Site uses cookies to provide basic functionality.

OK
EPHESIANS
Up
1 2 3 4 5 6
Toggle notes
Chapter 1
Ephe KhmerNT 1:1  ខ្ញុំ​ប៉ូល​ ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ និង​ពួកអ្នក​ស្មោះត្រង់​ទាំងឡាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​នៅ​ក្រុង​អេភេសូរ​
Ephe KhmerNT 1:2  សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​
Ephe KhmerNT 1:3  គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ជា​ព្រះ​ដែល​បាន​ប្រទាន​ព្រះពរ​ដល់​យើងនៅ​ក្នុង​ព្រះគ្រិស្ដ​ឲ្យ​មាន​ព្រះពរ​ខាង​វិញ្ញាណ​គ្រប់​បែប​យ៉ាង​ពី​ស្ថានសួគ៌​
Ephe KhmerNT 1:4  តាម​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​នៅ​ក្នុង​ព្រះគ្រិស្ត​ តាំង​ពី​មុន​ដើម​កំណើត​ពិភព​លោក​មក​ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះអង្គ‍​ដោយ​សេចក្ដី​ស្រឡាញ់​
Ephe KhmerNT 1:5  ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​ស្រេច​ឲ្យ​ធ្វើ​ជា​កូន​សម្រាប់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ស្រប​តាម​បំណង​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​
Ephe KhmerNT 1:6  សម្រាប់​ការ​សរសើរ​សិរី​រុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​សព្វ​ព្រះហឫទ័យ​ចំពោះ​យើង​នៅ​ក្នុង​ព្រះ​មួយ​អង្គ​ដ៏​ជា​ទី​ស្រឡាញ់​
Ephe KhmerNT 1:7  ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​
Ephe KhmerNT 1:8  ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​នៅ​ក្នុង​យើង​ ទាំង​ខាង​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​
Ephe KhmerNT 1:9  ទាំង​បង្ហាញ​ឲ្យ​យើង​ស្គាល់​សេចក្ដី​អាថ៌កំបាំង​នៃ​បំណង​របស់​ព្រះអង្គ​ ស្រប​តាម​ការ​សព្វ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​គ្រោង​ទុក​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ​
Ephe KhmerNT 1:10  ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​
Ephe KhmerNT 1:11  ហើយ​នៅ​ក្នុង​ព្រះអង្គ​ដែរ​ យើង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​ ដែល​បាន​កំណត់​ទុក​ជា​មុន​ស្រប​តាម​គម្រោង​ការ​របស់​ព្រះអង្គ​ ដែល​ធ្វើ​ការ​ទាំង​អស់​ស្រប​តាម​ការ​សម្រេច​ព្រះហឫទ័យ​របស់​ព្រះអង្គ​
Ephe KhmerNT 1:12  ដើម្បី​ឲ្យ​យើង​ដែល​ជា​អ្នក​មាន​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រិស្ដ​មុន​គេ​បាន​សរសើរ​សិរី​រុងរឿង​របស់​ព្រះអង្គ។​
Ephe KhmerNT 1:13  នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ​ គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​ព្រះអង្គ​ ពេល​អ្នក​រាល់គ្នា​ជឿ​ នោះ​អ្នក​រាល់គ្នា​ក៏​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​ដែរ​
Ephe KhmerNT 1:14  គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ជា​របស់​បញ្ចាំ​ចិត្ដ​សម្រាប់​មរតក​របស់យើង​ រហូត​ទាល់​តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់ព្រះអង្គ​ ដើម្បី​ជា​ការ​សរសើរ​ដល់​សិរី​រុងរឿង​របស់​ព្រះអង្គ។​
Ephe KhmerNT 1:15  ហេតុ​នេះ​ហើយ​ នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះអម្ចាស់​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​
Ephe KhmerNT 1:16  ខ្ញុំ​មិន​បាន​ឈប់​អរព្រះគុណ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ឡើយ​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​
Ephe KhmerNT 1:17  ដើម្បី​សូម​ឲ្យ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះវរបិតា​នៃ​សិរី​រុងរឿង​ប្រទាន​ដល់​អ្នក​រាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា​ និង​ការ​បើក​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ​
Ephe KhmerNT 1:18  ហើយ​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​ឡើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ សេចក្ដី​សង្ឃឹម​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ជា​យ៉ាង​ណា​ មរតក​របស់​ព្រះអង្គ​នៅ​ក្នុង​ពួក​បរិសុទ្ធ​មាន​សិរី​រុងរឿង​ដ៏​បរិបូរ​ជា​យ៉ាង​ណា​
Ephe KhmerNT 1:19  ហើយ​អំណាច​របស់​ព្រះអង្គ​មាន​ភាព​អស្ចារ្យ​លើសលប់​ជា​យ៉ាង​ណា​សម្រាប់​យើង​ជា​អ្នក​ជឿ​ដែល​ស្រប​តាម​អានុភាព​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ​
Ephe KhmerNT 1:20  អំណាច​នេះ​ព្រះជាម្ចាស់​បាន​ធ្វើ​ការ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដោយ​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ឯ​ស្ថានសួគ៌​
Ephe KhmerNT 1:21  ខ្ពស់​លើ​អស់​ទាំង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ អំណាច​ អំណាច​គ្រប់គ្រង​ និង​អស់​ទាំង​ឈ្មោះ​ដែល​ហៅ​ មិន​ត្រឹម​តែ​នៅ​ជំនាន់​នេះ​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ជំនាន់​ដែល​នឹង​មក​ដល់​ទៀត​ផង​
Ephe KhmerNT 1:22  ហើយ​ព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​របស់​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​តែង​តាំង​ព្រះអង្គ​ជា​ព្រះសិរ​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុមជំនុំ​
Ephe KhmerNT 1:23  ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​ និង​ជា​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ដែល​បំពេញ​ទាំង​អស់​ក្នុង​គ្រប់​ការ​ទាំង​អស់។​
Chapter 2
Ephe KhmerNT 2:1  រីឯ​អ្នក​រាល់គ្នា​វិញ​ អ្នក​រាល់គ្នា​បាន​ស្លាប់​នៅ​ក្នុង​កំហុស​ និង​បាប​របស់​អ្នក​រាល់គ្នា​
Ephe KhmerNT 2:2  កាល​ពី​មុន​អ្នក​រាល់គ្នា​រស់នៅ​តាម​របៀប​របស់​លោកិយ​នេះ​ គឺ​តាម​ចៅហ្វាយ​នៃ​សិទ្ធិ​អំណាច​នៅ​លើ​អាកាស​ ជា​វិញ្ញាណ​ដែល​កំពុង​ធ្វើ​ការ​សព្វ​ថ្ងៃ​នេះ​ក្នុង​ពួក​កូនៗ​ដែល​មិន​ស្តាប់​បង្គាប់។​
Ephe KhmerNT 2:3  កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​ក៏​ធ្លាប់​រស់នៅ​តាម​ចំណង់​តណ្ហា​សាច់ឈាម​របស់​យើង​ក្នុង​ចំណោម​ពួកគេ​ដែរ​ ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​ និង​គំនិត​ខាង​សាច់ឈាម​ ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​
Ephe KhmerNT 2:4  ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​
Ephe KhmerNT 2:5  ទោះបី​យើង​បាន​ស្លាប់​នៅ​ក្នុង​កំហុស​របស់​យើង​ក៏​ដោយ​ ក៏​ព្រះអង្គ​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះគ្រិស្ដ​ដែរ​ ដូច្នេះ​ អ្នក​រាល់គ្នា​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​
Ephe KhmerNT 2:6  ហើយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះគ្រិស្ដ​ និង​បាន​ឲ្យ​យើង​អង្គុយ​រួម​ជាមួយ​ព្រះអង្គ​នៅ‍​ឯ​ស្ថានសួគ៌​
Ephe KhmerNT 2:7  ដើម្បី​ឲ្យ​ព្រះអង្គ​បង្ហាញ​ជំនាន់​ខាង​មុខ​ឲ្យ​ឃើញ​ពី​ព្រះគុណ​ដ៏​បរិបូរ​លើសលប់​របស់​ព្រះអង្គ​ ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្ដី​សប្បុរស​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​
Ephe KhmerNT 2:8  ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​តាមរ​យៈជំនឿ​ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់គ្នា​ទេ​ គឺ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​
Ephe KhmerNT 2:9  ហើយ​ក៏​មិន​មែន​មក​ពី​ការ​ប្រព្រឹត្តិ​ដែរ​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​អួត​ខ្លួន​
Ephe KhmerNT 2:10  ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​
Ephe KhmerNT 2:11  ដូច្នេះ​ ចូរ​ចាំ​ថា​ពី​មុន​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់ឈាម​ ដែល​ត្រូវ​បាន​ពួកអ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ ហៅ​អ្នក​រាល់គ្នា​ថា​ពួក​មិន​កាត់ស្បែក​
Ephe KhmerNT 2:12  ពេល​នោះ​ អ្នក​រាល់គ្នា​គ្មាន​ព្រះគ្រិស្ដ​ទេ​ ហើយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​ជនជាតិ​អ៊ីស្រាអែល​ឡើយ​ ក៏​ជា​អ្នក​ក្រៅ​ខាង​ឯ​កិច្ច​ព្រមព្រៀង​នៃ​សេចក្ដី​សន្យា​ គ្មាន​សង្ឃឹម​ និង​គ្មាន​ព្រះជាម្ចាស់​នៅ​ក្នុង​លោកិយ​នេះ​ផង​
Ephe KhmerNT 2:13  ប៉ុន្ដែ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ អ្នក​រាល់គ្នា​ដែល​ពី​មុន​នៅ​ឆ្ងាយ​ ឥឡូវ​នេះ​ត្រូវ​បាន​នាំ​មក​ជិត​វិញ​ ដោយសារ​ឈាម​របស់​ព្រះគ្រិស្ដ។​
Ephe KhmerNT 2:14  ដ្បិត​ព្រះអង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទាំង​ពីរ​រួម​មក​តែ​មួយ​ ហើយ​បំផ្លាញ​ជញ្ជាំង​ដែល​ខណ្ឌ​ផ្ដាច់​ និង​ភាព​ជា​សត្រូវ​ ដោយ​រូបកាយ​របស់​ព្រះអង្គ​
Ephe KhmerNT 2:15  គឺ​ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ដិ​ និង​សេចក្ដី​បង្គាប់​ទាំងឡាយ​ចោល​ ដើម្បី​ឲ្យ​ព្រះអង្គ​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​នៅ​ក្នុង​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​
Ephe KhmerNT 2:16  ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​ផ្សះផ្សា​ទាំង​ពីរ​ជាមួយ​ព្រះជាម្ចាស់​នៅ​ក្នុង​រូបកាយ​តែ​មួយ​តាមរយៈ​ឈើ​ឆ្កាង​ ដោយ​បាន​លុប​បំបាត់​ភាព​ជា​សត្រូវ​ចោល​ តាមរយៈ​ឈើ​ឆ្កាង។​
Ephe KhmerNT 2:17  ពេល​ព្រះអង្គ​យាង​មក​ ព្រះអង្គ​បាន​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​ ជា​អ្នក​ឆ្ងាយ​ និង​ដល់​អស់​អ្នក​ជា​អ្នក​ជិត​ដែរ​
Ephe KhmerNT 2:18  ព្រោះ​តាមរយៈ​ព្រះអង្គ​ យើង​ទាំង​ពីរ​មាន​ផ្លូវ​ទៅ‍​ឯ​ព្រះវរបិតា​ដោយ​ព្រះវិញ្ញាណ​តែ​មួយ។​
Ephe KhmerNT 2:19  ហេតុ​នេះ​អ្នក​រាល់គ្នា​លែង​ជា​អ្នក​ក្រៅ​ ឬ​ជា​ជន​បរទេស​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​ជា​ជន​រួម​ជាតិ​របស់​ពួក​បរិសុទ្ធ​ ព្រមទាំង​ជា​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទៀត​ផង​
Ephe KhmerNT 2:20  ហើយ​អ្នក​រាល់គ្នា​ត្រូវ​បាន​សង់​លើ​គ្រឹះ​របស់​ពួក​សាវក​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ដែល​ព្រះគ្រិស្ដ​យេស៊ូ​ផ្ទាល់​ជា​ថ្ម​ជ្រុង​ដ៏​សំខាន់​
Ephe KhmerNT 2:21  ហើយ​នៅ​ក្នុង​ព្រះអង្គ​ អគារ​ទាំង​មូល​ត្រូវ​បាន​ផ្គុំ​ឡើង​ ទាំង​ចម្រើន​ទៅ​ជា​ព្រះវិហារ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ព្រះអម្ចាស់​
Ephe KhmerNT 2:22  រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ អ្នក​រាល់គ្នា​កំពុង​ត្រូវ​បាន​សង់​ឡើង​ជាមួយ​គ្នា​ឲ្យ​ទៅ​ជា​ដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះវិញ្ញាណ។​
Chapter 3
Ephe KhmerNT 3:1  ហេតុ​នេះ​ហើយ​ខ្ញុំ​ប៉ូល​ ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​សាសន៍​ដទៃ​
Ephe KhmerNT 3:2  អ្នក​រាល់គ្នា​ពិត​ជា​បាន‍​ឮ​ហើយ​អំពី​តួនាទី​មើល​ការ​ខុសត្រូវ​ ដែល​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​
Ephe KhmerNT 3:3  គឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​អាថ៌កំបាំង​តាមរយៈ​ការ​បើក​សំដែង​ដូច​ដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​រួច​ហើយ​
Ephe KhmerNT 3:4  កាល​អ្នក​រាល់គ្នា​អាន​សេចក្ដី​នោះ​ អ្នក​រាល់គ្នា​អាច​យល់​បាន​អំពី​ចំណេះ​របស់​ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​
Ephe KhmerNT 3:5  ដែល​មិន​បាន​បង្ហាញ​ឲ្យ​កូន​ចៅ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ ដូច​ដែល​បាន​បើក​សំដែង​ដល់​ពួក​សាវក​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​នា​ពេល​បច្ចុប្បន្ន​នេះ​តាមរយៈ​ព្រះវិញ្ញាណ​ឡើយ។​
Ephe KhmerNT 3:6  តាមរយៈ​ដំណឹង​ល្អ​ពួក​សាសន៍​ដទៃ​ត្រលប់​ជា​អ្នក​រួម​ស្នង​មរតក​ ជា​អ្នក​រួម​ក្នុង​រូបកាយ​តែ​មួយ​ ហើយ​ជា​អ្នក​រួម​ចំណែក​សេចក្ដី​សន្យា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​
Ephe KhmerNT 3:7  ហើយ​ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹងល្អ​នេះ​តាមរយៈ​អំណោយ​ទាន​ ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ស្រប​ទៅ​តាម​អំណាច​ដ៏​មាន​អានុភាព​របស់​ព្រះអង្គ។​
Ephe KhmerNT 3:8  ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​
Ephe KhmerNT 3:9  និង​ឲ្យ​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់​អំពី​អ្វី​ដែល​ជា​គម្រោង​ការ​អាថ៌កំបាំង​ ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​
Ephe KhmerNT 3:10  ដើម្បី​បង្ហាញ​ឲ្យ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំងឡាយ​ដែល​នៅ​ស្ថានសួគ៌​ស្គាល់​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ​ តាមរយៈ​ក្រុមជំនុំ​
Ephe KhmerNT 3:11  ស្រប​ទៅ​តាម​គម្រោង​ការ​ដ៏​អស់កល្ប​ដែល​ព្រះអង្គ​ធ្វើ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង។​
Ephe KhmerNT 3:12  នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​សេចក្ដី​ក្លាហាន​ និង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដ​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ។​
Ephe KhmerNT 3:13  ដូច្នេះ​ សូម​អ្នក​រាល់គ្នា​កុំ​រសាយ​ចិត្ដ​ដោយ​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​នេះ​ឡើយ​ ដ្បិត​គឺ​ជា​សេចក្ដី​រុងរឿង​របស់​អ្នក​រាល់គ្នា​ទេ។​
Ephe KhmerNT 3:14  ហេតុ​នោះ​ហើយ​ បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះវរបិតា​
Ephe KhmerNT 3:15  ដែល​គ្រួសារ​ទាំង​អស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​ផែនដី​មាន​ឈ្មោះ​មក​ពី​ព្រះអង្គ​
Ephe KhmerNT 3:16  សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ខាង​ក្នុង​របស់​អ្នក​រាល់គ្នា​រឹង​មាំ​ឡើង​ដោយសារ​អំណាច​តាមរយៈ​វិញ្ញាណ​របស់​ព្រះអង្គ​ស្រប​ទៅ​តាម​ភាព​បរិបូរ​នៃ​សិរី​រុងរឿង​របស់​ព្រះអង្គ​
Ephe KhmerNT 3:17  ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នាតាមរយៈ​ជំនឿ​ ហើយ​សូម​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​បាន​ចាក់​ឫស​ និង​ចាក់​គ្រឹះ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​
Ephe KhmerNT 3:18  អាច​យល់​ច្បាស់​ជាមួយ​ពួក​បរិសុទ្ធ​ទាំង​អស់​អំពី​ទទឹង​ បណ្ដោយ​ ជម្រៅ​ និង​កម្ពស់​
Ephe KhmerNT 3:19  ព្រមទាំង​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​ដែល​ហួស​ពី​ការ​យល់​ដឹង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ពេញ​រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះជាម្ចាស់។​
Ephe KhmerNT 3:20  សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​ធ្វើ​លើស​លប់​ហួស​ពី​សេចក្ដី​ទាំងឡាយ​ដែល​យើង​សុំ​ ឬ​គិត​ ស្រប​តាម​អំណាច​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង​
Ephe KhmerNT 3:21  បាន​ប្រកប​ដោយ​សិរី​រុងរឿង​នៅ​ក្នុង​ក្រុមជំនុំ​ និង​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្រប់​ជំនាន់​ អស់កល្ប​ជានិច្ច​ អាម៉ែន។​
Chapter 4
Ephe KhmerNT 4:1  ដូច្នេះ​ ខ្ញុំ​ជា​អ្នក​ទោស​ក្នុង​ព្រះអម្ចាស់​ ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​ស័ក្តិសម​នឹង​ការ​ត្រាស់​ហៅ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​
Ephe KhmerNT 4:2  ដោយ​ការ​បន្ទាប​ខ្លួន​ និង​ចិត្ដ​ស្លូតបូត​គ្រប់​យ៉ាង​ ដោយ​សេចក្ដី​អត់ធ្មត់ ​ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​
Ephe KhmerNT 4:3  ទាំង​ព្យាយាម​រក្សា​ភាព​តែ​មួយ​ដែល​មក​ពី​ព្រះវិញ្ញាណ​ដោយ​ចំណង​នៃ​សេចក្ដី​សុខសាន្ត។​
Ephe KhmerNT 4:4  មាន​រូបកាយ​តែ​មួយ ​ព្រះវិញ្ញាណ​តែ​មួយ​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ​មក​ក្នុង​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ​
Ephe KhmerNT 4:5  មាន​ព្រះអម្ចាស់​តែ​មួយ​ ជំនឿ​តែ​មួយ​ ពិធី​ជ្រមុជ​តែ​មួយ​
Ephe KhmerNT 4:6  ព្រះជាម្ចាស់​តែ​មួយ​ ជា​ព្រះវរបិតា​នៃ​ទាំង​អស់​ ដែល​ខ្ពស់​លើ​ទាំង​អស់​ ហើយ​ធ្វើ​ការ​តាមរយៈ​ទាំង​អស់​ ព្រមទាំង​គង់​នៅ​ក្នុង​ទាំង​អស់​
Ephe KhmerNT 4:7  តែ​ម្នាក់‍ៗ​បាន​ទទួល​ព្រះគុណ​តាម​ខ្នាត​នៃ​អំណោយ​ទាន​របស់​ព្រះគ្រិស្ដ​រៀងៗ​ខ្លួន។​
Ephe KhmerNT 4:8  ហេតុនេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ថា​ នៅ​ពេល​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ដ៏​ខ្ពស់​ ព្រះអង្គ​បាន​ចាប់​ពួក​ឈ្លើយ​យក​ទៅ​ ហើយ​ព្រះអង្គ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស។​
Ephe KhmerNT 4:9  តើ​ពាក្យ​ យាង​ឡើង​ទៅ​ មាន​ន័យ​ដូច​ម្ដេច?​ តើ​ព្រះអង្គ​មិន​បាន​យាង​ចុះ​ទៅ​ឯ​ស្ថាន​ដែល​ទាប​ជាង​ផែនដី​ទេ​ឬ​អី?​
Ephe KhmerNT 4:10  ព្រះអង្គ​ដែល​បាន​យាង​ចុះ​ ក៏​ជា​ព្រះ​តែ​មួយ​ដែរ​ ដែល​បាន​យាង​ឡើង​ទៅ​ខ្ពស់​លើ​អស់​ទាំង​ស្ថានសួគ៌​ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​បំពេញ​គ្រប់​ការ​ទាំង​អស់​បាន។​
Ephe KhmerNT 4:11  ព្រះអង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក​ អ្នក​ខ្លះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ អ្នក​ខ្លះ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ អ្នក​ខ្លះ​ទៀត​ជា​គ្រូ​គង្វាល​ និង​ជា​គ្រូ​បង្រៀន​
Ephe KhmerNT 4:12  ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​សម្រាប់​កិច្ចការ​បម្រើ​ និង​ការ​ស្អាង​រូបកាយ​របស់​ព្រះគ្រិស្ដ​
Ephe KhmerNT 4:13  រហូត​ទាល់​តែ​យើង​ទាំង​អស់​គ្នា​មាន​ភាព​តែ​មួយ​នៅ​ក្នុង​ជំនឿ​ និង​ការ​ស្គាល់​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ទាំង​ត្រលប់​ជា​មនុស្ស​ពេញវ័យ​ ហើយ​ដល់​ខ្នាត​កំពស់​នៃសេចក្តី​ពោរពេញ​របស់‍​ព្រះគ្រិស្ដ។​
Ephe KhmerNT 4:14  ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​
Ephe KhmerNT 4:15  ផ្ទុយ​ទៅ​វិញ​ ចូរ​យើង​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ ហើយ​ចូរ​ចម្រើន​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ឲ្យ​ដល់​ព្រះអង្គ​ដែល​ជា​ព្រះសិរ​ គឺ​ជា​ព្រះគ្រិស្ដ​
Ephe KhmerNT 4:16  ដែល​បាន​ផ្គុំ​ និង​ភ្ជាប់​រូបកាយ​ទាំង​មូល​ឡើង​ដោយសារ​សន្លាក់​ទាំង​អស់​ដែល​ទ្រទ្រង់​ ស្រប​ទៅ​តាម​កម្រិត​សមត្ថភាព​រៀងៗ​ខ្លួន​របស់​ផ្នែក​និមួយៗ​ ដែល​ធ្វើ​ឲ្យ​រូបកាយ​ចម្រើន​ឡើង​ ដើម្បី​នឹង​ស្អាង​រូបកាយ​នោះ​ឡើង​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់។​
Ephe KhmerNT 4:17  ដូច្នេះ​ហើយ​ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ ទាំង​ធ្វើ​បន្ទាល់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ អ្នក​រាល់គ្នា​កុំ​រស់នៅ​ដូច​ជា​សាសន៍​ដទៃ​ដែល​រស់នៅ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ​
Ephe KhmerNT 4:18  គំនិត​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ងងឹត​សូន្យសុង​ ហើយ​បាន​ដាច់​ចេញ​ពី​ព្រះជន្ម​របស់​ព្រះជាម្ចាស់‍​ដោយសារ​ភាព​ល្ងង់​ខ្លៅ​ដែល​មាន​នៅ​ក្នុង​ពួកគេ​ និង​ដោយសារ​ចិត្ដ​រឹងរូស​របស់​ពួកគេ។​
Ephe KhmerNT 4:19  ពួកគេ​លែង​ដឹង​ខុសត្រូវ​ ហើយ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ល្មោភ​កាម​ ដើម្បី​ប្រព្រឹត្ដ​សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ដោយ​មិន​ចេះ​ស្កប់​ស្កល់​ឡើយ​
Ephe KhmerNT 4:20  ប៉ុន្តែ​អ្នក​រាល់គ្នា​មិន​បាន​រៀន​អំពី​ព្រះគ្រិស្ដ​ដូច្នោះ​ទេ​
Ephe KhmerNT 4:21  អ្នក​រាល់គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះអង្គ​ និង​បាន​ទទួល​ការ​បង្រៀន​ក្នុង​ព្រះអង្គ​ ដែល​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ក្នុង​ព្រះយេស៊ូ​ហើយ​
Ephe KhmerNT 4:22  គឺ​ឲ្យ​អ្នក​រាល់គ្នា​ដោះ​មនុស្ស​ចាស់​ចោល​ ជា​កិរិយា​កាល​ពី​មុន​ ដែល​ត្រូវ​បំផ្លាញ​ដោយ​ចំណង់​តណ្ហា​បោកបញ្ឆោត​
Ephe KhmerNT 4:23  ហើយ​ឲ្យ​គំនិត​ និង​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​បាន​កែ​ជា​ថ្មី​ឡើង​វិញ​
Ephe KhmerNT 4:24  ទាំង​ពាក់​មនុស្ស​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ព្រះជាម្ចាស់​ ដែល​មាន​សេចក្ដី​សុចរិត​ និង​សេចក្ដី​បរិសុទ្ធ​របស់​សេចក្ដី​ពិត។​
Ephe KhmerNT 4:25  ដូច្នេះ​ កាល​បាន​ដោះ​សេចក្ដី​ភូតភរ​ចោល​ហើយ​ ចូរ​យើង​ម្នាក់ៗ​និយាយ​សេចក្ដី​ពិត​ទៅ​កាន់​អ្នក​ជិត​ខាង​របស់​ខ្លួន​ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។​
Ephe KhmerNT 4:26  ចូរ​ខឹង​ចុះ​ ប៉ុន្ដែ​កុំ​ធ្វើ​បាប​ឡើយ​ ចូរ​កុំ​ឲ្យ​កំហឹង​របស់​អ្នក​រាល់គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​
Ephe KhmerNT 4:27  ក៏​កុំ​ឲ្យឱកាស​ដល់​អារក្ស​សាតាំង​ឲ្យ​សោះ។​
Ephe KhmerNT 4:28  អ្នក​ដែល​លួច​ ចូរ​កុំ​លួច​ទៀត​ ប៉ុន្ដែ​ចូរ​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ចុះ​ គឺ​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ដោយ​ដៃ​របស់​ខ្លួន​វិញ​ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត។​
Ephe KhmerNT 4:29  កុំ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​ចេញ​ពី​មាត់​អ្នក​រាល់គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​និយាយ​ពាក្យ​ល្អៗ‍​សម្រាប់​ការ​ស្អាង​ចិត្ដ​តាម​ដែល​ត្រូវ​ការ​ ដើម្បី​ផ្ដល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្ដាប់។​
Ephe KhmerNT 4:30  កុំ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​ព្រួយ​ព្រះហឫទ័យ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ប្រោសលោះ។​
Ephe KhmerNT 4:31  ចូរ​ដក​យក​អស់​ទាំង​សេចក្ដី​ជូរចត់​ កំហឹង​ ចិត្ដ​ក្ដៅ​ក្រហាយ​ ជម្លោះ​ឡូឡា​ ការ​ជេរ​ប្រមាថ​ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​ប៉ែប​យ៉ាង​ចេញ​ពី​អ្នក​រាល់គ្នា​ចុះ​
Ephe KhmerNT 4:32  ចូរ​មាន​ចិត្ដ​សប្បុរស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ ព្រមទាំង​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ដែល​ព្រះជាម្ចាស់​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែរ។​
Chapter 5
Ephe KhmerNT 5:1  ដូច្នេះ​ ចូរ​យក​តម្រាប់​តាម​ព្រះជាម្ចាស់​ដូច​ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​ចុះ​
Ephe KhmerNT 5:2  ហើយ​រស់នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដូច​ដែល​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​យើង​ ហើយ​ប្រគល់​អង្គ​ទ្រង់​សម្រាប់​យើង​ទុក​ជា​តង្វាយ​ និង​យញ្ញ​បូជា​ដែល​មាន​ក្លិន​ពិដោរ​ដ៏​ក្រអូប​ថ្វាយ​ដល់​ព្រះជាម្ចាស់។​
Ephe KhmerNT 5:3  រីឯ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ ឬ​សេចក្ដី​លោភ​លន់​ នោះ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ដើម្បី​ឲ្យ​សម​ជា​ពួក​បរិសុទ្ធ​
Ephe KhmerNT 5:4  ហើយ​រឿង​គួរ​ខ្មាស​ សំដី​ចម្កួត​ ឬ​សំដី​កំប្លែង​អាសអាភាស​ ក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ​ ព្រោះ​សេចក្ដី​ទាំង​នោះ​មិន​សមរម្យ​ទេ​ ប៉ុន្ដែ​ចូរ​មាន​សំដី​អរព្រះគុណ​វិញ។​
Ephe KhmerNT 5:5  ចូរ​អ្នក​រាល់គ្នា​ដឹង​ ហើយ​យល់​ការ​នេះ​ចុះ​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ឬ​មនុស្ស​ស្មោក​គ្រោក​ ឬ​មនុស្ស​លោភលន់‍​ដែល​ជា​អ្នក​ថ្វាយបង្គំ​រូបព្រះ​ គ្មាន​មរតក​នៅ​ក្នុង​នគរ​របស់​ព្រះគ្រិស្ដ​ និង​ព្រះជាម្ចាស់​ទេ។​
Ephe KhmerNT 5:6  កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ​ ដ្បិត​ដោយ​ព្រោះ​សេចក្ដី​ទាំង​នេះ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​កើត​មាន​ចំពោះ​ពួក​កូនៗ​ដែល​មិន​ស្ដាប់​បង្គាប់។​
Ephe KhmerNT 5:7  ដូច្នេះ​ ចូរ​កុំ​រួម​ចំណែក​ជា​មួយ​ពួកគេ​ឡើយ។​
Ephe KhmerNT 5:8  ព្រោះ​កាល​ពី​មុន​អ្នក​រាល់គ្នា​ជា​សេចក្ដី​ងងឹត​ ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ជា​ពន្លឺ​នៅ​ក្នុង​ព្រះអម្ចាស់​ ដូច្នេះ​ ចូរ​រស់នៅ​ឲ្យ​ដូច​ជា​កូន​របស់​ពន្លឺ​ចុះ​
Ephe KhmerNT 5:9  ដ្បិត​ផល​ផ្លែ​របស់​ពន្លឺ​មាន​នៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ល្អ​ សេចក្ដី​សុចរិត​ និង​សេចក្ដី​ពិត​
Ephe KhmerNT 5:10  ព្រមទាំង​ពិនិត្យ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។​
Ephe KhmerNT 5:11  កុំ​ចូល​រួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​ងងឹត​ដែល​គ្មាន​ផល​ផ្លែ​នោះ​ឡើយ​ ប៉ុន្ដែ​ត្រូវ​លាត​ត្រដាង​កិច្ចការ​ទាំង​នោះ​វិញ​
Ephe KhmerNT 5:12  ព្រោះ​កិច្ចការ​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​សម្ងាត់​នោះ​ សូម្បី​តែ​និយាយ​ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ។​
Ephe KhmerNT 5:13  ប៉ុន្ដែ​អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​ឃើញ​ដោយសារ​ពន្លឺ​
Ephe KhmerNT 5:14  ព្រោះ​ជា​ពន្លឺ​ទេ​តើ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វីៗ​ទាំង​អស់។​ ដូច្នេះ​ហើយ​ បាន​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ចូរ​ក្រោក​ឡើង​ អ្នក​ដែល​ដេក​លក់​អើយ!​ ចូរ​ក្រោក​ចេញ​ពី​ពួក​មនុស្ស​ស្លាប់​មក​ នោះ​ព្រះគ្រិស្ដ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក។​
Ephe KhmerNT 5:15  ដូច្នេះ​ ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​រស់នៅ​ មិន​មែន​ដូច​ជា​មនុស្ស​គ្មាន​ប្រាជ្ញា​ទេ​ ប៉ុន្ដែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ​
Ephe KhmerNT 5:16  ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង​ ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។​
Ephe KhmerNT 5:17  ដូច្នេះ​ កុំ​ល្ងង់​ឡើយ​ ចូរ​យល់​អំពី​អ្វី​ដែល​ជា​បំណង​របស់​ព្រះអម្ចាស់‍។​
Ephe KhmerNT 5:18  កុំ​ស្រវឹង​ស្រា​ ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​ផ្ដេសផ្ដាស​ឡើយ​ ប៉ុន្តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​
Ephe KhmerNT 5:19  ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅមក​ដោយ​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ និង​ចម្រៀង​ខាង​វិញ្ញាណ​ ព្រមទាំង​ច្រៀង​ និង​សរសើរ​ព្រះអម្ចាស់​ចេញ​ពី​ចិត្ត​របស់​អ្នក​រាល់គ្នា​ចុះ​
Ephe KhmerNT 5:20  ហើយ​អរព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ជានិច្ច​សម្រាប់​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​
Ephe KhmerNT 5:21  ព្រមទាំង​ចុះចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​កោតខ្លាច​ព្រះគ្រិស្ដ។​
Ephe KhmerNT 5:22  ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ឲ្យ​ដូច​ជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ​
Ephe KhmerNT 5:23  ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ​ដូច​ជា​ព្រះគ្រិស្ដ​ជា​ព្រះសិរ​របស់​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​ជា​ព្រះអង្គ​សង្គ្រោះ​របស់​រូបកាយ​ដែរ។​
Ephe KhmerNT 5:24  ដូច្នេះ​ ក្រុមជំនុំ​ចុះចូល​នឹង​ព្រះគ្រិស្ដ​ជា​យ៉ាង​ណា​ ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្ដី​ក្នុង​គ្រប់​ការ​ទាំង​អស់​ជា​យ៉ាងនោះ​ដែរ។​
Ephe KhmerNT 5:25  ប្ដី​រាល់គ្នា​អើយ!​ ចូរ​ស្រឡាញ់​ប្រពន្ធ​ឲ្យ​ដូច​ជា​ព្រះគ្រិស្ដ​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុមជំនុំ​ដែរ​
Ephe KhmerNT 5:26  ដើម្បី​ឲ្យព្រះអង្គ​ញែក​ក្រុមជំនុំ​ជា​បរិសុទ្ធ​ ទាំង​បាន​សំអាត​ដោយ​លាង​នឹង​ទឹក​ និង​ដោយ​ព្រះបន្ទូល​
Ephe KhmerNT 5:27  ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ថ្វាយ​ក្រុមជំនុំ​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​នោះ​ដល់​អង្គ​ទ្រង់​ ដោយ​គ្មាន​ស្លាក​ស្នាម​ គ្មាន​ជ្រីវជ្រួញ​ ឬ​អ្វី​មួយ​យ៉ាង​នោះ​ឡើយ​ គឺ​ឲ្យ​បាន​បរិសុទ្ធ​ និង​ឥត​បន្ទោស​បាន។​
Ephe KhmerNT 5:28  ដូច្នេះ​ ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ឲ្យដូច​ជា​ស្រឡាញ់​រូបកាយ​របស់​ខ្លួន​ដែរ។​ អ្នកណា​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ក៏​ស្រឡាញ់​ខ្លួន​ឯង​ដែរ​
Ephe KhmerNT 5:29  ដ្បិត​មិន​ដែល​មាន​អ្នកណា​ស្អប់​រូបកាយ​របស់​ខ្លួន​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គេ​ចិញ្ចឹម​ ហើយ​ថ្នាក់​ថ្មម​វា​ដូច​ជា​ព្រះគ្រិស្ដ​បាន​ធ្វើ​ចំពោះ​ក្រុមជំនុំ​ដែរ​
Ephe KhmerNT 5:30  ពី​ព្រោះ​យើង​ជា​អវយវៈ​នៃ​រូបកាយ​របស់​ព្រះអង្គ។​
Ephe KhmerNT 5:31  ដោយ​ហេតុនេះ​ បាន​ជា​មនុស្ស​ប្រុស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ ហើយ​អ្នក​ទាំងពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ។​
Ephe KhmerNT 5:32  សេចក្ដី​អាថ៌កំបាំង​នេះ​ជ្រាល​ជ្រៅ​ណាស់​ ប៉ុន្ដែ​ខ្ញុំ​និយាយ​នេះ​សំដៅ​លើ​ព្រះគ្រិស្ដ​ និង​ក្រុមជំនុំ​ប៉ុណ្ណោះ។​
Ephe KhmerNT 5:33  ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចូរ​អ្នក​រាល់គ្នា​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​រៀងៗ​ខ្លួន​ឲ្យ​ដូច​ជា​ស្រឡាញ់​ខ្លួន​ឯង​ចុះ ​ហើយ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី។​
Chapter 6
Ephe KhmerNT 6:1  ក្មេង​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ក្នុង​ព្រះអម្ចាស់​ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹមត្រូវ។​
Ephe KhmerNT 6:2  ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន​ នេះ​ជា​បញ្ញត្ដិ​ទីមួយ​ ដែល​មាន​សេចក្ដី​សន្យា​ជាប់​មក​ជាមួយ​ផង​
Ephe KhmerNT 6:3  ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​ ហើយ​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។​
Ephe KhmerNT 6:4  ឪពុក​រាល់គ្នា​អើយ!​ ចូរ​កុំ​រក​រឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ខឹង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ចិញ្ចឹម​កូន​ទៅ​តាម​ការ​អប់រំ​ និង​ការ​ដាស់តឿន​របស់​ព្រះអម្ចាស់។​
Ephe KhmerNT 6:5  បាវបម្រើ​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ចៅ​ហ្វាយ​ខាង​សាច់ឈាម​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ ទាំង​មាន​ចិត្ដ​ស្មោះត្រង់​ដូច​ជា​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​
Ephe KhmerNT 6:6  មិន​មែន​បម្រើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ​ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បម្រើ​ដូច​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ ដោយ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​អស់​ពី​ចិត្ត​
Ephe KhmerNT 6:7  គឺ​បម្រើ​ដោយ​ស្ម័គ្រចិត្ត​ដូច​ជា​បម្រើ​ព្រះអម្ចាស់​ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ឡើយ​
Ephe KhmerNT 6:8  ទាំង​ដឹង​ថា​ ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ​ ទោះ​ជា​បាវបម្រើ​ក្ដី​ ឬ​អ្នក​មាន​សេរីភាព​ក្ដី​ ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់។​
Ephe KhmerNT 6:9  ចៅហ្វាយ​រាល់គ្នា​អើយ​! ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​ ទាំង​ឈប់​គំរាម​កំហែង​ ដោយ​ដឹង​ថា​ចៅហ្វាយ​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ជា​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដែរ​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​
Ephe KhmerNT 6:10  ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​
Ephe KhmerNT 6:11  ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ឈរ​ទាស់​នឹង​ល្បិច​ប៉ិន​ប្រសប់​របស់​អារក្ស​សាតាំង​បាន‍។​
Ephe KhmerNT 6:12  ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់ឈាម​ទេ​ គឺ​យើង​តយុទ្ធ​ទាស់​នឹង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដី​ងងឹត​នៅ​លោកិយ​នេះ​ ព្រមទាំង​ទាស់​នឹង​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌​
Ephe KhmerNT 6:13  ហេតុ​នេះ​ ចូរ​អ្នក​រាល់គ្នា​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​តទល់​បាន​នៅ​ថ្ងៃ​ដ៏​អាក្រក់​នោះ​ រួច​ឈរ​បាន​ក្រោយ​ពី​តទល់​សព្វ​គ្រប់​ហើយ។​
Ephe KhmerNT 6:14  ដូច្នេះ​ ចូរ​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​នឹង​ចង្កេះ​របស់​អ្នក​រាល់គ្នា​ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ​
Ephe KhmerNT 6:15  ទាំង​ពាក់​សេចក្ដី​ប្រុងប្រៀប​នៃ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ត​នៅ​នឹង​ជើង។​
Ephe KhmerNT 6:16  ជាមួយ​នឹង​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​យក​ជំនឿ​ជា​ខែល​ ដែល​អ្នក​រាល់គ្នា​អាច​ពន្លត់​គ្រាប់​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​អារក្ស​សាតាំង​បាន​ដោយសារ​ខែល​នោះ​
Ephe KhmerNT 6:17  ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ជា​មួក​ និង​យក​ដាវ​របស់​ព្រះវិញ្ញាណ​ដែល​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​
Ephe KhmerNT 6:18  ទាំង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា​ដោយ​ការ​អធិស្ឋាន​ និង​ពាក្យ​ទូល​អង្វរ​គ្រប់​បែប​យ៉ាង​ ហើយ​សម្រាប់​ការ​នេះ​ឯង​ ចូរ​ប្រុង​ស្មារតី​ដោយ​សេចក្ដី​ព្យាយាម​គ្រប់​បែប​យ៉ាង​ និង​ដោយ​ការ​ទូល​អង្វរ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​អស់​
Ephe KhmerNT 6:19  ហើយ​សម្រាប់​ខ្ញុំ​ផង​ គឺ​សូម​ព្រះអង្គ​ប្រទាន​ពាក្យ​សំដី​ដល់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រាប់​គេ​ឲ្យ​ដឹង​អំពី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ​ដោយ​សេចក្ដី​ក្លាហាន​
Ephe KhmerNT 6:20  ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយសារ​ដំណឹង​ល្អ​នេះ​ ហើយ​នៅ​ក្នុង​ការ​ប្រាប់​ឲ្យ​ដឹង​នេះ​ សូម​ឲ្យខ្ញុំ​និយាយ​ដោយ​ក្លាហាន​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។​
Ephe KhmerNT 6:21  លោក​ទីឃីកុស​ ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​នៅ​ក្នុង​ព្រះអម្ចាស់​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំង​អស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​ខ្ញុំ​ គឺ​អ្វី​ៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ​
Ephe KhmerNT 6:22  ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​អំពី​យើង​ និង​ដើម្បី​កម្សាន្ត​ចិត្ត​អ្នក​រាល់គ្នា។​
Ephe KhmerNT 6:23  សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​សុខសាន្ត​ សេចក្ដី​ស្រឡាញ់​ ព្រមទាំង​ជំនឿ​ពី​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​
Ephe KhmerNT 6:24  សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូ​គ្រិស្ដ​នៃ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មិន​សាបសូន្យ​ បាន​ប្រកប​ដោយ​ព្រះគុណ៕​