phil KhmerNT 2:2  ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ​ចុះ​ ដោយ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ​ មាន​ចិត្ដ​រួប​រួម​គ្នា​ ហើយ​មាន​ឆន្ទៈ​តែ​មួយ។​
Phil KhmerNT 2:3  ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​
Phil KhmerNT 2:4  កុំ​ឲ្យ​ម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ម្នាក់ៗ​គិត​ពី​អ្នក​ដទៃ​ផង។​
Phil KhmerNT 2:5  ចូរ​ឲ្យ​មាន​គំនិត​ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ​ ព្រោះ​គំនិត​ដូច្នេះ​ក៏​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែរ​
Phil KhmerNT 2:6  ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ​ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ​
Phil KhmerNT 2:7  គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​មក​យក​សណ្ឋាន​ជា​បាវបម្រើ​ ដោយ​បាន​ប្រសូត​មក​ជា​មនុស្ស​ ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។​
Phil KhmerNT 2:8  ព្រះអង្គ​បាន​បន្ទាប​ខ្លួន​ ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត​ គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។​
Phil KhmerNT 2:9  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើង​ព្រះអង្គ​ឡើង​ ព្រមទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាម​លើ​អស់​ទាំង​នាម​ផង​
Phil KhmerNT 2:10  ដើម្បី​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ និង​នៅ​ក្រោម​ផែនដី​ត្រូវ​លត់​ចុះ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​
Phil KhmerNT 2:11  ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ថ្លែង​ប្រាប់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ ដើម្បី​ជា​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា។​
Phil KhmerNT 2:12  ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​
Phil KhmerNT 2:13  ដ្បិត​ជា​ព្រះជាម្ចាស់​ទេ​តើ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទាំង​ឲ្យ​អ្នក​រាល់គ្នា​មាន​ឆន្ទៈ​ ហើយ​ប្រព្រឹត្ត​តាម​ ដើម្បី​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។​
Phil KhmerNT 2:14  ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​រអ៊ូរទាំ​ និង​ប្រកែក​ឡើយ​
Phil KhmerNT 2:15  ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​មនុស្ស​ដែល​ស្លូត​ត្រង់​ ឥត​បន្ទោស​បាន​ និង​ជា​កូន​របស់​ព្រះជាម្ចាស់​ដែល​គ្មាន​កំហុស​នៅ​កណ្ដាល​ចំណោម​ជំនាន់​មនុស្ស​ដែល​វៀចវេរ​ ហើយ​ខិល​ខូច​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ចាំង​ពន្លឺ​ក្នុង​ចំណោម​ពួកគេ​ ដូច​ជា​ពន្លឺ​ចាំង​មក​ក្នុង​ពិភព​លោក​នេះ​
Phil KhmerNT 2:16  ទាំង​កាន់​តាម​ព្រះបន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​អំនួត​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​ថា​ ខ្ញុំ​មិន​បាន​រត់​ ឬ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ‍។​
Phil KhmerNT 2:17  ហើយ​ទោះបី​ត្រូវ​ច្រូច​ខ្ញុំ​លើ​យញ្ញ​បូជា​ និង​លើ​ការងារ​បម្រើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មាន​អំណរ​ ហើយ​ត្រេកអរ​ជាមួយ​អ្នក​រាល់គ្នា​ដែរ‍​
Phil KhmerNT 2:18  ចូរ​អ្នក​រាល់គ្នា​មាន​អំណរ​ដូច​គ្នា​ ហើយ​ត្រេកអរ​ជាមួយ​ខ្ញុំ​ដែរ​ចុះ។​
Phil KhmerNT 2:19  ខ្ញុំ​សង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​ដឹង​អំពី​អ្នក​រាល់គ្នា​
Phil KhmerNT 2:20  ដ្បិត​ខ្ញុំ​គ្មាន​អ្នកណា​ដែល​មាន​ចិត្ដ​ដូច​គាត់​ទេ​ ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់គ្នា​អស់​ពី​ចិត្ដ​
Phil KhmerNT 2:21  ព្រោះ​មនុស្ស​ទាំង​អស់​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ គេ​មិន​រក​ប្រយោជន៍​សម្រាប់​ព្រះយេស៊ូ​គ្រិស្ដ​ទេ​
Phil KhmerNT 2:22  រីឯ​អ្នក​រាល់គ្នា​វិញ​ ក៏​ដឹង​អំពី​អត្តចរិត​របស់​គាត់​ស្រាប់​ហើយ​ គឺ​គាត់​បាន​បម្រើ​នៅ​ក្នុង​ដំណឹង​ល្អ​ជាមួយ​ខ្ញុំ​ដូច​ជា​ឪពុក​ និង​កូន។​
Phil KhmerNT 2:23  ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ចាត់​គាត់​ឲ្យ​មក​ភ្លាម​ នៅ​ពេល​ណា​ខ្ញុំ​ឃើញ​ថា​រឿង​របស់​ខ្ញុំ​បាន​ជ្រះ​ស្រឡះ​ហើយ​
Phil KhmerNT 2:24  រីឯ​ខ្ញុំ​វិញ​ ខ្ញុំ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ ខ្ញុំ​នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។​
Phil KhmerNT 2:25  ហើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ចាំបាច់​ត្រូវ​ចាត់​លោក​អេប៉ាប្រូឌីត​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ដែរ​ គាត់​ជា​បងប្អូន​ ជា​អ្នក​រួម​ការងារ​ ជា​អ្នក​រួម​ប្រយុទ្ធ​ និង​ជា​អ្នក​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ ហើយ​ក៏​ជា​អ្នក​នាំសារ​របស់​អ្នក​រាល់គ្នា​ដែរ​
Phil KhmerNT 2:26  ព្រោះ​គាត់​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់គ្នា​ណាស់​ ហើយ​គាត់​ពិបាក​ចិត្ដ​ណាស់​ដោយសារ​តែ​អ្នក​រាល់គ្នា​បាន‍​ឮ​ថា​ គាត់​ឈឺ‍។​
Phil KhmerNT 2:27  មែន​ហើយ​ គាត់​ឈឺ​ធ្ងន់​ស្ទើរ​តែ​ស្លាប់​មែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មេត្ដា​ដល់​គាត់​ ហើយ​មិន​មែន​តែ​គាត់​ប៉ុណ្ណោះ​ទេ​ ព្រះអង្គ​ក៏​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​លើ​ទុក្ខ។​
Phil KhmerNT 2:28  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រូតរះ​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រេកអរ​នៅ​ពេល​ជួប​គាត់​ម្ដង​ទៀត​ ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ពី​ទុក្ខព្រួយ​ដែរ។​
Phil KhmerNT 2:29  ចូរ​ទទួល​គាត់​នៅ​ក្នុង​ព្រះអម្ចាស់​ដោយ​អំណរ​គ្រប់​យ៉ាង​ ហើយ​ចូរ​គោរព​មនុស្ស​បែប​នេះ​ចុះ​
Phil KhmerNT 2:30  ព្រោះ​ដោយសារ​កិច្ចការ​របស់​ព្រះគ្រិស្ដ​ គាត់​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ​ គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​បំពេញ​ភាព​ខ្វះខាត​ក្នុង​កិច្ចការ​របស់​អ្នក​រាល់គ្នា​សម្រាប់​ខ្ញុំ។​
Chapter 3
Phil KhmerNT 3:1  នៅ​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​នៅ​ក្នុង​ព្រះអម្ចាស់‍​ចុះ‍។​ ខ្ញុំ​មិន​ធុញ​ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​ផ្ញើ​មក​អ្នក​រាល់គ្នា​ទេ​ ដ្បិត​ការ​សរសេរ​នេះ​ គឺ​ដើម្បី​ការពារ​អ្នក​រាល់គ្នា។​
Phil KhmerNT 3:2  ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ ពួកអ្នក​ធ្វើ​អាក្រក់​ និង​ពួកអ្នក​កាត់ស្បែក​តែ​ខាង​ក្រៅ​
Phil KhmerNT 3:3  ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​
Phil KhmerNT 3:4  ទោះបី​ខ្ញុំ​មាន​ការ​ទុកចិត្ដ​លើ​សាច់ឈាម​ក៏​ដោយ‍។​ បើ​មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​គិត​ថា​ ខ្លួន​មាន​ការ​ទុកចិត្ដ​លើ​សាច់ឈាម​ នោះ​ខ្ញុំ​មាន​លើស​គេ​ទៅ​ទៀត​
Phil KhmerNT 3:5  ខ្ញុំ​កាត់ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី​ ខ្ញុំ​ជា​ជនជាតិ​អ៊ីស្រាអែល​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ ជា​ជនជាតិ​ហេព្រើរ​សុទ្ធ​ ហើយ​ខាង‍​គម្ពីរ​វិន័យ ​ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​
Phil KhmerNT 3:6  រីឯ​ខាង​ភាព​ប្ដូរផ្ដាច់​ ខ្ញុំ​ជា​អ្នក​បៀតបៀន​ក្រុមជំនុំ​ ខាង​សេចក្ដី​សុចរិត​ក្នុង​គម្ពីរ​វិន័យ​វិញ​ ខ្ញុំ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ឡើយ។​
Phil KhmerNT 3:7  ប៉ុន្ដែ​ដោយសារ​ព្រះគ្រិស្ដ​ អ្វីៗ​ដែល​ធ្លាប់​តែ​ជា​ការ​ចំណេញ​ដល់​ខ្ញុំ​នោះ​ ខ្ញុំ​បាន​រាប់​ជា​ការ​ខាតបង់​វិញ​
Phil KhmerNT 3:8  ហើយ​លើស​ពី​នេះ​ទៀត​ ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំង​អស់​ជា​ការ​ខាតបង់​ ដោយ​ព្រោះ​ស្គាល់​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ការ​មាន​តម្លៃ​បំផុត។​ ខ្ញុំ​បាន​ខាត​បង់​ទាំង​អស់​ដោយ​ព្រោះ​តែ​ព្រះអង្គ​ ហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ជា​គ្មាន​តម្លៃ​ដើម្បី​ឲ្យ​ខ្ញុំ​ចំណេញ​បាន​ព្រះគ្រិស្ដ​
Phil KhmerNT 3:9  និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​
Phil KhmerNT 3:10  ព្រមទាំង​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ព្រះគ្រិស្ដ​ និង​អំណាច​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​ ហើយ​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​រងទុក្ខ​លំបាក​របស់​ព្រះអង្គ​ និង​ឲ្យ​បាន​ដូច​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​
Phil KhmerNT 3:11  ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។​
Phil KhmerNT 3:12  មិន​មែន​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​សម្រាប់​សេចក្ដី​នោះ។​
Phil KhmerNT 3:13  បងប្អូន​អើយ!​ ខ្ញុំ​មិន​គិត​ថា​ ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ​ ប៉ុន្ដែ​មាន​សេចក្ដី​មួយ​ គឺ​ថា​ ខ្ញុំ​បំភ្លេច​អ្វីៗ​ទាំងឡាយ​ដែល​នៅ​ខាងក្រោយ​ រួច​ឈោង​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាងមុខ​វិញ​
Phil KhmerNT 3:14  ខ្ញុំ​ព្យាយាម​ឲ្យ​ទៅ​ដល់​គោលដៅ​ ដើម្បី​បាន​រង្វាន់​នៃ​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ពី​ស្ថាន​ដ៏​ខ្ពស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​
Phil KhmerNT 3:15  ដូច្នេះ​ អស់​អ្នក​ដែល​ពេញវ័យ​ហើយ​នោះ​ ត្រូវ​តែ​គិត​បែប​នេះ​ ហើយ​បើ​អ្នក​រាល់គ្នា​គិត​អំពី​អ្វី​ផ្សេង​ ក៏​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​អ្នក​រាល់គ្នា​យល់​អំពី​ការ​នោះ​ដែរ​
Phil KhmerNT 3:16  ទោះបី​យើង​បាន​ទៅ​ដល់​ត្រឹម​ណា​ក៏​ដោយ​ ក៏​យើង​ត្រូវ​បន្ដ​ទៅ​រក​គោលដៅ​ដដែល។​
Phil KhmerNT 3:17  បងប្អូន​អើយ!​ ចូរ​យក​តម្រាប់​តាម​ខ្ញុំ​ ហើយ​សង្កេត​មើល​ពួកអ្នក​រស់នៅ​តាម​គំរូ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​យើង​
Phil KhmerNT 3:18  ដ្បិត​ខ្ញុំ​តែងតែ​ប្រាប់​អ្នក​រាល់គ្នា​ជា​ញឹកញាប់​ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​សូម​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ម្ដង​ទៀត​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​រស់នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​
Phil KhmerNT 3:19  ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​
Phil KhmerNT 3:20  ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​
Phil KhmerNT 3:21  ដែល​នឹង​ផ្លាស់ប្រែ​រូបកាយ​ថោកទាប​របស់​យើង​ឲ្យ​ត្រលប់​ដូច​ជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដោយ​អានុភាព​របស់​ព្រះអង្គ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះចូល​នឹង​ព្រះអង្គ។​
Chapter 4
Phil KhmerNT 4:1  ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ទី​នឹក​រឮក​បំផុត​ ជា​អំណរ​ និង​ជា​កិត្ដិយស​របស់​ខ្ញុំ​អើយ‍!​ ចូរ​បងប្អូន​ឈរ​ឲ្យ​មាំមួន​ដូច្នេះ​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​
Phil KhmerNT 4:2  ខ្ញុំ​សូម​ដាស់តឿន​ដល់​នាង​អេរ៉ូឌី​ និង​នាង​ស៊ុនទីច​ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះអម្ចាស់​
Phil KhmerNT 4:3  អ្នក​រួម​ការងារ​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​ក៏​សុំ​អ្នក​រាល់គ្នា​ដែរ​ថា​ ចូរ​ជួយ​ស្រ្ដី​ទាំង​ពីរ​នាក់​នោះ​ផង​ ដ្បិត​ពួក​នាង​បាន​តស៊ូ​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ដំណឹង​ល្អ​ ព្រមទាំង​ជាមួយ​លោក​ក្លេម៉ង់​ និង​ពួកអ្នក​រួម​ការងារ​របស់​ខ្ញុំ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​ដែរ។​
Phil KhmerNT 4:4  ចូរ​អរ​សប្បាយ​នៅ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​ ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា​ ចូរ​អរ​សប្បាយ​ឡើង!​
Phil KhmerNT 4:5  ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ចិត្ដ​ស្លូតបូត​របស់​អ្នក​រាល់គ្នា​ចុះ‍។​ ព្រះអម្ចាស់​នៅ​ជិត​បង្កើយ។​
Phil KhmerNT 4:6  ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​
Phil KhmerNT 4:7  នោះ​សេចក្ដី​សុខសាន្ដ​របស់​ព្រះជាម្ចាស់​ដែល​វិសេស​លើស​អស់​ទាំង​គំនិត​របស់​មនុស្ស​នឹង​ការពារ​ចិត្ដ​គំនិត​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​
Phil KhmerNT 4:8  នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ‍!​ សេចក្ដី​ណា​ដែល​ពិត​ សេចក្ដី​ណា​ដែល​គួរ​គោរព​ សេចក្ដី​ណា​ដែល​សុចរិត​ សេចក្ដី​ណា​ដែល​បរិសុទ្ធ​ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្ដី​ល្អ​ ឬ​សេចក្ដី​គួរ​សរសើរ​ណា​មួយ​ ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំង​នោះ​ចុះ​
Phil KhmerNT 4:9  ហើយ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ បាន​ទទួល​ បាន​ឮ​ និង​បាន​ឃើញ​នៅ​ក្នុង​ខ្ញុំ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​តាម​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​គង់​ជាមួយ​អ្នក​រាល់គ្នា។​
Phil KhmerNT 4:10  ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​ណាស់​ដែល​អ្នក​រាល់គ្នា​បាន​គិត​ដល់​ខ្ញុំ​ជា​ថ្មី​នៅ​ទីបំផុត​នេះ​ ដ្បិត​អ្នក​រាល់គ្នា​ពិត​ជា​បាន​គិត​ដល់​ខ្ញុំ​មែន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​គ្មាន​ឱកាស​
Phil KhmerNT 4:11  ខ្ញុំ​និយាយ​បែប​នេះ​មិន​មែន​មក​ពី​ខ្ញុំ​ខ្វះខាត​ទេ​ ដ្បិត​ខ្ញុំ​ចេះ​ស្កប់​ចិត្ត​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​
Phil KhmerNT 4:12  ខ្ញុំ​ស្គាល់​ភាព​ទ័លក្រ​ជា​យ៉ាង​ណា​ ហើយ​ភាព​ហូរហៀរ​ជា​យ៉ាង​ណា​ គឺ​ខ្ញុំ​ចេះ​រស់​គ្រប់​កាលៈទេសៈ​ទាំង​អស់​ មិន​ថា​ពេល​ឆ្អែត​ ពេល​ឃ្លាន​ ពេល​ហូរហៀរ​ ឬ​ពេល​ខ្វះខាត​ទេ។​
Phil KhmerNT 4:13  ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ដោយសារ​ព្រះអង្គ​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​
Phil KhmerNT 4:14  លើស​ពី​នេះ​ អ្នក​រាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​ខ្ញុំ​យ៉ាង​ប្រសើរ​ នៅ​ពេល​ខ្ញុំ​មាន​សេចក្ដី​វេទនា។​
Phil KhmerNT 4:15  ឱ​ពួកអ្នក​ក្រុង​ភីលីព​អើយ‍!​ អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក​នោះ​ គ្មាន​ក្រុមជំនុំ​ណា​រួម​ចំណែក​ជួយ​ខ្ញុំ​ខាង​ផ្នែក​ជំនួយ​ឡើយ​ ក្រៅ​ពី​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​
Phil KhmerNT 4:16  ហើយ​សូម្បី​តែ​កាល​ខ្ញុំ​នៅ​ក្រុង​ថែស្សាឡូនីច​នោះ​ អ្នក​រាល់គ្នា​ក៏​បាន​ផ្ញើ​ម្ដង​ពីរ​ដង​រួច​មក​ហើយ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ។​
Phil KhmerNT 4:17  ខ្ញុំ​និយាយ​នេះ​ មិន​មែន​រក​ជំនួយ​ទេ​ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​ចម្រើន​ដល់​អ្នក​រាល់គ្នា​វិញ​
Phil KhmerNT 4:18  ដ្បិត​ខ្ញុំ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​ហូរហៀរ​ទៀត​ផង‍។​ ខ្ញុំ​បាន​ទទួល​អ្វីៗ​គ្រប់គ្រាន់​ហើយ​ពី​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេប៉ាប្រូឌីត​ គឺ​ជា​តង្វាយ​ដ៏​សែន​ក្រអូប​ ជា​យញ្ញ​បូជា​ដែល​ព្រះជាម្ចាស់​ទទួល​យក​ទាំង​សព្វ​ព្រះហឫទ័យ‍។​
Phil KhmerNT 4:19  ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​គ្រប់​ទាំង​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ស្រប​តាម​ភាព​បរិបូរ​របស់​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​
Phil KhmerNT 4:20  សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​របស់​យើង​បាន​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​
Phil KhmerNT 4:21  សូម​ជម្រាបសួរ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ រីឯ​បងប្អូន​ទាំងឡាយ​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​
Phil KhmerNT 4:22  ពួក​បរិសុទ្ធ​ទាំង​អស់​ ជា​ពិសេស​ពួកអ្នក​នៅ​ក្នុង​ដំណាក់​ស្ដេច​ក្រុង​រ៉ូម​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​
Phil KhmerNT 4:23  សូម​ឲ្យ​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​