Site uses cookies to provide basic functionality.

OK
II CORINTHIANS
Up
1 2 3 4 5 6 7 8 9 10 11 12 13
Toggle notes
Chapter 1
II C KhmerNT 1:1  ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ រួមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ស្រុក​អាខៃ​ទាំង​មូល​
II C KhmerNT 1:2  សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ ​និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​
II C KhmerNT 1:3  គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​ជា​ព្រះ​វរ​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា​ ជា​ព្រះជាម្ចាស់​នៃ​ការ​កម្សាន្ដ​ចិត្ដ​គ្រប់​បែប​យ៉ាង​
II C KhmerNT 1:4  ជា​ព្រះ​ដែល​កម្សាន្ដ​ចិត្ដ​យើង​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ដ​ចិត្ដ​អស់​អ្នក​ដែល​ជួប​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​បាន​ តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​
II C KhmerNT 1:5  ដ្បិត​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​មាន​កាន់​តែច្រើន​ដល់​យើង​យ៉ាង​ណា​ ការ​កម្សាន្ដ​ចិត្ដ​ដល់​យើង​តាមរយៈ​ព្រះគ្រិស្ដ​ក៏​មាន​កាន់​តែច្រើន​យ៉ាង​នោះ​ដែរ។​
II C KhmerNT 1:6  បើ​យើង​ត្រូវ​រងទុក្ខ​ នោះ​គឺ​ដើម្បី​ជាការ​កម្សាន្ដ​ចិត្ដ​ និង​សេចក្ដី​សង្គ្រោះរបស់​អ្នក​រាល់គ្នា​ ឬ​បើ​យើង​ទទួល​ការ​កម្សាន្ដ​ចិត្ដ​វិញ​ ក៏​ដើម្បី​ជា​ការ​កម្សាន្ដ​ចិត្ដ​ដល់​អ្នក​រាល់គ្នា​ដែរ​ ដែល​កើត​ពី​ការ​ស៊ូទ្រាំ​នឹងការ​រងទុក្ខ​តែ​មួយ​ ដែល​យើង​ក៏​រងទុក្ខ​ដែរ​
II C KhmerNT 1:7  ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​មុតមាំ​ចំពោះ​អ្នក​រាល់គ្នា​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​រងទុក្ខ​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ក្នុង​ការ​កម្សាន្ដ​ចិត្ដ​ជា​យ៉ាង​នោះ​ដែរ‍។​
II C KhmerNT 1:8  ដ្បិត​បងប្អូន​អើយ!​ យើង​មិនចង់​ឲ្យ​អ្នក​រាល់គ្នា​នៅតែ​មិន​ដឹង​អំពី​សេចក្ដី​វេទនា​របស់​យើង​ដែល​កើត​ឡើង​នៅ​ស្រុក​អាស៊ី​ គឺ​យើង​មាន​បន្ទុក​ធ្ងន់​ធ្ងរ​លើស​កម្លាំង​ ធ្វើឲ្យ​យើង​អស់​សង្ឃឹមនឹង​រស់នៅ​ទៀត​
II C KhmerNT 1:9  ប៉ុន្ដែ​យើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ​ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​
II C KhmerNT 1:10  ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​
II C KhmerNT 1:11  អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​
II C KhmerNT 1:12  មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​
II C KhmerNT 1:13  យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អាន​ ឬ​អាច​យល់​បាន​ប៉ុណ្ណោះ​
II C KhmerNT 1:14  ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​
II C KhmerNT 1:15  ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​
II C KhmerNT 1:16  ហើយ​ទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​អ្នក​រាល់គ្នា​ រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​មក​ជួប​អ្នក​រាល់គ្នា​ម្ដង​ទៀត​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​ស្រុកយូដា។​
II C KhmerNT 1:17  ពេល​ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្ជីខ្ជា​ឬ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាម​សាច់ឈាម​ បាន​ជា​ខ្ញុំ​ «បាទ»​ផង​ «ទេ‍»​ផង​ ដូច្នេះ?​
II C KhmerNT 1:18  ប៉ុន្ដែ​ព្រះជាម្ចាស់​ស្មោះត្រង់​ បាន​ជា​ពាក្យ​សំដី​របស់​យើង​ទៅ​កាន់​អ្នក​រាល់គ្នា​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​
II C KhmerNT 1:19  ដ្បិត​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​ មាន​ខ្ញុំ​ លោក​ស៊ីលវ៉ាន​ និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នោះ​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​ គឺ​នៅ​ក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ​
II C KhmerNT 1:20  ដ្បិត​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ជា​ «បាទ»​ នៅ​ក្នុង​ព្រះអង្គ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ថា​ «អាម៉ែន»​ដែរ​ តាមរយៈ​ព្រះអង្គ​សម្រាប់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​
II C KhmerNT 1:21  គឺ​ព្រះជាម្ចាស់​ហើយ​ដែល​បាន​ចាក់​ប្រេងតាំង​ ​ព្រមទាំង​ធ្វើ​ឲ្យ​យើង​នៅ​ខ្ជាប់ខ្ជួន​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​
II C KhmerNT 1:22  ព្រះអង្គ​បាន​បោះ​ត្រា​លើ​យើង​ ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មក​ក្នុង​ចិត្ដ​របស់​យើង​ទុក​ជា​របស់​បញ្ចាំចិត្ដ។​
II C KhmerNT 1:23  ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​
II C KhmerNT 1:24  មិន​មែន​យើង​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​យើង​ជា​អ្នក​រួម​ការងារ​ជាមួយ​អ្នក​រាល់គ្នា​ សម្រាប់​អំណរ​របស់​អ្នក​រាល់គ្នា​វិញ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ដោយ​ជំនឿ​រួច​ហើយ។​
Chapter 2
II C KhmerNT 2:1  ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ថា​ ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់គ្នា​ ទាំង​មាន​ការ​ព្រួយចិត្ដ​ទៀត​ឡើយ​
II C KhmerNT 2:2  បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ តើ​មាន​អ្នកណា​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​បាន‍​ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ប៉ុណ្ណោះ​
II C KhmerNT 2:3  ដូច្នេះ​ខ្ញុំ​បានសរសេរ​សេចក្ដី​នេះ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយចិត្ដ​ដោយសារ​អស់​អ្នក​ដែល​គួរ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេកអរ​នៅ​ពេល​ខ្ញុំ​មក​ដល់‍។​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ថា​ អំណរ​របស់​ខ្ញុំ​ ជា​អំណរ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ។​
II C KhmerNT 2:4  ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ​ទាំង​ស្រក់​ទឹក​ភ្នែក​ ដោយ​មាន​សេចក្ដី​វេទនា​ជាច្រើន​ និង​ឈឺចាប់​ក្នុង​ចិត្ដ​ មិន​មែន​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់​ចំពោះ​អ្នក​រាល់គ្នា។​
II C KhmerNT 2:5  ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ព្រួយ​ អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ​ ប៉ុន្ដែ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ខ្លះ​ គឺ‍​ខ្ញុំ​មិន​បំផ្លើស​ទេ​
II C KhmerNT 2:6  ហើយ​ការ​ដាក់​ទោសសម្រាប់​មនុស្ស​បែប​នេះពី​មនុស្ស​ភាគច្រើន​ នោះ​ល្មម​ហើយ​
II C KhmerNT 2:7  ដូច្នេះអ្នក​រាល់គ្នា​គួរ​លើកលែង​ទោស​ ព្រមទាំង​កម្សាន្ដ​ចិត្ដ​គាត់​វិញ​ ក្រែងលោ​ការ​ព្រួយចិត្ដ​ហួស​ប្រមាណ​លេប​យក​អ្នក​នោះ​ទៅ​
II C KhmerNT 2:8  ហេតុនេះ​ខ្ញុំសូម​ដាស់​តឿនអ្នក​រាល់គ្នា​ឲ្យ​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់។​
II C KhmerNT 2:9  ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​
II C KhmerNT 2:10  បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ​ឲ្យ​អ្នកណា​ម្នាក់​ ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ ហើយ​រឿង​អ្វី​មួយ​ដែល​ខ្ញុំ​បាន​លើកលែង​ទោស​ហើយ​នោះ​ បើ​ខ្ញុំ​លើកលែង​ទោស​រឿង​អ្វី​មួយ​មែន​ គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះគ្រិស្ដ​
II C KhmerNT 2:11  ក្រែងលោ​អារក្ស​សាតាំង​បោកប្រាស់​យើង​ ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​គំនិត​របស់​វា​ទេ។​
II C KhmerNT 2:12  ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​
II C KhmerNT 2:13  ប៉ុន្ដែ​ខ្ញុំ​មិន​មាន​ភាព​ធូរស្បើយ​នៅ​ក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ​ ព្រោះ​មិន​បាន​ជួប​លោក​ទីតុស​ជា​បងប្អូន​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន។​
II C KhmerNT 2:14  ប៉ុន្ដែ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​តែងតែ​នាំ​យើង​ចូល​ក្នុង​ក្បួន​ជ័យជម្នះ​របស់​ព្រះគ្រិស្ដ​ជានិច្ច​ ហើយ​ព្រះអង្គ​សាយភាយ​ក្លិន​ដែល​នាំ​ឲ្យ​ស្គាល់​ព្រះអង្គ​ នៅ​គ្រប់ទី​កន្លែង​តាមរយៈ​យើង​
II C KhmerNT 2:15  ព្រោះ​យើង​ជា​ក្លិន​ពិដោរ​របស់​ព្រះគ្រិស្ដ​ សម្រាប់​ព្រះជាម្ចាស់​ក្នុង​ចំណោម​ពួកអ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ និង​ពួកអ្នក​ដែល​កំពុង​វិនាស​
II C KhmerNT 2:16  សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស​ យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​ស្លាប់‍​ ប៉ុន្ដែ​សម្រាប់​ពួកអ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ឲ្យ​មាន​ជីវិត​ តើ​អ្នកណា​ស័ក្ដិសម​នឹង​កិច្ចការ​ទាំង​នេះ?​
II C KhmerNT 2:17  ដ្បិត​យើង​មិន​ដូចជា​មនុស្ស​ជាច្រើន​ដែល​រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ដ​នៅ​ក្នុងព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​ ​ដូចជា​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់ឲ្យ​មក។​
Chapter 3
II C KhmerNT 3:1  តើ​យើង​ចាប់ផ្ដើម​លើក​តម្កើង​ខ្លួន​ទៀត​ហើយ​ឬ?​ ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​បង្ហាញ​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​រាល់គ្នា​ ដូចជា​អ្នក​ខ្លះ​ដែរ‍ឬ?​
II C KhmerNT 3:2  អ្នក​រាល់គ្នា​ទេ​តើ​ជា​សំបុត្រ​របស់​យើង​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ចិត្ដ​របស់​យើង​ ដែល​មនុស្ស​ទាំង​អស់​បាន​អាន​ និង​បាន​ដឹង​គ្រប់​គ្នា​
II C KhmerNT 3:3  ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​រាល់គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រិស្ដ​ដែល​យើង​បាន​សរសេរ​ គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ​ ប៉ុន្ដែ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ហើយ​មិន​មែន​នៅ​លើ​បន្ទះ​ថ្ម​ទេ​ គឺ​នៅ​ក្នុង​ចិត្ដ​ខាង​សាច់ឈាម​វិញ​
II C KhmerNT 3:4  ហើយ​យើង​មាន​ការ​ទុកចិត្ដ​បែប​នេះ​ចំពោះ​ព្រះជាម្ចាស់​ ដោយសារ​ព្រះគ្រិស្ដ​
II C KhmerNT 3:5  មិន​មែន​ថា​យើង​មាន​សមត្ថភាព​ផ្ទាល់ខ្លួន‍​ ដើម្បី​ចាត់​ទុក​ថា​អ្វី​មួយ​មក​ពី​ខ្លួន​យើង​ទេ​ ព្រោះ​សមត្ថភាព​របស់​យើង​មក​ពីព្រះជាម្ចាស់។​
II C KhmerNT 3:6  ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែ​ដោយ​ព្រះវិញ្ញាណ​វិញ​ ដ្បិត​អក្សរ​សម្លាប់​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ដល់​ជីវិត។​
II C KhmerNT 3:7  ​បើ​អក្សរ​ចារឹក​លើ​ថ្ម​ ដែល​ជា​មុខងារ​បម្រើ​សេចក្ដី​ស្លាប់​មាន​សិរី​រុងរឿង​រហូត​ធ្វើ​ឲ្យកូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​ចំ​ដោយ​ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​គាត់​ ដែល​នឹង​សាបសូន្យ​ទៅ​
II C KhmerNT 3:8  ចុះ​ទម្រាំ​បើ​មុខងារ​បម្រើ​ព្រះវិញ្ញាណ​វិញ​ នឹង​មាន​សិរី​រុងរឿង​លើស​ជាង​យ៉ាង​ណា​ទៀត។​
II C KhmerNT 3:9  បើ​មុខងារ​បម្រើ​ការ​ផ្ដន្ទា​ទោស​មាន​សិរី​រុងរឿង​ នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរី​រុងរឿង​កាន់​តែ​ច្រើន​ជាង​ទៅ​ទៀត
II C KhmerNT 3:10  ដោយ​ព្រោះ​តែ​សិរី​រុងរឿង​ដ៏​លើសលប់​នៅ​ពេល​នេះ​ នោះ​អ្វី​ដែល​ធ្លាប់​មាន​សិរី​រុងរឿង​ គ្មាន​សិរី​រុងរឿង​ទៀត​ទេ​
II C KhmerNT 3:11  ហើយ​បើ​អ្វី​ដែល​នឹង​បាត់​ទៅ​មាន​សិរី​រុងរឿង​ នោះ​អ្វី​ដែល​នៅ​ស្ថិតស្ថេរ​នឹង​មាន​សិរី​រុងរឿង​លើស​ជាង​ទៅ​ទៀត។​
II C KhmerNT 3:12  ដូច្នេះ​ដោយ​មាន​សង្ឃឹម​បែប​នេះ​ហើយ​ ទើប​យើង​និយាយ​ដោយ​ក្លាហាន​
II C KhmerNT 3:13  មិន​មែន​ដូច​លោក​ម៉ូសេ​ដែល​បាំង​ស្បៃ​មុខ​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​កូនចៅ​អ៊ីស្រាអែល​មើល​ឃើញ​ទីបញ្ចប់​នៃ​អ្វី​មួយ​ដែល​នឹង​សាបសូន្យ​ទៅ​
II C KhmerNT 3:14  ប៉ុន្ដែ​គំនិត​របស់​ពួកគេ‍​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូស​ ដ្បិត​ពេល​អាន​កិច្ច​ព្រមព្រៀង​ចាស់​ ស្បៃ​ដដែល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ​ ព្រោះ​វា​នឹង​ត្រូវ​ដោះ​ចេញ​នៅ​ក្នុង​ព្រះគ្រិស្ដ​
II C KhmerNT 3:15  រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ពេល​ណា​ក៏ដោយ​ដែល​ពួកគេ​អាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ នោះ​មាន​ស្បៃ​បាំង​ចិត្ដ​របស់​ពួកគេ។​
II C KhmerNT 3:16  ប៉ុន្ដែ​ស្បៃ​នោះ​ត្រូវ​បាន​ដោះ​ចេញ​ ពេល​ណា​ដែល​ពួកគេ​បែរ​មក​រក​ព្រះអម្ចាស់​
II C KhmerNT 3:17  រីឯ​ព្រះអម្ចាស់​ជា​ព្រះវិញ្ញាណ​ ហើយ​កន្លែង​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ កន្លែង​នោះ​មាន​សេរីភាព​
II C KhmerNT 3:18  ដូច្នេះ​យើង​ទាំង​អស់​គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំង​មុខ​ យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរី​រុងរឿង​ទៅ​សិរី​រុងរឿង​ឲ្យ​មាន​រូបរាង​ដូច​ព្រះអង្គ​ នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ។​
Chapter 4
II C KhmerNT 4:1  ហេតុនេះ​ ដោយសារ​យើង​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ ទើប​យើង​មាន​មុខងារ​បម្រើ​នេះ​ យើង​មិន​រសាយ​ចិត្ដ​ទេ​
II C KhmerNT 4:2  ប៉ុន្ដែ​យើង​លះបង់​អំពើ​លាក់កំបាំង​ទាំងឡាយ​ដែល​គួរ​ខ្មាស​ ហើយ​មិន​រស់នៅ​ដោយ​មាន​ល្បិចកល​ ឬ​បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​បើកសំដែងអំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះជាម្ចាស់​
II C KhmerNT 4:3  បើ​ដំណឹង​ល្អ​របស់​យើង​ត្រូវ​បាន​លាក់​បាំង​មែន​ នោះ​គឺ​ត្រូវ​បាន​លាក់​បាំង​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​កំពុង​វិនាស​
II C KhmerNT 4:4  ជា​ពួកអ្នក​ដែល​ព្រះ​នៃ​លោកិយ​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួកអ្នក​គ្មាន​ជំនឿ​ទៅជា​ងងឹត​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​ដែលជា​រូបអង្គ​របស់​ព្រះជាម្ចាស់​បាន​ចែងចាំង​ឡើយ​
II C KhmerNT 4:5  ព្រោះ​យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ​ គឺ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ដ៏ជា​ព្រះអម្ចាស់​វិញ​ ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ ខ្លួន​យើង​ត្រលប់​ជា​បាវបម្រើ​អ្នក​រាល់គ្នា​
II C KhmerNT 4:6  ពីព្រោះ​ព្រះជាម្ចាស់​ដែល​បាន​មាន​បន្ទូល​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​ ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​មក​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បំភ្លឺ​ការ​យល់​ដឹង​អំពី​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ដព្រះ​យេស៊ូគ្រិស្ដ។​
II C KhmerNT 4:7  ដូច្នេះ​យើង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ក្នុង​ភាជនៈ​ដី​នេះ​ ដើម្បី​បញ្ជាក់​ថា​ អំណាច​ដ៏​ឧត្ដុង្គឧត្ដម​មក​ពី​ព្រះជាម្ចាស់​ មិន​មែន​មក​ពី​យើង​ទេ។​
II C KhmerNT 4:8  យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​បែប​យ៉ាង​ ប៉ុន្ដែ​មិន​ទាន់​ទាល់​ច្រក​ទេ​ ហើយ​យើង​ស្មុគស្មាញ​ ប៉ុន្ដែ​មិន​ទាន់​ទាល់​គំនិត​ឡើយ​
II C KhmerNT 4:9  ត្រូវ​គេ​បៀតបៀន​ ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​បោះបង់​ចោល​ឡើយ​ ហើយ​ត្រូវ​គេ​វាយ​ឲ្យដួល​ ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​សម្លាប់​ឡើយ។​
II C KhmerNT 4:10  យើង​តែងតែ​ផ្ទុក​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ​ក្នុង​រូបកាយ​របស់​យើង​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែរ​
II C KhmerNT 4:11  ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ យើង​ដែល​នៅរស់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឯ‍​សេចក្ដី​ស្លាប់​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែល​តែងតែ​ស្លាប់​នេះ​
II C KhmerNT 4:12  ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​ធ្វើ​ការ​ក្នុង​យើង​ ប៉ុន្ដែ​ជីវិត​ធ្វើ​ការ​ក្នុង​អ្នក​រាល់គ្នាវិញ​
II C KhmerNT 4:13  គឺ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​តែ​មួយ​ ​ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ថា​៖​ «ខ្ញុំ​ជឿ​ បាន​ជា​ខ្ញុំ​និយាយ»​ ដូច្នេះ​យើង​ក៏​ជឿ​ដែរ​ បាន​ជា​យើង​និយាយ​
II C KhmerNT 4:14  ដោយ​ដឹង​ថា​ ព្រះអង្គ​ដែល​ប្រោស​ព្រះអម្ចាស់​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ ក៏​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ជាមួយ​នឹង​ព្រះយេស៊ូ​ដែរ​ ព្រមទាំង​ឲ្យ​ឈរ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ទៀត​ផង។​
II C KhmerNT 4:15  ដូច្នេះ​ អ្វីៗ​ទាំង​អស់​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ឲ្យ​ព្រះគុណ​មាន​កាន់តែ​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​ និង​ឲ្យ​មាន​ការ​អរព្រះគុណ​កាន់​តែច្រើន​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។​
II C KhmerNT 4:16  ហេតុនេះ​ យើង​មិន​រសាយ​ចិត្ដ​ឡើយ​ ដ្បិត​ទោះបី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ខ្សោយ​ទៅៗ​ក៏​ដោយ​ ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​
II C KhmerNT 4:17  ដ្បិត​សេចក្ដី​វេទនា​ដ៏​ស្រាល​របស់​យើង​តែ​មួយ​ភ្លែត​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​សិរី​រុងរឿង​ដ៏​លើសលប់​អស់កល្ប​ជានិច្ច​ប្រៀប​ផ្ទឹម​មិន​បាន‍​ឡើយ។​
II C KhmerNT 4:18  ដូច្នេះ​ហើយ​យើង​មិន​សម្លឹង​មើល​អ្វី​ដែល​មើល​ឃើញ​ទេ​ គឺ​អ្វី​ដែល​មើល​មិន​ឃើញ​វិញ​ ព្រោះអ្វី​ដែល​មើល​ឃើញ​នៅ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ ប៉ុន្ដែ​អ្វី​ដែល​មើល​មិន​ឃើញ​នៅ​អស់កល្ប​ជានិច្ច។​
Chapter 5
II C KhmerNT 5:1  យើង​ដឹង​ថា​ បើ​រោង​ដែល​ជា​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ​ត្រូវ​រើ​ចោល​ នោះ​យើង​មាន​វិមាន​មក​ពី​ព្រះជាម្ចាស់​ជា​លំនៅ​អស់កល្ប​ជានិច្ច​នៅ​ស្ថានសួគ៌​ដែល​មិន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ​
II C KhmerNT 5:2  ដ្បិត​នៅ​ក្នុង​លំនៅ​នេះ​ យើង​ថ្ងូរ​ចង់​ពាក់​លំនៅ​របស់​យើង​ដែល​មក​ពី​ស្ថានសួគ៌​នោះ​ណាស់​
II C KhmerNT 5:3  បើ​បាន​ពាក់​ហើយ​ នោះ​យើង​នឹង​ឃើញ​ថា​ មិន​នៅ​អាក្រាត​ទៀត​ទេ។​
II C KhmerNT 5:4  ​ដ្បិត​ពេល​យើង​កំពុង​នៅ​ក្នុង​រោង​នេះ​ យើង​ថ្ងូរ​ណាស់​ដោយ​មាន​បន្ទុក​ធ្ងន់​ ប៉ុន្ដែ​មិន​មែន​ដោយសារ​យើង​ចង់​ដោះ​ចេញ​ទេ​ គឺ​ចង់​ពាក់​វិញ​ ដើម្បី​ឲ្យ​ជីវិត​លេប​យក​អ្វី​ដែល​តែងតែ​ស្លាប់។​
II C KhmerNT 5:5  ​ព្រះអង្គ​ដែល​បង្កើត​យើង​សម្រាប់​ការ​នេះ​ គឺ​ជា​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ព្រះវិញ្ញាណ​មក​យើង​ទុក​ជា​របស់​បញ្ចាំចិត្ដ​
II C KhmerNT 5:6  ដូច្នេះ​ហើយ​ យើង​មាន​ចិត្ដ​ក្លាហាន​ជានិច្ច​ ហើយ​ដឹង​ថា​ ពេល​យើង​នៅ​ក្នុង​រូបកាយ​នេះ​នៅ​ឡើយ​ នោះ​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់​
II C KhmerNT 5:7  ដ្បិត​យើង​រស់នៅ​ដោយ​ជំនឿ​ មិន​មែន​ដោយ​ការ​មើល​ឃើញ​ទេ​
II C KhmerNT 5:8  ហេតុនេះ​ហើយ​ យើង​មាន​ចិត្ដក្លាហាន​ ហើយ​ពេញចិត្ដ​នឹង​ចាកចេញ​ពី​រូបកាយ​នេះ​ ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរ​ជាង​
II C KhmerNT 5:9  ដូច្នេះ​ហើយ​មិន​ថា​ នៅ​ក្ដី​ ឬ​ចាកចេញ​ទៅ​ក្ដី​ យើង​មាន​បំណង​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ណាស់​
II C KhmerNT 5:10  ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​
II C KhmerNT 5:11  ហេតុនេះ​ហើយ​ ដោយ​ស្គាល់​ពី​ការ​កោតខ្លាច​ព្រះអម្ចាស់​ បាន​ជា​យើង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ។​ យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះជាម្ចាស់​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មនសិការ​របស់​អ្នក​រាល់គ្នា​ដែរ។​
II C KhmerNT 5:12  យើង​មិន​មែន​លើក​តម្កើង​ខ្លួន​នៅ​ចំពោះ​អ្នក​រាល់គ្នា​ទៀត​ទេ​ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនភាព​អំពី​យើង​វិញ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ឆ្លើយ​តបនឹង​ពួកអ្នក​ដែល​កំពុង​អួត​ពី​សំបក​ក្រៅ​ ប៉ុន្ដែ​មិន​មែន​ពី​ក្នុង​ចិត្ដ​
II C KhmerNT 5:13  ដ្បិត​បើ​យើង​វង្វេង​ស្មារតី​ គឺ​ដើម្បី​ព្រះជាម្ចាស់​ ហើយ​បើ​យើង​មាន​ស្មារតី​ត្រឹមត្រូវ​ គឺ​ដើម្បី​អ្នក​រាល់គ្នា​
II C KhmerNT 5:14  ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​ជំរុញ​យើង​ យើង​ក៏​វិនិច្ឆ័យ​ដូច្នេះ​ថា​ មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​ ហេតុនេះ​មនុស្ស​ទាំង​អស់​ក៏​បាន​ស្លាប់​ដែរ​
II C KhmerNT 5:15  ហើយ​ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទាំង​អស់​ នោះ​មនុស្ស​ដែល​រស់នៅ​ មិន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ​ គឺ​រស់​ដើម្បី​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត​ និង​បាន​រស់​ឡើង​វិញ​សម្រាប់​ពួកគេ​
II C KhmerNT 5:16  ដូច្នេះ​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ យើង​ឈប់​ស្គាល់​អ្នកណា​ម្នាក់​តាម​បែប​សាច់ឈាម​ទៀត​ហើយ​ ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រិស្ដ​តាម​បែប​សាច់ឈាម​ក៏ដោយ​ ក៏​ឥឡូវ​នេះ​ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​បែប​នោះ​ទៀត​ទេ។​
II C KhmerNT 5:17  ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​
II C KhmerNT 5:18  អ្វីៗ​ទាំង​អស់​មក​ពី​ព្រះជាម្ចាស់​ ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង​
II C KhmerNT 5:19  គឺ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ព្រះជាម្ចាស់​កំពុង​ផ្សះផ្សា​លោកិយ​នេះ​ជាមួយ​ព្រះអង្គ​ ដោយ​មិន​ប្រកាន់​កំហុស​របស់​ពួកគេ​ឡើយ​ ហើយ​ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង​
II C KhmerNT 5:20  ហេតុនេះ​យើង​ជា​ទូត​របស់​ព្រះគ្រិស្ដ​ហាក់​ដូចជា​ព្រះជាម្ចាស់​កំពុង​ដាស់​តឿន​តាមរយៈ​យើង​ ដូច្នេះ​យើង​តំណាង​ឲ្យ​ព្រះគ្រិស្ដ​ សូម​អង្វរ​ថា​ ចូរ​ផ្សះផ្សា​ជាមួយ​ព្រះជាម្ចាស់​ចុះ​
II C KhmerNT 5:21  ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​
Chapter 6
II C KhmerNT 6:1  ដោយ​យើង​ធ្វើ​ការ​ជាមួយ​ព្រះជាម្ចាស់​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ដែរ​ថា​ កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ​ដោយ​ឥត​ប្រយោជន៍​ឡើយ​
II C KhmerNT 6:2  ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​បាន​ស្ដាប់​អ្នក​នៅ​គ្រា​មាន​សេចក្ដី​មេត្ដា​ ហើយ​យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ»។​ មើល៍​ ឥឡូវ​នេះ​ ជា​ពេល​នៃ​សេចក្ដី​មេត្ដា​ មើល៍​ ឥឡូវ​នេះ​ ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ។​
II C KhmerNT 6:3  យើង​មិន​ផ្ដល់​សេចក្ដី​ដែល​នាំ​ឲ្យ​អ្នកណា​ម្នាក់​ជំពប់​ដួល​ក្នុង​កិច្ចការ​អ្វី​ឡើយ​ ដើម្បី​កុំ​ឲ្យ​មុខងារ​បម្រើ​នោះ​ត្រូវ​រិះគន់​ឡើយ​
II C KhmerNT 6:4  ​ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដោយ​ការ​ស៊ូទ្រាំ​ជាច្រើន​ក្នុង​ការ​លំបាក​ សេចក្ដី​វេទនា​ សេចក្ដី​ទុក្ខព្រួយ​
II C KhmerNT 6:5  ការ​វាយដំ​ ការ​ជាប់​ឃុំឃាំង​ ភាព​ចលាចល​ ការ​នឿយ​ហត់​ ការ​អត់ងងុយ​ ការ​តមអាហារ​
II C KhmerNT 6:6  ដោយ​ចិត្ដ​បរិសុទ្ធ​ ចំណេះ​ដឹង​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ ព្រះវិញ្ញាណ​បរិសុទ្ធ​ សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​
II C KhmerNT 6:7  និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​
II C KhmerNT 6:8  ទាំង​មាន​កិត្តិយស​ ​ឬ​អាប់យស​ ទាំង​មាន​ការ​បង្អាប់​បង្អោន​ ឬ​ការ​សរសើរ​ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​ជន​បោកប្រាស់​ ប៉ុន្ដែ​តាម​ពិត​ទៀង​ត្រង់​ទេ​
II C KhmerNT 6:9  ជា​អ្នក​គ្មាន​គេ​ស្គាល់​ ប៉ុន្ដែ​មាន​គេ​ស្គាល់​ច្បាស់​ ជា​អ្នក​ជិត​ស្លាប់​ ប៉ុន្ដែ​យើង​នៅរស់​ ជា​អ្នក​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់​ឡើយ​
II C KhmerNT 6:10  ជា​អ្នក​ព្រួយចិត្ដ​ ប៉ុន្ដែ​ត្រេកអរ​ជានិច្ច​ ជា​អ្នក​ក្រ​ក្សត់​ ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចម្រុង​ចម្រើន​ ជា​អ្នក​គ្មាន​អ្វី​សោះ​ ប៉ុន្ដែ​មាន​សព្វ​គ្រប់។​
II C KhmerNT 6:11  បងប្អូន​នៅ​ក្រុង​កូរិនថូស​អើយ!​ យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នក​រាល់គ្នា​ រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំ​ទូលាយ​ដែរ​
II C KhmerNT 6:12  យើង​មិន​បាន​បង្ខាំង​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​ចិត្ដ​អ្នក​រាល់គ្នា​បង្ខាំង​អ្នក​រាល់គ្នា​វិញ។​
II C KhmerNT 6:13  ឥឡូវ​នេះ​ ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កូនៗ‍​របស់​ខ្ញុំ​ថា​ ចូរ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ទូលាយ​ទុក​ជា​ការ​តប​ស្នង​ដូច​គ្នា​ដែរ​ចុះ។​
II C KhmerNT 6:14  មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ​ ដ្បិត​តើ​សេចក្ដី​សុចរិត​ និង​សេចក្ដី​ទុច្ចរិត​ប្រកប​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​ពន្លឺ​លាយឡំ​នឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន?​
II C KhmerNT 6:15  តើ​ព្រះគ្រិស្ដ​ និង​អារក្ស​បេលាល​ស្រុះស្រួល​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​អ្នក​ជឿ​មាន​ចំណែក​ជាមួយ​អ្នក​មិន​ជឿ​យ៉ាង​ដូចម្ដេច​បាន?​
II C KhmerNT 6:16  តើ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន?​ ដ្បិត​យើង​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដូច​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ថា៖​ «យើង​នឹង​គង់​នៅ​ក្នុង​ចំណោម​ពួកគេ​ ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​យើង»​
II C KhmerNT 6:17  ដូច្នេះ​ហើយ​ ព្រះអម្ចាស់​មាន​បន្ទូល​ថា៖​ «ចូរ​ចាកចេញ​ពី​ក្នុង​ចំណោម​ពួកគេ​ ព្រមទាំង​ញែក​ខ្លួន​ចេញ​ផង​ រួច​កុំ​ពាល់​របស់​មិន​ស្អាត​ឡើយ​ នោះ​យើង​នឹង​ទទួល​អ្នក​រាល់គ្នា​
II C KhmerNT 6:18  យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង​ គឺ​ព្រះអម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ មាន​បន្ទូល​ដូច្នេះ»។​
Chapter 7
II C KhmerNT 7:1  ហេតុនេះ​ហើយ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ដោយ​មាន​សេចក្ដី​សន្យា​ទាំង​នេះ​ ចូរ​យើង​សំអាត​ខ្លួន​ពី​ភាព​ស្មោក​គ្រោក​ទាំងឡាយ​ខាង​សាច់ឈាម​ និង​ខាង​វិញ្ញាណ​ ទាំង​បំពេញ​សេចក្ដី​បរិសុទ្ធ​ដោយ​ការ​កោតខ្លាច​ព្រះជាម្ចាស់។​
II C KhmerNT 7:2  សូម​ទទួល​យើង​ផង​ យើង​មិន​បាន​ធ្វើខុស​នឹង​អ្នកណា​ទេ​ យើង​មិន​បាន​បំផ្លាញ​អ្នកណា​ទេ​ ហើយ​យើង​ក៏​មិន​បាន​បោកប្រាស់​អ្នកណា​ដែរ។​
II C KhmerNT 7:3  ខ្ញុំ​និយាយ​នេះ​ មិន​មែន​ជា​ការ​ផ្ដន្ទា​ទោស​ដល់​អ្នក​រាល់គ្នា​ទេ​ ដ្បិត​ខ្ញុំ​បាន​បា្រប់​អ្នក​រាល់គ្នា​ជាមុន​រួច​ហើយ​ថា​ អ្នក​រាល់គ្នា​នៅ​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បាន​ស្លាប់​រស់​ជាមួយ​គ្នា​
II C KhmerNT 7:4  ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដោយ​ក្លាហាន​ ហើយ​មាន​មោទនៈភាព​យ៉ាង​ខ្លាំង​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​ទទួល​ការ​កម្សាន្ដ​ចិត្ដ​យ៉ាង​ពោរពេញ​ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​យ៉ាង​បរិបូរ​ដែរ​ នៅ​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​
II C KhmerNT 7:5  ម្យ៉ាង​ទៀត​ កាល​យើង​បាន​មក​ដល់​ស្រុក​ម៉ាសេដូន​ នោះ​រូបកាយ​របស់​យើង​គ្មាន​ភាព​ធូរស្បើយ​សោះ​ ប៉ុន្ដែ​ត្រូវ​រងទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​ គឺ​ខាង​ក្រៅ​មាន​ការ​តទល់​ រីឯ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យខ្លាច​
II C KhmerNT 7:6  ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​កម្សាន្ដ​ចិត្ដ​ពួកអ្នក​ដែល​បាក់​ទឹក​ចិត្ដ​ បាន​កម្សាន្ដ​ចិត្ដ​យើង​ដែរ​ តាមរយៈ​ការ​មក​ដល់​របស់​លោក​ទីតុស​
II C KhmerNT 7:7  មិន​ត្រឹមតែ​តាមរយៈ​ការ​មក​ដល់​របស់​គាត់​ប៉ុណ្ណោះ​ទេ​ គឺ​តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​អ្នក​រាល់គ្នា​បាន​កម្សាន្ដ​ចិត្ដ​គាត់​ដែរ​ គាត់​បាន​ប្រាប់​យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ​ ពី​ទុក្ខ​ព្រួយ​ និង​ភាព​ប្ដូរផ្ដាច់​របស់​អ្នក​រាល់គ្នា​ដែល​មាន​ចំពោះ​យើង​ ដូច្នេះ​ ធ្វើឲ្យ​ខ្ញុំ​កាន់​តែ​ត្រេកអរ​ថែម​ទៀត‍។​
II C KhmerNT 7:8  ​បើខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ដោយសារ​សំបុត្រ​នោះ​ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ ទោះបី​ខ្ញុំ​ស្ដាយ​ក្រោយ​ក៏ដោយ​ ដោយ​ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ សំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​
II C KhmerNT 7:9  ឥឡូវ​នេះ​ ខ្ញុំ​ត្រេកអរ​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​រហូត​ដល់​មាន​ការ​ប្រែចិត្ដ​ ដ្បិត​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ការ​ខាតបង់​អ្វី​មួយ​ដោយសារ​យើង​ទេ​
II C KhmerNT 7:10  ព្រោះ​ការ​ព្រួយចិត្ដ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ​ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ នោះ​មិន​គួរ​ស្ដាយ​ក្រោយ​ឡើយ​ ប៉ុន្ដែ​ការ​ព្រួយចិត្ដ​របស់​លោកិយ​វិញ​ ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្លាប់​
II C KhmerNT 7:11  ដ្បិត​មើល៍​ ការ​ព្រួយចិត្ដ​បែប​នេះ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ឧស្សាហ៍​ មាន​ការ​ការពារ​ខ្លួន​ ការ​ឈឺចិត្ដ​ ការ​ភ័យខ្លាច​ ការ​ទន្ទឹង​មើល​ផ្លូវ​ ភាព​ប្ដូរផ្ដាច់​ ​និង​យុត្ដិធម៌!​ ដូច្នេះ​ ចំពោះ​បញ្ហា​នេះ​ អ្នក​រាល់គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ខ្លួន​បរិសុទ្ធ​ក្នុង​គ្រប់​ការ​ទាំង​អស់។​
II C KhmerNT 7:12  ទោះបី​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​មែន​ក៏​ដោយ​ ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​ ឬ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​លើ​នោះ​ដែរ​ ប៉ុន្ដែ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​ពី​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់គ្នា​ដែល​មាន​ចំពោះ​យើង​នៅ​ចំពោះ​ព្រះជាម្ចាស់​
II C KhmerNT 7:13  ​ដោយ​ព្រោះ​ការ​នេះ​ យើង​ត្រូវ​បាន​កម្សាន្ដ​ចិត្ដ​ ប៉ុន្ដែ​លើស​ពី​ការ​កម្សាន្ដ​ចិត្ដ​នេះ​ យើង​កាន់​តែ​ត្រេកអរ​ថែម​ទៀត​ចំពោះ​អំណរ​របស់​លោក​ទីតុស​ ដ្បិត​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គាត់​ធូរស្បើយ។​
II C KhmerNT 7:14  ទោះបី​ខ្ញុំ​បាន​អួត​គាត់​ខ្លះៗ​អំពី​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ​ ព្រោះ​សេចក្ដី​ទាំងឡាយ​ដែល​យើង​ប្រាប់​ដល់​អ្នក​រាល់គ្នា​ជា​សេចក្ដី​ពិត​យ៉ាង​ណា​ នោះ​ការ​ដែល​យើង​អួត​លោក​ទីតុស​អំពី​អ្នក​រាល់គ្នា​ក៏​ជាសេចក្ដី​ពិត​យ៉ាង​នោះ​ដែរ​
II C KhmerNT 7:15  ហើយ​គាត់​កាន់​តែ​មាន​ចិត្ដ​ស្រឡាញ់​ចំពោះ​អ្នក​រាល់គ្នា​ខ្លាំង​ឡើងៗ​ ដោយ​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ពេល​អ្នក​រាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ និង​ញាប់ញ័រ​
II C KhmerNT 7:16  ខ្ញុំ​ត្រេកអរ​ណាស់​ដែល​ខ្ញុំ​ទុកចិត្ត​លើ​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង។​
Chapter 8
II C KhmerNT 8:1  បងប្អូន​អើយ!​ យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យដឹង​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​ម៉ាសេដូន​
II C KhmerNT 8:2  ថា​ ក្នុង​ពេល​មាន​ការល្បង​យ៉ាង​ខ្លាំង​តាមរយៈ​សេចក្ដី​វេទនា​ ​ភាព​ហូរហៀរ​នៃ​អំណរ​ និង​ភាព​ក្រ​តោកយ៉ាក​របស់​ពួកគេ​ក៏​បង្ហូរ​ចេញ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​
II C KhmerNT 8:3  ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ថា​ ពួកគេ​ស្ម័គ្រ​ចិត្ដ​តាម​សមត្ថភាព​របស់​ពួកគេ​ និង​ហួស​ពី​សមត្ថភាព​របស់​ពួកគេ​ទៅ​ទៀត​
II C KhmerNT 8:4  ពួកគេ​សូម​អង្វរ​យើង​យ៉ាង​ទទូច​ ដើម្បី​អនុគ្រោះ​ឲ្យ​ពួកគេ​មាន​ចំណែក​នៅ​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ​
II C KhmerNT 8:5  ហើយ​ហួស​ពី​ការ​ស្មាន​របស់​យើង​ ​មុន​ដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់​ បន្ទាប់​មក​ដល់​យើងដែរ​ តាម​បំណង​របស់​ព្រះជាម្ចាស់។​
II C KhmerNT 8:6  ដូច្នេះ​ហើយ​ យើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ​ ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ពីមុន​ហើយ។​
II C KhmerNT 8:7  ដូច​ដែល​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​កិច្ចការ​ទាំងឡាយ​ គឺទាំង​នៅ​ក្នុង​ជំនឿ​ ពាក្យ​សំដី​ ចំណេះ​ដឹង​ និង​សេចក្ដី​ឧស្សាហ៍​ទាំង​អស់​ ព្រមទាំង​សេចក្ដី​ស្រឡាញ់​ដែលអ្នក​រាល់គ្នាមាន​ចំពោះ​យើង​ជា​យ៉ាង​ណា​ នោះ​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ ​ចូរ​ឲ្យ​អ្នក​រាល់គ្នា​ចម្រើន​ឡើង​ជា​យ៉ាង​នោះ​ដែរ​
II C KhmerNT 8:8  ខ្ញុំ​មិន​មែន​និយាយ​បែប​បង្គាប់​ទេ​ ប៉ុន្ដែ​ដើម្បី​ពិសោធ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ តាមរយៈ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​ដទៃ​វិញ។​
II C KhmerNT 8:9  ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​
II C KhmerNT 8:10  ខ្ញុំ​សូម​ផ្ដល់​យោបល់​នៅ​ក្នុង​រឿង​នេះ​ចុះ​ ដោយ​ព្រោះ​ការ​នេះជា​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ ដែល​មិន​គ្រាន់​តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​តាំង​ពី​ឆ្នាំ​មុន​មកទេ​ ថែម​ទាំង​ចង់​ធ្វើ​ទៀត​ផង​
II C KhmerNT 8:11  ដូច្នេះ​ ឥឡូវ​នេះ​ ​ចូរ​បំពេញ​កិច្ចការ​នេះ​ចុះ​ គឺ​អ្នក​រាល់គ្នា​មាន​ចិត្ដ​សង្វាត​ចង់​ធ្វើ​ជា​យ៉ាង​ណា​ ក៏​បំពេញ​ជា​យ៉ាង​នោះ​ចុះ​ ទៅ​តាម​អ្វី​ដែល​អ្នក​រាល់គ្នា​មាន។​
II C KhmerNT 8:12  ដ្បិត​បើ​មាន​ចិត្ត​សង្វាត​មែន​ នោះ​អាច​ទទួល​យក​បាន​ហើយ​ គឺ​តាម​អ្វី​ដែល​អ្នក​នោះ​មាន​ មិន​មែន​តាម​អ្វី​ដែល​អ្នក​នោះ​គ្មាន​ទេ​
II C KhmerNT 8:13  ប៉ុន្ដែ​មិន​មែន​ឲ្យ​អ្នក​ផ្សេង​មាន​ភាព​ធូរស្បើយ​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ឲ្យ​ស្មើ​ភាព​គ្នា​
II C KhmerNT 8:14  គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​រាល់គ្នា​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​ទាំង​នោះ​ ដើម្បី​ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​ទាំង​នោះ​អាច​នឹង​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​រាល់គ្នា​វិញ​ ដូច្នេះ​ទើប​ស្មើ​ភាព​គ្នា​
II C KhmerNT 8:15  ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្នក​ដែល​ប្រមូល​បាន​ច្រើន​ ក៏​មិន​មាន​ច្រើន​ណាស់​ណា​ ឯ​អ្នក​ដែល​ប្រមូល​បាន​តិច​ ក៏​មិន​ខ្វះ​ដែរ»។​
II C KhmerNT 8:16  ប៉ុន្ដែ​ សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​សេចក្ដី​ឧស្សាហ៍​នោះ​នៅ​ក្នុង​ចិត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែរ​
II C KhmerNT 8:17  ដ្បិត​គាត់​បាន​ទទួល​ពាក្យ​អង្វរ​របស់​យើង​ ហើយ​កាន់​តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ រួច​គាត់​ក៏​មក​ឯ​អ្នក​រាល់គ្នា​ដោយ​ស្ម័គ្រ​ចិត្ដ​
II C KhmerNT 8:18  រីឯ​យើង​ក៏​បាន​ចាត់​បងប្អូន​ម្នាក់​ ដែល​មាន​ការ​សរសើរ​ពី​ក្រុមជំនុំ​ទាំង​អស់​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​មក​ជាមួយ​គាត់​ដែរ​
II C KhmerNT 8:19  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ក្រុមជំនុំ​ទាំងឡាយ​ក៏​បាន​ជ្រើសរើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជាមួយ​យើង​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់ចែង​ ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអម្ចាស់​ផ្ទាល់​ និង​ដើម្បី​បង្ហាញ​ពី​ចិត្ដ​សង្វាត​របស់​យើង​ដែរ​
II C KhmerNT 8:20  ព្រមទាំង​ចៀស​វាង​កុំ​ឲ្យ​អ្នកណា​ម្នាក់​រិះគន់​យើង​បាន​ឡើយ​ចំពោះ​ជំនួយ​ដ៏ច្រើន​ដែល​យើង​កំពុង​ចាត់ចែង​
II C KhmerNT 8:21  ដ្បិត​យើង​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​ មិន​មែន​តែ​នៅ​ចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ។​
II C KhmerNT 8:22  យើង​ចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ព្រោះ​យើង​បាន​ពិសោធ​អ្នក​នោះជា​ញឹកញាប់​ ហើយ​ឃើញ​ថា​ គាត់​មាន​សេចក្ដី​ឧស្សាហ៍​នៅ​ក្នុង​កិច្ចការ​ជាច្រើន​ ឥឡូវ​នេះ​គាត់​កាន់​តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ ដោយ​ការ​ទុកចិត្ដ​ជា​ខ្លាំង​លើ​អ្នក​រាល់គ្នា។​
II C KhmerNT 8:23  ចំពោះ​លោក​ទីតុស​ គាត់​ជា​គូកន​របស់​ខ្ញុំ​ និង​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ រីឯ​ពួក​បងប្អូន​របស់​យើង​ផ្សេង​ទៀត​ ពួកគេ​ជា​សាវក​របស់​ក្រុមជំនុំ​ទាំងឡាយ​ និង​ជា​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​
II C KhmerNT 8:24  ដូច្នេះ​ ​ចូរ​បង្ហាញ​ភស្ដុតាង​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ និង​មោទនៈភាព​របស់​យើង​អំពី​អ្នក​រាល់គ្នា​ឲ្យ​ពួកគេ​បាន​ឃើញ​នៅចំពោះ​មុខ​ក្រុមជំនុំ​ទាំងឡាយ​ចុះ។​
Chapter 9
II C KhmerNT 9:1  ចំពោះ​ការ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ​ នោះ​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ទេ​
II C KhmerNT 9:2  ដ្បិត​ខ្ញុំ​បាន​ស្គាល់​ចិត្ដ​សង្វាត​របស់​អ្នក​រាល់គ្នា​ហើយ​ បាន​ជា​ខ្ញុំ​អួត​ពួកអ្នក​ស្រុក​ម៉ាសេដូន​ពី​អ្នក​រាល់គ្នា​ថា​ ពួកអ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀម​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ ភាព​ប្ដូរផ្ដាច់​របស់​អ្នក​រាល់គ្នា​បាន​ជំរុញ​ទឹក​ចិត្ដ​មនុស្ស​ជាច្រើន។​
II C KhmerNT 9:3  ខ្ញុំ​បាន​ចាត់​បងប្អូន​ទាំង​នោះ​ឲ្យ​មក​ ដើម្បី​កុំ​ឲ្យ​មោទនភាព​របស់​យើង​អំពី​អ្នក​រាល់គ្នា​ត្រង់​ចំនុច​នេះ​ត្រលប់​ជា​ឥត​ប្រយោជន៍​ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រៀម​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មែន​
II C KhmerNT 9:4  ក្រែងលោ​ បើ​សិន​ជា​មាន​ពួកអ្នក​ស្រុក​ម៉ាសេដូន​មក​ជាមួយ​ខ្ញុំ​ ហើយ​ឃើញ​អ្នក​រាល់គ្នា​មិន​បាន​ត្រៀម​ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់គ្នា​ទេ​ សូម្បី​តែ​យើង​ដែល​មាន​ការ​ទុកចិត្ដ​នេះ​ក៏​មាន​សេចក្ដី​ខ្មាស​ដែរ។​
II C KhmerNT 9:5  ដូច្នេះ​ ខ្ញុំ​យល់​ឃើញ​ថា​ ត្រូវ​ជំរុញ​បងប្អូន​ទាំង​នោះ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​ ហើយ​រៀបចំ​ជា​មុន​នូវ​អំណោយ​ដែល​អ្នក​រាល់គ្នា​បាន​សន្យា​ពីមុន​នោះ​ឲ្យ​បាន​រួច​រាល់​ ដើម្បី​ឲ្យ​អំណោយ​នោះ​ជា​អំណោយ​មែន​ មិន​មែន​ជា​ការ​ជំរិត​ឡើយ។​
II C KhmerNT 9:6  គឺ​បែប​នេះ​ អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​កំណាញ់​ ឯ​អ្នកណា​ដែល​ព្រោះ​ដោយ​សប្បុរស​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​សប្បុរស។​
II C KhmerNT 9:7  ចូរ​ម្នាក់ៗ​ឲ្យ​តាម​ដែល​បាន​សម្រេចចិត្ដ​ចុះ​ មិន​មែន​ឲ្យ​ដោយ​ស្ដាយ​ ឬ​ដោយ​ការ​បង្ខិត​បង្ខំ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​អំណរ។​
II C KhmerNT 9:8  ​ព្រះជាម្ចាស់​អាច​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ឡើង​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ភាព​គ្រប់គ្រាន់​ជានិច្ច​ ​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​
II C KhmerNT 9:9  ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «គាត់​បាន​ចែកចាយ​ គាត់​បាន​ឲ្យ​ទាន​ដល់​ពួកអ្នក​ក្រ​ ហើយ​សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច»​
II C KhmerNT 9:10  រីឯ​ព្រះ​ដែល​ផ្គត់ផ្គង់​គ្រាប់​ពូជ​ដល់​អ្នក​ព្រោះ​ពូជ​ ព្រមទាំង​អាហារ​សម្រាប់​បរិភោគ​ផង​ ព្រះអង្គ​នឹង​ផ្គត់ផ្គង់​ ហើយ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​របស់​អ្នក​រាល់គ្នា​មាន​ច្រើន​ឡើងៗ​ និង​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​បាន​កើន​ច្រើន​ឡើង​
II C KhmerNT 9:11  ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ការ​ទាំង​អស់​ សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែប​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​តាមរយៈ​យើង​
II C KhmerNT 9:12  ព្រោះ​ការ​ឧបត្ថម្ភ​ជំនួយ​នេះ​មិន​ត្រឹមតែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ​ គឺ​កាន់តែ​ចម្រើន​ឡើង​តាមរយៈ​ការ​អរ​ព្រះ​គុណ​ជាច្រើន​ដល់​ព្រះជាម្ចាស់​ទៀត​ផង។​
II C KhmerNT 9:13  តាមរយៈ​ភស្ដុតាង​នៃ​ការ​ឧបត្ថម្ភ​នេះ​ ពួកគេ​នឹង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ចុះចូល​ចំពោះ​ការ​ប្រកាស​របស់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ និង​ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ការ​បរិច្ចាគ​សម្រាប់​ពួកគេ​ និងមនុស្ស​ទាំង​អស់​
II C KhmerNT 9:14  ហើយ​នៅ​ក្នុង​ការ​ទូលអង្វរ​របស់​ពួកគេ​សម្រាប់​អ្នក​រាល់គ្នា​ ពួកគេ​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​ ដោយ​ព្រោះ​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះជាម្ចាស់​ដែល​នៅ​លើ​អ្នក​រាល់គ្នា។​
II C KhmerNT 9:15  សូម​អរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​អំណោយទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ។​
Chapter 10
II C KhmerNT 10:1  ខ្ញុំ​ប៉ូល​ ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នក​រាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត​ និង​សេចក្ដី​ប្រណី​របស់​ព្រះគ្រិស្ដ​
II C KhmerNT 10:2  គឺខ្ញុំ​សូម​អង្វរ​ថា​ ពេល​ខ្ញុំ​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​មោះមុត​ដោយ​ការ​ទុកចិត្ត​ដែល​ខ្ញុំ​បាន​គិត​ថា​ ខ្ញុំ​មិន​ខ្លាច​ពួកអ្នក​ខ្លះ​ដែល​គិត​ថា​ យើង​រស់នៅ​តាម​សាច់ឈាម​នោះ​ឡើយ​
II C KhmerNT 10:3  ដ្បិត​ទោះបី​យើង​រស់នៅ​ខាង​សាច់ឈាម​ក៏ដោយ​ ក៏​យើង​មិន​តយុទ្ធ​តាម​សាច់ឈាម​ដែរ​
II C KhmerNT 10:4  ព្រោះ​គ្រឿង​សឹក​សង្រ្គាម​របស់​យើង​មិន​មែន​ខាង​សាច់ឈាម​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ​ ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត​
II C KhmerNT 10:5  ​និង​អស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​
II C KhmerNT 10:6  ហើយ​ត្រៀម​ជា​ស្រេចដាក់​ទោស​ការ​មិន​ស្ដាប់​បង្គាប់​ទាំងឡាយ​ ​នៅ​ពេល​ដែល​ការស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​បាន​ពោរ​ពេញ។​
II C KhmerNT 10:7  ​អ្នក​រាល់គ្នា​មើល​អ្វីៗ​តាម​សំបក​ក្រៅ​ប៉ុណ្ណោះ​ បើ​អ្នកណា​ជឿ​ជាក់​ថា​ ខ្លួន​ជា​របស់​ព្រះគ្រិស្ដ​ ចូរ​ឲ្យ​អ្នក​នោះ​គិត​ពី​សេចក្ដី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ចុះ​ថា​ ​យើង​ក៏​ជា​របស់​ព្រះគ្រិស្ដ​ដូច​គេ​ដែរ។​
II C KhmerNT 10:8  ទោះបី​ខ្ញុំ​អួត​ជ្រុល​អំពី​សិទ្ធិ​អំណាច​របស់​យើង​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​សម្រាប់​ស្អាង​ចិត្ដ​ មិន​មែន​សម្រាប់​បំផ្លាញ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ​
II C KhmerNT 10:9  ​ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ ហាក់​ដូចជា​ខ្ញុំ​បំភ័យ​អ្នក​រាល់គ្នា​តាមរយៈ​សំបុត្រ​របស់​ខ្ញុំ​
II C KhmerNT 10:10  ដ្បិត​មាន​គេ​និយាយ​ថា​ សំបុត្រ​របស់​គាត់​ធ្ងន់ៗ​ និង​មាន​អំណាច​ណាស់​ ប៉ុន្ដែ​ពេល​ជួប​ រូបកាយ​របស់​គាត់​ខ្សោយ​ ហើយ​ការ​និយាយ​ស្ដី​គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។​
II C KhmerNT 10:11  ចូរ​ឲ្យ​មនុស្ស​បែប​នេះ​ដឹង​ការ​នេះ​ចុះ​ថា​ ពេល​យើង​មិន​នៅ​ជាមួយ​ សំដី​នៅ​ក្នុង​សំបុត្រ​យ៉ាង​ណា​ នោះ​ពេល​យើង​នៅ​ជាមួយ​ ការ​ប្រព្រឹត្ដិ​ក៏​យ៉ាង​នោះ​ដែរ​
II C KhmerNT 10:12  យើង​មិន​ហ៊ាន​រាប់​ ឬ​ប្រៀប​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ឡើយ​ ប៉ុន្ដែ​ការ​ដែល​ពួកគេ​វាស់​ស្ទង់​ខ្លួន​នៅ​ក្នុង​ចំណោម​ពួកគេ​ ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​ឯង​ នោះ​ពួកគេ​គ្មាន​ការ​យល់​ដឹង​សោះ​
II C KhmerNT 10:13  រីឯ​យើង​វិញ​ យើង​នឹង​មិន​អួត​ឲ្យ​ហួស​ខ្នាត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គឺ​តាម​ខ្នាត​នៃ​ដែន​កំណត់​ដែល​ព្រះជាម្ចាស់​បាន​បែង​ចែក​ដល់​យើង​ទុក​ជា​ខ្នាត​មួយ​ ដែល​យើង​បាន​មក​ដល់​អ្នក​រាល់គ្នា​
II C KhmerNT 10:14  ដ្បិត​យើង​មិន​បាន​ទៅ​ឲ្យ​ហួស​ខ្នាត​ ហាក់​បី​ដូចជា​យើង​មិន​បានមក​ឯ​អ្នក​រាល់គ្នា​នោះ​ឡើយ​ ព្រោះ​យើង​បាន​មក‍​ដល់​អ្នក​រាល់គ្នា​ជាមួយ​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​
II C KhmerNT 10:15  ហើយ​យើង​មិន​អួត​ហួស​ខ្នាត​អំពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​ឡើយ​ ប៉ុន្ដែ​យើង​មាន​សង្ឃឹម​ថា​ នៅ​ពេល​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​ នោះ​ដែន​កំណត់​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់គ្នានឹង​រីកចម្រើន​ឡើង​យ៉ាង​ធំ​
II C KhmerNT 10:16  ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​តំបន់​ដែល​នៅ​ហួស​អ្នក​រាល់គ្នា​ ដោយ​មិន​មែន​អួត​អំពី​អ្វី​ដែល​បាន​ធ្វើ​រួច​រាល់​នៅ​ក្នុង​ដែន​កំណត់​របស់​អ្នក​ដទៃ​ឡើយ។​
II C KhmerNT 10:17  ដូច្នេះ​ អ្នកណា​ដែល​អួត​ ចូរ​អួត​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​
II C KhmerNT 10:18  ដ្បិត​មិន​មែន​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ប៉ុន្ដែ​ជា​អ្នក​ដែល​ព្រះជាម្ចាស់​លើក​តម្កើង​វិញ។​
Chapter 11
II C KhmerNT 11:1  ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ទ្រាំ​នឹង​សេចក្ដី​ចម្កួត​បន្ដិច​បន្ដួច​របស់​ខ្ញុំ​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់​ហើយ​
II C KhmerNT 11:2  ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​
II C KhmerNT 11:3  ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​
II C KhmerNT 11:4  ដ្បិត​បើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះយេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ ឬ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ ឬ​ឲ្យ​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិនបាន​ទទួល​ នោះ​អ្នក​រាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។​
II C KhmerNT 11:5  ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​ពួក​កំពូល​សាវក​ទាំង​នោះ​ទេ​
II C KhmerNT 11:6  ដ្បិត​ទោះបី​ខ្ញុំ​មិន​ពូកែខាង​សំដី​មែន​ ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​
II C KhmerNT 11:7  ​ឬ​មួយ​ការ​ដែល​ខ្ញុំ​បន្ទាប​ខ្លួន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​បាន​លើក​តម្កើង​ ដោយ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ដោយ​ឥត​គិតថ្លៃ​នោះ​ តើ​ខ្ញុំ​ប្រព្រឹត្ដ​បាប​ឬ?​
II C KhmerNT 11:8  ខ្ញុំ​បាន​ប្លន់​ក្រុមជំនុំ‍​ផ្សេងៗ​ដោយ​យក​ថ្លៃ​ឈ្នួល​ដើម្បី​ឧបត្ថម្ភ​អ្នក​រាល់គ្នា​
II C KhmerNT 11:9  ពេល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​មាន​ភាព​ខ្វះខាត​ នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេ​ ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ​ នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ​មិន​ឲ្យ​ត្រលប់​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។​
II C KhmerNT 11:10  ដោយ​សេចក្ដី​ពិត​របស់​ព្រះគ្រិស្ដ​ដែល​នៅ​ក្នុង​ខ្ញុំ​ មោទនៈភាព​របស់​ខ្ញុំ​នេះ​នឹង​មិន​ត្រូវ​ស្ងប់​នៅ​ក្នុង​តំបន់​នៃ​ស្រុក​អាខៃឡើយ។​
II C KhmerNT 11:11  ហេតុអ្វី?​ ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់គ្នា​ឬ?​ ព្រះជាម្ចាស់​ជ្រាប​ហើយ​
II C KhmerNT 11:12  ដូច្នេះ​ ខ្ញុំ​នឹងបន្ដ​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ទៀត​ ដើម្បី​ដក​ឱកាស​ចេញ​ពី​ពួកអ្នក​ដែល​ចង់​បាន​ឱកាស​ ឲ្យ​គេ​គិត​ថា​ខ្លួន​ស្មើ​នឹង​យើង​នៅ​ក្នុង​ចំណុច​ដែល​ពួកគេ​អួត​នោះ។​
II C KhmerNT 11:13  ដ្បិត​ពួក​មនុស្ស​បែប​នេះ​ជា​ពួក​សាវក​ក្លែងក្លាយ​ ជា​ពួក​អ្នក​ធ្វើ​ការ​ឆបោក​ដែល​ក្លែង​ខ្លួន​ជា​សាវក​របស់​ព្រះគ្រិស្ដ​
II C KhmerNT 11:14  ប៉ុន្ដែ​កុំ​ឆ្ងល់​ឡើយ​ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​ដែរ​
II C KhmerNT 11:15  ដូច្នេះ​ មិន​មែន​ជា​រឿង​ធំ​អ្វី​ទេ​ បើ​អ្នកបម្រើ​របស់​វា​ក្លែង​ខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ ឯ​ទីបញ្ចប់​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។​
II C KhmerNT 11:16  ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា​ កុំ​ឲ្យ​អ្នកណា​ម្នាក់​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ឡើយ​ ប៉ុន្ដែ​បើ​ដូច្នោះមែន​ ចូរ​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​បន្ដិច​
II C KhmerNT 11:17  អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​និយាយ​ស្រប​តាម​ព្រះអម្ចាស់​ទេ​ គឺ​តាម​សេចក្ដី​ចម្កួត​ដែល​ទុក​ចិត្ដ​លើ​ការ​អួតអាង​
II C KhmerNT 11:18  ដ្បិត​មាន​មនុស្ស​ជាច្រើន​អួត​ខ្លួន​ទៅ​តាម​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​នឹង​អួត​ដែរ‍​
II C KhmerNT 11:19  ព្រោះ​អ្នក​រាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយ​ពេញចិត្ដ​
II C KhmerNT 11:20  ទោះបី​មាន​អ្នកណា​ម្នាក់​យក​អ្នក​រាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​ ឬ​មាន​អ្នកណា​ម្នាក់​បំផ្លាញ​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​រឹបអូស​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​លើក​តម្កើង​ខ្លួន​ ឬ​មាន​អ្នកណា​ម្នាក់​វាយ​មុខ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​អ្នក​រាល់គ្នា​ទ្រាំ​ដែរ​
II C KhmerNT 11:21  ខ្ញុំ​និយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​ យើង​ខ្សោយ​ណាស់‍​ចំពោះ​សេចក្ដី​ទាំង​នេះ​ បើ​អ្នកណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​ នោះខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ ខ្ញុំ​ក៏​ហ៊ាន​ដែរ។​
II C KhmerNT 11:22  តើ​ពួកគេ​ជា​ជនជាតិ​ហេព្រើរ​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។​ តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។​ តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ?​ ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។​
II C KhmerNT 11:23  តើ​ពួកគេ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​ឬ?​ ខ្ញុំ​និយាយ​ដូចជា​មនុស្ស​ឆ្កួត​ថា​ ខ្ញុំ​លើស​ពួកគេ​ទៅ​ទៀត​ ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​លើសលប់​ ជាប់​ឃុំឃាំង​ជា​ញឹកញាប់​ ត្រូវ​គេ​វាយ​ជា​ញឹកញាប់​ ហើយ​ជិត​ស្លាប់​ជាច្រើន​លើក​ច្រើន​សា​
II C KhmerNT 11:24  ជនជាតិ​យូដា​បាន​វាយ​ខ្ញុំ​សែសិប​រំពាត់​ខ្វះ​មួយ​ ​ចំនួន​ប្រាំ​ដង​ហើយ​
II C KhmerNT 11:25  ខ្ញុំ​ត្រូវ​គេ​វាយ​នឹង​ដំបង​បី​ដង​ ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​មួយ​ដង​ លិច​សំពៅ​បី​ដង​ រសាត់​នៅ​មហា​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់​
II C KhmerNT 11:26  ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​តាម​ទន្លេ​ គ្រោះថ្នាក់​ដោយសារ​ចោរ​ប្លន់​ គ្រោះថ្នាក់​ដោយសារ​ជនជាតិ​ឯង​ គ្រោះថ្នាក់​ដោយសារ​សាសន៍​ដទៃ​ គ្រោះថ្នាក់​នៅ​តាម​ក្រុង​ គ្រោះថ្នាក់​នៅ​តាម​ទីរហោឋាន​ គ្រោះថ្នាក់​នៅ​តាម​សមុទ្រ​ និង​គ្រោះថ្នាក់​ដោយសារ​បងប្អូន​ក្លែងក្លាយ​
II C KhmerNT 11:27  ទាំង​មាន​ការ​នឿយ​ហត់​ និង​លំបាក​ អត់​ងងុយ​ជា​ញឹកញាប់​ ស្រេកឃ្លាន​ តម​អាហារ​ជា​ញឹកញាប់​ រងា​ និង​នៅ​អាក្រាត​ទៀត​ផង។​
II C KhmerNT 11:28  ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ ខ្ញុំ​មាន​បន្ទុក​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ជា​ការ​ខ្វល់ខ្វាយ​ចំពោះ​ក្រុមជំនុំ​ទាំង​អស់​
II C KhmerNT 11:29  បើ​មាន​អ្នកណា​ម្នាក់​ខ្សោយ​ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ‍​ឬ?​ បើ​មាន​អ្នកណា​ម្នាក់​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល​ តើ​ខ្ញុំ​មិន​ឆេះឆួល​ទេ‍ឬ?​
II C KhmerNT 11:30  បើ​ខ្ញុំ​ត្រូវ​អួត​ ខ្ញុំ​នឹងអួត​ពី​ភាព​កម្សោយ​របស់​ខ្ញុំ​
II C KhmerNT 11:31  ហើយ​ព្រះជាម្ចាស់​ និង​ព្រះ​វរ​បិតា​របស់​ព្រះអម្ចាស់​យេស៊ូ​ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់កល្ប​ជានិច្ច​ ព្រះអង្គ​ជ្រាប​ថា​ ខ្ញុំ​មិន​កុហក​ទេ‍។​
II C KhmerNT 11:32  នៅ​ក្រុង​ដាម៉ាស់​ចៅហ្វាយ​ក្រុង​របស់​ស្ដេច​អើរេតាស​បាន​យាម​នៅ​ទ្វារ​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ​
II C KhmerNT 11:33  ប៉ុន្ដែ​មាន​គេ​ដាក់​ខ្ញុំ​នៅ​ក្នុង​កញ្ជើ​ រួច​សម្រូត​ចុះ​តាម​បង្អួច​កំផែង​ ហើយ​ខ្ញុំ​ក៏បាន​រួច​ផុត​ពី​ដៃ​របស់​គាត់។​
Chapter 12
II C KhmerNT 12:1  ខ្ញុំ​ត្រូវ​តែ​អួត​ទោះបី​គ្មាន​ប្រយោជន៍​ក៏ដោយ​ ប៉ុន្ដែខ្ញុំ​នឹងបន្ដ​អួត​អំពី​និមិត្ដ​ និង​ការ​បើកសំដែង​របស់​ព្រះអម្ចាស់​
II C KhmerNT 12:2  ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដែល​កាល​ពី​ដប់បួន​ឆ្នាំ​មុនត្រូវ​បាន​ឆក់​យក​ទៅ​ស្ថានសួគ៌​ទី​បី​ (‍ទោះបី​គាត់​ទៅ​ទាំង​នៅ​ក្នុង​រូបកាយ​ ឬ​ក្រៅ​រូបកាយ​ នោះ​ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​
II C KhmerNT 12:3  ហើយ​ខ្ញុំ​ដឹង​ទៀត​ថា​ មនុស្ស​បែប​នេះ​ (ទោះបី​គាត់​ទៅ​ ទាំង​នៅ​ក្នុង​រូបកាយ​ ឬ​ក្រៅ​រូបកាយ​ នោះ​ខ្ញុំមិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​
II C KhmerNT 12:4  ត្រូវ​បាន​ឆក់​យក​ទៅ​ស្ថាន​សួគ៌​ ហើយ​បាន​ឮ​ពាក្យ​ដែល​មិន​អាច​បរិយាយ​បាន​ ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​និយាយ​ឡើយ។​
II C KhmerNT 12:5  ខ្ញុំ​នឹង​អួត​អំពី​មនុស្ស​បែប​នេះ​ ប៉ុន្ដែ​ចំពោះ​ខ្លួន​ខ្ញុំ​ ខ្ញុំ​មិន​អួត​ទេ​ លើកលែង​តែ​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ​
II C KhmerNT 12:6  ព្រោះទោះបី​ខ្ញុំ​ចង់​អួត​ ក៏​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្ងង់​ដែរ​ ដ្បិត​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ ប៉ុន្ដែ​ខ្ញុំ​ចៀស​ទៅ​ចុះ​ ក្រែងលោ​មាន​អ្នកណា​ម្នាក់​វាយ​តម្លៃ​ខ្ញុំ‍​លើស​ពី​អ្វី​ដែល​គេ​បាន​ឃើញ​ ឬ​បាន​ឮ​អំពី​ខ្ញុំ​
II C KhmerNT 12:7  និង​ដោយ​ព្រោះ​ភាព​ឧត្ដុង្គឧត្ដម​នៃការ​បើកសំដែង​នេះ។​ ដូច្នេះ​ហើយ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក​ ទើប​ខ្ញុំ​ទទួល​បាន​បន្លា​មួយ​នៅ​ក្នុង​សាច់​របស់​ខ្ញុំ​ ជា​ទេវតា​របស់​អារក្ស​សាតាំង​ដែល​វាយ​ខ្ញុំ​ គឺ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក។​
II C KhmerNT 12:8  ចំពោះ​សេចក្ដី​នេះ​ ខ្ញុំ​បាន​សូម​អង្វរ​ព្រះអម្ចាស់​បី​ដង​មក​ហើយ​ ដើម្បី​ដក​វា​ចេញ​ពី​ខ្ញុំ​
II C KhmerNT 12:9  ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ​ ដ្បិត​ចេស្ដារ​បស់​យើង​នឹង​សម្រេច​នៅ​ក្នុង​ភាព​កម្សោយ»។​ ដូច្នេះ​ហើយ​ ខ្ញុំ​នឹង​អួត​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ​ដោយ​អំណរ​បំផុត​ ដើម្បី​ឲ្យ​ព្រះ​ចេស្ដារ​បស់​ព្រះគ្រិស្ដ​បាន​សណ្ឋិត​លើ​ខ្ញុំ​
II C KhmerNT 12:10  ហេតុនេះ​ហើយ​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ ការ​ត្មះតិះដៀល​ ការ​លំបាក​ ការ​បៀត​បៀន​ ព្រមទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ​ ពេល​នោះ​ខ្ញុំ​រឹងមាំ។​
II C KhmerNT 12:11  ខ្ញុំ​បាន​ត្រលប់​ជា​មនុស្ស​ល្ងង់​ដោយសារ​អ្នក​រាល់គ្នា​បង្ខំ​ខ្ញុំ​ តាម​ពិត​ខ្ញុំ​គួរ​ទទួល​បាន​ការ​លើក​តម្កើង​ពី​អ្នក​រាល់គ្នា​ ព្រោះ​ទោះបី​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏ដោយ​ ក៏​ខ្ញុំ​គ្មាន​អ្វីចាញ់​ពួក​កំពូល​សាវក​ទាំង​នោះ​ដែរ។​
II C KhmerNT 12:12  មាន​ទីសំគាល់​ច្បាស់​អំពី​មុខងារ​ជា​សាវក​របស់​ខ្ញុំដែល​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តាមរយៈ​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ ​តាមរយៈ​ទីសំគាល់​ ព្រមទាំង​ការ​អស្ចារ្យ​ និង​កិច្ចការ​ដ៏​មាន​អំណាច​ទាំងឡាយ។​
II C KhmerNT 12:13  តើ​អ្នក​រាល់គ្នា​មាន​អ្វី​អន់​ជាង​ក្រុមជំនុំ​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ដែល​ខ្លួនខ្ញុំ​មិនមែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​នោះ?​ សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។​
II C KhmerNT 12:14  មើល៍​ ខ្ញុំ​ត្រៀម​មក​ជួប​អ្នក​រាល់គ្នា​ជា​លើក​ទី​បី​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជាបន្ទុក​ដែរ​ ដ្បិត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ចង់​បាន​អ្នក​រាល់គ្នា​វិញ​ ព្រោះ​មិន​មែន​កូន‍ៗ​ទេ​ដែល​ត្រូវ​សន្សំ​អ្វី​ទុក​ឲ្យ​ឪពុក​ម្ដាយ​ គឺ​ឪពុក​ម្ដាយ​ទេ​ ដែល​ត្រូវ​សន្សំ​ទុក​ឲ្យ​កូន‍ៗវិញ។​
II C KhmerNT 12:15  រីឯ​ខ្ញុំ​វិញ​ ដើម្បី​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​ សូម្បី​តែ​ត្រូវ​ចំណាយ​ខ្លួន​ខ្ញុំ​ឲ្យ​អស់​ក្ដី​ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ?​
II C KhmerNT 12:16  ​ខ្ញុំ​មិន​មែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ក៏ដោយ​ ប៉ុន្ដែ​គេ​ថា​ ខ្ញុំ​ជា​មនុស្ស​មាន​ល្បិច​បោកប្រាស់​យក​ពី​អ្នក​រាល់គ្នា​
II C KhmerNT 12:17  តើ​ខ្ញុំ​បាន​បោកប្រាស់​អ្នក​រាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក‍​ឯ​អ្នក​រាល់គ្នា​ដែរ​ឬ​អត់?​
II C KhmerNT 12:18  ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស​ និង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជាមួយ​គ្នា​ តើ​លោក​ទីតុស​បាន​បោកប្រាស់​អ្នក​រាល់គ្នា​ដែរ‍ឬ​អត់?​ តើ​យើង​មិន​បាន​ដើរ​តាម​វិញ្ញាណ​តែ​មួយ​ និង​តាម​លំអាន​តែ​មួយ​ទេ​ឬ?​
II C KhmerNT 12:19  អ្នក​រាល់គ្នា​ស្មាន​ជា​រហូត​មក​ថា​ ​យើង​ដោះសា​នឹង​អ្នក​រាល់គ្នា​ ប៉ុន្ដែ​យើង​និយាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​វិញ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សេចក្ដី​ទាំង​អស់​នោះ​គឺសម្រាប់​ស្អាង​ចិត្ដ​អ្នក​រាល់គ្នា​ទេ។​
II C KhmerNT 12:20  ដ្បិត​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​ឃើញ​ថា​ អ្នក​រាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ រីឯ​អ្នក​រាល់គ្នា​ក៏​ឃើញ​ថា​ ខ្ញុំ​មិន​ដូចជា​អ្វី​ដែល​អ្នក​រាល់គ្នា​ប៉ង​ដែរ​ ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​
II C KhmerNT 12:21  ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​
Chapter 13
II C KhmerNT 13:1  នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ គ្រប់​ពាក្យ​សំដី​ទាំង​អស់នឹង​ត្រូវ​រាប់​ជា​បាន​ការ​ដោយ​មាត់​សាក្សី​ពីរ​ ឬ​បី​នាក់​
II C KhmerNT 13:2  ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ កាល​នៅ​ជាមួយ​អ្នក​រាល់គ្នា​លើក​ទីពីរ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​ប្រាប់​ជាមុន​ទៀត​ដល់​ពួកអ្នក​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ និង​ពួកអ្នក​ទាំង​អស់​ផ្សេង​ទៀត​ថា​ បើ​ខ្ញុំ​មក​ម្ដង​ទៀត​ ខ្ញុំ​មិន​អត់ឱន​ឲ្យ​ទេ។​
II C KhmerNT 13:3  ដ្បិត​អ្នក​រាល់គ្នា​កំពុង​រក​ភស្ដុតាង​អំពី​ការ​ដែល​ព្រះគ្រិស្ដ​មាន​បន្ទូល​តាមរយៈ​ខ្ញុំ​ ព្រះអង្គ​មិន​ខ្សោយ​ទេ​ចំពោះ​អ្នក​រាល់គ្នា​ ​គឺ​ព្រះអង្គ​មាន​អំណាច​នៅ​ក្នុង​អ្នក​រាល់គ្នា​
II C KhmerNT 13:4  ទោះបី​ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាព​កម្សោយ​ក៏ដោយ​ ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ដោយសារ​អំណាច​របស់​ព្រះជាម្ចាស់​ដែរ​ ដូច្នេះ​ទោះបី​យើង​ខ្សោយ​ក្នុង​ព្រះអង្គ​ ក៏​យើង​នឹង​រស់​នៅជាមួយ​ព្រះអង្គ​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​អ្នក​រាល់គ្នា​ដែរ‍។​
II C KhmerNT 13:5  ចូរ​អ្នក​រាល់គ្នា​ល្បងខ្លួន​ឯង​ទៅ​ ​តើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ដែរឬ​ទេ?​ ចូរ​ពិសោធ​ខ្លួន​ឯង​ចុះ​ តើ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះយេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ទេឬ?​ លើកលែង​តែ​អ្នក​រាល់គ្នា​ត្រូវបាន​បដិសេធ​ចោល​ប៉ុណ្ណោះ​
II C KhmerNT 13:6  ប៉ុន្ដែ​ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​ដឹង​ថា​ យើង​មិន​ត្រូវបាន​បដិសេធ​ចោល​ឡើយ។​
II C KhmerNT 13:7  ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ សូម​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ​ឡើយ​ នេះ​មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ យើង​ត្រូវបាន​ទទួល​ស្គាល់​នោះ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ​ ទោះបី​មើលទៅ​ យើង​ដូចជា​ត្រូវ​បាន​បដិសេធ​ចោល​ក៏ដោយ​
II C KhmerNT 13:8  ​ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ​ គឺ​ធ្វើ​ដើម្បី​សេចក្ដី​ពិត​
II C KhmerNT 13:9  ​ព្រោះ​យើង​ត្រេកអរ​ ពេល​ដែល​យើង​ខ្សោយ​ ហើយ​អ្នក​រាល់គ្នា​រឹងមាំ​ ប៉ុន្ដែ​យើង​អធិស្ឋាន​សុំ​សេចក្ដី​នេះ​ទៀត​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍។​
II C KhmerNT 13:10  ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​
II C KhmerNT 13:11  ​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​
II C KhmerNT 13:12  ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ រីឯ​ពួក​បរិសុទ្ធ​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​
II C KhmerNT 13:13  សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ​គ្រិស្ដ​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​