Site uses cookies to provide basic functionality.

OK
MARK
Up
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Toggle notes
Chapter 1
Mark KhmerNT 1:1  ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចាប់​ផ្ដើម​ដូច​ត​ទៅ៖​
Mark KhmerNT 1:2  ដូច​ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ បាន​សរសេរ​ទុក​ថា៖​ «មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​អ្នក​
Mark KhmerNT 1:3  មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ។​»
Mark KhmerNT 1:4  នៅ​ទីរហោឋាន​ លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការ​ប្រែចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប។​
Mark KhmerNT 1:5  មនុស្ស​មកពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ក្រុង​យេរូសាឡិម​បាន​មក​ឯ​លោក​យ៉ូហាន​ ដើម្បី​ទទួល​សារភាព​បាប​របស់​ខ្លួន​ ព្រមទាំង​ទទួល​ពិធីជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់។​
Mark KhmerNT 1:6  លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹក​ឃ្មុំ​ព្រៃ។​
Mark KhmerNT 1:7  លោក​ប្រកាស​ថា៖​ «ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង​
Mark KhmerNT 1:8  ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​
Mark KhmerNT 1:9  នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​
Mark KhmerNT 1:10  ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​
Mark KhmerNT 1:11  ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​
Mark KhmerNT 1:12  ភ្លាម​នោះ​ ព្រះវិញ្ញាណ​ក៏​ជំរុញ​ព្រះអង្គ​ឲ្យ​ទៅ​ទីរហោឋាន។​
Mark KhmerNT 1:13  ព្រះអង្គ​នៅ​ទីរហោឋាន​សែសិប​ថ្ងៃ​ ត្រូវ​អារក្ស​សាតាំង​ល្បួង​ ហើយ​ព្រះអង្គ​នៅ​ជាមួយ​សត្វ​ព្រៃ​ និង​មាន​ទេវតា​ចាំ​បម្រើ​ព្រះអង្គ​ផង។​
Mark KhmerNT 1:14  បន្ទាប់​ពី​គេ​ចាប់​លោក​យ៉ូហាន​ឃុំឃាំង​ ព្រះយេស៊ូ​ក៏​យាង​ចូល​ស្រុក​កាលីឡេ​ ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​
Mark KhmerNT 1:15  ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ពេល​កំណត់​បាន​មក​ដល់​ហើយ​ នគរ​ព្រះជាម្ចាស់​មក​ជិត​បង្កើយ​ ចូរ​ប្រែចិត្ដ​ ហើយ​ជឿ​ដំណឹងល្អ​ចុះ»។​
Mark KhmerNT 1:16  ពេល​ព្រះយេស៊ូ​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជា​ប្អូន​ ពួកគេ​ជា​អ្នក​នេសាទ​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​
Mark KhmerNT 1:17  ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅពួក​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។​
Mark KhmerNT 1:18  ភ្លាម​នោះ​ ពួកគេ​ក៏​ទុក​សំណាញ់​ចោល​ រួច​ដើរ​តាម​ព្រះអង្គ​តែ​ម្ដង។​
Mark KhmerNT 1:19  កាល​យាង​ហួស​ទី​នោះ​បន្ដិច​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ កំពុង​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​សេបេដេ។​
Mark KhmerNT 1:20  ភ្លាម​នោះ​ ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ ពួកគេ​ក៏​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​
Mark KhmerNT 1:21  ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​ប្រជុំ​ភ្លាម​ ហើយ​បាន​បង្រៀន។​
Mark KhmerNT 1:22  អ្នក​ដែល​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ព្រះអង្គ​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូ​វិន័យ​ឡើយ​
Mark KhmerNT 1:23  ហើយ​ភ្លាម​នោះ​ នៅ​ក្នុង​សាលា​ប្រជុំ​ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ចូល​
Mark KhmerNT 1:24  ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​អើយ!​ តើ​យើង​និង​ព្រះអង្គ​មាន​រឿង​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»​
Mark KhmerNT 1:25  ព្រះយេស៊ូ​ក៏​បន្ទោស​វា​ថា៖​ «ស្ងៀម​ ចេញ​ពី​បុរស​នេះ​ទៅ!»​
Mark KhmerNT 1:26  វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន​ និង​ស្រែក​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ពី​គាត់​ទៅ​
Mark KhmerNT 1:27  មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​
Mark KhmerNT 1:28  ភ្លាម​នោះ​ កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ស្រុក​កាលីឡេ។​
Mark KhmerNT 1:29  កាល​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជាមួយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ផង​ដែរ។​
Mark KhmerNT 1:30  កាល​ម្ដាយ​ក្មេក​លោក​ស៊ីម៉ូន​កំពុង​តែ​ដេក​គ្រុន​ គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ​
Mark KhmerNT 1:31  ព្រះអង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើ​ពួកគេ។​
Mark KhmerNT 1:32  នៅ​ល្ងាច​នោះ​ បន្ទាប់​ពី​ថ្ងៃ​លិច​ គេ​នាំ​អស់​អ្នក​ជម្ងឺ​ និង​អ្នក​ដែល​មាន​អារក្ស​ចូល​ទាំងឡាយ​មក​រក​ព្រះអង្គ​
Mark KhmerNT 1:33  អ្នក​ក្រុង​នោះ​ទាំង​មូល​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ​
Mark KhmerNT 1:34  ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ឲ្យ​ជា​សះស្បើយ​ និង​បាន​បណ្ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​ឡើយ​ ព្រោះ​ពួក​វា​ស្គាល់​ព្រះអង្គ។​
Mark KhmerNT 1:35  ពឹ្រក​ឡើង​ កាល​ងងឹត​នៅ​ឡើយ​ ព្រះអង្គ​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ​កន្លែង​ស្ងាត់​ រួច​ក៏​អធិស្ឋាន​នៅ​ទីនោះ​
Mark KhmerNT 1:36  លោក​ស៊ីម៉ូន​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​តាម​រក​ព្រះអង្គ​
Mark KhmerNT 1:37  លុះ​បាន​ឃើញ​ព្រះអង្គ​ហើយ​ ពួកគេ​ទូល​ថា៖​ «មនុស្ស​គ្រប់​គ្នា​កំពុង​រក​លោក»​
Mark KhmerNT 1:38  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​យើង​នាំ​គ្នា​ទៅ​ក្រុង​ផ្សេងៗ​ដែល​នៅ​ជិត​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​នៅ​ទីនោះ​ដែរ​ ដ្បិត​ខ្ញុំ​មក​ដើម្បី​ធ្វើការ​នេះ​ឯង»។​
Mark KhmerNT 1:39  ព្រះអង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។​
Mark KhmerNT 1:40  មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​មក​រក​ព្រះអង្គ​ ហើយ​លុត​ជង្គង់​អង្វរ​ថា៖​ «លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់»​
Mark KhmerNT 1:41  ព្រះអង្គ​អាណិត​គាត់​យ៉ាង​ខ្លាំង​ ទាំង​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​
Mark KhmerNT 1:42  ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង​
Mark KhmerNT 1:43  ព្រះអង្គ​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម​ ទាំង​មាន​បន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​
Mark KhmerNT 1:44  «ចូរ​ប្រយ័ត្ន​ កុំ​និយាយ​រឿង​នេះ​ប្រាប់​អ្នកណា​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ចូរ​ថ្វាយ​តង្វាយ​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​
Mark KhmerNT 1:45  ប៉ុន្ដែ​បុរស​នោះ​បាន​ចេញ​ទៅ​ រួច​ក៏​ចាប់​ផ្ដើម​ប្រកាស​អំពី​ការ​ជា​ច្រើន​ និង​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះ​ ដូច្នេះ​ព្រះអង្គ​មិន​អាច​យាង​ចូល​ក្នុង​ក្រុង​ដោយ​ចំហ​ទៀត​ឡើយ​ គឺ​ព្រះអង្គ​គង់​នៅ​ខាង​ក្រៅ​ក្រុង​ត្រង់​កន្លែង​ស្ងាត់​ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី​បាន​មក​រក​ព្រះអង្គ។​
Chapter 2
Mark KhmerNT 2:1  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ម្ដង​ទៀត​ ហើយ​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ​ផ្ទះ​មួយ​
Mark KhmerNT 2:2  មនុស្ស​ជា​ច្រើន​បាន​មក​ផ្ដុំ​គ្នា​ ធ្វើ​ឲ្យ​គ្មាន​កន្លែង​នៅ​សល់​សោះ​ សូម្បី​តែ​នៅ​មាត់​ទ្វារ ​រីឯ​ព្រះអង្គ​ក៏​ប្រកាស​ព្រះបន្ទូល​ទៅ​កាន់​គេ​
Mark KhmerNT 2:3  ហើយ​មាន​មនុស្ស​បួន​នាក់​បាន​សែង​អ្នក​ស្លាប់​ដៃ​ជើង​ម្នាក់​មក​ឯ​ព្រះអង្គ​
Mark KhmerNT 2:4  តែ​ដោយសារ​មាន​មនុស្ស​ច្រើន​កក​កុញ​ពេក​ គេ​មិន​អាច​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ចូល​ទៅ​ខាង​ក្នុង​បាន​ទេ​ គេ​ក៏​រើ​ដំបូល​ចំ​កន្លែង​ដែល​ព្រះអង្គ​នៅ​ លុះ​បាន​រើ​ហើយ​ ក៏​សំរូត​មនុស្ស​ស្លាប់​ដៃ​ជើង​ដែល​កំពុង​ដេក​លើ​កន្ទេល​នោះ​ចុះ​
Mark KhmerNT 2:5  ព្រះអង្គ​បាន​ឃើញ​ជំនឿ​អ្នក​ទាំង​នោះ​ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ជើង​នោះ​ថា៖​ «កូន​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ»​
Mark KhmerNT 2:6  មាន​គ្រូ​វិន័យ​ខ្លះ​កំពុង​អង្គុយ​នៅ​ទី​នោះ​រិះ​គិត​ក្នុង​ចិត្ដ​ថា៖​
Mark KhmerNT 2:7  «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នកណា​លើក​លែង​ទោស​បាប​បាន​ ក្រៅ​ពី​ព្រះជាម្ចាស់​តែ​មួយ​គត់?»​
Mark KhmerNT 2:8  ព្រះអង្គ​ឈ្វេង​យល់​ក្នុង​វិញ្ញាណ​ភ្លាម​ពី​គំនិត​គេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​កាន់​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​
Mark KhmerNT 2:9  តើ​ការ​ដែល​និយាយ​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការលើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ដើរ​ទៅ​ មួយ​ណា​ស្រួល​ជាង?​
Mark KhmerNT 2:10  ប៉ុន្ដែ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​លើ​ផែន​ដី​នេះ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់អ្ន​ក​ស្លាប់​ដៃ​ជើង​ថា៖​
Mark KhmerNT 2:11  «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»​
Mark KhmerNT 2:12  គាត់​ក៏​ក្រោក​ឡើង​ភ្លាម​ ហើយ​យក​កន្ទេល​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់​ ដូច្នេះ​ គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះ​ទាល់​តែ​សោះ​ពី​មុន​មក»។​
Mark KhmerNT 2:13  ព្រះអង្គ​ចេញ​ទៅ​តាម​មាត់​បឹង​ម្ដង​ទៀត​ មនុស្ស​ច្រើន​កុះករ​មក​តាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បង្រៀន​ពួកគេ។​
Mark KhmerNT 2:14  ពេល​កំពុង​យាង​កាត់​តាម​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​លោក​លេវី​ ជា​កូន​លោក​អាល់​ផាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​ គាត់​បាន​ក្រោក​ឈរ​ឡើង​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​
Mark KhmerNT 2:15  បន្ទាប់​មក​ ព្រះអង្គ​បាន​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​លោក​លេវី​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​ចូល​រួម​បរិភោគ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​ដែរ​ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ដើរ​តាម​ព្រះអង្គ​
Mark KhmerNT 2:16  គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ ពេល​ឃើញ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ​ ក៏​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គាត់​បរិភោគ​ជាមួយ​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​ដូច្នេះ?»​
Mark KhmerNT 2:17  នៅ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវការ​គ្រូ​ពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។​ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​
Mark KhmerNT 2:18  ពួក​សិស្ស​របស់​លោក​យ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​តម​អាហារ។​ ពួកគេ​បាន​មក​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»​
Mark KhmerNT 2:19  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​តម​អាហារ​បាន​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​គេ​នៅ​ឡើយ?​ ដរាប​ណា​កូន​កំ​លោះ​នៅ​ជាមួយ​គេ​នៅ​ឡើយ​ គេ​មិន​អាច​តម​អាហារ​បាន​ទេ​
Mark KhmerNT 2:20  ប៉ុន្ដែ​នឹង​មាន​ថ្ងៃមក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ទៅ​ គេ​នឹង​តម​អាហារ​នៅ​ថ្ងៃនោះ។​
Mark KhmerNT 2:21  គ្មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​នឹង​ក្រណាត់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នោះ​ បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​ក្រណាត់​ចាស់​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​
Mark KhmerNT 2:22  ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ដែរ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។​
Mark KhmerNT 2:23  នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​កាត់​វាល​ស្រែ​ ហើយ​នៅ​តាម​ផ្លូវ​ ពួក​សិស្ស​បាន​ចាប់​ផ្ដើម​បូត​កួរ​ស្រូវ​
Mark KhmerNT 2:24  ហើយ​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ហេតុ​ដូចម្ដេច​បាន​ជា​គេ​ធ្វើ​អ្វី​ដែល​វិន័យ​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»​
Mark KhmerNT 2:25  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ពួក​គេ​មាន​សេចក្ដី​ត្រូវការ​ ហើយ​ឃ្លាន​ទេ​ឬ?​
Mark KhmerNT 2:26  នៅ​សម័យ​សម្ដេច​សង្ឃ​អ័បៀថើរ​ ស្ដេច​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ និង​បាន​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ លើក​លែង​តែ​សង្ឃ​ ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូ​កន​ថែម​ទៀត​ផង»​
Mark KhmerNT 2:27  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ថ្ងៃ​សប្ប័ទ​តាំង​ឡើង​សម្រាប់​មនុស្ស​ ប៉ុន្ដែ​មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ​
Mark KhmerNT 2:28  ដូច្នេះ​ កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។​
Chapter 3
Mark KhmerNT 3:1  ព្រះអង្គ​បាន​យាង​ចូល​សាលា​ប្រជុំ​ម្ដង​ទៀត​ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​
Mark KhmerNT 3:2  គេ​តាម​មើល​ព្រះអង្គ​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​
Mark KhmerNT 3:3  ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​នៅ​កណ្ដាល​ចំណោម​នេះ»​
Mark KhmerNT 3:4  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​
Mark KhmerNT 3:5  ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​
Mark KhmerNT 3:6  អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​
Mark KhmerNT 3:7  ព្រះយេស៊ូ​បាន​ចាក​ចេញ​ជាមួយ​សិស្ស​របស់​ព្រះអង្គ​ទៅ​ឯ​បឹង​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​មក​ពី​ស្រុក​កាលីឡេ​បាន​ដើរ​តាម​ព្រះអង្គ​ ក៏​មាន​មនុស្ស​មក​ពី​ស្រុក​យូដា​
Mark KhmerNT 3:8  ក្រុង​យេរូសាឡិម​ ស្រុក​អេដំ​ ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ស្រុក​នៅ​ជុំ​វិញ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ផង​ដែរ។​ មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះអង្គ​ ពេល​គេ​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ​
Mark KhmerNT 3:9  ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំ​ទូក​មួយ​សម្រាប់​ព្រះអង្គ​ ក្រែង​លោ​មនុស្ស​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះអង្គ​
Mark KhmerNT 3:10  ដោយ​ព្រោះ​តែ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា​ នោះ​អ្នក​ជំងឺ​ទាំង​ឡាយ​ក៏​នាំ​គ្នា​សំរុក​ចូល​មក​ពាល់​ព្រះអង្គ​
Mark KhmerNT 3:11  នៅ​ពេល​ពួក​វិញ្ញាណ​អាក្រក់​បាន​ឃើញ​ព្រះអង្គ​ ពួកវា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះអង្គ​ ទាំង​ស្រែក​ឡើង​ថា៖​ «ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»​
Mark KhmerNT 3:12  ប៉ុន្ដែ​ព្រះអង្គ​បាន​ហាម​ពួកវា​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ឡើយ។​
Mark KhmerNT 3:13  បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​ពេញ​ចិត្ដ​ ពួកគេ​ក៏​បាន​មក​ឯ​ព្រះអង្គ​
Mark KhmerNT 3:14  រួច​ព្រះអង្គ​បាន​តែង​តាំង​ដប់​ពីរ​នាក់​ហៅ​ថា​សាវក​ ដើម្បី​ឲ្យ​នៅ​ជាមួយ​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ចាត់​គេ​ចេញ​ទៅ​ប្រកាស​
Mark KhmerNT 3:15  ទាំង​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​ប្រោស​ជំងឺ​ និង​បណ្ដេញ​អារក្ស​ផង​
Mark KhmerNT 3:16  ព្រះអង្គ​បាន​តែង​តាំង​សាវក​ទាំង​ដប់ពីរ​ដូច​តទៅ​ ព្រះអង្គ​ដាក់​ឈ្មោះ​លោក​ស៊ីម៉ូន​ថា​ «ពេត្រុស»​
Mark KhmerNT 3:17  ហើយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ត្រូវ​ជា​កូន​លោក​សេបេដេ​ ព្រះអង្គ​បាន​ដាក់​ឈ្មោះ​ថា​ «បោនអ៊ើកេ»​ មាន​ន័យ​ថា​ «កូន​ផ្គរ​លាន់»​
Mark KhmerNT 3:18  និង​លោក​អនទ្រេ​ លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​អាល់​ផាយ​ លោក​ថាដេ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​
Mark KhmerNT 3:19  ព្រមទាំង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​
Mark KhmerNT 3:20  ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​បណ្ដាជន​ក៏​មក​ជួប​ជុំគ្នា​ម្ដង​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​ និង​ពួក​សិស្ស​មិន​អាច​បរិភោគ​បាន​
Mark KhmerNT 3:21  ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​
Mark KhmerNT 3:22  រីឯ​គ្រូ​វិន័យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​ «អ្នក​នេះ​មាន​អារក្ស​បេលសេប៊ូល​ចូល​ ហើយ​អ្នក​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស»​
Mark KhmerNT 3:23  ព្រះអង្គ​បាន​ហៅ​គេ​មក​ ហើយ​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូច​ម្ដេច​កើត​
Mark KhmerNT 3:24  ហើយ​ប្រសិន​បើ​នគរ​មួយ​បែក​បាក់​គ្នា​ នគរ​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​
Mark KhmerNT 3:25  បើ​គ្រួសារ​មួយ​បែក​បាក់​គ្នា​ គ្រួសារ​នោះ​ក៏​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ដែរ​
Mark KhmerNT 3:26  បើ​អារក្ស​សាតាំង​ក្រោក​ឡើង​ទាស់​ទែង​នឹង​ខ្លួន​វា​ នោះ​វា​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​ គឺ​មុខ​ជា​វិនាស​ជា​មិន​ខាន​
Mark KhmerNT 3:27  គ្មាន​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ប្លន់​យក​ទ្រព្យ​សម្បត្ដិ​បាន​ទេ​ លុះត្រា​តែ​គេ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន​
Mark KhmerNT 3:28  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្រប់​ទាំង​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ អាច​ទទួល​បាន​ការ​លើក​លែង​ទោស​
Mark KhmerNT 3:29  ប៉ុន្ដែ​អ្នកណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ មិន​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ជា​រៀង​រហូត​ គឺ​ជាប់​ទោស​ជា​រៀង​រហូត​វិញ»។​
Mark KhmerNT 3:30  ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​គេ​និយាយ​ថា​ ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល។​
Mark KhmerNT 3:31  បន្ទាប់​មក​ ម្ដាយ​ និង​បង​ប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ឈរ​នៅ​ខាង​ក្រៅ​ ចាត់​ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​
Mark KhmerNT 3:32  បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ គេ​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បង​ប្អូន​លោក​កំពុង​តែ​រក​លោក​នៅ​ខាង​ក្រៅ​»
Mark KhmerNT 3:33  ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ?»​
Mark KhmerNT 3:34  ព្រះអង្គ​បាន​ទត​មើល​មនុស្ស​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ​
Mark KhmerNT 3:35  ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​បំណង​ព្រះជាម្ចាស់​ អ្នក​នោះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ»។​
Chapter 4
Mark KhmerNT 4:1  ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដង​ទៀត​នៅ​មាត់​បឹង​ ហើយ​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​ រីឯ​បណ្ដាជន​ទាំង​អស់​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​
Mark KhmerNT 4:2  ព្រះអង្គ​បាន​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​
Mark KhmerNT 4:3  «ចូរ​ស្ដាប់!​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​
Mark KhmerNT 4:4  ពេល​កំពុង​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់​
Mark KhmerNT 4:5  គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី​ ហើយ​ក៏​ដុះ​ឡើង​ភ្លាម​ ពីព្រោះ​ដី​មិន​ជ្រៅ​
Mark KhmerNT 4:6  ហើយ​នៅ​ពេល​ថ្ងៃ​រះ​ឡើង​ វា​ក៏​ក្រៀម​ស្វិត​ ដោយ​ព្រោះ​គ្មាន​ឫស​
Mark KhmerNT 4:7  គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​បន្លា​ក៏​ដុះ​ឡើង​រឹប​រួត​គ្រាប់​ពូជ​នោះ​ មិន​ឲ្យ​បង្កើត​ផល​បាន​
Mark KhmerNT 4:8  ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​លើ​ដី​ល្អ​ ហើយ​ដុះ​ឡើង​បង្កើត​ផល​ជា​ច្រើន​ មួយ​គ្រាប់ឲ្យ​ផល​សាម​សិប​ មួយ​គ្រាប់​ឲ្យ​ផល​ហុក​សិប​ និង​មួយ​គ្រាប់​ឲ្យ​ផល​មួយ​រយ»។​
Mark KhmerNT 4:9  បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»។​
Mark KhmerNT 4:10  នៅ​ពេល​ព្រះអង្គគង់​នៅ​តែ​ឯង​ សាវក​ទាំង​ដប់​ពីរ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​ព្រះអង្គ​ បាន​ទូល​សួរ​ព្រះអង្គ​ពី​រឿង​ប្រៀប​ប្រដូច​ទាំង​នោះ​
Mark KhmerNT 4:11  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​
Mark KhmerNT 4:12  ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស»​
Mark KhmerNT 4:13  ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​រឿង​ប្រៀប​ប្រដូច​នេះ​ទេ​ឬ?​ បើ​ដូច្នេះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​យល់​រឿង​ប្រៀប​ប្រដូច​ទាំង​អស់​បាន?​
Mark KhmerNT 4:14  គឺ​មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ព្រោះ​ព្រះបន្ទូល​
Mark KhmerNT 4:15  អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​នៅ​តាម​ផ្លូវ​ ជា​កន្លែង​ដែល​គ្រាប់​ពូជ​ព្រោះ​ចុះ​ទៅ​ ពេល​គេ​ឮ​ព្រះបន្ទូល​ភ្លាម ​អារក្ស​សាតាំង​ក៏​មក ហើយ​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ព្រោះ​នៅ​ក្នុង​គេ​នោះ​ទៅ​
Mark KhmerNT 4:16  អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​ព្រោះ​ចុះ​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពេល​គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ​
Mark KhmerNT 4:17  ប៉ុន្ដែ​ដោយ​ព្រោះ​គេ​មិន​ចាក់​ឫស​ គេ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​
Mark KhmerNT 4:18  ឯ​អ្នក​ដទៃ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​គុម្ព​បន្លា​ គេ​ឮ​ព្រះបន្ទូល​
Mark KhmerNT 4:19  ប៉ុន្ដែ​ពេល​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​ជីវិត​ សេចក្ដី​បោក​បញ្ចោត​នៃ​ទ្រព្យ​សម្បត្ដិ​ និង​សេចក្ដី​ប៉ងប្រាថ្នា​ផ្សេងៗ​ចូល​មក​ នោះ​ក៏​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផល​ផ្លែ​
Mark KhmerNT 4:20  ហើយ​អ្នក​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​ដី​ល្អ​ គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ ហើយ​បង្កើត​ផលផ្លែ​ មួយ​ជា​សាមសិប​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​មួយ​រយ»។​
Mark KhmerNT 4:21  បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង​ ឬ​នៅ​ក្រោម​គ្រែ​ឬ?​ តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើង​ចង្កៀង​ទេ​ឬ​អី?​
Mark KhmerNT 4:22  ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​លាត​ត្រដាង​ចេញ​មក​នោះ​ដែរ​
Mark KhmerNT 4:23  អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»​
Mark KhmerNT 4:24  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ចុះ។​ រង្វាល់​ដែល​អ្នក​រាល់គ្នា​វាល់​ឲ្យ​គេ​ អ្នក​រាល់គ្នា​នឹងទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ​ ទាំង​បន្ថែម​ឲ្យ​អ្នក​រាល់គ្នា​ទៀត​ផង​
Mark KhmerNT 4:25  ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។​
Mark KhmerNT 4:26  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ព្រះជាម្ចាស់​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ ព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី​
Mark KhmerNT 4:27  ហើយ​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ​ គាត់​មិន​បាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។​
Mark KhmerNT 4:28  ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង​ មុន​ដំបូង​ជា​ពន្លក​ បន្ទាប់​មក​ ចេញ​ជា​កួរ​ ហើយ​ក្រោយ​មក​ទៀត​ចេញ​ជា​គ្រាប់​ស្រូវ​ពេញ​លេញ​
Mark KhmerNT 4:29  ប៉ុន្ដែ​នៅ​ពេល​ស្រូវ​ទុំ​ គាត់​ក៏​យក​កណ្ដៀវ​មក​ច្រូត​ភ្លាម​ ព្រោះ​ដល់​រដូវ​ច្រូត​កាត់​ហើយ»។​
Mark KhmerNT 4:30  ព្រះអង្គ​មាន​បន្ទូល​ថា៖​ «តើ​យើង​ប្រៀ​ប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី​ ឬ​តើ​យើង​នឹង​ប្រើ​រឿង​អ្វី​ ដើម្បី​ពន្យល់​ពី​នគរ​ព្រះជាម្ចាស់?​
Mark KhmerNT 4:31  នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​គ្រាប់​មូតា​ ជា​គ្រាប់​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​
Mark KhmerNT 4:32  ប៉ុន្ដែ​នៅ​ពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​ វា​ក៏​ដុះ​ឡើង​ធំ​ជាង​រុក្ខជាតិ​ទាំង​អស់​ និង​មាន​មែក​ធំៗ​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​ក្រោម​ម្លប់​របស់​វា​បាន»។​
Mark KhmerNT 4:33  ព្រះអង្គ​បាន​ប្រកាស​ព្រះបន្ទូល​ដល់​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ស្រដៀង​គ្នា​ជាច្រើន​ដែល​ពួកគេ​អាច​ស្ដាប់​បាន។​
Mark KhmerNT 4:34  ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​
Mark KhmerNT 4:35  នៅ​ល្ងាច​ថ្ងៃ​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង»។​
Mark KhmerNT 4:36  ពួកគេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ឯ​ព្រះយេស៊ូ​នៅ​តែ​គង់​នៅ​លើ​ទូក​នោះ​ និង​មាន​ទូក​ផ្សេង​ទៀត​បាន​ទៅ​ជាមួយ​ព្រះអង្គ​ដែរ។​
Mark KhmerNT 4:37  មាន​ខ្យល់​ព្យុះ​ធំ​មួយ​កើត​ឡើង​ ហើយ​រលក​បាន​បោក​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក​
Mark KhmerNT 4:38  តែ​ព្រះអង្គ​គង់​នៅ​កន្សៃទូក​ ផ្ទំ​លក់​លើ​ខ្នើយ​ ហើយ​ពួកគេ​ក៏​ដាស់​ព្រះអង្គ​ និង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ យើង​វិនាស​ហើយ!​ តើ​លោក​មិន​ខ្វល់​ខ្វាយ​ទេ​ឬ?»​
Mark KhmerNT 4:39  ព្រះអង្គ​បាន​ភ្ញាក់​ឡើង​ ហើយ​បន្ទោស​ខ្យល់​ និង​មាន​បន្ទូល​ទៅ​កាន់​រលក​ថា៖​ «ចូរ​ស្ងប់​ ហើយ​ស្ងៀម​ទៅ!»​ នោះ​ខ្យល់​ក៏​ស្ងប់​ ហើយ​ក៏​មាន​ភាព​ស្ងាត់​ឈឹង​
Mark KhmerNT 4:40  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ភ័យ​ខ្លាច​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​គ្មាន​ជំនឿ​ឬ?»​
Mark KhmerNT 4:41  នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​
Chapter 5
Mark KhmerNT 5:1  ពួកគេ​បាន​មក​ដល់​ត្រើយ​ម្ខាង​ទៀត​នៃ​បឹង​ គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​
Mark KhmerNT 5:2  ហើយ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចេញ​ពី​ទូក​ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអា​ក្រក់​ចូល​ បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ភ្លាម​
Mark KhmerNT 5:3  អ្នក​នោះ​រស់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ ហើយ​ពុំ​មាន​អ្នក​ណា​អាច​ចង​គាត់​បាន​ទេ​ ទោះ​ជា​ដាក់​ច្រវាក់​គាត់​ក៏​ដោយ​
Mark KhmerNT 5:4  ព្រោះ​គេ​តែង​ដាក់​ខ្នោះ​ជើង​ និង​ចង​គាត់​ដោយ​ច្រវាក់​ តែ​គាត់​បាន​កាច់​ខ្នោះ​ជើង​ និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេច​ខ្ទី​អស់​ រួច​គ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាប​គាត់​បាន​ទេ។​
Mark KhmerNT 5:5  គាត់​តែងតែ​ស្រែក​រាល់​ថ្ងៃ​រាល់​យប់​នៅ​តាម​ផ្នូរ​ខ្មោច​ និង​ភ្នំ​ ហើយ​បាន​យក​ថ្ម​មក​ឆូត​ខ្លួន​ឯង​
Mark KhmerNT 5:6  កាល​ឃើញ​ព្រះយេស៊ូ​ពី​ចម្ងាយ​ គាត់​ក៏​រត់​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​
Mark KhmerNT 5:7  និង​ទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ព្រះអង្គ​ និង​ខ្ញុំ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ទេ»​
Mark KhmerNT 5:8  ដ្បិត​ព្រះអង្គ​បាន​មាន​ប​ន្ទូល​ប្រាប់​ទៅ​វា​ថា៖​ «វិញ្ញាណ​អាក្រក់​ ចេញ​ពី​មនុស្ស​នេះ​ទៅ!»​
Mark KhmerNT 5:9  ព្រះអង្គ​ក៏​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ ហើយ​វា​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឈ្មោះ​ខ្ញុំ​គឺ​កង​ទ័ព​ ព្រោះ​យើង​មាន​គ្នា​ច្រើន»​
Mark KhmerNT 5:10  ហើយ​វា​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ កុំ​ឲ្យ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។​
Mark KhmerNT 5:11  មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​នៅ​ក្បែរ​ភ្នំ​នោះ​
Mark KhmerNT 5:12  ពួក​វា​បាន​អង្វរ​ព្រះអង្គ​ដោយ​ទូល​ថា៖​ «សូម​បញ្ជូន​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ដើម្បី​ឲ្យ​យើង​អាច​ចូល​ក្នុង​ពួក​វា​បាន»​
Mark KhmerNT 5:13  ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា​ នោះ​វិញ្ញាណ​អាក្រក់​បាន​ចេញ​មក​ និង​ចូល​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រហែល​ជា​ពីរ​ពាន់​ក្បាល​នោះ​ ក៏​បោល​តាម​ច្រាំង​ចំណោត​ចុះ​ទៅ​ក្នុង​បឹង​ ហើយ​លង់​ទឹក​អស់​ទៅ​
Mark KhmerNT 5:14  ឯ​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​អស់​ ហើយ​រៀប​រាប់​ពី​ការ​នេះ​នៅ​តាម​ក្រុង​ និង​ទី​ជនបទ​នានា​ នោះ​ប្រជាជន​ក៏​នាំ​គ្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង​
Mark KhmerNT 5:15  ពួកគេ​មក​ឯ​ព្រះយេស៊ូ​ ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កង​ទ័ព​ចូល​ពី​មុន​នោះ​ បាន​ស្លៀក​ពាក់​ និង​អង្គុយ​ទាំង​មាន​ស្មារតី​ឡើង​វិញ​ នោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​
Mark KhmerNT 5:16  ហើយ​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​ និង​ហ្វូង​ជ្រូក​ទាំង​នោះ​
Mark KhmerNT 5:17  ពួកគេ​ក៏​ចាប់​ផ្ដើម​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​
Mark KhmerNT 5:18  នៅ​ពេល​ព្រះអង្គ​យាង​ចុះ​ក្នុង​ទូក​ មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​នោះ​បាន​អង្វរ​ព្រះអង្គ​សុំ​នៅ​ជាមួយ​
Mark KhmerNT 5:19  ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ទេ​ ប៉ុន្ដែ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ផ្ទះ​របស់​អ្នក​ និង​សាច់​ញាតិ​របស់​អ្នក​ ហើយ​រៀប​រាប់​ប្រាប់​ពួកគេពី​ការ​ទាំង​អស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក​ និង​បាន​មេត្ដា​ដល់​អ្នក»។​
Mark KhmerNT 5:20  គាត់​ក៏​ចាក​ចេញ​ទៅ​ និង​ចាប់​ផ្ដើម​ប្រកាស​នៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។​
Mark KhmerNT 5:21  ព្រះយេស៊ូ​បាន​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​ មាន​មនុស្ស​ច្រើន​កុះករ​ប្រមូល​ផ្ដុំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​កំពុង​គង់​នៅ​មាត់​បឹង​
Mark KhmerNT 5:22  ហើយ​មាន​ប្រធាន​សាលា​ប្រជុំ​ម្នាក់​ ឈ្មោះ​យៃរ៉ូស​មក​រក​ព្រះអង្គ​ កាល​បាន​ឃើញ​ព្រះអង្គ​ហើយ​ គាត់​ក៏​ក្រាប​ចុះ​នៅ​ទៀប​ព្រះអង្គ​
Mark KhmerNT 5:23  គាត់​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «កូន​ស្រីខ្ញុំ​ជិត​ស្លាប់​ហើយ​ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ ដើម្បី​ឲ្យ​នាង​បាន​ជា​ និង​មាន​ជីវិត​វិញ​ផង»​
Mark KhmerNT 5:24  ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង។​
Mark KhmerNT 5:25  មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​
Mark KhmerNT 5:26  នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​ ហើយ​បាន​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ឈឺ​ធ្ងន់​ថែម​ទៀត។​
Mark KhmerNT 5:27  នៅ​ពេល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាង​ក៏​មក​ក្នុង​ចំណោម​បណ្ដាជន​ ហើយ​ពាល់​អាវ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​
Mark KhmerNT 5:28  ដ្បិត​នាង​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​តឹ្រម​តែ​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹងជា​សះស្បើយ​មិន​ខាន»​
Mark KhmerNT 5:29  ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​នាង​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។​
Mark KhmerNT 5:30  ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​
Mark KhmerNT 5:31  ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​លោក​គ្រូ​ដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?»​
Mark KhmerNT 5:32  ប៉ុន្ដែ​ព្រះអង្គ​នៅ​តែ​មើល​ជុំវិញ​ រក​មើល​អ្នក​ដែល​បាន​ពាល់​ព្រះអង្គ​
Mark KhmerNT 5:33  ស្ដ្រី​នោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ ក៏​មក​ទាំង​ភ័យ​ញ័រ​ និង​ក្រាប​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ទូល​ប្រាប់​ការ​ពិត​ទាំង​ស្រុង​
Mark KhmerNT 5:34  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​ និង​ជា​ពី​ជំងឺ​របស់​នាង​ចុះ»។​
Mark KhmerNT 5:35  ពេល​ព្រះអង្គ​កំពុង​តែ​មាន​បន្ទូល​ មាន​គេ​មក​ពី​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​ថា៖​ «កូន​ស្រី​លោក​បាន​ស្លាប់​ហើយ​ តើ​លោក​នៅ​តែ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត?»​
Mark KhmerNT 5:36  ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ខ្វល់​ពី​ពាក្យ​ដែល​គេ​និយាយ​នោះ​ទេ​ ក៏​មាន​បន្ទូល​ទៅ​ប្រធាន​សាលា​ប្រជុំ​ថា៖​ «កុំ​ខ្លាច​អី​ គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។​
Mark KhmerNT 5:37  ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​ដើរ​តាម​ព្រះអង្គ​ទេ​ លើក​លែង​តែ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​លោក​យ៉ាកុប។​
Mark KhmerNT 5:38  ពេល​ពួក​គេ​មក​ដល់​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​ ព្រះអង្គ​ឃើញ​ភាព​ជ្រួល​ច្របល់​ និង​ការ​ទ្រហោ​យំ​យ៉ាង​ខ្លាំង​
Mark KhmerNT 5:39  ព្រះអង្គ​ក៏យាង​ចូល​ ទាំង​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​កើត​ទុក្ខ​ និង​ទ្រហោ​យំ​ដូច្នេះ?​ ក្មេង​នេះ​មិន​ទាន់​ស្លាប់​ទេ​ នាង​កំពុង​តែ​ដេក​លក់​ទេ​តើ»។​
Mark KhmerNT 5:40  ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់​ទៅ​ខាង​ក្រៅ​ ហើយ​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ​ចូល​ទៅ​កន្លែង​ក្មេង​នោះ​នៅ​
Mark KhmerNT 5:41  ព្រះអង្គ​ក៏​ចាប់​ដៃ​ក្មេង​នោះ​ទាំង​មាន​បន្ទូល​ថា៖​ «តាលីថាគូមី»​ មាន​ន័យ​ថា​ «នាង​តូច​អើយ​ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ ចូរ​ក្រោក​ឡើង»​
Mark KhmerNT 5:42  ស្រាប់​តែ​ក្មេង​ស្រី​នោះ​ក្រោក​ឡើង​ ហើយ​ដើរ​ភ្លាម​ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ​ ពួកគេ​ក៏​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាមៗ​នោះ​ដែរ​
Mark KhmerNT 5:43  ហើយ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ កុំ​ឲ្យ​អ្នកណា​ដឹង​រឿង​នេះ​ជា​ដាច់​ខាត​ និង​ប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។​
Chapter 6
Mark KhmerNT 6:1  ព្រះអង្គ​ក៏​ចេញ​ពី​ទី​នោះ​ យាង​ចូល​ទៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ​
Mark KhmerNT 6:2  លុះ​ដល់​ថ្ងៃ​សប្ប័ទ​ ព្រះអង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ទាំង​និយាយ​ថា៖​ «តើ​អ្នក​នេះ​ចេះ​សេចក្ដី​ទាំង​នេះ​ពីណា​មក?​ ម្ដេច​ក៏​អ្នក​នេះ​មាន​ប្រាជ្ញា​ម៉្លេះ​ ហើយ​ការ​អស្ចារ្យ​បែប​នេះ​កើត​ពី​ដៃ​គាត់​ទៀត!​
Mark KhmerNT 6:3  តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​
Mark KhmerNT 6:4  ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទី​កនែ្លង​ លើក​លែង​តែ​នៅ​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​សាច់​ញាតិ​គាត់​ប៉ុណ្ណោះ»​
Mark KhmerNT 6:5  ព្រះអង្គ​មិន​អាច​ធ្វើការ​អស្ចារ្យ​អ្វី​នៅ​ទី​នោះ​បាន​ទេ​ ក្រៅ​ពី​ដាក់​ដៃ​លើ​អ្នក​ជំងឺ​ពីរ​បី​នាក់​ឲ្យ​បាន​ជា​ប៉ុណ្ណោះ​
Mark KhmerNT 6:6  ព្រះអង្គ​ឆ្ងល់​ពី​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ហើយ​ក៏​យាង​ទៅ​បង្រៀន​ក្នុង​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​នោះ។​
Mark KhmerNT 6:7  ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់​ពីរ​នាក់​មក​ ហើយ​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់​ រួច​ក៏​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់​
Mark KhmerNT 6:8  ព្រះអង្គ​បង្គាប់​ពួកគេ​ថា៖​ «ពេល​ធ្វើ​ដំណើរ​ ក្រៅ​ពី​ឈើ​ច្រត់​ កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​ គឺ​មិន​ត្រូវ​យក​នំបុ័ង​ ថង់​យាម​ និង​ដាក់​លុយ​នៅ​ក្នុង​ខ្សែ​ក្រវាត់​ឡើយ​
Mark KhmerNT 6:9  តែ​ត្រូវ​ពាក់​ស្បែក​ជើង​ ហើយ​មិន​ត្រូវ​ពាក់​អាវ​ពីរ​ទេ»​
Mark KhmerNT 6:10  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ស្នាក់​នៅ​ផ្ទះ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​រហូត​ដល់​ចាក​ចេញ​ពី​ទី​នោះ​
Mark KhmerNT 6:11  ឯ​កន្លែង​ណា​ដែល​មិន​ទទួល​ ឬ​មិន​ស្ដាប់​អ្នក​ ចូរ​រលាស់​ធូលី​ដី​ពី​បាត​ជើង​អ្នក​ ពេល​ចេញ​ពី​ទី​នោះ​ ទុក​ជា​ទី​បន្ទាល់​ដល់​គេ»​
Mark KhmerNT 6:12  ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ និង​ប្រកាស​ឲ្យ​មនុស្ស​ប្រែ​ចិត្ដ​
Mark KhmerNT 6:13  និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ជា​ច្រើន​ ទាំង​ចាក់​ប្រេង​តាំង​លើ​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​បាន​ជា។​
Mark KhmerNT 6:14  ស្ដេច​ហេរ៉ូឌ​បាន​ឮ​ពី​ការ​នេះ​ ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បី​ល្បាញ​ ហើយ​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​គាត់»​
Mark KhmerNT 6:15  ប៉ុន្ដែ​អ្នក​ខ្លះ​និយាយ​ថា៖​ «ជា​លោក​អេលីយ៉ា»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល​ជំនាន់​មុន»​
Mark KhmerNT 6:16  កាល​ស្ដេច​ហេរ៉ូឌ​ឮ​ពី​ការ​នេះ​ក៏​មាន​បន្ទូល​ថា៖​ «លោក​យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់​ក​នោះ​ បាន​រស់​ឡើង​វិញ​ហើយ»​
Mark KhmerNT 6:17  ដ្បិត​ស្ដេច​ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ​ដោយ​សារ​ស្ដេច​បាន​រៀប​ការ​ជាមួយ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ដែល​ត្រូវ​ជា​ប្អូន​របស់​ស្ដេច​
Mark KhmerNT 6:18  ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌ​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ ដែល​ព្រះអង្គ​យក​ប្រពន្ធ​របស់​ប្អូន​ខ្លួន​ឯង​នោះ»​
Mark KhmerNT 6:19  នាង​ហេរ៉ូឌាស​ក៏​ចង​គំនុំ​នឹង​លោក​យ៉ូហាន​ ហើយ​ចង់​សម្លាប់​គាត់​ តែ​នាង​មិន​អាច​ធ្វើ​បាន​
Mark KhmerNT 6:20  ដ្បិត​ស្ដេច​ហេរ៉ូឌ​កោត​ខ្លាច​ និង​ការពារ​លោក​យ៉ូហាន ព្រោះ​ដឹង​ថា​ គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ដែរ។​
Mark KhmerNT 6:21  កាល​ឱកាស​ល្អ​មក​ដល់​ គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ឲ្យ​ពួក​មន្ត្រី​ មេ​ទ័ព​ធំៗ​ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលីឡេ​
Mark KhmerNT 6:22  កូន​ស្រី​នាង​ហេរ៉ូឌាស​ក៏​ចូល​មក​រាំ​ថ្វាយ​ ហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​ និង​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​ចង់​បាន​អ្វី​ ចូរ​សុំ​យើង​ចុះ​ យើង​នឹង​ឲ្យ​នាង»​
Mark KhmerNT 6:23  ព្រះអង្គ​បាន​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​ «អ្វី​ក៏​ដោយ​ដែល​នាង​សុំ​យើង​ យើង​នឹង​ឲ្យ​នាង​ សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»​
Mark KhmerNT 6:24  នាង​ក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖​ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?»​ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា៖​ «ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក»​
Mark KhmerNT 6:25  ភ្លាម​នោះ​ នាង​បាន​ចូល​ទៅ​ជួប​ស្ដេច​យ៉ាង​ប្រញាប់​ប្រញាល់​ ហើយ​ទូល​សុំ​ថា៖​ «ខ្ញុំ​សុំ​ព្រះអង្គ​ប្រទាន​ក្បាល​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​នៅ​ពេល​នេះ»​
Mark KhmerNT 6:26  ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​
Mark KhmerNT 6:27  ដូច្នេះ​ ស្ដេច​ក៏​ចាត់​ពេជ្ឈ​ឃាដ​ភ្លាម​ ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ ពេជ្ឈ​ឃាដ​ក៏​ចេញ​ទៅ​កាត់​ក​គាត់​នៅ​ក្នុង​គុក​
Mark KhmerNT 6:28  រួច​គេ​បាន​នាំ​ក្បាល​គាត់​ដាក់​លើ​ថាស​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​ក៏​ប្រគល់​ឲ្យ​ម្ដាយ​នាង​
Mark KhmerNT 6:29  ពេល​សិស្ស​របស់​គាត់​ឮ​ដូច្នេះ​ ក៏​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។​
Mark KhmerNT 6:30  កាល​ពួក​សាវក​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូ​ គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ និង​បាន​បង្រៀន​
Mark KhmerNT 6:31  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​រាល់គ្នា​បាន​សម្រាក​បន្ដិច»​ ព្រោះ​មនុស្ស​ចេញចូល​ច្រើន​ពេក​ រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន​
Mark KhmerNT 6:32  ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​
Mark KhmerNT 6:33  ប៉ុន្ដែ​ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ទៅ​ ហើយ​បាន​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ទៅ​ ក៏​រត់​ដោយ​ថ្មើរ​ជើង​ពី​ក្រុង​ទាំង​អស់​ទៅ​ទី​នោះ​ ហើយ​បណ្ដាជន​បាន​ទៅ​ដល់​មុន​
Mark KhmerNT 6:34  ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះ​ករ​ ក៏​មានចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគេ​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។​
Mark KhmerNT 6:35  ពេល​នោះ​ជិត​យប់​ហើយ​ ពួក​សិស្ស​ក៏​មក​រក​ព្រះអង្គ​ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ពេល​នេះ​ជិត​យប់​ទៅ​ហើយ​
Mark KhmerNT 6:36  សូម​រំសាយ​ពួកគេ​ឲ្យ​ទៅ​ស្រុក​ភូមិ​នៅ​ជុំវិញ​ ដើម្បី​ទិញ​អាហារ​បរិភោគ​ដោយ​ខ្លួន​គេ»​
Mark KhmerNT 6:37  ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​
Mark KhmerNT 6:38  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ទៅ​មើល​មើល៍​ អ្នក​រាល់គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន?»​ ពេល​ដឹង​ហើយ ​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​
Mark KhmerNT 6:39  ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​
Mark KhmerNT 6:40  ហើយ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ដែល​មាន​គ្នា​មួយ​រយ​នាក់​ ឬ​ហាសិប​នាក់​
Mark KhmerNT 6:41  បន្ទាប់​ពី​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​មក​ ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថាន​សួគ៌​ ទាំង​អរ​ព្រះគុណ​ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ ដើម្បី​រៀប​ចំ​នៅ​មុខ​គេ​ ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំង​អស់​គ្នា​ដែរ។​
Mark KhmerNT 6:42  ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​
Mark KhmerNT 6:43  បន្ទាប់​មក​ ពួកគេ​ប្រមូល​ចំណិត​នំបុ័ង​ និង​ត្រី​ដែល​នៅ​សល់​បាន​ដប់​ពីរ​កន្ដ្រក​ពេញៗ​
Mark KhmerNT 6:44  មនុស្ស​ដែល​បាន​បរិភោគ​នំប៉័ង​នោះ​ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។​
Mark KhmerNT 6:45  ភ្លាម​នោះ​ ព្រះអង្គ​តឿន​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ក្រុង​បេតសៃដា​មុន​ ហើយ​ទី​បំផុត​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​
Mark KhmerNT 6:46  កាល​ព្រះអង្គ​មាន​បន្ទូល​លា​ពួកគេ​ហើយ​ ក៏​យាង​ទៅ​ភ្នំ​ ដើម្បី​អធិស្ឋាន។​
Mark KhmerNT 6:47  ល្ងាច​នោះ​ទូក​បាន​នៅ​កណ្ដាល​បឹង​ ហើយ​ព្រះអង្គ​នៅ​លើ​គោក​តែ​ម្នាក់​ឯង​
Mark KhmerNT 6:48  ព្រះអង្គ​បាន​ឃើញ​ពួកគេ​ចែវ​ទូក​បញ្ច្រាស់​ខ្យល់​យ៉ាង​លំបាក​ ដូច្នេះ​ប្រហែល​នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​ទៅ​ឯ​ពួកគេ ​ហើយ​ចង់​ទៅ​ហួស​ពួកគេ​
Mark KhmerNT 6:49  ពេល​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ពួកគេ​ស្មាន​ថា​ខ្មោច​លង​ ក៏​ស្រែក​ឡើង​
Mark KhmerNT 6:50  ព្រោះ​ពួកគេ​គ្រប់​គ្នា​ខ្លាច​ពេល​ឃើញ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ»​
Mark KhmerNT 6:51  ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​
Mark KhmerNT 6:52  ដោយ​ព្រោះ​ចិត្ដ​គេ​រឹង​រូស​ ពួកគេ​មិន​យល់​អំពី​រឿង​នំប៉័ង​ទេ។​
Mark KhmerNT 6:53  ពេល​ឆ្លង​ដល់​ដី​គោក​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត​ ហើយ​ចត​ទូក​នៅ​ទី​នោះ​
Mark KhmerNT 6:54  ពេល​ពួកគេ​ចេញ​ពី​ទូក​ ប្រជាជន​ក៏​ស្គាល់​ព្រះអង្គ​ភ្លាម​
Mark KhmerNT 6:55  ពួកគេ​រត់​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​ទាំង​មូល​ ហើយ​ចាប់​ផ្ដើម​សែង​អ្នក​ជំងឺ​លើ​កន្ទេល​ ទៅ​កន្លែង​ដែល​គេ​ឮ​ថា​ព្រះអង្គ​នៅ​
Mark KhmerNT 6:56  ពេល​ព្រះអង្គ​ទៅ​ដល់​ទី​ណា​ក៏​ដោយ​ មិន​ថា​នៅ​ក្នុង​ភូមិ​ស្រុក​ ឬ​ក្រុង​ទេ​ ពួកគេ​បាន​ដាក់​អ្នក​ជំងឺ​នៅ​តាម​ផ្លូវ​ ហើយ​អង្វរ​ព្រះអង្គ​ឲ្យ​ពួកគេ​ពាល់​ត្រឹមតែ​រំយោល​អាវ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ ហើយ​អស់​អ្នក​ដែល​បាន​ពាល់​ ក៏​បាន​ជា​សះ​ស្បើយ។​
Chapter 7
Mark KhmerNT 7:1  មាន​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​មួយ​ចំនួនមក​ពី​ក្រុង​យេរូសាឡិម​ បាន​នាំ​គ្នា​មក​រក​ព្រះអង្គ​
Mark KhmerNT 7:2  និង​បាន​ឃើញ​សិស្ស​ព្រះអង្គ​មួយ​ចំនួន​កំពុង​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត​ គឺ​មិន​បាន​លាង​ដៃ​
Mark KhmerNT 7:3  ដ្បិត​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជន​ជាតិ​យូដា​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺ​គេ​មិន​បរិភោគ​ទេ​ លុះ​ត្រា​តែ​បាន​លាង​សំអាត​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន​
Mark KhmerNT 7:4  ហើយ​ពេល​មក​ពី​ផ្សារ​វិញ​ គេ​មិន​បរិភោគ​ឡើយ​ លុះ​ត្រាតែ​បាន​សំអាត​ខ្លួន​សិន​ ហើយ​គេ​កាន់​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ ដូចជា​ លាង​ពែង​ លាង​ប៉ាន់​ លាង​ឆ្នាំង​ និង​លាង​តុ​អាហារ​ជា​ដើម។​
Mark KhmerNT 7:5  ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​ គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?»​
Mark KhmerNT 7:6  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​ គឺ​ត្រឹម​ត្រូវ​ណាស់​ ដូច​មាន​ចែងទុក​មក​ថា៖​ ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់​
Mark KhmerNT 7:7  ពួកគេ​ថ្វាយ​បង្គំ​យើង​ជា​ឥត​ប្រយោជន៍​ ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង។​
Mark KhmerNT 7:8  អ្នក​រាល់គ្នា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​ រួច​ប្រកាន់​យក​ទំនៀម​ទម្លាប់​មនុស្ស​វិញ»។​
Mark KhmerNT 7:9  ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់គ្នា​ពិត​ជា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​មែន​ ដើម្បី​ឲ្យ​ទំនៀម​ទម្លាប់​អ្នក​រាល់គ្នា​អាច​នៅ​គង់​វង្ស​
Mark KhmerNT 7:10  ដ្បិត​លោក​ម៉ូសេ​បាន​បង្គាប់​ថា​ ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​ អ្នកណា​ជេរ​ប្រមាថ​ឪពុក​ ឬ​ម្ដាយ​ អ្នក​នោះ​ត្រូវ​ស្លាប់​
Mark KhmerNT 7:11  ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ​ គឺ​ជា​គ័របាន់​ (មាន​ន័យ​ថា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់)​
Mark KhmerNT 7:12  ហើយ​អ្នក​រាល់គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក​ម្ដាយ​ឡើយ។​
Mark KhmerNT 7:13  អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​
Mark KhmerNT 7:14  ព្រះអង្គ​ហៅ​បណ្ដាជន​មក​ម្ដង​ទៀត​ ហើយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ស្ដាប់​ខ្ញុំ​ឲ្យ​យល់​ចុះ​
Mark KhmerNT 7:15  គ្មាន​អ្វី​នៅ​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស​ អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​វិញ​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​
Mark KhmerNT 7:16  អ្នកណា​មាន​ត្រ​ចៀក​ ចូរ​ស្ដាប់​ចុះ»។​
Mark KhmerNT 7:17  បន្ទាប់​មក​ ពេល​ព្រះអង្គ​ចេញ​ពី​បណ្ដាជន​ ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ពួក​សិស្ស​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​ប្រៀប​ប្រដូច​នោះ​
Mark KhmerNT 7:18  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​ដែរ​ឬ?​ តើ​អ្នក​រាល់គ្នា​មិន​យល់​ទេ​ឬ​ថា​ អ្វី​នៅ​ខាង​ក្រៅ​ ដែល​ចូល​ក្នុង​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​បាន​ទេ​នោះ?​
Mark KhmerNT 7:19  ព្រោះ​វា​មិន​មែន​ចូល​ទៅ​ក្នុង​ចិត្ដ​គេ​ទេ​ តែ​ចូល​ទៅ​ក្នុង​ពោះ​គេ​វិញ​ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់»​ ដូច្នេះ​អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត​ទេ​
Mark KhmerNT 7:20  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​
Mark KhmerNT 7:21  ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​
Mark KhmerNT 7:22  ផិត​ក្បត់​ លោភ​លន់​ ចិត្ដ​អាក្រក់​ បោក​ប្រាស់​ ល្មោភ​កាម​ ច្រណែន​ឈ្នានីស​ ជេរ​ប្រមាថ ​អំនួត​ ឆ្កួត​លេលា​
Mark KhmerNT 7:23  គឺ​សេចក្ដី​អាក្រក់​ដែល​ចេញ​មក​ពី​ខាង​ក្នុង​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។​
Mark KhmerNT 7:24  រួច​ព្រះអង្គ​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​សោះ​ ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ​
Mark KhmerNT 7:25  ដ្បិត​ភ្លាម​នោះ​ មាន​ស្ដ្រី​ម្នាក់​ ដែល​មាន​កូន​ស្រី​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ បាន​ឮ​អំពី​ព្រះអង្គ​ ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ​
Mark KhmerNT 7:26  រីឯ​ស្ដ្រី​នោះ​ជា​ជន​ជាតិ​ក្រេក​កាត់​ស៊ីរ៉ូភេនីស​ នាង​បាន​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​កូន​ស្រី​នាង​
Mark KhmerNT 7:27  តែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ឲ្យ​កូន​បរិភោគ​អាហារ​ឆ្អែត​សិន​ ដ្បិត​មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​
Mark KhmerNT 7:28  តែ​នាង​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​ដែរ»​
Mark KhmerNT 7:29  ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​សារ​ពាក្យ​នេះ​ វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​កូន​ស្រីនាង​ហើយ»​
Mark KhmerNT 7:30  ពេល​ទៅ​ដល់​ផ្ទះ​ នាង​បាន​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ​ រីឯ​អារក្ស​បាន​ចេញ​បាត់​ហើយ។​
Mark KhmerNT 7:31  ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​
Mark KhmerNT 7:32  គេ​នាំ​មនុស្ស​ម្នាក់​ថ្លង់​ និង​ពិបាក​ក្នុង​ការ​និយាយ​មក​ឯ​ព្រះអង្គ​ ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់​
Mark KhmerNT 7:33  ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​
Mark KhmerNT 7:34  ព្រះអង្គ​សម្លឹង​ទៅ​លើ​មេឃ​ ទាំង​ដក​ដង្ហើម​ធំ​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អិបផាថា»​ មាន​ន័យ​ថា​ «ចូរ​បើក​ឡើង»​
Mark KhmerNT 7:35  ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង​ រីឯ​អណ្ដាត​គាត់​គ្រលាស់​បាន​ ហើយ​គាត់​ក៏​និយាយ​ច្បាស់​វិញ​
Mark KhmerNT 7:36  ព្រះអង្គ​បាន​បង្គាប់​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទេ​ តែ​ព្រះអង្គ​បង្គាប់​គេ​យ៉ាង​ណា​ គេ​ប្រកាស​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។​
Mark KhmerNT 7:37  ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ក្រៃ​លែង​ ទាំង​និយាយ​ថា៖​ «ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ល្អ​ប្រសើរ​ណាស់​ លោក​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​ស្ដាប់ឮ​ មនុស្ស​គ​និយាយ​បាន»។​
Chapter 8
Mark KhmerNT 8:1  នៅ​គ្រា​នោះ​ មាន​មនុស្ស​ច្រើន​កុះករ​មក​ម្ដង​ទៀត​ ហើយ​ពួកគេ​គ្មាន​អ្វី​បរិភោគ​សោះ​ ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​
Mark KhmerNT 8:2  «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​
Mark KhmerNT 8:3  ហើយ​ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន​ នោះ​គេ​នឹង​អស់​កម្លាំង​ដួល​នៅ​តាម​ផ្លូវ​ ព្រោះ​អ្នក​ខ្លះ​មក​ពី​ទី​ឆ្ងាយៗ»​
Mark KhmerNT 8:4  ពួក​សិស្ស​ទូល​តប​ទៅ​ព្រះអង្គ​វិញ​ថា៖​ «នៅ​ទី​រហោឋាន​ដូច្នេះ​ តើ​អ្នក​ណា​អាច​រក​នំប៉័ង​ពី​កន្លែង​ណា​ឲ្យ​ពួកគេ​បរិភោគ​បាន?»​
Mark KhmerNT 8:5  ព្រះអង្គ​ក៏​សួរ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ គេ​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ»​
Mark KhmerNT 8:6  ព្រះអង្គ​ក៏​បង្គាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​នៅ​លើ​ដី​ ហើយ​ព្រះអង្គ​ក៏​យក​នំប៉័ង​ប្រាំ​ពីរ​ដុំ​នោះ​មក​ អរ​ព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ចែក​បណ្ដា​ជន​ ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដា​ជន​
Mark KhmerNT 8:7  ពួកគេ​មាន​ត្រី​ខ្លះ​ ព្រះអង្គ​ក៏​ឲ្យ​ពរ​ និង​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត​
Mark KhmerNT 8:8  ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ ហើយ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ប្រាំ​ពីរ​កន្ត្រក​
Mark KhmerNT 8:9  ពេល​នោះ​មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់​ រួច​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​
Mark KhmerNT 8:10  ភ្លាម​នោះ​ ព្រះអង្គ​បាន​ឡើង​ទូក​ជាមួយ​ពួក​សិស្ស​ទៅ​ភូមិ​ដាលម៉ានូថា។​
Mark KhmerNT 8:11  អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចេញ​មក​ ហើយ​ចាប់​ផ្ដើម​សួរ​ដេញ​ដោល​ព្រះអង្គ​ ដើម្បី​ស្វែង​រក​ទី​សំគាល់​ពី​ស្ថាន​សួគ៌​ល្បង​ល​ព្រះអង្គ​
Mark KhmerNT 8:12  ព្រះអង្គ​ដក​ដង្ហើម​ធំ​ ហើយ​មាន​បន្ទូល​ថា៖​ «ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ស្វែង​រក​ទីសំគាល់?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់​នេះ​ទេ»​
Mark KhmerNT 8:13  ព្រះអង្គ​ក៏​ចាក​ចេញ​ពី​គេ​ ហើយ​ឡើង​ទូក​វិញ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។​
Mark KhmerNT 8:14  ប៉ុន្ដែ​ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ ហើយ​នៅ​លើ​ទូក​ពួកគេ​គ្មាន​អ្វី​សោះ​ ក្រៅ​ពី​នំប៉័ង​មួយ​ដុំ​
Mark KhmerNT 8:15  ហើយ​ព្រះអង្គ​ព្រមាន​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ»​
Mark KhmerNT 8:16  ពួក​សិស្ស​សួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​ពួកគេ​គ្មាន​នំប៉័ង​
Mark KhmerNT 8:17  ពេល​ព្រះអង្គ​ជ្រាប​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​អ្នក​រាល់គ្នាសួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​ដឹង​ មិន​ទាន់​យល់​ឬ?​ តើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ឬ?​
Mark KhmerNT 8:18  តើ​អ្នក​រាល់គ្នា​មាន​ភ្នែក​មើល​មិន​ឃើញ​ មាន​ត្រចៀក​ស្ដាប់​មិន​ឮ​ ឬ​ក៏​អ្នក​រាល់គ្នា​ចាំ​មិន​បាន?​
Mark KhmerNT 8:19  នៅ​ពេល​ដែល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ដប់​ពីរ​កន្ដ្រក»​
Mark KhmerNT 8:20  «ចុះ​ពេល​នំបុ័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួន​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ប្រាំ​ពីរ​កន្ដ្រក»​
Mark KhmerNT 8:21  នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​យល់​ទៀត​ឬ?»
Mark KhmerNT 8:22  កាល​ពួកគេ​មក​ដល់​ក្រុង​បេតសៃដា​ បណ្ដា​ជន​ក៏​នាំ​បុរស​ខ្វាក់​ម្នាក់​មក​រក​ព្រះអង្គ​ រួច​សុំ​ព្រះអង្គ​ឲ្យ​ព្រះអង្គ​ពាល់​គាត់​
Mark KhmerNT 8:23  ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​
Mark KhmerNT 8:24  គាត់​ក៏​សម្លឹង​មើល​ រួច​ទូល​ថា៖​ «ខ្ញុំ​មើល​ឃើញ​មនុស្ស​ តែ​ខ្ញុំ​ឃើញ​ពួកគេ​ដូច​ជា​ដើម​ឈើ​កំពុង​ដើរ»​
Mark KhmerNT 8:25  បន្ទាប់​មក​ ព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត​ គាត់​ខំ​សម្លឹង​មើល​ ភ្នែក​គាត់​ក៏​បាន​ជា​ឡើង​វិញ​ ហើយ​គាត់​មើល​ឃើញ​អ្វីៗ​យ៉ាង​ច្បាស់​
Mark KhmerNT 8:26  ព្រះអង្គ​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​កុំ​ចូល​ទៅ​ក្នុង​ក្រុង​អី»​
Mark KhmerNT 8:27  បន្ទាប់​មក​ ព្រះយេស៊ូ​ និង​សិស្ស​ព្រះអង្គ​ បាន​ចេញ​ទៅ​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារា​ភីលីព​ ហើយ​នៅ​តាម​ផ្លូវ​ ព្រះអង្គ​មាន​បន្ទូល​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​និយាយ​ថា​ខ្ញុំ​ជា​នរណា?​»
Mark KhmerNT 8:28  ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល»​
Mark KhmerNT 8:29  ព្រះអង្គ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​សិស្ស​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?»​ ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ»​
Mark KhmerNT 8:30  ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​
Mark KhmerNT 8:31  រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​
Mark KhmerNT 8:32  ព្រះអង្គ​មាន​បន្ទូល​អំពី​ការ​នេះ​ត្រង់ៗ​ លោក​ពេត្រុស​ក៏​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពីគេ​ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​
Mark KhmerNT 8:33  តែ​ព្រះអង្គ​បែ​រម​ក​មើល​ពួក​សិស្ស​ព្រះអង្គ​ និង​ស្ដី​បន្ទោស​លោក​ពេត្រុស​ដោយ​មាន​បន្ទូល​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​ព្រះជាម្ចាស់​ទេ​ តែ​គិត​តាម​គំនិត​មនុស្ស​វិញ»។​
Mark KhmerNT 8:34  កាល​ព្រះអង្គ​ហៅ​ពួក​បណ្ដា​ជន​ និង​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ជួប​ជុំ​គ្នា​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះ​បង់​ខ្លួន​ឯង​ ហើយ​លី​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​
Mark KhmerNT 8:35  ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ និង​ដំណឹង​ល្អ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​
Mark KhmerNT 8:36  ដ្បិត​បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភព​លោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​
Mark KhmerNT 8:37  តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន​បាន?​
Mark KhmerNT 8:38  ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​
Chapter 9
Mark KhmerNT 9:1  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​កំពុង​ឈរ​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ​ លុះ​ត្រា​បាន​ឃើញ​នគរ​ព្រះជាម្ចាស់​មក​ប្រកប​ដោយ​អំណាច»។​
Mark KhmerNT 9:2  ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រះយេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​ ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូប​រាង​ប្លែក​នៅ​ចំពោះ​មុខ​ពួកគេ​
Mark KhmerNT 9:3  ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ភ្លឺ​ចាំង​ គ្មាន​អ្នក​បោក​គក់​ណា​នៅ​ផែន​ដី​នេះ​អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ​
Mark KhmerNT 9:4  ហើយ​លោក​អេលី​យ៉ា​ និង​លោក​ម៉ូសេ​បាន​លេច​មក​ឲ្យ​ពួកគេ​ឃើញ​ ពួក​គាត់​ទាំង​ពីរ​កំពុង​និយាយ​នឹង​ព្រះយេស៊ូ​
Mark KhmerNT 9:5  លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ ដែល​យើង​បាន​នៅ​ទី​នេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​ គឺ​មួយ​សម្រាប់​លោក​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​
Mark KhmerNT 9:6  ដ្បិត​គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ​ ព្រោះ​ពួកគេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​
Mark KhmerNT 9:7  នោះ​មាន​ពពក​លេច​មក​គ្រប​បាំង​ពួក​គាត់​ និង​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ»​
Mark KhmerNT 9:8  ភ្លាម​នោះ​ ពួកគេ​មើល​ជុំវិញ​ខ្លួន​ ហើយ​មិន​បាន​ឃើញ​អ្នក​ណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​មួយ​អង្គ​គត់​ ដែល​នៅ​ជាមួយ​ពួកគេ​
Mark KhmerNT 9:9  ហើយ​ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះអង្គ​បង្គាប់​ពួកគេ​ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ឡើយ​ លើក​លែង​តែ​នៅ​ពេល​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ។​
Mark KhmerNT 9:10  ពួកគេ​បាន​រក្សា​ព្រះបន្ទូល​នោះ​ទុក​ក្នុង​ចិត្ដ​ និង​សួរ​ដេញ​ដោល​គ្នា​ថា​ តើ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?​
Mark KhmerNT 9:11  ហើយ​ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ហេតុ​អ្វី​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?»​
Mark KhmerNT 9:12  ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «លោក​អេលីយ៉ា​មក​មុន​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​សេចក្ដី​ចែង​ទុក​អំពី​កូន​មនុស្ស​ថា​ លោក​ត្រូវ​តែ​រង​ទុក្ខ​លំបាក​ជា​ច្រើន​ និង​ត្រូវ​គេ​ជំទាស់​ផង​
Mark KhmerNT 9:13  ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​ តែ​ពួកគេ​បាន​ប្រព្រឹត្ដ​ចំពោះ​គាត់​តាម​អំពើ​ចិត្ដ​ ដូច​ដែល​មាន​ចែង​ទុក​អំពី​គាត់​ស្រាប់»។​
Mark KhmerNT 9:14  ពេល​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ និង​ពួក​គ្រូ​វិន័យ​ព័ទ្ធ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​សួរ​ដេញ​ដោល​ពួកគេ​
Mark KhmerNT 9:15  ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ទាំង​រត់​ទៅ​ទទួល​ព្រះអង្គ​
Mark KhmerNT 9:16  ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​ដេញ​ដោល​គ្នា​អំពី​អ្វី?»​
Mark KhmerNT 9:17  នោះ​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​បាន​ឆ្លើយ​នឹង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល​
Mark KhmerNT 9:18  ហើយ​នៅ​ពេល​ណា​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​ វា​ផ្ដួល​កូនខ្ញុំ​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​ធ្មេញ​ និង​រឹង​ខ្លួន​ក្រញង់​ ឯ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន​»
Mark KhmerNT 9:19  ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ឱ​ តំណ​មនុស្ស​គ្មាន​ជំនឿ​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ!»​
Mark KhmerNT 9:20  គេ​ក៏​នាំ​ក្មេង​មក​ឯ​ព្រះអង្គ​ ហើយ​ពេល​វិញ្ញាណ​នោះ​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផង​
Mark KhmerNT 9:21  ព្រះអង្គ​សួរ​ទៅ​ឪពុក​ក្មេង​នោះ​ថា៖​ «តើ​ការ​នេះ​បាន​កើត​ឡើង​ចំពោះ​ក្មេង​នេះ​តាំង​ពី​ពេល​ណា​មក?»​ គាត់​ទូល​ថា៖​ «តាំង​ពី​តូច​មក​ម៉្លេះ​
Mark KhmerNT 9:22  វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​ឲ្យកូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​ តែ​បើ​លោក​អាច​ជួយ​បាន​ សូម​អាណិត​មេត្ដា​ជួយ​យើង​ផង»​
Mark KhmerNT 9:23  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ប្រសិន​បើ​អាច​ឬ?​ គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច​សម្រាប់​អ្នក​ជឿ»​
Mark KhmerNT 9:24  ភ្លាម​នោះ​ ឪពុក​ក្មេង​បាន​និយាយ​ទាំង​ទ្រហោ​យំ​ថា៖​ «ខ្ញុំ​ជឿ​ហើយ​ សូម​ជួយ​ភាព​គ្មាន​ជំនឿ​របស់​ខ្ញុំ​ផង»​
Mark KhmerNT 9:25  ដោយ​ឃើញ​បណ្ដាជន​កំពុង​តែ​រត់​មក​ជួប​ជុំ​គ្នា​ ព្រះយេស៊ូ​មាន​បន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖​ «វិញ្ញាណ​ថ្លង់​គ​ យើង​បង្គាប់​ឯង​ ចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»​
Mark KhmerNT 9:26  វា​ក៏​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​បាន​ជា​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ​
Mark KhmerNT 9:27  តែ​ព្រះយេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង​ ហើយ​វា​ក៏​ឈរ​ឡើង។​
Mark KhmerNT 9:28  ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​ពួក​សិស្ស​ព្រះអង្គ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​ «ហេតុ​អ្វី​ពួក​យើង​មិន​អាច​បណ្ដេញ​វិញ្ញាណ​នោះ​ឲ្យ​ចេញ​បាន?»​
Mark KhmerNT 9:29  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្មាន​អ្វី​អាច​បណ្ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន​ទេ​ លើក​លែង​តែ​តាម​រយៈ​ការ​អធិស្ឋាន»។​
Mark KhmerNT 9:30  ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​
Mark KhmerNT 9:31  ដ្បិត​ព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»​
Mark KhmerNT 9:32  ប៉ុន្ដែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះអង្គ​ដែរ។​
Mark KhmerNT 9:33  ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​ ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ព្រះអង្គ​បាន​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​នៅ​តាម​ផ្លូវ​អំពី​អ្វី?»​
Mark KhmerNT 9:34  ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ព្រោះ​ពួកគេ​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ផ្លូវ​ ថា​តើ​អ្នកណា​ធំ​ជាង​គេ​
Mark KhmerNT 9:35  ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​ហៅ​សាវក​ទាំង​ដប់​ពីរ​មក​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ អ្នក​នោះ​ត្រូវ​ជា​អ្នក​នៅ​ចុង​ក្រោយ​គេ​បង្អស់​ ហើយ​ជា​អ្នក​បម្រើ​គេ​គ្រប់​គ្នា»​
Mark KhmerNT 9:36  ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួកគេ​ រួច​លើក​ព​ក្មេង​នោះ​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​
Mark KhmerNT 9:37  «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ នោះ​មិន​មែន​ទទួលតែ​ខ្ញុំ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​
Mark KhmerNT 9:38  លោក​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះ​អង្គ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​មក​តាម​យើង»​
Mark KhmerNT 9:39  តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ក្នុង​នាម​ខ្ញុំ​ ហើយ​និយាយ​អាក្រក់​ពីខ្ញុំ​ភ្លាមៗ​បាន​ឡើយ​
Mark KhmerNT 9:40  ដ្បិត​អ្នក​ណា​មិន​ប្រឆាំង​យើង​ អ្នក​នោះ​នៅ​ខាង​យើង​ហើយ​
Mark KhmerNT 9:41  បើ​អ្នក​ណា​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នក​ផឹក​ក្នុង​នាម​ខ្ញុំ​ និង​ព្រោះ​តែ​អ្នក​ជា​របស់​ព្រះគ្រិស្ដ​ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​ឡើយ​
Mark KhmerNT 9:42  ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​
Mark KhmerNT 9:43  ហើយ​បើ​ដៃ​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ​ តែ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក​ដែល​មាន​ភ្លើង​មិន​ចេះ​រលត់​
Mark KhmerNT 9:44  [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​
Mark KhmerNT 9:45  ហើយ​បើ​ជើង​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ​ តែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។​
Mark KhmerNT 9:46  [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​
Mark KhmerNT 9:47  បើ​ភ្នែក​ខាង​ណា​មួយ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មាន​ភ្នែក​តែ​ម្ខាង​ ប្រសើរ​ជាង​មាន​ភ្នែក​មួយ​គូ​ ប៉ុន្ដែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក​
Mark KhmerNT 9:48  [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​
Mark KhmerNT 9:49  ព្រោះ​មនុស្ស​គ្រប់​គ្នា​នឹង​ប្រៃ​ដោយ​សារ​ភ្លើង​
Mark KhmerNT 9:50  អំបិល​ល្អ​ទេ​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ ចូរ​អ្នក​រាល់គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន​ និង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ​ចុះ»។​
Chapter 10
Mark KhmerNT 10:1  បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ទី​នោះ​ ព្រះអង្គក៏​មក​ដល់​ស្រុក​យូដា​ដែល​នៅ​ត្រើយ​ម្ខាង​អូរ​យ័រដាន់​ ហើយ​បណ្ដា​ជនក៏​ជួប​ជុំ​គ្នា​មក​ឯ​ព្រះអង្គ​ម្ដង​ទៀត​ ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​តាម​ទម្លាប់​ព្រះអង្គ​
Mark KhmerNT 10:2  ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ល្បង​ល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «បើ​ប្ដី​លែង​ប្រពន្ធ​ តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ?»​
Mark KhmerNT 10:3  ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ?»​
Mark KhmerNT 10:4  ពួកគេ​និយាយ​ថា៖​ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួច​លែង​ប្រពន្ធ»​
Mark KhmerNT 10:5  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នោះ​ព្រោះ​តែ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ បាន​ជា​លោក​ម៉ូសេ​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នក​រាល់គ្នា​
Mark KhmerNT 10:6  តែ​ព្រះជាម្ចាស់​បាន​បង្កើត​ពួកគេ​ជា​ប្រុស​ ជា​ស្រី​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ម៉្លេះ​
Mark KhmerNT 10:7  ដោយ​ហេតុ​នេះ​ បាន​ជា​មនុស្ស​ប្រុស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​
Mark KhmerNT 10:8  អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ​ ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀតទេ​ តែ​ជា​សាច់​តែ​មួយ​វិញ​
Mark KhmerNT 10:9  ដូច្នេះ​ កុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​ឡើយ»។​
Mark KhmerNT 10:10  ពេល​ទៅ​ដល់​ផ្ទះ​ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដង​ទៀត​អំពី​សេចក្ដី​នេះ​
Mark KhmerNT 10:11  ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ​ហើយ​
Mark KhmerNT 10:12  រីឯ​ប្រពន្ធ​លែង​ប្ដីខ្លួន​ រួច​រៀបការ​នឹង​បុរស​ម្នាក់​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​
Mark KhmerNT 10:13  មាន​មនុស្ស​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ក្មេងៗ​ទាំង​នោះ​ តែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ​
Mark KhmerNT 10:14  កាល​ទត​ឃើញ​ដូច្នេះ​ ព្រះយេស៊ូ​ទាស់​ចិត្ដ​យ៉ាង​ខ្លាំង​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​
Mark KhmerNT 10:15  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​ណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូនក្មេង​ នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»​
Mark KhmerNT 10:16  ព្រះអង្គ​បាន​លើក​ក្មេងៗ​ ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួកគេ។​
Mark KhmerNT 10:17  កាល​ព្រះអង្គ​កំពុង​ទៅ​តាម​ផ្លូវ​ នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ​ និង​ទូល​សួរ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ទុក​ជា​មរតក?»​
Mark KhmerNT 10:18  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើក​លែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់​
Mark KhmerNT 10:19  អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា​ កុំ​សម្លាប់​ កុំ​ផិត​ក្បត់​ កុំ​លួច​ កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ​ កុំគៃ​បន្លំ​ និង​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​
Mark KhmerNT 10:20  គាត់​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​នេះ​តាំង​ពី​ខ្ញុំ​វ័យ​ជំទង់​ម៉្លេះ»​
Mark KhmerNT 10:21  ប៉ុន្ដែ​ព្រះអង្គ​មើល​ទៅ​គាត់​ដោយ​ក្ដី​ស្រឡាញ់​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះសេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​ដែល​អ្នក​មាន​ទាំង​ឡាយ​ឲ្យ​អ្នក​ក្រ​ចុះ​ អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​
Mark KhmerNT 10:22  ប៉ុន្ដែ​គាត់​ព្រួយ​ចិត្ដ​ដោយ​សារ​ឮ​ព្រះបន្ទូល​នេះ​ ហើយ​បាន​ចាក​ចេញ​ទៅ​ទាំង​សោក​សៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​
Mark KhmerNT 10:23  ពេល​ព្រះយេស៊ូ​មើល​ជុំ​វិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់»​
Mark KhmerNT 10:24  ពួក​សិស្ស​ឆ្ងល់​នឹង​ព្រះបន្ទូល​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៀត​ថា៖​ «កូន​អើយ!​ ការ​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ នោះ​ពិបាក​ណាស់​
Mark KhmerNT 10:25  សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់ទៅ​ទៀត»​
Mark KhmerNT 10:26  ពួកគេ​កាន់​តែ​ឆ្ងល់​ថែម​ទៀត​ ហើយ​និយាយ​គ្នា​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​
Mark KhmerNT 10:27  ប៉ុន្ដែ​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ ហើយ​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​អាច​ធ្វើ​បាន​ ព្រោះ​ព្រះជាម្ចាស់​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»​
Mark KhmerNT 10:28  លោក​ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ យើង​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​ ហើយ​ដើរ​តាម​លោក»​
Mark KhmerNT 10:29  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នក​ណា​ដែល​ព្រម​លះ​បង់​ផ្ទះ​សំបែង​ កូន​ ឪពុក​ម្ដាយ​ បង​ប្អូន​ប្រុស​ស្រី​ ស្រែ​ចម្ការ​ ព្រោះ​យល់​ដល់​ខ្ញុំ​ និង​ដំណឹង​ល្អ​
Mark KhmerNT 10:30  មិន​ទទួល​បាន​មួយ​ជា​មួយ​រយ​នោះ​ទេ​ គឺ​នៅ​ពេល​នេះ​ទទួល​បាន​ផ្ទះ​សំបែង​ បង​ប្អូន​ប្រុស​ស្រី​ ម្ដាយ​ កូន​ និង​ស្រែ​ចម្ការ​ ព្រម​ជាមួយ​នឹង​ការ​បៀត​បៀន​ ហើយ​នៅ​លោក​ខាង​មុខ​នឹង​បាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​ជា​មិន​ខាន​
Mark KhmerNT 10:31  ហើយ​មនុស្ស​ជា​ច្រើន​ដែល​នៅ​មុខ​គេ​ នឹង​ត្រលប់​ជា​ក្រោយ​គេ​បង្អស់​ រីឯ​អ្នក​នៅ​ក្រោយ​គេ​បង្អស់​ នឹង​បាន​នៅ​មុខ​គេ​វិញ»។​
Mark KhmerNT 10:32  កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម​ ព្រះយេស៊ូ​នាំ​មុខ​ពួកគេ​ រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​បាន​តក់​ស្លុត​ និង​ភ័យ​ខ្លាច​ជា​ខ្លាំង​ រួច​ពេល​ប្រមូល​សាវក​ទាំង​ដប់​ពីរ​មក​ម្ដង​ទៀត​ហើយ​ ព្រះអង្គ​ក៏​ចាប់​ផ្ដើម​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​នឹង​កើត​ចំពោះ​ព្រះអង្គ​ថា៖​
Mark KhmerNT 10:33  «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ រីឯ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​ ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ​
Mark KhmerNT 10:34  ហើយ​ពួកគេ​នឹង​ចំអក​ឲ្យ​លោក​ ស្ដោះ​ទឹក​មាត់​ដាក់​លោក​ វាយ​នឹង​ខ្សែ​តី​ រួច​សម្លាប់​លោក​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»។​
Mark KhmerNT 10:35  លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ ជា​កូន​លោក​សេបេដេ​បាន​មក​រក​ព្រះអង្គ​ និង​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង»​
Mark KhmerNT 10:36  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​
Mark KhmerNT 10:37  ពួកគេ​ឆ្លើយ​ថា៖​ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​លោក​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោក​ផង»​
Mark KhmerNT 10:38  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ?»​
Mark KhmerNT 10:39  ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ទទួល​បាន»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​មែន​
Mark KhmerNT 10:40  ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»​
Mark KhmerNT 10:41  ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ចាប់​ផ្ដើម​ទាស់​ចិត្ដ​នឹង​លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​
Mark KhmerNT 10:42  ព្រះយេស៊ូ​ហៅ​ពួកគេ​មក​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​ដទៃ​ គឺ​ត្រួត​ត្រា​លើ​គេ​ ហើយ​ពួក​អ្នក​ធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​គេ​ដែរ​
Mark KhmerNT 10:43  ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់គ្នា​វិញ​
Mark KhmerNT 10:44  ហើយ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​មនុស្ស​គ្រប់​គ្នា​
Mark KhmerNT 10:45  ដ្បិត​សូម្បី​តែ​កូន​មនុស្ស​ ក៏​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ដែរ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង»។​
Mark KhmerNT 10:46  ពួកគេ​មក​ដល់​ក្រុង​យេរីខូរ​ ហើយ​ពេល​ព្រះអង្គ​ និង​ពួក​សិស្ស​រួម​ជា​មួយ​មនុស្ស​ច្រើន​កុះករ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​អ្នក​សុំ​ទាន​ម្នាក់​ ខ្វាក់​ភ្នែក​ ឈ្មោះ​បារទីមេ​ ជា​កូន​ប្រុស​លោក​ទីមេ​កំពុង​តែ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​
Mark KhmerNT 10:47  ហើយ​ពេល​ឮ​ថា​ នោះ​ជា​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ គាត់​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​
Mark KhmerNT 10:48  មនុស្ស​ជា​ច្រើន​បាន​បន្ទោស​ឲ្យ​គាត់​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖​ «ព្រះយេស៊ូ​ ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​
Mark KhmerNT 10:49  ព្រះយេស៊ូ​ក៏​ឈប់​ និង​មាន​បន្ទូល​ថា៖​ «ចូរ​ហៅ​គាត់​មក»​ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ ទាំង​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​អរ​សប្បាយ​ ហើយ​ក្រោក​ឈរ​ឡើង​ លោក​ហៅ​អ្នក​ហើយ»​
Mark KhmerNT 10:50  គាត់​ក៏​បោះ​អាវ​គាត់​ចោល​ លោត​ឡើង​ ហើយ​ក៏​មក​ឯ​ព្រះយេស៊ូ​
Mark KhmerNT 10:51  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​តប​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​ បុរស​ខ្វាក់​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង»​
Mark KhmerNT 10:52  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»​ ស្រាប់​តែ​ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​នៅ​តាម​ផ្លូវ។​
Chapter 11
Mark KhmerNT 11:1  ពេល​ពួកគេ​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ នៅ​ត្រង់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ព្រះអង្គ​ពីរ​នាក់​
Mark KhmerNT 11:2  ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​អ្នក​ ពេល​ចូល​ទៅ​ដល់​ក្នុង​ភូមិ​ភ្លាម​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ក្បាល​ដែល​គេ​ចង​ទុក​ មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​វា​ ហើយ​ដឹក​វា​មក​
Mark KhmerNT 11:3  ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​
Mark KhmerNT 11:4  ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​
Mark KhmerNT 11:5  អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​ និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ស្រាយ​កូន​លា​នេះ​ធ្វើ​អ្វី?»​
Mark KhmerNT 11:6  អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេ​ ដូច​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​
Mark KhmerNT 11:7  អ្នក​ទាំង​ពីរ​នោះ​ដឹក​កូន​លា​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូន​លា​នោះ​
Mark KhmerNT 11:8  មនុស្ស​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​គេ​លើ​ផ្លូវ​ អ្នក​ខ្លះ​ទៀត​បាន​កាត់​មែក​ឈើ​ពី​ចម្ការ​ ​មក​ក្រាល​លើ​ផ្លូវ​ដែរ​
Mark KhmerNT 11:9  អ្នក​ដើរ​នាំ​មុខ​ និង​អ្នក​ដើរ​តាម​ក្រោយ​បាន​ស្រែក​ឡើង​ថា៖​ «ហូសាណា!​ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់​
Mark KhmerNT 11:10  សូម​ថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ ជា​ឪពុក​របស់​យើង​ដែល​នឹង​មក​ដល់​ ហូសាណា!​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​
Mark KhmerNT 11:11  ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ព្រះ​វិហារ​ ពេល​មើល​សព្វ​កន្លែង​ហើយ​ ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជា​មួយ​សាវក​ទាំង​ដប់​ពីរ​ ព្រោះ​ល្ងាច​ណាស់​ហើយ។​
Mark KhmerNT 11:12  លុះ​ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចាក​ចេញ​ពី​ក្រុង​បេថានី​ ព្រះអង្គ​ក៏​ឃ្លាន​
Mark KhmerNT 11:13  កាល​បាន​ឃើញ​ដើម​ល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ ព្រះអង្គ​ក៏​ទៅ​មើល​ ក្រែង​លោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​ តែ​ពេល​មក​ដល់​ ព្រះអង្គ​ឃើញ​ថា​ ក្រៅ​ពី​ស្លឹក​ គ្មាន​អ្វី​សោះ​ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ​
Mark KhmerNT 11:14  ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​ថា៖​ «ដរាប​ត​ទៅ ​គ្មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ទេ»​ ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់​ឮ​ដែរ។​
Mark KhmerNT 11:15  ពួកគេ​មក​ដល់​ក្រុង​យេរូសាឡិម​ រួច​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​
Mark KhmerNT 11:16  ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សែង​ទំនិញ​ឆ្លង​កាត់​ព្រះវិហារ​ទេ​
Mark KhmerNT 11:17  ទាំង​មាន​បន្ទូល​បង្រៀន​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ទេ​ឬ​អី​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ ដំណាក់​សម្រាប់​ជន​ជាតិ​ទាំង​អស់​អធិស្ឋាន?​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​វិញ»​
Mark KhmerNT 11:18  កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​
Mark KhmerNT 11:19  ហើយ​នៅ​ល្ងាច​នោះ​ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ក្រុង។​
Mark KhmerNT 11:20  លុះ​ព្រលឹម​ឡើង​ កាល​ពួកគេ​ទៅ​ជិត​ដើម​ល្វា​ ក៏​ឃើញ​វា​ក្រៀម​ស្វិត​រហូត​ដល់​ឫស​
Mark KhmerNT 11:21  កាល​លោក​ពេត្រុស​នឹក​ចាំ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ មើល​ចុះ​ ដើម​ល្វា​ដែល​លោក​ដាក់​បណ្ដាសា​នោះ​ ក្រៀម​ស្វិត​ទៅ​ហើយ»​
Mark KhmerNT 11:22  ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៅ​ពួកគេ​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​
Mark KhmerNT 11:23  ​ខ្ញុំ​ប្រាប់អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ ដោយ​គ្មាន​ចិត្ដ​សង្ស័យ​ តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង​មែន​ នោះ​នឹង​បាន​សម្រេច​ដល់​គាត់​
Mark KhmerNT 11:24  ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​អធិស្ឋាន​សុំ​ ទាំង​ជឿ​ថា​ នឹង​ទទួល​បាន​ នឹងបាន​សម្រេច​ដល់​អ្នក​រាល់គ្នា​
Mark KhmerNT 11:25  ហើយ​ពេល​អ្នក​រាល់គ្នា​ឈរ​អធិស្ឋាន​ ប្រសិន​បើ​អ្នក​រាល់គ្នា​មាន​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌​លើក​លែង​ទោស​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ​
Mark KhmerNT 11:26  [ប៉ុន្ដែ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ឲ្យ​គាត់​ទេ​ នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើក​លែង​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ»]។​
Mark KhmerNT 11:27  រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះវិហារ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និងពួក​ចាស់​ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ​
Mark KhmerNT 11:28  ហើយ​ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​អ្នក​ធ្វើ​ការ​ទាំង​នេះ?»​
Mark KhmerNT 11:29  ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា​៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ​ ​សូម​ពួក​លោក​ឆ្លើយ​នឹងខ្ញុំ​ នោះ​ខ្ញុំ​នឹង​ប្រាប់ពួកលោក​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​សិទ្ធិ​អំណាច​អ្វី។
Mark KhmerNT 11:30  តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ស្ថាន​សួគ៌​ ឬ​ក៏មក​ពី​មនុស្ស​?​ សូម​ឆ្លើយប្រាប់​ខ្ញុំ​ផង​»
Mark KhmerNT 11:31  ​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​ថា​៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា មក​ពី​ស្ថាន​សួគ៌​ ​នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន​?
Mark KhmerNT 11:32  តើ​យើងគួរ​និយាយ​ថា​ មក​ពី​មនុស្សឬ?»​ (ពួក​គេ​ខ្លាច​ពួកបណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហានថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​ពិត​ប្រាកដ)
Mark KhmerNT 11:33  ដូច្នេះ​ ពួកគេ​ក៏​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ» ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សារ​សិទ្ធិ​អំណាច​អ្វី»។​
Chapter 12
Mark KhmerNT 12:1  ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មាន​បុរស​ម្នាក់​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​
Mark KhmerNT 12:2  លុះ​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​បាវ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​ពី​ពួកគេ​
Mark KhmerNT 12:3  ប៉ុន្ដែ​ពួកគេ​បាន​ចាប់​បាវ​បម្រើ​នោះ​វាយ​ ហើយ​បណ្ដេញ​ឲ្យ​ទៅ​វិញ​ទាំង​ដៃ​ទទេ​
Mark KhmerNT 12:4  ហើយ​គាត់​ក៏​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួកគេ​ម្ដង​ទៀត​ តែ​ពួកគេ​បាន​វាយ​ក្បាល​បាវ​នោះ​ទាំង​ប្រមាថ​ទៀត​ផង​
Mark KhmerNT 12:5  គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​សម្លាប់​អ្នក​នោះ​ ហើយ​បាវ​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​ ខ្លះ​ត្រូវ​គេ​វាយ​ដំ​ និង​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់​
Mark KhmerNT 12:6  គាត់​នៅ​មាន​កូន​ប្រុស​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត​ នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​ពួកគេ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​
Mark KhmerNT 12:7  ប៉ុន្ដែ​អ្នក​ចម្ការ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ នោះ​មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ​
Mark KhmerNT 12:8  រួច​ពួកគេ​ក៏​ចាប់​គាត់​សម្លាប់​ ហើយ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។​
Mark KhmerNT 12:9  ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​
Mark KhmerNT 12:10  តើ​អ្នក​រាល់គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​ទេ​ឬ​អី​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​ បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​
Mark KhmerNT 12:11  ការ​នេះ​កើត​ឡើងពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង»។​
Mark KhmerNT 12:12  ពួកគេ​រក​ចាប់​ព្រះអង្គ​ ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។​
Mark KhmerNT 12:13  រួច​ពួកគេ​ចាត់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និងពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ខ្លះឲ្យ​ទៅ​ឯ​ព្រះអង្គ​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​
Mark KhmerNT 12:14  ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​
Mark KhmerNT 12:15  ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​
Mark KhmerNT 12:16  គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​
Mark KhmerNT 12:17  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិរាជ​ដល់​ព្រះ​ចៅ​អធិរាជ​ ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ដល់​ព្រះជាម្ចាស់​ចុះ»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​នឹង​ព្រះអង្គ។​
Mark KhmerNT 12:18  ឯ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការ​រស់​ឡើង​វិញ​ បាន​មក​ឯ​ព្រះអង្គ​ ហើយ​សួរ​ព្រះអង្គ​ថា៖​
Mark KhmerNT 12:19  «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ ដោយ​មិន​ទាន់​មាន​កូន​ ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ ហើយ​បង្កើត​កូន​ឲ្យ​បងប្រុស​របស់​គាត់។​
Mark KhmerNT 12:20  មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ហើយ​ក៏​ស្លាប់​ទៅ​ ដោយ​មិន​ទាន់​មាន​កូន​
Mark KhmerNT 12:21  ប្អូន​ប្រុស​ទី​ពីរ​បាន​យក​នាង​ រួច​ក៏​ស្លាប់​ទៀត​ ដោយ​មិន​ទាន់​មាន​កូន​ ឯ​ប្អូន​ប្រុស​ទី​បី​ក៏ដូច​គ្នា​ដែរ​
Mark KhmerNT 12:22  បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​មិន​បាន​មាន​កូន​ទេ​ ទី​បំផុត​ស្ត្រី​នោះ​ក៏​ស្លាប់​ដែរ​
Mark KhmerNT 12:23  ចុះ​ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ?​ ព្រោះ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​»
Mark KhmerNT 12:24  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មិន​យល់​បទ​គម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​ទេ​ តើ​នេះ​មិន​មែន​ជា​ហេតុ​ផល​ដែល​អ្នក​រាល់គ្នា​យល់​ច្រឡំ​ទេ​ឬ?​
Mark KhmerNT 12:25  ព្រោះ​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ គេ​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ​
Mark KhmerNT 12:26  តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​ គឺ​នៅ​ត្រង់​គុម្ព​បន្លា​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​លោក​ថា​ យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប?​
Mark KhmerNT 12:27  ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះរបស់​មនុស្ស​រស់​ អ្នក​រាល់គ្នា​យល់​ច្រឡំ​ធំ​ណាស់»។​
Mark KhmerNT 12:28  គ្រូ​វិន័យ​ម្នាក់​បាន​ចូល​មក​ជិត​ និង​ឮ​ពួកគេ​ជជែក​គ្នា​ ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​នៅ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​អស់​បញ្ញត្ដិ​ទី​មួយ​គឺ​អ្វី?»​
Mark KhmerNT 12:29  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បញ្ញត្ដិ​ទី​មួយ​គឺ​ ចូរ​ស្ដាប់​ចុះ​អ៊ីស្រាអែល​អើយ​ ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​តែ​មួយ​គត់​
Mark KhmerNT 12:30  អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​គំនិត​ អស់​ពី​ព្រលឹង ​និង​អស់​ពី​កម្លាំង​អ្នក​
Mark KhmerNT 12:31  រីឯ​បញ្ញត្ដិ​ទី​ពីរ​គឺ​ អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​អ្នក​ គ្មាន​បញ្ញត្ដិណា​ធំជាង​បញ្ញត្ដិ​ទាំងពីរ​នេះ​ទៀត​ទេ»​
Mark KhmerNT 12:32  គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​
Mark KhmerNT 12:33  ហើយ​ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​ អស់​ពី​ប្រាជ្ញា​ អស់​ពី​ព្រលឹង​ និង​អស់​ពី​កម្លាំង​ និង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​តង្វាយ​ដុត​ និង​យញ្ញ​បូជា​ទាំង​អស់​ទៅ​ទៀត»។​
Mark KhmerNT 12:34  កាល​ព្រះយេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាង​ឈ្លាស​វៃ​ដូច្នេះ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ»​ រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀត​ទេ។​
Mark KhmerNT 12:35  ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​
Mark KhmerNT 12:36  ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​
Mark KhmerNT 12:37  ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច?»​ មនុស្ស​ច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ ដោយ​សប្បាយ​រីក​រាយ​
Mark KhmerNT 12:38  ហើយ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើងឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន​
Mark KhmerNT 12:39  ហើយ​ចូល​ចិត្ដ​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់​លៀង​
Mark KhmerNT 12:40  ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​អធិស្ឋាន​យ៉ាង​យូរ។​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ»។​
Mark KhmerNT 12:41  ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់​មុខ​ហិប​តង្វាយ​ និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅ​ក្នុង​ហិប​ត​ង្វាយ​ ហើយ​មាន​អ្នក​មាន​ជា​ច្រើន​បាន​ដាក់​កាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​នោះ​
Mark KhmerNT 12:42  ហើយ​មាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ ​ដែល​ស្មើ​នឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ​
Mark KhmerNT 12:43  ព្រះយេស៊ូ​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ និង​មាន​បន្ទូល​ទៅ​គេថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ស្ដ្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​នេះ​ បាន​ដាក់​តង្វាយ​ច្រើន​ជាង​អ្នក​ទាំង​អស់​ដែល​បាន​ដាក់​តង្វាយ​ក្នុង​ហិប​តង្វាយ​នេះ​ទៅ​ទៀត​
Mark KhmerNT 12:44  ព្រោះ​មនុស្ស​គ្រប់​គ្នា​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រី​ក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ផង»។​
Chapter 13
Mark KhmerNT 13:1  ពេល​ព្រះអង្គ​យាង​ចេញ​ពី​ព្រះ​វិហារ​មក​ សិស្ស​ព្រះអង្គ​ម្នាក់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ មើល​ហ្ន៎​ ថ្ម​ និង​អគារ​នោះ​ធំ​អស្ចារ្យ​ណាស់!»​
Mark KhmerNT 13:2  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​សិស្ស​នោះ​ថា៖​ «តើ​អ្នក​ឃើញ​អគារ​ធំៗ​ទាំង​នោះ​ដែរ​ឬ​ទេ?​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅទី​នោះ​ទាំង​អស់​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»​
Mark KhmerNT 13:3  កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ទល់​មុខ​ព្រះ​វិហារ​ លោក​ពេត្រុស​ លោក​យ៉ាកុប​ លោក​យ៉ូហាន​ និង​លោក​អនទ្រេ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​
Mark KhmerNT 13:4  «សូម​ប្រាប់​យើង​ខ្ញុំ​ផង​ តើ​ការ​ទាំង​នេះនឹង​កើត​ឡើង​នៅ​ពេល​ណា​ ហើយ​មាន​ទី​សំគាល់​អ្វី​ខ្លះ​នៅ​ពេល​ដែល​ការ​ទាំង​នេះ​បម្រុង​នឹង​បាន​សម្រេច?»​
Mark KhmerNT 13:5  ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នក​ណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​ឡើយ​
Mark KhmerNT 13:6  ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន​
Mark KhmerNT 13:7  នៅ​ពេល​អ្នក​រាល់គ្នា​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ នោះ​កុំ​ជ្រួល​ច្របល់​អី​ ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទីបញ្ចប់​ទេ​
Mark KhmerNT 13:8  ព្រោះ​ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជន​ជាតិ​មួយ​ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ​ព្រម​ទាំង​មាន​ការ​រញ្ជួយ​ដី​ច្រើន​កន្លែង​ និង​មាន​គ្រោះ​អត់​ឃ្លាន​ ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​
Mark KhmerNT 13:9  ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ពីព្រោះ​ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​កំពូល​ រួច​គេ​នឹង​វាយ​អ្នក​រាល់គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​ អ្នក​រាល់គ្នា​នឹង​ឈរ​ធ្វើជា​បន្ទាល់​នៅ​មុខ​ចៅ​ហ្វាយ​ក្រុង​ និង​ស្ដេច​ ដោយ​ព្រោះ​ខ្ញុំ​
Mark KhmerNT 13:10  រីឯ​ដំណឹង​ល្អ​ត្រូវ​ផ្សាយ​ដល់​គ្រប់​ជន​ជាតិ​ទាំង​អស់​ជា​មុន​សិន​
Mark KhmerNT 13:11  ប៉ុន្ដែ​ពេល​គេ​នាំ​អ្នក​រាល់គ្នា​ទៅ​ នោះ​ចូរ​កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​អ្វី​ដែល​អ្នក​រាល់គ្នា​ត្រូ​វ​និយាយ​ឡើយ​ ដ្បិត​នៅ​ពេល​នោះ​ អ្នក​រាល់គ្នា​ត្រូវ​និយាយ​សេចក្ដី​ណា​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​ ហើយ​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ​
Mark KhmerNT 13:12  បង​ប្អូន​នឹង​ប្រគល់​បង​ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ និង​សម្លាប់​ពួកគេ​
Mark KhmerNT 13:13  ហើយ​មនុស្ស​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​
Mark KhmerNT 13:14  នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​កន្លែង​ដែល​មិន​គួរ​មាន​ សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​ គឺ​ពេល​នោះ​ ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​
Mark KhmerNT 13:15  ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្រោម​ ឬ​ចូល​យក​អីវ៉ាន់​ពី​ក្នុង​ផ្ទះ​គាត់​ឡើយ​
Mark KhmerNT 13:16  និង​កុំឲ្យ​អ្នក​នៅ​ស្រែ​ចម្ការ​បក​ក្រោយ​ ទៅ​យក​អាវ​របស់​គាត់​ឲ្យ​សោះ​
Mark KhmerNT 13:17  ប៉ុន្ដែ​ពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​ នឹង​វេទនា​នៅ​គ្រា​នោះ​
Mark KhmerNT 13:18  ដូច្នេះ​ ចូរ​អធិស្ឋាន​ កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ​
Mark KhmerNT 13:19  ព្រោះ​នៅ​គ្រា​នោះ​នឹង​មាន​ទុក្ខ​វេទនា​ដ៏​សម្បើម​ គឺ​មិន​ដែល​មាន​ទុក្ខ​វេទនា​បែប​នេះ​ឡើយ​ ចាប់​តាំង​ពី​កំណើត​ពិភព​លោក​ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​រហូត​ដល់​ពេល​នេះ​
Mark KhmerNT 13:20  ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​
Mark KhmerNT 13:21  នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរ​ណា​ម្នាក់​ប្រាប់​អ្នក​ថា៖​ «មើល​នែ!​ ​ព្រះគ្រិស្ដ​នៅ​ទីនេះ​ ព្រះគ្រិស្ដ​នៅ​ទី​នោះ»​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​
Mark KhmerNT 13:22  ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​សំដែង​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស​ ប្រសិន​បើ​អាច​ធ្វើ​បាន​
Mark KhmerNT 13:23  ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​សព្វ​គ្រប់​ជា​មុន​រួច​ហើយ​
Mark KhmerNT 13:24  ប៉ុន្ដែ​ក្រោយ​គ្រា​ទុក្ខ​វេទនា​ទាំង​នោះ​ ដួង​អាទិត្យ​នឹង​អាប់​រស្មី​ ហើយ​លោក​ខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ទេ​
Mark KhmerNT 13:25  ឯ​ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ចុះពី​លើ​មេឃ​ ហើយ​អំណាច​នៅ​ស្ថាន​សួគ៌​នឹង​រង្គោះ​រង្គើ​
Mark KhmerNT 13:26  បន្ទាប់​មក​ ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​នៅលើ​ពពក​ ប្រកប​ដោយ​អំណាច​ និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ​
Mark KhmerNT 13:27  នៅ​ពេល​នោះ​ លោក​នឹង​ចាត់ពួក​ទេវតា​ឲ្យ​ប្រមូល​អ្នក​ដែល​លោក​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ចុង​បំផុត​នៃ​ផែន​ដី​រហូត​ដល់​ជើង​មេឃ​
Mark KhmerNT 13:28  ហើយ​ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​
Mark KhmerNT 13:29  ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់​តែ​កៀក​បំផុត​ហើយ​
Mark KhmerNT 13:30  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះ​ត្រា​តែហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​
Mark KhmerNT 13:31  ផ្ទៃ​មេឃ​ និង​ផែន​ដី​នឹង​រលាយ​បាត់​ទៅ​ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ​
Mark KhmerNT 13:32  ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរ​បិតា​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​ សូម្បី​តែ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ ឬ​កូន​មនុស្ស។​
Mark KhmerNT 13:33  ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ ត្រូវ​ប្រុងស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ពេល​នោះ​ចំ​ពេល​ណា​ទេ​
Mark KhmerNT 13:34  គឺ​ដូចជា​បុរស​ម្នាក់​ចេញ​ពី​ផ្ទះធ្វើ​ដំណើរ​ទៅ​ ហើយ​ឲ្យ​សិទ្ធិ​អំណាច​ដល់​បាវ​បម្រើ​របស់​គាត់​ម្នាក់ៗ​ធ្វើ​ការ​របស់​គេ​រៀងៗ​ខ្លួន​ ទាំង​បង្គាប់​អ្នក​យាម​ទ្វារ​ឲ្យ​ប្រុង​ស្មារតី​
Mark KhmerNT 13:35  ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ម្ចាស់​ផ្ទះ​នឹង​មក​នៅ​ពេល​ណា​ទេ​ ទោះជា​ពេល​ល្ងាច​ ពេល​យប់​អធ្រាត្រ​ ពេល​មាន់​រងាវ​ ឬ​ពេល​ព្រឹក​ព្រលឹម​ក្ដី​
Mark KhmerNT 13:36  ក្រែង​លោ​គាត់​មក​ដល់​ភ្លាម​ឃើញ​អ្នក​រាល់​គ្នា​កំពុង​ដេក​លក់​
Mark KhmerNT 13:37  ហើយ​អ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ ខ្ញុំ​ក៏​ប្រាប់​មនុស្ស​គ្រប់​គ្នា​ដែរ​ថា​ ត្រូវ​ប្រុង​ស្មារតី»។​
Chapter 14
Mark KhmerNT 14:1  ឥឡូវ​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ និង​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​ឧបាយកល​ ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់​
Mark KhmerNT 14:2  ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ពី​ពួក​បណ្ដា​ជន»​
Mark KhmerNT 14:3  ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​លោក​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​ នោះ​មាន​ស្ដ្រី​ម្នាក់​បាន​មក​ ទាំង​កាន់​ដប​ដាក់​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ ដែល​មាន​តម្លៃ​បំផុត​ផង​ ហើយ​នាង​បាន​បំបែក​ដប​នោះ​ ចាក់​ប្រេង​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​
Mark KhmerNT 14:4  ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ច្រណែន​គ្នា​ ក៏​និយាយ​ថា៖​ «តើ​ហេតុ​អ្វី​បាន​ជា​បង្ហិន​ប្រេង​ក្រអូប​ដូច្នេះ?​
Mark KhmerNT 14:5  ព្រោះ​ប្រេង​នេះ​អាច​លក់​បាន​ប្រាក់​លើស​ពី​បី​រយ​ឌេណារី​ ហើយ​អាច​ចែក​ទាន​ឲ្យ​អ្នក​ក្រ​បាន»​ ពួកគេ​ក៏​បន្ទោស​នាង។​
Mark KhmerNT 14:6  តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «បណ្ដោយ​តាម​នាង​ទៅ​ ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​បង្ក​រឿង​ឲ្យ​នាង​ពិបាក​ដូច្នេះ?​ នាង​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​សម្រាប់​ខ្ញុំ​
Mark KhmerNT 14:7  ដ្បិត​អ្នក​ក្រ​តែង​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជា​និច្ច​ អ្នក​រាល់គ្នា​ចង់​ធ្វើ​ល្អ​ចំពោះ​ពួកគេ​ពេល​ណា​ក៏​អាច​ធ្វើ​បាន​ ប៉ុន្ដែ​ខ្ញុំ​វិញ​ មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​រហូត​ទេ​
Mark KhmerNT 14:8  នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​រួច​ហើយ​ គឺ​នាង​បាន​លាប​ប្រេង​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀប​ចំ​បញ្ចុះ​សព​ខ្ញុំ​ជា​មុន​
Mark KhmerNT 14:9  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ទី​ណា​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​ពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​
Mark KhmerNT 14:10  យូដាស​អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ​
Mark KhmerNT 14:11  ពេល​ពួកគេ​ឮ​ ក៏​ត្រេក​អរ​ណាស់​ និង​បាន​សន្យា​ឲ្យ​លុយ​ដល់​គាត់​ រួច​គាត់​ក៏​រក​មធ្យោបាយ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​តាម​ពេល​វេលា​សម​ស្រប។​
Mark KhmerNT 14:12  នៅ​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពេល​គេ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង​ ពួក​សិស្ស​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀប​ចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​កន្លែង​ណា?»​
Mark KhmerNT 14:13  ព្រះអង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៅ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ក្នុង​ក្រុង​នោះ​ អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ហើយ​ទៅ​តាម​អ្នក​នោះ​ចុះ​
Mark KhmerNT 14:14  ពេល​គាត់​ចូល​ក្នុង​ផ្ទះ​មួយ​ណា​ ចូរ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា ​លោក​គ្រូ​សួរ​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯ​ណា?​
Mark KhmerNT 14:15  គាត់​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​នូវ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ ចូរ​រៀប​ចំ​សម្រាប់​ពួក​យើង​នៅ​ទី​នោះ​ចុះ»។​
Mark KhmerNT 14:16  សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ​ ហើយ​ពេល​ចូល​ដល់​ក្នុង​ក្រុង​ ពួកគេ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ ពួកគេ​ក៏​រៀប​ចំ​ពិធី​បុណ្យ​រំលង​
Mark KhmerNT 14:17  លុះ​ដល់​ពេល​ល្ងាច​ ព្រះអង្គ​ក៏​មក​ជាមួយ​នឹង​សាវក​ទាំង​ដប់​ពីរ។​
Mark KhmerNT 14:18  ពេល​ពួកគេ​កំពុង​អង្គុយ​បរិភោគ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​ អ្នក​នោះ​កំពុង​បរិភោគ​ជាមួយ​ខ្ញុំ​ដែរ»​
Mark KhmerNT 14:19  ពួកគេ​ចាប់​ផ្ដើម​កើត​ទុក្ខ​ ហើយ​សួរ​ព្រះអង្គ​ម្ដង​ម្នាក់ៗ​ថា៖​ «មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​
Mark KhmerNT 14:20  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ អ្នក​នោះ​កំពុង​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ដែរ​
Mark KhmerNT 14:21  ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​បាន​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ ប្រសិន​បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​
Mark KhmerNT 14:22  កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះអង្គ​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​
Mark KhmerNT 14:23  បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរ​ព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ គេ​គ្រប់​គ្នា​ក៏​ផឹក​ពី​ពែង​នោះ​
Mark KhmerNT 14:24  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​សម្រាប់​មនុស្ស​ជា​ច្រើន​
Mark KhmerNT 14:25  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​
Mark KhmerNT 14:26  ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​
Mark KhmerNT 14:27  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​យប់​នេះ​ គ្រប់​គ្នា​នឹង​ជំពប់​ដួល​ ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នក​គង្វាល​ ហើយ​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​
Mark KhmerNT 14:28  ប៉ុន្ដែ​បន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា»​
Mark KhmerNT 14:29  ពេល​នោះ​ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ទោះ​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​
Mark KhmerNT 14:30  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃ​នេះ​ថា​ គឺ​នៅ​យប់​នេះ​ មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​
Mark KhmerNT 14:31  ប៉ុន្ដែ​គាត់​ប្រកែក​យ៉ាង​ដាច់​ខាត​ថា៖​ «ទោះ​បើ​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​នឹង​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​ជា​ដាច់​ខាត​ថា​ខ្ញុំ​មិន​ស្គាល់​លោក​នោះ​ដែរ»​ រីឯ​ពួកគេ​ទាំងអស់​ក៏​និយាយ​ដូច​លោក​ពេត្រុស​ដែរ។​
Mark KhmerNT 14:32  បន្ទាប់​មក​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​ដែល​ឈ្មោះ​ថា​ សួន​គែតសេម៉ានី​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​អង្គុយ​នៅ​ទីនេះ​ចុះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន»​
Mark KhmerNT 14:33  ព្រះអង្គ​ក៏​យក​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ជាមួយ​ ហើយ​ព្រះអង្គ​ចាប់​ផ្ដើម​តាន​តឹង​ និង​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង​
Mark KhmerNT 14:34  ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ព្រួយ​ចិត្ដ​ស្ទើរ​ស្លាប់​ទៅ​ហើយ​ ចូរ​នៅ​ទីនេះ​ ហើយ​ប្រុង​ស្មារតី»​
Mark KhmerNT 14:35  កាល​ព្រះអង្គ​យាង​ទៅ​មុខ​បាន​បន្ដិច​ ក៏​ទម្លាក់​ខ្លួន​ក្រាប​លើ​ដី​ ហើយ​អធិស្ឋាន​ថា​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពេល​វេលា​នោះ​រំលង​ផុត​ពី​ព្រះអង្គ​ទៅ​
Mark KhmerNT 14:36  គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ័ប្បា​ ព្រះ​វរ​បិតាអើយ!​ ព្រះអង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន​ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​
Mark KhmerNT 14:37  រួច​ព្រះអង្គ​ត្រលប់​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «ស៊ីម៉ូន​អើយ!​ តើ​អ្នក​ដេក​លក់​ដែរ​ឬ?​ តើ​អ្នក​ទ្រាំ​មិន​ដេក​តែ​មួយ​ម៉ោង​ មិន​បាន​ទេ​ឬ?​
Mark KhmerNT 14:38  ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»​
Mark KhmerNT 14:39  ព្រះអង្គ​ក៏​ចេញ​ទៅ​ម្ដង​ទៀត​ និង​បាន​អធិស្ឋាន​តាម​ពាក្យ​ដដែល​ដូច​ព្រះអង្គ​មាន​បន្ទូល​ពី​មុន​
Mark KhmerNT 14:40  ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​ងងុយ​បើក​ភ្នែក​មិន​រួច​ ហើយ​គេ​មិន​ដឹង​ថា​ គួរ​ឆ្លើយ​នឹង​ព្រះអង្គ​យ៉ាង​ដូច​ម្ដេច​ឡើយ​
Mark KhmerNT 14:41  កាល​ព្រះអង្គ​យាង​មក​ជា​លើក​ទី​បី​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​ដេក​ និង​សម្រាក​ដល់​ពេល​ណា​ទៀត?​ ល្មម​ហើយ​ មើល៍​ ពេល​កំណត់​មក​ដល់​ហើយ​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​ពួក​មនុស្ស​បាប​
Mark KhmerNT 14:42  ចូរ​ក្រោក​ឡើង​ យើង​នាំ​គ្នា​ទៅ​ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។​
Mark KhmerNT 14:43  កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​យូដាស​ជា​សាវក​ម្នាក់​ នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ក៏​មក​ដល់​ភ្លាម​ ហើយ​មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​ និង​ដំបង​មក​ជាមួយ​គាត់​ដែរ​ អ្នក​ទាំង​នោះ​មក​ពី​ខាង​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​ចាស់​ទុំ​
Mark KhmerNT 14:44  អ្នក​ក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យ​សញ្ញា​ទៅ​ពួកគេ​ ដោយ​និយាយ​ថា៖​ «ខ្ញុំ​ថើប​អ្នក​ណា​ គឺ​អ្នក​នោះ​ហើយ​ ចូរ​ចាប់​គាត់​ ហើយ​នាំ​គាត់​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ចុះ»​
Mark KhmerNT 14:45  គាត់​ចូល​មក​ភ្លាម​ ក៏​ចូល​ទៅ​ជិត​ព្រះអង្គ​ទាំង​ទូល​ថា៖​ «លោក​គ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ​
Mark KhmerNT 14:46  ហើយ​ពួកគេ​ក៏​លូក​ដៃ​ចាប់​ព្រះអង្គ​
Mark KhmerNT 14:47  តែ​មនុស្ស​ម្នាក់​ឈរ​នៅ​ជិត​នោះ​ បាន​ហូត​ដាវ​ កាត់​ដាច់​ត្រចៀក​បាវ​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​
Mark KhmerNT 14:48  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មកត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​
Mark KhmerNT 14:49  ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ផង​ អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ»​
Mark KhmerNT 14:50  ពួកគេ​ទាំង​អស់​គ្នា​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​អស់​
Mark KhmerNT 14:51  មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ​ គាត់​ស្លៀក​តែ​ក្រណាត់​ទេស​ឯក​ជាប់​នឹង​ខ្លួន​ទទេ​របស់​គាត់​ ពួកគេ​ក៏​ចាប់​គាត់​
Mark KhmerNT 14:52  គាត់​ក៏​រត់​គេច​ទាំង​អាក្រាត​ ទាំង​របូត​ក្រណាត់​ទេស​ឯក​ចេញ​ពី​ខ្លួន​
Mark KhmerNT 14:53  រួច​ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ​ ឯ​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ និង​ពួក​គ្រូ​វិន័យ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា។​
Mark KhmerNT 14:54  ឯ​លោក​ពេត្រុស​វិញ​ បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​សាលា​សម្ដេច​សង្ឃ​ ហើយ​អង្គុយ​អាំង​ភ្លើង​ជាមួយ​ពួក​កង​រក្សា​ព្រះ​វិហារ។​
Mark KhmerNT 14:55  ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ជាន់​កំពូល​ទាំង​មូល​បាន​រក​សាក្សី​ប្រឆាំង​នឹង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​
Mark KhmerNT 14:56  ព្រោះ​មនុស្ស​ច្រើន​នាក់​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ប្រឆាំង​ព្រះអង្គ​ ប៉ុន្ដែ​បន្ទាល់​ទាំង​នោះ​មិន​ស្រប​គ្នា​ទេ​
Mark KhmerNT 14:57  អ្នក​ខ្លះ​បាន​ក្រោក​ឡើង​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ប្រឆាំង​នឹង​ព្រះអង្គ​ថា៖​
Mark KhmerNT 14:58  «យើង​បាន​ឮ​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​បំផ្លាញ​ព្រះ​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល​ ហើយ​បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​សង់​មួយ​ទៀត​ដែល​មិន​ធ្វើ​ពី​ដៃ​មនុស្ស​ទេ»​
Mark KhmerNT 14:59  ទោះ​ជា​ដូច្នេះ​ក្ដី​ ក៏​បន្ទាល់​របស់​ពួកគេ​មិន​ស្រប​គ្នា​សោះ​
Mark KhmerNT 14:60  សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួកគេ​ សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​ចំពោះ​អ្វី​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​
Mark KhmerNT 14:61  តែ​ព្រះអង្គ​នៅ​ស្ងៀម​ មិន​ឆ្លើយ​អ្វី​ឡើយ​ សម្ដេច​សង្ឃ​ក៏​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​ជា​ព្រះគ្រិស្ដ​ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​មែន​ឬ?»​
Mark KhmerNT 14:62  ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «គឺ​ខ្ញុំ​ហើយ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»​
Mark KhmerNT 14:63  សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា​ «តើ​យើង​នៅ​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?​
Mark KhmerNT 14:64  អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​
Mark KhmerNT 14:65  អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ បិទ​មុខ​ព្រះអង្គ​ ហើយ​ដាល់​ព្រះអង្គ​ រួច​និយាយ​ថា៖​ «ទាយ​ទៅ​មើល៍!»​ ពួក​កង​រក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះ​កំផ្លៀង​
Mark KhmerNT 14:66  ពេល​នោះ​លោក​ពេត្រុស​កំពុង​តែ​នៅ​ទីលាន​ខាង​ក្រោម​ ហើយ​មាន​ស្ដ្រី​ម្នាក់​ ជា​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ​មក​ដល់។​
Mark KhmerNT 14:67  កាល​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង​ នាង​បាន​សម្លឹង​មើល​គាត់​ ហើយ​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​
Mark KhmerNT 14:68  ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «ខ្ញុំ​មិន​ដឹង​ និង​មិន​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​និយាយ​នោះ​ទេ»​ រួច​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​មុខ​សាលា​ មាន់​ក៏​រងាវ​ឡើង​
Mark KhmerNT 14:69  ហើយ​ស្រី​បម្រើ​ម្នាក់​ដែល​បាន​ឃើញ​គាត់​ ក៏​ចាប់​ផ្ដើម​ប្រាប់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ម្ដង​ទៀត​ថា៖​ «អ្នក​នេះ​ក៏​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​ដែរ»​
Mark KhmerNT 14:70  ប៉ុន្ដែ​គាត់​បដិសេធ​ម្ដង​ទៀត​ រួច​មួយ​សន្ទុះ​ក្រោយ​មក​អ្នក​ដែល​ឈរ​ក្បែរ​នោះ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ម្ដង​ទៀត​ថា៖​ «អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ប្រាកដ​ណាស់​ ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ»​
Mark KhmerNT 14:71  គាត់​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ព្រម​ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​ដែល​ពួក​អ្នក​កំពុង​និយាយ​នេះ​ទេ»​
Mark KhmerNT 14:72  ភ្លាម​នោះ​ មាន់​ក៏​រងាវ​ឡើង​ជា​លើក​ទី​ពីរ​ លោក​ពេត្រុស​នឹក​ចាំ​ពី​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​គាត់​ថា៖​ «មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​ថា​មិន​ស្គាល់​ខ្ញុំ​បី​ដង»​ រួច​គាត់​ក្ដុក​ក្ដួល​ក្នុង​ចិត្ដ​ ហើយ​ក៏​ទ្រ​ហោ​យំ។​
Chapter 15
Mark KhmerNT 15:1  លុះ​ព្រលឹម​ឡើង​ភ្លាម​ កាល​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ ពួក​គ្រូ​វិន័យ​បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​មូល​រួច​ហើយ​ ក៏​ចង​ព្រះយេស៊ូ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​
Mark KhmerNT 15:2  លោក​ពីឡាត់​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​ឬ?»​ ព្រះអង្គ​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ!»​
Mark KhmerNT 15:3  ពួក​សម្ដេច​សង្ឃ​ក៏​ចោទ​ប្រកាន់​ព្រះអង្គ​ពី​រឿង​ជា​ច្រើន​
Mark KhmerNT 15:4  លោក​ពីឡាត់​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ទេ​ឬ?​ មើល​គេ​ចោទ​ប្រកាន់​អ្នក​ច្រើន​ណាស់»​
Mark KhmerNT 15:5  ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទេ​ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់។​
Mark KhmerNT 15:6  រៀង​រាល់​ថ្ងៃ​បុណ្យ​ គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ តាម​ដែល​ពួកគេ​សុំ​
Mark KhmerNT 15:7  មាន​មនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​បះបោរ​ គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការ​បះបោរ​នោះ​
Mark KhmerNT 15:8  ដូច្នេះ​ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​ទៅ​សុំ​លោក​ពីឡាត់​ឲ្យ​ដោះ​លែង​អ្នក​ទោស​ ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ​
Mark KhmerNT 15:9  ប៉ុន្ដែ​លោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជន​ជាតិ​យូដា​ដល់​អ្នក​រាល់គ្នា​វិញ​ទេ?»​
Mark KhmerNT 15:10  ព្រោះ​គាត់​ដឹង​ថា​ ពួក​សម្ដេច​សង្ឃ​ប្រគល់​ព្រះអង្គ​ឲ្យ​គាត់​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​
Mark KhmerNT 15:11  ប៉ុន្ដែ​ពួក​សម្ដេច​សង្ឃ​បាន​ញុះ​ញង់​បណ្ដា​ជន​ឲ្យ​សុំ​គាត់​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​វិញ​
Mark KhmerNT 15:12  លោក​ពីឡាត់​ឆ្លើយ​នឹង​ពួកគេ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ជាមួយ​នឹង​អ្នក​ដែល​អ្នក​រាល់គ្នា​ហៅ​ថា​ ស្ដេច​របស់​ជន​ជាតិ​យូដា​នេះ?»​
Mark KhmerNT 15:13  ពួកគេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖​ «ឆ្កាង​វា​ទៅ!»​
Mark KhmerNT 15:14  ប៉ុន្ដែ​លោក​ពីឡាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី?​ តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?»​ ប៉ុន្ដែ​ពួកគេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ «ឆ្កាង​វា​ទៅ!»​
Mark KhmerNT 15:15  ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​
Mark KhmerNT 15:16  ពួក​ទាហាន​ក៏​យក​ព្រះអង្គ​ចូល​ទៅ​ក្នុង​ទី​ធ្លា​បន្ទាយ​ និង​បាន​ហៅ​ពួក​ទាហាន​ទាំង​អស់​មក​ជួប​ជុំ​គ្នា​
Mark KhmerNT 15:17  ពួកគេ​បាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​ និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​ មក​បំពាក់​ឲ្យ​ព្រះអង្គ​
Mark KhmerNT 15:18  រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​
Mark KhmerNT 15:19  ហើយ​ពួកគេ​ក៏​វាយ​ព្រះ​សិរ​ព្រះអង្គ​នឹង​ដំបង​ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ រួច​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះអង្គ​ទៀត។​
Mark KhmerNT 15:20  កាល​ពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​ និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ ដើម្បី​យក​ទៅ​ឆ្កាង។​
Mark KhmerNT 15:21  មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នក​ក្រុង​គីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​
Mark KhmerNT 15:22  ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ (ដែល​ប្រែ​ថា​ តំបន់​លលាដ៍​ក្បាល)​
Mark KhmerNT 15:23  ពួកគេ​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹក​ទេ​
Mark KhmerNT 15:24  ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ​ ហើយ​យក​អាវ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អាវ​នោះ​
Mark KhmerNT 15:25  ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​
Mark KhmerNT 15:26  ហើយ​មាន​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​ថា​ «ស្ដេច​របស់​ជន​ជាតិ​យូដា»​
Mark KhmerNT 15:27  ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​
Mark KhmerNT 15:28  [នេះ​ស្រប​តាម​បទ​គម្ពីរ​ចែង​ថា៖​ «ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់»]​
Mark KhmerNT 15:29  ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​
Mark KhmerNT 15:30  ចូរ​សង្គ្រោះ​ខ្លួន​ឯង​ ហើយ​ចុះ​ពី​លើ​ឈើ​ឆ្កាង​មក»​
Mark KhmerNT 15:31  ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូ​វិន័យ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​បែប​ដូច្នោះ​ដែរ​ថា៖​ «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​
Mark KhmerNT 15:32  ចូរ​ឲ្យ​ព្រះគ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​លើ​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ ដើម្បី​ឲ្យ​យើង​ឃើញ​ និង​ជឿ​ផង»​ ឯ​ពួក​អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដែរ។​
Mark KhmerNT 15:33  លុះ​ដល់​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​
Mark KhmerNT 15:34  នៅ​ម៉ោង​បី​រសៀល​នោះ​ ព្រះយេស៊ូ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេឡយៗ​ ឡាម៉ាសាបាច់ថានី»​ ដែល​ប្រែ​ថា៖​ «ឱ​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ហេតុ​អ្វី​ព្រះអង្គ​បោះ​បង់​ខ្ញុំ​ដូច្នេះ?»​
Mark KhmerNT 15:35  អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​
Mark KhmerNT 15:36  មាន​បុរស​ម្នាក់​បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ ជ្រលក់​ទឹក​ខ្មេះ​ដាក់​នឹង​ដើម​ត្រែង​ រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គ​ផឹក​ដោយ​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ថា​តើ​លោក​អេលីយ៉ា​មក​ដោះ​គាត់​ចុះ​ដែរ​ឬ​អត់»​
Mark KhmerNT 15:37  ព្រះយេស៊ូ​ក៏​ស្រែក​យ៉ាង​ខ្លាំង​ ហើយ​បាន​ផុត​ដង្ហើម​ទៅ​
Mark KhmerNT 15:38  ពេល​នោះ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា​ពីរ​ ចាប់​ពី​លើ​រហូត​ដល់​ក្រោម​
Mark KhmerNT 15:39  កាល​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ជិត​ទល់​មុខ​នឹង​ព្រះអង្គ​ បាន​ឃើញ​ព្រះអង្គ​បាន​ផុត​ដង្ហើម​យ៉ាង​ដូច្នេះ​ ក៏​និយាយ​ថា៖​ «បុរស​នេះ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន»​
Mark KhmerNT 15:40  មាន​ស្ដ្រី​ខ្លះ​បាន​សម្លឹង​មើល​ពី​ចម្ងាយ​ ក្នុង​ចំណោម​នោះ​មាន​ទាំង​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​យ៉ាកុប​តូច​ និង​យ៉ូសេ​ ព្រម​ទាំង​នាង​សាឡូមេ​ដែរ​
Mark KhmerNT 15:41  ស្ដ្រី​ទាំង​នោះ​ជា​អ្នក​តាម​បម្រើ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ស្ដ្រី​ច្រើន​នាក់​ផ្សេង​ទៀត​ ជា​អ្នក​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​ជាមួយ​ព្រះអង្គ។​
Mark KhmerNT 15:42  ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​សម្រាប់​ថ្ងៃ​សប្ប័ទ​ គឺ​មុន​ថ្ងៃ​សប្ប័ទ​មួយ​ថ្ងៃ​ ហើយ​នៅ​ល្ងាច​នោះ​
Mark KhmerNT 15:43  លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​អ្នក​ដែល​រង់​ចាំ​នគរ​ព្រះជាម្ចាស់​ បាន​ទៅ​ជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ​
Mark KhmerNT 15:44  ពេល​ដឹង​ថា​ព្រះអង្គ​សោយ​ទិវង្គត​ លោក​ពីឡាត់​ឆ្ងល់​ណាស់​ ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយ​ទិវង្គត​មែន​ឬ​មិន​មែន​
Mark KhmerNT 15:45  ពេល​ដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​ គាត់​ក៏​ប្រគល់​សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប​
Mark KhmerNT 15:46  លោក​យ៉ូសែប​ក៏​ទិញ​សំពត់​ទេស​ឯក​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯក​នោះ​ បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​នៅ​ក្នុង​ថ្ម​ ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ​
Mark KhmerNT 15:47  នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ូសេ​ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​សព​ព្រះអង្គ។​
Chapter 16
Mark KhmerNT 16:1  កាល​ថ្ងៃ​សប្ប័ទ​កន្លង​ផុត​ទៅ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​នាង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ ដើម្បី​យក​ទៅ​លាប​លើ​សព​ព្រះអង្គ​
Mark KhmerNT 16:2  នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ពេល​ថ្ងៃ​រះ​ ពួក​នាង​បាន​ទៅ​ផ្នូរ​
Mark KhmerNT 16:3  ហើយ​ពួក​នាង​បាន​និយាយ​គ្នា​ថា៖​ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់​ច្រក​ចូល​ក្នុង​ផ្នូរ​ឲ្យ​យើង?»​
Mark KhmerNT 16:4  ប៉ុន្ដែ​ពេល​សម្លឹង​មើល​ទៅ​ ពួក​នាង​ឃើញ​ថា​ ថ្ម​ដ៏​ធំនោះ​ត្រូវ​គេ​ប្រមៀល​ចេញ​ទៅ​ហើយ​
Mark KhmerNT 16:5  ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​
Mark KhmerNT 16:6  ប៉ុន្ដែ​អ្នក​នោះ​ប្រាប់​ពួក​នាង​ថា៖​ «កុំ​ភ័យ​អី!​ អ្នក​រាល់គ្នា​កំពុង​រក​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ តែ​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទី​នេះ​ទៀត​ទេ​ ចូរ​មើល​កន្លែង​ដែល​គេ​ដាក់​សព​ព្រះអង្គ​ចុះ​
Mark KhmerNT 16:7  រួច​ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​ និង​លោក​ពេត្រុស​ថា​ ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ហើយ​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទី​នោះ​ ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់»​
Mark KhmerNT 16:8  ពួក​នាង​បាន​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញាប់​ញ័រ​ ហើយ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ទេ​ ព្រោះ​ពួក​នាង​ខ្លាច។​
Mark KhmerNT 16:9  កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ព្រះអង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ឃើញ​មុន​គេ​ គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំ​ពីរ​ចេញ​ពី​នាង​
Mark KhmerNT 16:10  នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​នៅ​ជាមួយ​ព្រះអង្គ​ដែល​កំពុង​កាន់​ទុក្ខ​ និង​យំ​សោក​
Mark KhmerNT 16:11  តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​
Mark KhmerNT 16:12  ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះអង្គ​បាន​លេច​មក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​
Mark KhmerNT 16:13  អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ​
Mark KhmerNT 16:14  ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​
Mark KhmerNT 16:15  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ចេញ​ទៅក្នុង​ពិភព​លោក​ទាំង​មូល​ ហើយ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​មនុស្ស​លោក​ទាំង​អស់​
Mark KhmerNT 16:16  អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​
Mark KhmerNT 16:17  អ្នក​ជឿ​នឹង​មាន​ទីសំគាល់​ដូច​នេះ ពួកគេ​នឹង​បណ្ដេញ​អារក្ស​នៅ​ក្នុង​ឈ្មោះខ្ញុំ​ ហើយ​ពួកគេ​នឹង​និយាយ​ភាសា​ថ្មី​
Mark KhmerNT 16:18  ពួកគេ​នឹង​ចាប់​ពស់​ដោយ​ដៃ​ ហើយ​បើ​ពួកគេ​ផឹក​អ្វី​ពុល​នោះ​ ក៏​គ្មាន​គ្រោះ​ថ្នាក់​ដែរ​ ពួកគេ​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ មនុស្ស​ឈឺ​នឹង​បាន​ជា​សះស្បើយ»​
Mark KhmerNT 16:19  ក្រោយ​ពី​ព្រះអម្ចាស់​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​រួច​ហើយ​ ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​សួគ៌​ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​
Mark KhmerNT 16:20  រីឯ​ពួកគេ​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង​ ហើយ​ព្រះអម្ចាស់​ក៏ជួយ​ពួកគេ​ និង​បញ្ជាក់​ពី​ព្រះបន្ទូល​តាមរយៈ​ទី​សំគាល់​នា​នា​ដែល​បាន​កើត​ឡើង។​