Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Up
Toggle notes
Chapter 1
Reve KhmerNT 1:1  នេះ​ជា​ការ​បើក​សំដែង​របស់​ព្រះយេស៊ូ​គ្រិស្ត​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ព្រះអង្គ​ ដើម្បី​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត​ឡើង​ឆាប់ៗ​នេះ។​ ព្រះយេស៊ូ​បាន​បង្ហាញ​ ដោយ​ចាត់​ទេវតា​របស់​ព្រះអង្គ​ទៅ​ឯ​លោក​យ៉ូហាន​ ជា​បាវបម្រើ​របស់​ព្រះអង្គ។​
Reve KhmerNT 1:2  លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​គ្រិស្ដ​ គឺ​ជា​ហេតុការណ៍​ទាំងឡាយ​ដែល​គាត់​បាន​ឃើញ។​
Reve KhmerNT 1:3  មាន​ពរ​ហើយ​អ្នកណា​ដែល​អាន​ និង​ស្ដាប់​ពាក្យ​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ​ ហើយ​កាន់​តាម​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែងទុក​នៅ​ក្នុង​នោះ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​
Reve KhmerNT 1:4  ខ្ញុំ​ យ៉ូហាន​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។​ សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ពី​ព្រះអង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ និង​ពី​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ​
Reve KhmerNT 1:5  ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​
Reve KhmerNT 1:6  ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ និង​ព្រះ​ចេស្ដា​រហូត​អស់កល្ប​ជានិច្ច។​ អាម៉ែន។​
Reve KhmerNT 1:7  មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​
Reve KhmerNT 1:8  ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ គឺ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​ជា​អាល់ផា​ និង​ជា​អូមេកា»។​
Reve KhmerNT 1:9  ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​
Reve KhmerNT 1:10  នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូច​ជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ​
Reve KhmerNT 1:11  បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​
Reve KhmerNT 1:12  ខ្ញុំ​ក៏​បែរ​ទៅ​មើល​សំឡេងដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ ពេល​បែរ​ទៅ​ហើយ​ ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ​
Reve KhmerNT 1:13  ហើយ​នៅ​កណ្ដាល​ជើង​ចង្កៀង​នោះ​ មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​ ពាក់​អាវ​វែង​ដល់​ជើង​ ហើយ​ពាក់​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​
Reve KhmerNT 1:14  សក់​របស់​លោក​ស​ដូច​ជា​រោម​ចៀម​ពណ៌​ស​ គឺ​ស​ដូច​ជា​ព្រឹល​ ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង​
Reve KhmerNT 1:15  ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​
Reve KhmerNT 1:16  លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​ ក៏​មាន​ដាវ​មុខ​ពីរ​ដ៏​មុត​ ចេញ​ពី​មាត់​លោក​មក​ ហើយ​មុខ​លោក​ដូច​ជា​ដួង​អាទិត្យ​ភ្លឺ​ពេញ​កម្ដៅ។​
Reve KhmerNT 1:17  ពេល​ខ្ញុំ​ឃើញ​លោក​ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ ដូច​ជា​មនុស្ស​ស្លាប់​ ប៉ុន្ដែ​លោក​បាន​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ​ ទាំង​និយាយ​ថា៖​ «កុំ​ខ្លាច​អី!​ យើង​ជា​មុនគេ​ និង​ជា​ក្រោយគេ​
Reve KhmerNT 1:18  ហើយ​ជា​ព្រះ​ដ៏​រស់​ យើង​បាន​ស្លាប់​ ប៉ុន្ដែ​មើល៍​ យើង​រស់នៅ​រហូត​អស់កល្ប​ជានិច្ច​ យើង​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​ និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។​
Reve KhmerNT 1:19  ដូច្នេះ​ចូរ​កត់ត្រា​ហេតុការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ​ គឺ​ហេតុការណ៍​នៅ​ពេល​នេះ​ និង​ហេតុការណ៍​ដែល​នឹង​មក​តាម​ក្រោយ។​
Reve KhmerNT 1:20  រីឯ​អាថ៌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់​យើង​ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ​ គឺ​ដូច្នេះ​ ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទេវតា​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ហើយ»។​
Chapter 2
Reve KhmerNT 2:1  «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ​ ហើយ​ដែល​យាង​ដើរ​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​ មាន​បន្ទូល​ដូច្នេះ​ថា​
Reve KhmerNT 2:2  យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ ការ​នឿយ​ហត់​ ព្រម​ទាំង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់​បាន​ឡើយ។​ អ្នក​បាន​ល្បងល​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជាសាវក​ ប៉ុន្ដែ​ពួកគេ​មិន​មែនជា​សាវក​ទេ​ គឺ​អ្នក​បាន​ឃើញ​ថា​ ពួកគេ​ជា​អ្នក​ភូតភរ​វិញ។​
Reve KhmerNT 2:3  អ្នក​បាន​អត់ធ្មត់​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ឈ្មោះ​របស់​យើង​ ឥត​នឿយ​ណាយ​ឡើយ​
Reve KhmerNT 2:4  ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បោះបង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​របស់​អ្នក​ហើយ។​
Reve KhmerNT 2:5  ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​
Reve KhmerNT 2:6  ប៉ុន្ដែ​អ្នក​មាន​សេចក្ដី​នេះ​ គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ដិ​របស់​ពួក​នីកូឡាស​ដែល​យើង​ក៏​ស្អប់​ដែរ។​
Reve KhmerNT 2:7  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។​
Reve KhmerNT 2:8  «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ស្មឺណា​ថា​ ព្រះ​ដ៏​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ដែល​បាន​ស្លាប់​ ហើយ​រស់​ឡើង​វិញ​ មាន​បន្ទូល​ដូច្នេះ​ថា​
Reve KhmerNT 2:9  យើង​ស្គាល់​សេចក្ដី​វេទនា​ និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នកមាន​វិញ​ ហើយ​យើង​ស្គាល់​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​ គឺ​ជា​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​វិញ។​
Reve KhmerNT 2:10  កុំ​ខ្លាច​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​នោះ​ឡើយ​ មើល៍​ អារក្ស​សាតាំង​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ក្នុង​គុក​ហើយ​ ដើម្បី​ល្បងល‍​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។​ ចូរ​ស្មោះត្រង់​រហូត​ដល់​ស្លាប់​ចុះ​ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។​
Reve KhmerNT 2:11  អ្នក​ណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជំនះ​ សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ»។​
Reve KhmerNT 2:12  «​ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ពើកាម៉ុស​ថាឋ ព្រះអង្គ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុតឋ មាន​បន្ទូល​ដូច្នេះ​ថា​
Reve KhmerNT 2:13  យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅឋហើយ​ គឺឋជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្ដែ​អ្នក​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ​
Reve KhmerNT 2:14  ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​ខ្លះ​ ពី​ព្រោះ​ក្នុង​ចំណោម​អ្នក​ មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម​ដែល​បាន​បង្រៀន​បាឡាក​ឲ្យ​ដាក់​អន្ទាក់​នៅ​ពីមុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ ហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​
Reve KhmerNT 2:15  ហើយ​ក្នុង​ចំណោម​អ្នក​ ក៏​មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​យ៉ាង​ដូច្នោះ​ដែរ។​
Reve KhmerNT 2:16  ដូច្នេះ​ ចូរ​ប្រែចិត្ដ​ បើ​មិន​ដូច្នោះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់​ ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។​
Reve KhmerNT 2:17  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​
Reve KhmerNT 2:18  «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​មាន​ព្រះនេត្រ​ដូច​ជា​អណ្ដាត​ភ្លើង​ និង​បាទា​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ មាន​បន្ទូល​ដូច្នេះ​ថា​
Reve KhmerNT 2:19  យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ ការ​បម្រើ​ និង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ ការ​ប្រព្រឹត្ដិ​របស់​អ្នក​នៅ​គ្រា​ចុងក្រោយ​នេះ​ប្រសើរ​ជាង​មុន​ទៅ​ទៀត​
Reve KhmerNT 2:20  ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ បង្រៀន​ ហើយ​នាំ​ពួក​បាវបម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង​
Reve KhmerNT 2:21  យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ឡើយ។​
Reve KhmerNT 2:22  មើល៍​ យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​ ហើយ​បោះ​ពួកអ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​ លើក​លែង​តែ​ពួកគេ​ប្រែចិត្ត​ពី​ការ​ប្រព្រឹត្ដិ​របស់​នាង។​
Reve KhmerNT 2:23  យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​
Reve KhmerNT 2:24  ប៉ុន្ដែ​អ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​បាន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ​ គឺ​ដែល​មិន​បាន​ស្គាល់​សេចក្ដី​ជ្រៅជ្រះ​របស់​អារក្ស​សាតាំង​ដូច​ដែល​គេ​ហៅ​ យើង​ប្រាប់​អ្នក​រាល់គ្នា​ថា​ យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់គ្នា​ទេ​
Reve KhmerNT 2:25  ប៉ុន្ដែ​ចូរ​កាន់​ខ្ជាប់​សេចក្ដី​ដែល​អ្នក​រាល់គ្នា​មាន​រហូត​ដល់​យើង​មក​ចុះ។​
Reve KhmerNT 2:26  អ្នកណា​មាន​ជ័យជម្នះ​ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ទីបញ្ចប់​ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​សិទ្ធិ​អំណាច​លើ​ជនជាតិ​ទាំងឡាយ​
Reve KhmerNT 2:27  អ្នក​នោះ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ និង​កម្ទេច​ពួកគេ​ដូច​ជា​ភាជនៈ​ធ្វើ​ពី​ដី​ឥដ្ឋ​
Reve KhmerNT 2:28  គឺ​ដូច​ដែល​យើង​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ​វរ​បិតា​របស់​យើង​ដែរ​ ហើយ​យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។​
Reve KhmerNT 2:29  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​
Chapter 3
Reve KhmerNT 3:1  «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​ថា​ យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ អ្នក​ឈ្មោះ​ថា​រស់​ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​
Reve KhmerNT 3:2  ចូរ​ប្រុងស្មារតី​ ហើយ​ពង្រឹង​អ្វីៗ​នៅ​សល់​ដែល​បម្រុង​នឹង​ស្លាប់​នោះ​ ដ្បិត​យើង​បាន​ឃើញ​ថា​ ការ​ប្រព្រឹត្ដិ​របស់​អ្នក​មិន​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​មុខ​ព្រះជាម្ចាស់​របស់​យើង​ឡើយ។​
Reve KhmerNT 3:3  ដូច្នេះ​ចូរ​នឹកចាំ​ថា​ អ្នក​បាន​ទទួល​ និង​បាន​ឮ​ជា​យ៉ាង​ណា​ នោះ​ចូរ​កាន់​តាម​ ហើយ​ប្រែចិត្ដ​ចុះ​ បើ​អ្នក​មិន​ប្រុងស្មារតី​ទេ​ នោះ​យើង​នឹង​មក‍​ឯ​អ្នក​ដូច​ជា​ចោរ​ ហើយ​អ្នក​មិន​ដឹង​ថា​យើង​នឹង​មក​ឯ​អ្នក​នៅ​ពេល​ណា​ឡើយ​
Reve KhmerNT 3:4  ប៉ុន្ដែ​នៅ​ក្រុង​សើដេស​ក៏​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​របស់​ពួកគេ​ស្មោកគ្រោក​ទេ​ អ្នក​ទាំង​នោះ​នឹង​ដើរ​ជាមួយ​យើង​ ទាំង​ស្លៀកពាក់​ពណ៌​ស​ ដ្បិត​ពួកគេ​ស័ក្ដិសម​ណាស់។​
Reve KhmerNT 3:5  អ្នកណា​មាន​ជ័យជម្នះ​ អ្នក​នោះ​នឹង​បាន​ស្លៀកពាក់​ពណ៌​ស​ដូច្នោះ​ដែរ​ យើង​នឹង​មិន​លប់​ឈ្មោះ​របស់​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ​ យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​របស់​អ្នក​នោះ​នៅ​ចំពោះ​មុខ​ព្រះ​វរ​បិតា​របស់​យើង​ និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គ​ដែរ។​
Reve KhmerNT 3:6  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​
Reve KhmerNT 3:7  «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា​ ព្រះអង្គ​ដ៏​បរិសុទ្ធ​ ព្រះអង្គ​ដ៏​ពិត​ ព្រះអង្គ​ដែល​មាន​កូនសោ​របស់​ស្ដេច​ដាវីឌ​ បើ​ព្រះអង្គ​បើក​ គ្មាន​អ្នកណា​បិទ​បាន​ ហើយ​បើ​ព្រះអង្គ​បិទ​ ក៏​គ្មាន​អ្នកណា​បើក​បាន​ មាន​បន្ទូល​ដូច្នេះ​ថា​
Reve KhmerNT 3:8  យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ មើល៍​ យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពី​មុខ​អ្នក​ ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។​ អ្នក​មាន​កម្លាំង​បន្ដិចបន្ដួច​មែន​ ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ ព្រមទាំង​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។​
Reve KhmerNT 3:9  មើល៍​ យើង​នឹង​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​ ជា​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​យូដា​ ប៉ុន្ដែ​មិន​មែន​ឡើយ​ ពួកគេ​ជា​ពួក​កុហក​ គឺ​យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​នៅ​ទៀប​ជើង​របស់​អ្នក​ ហើយ​ពួកគេ​នឹង​ដឹង​ថា​ យើង​ស្រឡាញ់​អ្នក​មែន។​
Reve KhmerNT 3:10  ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ ដែល​បម្រុង​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​ដើម្បី​ល្បងល​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី។​
Reve KhmerNT 3:11  យើង​នឹង​មក​យ៉ាង​ឆាប់​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ដែល​អ្នក​មាន​ចុះ ដើម្បី​កុំ​ឲ្យ​អ្នកណា​យក​មកុដ​របស់​អ្នក​បាន​ឡើយ។​
Reve KhmerNT 3:12  អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​ទ្រូង​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​យើង​ ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។​ យើង​នឹង​សរសេរ​ព្រះនាម​នៃ​ព្រះ​របស់​យើង​ និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​នៅ​លើ​អ្នក​នោះ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះ​របស់​យើង​ ហើយ​យើង​ក៏នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។​
Reve KhmerNT 3:13  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​
Reve KhmerNT 3:14  «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា​ ព្រះ​អង្គ​ដ៏​ជា​អាម៉ែន​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ និង​ដ៏​ពិត​ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ មាន​បន្ទូល​ដូច្នេះ​ថា​
Reve KhmerNT 3:15  យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ គឺ​អ្នក​ត្រជាក់​មិន​ត្រជាក់​ ក្ដៅ​មិន​ក្ដៅ​ យើង​ចង់​ឲ្យ​អ្នក​ បើ​ត្រជាក់​គឺ​ត្រជាក់​ បើ​ក្ដៅ​គឺ​ក្ដៅ។​
Reve KhmerNT 3:16  ដោយ​ព្រោះ​តែ​អ្នក​គ្រាន់​តែ​ក្ដៅ​ឧណ្ហៗ​ ត្រជាក់​មិន​ត្រជាក់​ ក្ដៅ​មិន​ក្ដៅ​ដូច្នេះ​ នោះ​យើង​នឹង​ខ្ជាក់​អ្នក​ចេញ​ពី​មាត់​របស់​យើង​ហើយ​
Reve KhmerNT 3:17  ដ្បិត​អ្នក​បាន​និយាយ​ថា​ ខ្ញុំ​ជា​អ្នកមាន​ ខ្ញុំ​ស្ដុកស្ដម្ភ​ហើយ​ ខ្ញុំ​មិន​ខ្វះ​អ្វី​ទេ​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ ខ្លួន​ឯង​វេទនា​ គួរ​ឲ្យ​អាណិត​ ក្រ​ ខ្វាក់​ ហើយ​នៅ​អាក្រាត​ឡើយ។​
Reve KhmerNT 3:18  យើង​ឲ្យ​យោបល់​អ្នក​ទិញ​មាស​ពី​យើង​ ជា​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ ដើម្បី​ឲ្យ​អ្នក​ត្រលប់​ជា​អ្នកមាន​ ហើយ​ទិញ​សម្លៀក​បំពាក់​ពណ៌‍​ស​មក​ស្លៀកពាក់​ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ្ដិ៍ខ្មាស​ដែល​អ្នក​នៅ​អាក្រាត​នោះ​ឡើយ​ ព្រមទាំង​ទិញ​ថ្នាំ​ដាក់​ភ្នែក​ផង​ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ។​
Reve KhmerNT 3:19  យើង​ស្ដី​បន្ទោស​ ហើយ​វាយ​ប្រដៅ​អ្នកណា​ដែល​យើង​ស្រឡាញ់​ ដូច្នេះ​ ចូរ​មាន​ចិត្ដ​សង្វាត​ ហើយ​ប្រែចិត្ដ​ចុះ។​
Reve KhmerNT 3:20  មើល៍​ យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ​ បើ​អ្នកណា​ឮ​សំឡេង​យើង​ ហើយ​បើក​ទ្វារ​ឲ្យ​ នោះ​យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ​ រួច​បរិភោគ​ជាមួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​បរិភោគ​ជាមួយ​យើង​ដែរ។​
Reve KhmerNT 3:21  អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​
Reve KhmerNT 3:22  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​
Chapter 4
Reve KhmerNT 4:1  ក្រោយ​ការ​ទាំង​អស់​នេះ​ខ្ញុំ​បាន​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថានសួគ៌​ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​ត្រែ​នោះ​ ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ចូរ​ឡើង​មក​នេះ​ យើង​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ហេតុការណ៍​ ដែល​ត្រូវ​កើត​ឡើង​ក្រោយ​ការ​ទាំង​អស់​នេះ»។​
Reve KhmerNT 4:2  រំពេច​នោះ​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​មើល៍​ មាន​បល្ល័ង្ក​មួយ​តាំង​នៅ​ស្ថានសួគ៌​ ក៏​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ​
Reve KhmerNT 4:3  ហើយ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល័ង្ក​នោះ​ មើល​ទៅ​ដូច​ជា​ត្បូង​មណីជោតិរស​ និង​ត្បូង​ទទឹម​ ហើយ​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ​ ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។​
Reve KhmerNT 4:4  នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​ ហើយ​ខ្ញុំ​ឃើញ​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ​ ទាំង​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ស​ ហើយ​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ផង។​
Reve KhmerNT 4:5  មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ និង​ផ្គរ​លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​ ហើយ​មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។​
Reve KhmerNT 4:6  នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ មាន​ដូច​ជា​សមុទ្រ​កែវ​ដែល​ដូច​ជា​កែវ​ចរណៃ​ ហើយ​នៅ​កណ្ដាល​ និង​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំងមុខ​ទាំងក្រោយ។​
Reve KhmerNT 4:7  សត្វ​មាន​ជីវិត​ទីមួយ​ដូច​ជា​តោ​ សត្វ​មាន​ជីវិត​ទីពីរ​ដូច​ជា​កូន​គោ​ សត្វ​មាន​ជីវិត​ទីបី​មាន​មុខ​ដូច​ជា​មនុស្ស​ ហើយ​សត្វ​មាន​ជីវិត​ទីបួន​ដូច​ជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។​
Reve KhmerNT 4:8  សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ​ ក៏​មាន​ភ្នែក​ពេញ​នៅ​ជុំវិញ​ខ្លួន​ និង​នៅ​ខាង​ក្នុង​ខ្លួន​ដែរ​ ក៏​ពោល​ពាក្យ​ឥត​ឈប់​ទាំង​យប់ទាំង​ថ្ងៃ​ថា៖​ «បរិសុទ្ធ​ បរិសុទ្ធ​ បរិសុទ្ធ​ គឺ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពីដើម គង់​នៅ​សព្វ​ថ្ងៃ​ ហើយ​ដែល​ត្រូវ​យាង​មក»។​
Reve KhmerNT 4:9  ពេល​សត្វ​មាន​ជីវិត​ទាំង​នោះ​ថ្វាយ​សិរី​រុងរឿង​ ថ្វាយ​កិត្ដិយស​ និង​ថ្វាយ​ការ​អរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ គឺ​ដល់​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​
Reve KhmerNT 4:10  នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ ព្រមទាំង​ដាក់​មកុដ​របស់​ខ្លួន​ចុះ​នៅ​ពី​មុខ​បល្ល័ង្ក​ ទាំង​និយាយ​ថា៖​
Reve KhmerNT 4:11  «ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរី​រុងរឿង​ កិត្ដិយស​ និង​អំណាច​ ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក​ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ និង​ស្ថិតស្ថេរ​ដោយសារ​បំណង​របស់​ព្រះអង្គ»។​
Chapter 5
Reve KhmerNT 5:1  បន្ទាប់​មក​ ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំងក្នុង​ទាំងក្រៅ​ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។​
Reve KhmerNT 5:2  ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ​ប្រកាស​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «តើ​អ្នកណា​ស័ក្ដិសម​នឹង​បើក​សៀវភៅ​នេះ​ និង​បកត្រា​ទាំង​នេះ​បាន?»​
Reve KhmerNT 5:3  ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ដែល​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ ឬ​នៅ​ក្រោម​ដី​ អាច​បើក​ ឬ​មើល​សៀវភៅ​នោះ​បាន​ឡើយ។​
Reve KhmerNT 5:4  ពេល​នោះ​ ខ្ញុំ​យំ​យ៉ាង​ខ្លាំង​ ព្រោះ​មិន​ឃើញ​អ្នកណា​ម្នាក់​ស័ក្ដិសម​នឹង​បើក​ ឬ​មើល​សៀវភៅ​នោះ​ឡើយ​
Reve KhmerNT 5:5  រួច​មាន​ចាស់ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​យំ​អី​ មើល៍​ តោ​ដែល​ចេញ​ពី​កុលសម្ព័ន្ធ​យូដា​ ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ ព្រះអង្គ​មាន​ជ័យជម្នះ​ ព្រះអង្គ​អាច​បើក​សៀវភៅ​ និង​បកត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។​
Reve KhmerNT 5:6  ខ្ញុំ​ឃើញ​កូនចៀម​មួយ​ដែល​មើល​ទៅ​ដូច​ជា​គេ​សម្លាប់​រួច​ហើយ​ កំពុង​ឈរ​នៅ​រវាង​បល្ល័ង្ក​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ ព្រមទាំង​នៅ​កណ្ដាល​ពួក​ចាស់ទុំ​ទាំងឡាយ​ កូនចៀម​នោះ​មាន​ស្នែង​ប្រាំពីរ​ ភ្នែក​ប្រាំពីរ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​ទៅ​ពាសពេញ​លើ​ផែនដី។​
Reve KhmerNT 5:7  កូនចៀម​នោះ​ក៏​មក​យក​សៀវភៅ​ពី​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ។​
Reve KhmerNT 5:8  ពេល​កូនចៀម​មក​យក​សៀវភៅ​នោះ​ សត្វ​មាន​ជីវិត​ទាំង​បួន​ និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ ក៏​ក្រាប​ចុះ​នៅ​ពី​មុខ​កូនចៀម​នោះ​ ម្នាក់ៗ​មាន​កាន់​ពិណ​មួយ​ និង​ពាន​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប​ ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ។​
Reve KhmerNT 5:9  អ្នក​ទាំង​នោះ​ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖​ «ព្រះអង្គ​ស័ក្ដិសម​នឹង​យក​សៀវភៅ​នេះ​ និង​បក​ត្រា​នៅ​លើ​សៀវភៅ​នេះ​ ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​បាន​លោះ​មនុស្ស​ពី​គ្រប់​ទាំង​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ គ្រប់​ជនជាតិ​ និង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់​ ដោយសារ​ឈាម​របស់​ព្រះអង្គ​
Reve KhmerNT 5:10  និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ ហើយ​អ្នក​ទាំង​នោះ​នឹង​សោយរាជ្យ​លើ​ផែនដី»។​
Reve KhmerNT 5:11  នោះ​ខ្ញុំ​ឃើញ​ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក​ សត្វ​មាន​ជីវិត​ និង​ពួក​ចាស់ទុំ​ រីឯ​ចំនួន​ទេវតា​ទាំង​នោះ​មាន​រាប់ពាន់​រាប់ម៉ឺន​
Reve KhmerNT 5:12  នាំគ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង‍ៗ​ថា៖​ «កូនចៀម​ដែល​គេ​បាន​សម្លាប់​នោះ​ស័ក្ដិសម​នឹង​ទទួល​អំណាច​ ទ្រព្យសម្បត្ដិ​ ប្រាជ្ញា​ ឥទ្ធិឫទ្ធិ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះពរ»។​
Reve KhmerNT 5:13  នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​ជីវិត​ដែល​បាន​បង្កើត​មក​ដែល​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ នៅ​ក្រោម​ដី​ និង​នៅ​ក្នុង​សមុទ្រ​ ព្រមទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា៖​ «សូម​ឲ្យ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​ និង​កូនចៀម​បាន​ប្រកប​ដោយ​ព្រះពរ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះចេស្ដា​រហូត​អស់កល្ប​ជានិច្ច»។​
Reve KhmerNT 5:14  រីឯ​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​និយាយ​ថា៖​ «អាម៉ែន!»​ នោះ​ពួក​ចាស់ទុំ​ក៏​ក្រាប​ថ្វាយបង្គំ។​
Chapter 6
Reve KhmerNT 6:1  ពេល​កូនចៀម​បក​ត្រា​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ​ នោះ​ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ឮ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ និយាយ​ដូច​ជា​សំឡេង​ផ្គរលាន់​ថា‍៖​ «ចូរ​មក!»​
Reve KhmerNT 6:2  ខ្ញុំ​ក៏​ឃើញ​សេះ​ស​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ធ្នូ​ និង​បាន​ទទួល​មកុដ​មួយ​ រួច​បាន​ចេញ​ទៅ​ទាំង​មាន​ជ័យជម្នះ​ ដើម្បី​យក​ឈ្នះ។​
Reve KhmerNT 6:3  ពេល​កូនចៀម​បក​ត្រា​ទីពីរ​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីពីរ​និយាយ​ថា៖​ «ចូរ​មក!»​
Reve KhmerNT 6:4  នោះ​មាន​សេះ​មួយ​ទៀត​មក​ មាន​សម្បុរ​ក្រហម​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​បាន​ទទួល​អំណាច​ដក​យក​សេចក្ដី​សុខសាន្ដ​ចេញ​ពី​ផែនដី​ និង​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។​
Reve KhmerNT 6:5  ពេល​កូនចៀម​បក​ត្រា​ទីបី​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីបី​និយាយ​ថា៖​ «ចូរ​មក!»​ ខ្ញុំ​ក៏​ឃើញ​សេះ​ខ្មៅ​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ជញ្ជីង​មួយ​នៅ​ក្នុង​ដៃ​
Reve KhmerNT 6:6  ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំដៅ​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន​និយាយ​ថា៖​ «ស្រូវ​សាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារី​ ហើយ​ស្រូវ​បាឡេ​បី​នាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ ប៉ុន្ដែ​កុំ​ធ្វើ​ឲ្យ​ប្រេង​ និង​ស្រា​ទំពាំងបាយជូ​ខូច​ឡើយ!»។​
Reve KhmerNT 6:7  ពេល​កូនចៀម​បក​ត្រា​ទីបួន​ នោះ​ខ្ញុំ​បាន‍​ឮ​សំឡេង​សត្វ​មាន​ជីវិត​ទីបួន​និយាយ​ថា៖​ «ចូរ​មក!»​
Reve KhmerNT 6:8  ខ្ញុំ​ក៏​ឃើញ​សេះ​មួយ​សម្បុរ​ស្លេកស្លាំង​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​ឈ្មោះ​សេចក្ដី​ស្លាប់​ ហើយ​ស្ថាននរក​បាន​មក​តាម​ក្រោយ​អ្នក​នោះ។​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​បាន​ទទួល​សិទ្ធិ​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន​ដើម្បី​សម្លាប់​ដោយ​ដាវ​ ដោយ​គ្រោះ​អត់ឃ្លាន​ ដោយ​ជំងឺ​អាសន្នរោគ​ និង​ដោយ​សត្វ​សាហាវ​នៅ​លើ​ផែនដី។​
Reve KhmerNT 6:9  ពេល​កូនចៀម​បក​ត្រា​ទីប្រាំ​ ខ្ញុំ​ក៏​ឃើញ​នៅ​ក្រោម​កន្លែង​ថ្វាយ​តង្វាយ​មាន​ព្រលឹង​របស់​ពួក​អ្នក​ដែល​គេ​បាន​សម្លាប់​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​ដែល​ពួកគេ​បាន​ប្រកាន់​យក​
Reve KhmerNT 6:10  អ្នក​ទាំង​នោះ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធ​ និង​យុត្ដិធម៌​អើយ!​ តើ​ពេល​ណា​ទើប​ព្រះអង្គ​ជំនុំ​ជម្រះ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ ហើយ​សងសឹក​ឲ្យ​ឈាម​របស់​យើង?»​
Reve KhmerNT 6:11  ពួកគេ​ម្នាក់ៗ​បាន​ទទួល​អាវ​ស​វែង​ និង​ត្រូវ​បាន​ប្រាប់​ឲ្យ​សម្រាក​បន្ដិច​ទៀត​ ទម្រាំ​ពួក​បាវបម្រើ​ជា​គូកន​ និង​ជា​បងប្អូន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​គេ​សម្លាប់​បែប​ដូច្នោះ​ដែរ​ បាន​គ្រប់​ចំនួន​សិន។​
Reve KhmerNT 6:12  ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ ខ្ញុំ​ក៏​ឃើញ​ថា​ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ដួង​អាទិត្យ​ត្រលប់​ជា​ងងឹត​ដូច​ជា​ក្រណាត់​ធ្វើ​ពី​រោម​ពណ៌​ខ្មៅ​ ហើយ​លោកខែ​ទាំង​មូល​ក៏​ត្រលប់​ដូច​ជា​ឈាម​
Reve KhmerNT 6:13  រីឯ​ផ្កាយ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ផែនដី​ ដូច​ជា​ផ្លែ​ល្វា​ខ្ចីៗ​ជ្រុះ​ពី​ដើម​ដោយ​ត្រូវ​ខ្យល់​ធំ​បក់​ប៉ះ​
Reve KhmerNT 6:14  ហើយ​ផ្ទៃ​មេឃ​បាន​បាត់​ទៅ​ដូច​ជា​គេ​មូរ​អត្ថបទ​គម្ពីរ​ទុក​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​កោះ​ក៏​ត្រូវ​បាន​រើចេញ​ពី​កន្លែង​របស់​វា​ដែរ។​
Reve KhmerNT 6:15  នោះ​ពួក​ស្ដេច​នៅ​ផែនដី​ ពួកអ្នក​ធំ​ ពួក​មេទ័ព​ ពួក​អ្នកមាន​ ពួកអ្នក​ខ្លាំង​ពូកែ​ និង​ពួក​បាវបម្រើ​ ព្រមទាំង​ពួកអ្នក​ជា​ទាំងឡាយ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រអាង​ភ្នំ​ និង​នៅ​តាម​ក្រហែង​ថ្ម​ភ្នំ​
Reve KhmerNT 6:16  ទាំង​និយាយ​ទៅ​ភ្នំ​ និង​ថ្ម​ថា៖​ «ចូរ​ធ្លាក់​មក​លើ​យើង​ ហើយ​បំបាំង​យើង​ពី​ព្រះភក្រ្ត​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ និង​ពី​សេចក្ដី​ក្រោធ​របស់​កូនចៀម​ចុះ​
Reve KhmerNT 6:17  ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​ និង​របស់​កូនចៀម​បាន​មក​ដល់​ហើយ​ តើ​អ្នកណា​អាច​ទ្រាំ​បាន?»
Chapter 7
Reve KhmerNT 7:1  ក្រោយ​ពី​ហេតុការណ៍​នេះ​ ខ្ញុំ​បាន​ឃើញ​ទេវតា​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស​ដើម្បី​កុំ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី​ លើ​សមុទ្រ​ ឬ​លើ​ដើម​ឈើ​ណា​ឡើយ។​
Reve KhmerNT 7:2  បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​មក​ពី​ទិស​ខាងកើត​ ទាំង​មាន​ត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​ទេវតា​ទាំង​បួន​រូប​ដែល​បាន​ទទួល​អំណាច​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី​ និង​សមុទ្រ​
Reve KhmerNT 7:3  ថា‍៖​ «មិន​ត្រូវ​ធ្វើ​ទុក្ខ​ផែនដី​ សមុទ្រ​ ឬ​ដើមឈើ​ណា​ឡើយ​ រហូត​ទាល់​តែ​យើង​បាន​បោះ​ត្រា​លើ​ថ្ងាស​ពួក​បាវបម្រើ​របស់​ព្រះជាម្ចាស់​នៃ​យើង​រួច​ហើយ​សិន»។​
Reve KhmerNT 7:4  ខ្ញុំ​ក៏​ឮ​ចំនួន​ពួកអ្នក​ដែល​ត្រូវ​បាន​បោះ​ត្រា​នោះ​ គឺ​មាន​ចំនួន​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ មក​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​បាន​បោះ​ត្រា។​
Reve KhmerNT 7:5  ពី​កុលសម្ព័ន្ធ​យូដា​ មាន​មួយម៉ឺន​ពីរពាន់​នាក់​បាន​បោះ​ត្រា​ ហើយ​ពី​កុលសម្ព័ន្ធ​រូបេន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​កាដ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​
Reve KhmerNT 7:6  ពី​កុលសម្ព័ន្ធ​អេស៊ើរ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​ណែបថាលី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​
Reve KhmerNT 7:7  ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​លេវី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​
Reve KhmerNT 7:8  ពី​កុលសម្ព័ន្ធ​សាប់យ៉ូឡូន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​យ៉ូសែប​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ មាន​មួយម៉ឺន​ពីរពាន់​នាក់។​
Reve KhmerNT 7:9  ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​ដែល​គ្មាន​អ្នកណា​អាច​រាប់​បាន​ឡើយ​ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ ឈរ​នៅ​មុខ​បល្ល័ង្ក​ និង​នៅ​មុខ​កូនចៀម​ ទាំង​ពាក់​អាវ‍​ស​វែង​ ហើយ​កាន់​ធាងចាក​នៅ​នឹង​ដៃ​របស់​ពួកគេ​ផង​
Reve KhmerNT 7:10  ពួកគេ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «សេចក្ដី​សង្គ្រោះ​ស្រេច​លើ​ព្រះជាម្ចាស់​របស់​យើង​ដែល​គង់​លើ​បល្ល័ង្ក​ និង​ស្រេច​លើ​កូនចៀម»​
Reve KhmerNT 7:11  នោះ​ទេវតា​ទាំង​អស់​ដែល​ឈរ​ជុំវិញ​បល្ល័ង្ក​ ជុំវិញ​ពួក​ចាស់ទុំ​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​
Reve KhmerNT 7:12  ទាំង​និយាយ​ថា៖​ «អាម៉ែន!​ សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​ព្រះពរ​ សិរី​រុងរឿង​ ប្រាជ្ញា​ ការ​អរព្រះគុណ​ កិត្ដិយស​ អំណាច​ និង​ឥទ្ធិឫទ្ធិ​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន!»
Reve KhmerNT 7:13  មាន​ចាស់ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖​ «តើ​ពួកអ្នក​ដែល​ពាក់​អាវ​ស​វែង​ទាំង​នេះ​ជា​នរណា​ ហើយ​មក​ពី​ណា?»​
Reve KhmerNT 7:14  នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​ដឹង​ស្រាប់​ហើយ»។​ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ទាំង​នោះ​ជា​ពួកអ្នក​ដែល​បាន​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ខ្លាំង​ ពួកគេ​បាន​បោកគក់​អាវ​វែង​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូនចៀម។​
Reve KhmerNT 7:15  ហេតុ​នេះ​ហើយ​បាន​ជា​ពួកគេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ ទាំង​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ពន្លាត​រោង​របស់​ព្រះអង្គ​លើ​ពួក​គេ។​
Reve KhmerNT 7:16  ពួកគេ​នឹង​មិន​ឃ្លាន​ ឬ​ស្រេក​ទៀត​ឡើយ​ ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ​
Reve KhmerNT 7:17  ដ្បិត​កូនចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ឃ្វាល​ពួកគេ​ ហើយ​នាំ​ពួកគេ​ទៅ​កាន់​ប្រភព​ទឹក​ជីវិត​ ហើយ​ព្រះជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ទាំង​អស់​ចេញ​ពី​ភ្នែក​របស់​ពួកគេ»។​
Chapter 8
Reve KhmerNT 8:1  ពេល​កូនចៀម​បក​ត្រា​ទីប្រាំពីរ​ នោះ​មាន​សភាព​ស្ងាត់ស្ងៀម​នៅ​ស្ថានសួគ៌​ ប្រហែល​កន្លះ​ម៉ោង​
Reve KhmerNT 8:2  ហើយ​ខ្ញុំ​ក៏​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​រូប​ដែល​ឈរ​នៅ​មុខ​ព្រះជាម្ចាស់​ បាន​ទទួល​ត្រែ​ប្រាំពីរ។​
Reve KhmerNT 8:3  មាន​ទេវតា​មួយ​រូប​ទៀត​កាន់​ពាន​មាស​មួយ​ បាន​មក​ឈរ​នៅ​មុខ​កន្លែង​ថ្វាយ​តង្វាយ​ ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​អំពី​មាស​ដែល​នៅ​ពី​មុខ​បល្ល័ង្ក។​
Reve KhmerNT 8:4  ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​របស់​ទេវតា​ឡើង​ទៅ​លើ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​នៅ​ចំពោះ​មុខ​ព្រះជាម្ចាស់។​
Reve KhmerNT 8:5  ទេវតា​នោះ​បាន​យក​ពាន​មក​ ហើយ​យក​ភ្លើង​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ដាក់​ពេញ​ពាន​នោះ​ រួច​ក៏​បោះ​ទៅ​លើ​ផែនដី​ នោះ​កើត​មាន​ផ្គរលាន់​ មាន​សំឡេង​ មាន​ផ្លេកបន្ទោរ​ និង​រញ្ជួយ​ផែនដី។​
Reve KhmerNT 8:6  រួច​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ត្រែ​ប្រាំពីរ​នោះ​បាន​ប្រុងប្រៀប​ផ្លុំ​ត្រែ។​
Reve KhmerNT 8:7  ទេវតា​ទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​កើត​មាន​ព្រឹល​ និង​ភ្លើង​លាយ​ជាមួយ​ឈាម​ដែល​បាន​បោះ​ទៅ​លើ​ផែនដី​ ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី​ ដើម​ឈើ​ឆេះ​អស់​មួយ​ភាគ​បី​ ហើយ​ស្មៅ​ខៀវខ្ចី​ទាំងឡាយ​ក៏​ឆេះ​អស់​ដែរ។​
Reve KhmerNT 8:8  ទេវតា​ទីពីរ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ហាក់​ដូច​ជា​មាន​ភ្នំ​មួយ​យ៉ាង​ធំ​កំពុង​ឆេះ​ ដែល​បាន​បោះ​ទៅ​ក្នុង​សមុទ្រ​ ហើយ​សមុទ្រ​មួយ​ភាគ​បី​ក៏​ត្រលប់​ជា​ឈាម​
Reve KhmerNT 8:9  រីឯ​សត្វ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ​បាន​ស្លាប់​អស់​មួយ​ភាគ​បី​ ហើយ​នាវា​ទាំងឡាយ​ក៏​ត្រូវ​បាន​បំផ្លាញ​អស់​មួយ​ភាគ​បី​ដែរ។​
Reve KhmerNT 8:10  ទេវតា​ទីបី​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ​ឆេះ​ដូច​ចន្លុះ​បាន​ធ្លាក់​ពី​លើ​មេឃ​ទៅ​ក្នុង​ទន្លេ​ទាំងឡាយ​អស់​មួយ​ភាគ​បី​ និង​ទៅ​ក្នុង​ប្រភព​ទឹក​ទាំងឡាយ​ដែរ​
Reve KhmerNT 8:11  ផ្កាយ​នោះ​ឈ្មោះ​ស្លែង​ ហើយ​ទឹក​មួយ​ភាគ​បី​បាន​ត្រលប់​ទៅ​ជា​ល្វីង​ដូច​ស្លែង។​ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ទឹក​នោះ​ ពី​ព្រោះ​បាន​ត្រលប់​ជា​ល្វីង​អស់​ហើយ។​
Reve KhmerNT 8:12  ទេវតា​ទីបួន​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ដួង​អាទិត្យ​មួយ​ភាគ​បី​ លោកខែ​មួយ​ភាគ​បី​ និង​ផ្កាយ​មួយ​ភាគ​បី​ត្រូវ​បាន​បំផ្លាញ​ ដូច្នេះ​ធ្វើ​ឲ្យ​ងងឹត​មួយ​ភាគ​បី​ ហើយ​នៅ​ពេល​ថ្ងៃ​លែង​មាន​ពន្លឺ​មួយ​ភាគ​បី​ រីឯ​នៅ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។​
Reve KhmerNT 8:13  នោះ​ខ្ញុំ​បាន​ឃើញ​មាន​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស​ ហើយ​ឮ​វា​ស្រែក​ខ្លាំងៗ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ វេទនា​ហើយ​ ដល់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយ​ព្រោះ​សំឡេង​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ដែល​បម្រុង​នឹង​ផ្លុំ»។​
Chapter 9
Reve KhmerNT 9:1  ទេវតា​ទីប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​ ហើយ​ផ្កាយ​នោះ​បាន​ទទួល​កូន​សោ​រណ្ដៅ​នៃ​ទី​ជម្រៅ។​
Reve KhmerNT 9:2  ផ្កាយ​នោះ​ក៏​បើក​រណ្ដៅ​នៃ​ទី​ជម្រៅ​ ហើយ​មាន​ផ្សែង​ហុយ​ចេញ​ពី​រណ្ដៅ​នោះ​មក​ដូច​ជា​ផ្សែង​ចេញ​ពី‍​ឡ​ភ្លើង​មួយ​យ៉ាង​ធំ​ នោះ​ដួង​អាទិត្យ​ និង​អាកាស​ក៏​ងងឹត​សូន្យ​សុង​ដោយសារ​ផ្សែង​ចេញ​ពី​រណ្ដៅ​នោះ។​
Reve KhmerNT 9:3  មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​
Reve KhmerNT 9:4  កណ្ដូប​ទាំង​នោះ​បាន​ទទួល​បង្គាប់​មិន​ឲ្យ​ធ្វើ​ទុក្ខ​ស្មៅ​នៅ​លើ​ផែនដី​ ឬ​រុក្ខជាតិ​ពណ៌​បៃតង​ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ​ ប៉ុន្ដែ​ឲ្យ​ធ្វើ​ទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។​
Reve KhmerNT 9:5  កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចុកចាប់​ក្នុង​រវាង​ប្រាំខែ​ប៉ុណ្ណោះ​ ហើយ​ការ​ឈឺ​ចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ ដូច​ជា​ការ​ឈឺ​ចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅ​ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។​
Reve KhmerNT 9:6  នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​
Reve KhmerNT 9:7  កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​
Reve KhmerNT 9:8  ពួកវា​មាន​សក់​ដូច​ជា​សក់​របស់​ស្រ្ដី​ ឯ​ធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ​
Reve KhmerNT 9:9  ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​
Reve KhmerNT 9:10  ពួកវា​មាន​កន្ទុយ​ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី​ ហើយ​កន្ទុយ​របស់​ពួកវា​មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំខែ។​
Reve KhmerNT 9:11  ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​
Reve KhmerNT 9:12  សេចក្ដី​វេទនា​ទីមួយ​បាន​កន្លង​ផុត​ទៅ​ មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​ដែល​នឹង​មក​តាម​ក្រោយ​ហេតុការណ៍​ទាំង​នេះ។​
Reve KhmerNT 9:13  បន្ទាប់​មក​ ទេវតា​ទីប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​ទាំង​បួន​របស់​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខ​ព្រះជាម្ចាស់​
Reve KhmerNT 9:14  និយាយ​ទៅ​កាន់​ទេវតា​ទីប្រាំមួយ​ដែល​មាន​ត្រែ​នោះ​ថា៖​ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​ដែល​បាន​ចង​ទុក​នៅ​ឯ​ទន្លេ​អើប្រាត​ដ៏​ធំ​នោះ​ទៅ»។​
Reve KhmerNT 9:15  នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​
Reve KhmerNT 9:16  រីឯ​ទ័ព​សេះ​មាន​ចំនួន​ពីរ​រយ​លាន​នាក់។​ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ព​ទាំង​នោះ​
Reve KhmerNT 9:17  ហើយ​នៅ​ក្នុង​និមិត្ដ​នោះ​ ខ្ញុំ​បាន​ឃើញ​សេះ​ និង​អ្នក​ជិះ​លើ​ពួកវា​យ៉ាង​ដូច្នេះ​ គឺ​ពួកគេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង​ ពណ៌​ខៀវ​ងងឹត​ និង​ពណ៌​ស្ពាន់ធ័រ​ ហើយ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សត្វ​តោ​ ហើយ​ក៏​មាន​ភ្លើង​ផ្សែង​ និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មក​ដែរ។​
Reve KhmerNT 9:18  មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​បី​នេះ​ គឺ​ដោយ​ភ្លើង​ ផ្សែង​ និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​របស់​ពួកវា​មក​
Reve KhmerNT 9:19  ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ គឺ​នៅ​ក្នុង​មាត់​ និង​កន្ទុយ​របស់​ពួកវា​ ព្រោះ​កន្ទុយ​របស់​ពួកវា​ដូច​ជា​សត្វ​ពស់​ ហើយ​មាន​ក្បាល។​ ពួកវា​ធ្វើ​ទុក្ខ​មនុស្ស​ដោយសារ​ក្បាល​នោះ​
Reve KhmerNT 9:20  រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​មិន​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​នេះ​ មិន​បាន​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​ដែល​ដៃ​របស់​ពួកគេ​បាន​ធ្វើ​ឡើយ​ ក៏​មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស​ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស​ ពី​ប្រាក់​ ពី​លង្ហិន​ ពី​ថ្ម​ និង​ពី​ឈើ​ដែល​មើល​មិន​ឃើញ​ ស្ដាប់​មិន​ឮ​ ដើរ​មិន​រួច​នោះ​ឡើយ​
Reve KhmerNT 9:21  ហើយ​ពួកគេ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​សម្លាប់​មនុស្ស​ ពី​មន្ដអាគម​ ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពី​អំពើ​លួច​ប្លន់​របស់​ពួកគេ​នោះ​ដែរ។​
Chapter 10
Reve KhmerNT 10:1  ខ្ញុំ​បាន​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​មក​ពី​លើ​មេឃ​មាន​ពពក​ព័ទ្ធ​ជុំវិញ​ ហើយ​នៅ​លើ​ក្បាល​មាន​ឥន្ទធនូ​ មុខ​ទេវតា​នោះ​ដូច​ជា​ដួង​អាទិត្យ​ រីឯ​ជើង​ដូច​ជា​បង្គោល​ភ្លើង​
Reve KhmerNT 10:2  ហើយ​នៅ​ក្នុង​ដៃ​មាន​សៀវភៅ​តូច​មួយ​ដែល​បាន​បើក​ជា​ស្រេច។​ ទេវតា​នោះ​បាន​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ​ ហើយ​ជើង​ឆ្វេង​លើ​ដី​គោក​
Reve KhmerNT 10:3  ទាំង​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដូច​ជា​សត្វ​តោ​ស្រែក​រោទ៍​ ហើយ​ពេល​ទេវតា​នោះ​ស្រែក​ឡើង​ ផ្គរ​លាន់​ទាំង​ប្រាំពីរ​ក៏​និយាយ​ដែរ។​
Reve KhmerNT 10:4  នៅ​ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​រួច​ហើយ​នោះ​ ខ្ញុំ​ក៏​បម្រុង​នឹង​សរសេរ​ទុក​ ប៉ុន្ដែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​នោះ​ទៅ​ កុំ​សរសេរ​សេចក្ដី​ទាំង​នោះ​ទុក​ឡើយ»។​
Reve KhmerNT 10:5  បន្ទាប់​មក​ ទេវតា​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ​ និង​លើ​ដីគោក​នោះ​ ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​ស្ថានសួគ៌​
Reve KhmerNT 10:6  ហើយ​ស្បថ​នឹង​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ និង​អ្វីៗ​នៅ​លើ​មេឃ​ ផែនដី​ និង​អ្វីៗ​នៅ​លើ​ផែនដី​ ព្រមទាំង​សមុទ្រ​ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ​ថា៖​ «គ្មាន​ពេល​វេលា​ទៀត​ឡើយ​
Reve KhmerNT 10:7  ដ្បិត​នៅ​គ្រា​នៃ​សំឡេង​ត្រែ​របស់​ទេវតា​ទីប្រាំពីរ​ដែល​លោក​បម្រុង​នឹង​ផ្លុំ​ នោះ​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​បាន​ប្រកាស​ប្រាប់​ពួកអ្នក​នាំ​ព្រះបន្ទូល​ជា​បាវបម្រើ​របស់​ព្រះអង្គ»។​
Reve KhmerNT 10:8  បន្ទាប់​មក​ សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖​ «ចូរ​ទៅ​យក​សៀវភៅ​ដែល​បានបើក​ជា​ស្រេច​នៅ​ក្នុង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ​ និង​លើ​ដីគោក​នោះ​ចុះ»។​
Reve KhmerNT 10:9  ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ ហើយ​ប្រាប់​ទេវតា​នោះ​ឲ្យ​ប្រគល់​សៀវភៅ​តូច​នោះ​មក​ខ្ញុំ។​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​យក​សៀវភៅ​នេះ​ទៅ​បរិភោគ​ចុះ​ សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​អ្នក​ល្វីង​ ប៉ុន្ដែ​នៅ​ក្នុង​មាត់​អ្នក​នឹង​ផ្អែម​ដូច​ទឹកឃ្មុំ»។​
Reve KhmerNT 10:10  ខ្ញុំ​ក៏​យក​សៀវភៅ​តូច​នោះ​ពី​ដៃ​ទេវតា​ រួច​បរិភោគ​ទៅ​ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​សៀវភៅ​តូច​នោះ​ផ្អែម​ដូច​ទឹកឃ្មុំ​ លុះ​ពេលខ្ញុំ​បរិភោគ​រួច​ហើយ ​ក៏​ធ្វើ​ឲ្យ​ពោះ​ខ្ញុំ​ល្វីង​មែន។​
Reve KhmerNT 10:11  បន្ទាប់​មក​ ពួកគេ​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​ម្ដង​ទៀត​អំពី​ជនជាតិ​ អំពី​ប្រទេស​ អំពី​ភាសា​ និង​អំពី​ស្ដេច​ជា​ច្រើន»។​
Chapter 11
Reve KhmerNT 11:1  បន្ទាប់​មក​ ខ្ញុំ​បាន​ទទួល​ដំបង​មួយ​ដែល​ដូច​ជា​ឈើ​ច្រត់​ ក៏​មាន​គេ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​វាស់​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​កន្លែង​ថ្វាយ​តង្វាយ​ ព្រមទាំង​រាប់​ពួកអ្នក​ដែល​ថ្វាយបង្គំ​នៅ​ទី​នោះ​
Reve KhmerNT 11:2  ប៉ុន្ដែ​ ចូរ​ទុក​ទីលាន​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក​ កុំ​វាស់​ទីនោះ​ឡើយ​ ដ្បិត​ទីនោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាសន៍​ដទៃ​ ហើយ​ពួកគេ​នឹង​ជាន់​ឈ្លី​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែសិបពីរ​ខែ។​
Reve KhmerNT 11:3  យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់​យើង​ ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល​អស់​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ​ ទាំង​ស្លៀក​សំពត់​ធ្មៃ»។​
Reve KhmerNT 11:4  អ្នក​ទាំង​នេះជា​ដើម​អូលីវ​ទាំង​ពីរ​ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ឈរ​នៅ​ពី​មុខ​ព្រះអម្ចាស់​នៃ​ផែនដី។​
Reve KhmerNT 11:5  បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ​ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​ពួកគេ​មក​ ហើយ​ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​ពួកគេ។​ ដូច្នេះ​ បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ​ អ្នក​នោះ​ត្រូវ​តែ​ស្លាប់​បែប​នេះ​ឯង។​
Reve KhmerNT 11:6  អ្នក​ទាំង​នេះ​មាន​អំណាច​នឹង​បិទ​មេឃ​មិន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ថ្លែង​ព្រះបន្ទូល​ ហើយ​ក៏​មាន​អំណាច​លើ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ត្រលប់​ទៅ​ជា​ឈាម​ ព្រមទាំង​វាយ​ប្រហារ​ផែនដី​ដោយ​គ្រោះកាច​គ្រប់​យ៉ាង​ជា​ញឹកញាប់​តាម​តែ​ពួកគេ​ចង់។​
Reve KhmerNT 11:7  កាល​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ​ មាន​សត្វ​សាហាវ​ឡើង​ពី​ទី​ជម្រៅ​មក​ច្បាំង​ជា​មួយ​ពួកគេ​ ក៏​ឈ្នះ​ពួកគេ​ ហើយ​សម្លាប់​ពួកគេ​ផង​
Reve KhmerNT 11:8  ហើយ​សាកសព​របស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ដ៏​ធំ​នោះ​ ដែល​ខាង​វិញ្ញាណ​ហៅ​ថា​ ក្រុង​សូដុម​ និង​ស្រុក​អេស៊ីព្ទ​ ជា​កន្លែង​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។​
Reve KhmerNT 11:9  មាន​មនុស្ស​មក​ពី​បណ្ដា​ជនជាតិ​ បណ្ដា​កុលសម្ព័ន្ធ​ បណ្ដា​ភាសា​ និង​បណ្ដា​ប្រទេស​ទាំងឡាយ​នឹង​មើល​សាកសព​របស់​ពួកគេ​អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លះ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​សាកសព​របស់​ពួកគេ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។​
Reve KhmerNT 11:10  អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​
Reve KhmerNT 11:11  ប៉ុន្ដែ​បី​ថ្ងៃ​កន្លះ​ក្រោយ​មក​ មាន​ដង្ហើម​ជីវិត​ចេញ​ពី​ព្រះជាម្ចាស់​ចូល​មក​ក្នុង​សាកសព​អ្នក​ទាំង​ពីរ​ ហើយ​ពួកគេ​ក៏​ក្រោក​ឈរ​ឡើង​ រីឯ​អស់​អ្នក​ដែល​ឃើញ​ពួកគេ​ក៏​មាន​សេចក្ដី​ភ័យខ្លាច​ជា​ខ្លាំង។​
Reve KhmerNT 11:12  នោះ​អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​មក​កាន់​ពួកគេ​ថា​ ចូរ​ឡើង​មក​នេះ។​ នោះ​ពួកគេ​ក៏​ឡើង​ទៅ​លើ​មេឃ​ ក្នុង​ពពក​ ហើយ​សត្រូវ​របស់​ពួកគេ​ក៏​ឃើញ​ដែរ។​
Reve KhmerNT 11:13  នៅ​វេលា​នោះ​ មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​ រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។​
Reve KhmerNT 11:14  សេចក្ដី​វេទនា​ទីពីរ​បាន​កន្លង​ផុត​ទៅ​ហើយ​ មើល៍​ សេចក្ដី​វេទនា​ទីបី​នឹង​មក​យ៉ាង​ឆាប់។​
Reve KhmerNT 11:15  បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​
Reve KhmerNT 11:16  ពេល​នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅ​ពី​មុខ​ព្រះជាម្ចាស់​ក៏​ក្រាប​ផ្កាប់​មុខ​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​
Reve KhmerNT 11:17  ទាំង​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និង​គង់​នៅ​តាំង​ពី​ដើម​អើយ!​ យើង​ខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​យក​អំណាច​ដ៏​ធំ​ឧត្ដម​របស់​ព្រះអង្គ​ ហើយ​បាន​សោយរាជ្យ​
Reve KhmerNT 11:18  ប្រទេស​ទាំងឡាយ​មាន​កំហឹង​ ប៉ុន្ដែ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​បាន​មក​ដល់​ ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​មនុស្ស​ស្លាប់​ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ ដល់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ដល់​ពួក​បរិសុទ្ធ​ និង​ដល់​ពួកអ្នក​ដែល​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ​ ទាំង​តូច​ ទាំង​ធំ​ ព្រមទាំង​បំផ្លាញ​ពួកអ្នក​ដែល​បំផ្លាញ​ផែនដី​ផង»។​
Reve KhmerNT 11:19  ពេល​នោះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ក៏​ឃើញ​ហិប​នៃ​កិច្ច​ព្រមព្រៀង​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​ រួច​មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ មាន​ការ​រញ្ជួយ​ផែនដី​ និង​មាន​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង។​
Chapter 12
Reve KhmerNT 12:1  មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​ស្រ្ដី​ម្នាក់​ស្លៀកពាក់​ដួង​អាទិត្យ​ ហើយ​មាន​លោកខែ​នៅ​ក្រោម​ជើង​ ក៏​មាន​ផ្កាយ​ដប់​ពីរ​ធ្វើ​ជា​មកុដ​នៅ​លើ​ក្បាល។​
Reve KhmerNT 12:2  នាង​មាន​ផ្ទៃពោះ​ ហើយ​ស្រែក​ឡើង​ ដោយ​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។​
Reve KhmerNT 12:3  ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​
Reve KhmerNT 12:4  រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​
Reve KhmerNT 12:5  នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ដែល​នឹងគ្រប់គ្រង​ជនជាតិ​ទាំង​អស់​ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើក​ឡើង​ទៅ​ដល់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​ព្រះអង្គ។​
Reve KhmerNT 12:6  ស្រ្ដី​នោះ​បាន​រត់​គេច​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាង​ដើម្បី​ចិញ្ចឹម​នាង​នៅ​ទី​នោះ​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ។​
Reve KhmerNT 12:7  ពេល​នោះ​មាន​ចំបាំង​កើត​ឡើង​នៅ​លើ​មេឃ​ គឺ​មីកែល​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ ហើយ​នាគ​ និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ​
Reve KhmerNT 12:8  ប៉ុន្ដែ​ពួកវា​មិន​បាន​ឈ្នះ​ទេ​ ហើយ​ក៏​មិន​ឃើញ​មាន​កន្លែង​ណា​សម្រាប់​ពួកវា​នៅ​លើ​មេឃ​ទៀត​ដែរ​
Reve KhmerNT 12:9  នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​
Reve KhmerNT 12:10  រួច​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ «ឥឡូវ​នេះ​ សេចក្ដី​សង្គ្រោះ​ អំណាច​ និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង​ ព្រមទាំង​សិទ្ធិ​អំណាច​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ​ ដ្បិត​អ្នក​ចោទ​ប្រកាន់​បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​វា​នោះ​ហើយ​ដែល​ចោទ​ប្រកាន់​ពួក​គេ​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង​ទាំង​យប់​ទាំង​ថ្ងៃ។​
Reve KhmerNT 12:11  ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​
Reve KhmerNT 12:12  ហេតុ​នេះ​ ឱ​ស្ថានសួគ៌​ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ប៉ុន្ដែ​វេទនា​ដល់​ផែនដី​ និង​សមុទ្រ​វិញ​ ព្រោះ​អារក្ស​សាតាំង​បាន​ចុះ​មក​ឯ​អ្នក​រាល់គ្នា​ ទាំង​មាន​កំហឹង​ជា​ខ្លាំង​ ដោយ​ដឹង​ថា​ វា​មាន​ពេល​វេលា​តែ​បន្ដិច​ទេ»។​
Reve KhmerNT 12:13  នៅ​ពេល​នាគ​ឃើញ​ថា​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ​ វា​ក៏​បៀតបៀន​ស្រ្ដី​ដែល​បាន​សម្រាល​កូន​ប្រុស​នោះ។​
Reve KhmerNT 12:14  ប៉ុន្ដែ​ស្រ្ដី​នោះ​បាន​ទទួល​ស្លាប​ពីរ​របស់​សត្វ​ឥន្ទ្រី​ដ៏​ធំ​ ដើម្បី​ឲ្យ​នាង​អាច​ហើរ​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​របស់​នាង​ដែល​នាង​នឹង​ទទួល​បាន​ការ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ និង​កន្លះ​ឆ្នាំ​ ផុត​ពី​មុខ​សត្វ​ពស់​នោះ។​
Reve KhmerNT 12:15  ពស់​នោះ​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​របស់​វា​មក​ដូច​ជា​ទន្លេ​តាម​ពី​ក្រោយ​ស្រ្ដី​នោះ​ ដើម្បី​ធ្វើ​ឲ្យ​នាង​រសាត់​ទៅ​តាម​ទឹក​ជំនន់។​
Reve KhmerNT 12:16  ប៉ុន្ដែ​ ផែនដី​បាន​ជួយ​ស្រ្ដី​នោះ​ គឺ​ផែនដី​បាន​ហា​មាត់​ ហើយ​លេប​ទន្លេ​ដែល​នាគ​នោះ​បាន​ព្រួស​ចេញ​ពី​មាត់​វា​មក។​
Reve KhmerNT 12:17  ដូច្នេះ​នាគ​ក៏​ខឹង​នឹង​ស្រ្ដី​នោះ​ជា​ខ្លាំង​ ហើយ​ក៏​ចេញ​ទៅ​ច្បាំង​ជាមួយ​នឹង​កូន​ចៅ​ឯ​ទៀតៗ​របស់​នាង​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​ បន្ទាប់​មក​ វា​ក៏​ឈរ​នៅ​លើ​ខ្សាច់​សមុទ្រ។​
Chapter 13
Reve KhmerNT 13:1  នោះ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​ វា​មាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ​ នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។​
Reve KhmerNT 13:2  សត្វ​សាហាវ​ដែល​ខ្ញុំ​ឃើញ​នោះ​ដូច​ជា​ខ្លារ​ខិន​ ជើង​របស់​វា​ដូច​ជា​ជើង​របស់​ខ្លា​ឃ្មុំ​ ហើយ​មាត់​របស់​វា​ដូច​ជា​មាត់​របស់​សត្វ​តោ។​នាគ​ក៏​ប្រគល់​អំណាច​ និង​បល្ល័ង្ក​របស់​វា​ ព្រមទាំង​សិទ្ធិ​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ​
Reve KhmerNT 13:3  ហើយ​ក្បាល​មួយ​របស់​សត្វ​នោះ​ ហាក់​ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់​ ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ ហើយ​ដើរ​តាម​វា។​
Reve KhmerNT 13:4  ពួកគេ​ថ្វាយបង្គំ​នាគ​ ព្រោះ​វា​បាន​ប្រគល់​សិទ្ធិ​អំណាច​របស់​វា​ដល់​សត្វ​សាហាវ​នោះ​ ហើយ​ពួកគេ​ក៏​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ដែរ​ ទាំង​និយាយ​ថា៖​ «តើ​មាន​នរណា​ដូច​សត្វ​នេះ​ តើ​មាន​នរណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?​»
Reve KhmerNT 13:5  សត្វ​សាហាវ​នោះ​បាន​ទទួល​មាត់​និយាយ​ពាក្យ​អួតអាង​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​ធ្វើ​សកម្មភាព​សែសិបពីរ​ខែ។​
Reve KhmerNT 13:6  វា​បាន​ហា​មាត់​របស់​វា​ប្រមាថ​ព្រះជាម្ចាស់​ ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ​ និង​លំនៅ​របស់​ព្រះអង្គ​ ព្រមទាំង​ពួកអ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានសួគ៌។​
Reve KhmerNT 13:7  វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួកគេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ និង​គ្រប់​ប្រទេស​
Reve KhmerNT 13:8  រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​
Reve KhmerNT 13:9  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​
Reve KhmerNT 13:10  អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​
Reve KhmerNT 13:11  ខ្ញុំ​បាន​ឃើញ​សត្វ​សាហាវ​មួយ​ទៀត​ចេញ​ពី​ដី​មក​ វា​មាន​ស្នែង​ពីរ​ដូច​ជា​កូនចៀម​ ហើយ​វា​និយាយ​ដូច​ជា​នាគ។​
Reve KhmerNT 13:12  វា​ប្រើ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវ​ទីមួយ​នៅ​ពី​មុខ​សត្វ​សាហាវ​ទីមួយ​ ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​ និង​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វ​សាហាវ​ទីមួយ​ដែល​របួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។​
Reve KhmerNT 13:13  វា​ធ្វើ​ទី​សំគាល់​ធំៗ​ សូម្បី​តែ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​នៅ​មុខ​មនុស្ស​ផង​
Reve KhmerNT 13:14  ហើយ​វា​បោក​បញ្ឆោត​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយសារ​ទី​សំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វ​សាហាវ​នោះ​ ទាំង​ប្រាប់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូប​ចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ ហើយ​នៅ​មាន​ជីវិត​នោះ។​
Reve KhmerNT 13:15  វា​ក៏​បាន​ទទួល​អំណាច​នឹង​ផ្ដល់​វិញ្ញាណ​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ ដើម្បី​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​និយាយ​បាន​ និង​ធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ​ដែល​មិន​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ស្លាប់​ផង។​
Reve KhmerNT 13:16  វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ ទាំង​តូច​ ​ទាំង​ធំ​ ទាំង​អ្នកក្រ​ ទាំង​អ្នកមាន​ ទាំង​អ្នក​មាន​សេរីភាព ទាំង​បាវបម្រើ​ឲ្យ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ​ ឬ​នៅ​លើ​ថ្ងាស​របស់​ពួកគេ​
Reve KhmerNT 13:17  ដើម្បី​កុំ​ឲ្យ​អ្នកណា​អាច​ទិញ​ ​ឬ​លក់​អ្វី​បាន​ឡើយ​ ប្រសិន​បើ​គេ​គ្មាន​សញ្ញា​សំគាល់​នោះ​ទេ​ គឺ​ជា​ឈ្មោះ​របស់​សត្វ​សាហាវ​នោះ​ ឬ​លេខ​ឈ្មោះ​របស់​វា។​
Reve KhmerNT 13:18  នេះ​ហើយ​គឺ​ជា​ប្រាជ្ញា​ ហើយ​អ្នកណា​ដែល​មាន​ការ​យល់​ដឹង​ ចូរ​គិត​លេខ​របស់​សត្វ​សាហាវ​នោះ​ចុះ​ ដ្បិត​លេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្ស​ លេខ​របស់​វា​គឺ​ ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។​
Chapter 14
Reve KhmerNT 14:1  បន្ទាប់​មក​ ខ្ញុំ​មើល​ទៅ​ឃើញ​កូនចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ ហើយ​នៅ​ជាមួយ​ព្រះអង្គ​មាន​មនុស្ស​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ដែល​មាន​ព្រះនាម​របស់​ព្រះអង្គ​ និង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​សរសេរ​នៅ​លើ​ថ្ងាស​របស់​គេ​
Reve KhmerNT 14:2  ខ្ញុំ​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​នោះ​ គឺ​ដូច​ជា​សំឡេងរបស់​ពួកអ្នក​លេង​ពិណ​កំពុង​ប្រគំ​ពិណ​របស់​ខ្លួន​
Reve KhmerNT 14:3  ពួកគេ​ច្រៀង​ចម្រៀង​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក​ នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន​ និង​នៅ​មុខ​ពួក​ចាស់ទុំ​ ហើយ​គ្មាន​អ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ​ លើក​លែង​តែ​មនុស្ស​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ដែល​ត្រូវ​បាន​លោះ​ចេញ​ពី​ផែនដី​ប៉ុណ្ណោះ។​
Reve KhmerNT 14:4  មនុស្ស​ទាំង​នេះ​គឺ​ជា​ពួកអ្នក​ដែល​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ជាមួយ​នឹង​ស្រ្ដី​ ដ្បិត​ពួកគេ​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ។​ អ្នក​ទាំង​នេះ​គឺ​ជា​ពួកអ្នក​ដែល​ដើរ​តាម​កូនចៀម​គ្រប់​ទី​កន្លែង​ដែល​កូនចៀម​ទៅ។​ អ្នក​ទាំង​នេះ​ត្រូវ​បាន​លោះ​ចេញ​ពី​ចំណោម​មនុស្ស​ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះជាម្ចាស់​ និង​ដល់​កូនចៀម​
Reve KhmerNT 14:5  ហើយ​នៅ​មាត់​របស់​ពួកគេ​មិន​ឃើញ​មាន​សេចក្ដី​ភូតភរ​ឡើយ​ ពួកគេ​ជា​មនុស្ស​ឥត​បន្ទោស​បាន។​
Reve KhmerNT 14:6  ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ហោះ​នៅ​កណ្ដាល​អាកាស​ ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់កល្ប​ជានិច្ច​ ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ គឺ​ដល់​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ និង​គ្រប់​ជនជាតិ​
Reve KhmerNT 14:7  ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ចុះ​ ដ្បិត​ពេល​ដែល​ព្រះអង្គ​ត្រូវ​ជំនុំ​ជម្រះ​បាន​មក​ដល់​ហើយ​ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ ផែនដី​ សមុទ្រ​ និង​ប្រភព​ទឹក​ទាំងឡាយ​ចុះ»​។​
Reve KhmerNT 14:8  មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​
Reve KhmerNT 14:9  បន្ទាប់​មក​ មាន​ទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីបី​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «បើ​អ្នកណា​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ហើយ​ទទួល​យក​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ខ្លួន​
Reve KhmerNT 14:10  អ្នក​នោះ​នឹងត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់​ចូល​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ ​ហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទារុណកម្ម​នៅ​ក្នុង​ភ្លើង​ និង​ស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​ និង​នៅ​ចំពោះ​មុខ​កូនចៀម។​
Reve KhmerNT 14:11  នោះ​ផ្សែង​នៃ​ទារុណ​កម្ម​របស់​ពួកគេ​ក៏​ហុយ​ឡើង​អស់កល្ប​ជានិច្ច​ ពួកគេ​គ្មាន​សេចក្ដី​ស្រាកស្រាន្ដ​ឡើយ​ ទាំង​ថ្ងៃ​ ទាំង​យប់​ គឺ​ពួកអ្នក​ដែល​ថ្វាយបង្គំ​សត្វ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​អ្នកណា​ដែល​ទទួល​សញ្ញា​សំគាល់​នៃ​ឈ្មោះ​របស់​វា​ផង។​»
Reve KhmerNT 14:12  នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូ។​
Reve KhmerNT 14:13  ខ្ញុំ​ក៏​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់​ពី​ពេល​នេះ​តទៅ!»​ ព្រះវិញ្ញាណ​ក៏​មាន​បន្ទូល​ថា​ «មែន​ហើយ​ ពួកគេ​នឹង​បាន​សម្រាក​ពី​ការ​នឿយ​ហត់​របស់​ពួកគេ​ ដ្បិត​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​តាម​ជាប់​ពួកគេ»។​
Reve KhmerNT 14:14  ពេល​នោះ​ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ​ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​អង្គុយ​លើ​ពពក​នោះ​ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ និង​កាន់​កណ្ដៀវ​ដ៏​មុត​នៅ​នឹង​ដៃ​របស់​លោក។​
Reve KhmerNT 14:15  មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​មក​ ទាំង​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​នោះ​ថា៖​ «សូម​ប្រើ​កណ្ដៀវ​របស់​លោក​ទៅ​ច្រូត​ចុះ​ ដ្បិត​ដល់​ពេល​ច្រូត​ហើយ​ ពី​ព្រោះ​ចម្រូត​នៅ​ផែនដី​ទុំ​ហើយ។​»
Reve KhmerNT 14:16  ដូច្នេះ​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​ក៏​បោះ​កណ្ដៀវ​របស់​លោក​ទៅ​លើ​ផែនដី​ នោះ​ផែនដី​ក៏​ត្រូវ​បាន​ច្រូត។​
Reve KhmerNT 14:17  មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​ដែល​នៅ​ស្ថានសួគ៌​ ទេវតា​នោះ​ក៏​មាន​កណ្ដៀវ​មួយ​ដ៏​មុត​ដែរ​
Reve KhmerNT 14:18  បន្ទាប់​មក​ ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​ ក៏​ចេញ​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ទេវតា​ដែល​មាន​កណ្ដៀវ​ដ៏​មុត​នោះ​ថា៖​ «ចូរ​ប្រើ​កណ្ដៀវ​ដ៏​មុត​របស់​អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​ផែនដី​ចុះ​ ដ្បិត​ផ្លែ​វា​ទុំ​ហើយ។​»
Reve KhmerNT 14:19  ដូច្នេះ​ទេវតា​នោះ​ក៏​បោះ​កណ្ដៀវ​របស់​គាត់​ទៅ​លើ​ផែនដី​ ហើយ​ប្រមូល​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​ រួច​បោះ​ចូល​ទៅ​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់។​
Reve KhmerNT 14:20  ឯ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នោះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​បញ្ជាន់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ ហើយ​មាន​ឈាម​ចេញ​ពី​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នោះ​ឡើង​ដល់​បង្ហៀរ​សេះ​ចម្ងាយ​មួយពាន់​ប្រាំមួយរយ​ស្ដេឌៀ។​
Chapter 15
Reve KhmerNT 15:1  បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​ដែល​ធំ​ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ​ គឺ​មាន​ទេវតា​ប្រាំពីរ​កាន់​គ្រោះកាច​ប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុង​ក្រោយ​ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ដោយសារ​គ្រោះកាច​ទាំង​នោះ។​
Reve KhmerNT 15:2  ខ្ញុំ​បាន​ឃើញ​មាន​ដូច​ជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​ ហើយ​ពួកអ្នក​ដែល​បាន​ឈ្នះ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​លេខ​ឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ​ ទាំង​កាន់​ពិណ​របស់​ព្រះជាម្ចាស់​
Reve KhmerNT 15:3  ពួកគេ​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ចម្រៀង​របស់​កូនចៀម​ថា៖​ «ឱ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ!​ ស្នារ​ព្រះហស្ដ​របស់​ព្រះអង្គ​ធំ​ ហើយ​អស្ចារ្យ​ណាស់​ ឱ​ព្រះ​មហាក្សត្រ​នៃ​ជនជាតិ​ទាំងឡាយ​អើយ!​ ផ្លូវ​របស់​ព្រះអង្គ​សុចរិត​ ហើយ​ពិត​ត្រង់​
Reve KhmerNT 15:4  ឱ​ព្រះអម្ចាស់​អើយ!​ តើ​មាន​អ្នកណា​មិន​កោតខ្លាច​ ហើយ​មិន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះនាម​របស់​ព្រះអង្គ?​ ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ។​ ជនជាតិ​ទាំង​អស់​នឹង​ចូល​មក​ ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ ព្រោះ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ»។​
Reve KhmerNT 15:5  ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​នៅ​ស្ថានសួគ៌​ ដែល​ជា​រោង​នៃ​សេចក្ដី​បន្ទាល់​បាន​បើក​ចំហ​
Reve KhmerNT 15:6  ហើយ​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ​ក៏​ចេញ​ពី​ព្រះវិហារ​មក​ ទាំង​ស្លៀក​ពាក់​សំពត់​ទេសឯក​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​ ក៏​ពាក់​ខ្សែក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​
Reve KhmerNT 15:7  ពេល​នោះ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​ប្រគល់​ពាន​មាស​ប្រាំពីរ​ដល់​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​
Reve KhmerNT 15:8  ព្រះវិហារ​ក៏​បាន​ពេញ​ដោយ​ផ្សែង​ចេញ​ពី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ​ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បាន​ទេ​ រហូត​ទាល់​តែ​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​នោះ​ចប់​សព្វ​គ្រប់​សិន។​
Chapter 16
Reve KhmerNT 16:1  បន្ទាប់​មក​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​មក​ បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំពីរ​ថា៖​ «ចូរ​ចេញ​ទៅ​ ហើយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចេញ​ពី​ពាន​ទាំង​ប្រាំពីរ​នោះ​ទៅ​លើ​ផែនដី​ទៅ»។​
Reve KhmerNT 16:2  ដូច្នេះ​ ទេវតា​ទីមួយ​ក៏​ចេញ​ទៅ​ ហើយ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ផែនដី​ នោះ​ក៏​មាន​ដំបៅ​យ៉ាង​អាក្រក់​ និង​យ៉ាង​ឈឺចាប់​ កើត​លើ​មនុស្ស​ដែល​មាន​សញ្ញា​សំគាល់​របស់​សត្វ​សាហាវ​នោះ​ និង​ពួកអ្នក​ដែល​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា។​
Reve KhmerNT 16:3  ទេវតា​ទីពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​សមុទ្រ​ នោះ​សមុទ្រ​ក៏​ត្រលប់​ជា​ឈាម​ ដូច​ជា​ឈាម​របស់​មនុស្ស​ស្លាប់​ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។​
Reve KhmerNT 16:4  បន្ទាប់​មក​ ទេវតា​ទីបី​យក​ពី​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ​ និង​ប្រភព​ទឹក​ទាំងឡាយ​ នោះ​ទី​ទាំង​នោះ​ក៏​ត្រលប់​ជា​ឈាម​ដែរ។​
Reve KhmerNT 16:5  ខ្ញុំ​បាន​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា៖​ «ឱ​ព្រះអង្គ​ដ៏​បរិសុទ្ធ​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និង​គង់​នៅ​តាំង​ពី​ដើម​អើយ!​ ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត​ ព្រោះ​ព្រះអង្គ​បាន​សម្រេច​ធ្វើ​ការ​ទាំង​នេះ​ហើយ​
Reve KhmerNT 16:6  ដ្បិត​ពួកគេ​បាន​បង្ហូរ​ឈាម​ពួក​បរិសុទ្ធ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ឈាម​ពួកគេ​ផឹក​ គឺ​ពួកគេ​សម​នឹង​ដូច្នេះ​ហើយ»។​
Reve KhmerNT 16:7  នោះ​ខ្ញុំ​ឮ​កន្លែង​ថ្វាយ​តង្វាយ​និយាយ​ថា៖​ «មែន​ហើយ​ ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ!​ ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ ហើយ​សុចរិត»។​
Reve KhmerNT 16:8  ទេវតា​ទីបួន​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះអាទិត្យ​ ហើយ​ដួង​អាទិត្យ​ក៏​បាន​ទទួល​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លោច​ដោយសារ​ភ្លើង។​
Reve KhmerNT 16:9  មនុស្ស​ត្រូវ​ខ្លោច​ដោយសារ​កំដៅ​យ៉ាង​ខ្លាំង​ នោះ​ពួកគេ​ក៏​ជេរ​ប្រមាថ​ព្រះនាម​របស់​ព្រះជាម្ចាស់​ដែល​មាន​សិទ្ធិ​អំណាច​លើ​គ្រោះកាច​ទាំង​នោះ​ ហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ដែរ។​
Reve KhmerNT 16:10  ទេវតា​ទីប្រាំ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​សាហាវ​នោះ​ នោះ​នគរ​របស់​វា​ក៏​ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​មនុស្ស​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយ​ព្រោះ​តែ​ការ​ឈឺចាប់​
Reve KhmerNT 16:11  ពួកគេ​ក៏​ជេរ​ប្រមាថ​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌​ ដោយ​ព្រោះ​តែ​ការ​ឈឺចាប់​ និង​ដោយ​ព្រោះ​តែ​ដំបៅ​របស់​ពួកគេ​ ហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​ដែរ។​
Reve KhmerNT 16:12  ទេវតា​ទីប្រាំមួយ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ​ គឺ​ទន្លេ​អើប្រាត​ នោះ​ទឹក​ទន្លេ​ក៏​រីង​អស់​ ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មក​ពី​ទិស​ខាង​កើត។​
Reve KhmerNT 16:13  ខ្ញុំ​បាន​ឃើញ​វិញ្ញាណ​អាក្រក់​បី​ ដូច​ជា​សត្វ​កង្កែប​ចេញ​ពី​មាត់​នាគ​ ពី​មាត់​សត្វ​សាហាវ​នោះ​ និង​ពី​មាត់​ពួកអ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​
Reve KhmerNT 16:14  ដ្បិត​វិញ្ញាណ​ទាំង​នោះ​ គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទី​សំគាល់​ ពួកវា​ចេញ​ទៅ​រក​ពួក​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ ដើម្បី​ប្រមូល​ស្ដេច​ទាំង​នោះ​មក​ក្នុង​ចម្បាំង​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​
Reve KhmerNT 16:15  («មើល៍​ យើង​នឹង​មក​ដូច​ជា​ចោរ!​ មាន​ពរ​ហើយ​អ្នក​ដែល​ប្រុង​ស្មារតី​ ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន​មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​ និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស​របស់​ខ្លួន»)។​
Reve KhmerNT 16:16  វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​
Reve KhmerNT 16:17  ទេវតា​ទីប្រាំពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​អាកាស​ នោះ​មាន​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​ គឺ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ការ​បាន​សម្រេច​ហើយ!»​
Reve KhmerNT 16:18  នោះ​ក៏​មាន​ផ្លេកបន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ និង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​ដែល​មិន​ធ្លាប់​កើត​មាន​ចាប់​តាំង​ពី​មនុស្ស​កើត​មក​នៅ​លើ​ផែនដី​ គឺ​ជា​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ និង​ធំ​សម្បើម។​
Reve KhmerNT 16:19  ទី​ក្រុង​ដ៏​ធំ​នោះ​បាន​បែក​ចេញ​ជា​បី​ផ្នែក​ ហើយ​ទី​ក្រុង​របស់​ជនជាតិ​ទាំងឡាយ​ក៏​ដួល​រលំ។​ ព្រះជាម្ចាស់​នឹកចាំ​ពី​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ដើម្បី​ឲ្យ​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។​
Reve KhmerNT 16:20  គ្រប់​ទាំង​កោះ​ក៏​រត់​ទៅ​បាត់​ ហើយ​ភ្នំ​ក៏​លែង​ឃើញ​មាន​ទៀត​ដែរ​
Reve KhmerNT 16:21  ហើយ​មាន​គ្រាប់​ព្រឹល​ធំៗ​ ដែល​គ្រាប់​នីមួយៗ​មាន​ទម្ងន់​មួយ​ឋាឡាន់​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​ ដូច្នេះ​ មនុស្ស​ក៏​ជេរ​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​គ្រោះកាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ​ ដ្បិត​គ្រោះកាច​នោះ​ខ្លាំង​ក្រៃលែង។​
Chapter 17
Reve KhmerNT 17:1  បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា៖​ «ចូរ​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន​
Reve KhmerNT 17:2  ពួក​ស្ដេច​នៅ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​នាង​ ហើយ​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​បាន​ស្រវឹង​ដោយសារ​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង»។​
Reve KhmerNT 17:3  ទេវតា​ក៏​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​រហោឋាន​ ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​ឃើញ​ស្រ្ដី​ម្នាក់​អង្គុយ​នៅ​លើ​សត្វ​សាហាវ​មួយ​សម្បុរ​ក្រហមទុំ​ វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​នៅ​ពាសពេញ​ខ្លួន​ ហើយ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់។​
Reve KhmerNT 17:4  ស្រ្ដី​ស្លៀក​ពាក់​ពណ៌​ស្វាយ​ និង​ពណ៌​ក្រហមទុំ​ ហើយ​តុបតែង​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​ ទាំង​កាន់​ពែង​មាស​មួយ​នៅ​ក្នុង​ដៃ​ដែល​ពេញ​ដោយ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ស្មោកគ្រោក​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​
Reve KhmerNT 17:5  ហើយ​នៅ​លើ​ថ្ងាស​របស់​នាង​មាន​សរសេរ​ឈ្មោះ​ ជា​សេចក្ដី​អាថ៌កំបាំង​ថា «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ជា​ម្ដាយ​របស់​ពួក​ស្រ្ដី​ពេស្យា​ និង​អំពើ​គួរ​ស្អប់ខ្ពើម​នៅ​ផែនដី»។​
Reve KhmerNT 17:6  ខ្ញុំ​ឃើញ​ស្រ្ដី​នោះ​ស្រវឹង​ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូ។​ ពេល​ខ្ញុំ​ឃើញ​នាង​ ខ្ញុំ​ងឿង​ឆ្ងល់​ជា​ខ្លាំង។​
Reve KhmerNT 17:7  ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​ងឿង​ឆ្ងល់​ដូច្នេះ?​ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អាថ៌កំបាំង​របស់​ស្រ្តី​នោះ​ និង​សត្វ​សាហាវ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ដែល​នាង​ជិះ​នោះ។​
Reve KhmerNT 17:8  សត្វ​សាហាវ​ដែល​អ្នក​បាន​ឃើញ​នោះ​ កាល​ពី​ដើម​វា​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ទេ​ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ទី​ជម្រៅ​មក​ រួច​ទៅ​រក​សេចក្ដី​វិនាស។​ អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​តាំង​ពី​ដើម​កំណើត​ពិភពលោក​មក​នឹង​ងឿង​ឆ្ងល់​ ពេល​ពួកគេ​ឃើញ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ ហើយ​នឹង​ត្រូវ​មក​នោះ។​
Reve KhmerNT 17:9  នេះ​ហើយ​ជា​គំនិត​ដែល​មាន​ប្រាជ្ញា​ គឺ​ក្បាល​ទាំង​ប្រាំពីរ​ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្រ្ដី​នោះ​អង្គុយ​លើ​ និង​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ​
Reve KhmerNT 17:10  ស្ដេច​ប្រាំ​អង្គ​ត្រូវ​បាន​ផ្ដួល​រំលំ​ហើយ​ មួយ​អង្គ​នៅ​សព្វ​ថ្ងៃ​នេះ​ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​ពេល​ស្ដេច​នោះ​មក​ដល់​ ស្ដេច​នោះត្រូវ​នៅ​មួយ​ភ្លែត​ប៉ុណ្ណោះ​
Reve KhmerNT 17:11  រីឯ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​នោះ​ វា​ជា​ស្ដេច​ទីប្រាំបី​ ហើយ​វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​ រួច​វា​ក៏​វិនាស​បាត់​ទៅ។​
Reve KhmerNT 17:12  ស្នែង​ដប់​ដែល​អ្នក​ឃើញ​នោះ​ ជា​ស្ដេច​ដប់​អង្គ​ដែល​មិន​ទាន់​ទទួល​បាន​រាជ្យ​នៅ​ឡើយ​ ប៉ុន្ដែ​ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​អំណាច​ជា​ស្ដេច​រយៈ​ពេល​មួយ​ម៉ោង​ជាមួយ​សត្វ​សាហាវ​នោះ​
Reve KhmerNT 17:13  ស្ដេច​ទាំង​នោះ​មាន​គំនិត​តែ​មួយ​ ហើយ​ពួកគេ​ប្រគល់​អំណាច​ និង​សិទ្ធិ​អំណាច​របស់​ខ្លួន​ដល់​សត្វ​សាហាវ​នោះ​
Reve KhmerNT 17:14  ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​
Reve KhmerNT 17:15  ទេវតា​នោះ​ក៏​និយាយ​មក​កាន់​ខ្ញុំ​ទៀត​ថា៖​ «ទឹក​ដែល​អ្នក​បាន​ឃើញ​ ហើយ​ជា​កន្លែង​ដែល​ស្រ្ដី​ពេស្យា​បាន​អង្គុយ​នោះ​ គឺ​ជា​ប្រជាជន​ បណ្ដាជន​ ជនជាតិ​ និង​ភាសា​ទាំងឡាយ។​
Reve KhmerNT 17:16  រី​ឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ​ និង​សត្វ​សាហាវ​នោះ​ ពួកគេ​នឹង​ស្អប់​ស្រ្ដី​ពេស្យា​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច​ និង​នៅ​អាក្រាត​ ពួកគេ​នឹង​ស៊ី​សាច់​នាង​ ហើយ​ដុត​នាង​ដោយ​ភ្លើង​ទៀត​ផង​
Reve KhmerNT 17:17  ដ្បិត​ព្រះជាម្ចាស់​បាន​ដាក់​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ដ​ពួកគេ​ ដើម្បី​សម្រេច​បំណង​របស់​ព្រះអង្គ​ដោយ​ឲ្យ​ពួកគេ​មាន​គំនិត​តែ​មួយ​ ហើយ​ប្រគល់​រាជ្យ​របស់​ពួកគេ​ដល់​សត្វ​សាហាវ​នោះ​រហូត​ដល់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សម្រេច។​
Reve KhmerNT 17:18  រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​
Chapter 18
Reve KhmerNT 18:1  ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក​ ទាំង​មាន​សិទ្ធិ​អំណាច​ជា​ខ្លាំង​ ហើយ​ផែនដី​ក៏​ភ្លឺ​ដោយសារ​សិរី​រុងរឿង​របស់​ទេវតា​នោះ។​
Reve KhmerNT 18:2  ទេវតា​នោះស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ ជា​ក្រុង​ដ៏​ធំ!​ ជា​ក្រុង​ដែល​បាន​ត្រលប់​ជា​ទី​ជម្រក​របស់​ពួក​អារក្ស​ និង​ជា​សំបុក​របស់​អស់​ទាំង​វិញ្ញាណ​អាក្រក់​ ព្រមទាំង​ជា​សំបុក​របស់​អស់​ទាំង​សត្វ​ស្លាប​ដ៏​អសោច​ និង​អស់​ទាំង​សត្វ​សាហាវ​ដ៏​អសោច​គួរ​ឲ្យ​ស្អប់​ខ្ពើម​
Reve KhmerNT 18:3  ពី​ព្រោះ​ជនជាតិ​ទាំងឡាយ​បាន​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ក្រុង​នោះ​ ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​ក្រុង​នោះ​ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ត្រលប់​ជា​មាន​បាន​ដោយសារ​សេចក្ដី​ស្រើបស្រាល​ដ៏​លើសលប់​របស់​ក្រុង​នោះ»។​
Reve KhmerNT 18:4  ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ ប្រជារាស្រ្ដ​របស់​យើង​អើយ!​ ចូរ​ចេញ​ឲ្យ​ផុត​ពី​ក្រុង​នោះ​មក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​មាន​ចំណែក​នៅ​ក្នុង​បាប​របស់​ក្រុង​នោះ​ ហើយ​ក៏​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​រង​គ្រោះកាច​ណា​មួយ​របស់​ក្រុង​នោះ​ដែរ​
Reve KhmerNT 18:5  ដ្បិត​បាប​របស់​ក្រុង​នោះ​បាន​គរ​ជា​គំនរ​ឡើង​ខ្ពស់​ដល់​មេឃ​ ហើយ​ព្រះជាម្ចាស់​បាន​នឹកចាំ​ពី​អំពើ​អាក្រក់​របស់​ក្រុង​នោះ។​
Reve KhmerNT 18:6  ចូរ​សង​ដល់​ក្រុង​នោះ​តាម​ការ​ដែល​ក្រុង​នោះ​បាន​ធ្វើ​ចុះ​ ហើយ​ឲ្យ​ដល់​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​តាម​អំពើ​របស់​ក្រុង​នោះ។​ ចូរ​ចាក់​ឲ្យ​ក្រុង​នោះ​វិញ​មួយ​ជា​ពីរ​ទៅ​ក្នុង​ពែង​ដែល​ក្រុង​នោះ​បាន​ចាក់​ឲ្យ​ចុះ។​
Reve KhmerNT 18:7  ក្រុង​នោះ​បាន​តម្កើង​ខ្លួន​ ហើយ​រស់​នៅ​ដោយ​ស្រើបស្រាល​ជា​យ៉ាង​ណា​ ចូរ​ប្រគល់​ការ​ឈឺចាប់​ និង​ទុក្ខព្រួយ​ដល់​ក្រុង​នោះ​ជា​យ៉ាង​នោះ​ចុះ​ ដ្បិត​ក្រុង​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា៖​ «ខ្ញុំ​អង្គុយ​ជា​មហា​ក្សត្រិយានី​ ខ្ញុំ​មិន​មែន​ជា​ស្រ្ដី​មេម៉ាយ​ទេ​ ហើយ​ខ្ញុំក៏​មិន​ជួប​ទុក្ខព្រួយ​ឡើយ»។​
Reve KhmerNT 18:8  ហេតុ​នេះ​បាន​ជា​គ្រោះកាច​របស់​ក្រុង​នោះ​នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ជា​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ និង​គ្រោះ​អត់ឃ្លាន​ ហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង​ ដ្បិត​ព្រះអម្ចាស់​ដែល​ជំនុំ​ជម្រះ​ក្រុង​នោះ​ ព្រះអង្គ​ខ្លាំង​ពូកែ។​
Reve KhmerNT 18:9  ពួក​ស្ដេច​នៅ​លើ​ផែនដី​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ហើយ​រស់​នៅ​យ៉ាង​ស្រើបស្រាល​ជាមួយ​ក្រុង​នោះ​នឹង​ទ្រហោយំ​ ហើយ​ទួញសោក​ ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ។​
Reve KhmerNT 18:10  ពួកគេ​ឈរ​ពី​ចម្ងាយ​ ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ និង​ជា​ក្រុង​ដ៏​ខ្លាំង​ពូកែ​អើយ!​ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​អ្នក​បាន​សម្រេច​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង»។​
Reve KhmerNT 18:11  រីឯ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ទ្រហោយំ​ ហើយ​កាន់​ទុក្ខ​នឹង​ក្រុង​នោះ​ ព្រោះ​លែង​មាន​នរណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀត​ហើយ​
Reve KhmerNT 18:12  ទំនិញ​ទាំង​នោះ​មាន​ មាស​ ប្រាក់​ ត្បូង​ដ៏​មាន​តម្លៃ​ គជ់​ ក្រណាត់​ទេសឯក​ប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​សូត្រ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ឈើ​ក្រអូប​គ្រប់​ប្រភេទ​ គ្រឿង​ភ្លុក​គ្រប់​ប្រភេទ​ គ្រឿង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ពី​ឈើ​ ពី​លង្ហិន​ ពី​ដែក​ និង​ពី​ថ្ម​កែវ​
Reve KhmerNT 18:13  ហើយ​មាន​សំបក​ដើម​សម្បុរល្វែង​ គ្រឿង​ទេស​ គ្រឿង​ក្រអូប​ ប្រេង​ក្រអូប​ កំញ៉ាន​ ស្រា​ទំពាំងបាយជូរ​ ប្រេង​អូលីវ​ ម្សៅម៉ដ្ដ​ ស្រូវ​សាលី​ គោ​ក្របី​ ចៀម​ សេះ​ រទេះ​ បាវបម្រើ​ និង​ជីវិត​មនុស្ស​ផង។​
Reve KhmerNT 18:14  ភោគផល​ដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​ បាន​ចេញ​ឆ្ងាយ​ពី​អ្នក​ទៅ​ ហើយ​អស់​ទាំង​របស់​ប្រណិតៗ​ និង​របស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់​ពី​អ្នក​ទៅ​ដែរ​ រួច​របស់​ទាំង​នោះ​ក៏​លែង​ឃើញ​មាន​ទៀត​ហើយ។​
Reve KhmerNT 18:15  ពួក​ឈ្មួញ​ជួញ​របស់​ទាំង​នេះ​ដែល​ត្រលប់​ជា​មាន​បាន​ដោយសារ​ក្រុង​នោះ​ នឹង​ឈរ​ពី​ចម្ងាយ​ដោយ​ព្រោះ​ខ្លាច​ការ​ឈឺចាប់​របស់​ក្រុង​នោះ​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​
Reve KhmerNT 18:16  ហើយ​និយាយ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​អើយ!​ អ្នក​បាន​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេស​ឯកប្រណិត​ ក្រណាត់​ពណ៌​ស្វាយ​ ក្រណាត់​ពណ៌​ក្រហមទុំ​ ទាំង​តុបតែង​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​
Reve KhmerNT 18:17  ដ្បិត​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ ទ្រព្យ​សម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាស​អស់»។​ រីឯ​អស់​ទាំង​អ្នក​បើក​នាវា​ ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ កម្មករ​នាវា​ និង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរ​ពី​ចម្ងាយ​
Reve KhmerNT 18:18  ហើយ​ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «តើ​មាន​ក្រុង​ណា​ដូច​ជា​ក្រុង​ដ៏​ធំ​នេះ?»​
Reve KhmerNT 18:19  ពួកគេ​ក៏​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន​ ហើយ​ស្រែក​ឡើង​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​ដែល​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​ត្រលប់​ជា​មាន​បាន​ដោយសារ​ទ្រព្យ​សម្បត្ដិ​របស់​ក្រុង​នោះ​ ដ្បិត​ក្រុង​នោះ​បាន​វិនាស​អស់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!
Reve KhmerNT 18:20  ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​
Reve KhmerNT 18:21  ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​
Reve KhmerNT 18:22  សំឡេង​របស់​ពួកអ្នក​លេង​ពិណ​ ពួកអ្នក​លេង​ភ្លេង​ ពួកអ្នក​ផ្លុំ​ខ្លុយ​ និង​ពួកអ្នក​ផ្លុំ​ត្រែ​ លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ហើយ​ រួច​ក៏​លែង​ឃើញ​មាន​ពួក​ជាង​គ្រប់​ប្រភេទ​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ រីឯ​សូរ​ត្បាល់កិន​ នោះ​ក៏​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត។​
Reve KhmerNT 18:23  ពន្លឺ​ចង្កៀង​នឹង​លែង​ភ្លឺ​នៅ​ក្នុង​អ្នក​ទៀត​ ហើយ​សំឡេង​កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក​ គឺ​ជា​អ្នក​ធំ​នៅ​លើ​ផែនដី​ ហើយ​ជនជាតិ​ទាំង​អស់​បាន​វង្វេង​ដោយសារ​មន្ដអាគម​របស់​អ្នក​
Reve KhmerNT 18:24  ហើយ​នៅ​ក្នុង​អ្នក​ក៏​ឃើញ​មាន​ឈាម​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ផែនដី»។​
Chapter 19
Reve KhmerNT 19:1  ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ជា​ច្រើន​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ សេចក្ដី​សង្គ្រោះ​ សិរី​រុងរឿង​ និង​អំណាច​ជា​របស់​ព្រះជាម្ចាស់​នៃ​យើង​
Reve KhmerNT 19:2  ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ ហើយ​សុចរិត​ ពី​ព្រោះ​ព្រះអង្គ​បាន​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​បាន​បំផ្លាញ​ផែនដី​ដោយសារ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ ហើយ​ព្រះអង្គ​ក៏​បាន​សងសឹក​ឲ្យ​ឈាម​របស់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដែល​បាន​ស្លាប់​ដោយសារ​ដៃ​របស់​នាង​ដែរ»។​
Reve KhmerNT 19:3  ពួកគេ​ក៏​បន្លឺ​ឡើង​ម្ដង​ទៀត​ថា៖​ «ហាលេលូយ៉ា!​ ផ្សែង​ហុយ​ឡើង​ពី​នាង​អស់កល្ប​ជានិច្ច»​
Reve KhmerNT 19:4  នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ចុះ​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​គង់​លើ​បល្ល័ង្ក​ ទាំង​និយាយ​ថា៖​ «អាម៉ែន​ ហាលេលូយ៉ា!»​
Reve KhmerNT 19:5  ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ឱ​ អស់​អ្នក​ដែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​ និង​ពួកអ្នក​ដែល​កោតខ្លាច​ព្រះអង្គ​ទាំង​តូច​ ទាំង​ធំ​អើយ!​ ចូរ​សរសើរ​ព្រះជាម្ចាស់​នៃ​យើង​ចុះ!»​
Reve KhmerNT 19:6  ខ្ញុំ​បាន​ឮ​សំឡេង​ដូច​ជា​សំឡេង​របស់​មនុស្ស​ជា​ច្រើន​ ហើយ​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​បាន​សោយរាជ្យ​ហើយ​
Reve KhmerNT 19:7  ចូរ​យើង​ត្រេកអរ​ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ​ រួច​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ ដ្បិត​ដល់​ពេល​រៀប​មង្គលការ​កូនចៀម​ហើយ​ រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​
Reve KhmerNT 19:8  កូន​ក្រមុំ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ក្រណាត់​ទេសឯក​ប្រណិត​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​ ដ្បិត​សម្លៀក​បំពាក់​ក្រណាត់​ទេសឯក​ប្រណិត​នោះ​ ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ»។​
Reve KhmerNT 19:9  ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​ចូល​រួម​ពិធី​ជប់លៀង​មង្គលការ​របស់​កូនចៀម»​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «សេចក្ដី​ទាំង​នេះ​ជា​ព្រះបន្ទូល​ដ៏​ពិត​របស់​ព្រះជាម្ចាស់»។​
Reve KhmerNT 19:10  ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»
Reve KhmerNT 19:11  ខ្ញុំ​ក៏​បាន​ឃើញ​មេឃ​បើក​ចំហ​ ហើយ​មើល៍​ មាន​សេះ​ស​មួយ​ ព្រះអង្គ​ដែល​គង់​លើ​វា​មាន​ព្រះនាម​ថា​ ស្មោះត្រង់​ ហើយ​ពិត​ត្រង់។​ ព្រះអង្គ​ជំនុំ​ជម្រះ​ និង​ច្បាំង​ដោយ​សុចរិត។​
Reve KhmerNT 19:12  ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​ជា​អណ្ដាត​ភ្លើង​ ហើយ​នៅ​លើ​ព្រះសិរ​របស់​ព្រះអង្គ​មាន​មកុដ​ជា​ច្រើន​ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​បាន​សរសេរ​ទុក​ ហើយ​គ្មាន​នរណា​ស្គាល់​ឡើយ​ លើក​លែង​តែ​ព្រះអង្គ​ប៉ុណ្ណោះ​
Reve KhmerNT 19:13  ព្រះអង្គ​ស្លៀក​សម្លៀកបំពាក់​ដែល​ប្រឡាក់​ឈាម​ ហើយ​គេ​ហៅ​ព្រះនាម​ព្រះអង្គ​ថា​ «ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»​
Reve KhmerNT 19:14  រីឯ​កងទ័ព​នៅ​ស្ថានសួគ៌​ដែល​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេសឯក​ប្រណិត​ ស​ស្អាត​ បាន​ជិះ​សេះ​ស​តាម​ព្រះអង្គ។​
Reve KhmerNT 19:15  មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រហារ​ជនជាតិ​ទាំងឡាយ​ដោយសារ​ដាវ​នោះ​ ហើយ​ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ ព្រះអង្គ​ក៏​ជាន់​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះជាម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​
Reve KhmerNT 19:16  ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​
Reve KhmerNT 19:17  ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅ​ក្នុង​ដួងអាទិត្យ​ ហើយ​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​ដល់​សត្វ​ស្លាប​ទាំង​អស់​ដែល​ហើរ​នៅ​កណ្ដាល​អាកាស​ថា៖​ «ចូល​មក​ ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់លៀង​ដ៏​ធំ​របស់​ព្រះជាម្ចាស់​
Reve KhmerNT 19:18  ដើម្បី​ឲ្យ​ពួក​ឯង​ស៊ី​សាច់​ពួក​ស្ដេច​ សាច់​ពួក​មេទ័ព​ សាច់​ពួកអ្នក​ខ្លាំង​ពូកែ​ សាច់​សេះ​ និង​សាច់​ពួកអ្នក​ជិះ​សេះ​ ព្រមទាំង​សាច់​មនុស្ស​ទាំង​អស់​ ទាំង​អ្នក​មាន​សេរីភាព​ ទាំង​បាវបម្រើ​ ទាំង​តូច​ ទាំង​ធំ»។​
Reve KhmerNT 19:19  ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​ និង​ពួក​ស្ដេច​នៅ​លើ​ផែនដី​ ព្រមទាំង​កងទ័ព​របស់​ពួកគេ​ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ​ ហើយ​នឹង​កងទ័ព​របស់​ព្រះអង្គ។​
Reve KhmerNT 19:20  សត្វ​សាហាវ​នោះ​ត្រូវ​ចាប់​បាន​ជាមួយ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា​ ហើយ​ដោយសារ​ទី​សំគាល់​ទាំង​នោះ​ វា​បាន​បោក​បញ្ឆោត​អស់​អ្នក​ដែល​ទទួល​សញ្ញា​សំគាល់​របស់​សត្វ​សាហាវ​នោះ​ និង​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ។​ ពួកវា​ទាំង​ពីរ​ត្រូវ​បាន​បោះ​ទាំង​រស់​ទៅ​ក្នុង​បឹងភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​
Reve KhmerNT 19:21  ហើយ​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ស្លាប់​ដោយសារ​ដាវ​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ។​ សត្វ​ស្លាប​ទាំង​អស់​ក៏​ឆ្អែត​ស្កប់ស្កល់​ដោយសារ​សាច់​ពួកអ្នក​ទាំង​នោះ។​
Chapter 20
Reve KhmerNT 20:1  បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក​ ទាំង​កាន់​កូនសោ​ទី​ជម្រៅ​ និង​ច្រវាក់​យ៉ាង​ធំ​នៅ​ក្នុង​ដៃ​
Reve KhmerNT 20:2  ទេវតា​នោះ​ក៏​ចាប់​នាគ​នោះ​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ជា​មេ​អារក្ស​ផង​ និង​ជា​សាតាំង​ផង​ ហើយ​ចង​វា​ទុក​រយៈ​ពេល​មួយពាន់​ឆ្នាំ​
Reve KhmerNT 20:3  រួច​បោះ​វា​ទៅ​ក្នុង​ទី​ជម្រៅ​ ចាក់​សោរ​ ហើយ​បោះត្រា​ពី​លើ​វា​ ដើម្បី​កុំ​ឲ្យ​វា​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​ពី​ហេតុការណ៍​ទាំង​នោះ​ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។​
Reve KhmerNT 20:4  ខ្ញុំ​បាន​ឃើញ​បល្ល័ង្ក​ជា​ច្រើន​ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ​បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។​ ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ គឺ​ជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ ឬ​រូប​ចម្លាក់​របស់​វា​ ក៏​មិន​បាន​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ពួកគេ​ដែរ​ អ្នក​ទាំង​នោះ​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។​
Reve KhmerNT 20:5  រីឯ​មនុស្ស​ស្លាប់​ឯ​ទៀតៗ​មិន​បាន​រស់​ឡើង​វិញ​ទេ​ រហូត​ទាល់​តែ​គ្រប់​មួយពាន់​ឆ្នាំ​នោះ​សិន។​ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទីមួយ។​
Reve KhmerNT 20:6  មាន​ពរ​ហើយ​ បរិសុទ្ធ​ហើយ​ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ​នេះ​ សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈ​ពេល​មួយពាន់​ឆ្នាំ។
Reve KhmerNT 20:7  លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​
Reve KhmerNT 20:8  ហើយ​វា​នឹង​ចេញ​ទៅ​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ គឺ​ពួក​កុក​ និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។​ ពួកគេ​មាន​ចំនួន​ដូច​ជា​ខ្សាច់​សមុទ្រ។​
Reve KhmerNT 20:9  ពួកគេ​ក៏​ទ្បើង​ទៅ​ពាស​ពេញ​លើ​ផែនដី​ ហើយ​ទ្បោមព័ទ្ធ​ជំរុំ​របស់​ពួក​បរិសុទ្ធ​ និង​ទី​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​ ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ ហើយ​ឆេះ​បំផ្លាញ​ពួកគេ​អស់​ទៅ​
Reve KhmerNT 20:10  រីឯ​អារក្ស​សាតាំង​ដែល​បោក​បញ្ឆោត​ពួកគេ​ ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង​ និង​ស្ពាន់ធ័រ​ ជា​កន្លែង​ដែល​សត្វ​សាហាវ​នោះ​ និង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​ពួកវា​នឹង​ត្រូវ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។​
Reve KhmerNT 20:11  បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​បល័្លង្ក​ស​មួយ​យ៉ាង​ធំ​ និង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ដែរ​ រីឯ​ផែនដី​ និង​ផ្ទៃ​មេឃ​ក៏​រត់​គេច​ពី​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ទៅ​ ហើយ​ឥត​ឃើញ​មាន​កន្លែង​ណា​ទៀត​សម្រាប់​ពួកវា​ឡើយ។​
Reve KhmerNT 20:12  ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ ទាំង​ធំ​ ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​ រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។​ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​
Reve KhmerNT 20:13  សមុទ្រ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ រីឯ​សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ មក​វិញ​ដែរ​ ហើយ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ជំនុំ​ជម្រះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​
Reve KhmerNT 20:14  បន្ទាប់​មក​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង។​ បឹងភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ​
Reve KhmerNT 20:15  ហើយ​បើ​អ្នកណា​ដែល​មិន​ឃើញ​មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​ អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹងភ្លើង​នោះ។​
Chapter 21
Reve KhmerNT 21:1  បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​ថ្មី​ និង​ផែនដី​ថ្មី​ ដ្បិត​ផ្ទៃ​មេឃ​មុន​ និង​ផែនដី​មុន​បាន​បាត់​ទៅ​ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ​
Reve KhmerNT 21:2  ហើយ​ខ្ញុំ​បាន​ឃើញ​ក្រុង​បរិសុទ្ធ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះជាម្ចាស់​ ទាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដូច​កូន​ក្រមុំ​តុបតែង​ខ្លួន​ទទួល​ប្ដី។​
Reve KhmerNT 21:3  ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «មើល៍​ រោង​របស់​ព្រះជាម្ចាស់​បាន​នៅ​ជាមួយ​មនុស្ស​ហើយ​ ព្រះអង្គ​នឹង​តាំង​លំនៅ​ក្នុង​ចំណោម​ពួកគេ​ ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​នៅ​ជាមួយ​ពួកគេ​
Reve KhmerNT 21:4  ព្រះអង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​ ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ សម្រែក​ទ្រហោយំ​ ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ ដ្បិត​អ្វីៗ​កាល​ពី​មុន​បាន​បាត់​អស់​ទៅ​ហើយ»។​
Reve KhmerNT 21:5  ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មាន​បន្ទូល​ថា៖​ «មើល៍​ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​សរសេរ​ទុក​ចុះ​ ដ្បិត​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ»។​
Reve KhmerNT 21:6  បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ការ​បាន​សម្រេច​ហើយ​ យើង​ជា​អាលផា​ និង​ជា​អូមេកា​ ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត។​ អ្នកណា​ដែល​ស្រេក​ យើង​នឹង​ឲ្យ​ផឹក​ពី​ប្រភព​ទឹក​ជីវិត​ ដោយ​ឥត​គិត​ថ្លៃ។​
Reve KhmerNT 21:7  អ្នកណា​មាន​ជ័យជម្នះ​នឹង​ទទួល​បាន​សេចក្ដី​ទាំង​នេះ​ជា​មរតក​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​នោះ​ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។​
Reve KhmerNT 21:8  ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​
Reve KhmerNT 21:9  បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​
Reve KhmerNT 21:10  ទេវតា​នោះ​ក៏​នាំ​ខ្ញុំ​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ ហើយ​ខ្ពស់​ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ​ គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះជាម្ចាស់​
Reve KhmerNT 21:11  ទាំង​មាន​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​ គឺ​ដូច​ជា​ត្បូង​មណីជោតិរស​ ថ្លា​ដូច​កែវ​ចរណៃ។​
Reve KhmerNT 21:12  ក្រុង​នោះ​មាន​កំផែង​ធំ​ ហើយ​ខ្ពស់​ មាន​ទ្វារ​ដប់​ពីរ​ ហើយ​នៅ​ទ្វារ​ទាំង​នោះ​មាន​ទេវតា​ដប់​ពីរ​រូប​ រួច​នៅ​លើ​ទ្វារ​ទាំង​នោះ​មាន​សរសេរ​ឈ្មោះ​ដែល​ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។​
Reve KhmerNT 21:13  នៅ​ទិស​ខាង​កើត​មាន​ទ្វារ​បី​ ទិស​ខាង​ជើង​មាន​ទ្វារ​បី​ ទិស​ខាង​ត្បូង​មាន​ទ្វារ​បី​ និង​ទិស​ខាង​លិច​មាន​ទ្វារ​បី។​
Reve KhmerNT 21:14  រីឯ​កំផែង​របស់​ក្រុង​នោះ​មាន​គ្រឹះ​ដប់ពីរ​ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ឈ្មោះ​ទាំង​ដប់ពីរ​របស់​សាវក​ទាំង​ដប់ពីរ​របស់​កូនចៀម។​
Reve KhmerNT 21:15  ទេវតា​ដែល​និយាយ​ជាមួយ​ខ្ញុំ​នោះ​មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់​ សម្រាប់​វាស់​ក្រុង​ ទ្វារ​ និង​កំផែង​ក្រុង។​
Reve KhmerNT 21:16  ក្រុង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា​ គឺ​បណ្ដោយ​ និង​ទទឹង​ស្មើ​គ្នា។​ ទេវតា​នោះ​បាន​វាស់​ក្រុង​ដោយ​ដំបង​នោះ​ឃើញ​មាន​មួយម៉ឺន​ពីរពាន់​ស្ដេឌៀ​ ហើយ​បណ្ដោយ​ ទទឹង​ និង​កំពស់​របស់​ក្រុង​នោះ​មាន​ប្រវែង​ស្មើ​គ្នា។​
Reve KhmerNT 21:17  ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង​ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​
Reve KhmerNT 21:18  កំផែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស​ ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ​សុទ្ធ។​
Reve KhmerNT 21:19  គ្រឹះ​របស់​កំផែង​ក្រុង​នោះ​តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ គ្រឹះ​ទីមួយ​គឺ​ជា​ត្បូង​មណីជោតិរស​ ទីពីរ​គឺ​ជា​ត្បូង​កណ្ដៀង​ ទីបី​គឺ​ជា​ត្បូង​មោរ៉ា​ ទីបួន​គឺ​ជា​ត្បូង​មរកត​
Reve KhmerNT 21:20  ទីប្រាំ​គឺ​ជា​ត្បូង​សាមស៊ី​ ទីប្រាំមួយ​គឺ​ជា​ត្បូង​ពិទាយ​ ទីប្រាំពីរ​គឺ​ជា​ត្បូង​ប៊ុតលឿង​ ទីប្រាំបី​គឺ​ជា​ត្បូង​បេរីល​ ទីប្រាំបួន​គឺ​ជា​ត្បូង​ទោប៉ាត់​ ទីដប់​គឺ​ជា​ត្បូងយក់​ ទីដប់​មួយ​គឺ​ជា​ត្បូងនិល​ ទីដប់​ពីរ​គឺ​ជា​ត្បូង​ត្របែក។​
Reve KhmerNT 21:21  ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ​ ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​មួយ​ ហើយ​ផ្លូវ​របស់​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។​
Reve KhmerNT 21:22  ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រមទាំង​កូនចៀម​ គឺ​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។​
Reve KhmerNT 21:23  ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ ឬ​លោកខែ​ដើម្បី​បំភ្លឺ​ឡើយ​ ដ្បិត​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ក្រុង​នោះ​ហើយ​ រីឯ​កូនចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។​
Reve KhmerNT 21:24  ជនជាតិ​ទាំងឡាយ​នឹង​ដើរ​នៅ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ​ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែនដី​ក៏​នាំ​យក​សិរី​រុងរឿង​របស់​ខ្លួន​មក​ក្នុង​ក្រុង​នោះ​ដែរ​
Reve KhmerNT 21:25  ហើយ​ទ្វារ​ក្រុង​នោះ​មិន​ដែល​បិទ​ឡើយ​នៅ​ពេល​ថ្ងៃ​ ដ្បិត​នៅ​ទី​នោះ​គ្មាន​យប់​ទេ​
Reve KhmerNT 21:26  ពួកគេ​នឹង​នាំ​យក​សិរី​រុងរឿង​ និង​កិត្ដិយស​របស់​ជនជាតិ​ទាំងឡាយ​មក​ក្នុង​ក្រុង​នោះ​
Reve KhmerNT 21:27  ហើយ​អ្វីៗ​ដែល​មិន​ស្អាត​ ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​ មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ ទើប​អាច​ចូល​បាន។​
Chapter 22
Reve KhmerNT 22:1  បន្ទាប់​មក​ ទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ​ថ្លា​ដូច​ជា​កែវ​ចរណៃ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​
Reve KhmerNT 22:2  មក​តាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុង​នោះ​ គឺ​ចំ​កណ្ដាល​ផ្លូវ​ ហើយ​នៅ​សង​ខាង​ទន្លេ​មាន​ដើម​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ គឺ​ឲ្យ​ផល​រៀង​រាល់​ខែ​ រីឯ​ស្លឹក​របស់​ដើម​ឈើ​នោះ​សម្រាប់​ប្រោស​ជនជាតិ​ទាំងឡាយ​ឲ្យ​បាន​ជា។​
Reve KhmerNT 22:3  គ្រប់​ទាំង​បណ្ដាសា​លែង​មាន​នៅ​ក្នុង​ក្រុង​នោះ​ទៀត​ហើយ​ គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុង​នោះ​ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ។​
Reve KhmerNT 22:4  ពួកគេ​នឹង​ឃើញ​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅ​លើ​ថ្ងាស​របស់​ពួកគេ។​
Reve KhmerNT 22:5  ក្រុង​នោះ​លែង​មាន​យប់​ទៀត​ហើយ​ ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង​ ឬ​ពន្លឺ​ថ្ងៃ​ទៀត​ឡើយ​ ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ​ ហើយ​ពួកគេ​នឹង​សោយរាជ្យ​អស់កល្ប​ជានិច្ច។​
Reve KhmerNT 22:6  ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ។​ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត​ ឡើង​ឆាប់ៗ​នេះ។​
Reve KhmerNT 22:7  មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់។​ មាន​ពរ​ហើយ​ អ្នកណា​ដែល​កាន់​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ។​
Reve KhmerNT 22:8  ខ្ញុំ​យ៉ូហាន​ ជា​អ្នក​ដែល​បាន​ឮ​ និង​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ​ ហើយ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ និង​បាន​ឃើញ​ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​ហេតុការណ៍​ទាំង​នេះ​ ដើម្បី​ថ្វាយបង្គំ»​
Reve KhmerNT 22:9  ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ក៏​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​ជា​បងប្អូន​របស់​អ្នក​ ព្រមទាំង​រួម​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​នៅ​ក្នុង​សៀវភៅ​នេះ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ»។​
Reve KhmerNT 22:10  ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «ចូរ​កុំ​បំបិទ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ឡើយ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​
Reve KhmerNT 22:11  អ្នកណា​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ចុះ​ អ្នកណា​ដែល​ស្មោកគ្រោក​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោកគ្រោក​ចុះ​ រីឯ​អ្នកណា​ដែល​សុចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រពឹ្រត្ដ​អំពើ​សុចរិត​ចុះ​ ហើយ​អ្នកណា​ដែល​បរិសុទ្ធ​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ ចុះ»។​
Reve KhmerNT 22:12  «មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់​ ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ផង​ ដើម្បី​ប្រគល់​ឲ្យ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្តិ​របស់​ខ្លួន។​
Reve KhmerNT 22:13  យើង​ជា​អាលផា​ និង​ជា​អូមេកា​ គឺ​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ហើយ​ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត»។​
Reve KhmerNT 22:14  មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវ​វែង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​លើ​ដើម​ជីវិត​ និង​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។​
Reve KhmerNT 22:15  នៅ​ខាង​ក្រៅ​ក្រុង​ ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​ឃាតក​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួកអ្នក​ដែល​ស្រឡាញ់​សេចក្តី​ភូតភរ​ ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។​
Reve KhmerNT 22:16  «យើង​ជា​យេស៊ូ​ យើង​បាន​ចាត់​ទេវតា​របស់​យើង​ឲ្យ​មក​ធ្វើ​បន្ទាល់​សេចក្ដី​ទាំង​នេះ​បា្រប់​អ្នក​រាល់គ្នា​អំពី​ក្រុមជំនុំ​ទាំងឡាយ​ ហើយ​យើង​ជា​ពន្លក​ ជា​ពូជ​របស់​ដាវីឌ​ និង​ជា​ផ្កាយ​ពឹ្រក​ដ៏​ភ្លឺ​ចិញ្ចែង»។​
Reve KhmerNT 22:17  ព្រះវិញ្ញាណ​ និង​កូន​ក្រមុំ​និយាយ​ថា៖​ «សូម​យាង​មក»​ ហើយ​អ្នកណា​ដែល​ឮ​ ចូរ​ឲ្យ​អ្នក​នោះ​និយាយ​ថា៖​ «សូម​យាង​មក»។​ អ្នកណា​ដែល​ស្រេក​ ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ អ្នកណា​ដែល​ចង់​បាន​ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​យក​ទឹក​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ចុះ។​
Reve KhmerNT 22:18  ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​ដែល​បាន​ថ្លែងទុក​នៅ​ក្នុង​សៀវភៅ​នេះ​ថា​ បើ​អ្នកណា​បន្ថែម​អ្វី​ទៅ​ក្នុង​សេចក្ដី​ ទាំង​នេះ​ ព្រះជាម្ចាស់​នឹង​បន្ថែម​គ្រោះកាច​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នក​នោះ​
Reve KhmerNT 22:19  ហើយ​បើ​អ្នកណា​ដក​យក​អ្វី​ចេញ​ពី​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ ព្រះជាម្ចាស់​នឹង​ដក​យក​ចំណែក​របស់​អ្នក​នោះ​ចេញ​ពី​ដើម​ជីវិត​ និង​ពី​ក្រុង​បរិសុទ្ធ​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។​
Reve KhmerNT 22:20  ព្រះអង្គ​ដែល​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ទាំង​នេះ​ មាន​បន្ទូល​ថា៖​ «មែន​ហើយ​ យើង​នឹង​មក​យ៉ាង​ឆាប់»។​ អាម៉ែន​ ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​យាង​មក។​
Reve KhmerNT 22:21  សូម​ឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូ​ស្ថិត​នៅ​ជាមួយ​អ្នក​ទាំង​អស់​គ្នា។​ អាម៉ែន៕​