Site uses cookies to provide basic functionality.

OK
JOHN
Up
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Toggle notes
Chapter 1
John KhmerNT 1:1  កាល​ពី​ដើម​ដំបូង​ មាន​ព្រះបន្ទូល​ ព្រះបន្ទូល​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។​
John KhmerNT 1:2  ព្រះបន្ទូល​បាន​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ តាំងពី​ដើម​ដំបូង​មក​
John KhmerNT 1:3  គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ព្រះបន្ទូល​ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​កើត​មក​ទាំងឡាយ​ បើ​គ្មាន​ព្រះបន្ទូល​ទេ​ គ្មាន​របស់​ណា​មួយ​កើត​មក​ឡើយ​
John KhmerNT 1:4  ដ្បិត​នៅ​ក្នុង​ព្រះបន្ទូល​មាន​ជីវិត​ ហើយ​ជីវិត​នោះ​ជា​ពន្លឺ​ដល់​មនុស្ស​លោក​
John KhmerNT 1:5  ពន្លឺ​នោះ​បាន​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត​ ហើយ​សេចក្ដី​ងងឹត​មិន​ឈ្នះ​ពន្លឺ​ឡើយ។​
John KhmerNT 1:6  មាន​មនុស្ស​ម្នាក់​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក​ ឈ្មោះ​យ៉ូហាន​
John KhmerNT 1:7  គាត់​បាន​មក​ជា​សាក្សី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​ពន្លឺ​ និង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ​ដោយសារ​គាត់​
John KhmerNT 1:8  ប៉ុន្ដែ​គាត់​មិនមែន​ជា​ពន្លឺ​ទេ​ គឺ​គាត់​ធ្វើ​បន្ទាល់​អំពី​ពន្លឺ‍។​
John KhmerNT 1:9  ព្រះអង្គ​ដែល​ជា​ពន្លឺ​ពិត​ប្រាកដ​ បាន​យាង​មក​ក្នុង​ពិភពលោក​ ដើម្បី​បំភ្លឺ​មនុស្ស​ទាំង​អស់។​
John KhmerNT 1:10  ព្រះអង្គ​បាន​គង់​នៅ​ក្នុង​ពិភពលោក​ ហើយ​ពិភពលោក​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ប៉ុន្ដែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ទេ។​
John KhmerNT 1:11  ព្រះអង្គ​បាន​យាង​មក​ផែនដី​របស់​ព្រះអង្គ​ ប៉ុន្ដែ​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​
John KhmerNT 1:12  រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ​ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​ ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​ដល់​ពួកគេ​ឲ្យ​ត្រលប់​ជា​កូន​របស់​ព្រះជាម្ចាស់​
John KhmerNT 1:13  គឺ​ជា​កូន​ដែល​មិនមែន​កើត​មកពី​ឈាម​ ឬ​ពី​ប្រាថ្នា​ខាង​រូប​សាច់​ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ​ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។​
John KhmerNT 1:14  ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​
John KhmerNT 1:15  លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​ ទាំង​ប្រកាស​ថា៖​ «គឺ​ព្រះអង្គ​នេះ​ហើយ​ ដែល​ខ្ញុំ​បាន​ប្រាប់​ថា​ជា​ព្រះ​មួយ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ត្រលប់​ជា​មុន​ខ្ញុំ​ ព្រោះ​ព្រះអង្គ​គង់​នៅ​មុន​ខ្ញុំ»។​
John KhmerNT 1:16  យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពី​សេចក្ដី​ពោរ​ពេញ​របស់​ព្រះអង្គ​ដែល​ជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​
John KhmerNT 1:17  ដ្បិត​គម្ពីរ​វិន័យ​បាន​ប្រទាន​មក​តាមរយៈ​លោក​ម៉ូសេ​ រីឯ​ព្រះគុណ​ និង​សេចក្ដី​ពិត​មក​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ​
John KhmerNT 1:18  គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​
John KhmerNT 1:19  កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​
John KhmerNT 1:20  គឺ​គាត់​បាន​ប្រកាស​ដោយ​មិន​បដិសេធ​ គឺ​ប្រកាស​ថា៖​ «ខ្ញុំ​មិនមែន​ជា​ព្រះគ្រិស្ដ​ទេ»​
John KhmerNT 1:21  នោះ​ពួកគេ​សួរ​គាត់​ថា ៖​ «ដូច្នេះ​តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ជា​អេលីយ៉ា​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «មិនមែន​ខ្ញុំ​ទេ!»​ ពួកគេ​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ទេ!»​
John KhmerNT 1:22  ដូច្នេះ ​ពួកគេ​ក៏​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចម្លើយ​សម្រាប់​ពួកអ្នក​ដែល​ចាត់​យើង​ឲ្យ​មក»​
John KhmerNT 1:23  គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​សំឡេង​មួយ​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​ ដូច​ដែល​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក»។​
John KhmerNT 1:24  ពួកអ្នក​ដែល​គេ​បាន​ចាត់​ឲ្យ​មក​នេះ​ ពួកគេ​មកពី​ខាង​គណៈ​ផារិស៊ី​
John KhmerNT 1:25  ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​ថា៖​ «បើ​អ្នក​មិនមែន​ជា​ព្រះគ្រិស្ដ​ ឬ​លោក​អេលីយ៉ា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ទេ ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»​
John KhmerNT 1:26  លោក​យ៉ូហាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​មាន​ព្រះ​មួយ​អង្គ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់​
John KhmerNT 1:27  ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ស្រាយ​ខ្សែ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង»។​
John KhmerNT 1:28  ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​ក្រុង​បេថានី ​នៅ​ត្រើយ​ម្ខាង​នៃ​អូរ​យ័រដាន់​ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​
John KhmerNT 1:29  ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​
John KhmerNT 1:30  គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ខ្ញុំ​ប្រាប់​ថា​ ជា​ព្រះ​មួយ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ត្រលប់​ជា​មុន​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​គង់​នៅ​មុន​ខ្ញុំ។​
John KhmerNT 1:31  ខ្ញុំ​មិន​បាន​ស្គាល់​ព្រះអង្គ​ទេ​ ដូច្នេះ​បាន​ជា​ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ដើម្បី​ឲ្យ​អ៊ីស្រាអែល​ស្គាល់​ព្រះអង្គ»។​
John KhmerNT 1:32  លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​ពី​ស្ថានសួគ៌​ ដូច​ជា​សត្វ​ព្រាប​ មក​សណ្ឋិត​លើ​ព្រះអង្គ​
John KhmerNT 1:33  ខ្ញុំ​មិន​បាន​ស្គាល់​ព្រះអង្គ​ទេ ​ប៉ុន្ដែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា៖​ «ពេល​អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នកណា​ គឺ​អ្នក​នោះ​ហើយ​ដែល​ធ្វើ​ពិ​ធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​
John KhmerNT 1:34  ដូច្នេះ​ ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​
John KhmerNT 1:35  នៅ​ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឈរ​ម្ដង​ទៀត​ ជាមួយ​សិស្ស​របស់​គាត់​ពីរ​នាក់​
John KhmerNT 1:36  គាត់​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​យាង​កាត់​ទី​នោះ​ គាត់​ក៏​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់»។​
John KhmerNT 1:37  ពេល​សិស្ស​ទាំង​ពីរ​របស់​គាត់​ឮ​គាត់​និយាយ​ដូច្នេះ​ ពួកគេ​ក៏​ដើរ​តាម​ព្រះយេស៊ូ​ទៅ។​
John KhmerNT 1:38  ពេល​ព្រះយេស៊ូ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​នោះ​កំពុង​ដើរ​តាម​ព្រះអង្គ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួកអ្នក​មក​រក​អ្វី?»​ ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រ៉ាប់ប៊ី!​ (ដែល​ប្រែ​ថា​ លោកគ្រូ)​ តើ​លោក​ស្នាក់​នៅ​កន្លែង​ណា?»​
John KhmerNT 1:39  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​មើល​ចុះ!»​ ដូច្នេះ​ ពួកគេ​ក៏​ទៅ​ ហើយ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ​រួច​បាន​ស្នាក់​នៅ​ជាមួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ​ ព្រោះ​ពេល​នោះ​ម៉ោង​ប្រហែល​បួន​រសៀល​ហើយ។​
John KhmerNT 1:40  ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់​ ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ​ ហើយ​បាន​ដើរ​តាម​ព្រះអង្គ​នោះ​ មាន​ម្នាក់​ឈ្មោះ​អន់ទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស។​
John KhmerNT 1:41  លោក​អនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូនជា​បង​ប្រុស​របស់​គាត់​មុន​គេ​ ហើយ​ប្រាប់​ថា៖​ «យើង​បាន​ជួប​ព្រះមែស៊ី​ហើយ!»​ (ដែល​ប្រែ​ថា​ ព្រះគ្រិស្ដ)។​
John KhmerNT 1:42  គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ឯ​ព្រះយេស៊ូ​ កាល​ព្រះយេស៊ូ​ឃើញ​លោកស៊ីម៉ូន​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ ជា​កូន​យ៉ូហាន​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ថា​ កេផាស» ​(ដែល​ប្រែ​ថា​ ពេត្រុស)។​
John KhmerNT 1:43  ថ្ងៃ​បន្ទាប់​មក​ ព្រះយេស៊ូ​ចង់​ទៅ​ស្រុក​កាលីឡេ​ ហើយ​ព្រះអង្គ​បាន​ជួប​លោក​ភីលីព​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​
John KhmerNT 1:44  លោក​ភីលីព​នេះ​ មកពី​ក្រុង​បេតសៃដា​ ដែល​លោក​អនទ្រេ​ និង​លោក​ពេត្រុស​នៅ​ក្រុង​នោះ​ដែរ។​
John KhmerNT 1:45  លោក​ភីលីព​បាន​ទៅ​ជួប​លោក​ណាថាណែល​ ហើយ​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអង្គ​ ដែល​លោក​ម៉ូសេ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ហើយ​ គឺ​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប»​
John KhmerNT 1:46  ពេល​នោះ​ លោក​ណាថាណែល​ក៏​សួរ​គាត់​ថា៖​ «តើ​មាន​អ្វី​ដែល​ល្អ​អាច​ចេញ​ពី​ក្រុង​ណាសារ៉ែត​បាន​ដែរ​ឬ?»​ លោក​ភីលីព​ឆ្លើយ​ថា៖​ «ចូរ​មក​មើល​ចុះ»។​
John KhmerNT 1:47  ពេល​ព្រះយេស៊ូ​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ​ ក៏​មាន​បន្ទូល​អំពី​គាត់​ថា៖​ «មើល៍​ នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ​ដែល​គ្មាន​ឧបាយកល​សោះ»។​
John KhmerNT 1:48  លោក​ណាថាណែល​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «មុន​ពេល​ភីលីព​ហៅ​អ្នក​ ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​រួច​ទៅ​ហើយ»។​
John KhmerNT 1:49  លោក​ណាថាណែល​ក៏​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ជា​ស្តេច​របស់​អ៊ីស្រា​អែល​មែន​ហើយ»។​
John KhmerNT 1:50  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ជឿ​ដោយសារ​តែ​ខ្ញុំ​ប្រាប់​អ្នក​ថា​ ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​ឬ?​ អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ជាង​នេះ​ទៀត»​
John KhmerNT 1:51  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​ឃើញ​មេឃ​បើក​ចំហ​ ហើយ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ចុះ​ឡើងៗ​ពី​លើ​កូន​មនុស្ស»។​
Chapter 2
John KhmerNT 2:1  បី​ថ្ងៃ​ក្រោយ​មក​ មាន​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ម្ដាយ​របស់​ព្រះយេស៊ូ​ក៏​នៅ​ក្នុង​ពិធី​នោះ​ដែរ​
John KhmerNT 2:2  គេ​ក៏​អញ្ជើញ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គលការ​នោះ​ដែរ។​
John KhmerNT 2:3  នៅ​ពេល​អស់​ស្រា​ទំពាំងបាយជូរ​ ម្ដាយ​របស់​ព្រះយេស៊ូ​ប្រាប់​ព្រះអង្គ​ថា៖​ «អស់​ស្រាទំពាំងបាយជូរ​ហើយ»​
John KhmerNT 2:4  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្តាយ​អើយ!​ តើ​រឿង​នេះ​ទាក់ទង​អ្វី​នឹង​ខ្ញុំ​ ព្រមទាំង​អ្នក​ម្តាយ​ដែរ?​ ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ»​
John KhmerNT 2:5  ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូន​ខ្ញុំ​ប្រាប់​ចុះ»។​
John KhmerNT 2:6  នៅ​ទី​នោះ​ គេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ​សម្រាប់​ពិធី​ជម្រះ​កាយ​របស់​ជនជាតិ​យូដា​ ហើយ​ពាង​នីមួយៗ​មាន​ចំណុះ​ពីរ​ ឬ​បី​អម្រែក។​
John KhmerNT 2:7  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ចាក់​ទឹក​បំពេញ​ពាង​ទាំង​អស់​ទៅ!»​ ពួកគេ​ក៏​ចាក់​ទឹក​បំពេញ​ដល់​មាត់​ពាង។​
John KhmerNT 2:8  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឥឡូវ​នេះ​ ចូរ​ដង​ទឹក​ ហើយ​យក​ទៅ​ឲ្យ​មេការ​ចុះ»​ ពួកគេ​ក៏​ដង​ទឹក​ ហើយ​យក​ទៅ។​
John KhmerNT 2:9  ពេល​មេការ​បាន​ភ្លក់​ទឹក​ដែល​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​នោះ​ហើយ​ គាត់​ក៏​ហៅ​កូន​កំលោះ​មក​ (មេការ​នោះ​មិន​ដឹង​ថា​គេ​បាន​ស្រា​មកពី​ណា​ទេ​ ប៉ុន្ដែ​ពួកអ្នក​បម្រើ​ដែល​ដង​ទឹក​នោះ​ ពួកគេ​ដឹង)​
John KhmerNT 2:10  ប្រាប់​ថា៖​ «អ្នក​ផង​ទាំង​ពួង​តែងតែ​យក​ស្រា​ទំពាំងបាយជូរ​ល្អៗ​មក​ជូន​ជា​មុន​ លុះ​កាល​ណា​ផឹក​ស្រវឹង​ហើយ​ ទើប​គេ​យក​ស្រាទំពាំងបាយជូរ​មិន​សូវ​ល្អ​មក​ជូន​ជា​ក្រោយ​ ប៉ុន្ដែ​អ្នក​វិញ​ អ្នក​ទុក​ស្រា​ទំពាំងបាយជូរ​ល្អៗ​រហូត​ដល់​ពេល​នេះ»។​
John KhmerNT 2:11  នេះ​ជាទី​សំគាល់​អស្ចារ្យ​ដំបូង​បង្អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ ទាំង​បង្ហាញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿ​លើ​ព្រះអង្គ​
John KhmerNT 2:12  បន្ទាប់ពី​នេះ​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​កាពើណិម​ ហើយ​ម្ដាយ​ និង​ប្អូនៗ​ ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅ​ជាមួយ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​ថ្ងៃ​ទេ។​
John KhmerNT 2:13  ពេល​នោះ​ ថ្ងៃ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​កំពុង​ខិត​ជិត​មក​ដល់​ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​
John KhmerNT 2:14  ហើយ​ពេល​ព្រះអង្គ​ឃើញ​ពួកអ្នក​លក់​គោ​ ចៀម​ និង​ព្រាប​ ព្រមទាំង​ពួកអ្នក​ប្ដូរ​ប្រាក់​កំពុង​អង្គុយ​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​
John KhmerNT 2:15  ព្រះអង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់​ ដេញ​ពួកគេ​ទាំង​អស់​គ្នា​ចេញ​ពី​ព្រះវិហារ​ ទាំង​ចៀម​ ទាំង​គោ ​រួច​ព្រះអង្គ​ចាក់​ប្រាក់​របស់​ពួកអ្នក​ប្ដូរ​ប្រាក់​ចោល​ ព្រមទាំង​ផ្កាប់​តុ​ទាំង​នោះ​ទៀត​ផង​
John KhmerNT 2:16  បន្ទាប់​មក ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖​ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ​ កុំ​យក​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ឲ្យ​សោះ»​
John KhmerNT 2:17  ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​នឹក​ចាំ​ពី​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ថា​ ការ​ខ្វល់ខ្វាយ​ចំពោះ​ដំណាក់​របស់​ព្រះអង្គ​នឹង​បំផ្លាញ​ខ្ញុំ។​
John KhmerNT 2:18  ពេល​នោះ​ ពួក​ជនជាតិ​យូដា​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​ធ្វើ​បែប​នេះ​ តើ​លោក​បង្ហាញ​ទី​សំគាល់​អ្វី​ដល់​យើង?»​
John KhmerNT 2:19  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ​ នោះ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»​
John KhmerNT 2:20  ដូច្នេះ​ ពួក​ជនជាតិ​យូដា​ឆ្លើយ​វិញ​ថា៖​ «គេ​ចំណាយ​ពេល​សែសិប​ប្រាំមួយ​ឆ្នាំ​ ដើម្បី​សង់​ព្រះវិហារ​នេះ​ រីឯ​អ្នក​វិញ​ តើ​អ្នក​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ឬ?»​
John KhmerNT 2:21  គឺ​ព្រះអង្គ​កំពុង​មាន​បន្ទូល​ អំពី​ព្រះវិហារ​ ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​
John KhmerNT 2:22  ដូច្នេះ​ហើយ​ ពេល​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​នឹក​ចាំ​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ ហើយ​ពួកគេ​ក៏​ជឿ​លើ​បទគម្ពីរ​ និង​ពាក្យ​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល។​
John KhmerNT 2:23  កាល​ព្រះអង្គ​គង់​ក្នុង​ក្រុង​យេរូសាឡិម​នា​ពេល​បុណ្យ​រំលង​ នោះ​មាន​មនុស្ស​ជាច្រើន​ជឿ​លើ​ព្រះនាម​របស់​ព្រះ​អង្គ​ ដោយ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ។​
John KhmerNT 2:24  រីឯ​ព្រះយេស៊ូ​វិញ​ មិន​ទុក​ចិត្ត​ពួកគេ​ទេ​ ដ្បិត​ព្រះអង្គ​ស្គាល់​មនុស្ស​ទាំង​អស់​
John KhmerNT 2:25  ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​អ្នកណា​ធ្វើ​បន្ទាល់​អំពី​មនុស្ស​ទេ​ ព្រោះ​ព្រះអង្គ​ជ្រាប​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ដ​របស់​ពួកគេ។​
Chapter 3
John KhmerNT 3:1  នៅ​ពេល​នោះ​ មាន​បុរស​ម្នាក់​មកពី​ខាង​គណៈ​ផារិស៊ី​ឈ្មោះ​នីកូដេម​ ដែល​ជា​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​
John KhmerNT 3:2  គាត់​បាន​មក​ជួប​ព្រះយេស៊ូ​ទាំង​យប់​ទូល​ថា៖​ «លោកគ្រូ​ យើង​ដឹង​ថា​ លោក​ជា​គ្រូ​មកពី​ព្រះជាម្ចាស់​មែន​ ដ្បិត​ទី​សំគាល់​អស្ចារ្យ​ដែល​លោក​កំពុង​ធ្វើ​ទាំង​នេះ​ គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​គង់​ជាមួយ​ប៉ុណ្ណោះ»​
John KhmerNT 3:3  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​
John KhmerNT 3:4  លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​
John KhmerNT 3:5  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​
John KhmerNT 3:6  ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​
John KhmerNT 3:7  ដូច្នេះ កុំ​ឆ្ងល់​ឡើយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ត្រូវ​កើត​ជា​ថ្មី​
John KhmerNT 3:8  ខ្យល់​បក់​ទៅ​ទី​ណា​តាម​តែ​វា​ចង់​ទៅ​ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ វា​មកពី​ណា​ ឬ​ទៅ​ណា​ទេ​ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នេះ​ដែរ»។​
John KhmerNT 3:9  លោក​នីកូដេម​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច?»​
John KhmerNT 3:10  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​
John KhmerNT 3:11  ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង​ ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ទទួល​យក​សេចក្ដី​បន្ទាល់​របស់​យើង​ទេ​
John KhmerNT 3:12  ដូច្នេះ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​លោកិយ​ អ្នក​រាល់គ្នា​មិន​ជឿ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​ស្ថានសួគ៌​វិញ​ តើ​អ្នក​រាល់គ្នា​នឹង​ជឿ​យ៉ាង​ដូច​ម្ដេច​បាន?​
John KhmerNT 3:13  មិន​ដែល​មាន​អ្នកណា​ធ្លាប់​ទៅ​ដល់​ស្ថានសួគ៌​ទេ​ មាន​តែ​ព្រះអង្គ​ដែល​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ គឺ​ជា​កូន​មនុស្ស​នោះ​ហើយ។​
John KhmerNT 3:14  លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​ទីរហោឋាន​យ៉ាងណា​ នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ​
John KhmerNT 3:15  ដើម្បី​ឲ្យអស់​អ្នក​ដែលជឿ​លើ​កូន​មនុស្ស​មាន​ជីវិត​អស់កល្ប​​ជានិច្ច​
John KhmerNT 3:16  ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​
John KhmerNT 3:17  ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យមក​ក្នុង​ពិភព​លោក​នេះដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ
John KhmerNT 3:18  ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់
John KhmerNT 3:19  នេះ​ជា​ការ​ដាក់​ទោស ដ្បិត​ពន្លឺ​បាន​មក​​ក្នុង​ពិភព​លោក​នេះ ប៉ុន្ដែ​មនុស្ស​​ស្រឡាញ់​សេចក្ដី​ងងឹត​ជាង​ពន្លឺ​ ព្រោះ​ការប្រព្រឹត្ដិ​របស់​គេ​សុទ្ធតែ​អាក្រក់​
John KhmerNT 3:20  ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​
John KhmerNT 3:21  ប៉ុន្ដែ​អស់​អ្នក​​​ដែល​ប្រព្រឹត្តតាម​សេចក្ដី​ពិត​វិញ គេ​មក​ឯ​ពន្លឺ ដើម្បី​ឲ្យការប្រព្រឹត្តិ​​របស់​គេ​ត្រូវបាន​បើក​​សំដែង​ឲ្យដឹង​ថា គេ​បាន​ធ្វើ​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់​មែន​»។
John KhmerNT 3:22  បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​
John KhmerNT 3:23  រីឯ​​លោក​យ៉ូហាន គាត់​ក៏​ធ្វើពិធី​ជ្រមុជ​ទឹកនៅ​អេណូន​ដែរ គឺ​នៅ​ជិត​សាលីម ព្រោះ​នៅ​ទីនោះ​​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​​មក​ទទួល​​​ពិធី​ជ្រមុជទឹក។
John KhmerNT 3:24  លោក​យ៉ូហាន​មិនទាន់​ជាប់​គុក​ទេ​។​
John KhmerNT 3:25  ពេល​នោះ កើត​មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​​យូដា​ម្នាក់អំពី​ពិធី​ជម្រះកាយ
John KhmerNT 3:26  ដូច្នេះពួកគេ​ក៏​​មក​ជួប​លោក​យ៉ូហាន​ប្រាប់​ថា​៖ «លោកគ្រូ អ្នក​​ដែល​បាន​​នៅ​ជាមួយលោក​កាល​នៅ​ត្រើយ​ម្ខាង​​នៃ​​អូរ​យ័រដាន់ គឺ​ជា​អ្នក​ដែល​លោក​បាន​ធ្វើ​បន្ទាល់​​នោះ ឥឡូវ​នេះ មើល៍ គាត់​កំពុង​ធ្វើពិធី​ជ្រមុជទឹក​ដែរ ហើយ​មនុស្ស​គ្រប់​គ្នា​នាំគ្នា​ទៅ​ឯ​គាត់​»​។​
John KhmerNT 3:27  លោក​យ៉ូហាន​តប​វិញ​ថា​៖ «​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទទួល​បាន​អ្វី​ទេ លុះត្រាតែ​ព្រះជាម្ចាស់​ប្រទាន​ពី​ស្ថាន​សួគ៌​មក​
John KhmerNT 3:28  ហើយ​អ្នករាល់គ្នាផ្ទាល់​ជា​សា​ក្សី​អំពីខ្ញុំ កាល​ដែល​ខ្ញុំប្រាប់​ថា ខ្ញុំមិន​មែន​ជា​ព្រះគ្រិស្ដ​ទេ ប៉ុន្ដែ​ព្រះ​ជាម្ចាស់​បាន​ចាត់​ខ្ញុំឲ្យ​មក​មុន​ព្រះអង្គប៉ុណ្ណោះ​
John KhmerNT 3:29  អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​
John KhmerNT 3:30  ដ្បិត​​ព្រះអង្គ​ត្រូវ​តម្កើង​ឡើង ឯ​ខ្ញុំ​ត្រូវ​បន្ទាប​ចុះ​​វិញ​
John KhmerNT 3:31  ហើយ​ព្រះ​មួយ​អង្គដែល​យាង​មក​​ពី​ស្ថានលើ ព្រះអង្គ​គង់​ខ្ពស់​លើស​ទាំង​អស់ រីឯ​​អ្នក​ដែល​នៅក្នុង​លោកិយ​នេះ គេ​កើត​ពី​លោកិយ​មក និង​​និយាយ​តាម​របៀប​លោកិយ​ដែរ ប៉ុន្ដែព្រះ​មួយអង្គ​ដែល​យាង​មកពី​ស្ថាន​សួគ៌ ព្រះអង្គគង់​ខ្ពស់​លើស​ទាំង​អស់​
John KhmerNT 3:32  ព្រះអង្គធ្វើ​បន្ទាល់​អំពីអ្វី​ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ​គ្មាន​អ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ
John KhmerNT 3:33  ប៉ុន្ដែ​អ្នកណា​ទទួល​យក​សេចក្តី​បន្ទាល់​របស់​ព្រះអង្គ អ្នក​នោះ​ក៏​អះអាង​ដែរ​ថា​ ព្រះជាម្ចាស់​ពិតត្រង់
John KhmerNT 3:34  ដ្បិត​ព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់​បាន​ចាត់​ឲ្យមក​​នោះ ព្រះអង្គ​ថ្លែង​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ដ្បិត​ព្រះជាម្ចាស់​​ប្រទាន​ព្រះ​វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត
John KhmerNT 3:35  គឺ​ព្រះវរបិតា​ស្រឡាញ់​ព្រះរាជ​បុត្រា និងបាន​​ប្រគល់​អ្វីៗទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​​ព្រះ​រាជ​បុត្រា​
John KhmerNT 3:36  ដូច្នេះ​អ្នកណា​ជឿ​លើ​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ប៉ុន្ដែ​អ្នកណា​មិន​ស្ដាប់​បង្គាប់​ព្រះរាជ​បុត្រា​ អ្នក​នោះ​នឹង​មិន​បាន​ទទួល​ជីវិត​ទេ​ ផ្ទុយ​ទៅ​វិញ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​នៅ​ជាប់​នឹង​អ្នក​នោះ»។​
Chapter 4
John KhmerNT 4:1  ដូច្នេះ​ នៅ​ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើនជាង​លោក​យ៉ូហាន​
John KhmerNT 4:2  (ទោះបី​ព្រះយេស៊ូ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​ផ្ទាល់​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ធ្វើ​ក៏ដោយ)​
John KhmerNT 4:3  នោះ​ព្រះអង្គ​ក៏​យាង​ចេញ​ពី​ស្រុក​យូដា​ ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​
John KhmerNT 4:4  ហើយ​ព្រះអង្គ​ត្រូវ​យាង​កាត់​ស្រុក​សាម៉ារី។​
John KhmerNT 4:5  ព្រះអង្គ​ក៏​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ឈ្មោះ​ស៊ូខារ​នៅ​ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ទៅ​លោក​យ៉ូសែប​ជា​កូន​របស់​គាត់​
John KhmerNT 4:6  ហើយ​នៅ​ទី​នោះ​ មាន​អណ្ដូង​ទឹក​មួយ​របស់​លោក​យ៉ាកុប។​ កាល​ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​អណ្តូង​ នៅ​ពេល​នោះម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់​ហើយ។​
John KhmerNT 4:7  មាន​ស្ត្រី​ម្នាក់​មកពី​ស្រុក​សាម៉ារី​បាន​មក​ដង​ទឹក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​សុំ​ទឹក​ផឹក​ផង»។​
John KhmerNT 4:8  រីឯ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចេញ​ទៅ​ក្នុង​ក្រុង​អស់​ហើយ​ ដើម្បី​ទិញ​អាហារ។​
John KhmerNT 4:9  ស្ត្រី​ជនជាតិ​សាម៉ារី​នោះ​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ជា​ជនជាតិ​យូដា​ ម្តេច​ក៏​លោក​សុំ​ទឹក​ពី​ខ្ញុំ​ ដែល​ជា​ស្ត្រី​ជនជាតិ​សាម៉ារី​ដូច្នេះ?»​ (ដ្បិត​ជនជាតិ​យូដា​ មិន​រាប់​អាន​ជនជាតិ​សាម៉ារី​ទេ)​
John KhmerNT 4:10  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «បើ​អ្នក​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ទាំង​ដឹង​ថា​ អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា​ ខ្ញុំ​សុំ​ទឹក​ផឹក​ផង​ ជា​អ្នកណា​ អ្នក​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»​
John KhmerNT 4:11  ស្ត្រី​នោះ​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ​ យ​អណ្តូង​ក៏​ជ្រៅ​ ដូច្នេះ​តើ​លោក​បាន​ទឹក​ដែល​ផ្ដល​ជីវិត​នោះ​មកពី​ណា?​
John KhmerNT 4:12  លោក​យ៉ាកុប​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង​ ហើយ​លោក​ផ្ទាល់​ និង​កូនចៅ​ ព្រមទាំង​ហ្វូង​សត្វ​របស់​លោក​ ក៏​បាន​ផឹក​ពី​អណ្តូង​នេះ​ដែរ​ ចុះ​លោក​វិញ​ តើ​ធំ​ជាង​លោក​យ៉ាកុប​ជា​ដូនតា​របស់​យើង​ឬ?»​
John KhmerNT 4:13  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «អស់​អ្នក​ដែល​ផឹក​ទឹក​នេះ​ គេ​នឹង​ស្រេក​ទៀត​
John KhmerNT 4:14  ប៉ុន្ដែ​អស់​អ្នក​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ​ គេ​នឹង​មិន​ស្រេក​ទៀត​ឡើយ​ ហើយ​ទឹក​ដែល​ខ្ញុំ​ឲ្យ​នោះ​ នឹង​ត្រលប់​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ​ ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច»​
John KhmerNT 4:15  ស្រ្ដី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ឲ្យ​ទឹក​នោះ​ដល់​ខ្ញុំ​ផង​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ ឬ​មក​ដង​នៅ​ទី​នេះ​ទៀត»។​
John KhmerNT 4:16  ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ចូរ​ទៅ​ហៅ​ប្តី​របស់​អ្នក​មក​ទី​នេះ»​
John KhmerNT 4:17  ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ខ្ញុំ​គ្មាន​ប្តី​ទេ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «អ្នក​និយាយ​ថា​ គ្មាន​ប្តី​ នោះ​ត្រូវ​ហើយ​
John KhmerNT 4:18  ដ្បិត​អ្នក​មាន​ប្តី​ប្រាំ​នាក់​មក​ហើយ​ រីឯ​បុរស​ដែល​នៅ​ជាមួយ​អ្នក​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ប្តី​របស់​អ្នក​ទេ​ ដូច្នេះ​ពាក្យ​ដែល​អ្នក​និយាយ​នេះ​ ពិត​ប្រាកដ​ហើយ»​
John KhmerNT 4:19  ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ ខ្ញុំ​យល់​ថា​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​
John KhmerNT 4:20  ពួក​ដូនតា​របស់​យើង​បាន​ថ្វាយបង្គំ​នៅ​លើ​ភ្នំ​នេះ​ ប៉ុន្ដែ​ពួក​ជនជាតិ​របស់​លោក​និយាយ​ថា​ ត្រូវ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​វិញ»។​
John KhmerNT 4:21  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ ដែល​អ្នក​រាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរ​បិតា​នៅ​លើ​ភ្នំ​នេះ​ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ​
John KhmerNT 4:22  ពួក​ជនជាតិ​របស់​អ្នក​មិន​ស្គាល់​អ្វី​ដែល​ពួកអ្នក​កំពុង​ថ្វាយបង្គំ​ទេ​ ប៉ុន្ដែ​យើង​ស្គាល់​អ្វី​ដែល​យើង​កំពុង​ថ្វាយបង្គំ​ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​ពី​ជនជាតិ​យូដា​មក​
John KhmerNT 4:23  ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ ដែល​ពួកអ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ​ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរ​បិតា​ដោយ​វិញ្ញាណ ​និង​សេចក្តី​ពិត​ ដ្បិត​ព្រះ​វរ​បិតា​ស្វែងរក​ពួកអ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ។​
John KhmerNT 4:24  ព្រះជាម្ចាស់​ជា​វិញ្ញាណ​ ដូច្នេះ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះអង្គ​ ត្រូវ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត»។​
John KhmerNT 4:25  ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ដឹង​ថា​ ព្រះមែស៊ី​ដែល​ហៅ​ថា​ ព្រះគ្រិស្ត​នឹង​យាង​មក​ ហើយ​នៅ​ពេល​ព្រះអង្គ​យាង​មក​ នោះ​ព្រះអង្គ​នឹង​ប្រាប់​យើង​ឲ្យ​ដឹង​ទាំង​អស់»។​
John KhmerNT 4:26  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «គឺ​ខ្ញុំ​ដែល​កំពុង​ប្រាប់​អ្នក​នេះ​ហើយ»។​
John KhmerNT 4:27  ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មក​ដល់​ គេ​ងឿងឆ្ងល់​ចំពោះ​ព្រះអង្គ​ដែល​កំពុង​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដូច្នេះ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា​ ព្រះអង្គ​រក​អ្វី​ ឬ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ជាមួយ​នាង​ទេ។​
John KhmerNT 4:28  រីឯ​ស្រ្ដី​នោះ​ក៏​ទុក​ក្អម​ទឹក​ចោល​ រួច​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​មនុស្ស​ទាំងឡាយ​ថា៖​
John KhmerNT 4:29  «ចូរ​មក​មើល​បុរស​ម្នាក់​ដែល​ប្រាប់​ខ្ញុំ ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ តើ​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង?»​
John KhmerNT 4:30  ពួកគេ​ក៏​ចេញ​ពី​ក្រុង​ទៅ​រក​ព្រះអង្គ‍។​
John KhmerNT 4:31  នៅ​ពេល​ជាមួយ​គ្នា​នោះ​ ពួក​សិស្ស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ សូម​អញ្ជើញ​បរិភោគ​អាហារ»​
John KhmerNT 4:32  ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​មាន​អាហារ​សម្រាប់​បរិភោគ​ហើយ​ ជា​អាហារ​ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់»។​
John KhmerNT 4:33  ដូច្នេះ​ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖​ «មាន​អ្នកណា​យក​អ្វី​មក​ជូន​លោក​បរិភោគ​ទេ​ដឹង?»​
John KhmerNT 4:34  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អាហារ​របស់​ខ្ញុំ​ គឺ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សម្រេច​
John KhmerNT 4:35  តើ​អ្នក​រាល់គ្នា​មិន​និយាយ​ទេ​ឬ​ថា​ នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត​ហើយ?​ មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សម្លឹង​មើល​ទៅ​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​
John KhmerNT 4:36  អស់​អ្នក​ដែល​ច្រូត​ នោះ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ហើយ​ ទាំង​ពួកអ្នក​ព្រោះ​ និង​ពួកអ្នក​ច្រូត​អាច​អរ​សប្បាយ​ជាមួយ​គ្នា។​
John KhmerNT 4:37  ដូច្នេះ​សេចក្ដី​ដែល​ថា​ ម្នាក់​ព្រោះ​ ហើយ​ម្នាក់​ទៀត​ច្រូត​ ពាក្យ​នេះ​ពិត​ណាស់​
John KhmerNT 4:38  ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​​ឲ្យ​ទៅ​ច្រូត​ចម្រូត​ ដែល​អ្នក​រាល់គ្នា​មិន​បាន​បញ្ចេញ​កម្លាំង​សោះ​ គឺ​មាន​អ្នក​ផ្សេង​ទៀត​បាន​បញ្ចេញ​កម្លាំង​ ហើយ​អ្នក​រាល់គ្នា​បាន​ចូល​រួម​នៅ​ក្នុង​ការងារ​របស់​ពួកគេ»។​
John KhmerNT 4:39  មាន​ជនជាតិ​សាម៉ារី​ជាច្រើន​នៅ​ក្រុង​នោះ​ បាន​​ជឿ​ព្រះយេស៊ូ​ ដោយសារ​តែ​សំដី​ដែល​ស្រ្ដី​នោះ​ធ្វើ​បន្ទាល់​ថា ​លោក​បាន​ប្រាប់​ខ្ញុំ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ​
John KhmerNT 4:40  ដូច្នេះ​ហើយ​ ពេល​ពួក​ជនជាតិ​សាម៉ារី​មក​ជួប​ព្រះអង្គ​ នោះ​ពួកគេ​ទូល​សុំ​ឲ្យ​ព្រះអង្គ​ស្នាក់​នៅ​ជាមួយ​ពួកគេ​ ហើយ​ព្រះអង្គ​ក៏​ស្នាក់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។​
John KhmerNT 4:41  មាន​មនុស្ស​ជាច្រើន​ទៀត​បាន​ជឿ​ ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​
John KhmerNT 4:42  ហើយ​ពួកគេ​និយាយ​ទៅ​ស្រ្តី​នោះ​ថា៖​ «ឥឡូវ​នេះ​ យើង​ជឿ​ មិន​មែន​ដោយសារ​តែ​សំដី​របស់​នាង​ទៀត​ទេ​ គឺ​ដោយ​សារ​យើង​បាន​ឮ​ផ្ទាល់​ ហើយ​ដឹង​ថា​ ព្រះអង្គ​ជា​ព្រះអង្គ​សង្គ្រោះ​មនុស្ស​លោក​ពិត​មែន»។​
John KhmerNT 4:43  ពីរ​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទី​នោះ ទៅ​ស្រុក​កាលីឡេ​
John KhmerNT 4:44  ដ្បិត​ព្រះយេស៊ូ​ផ្ទាល់​បាន​ធ្វើ​បន្ទាល់​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​គោរព​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ»។​
John KhmerNT 4:45  ពេល​ព្រះអង្គ​យាងមក​ដល់​ស្រុក​កាលីឡេ​ នោះ​ពួកអ្នក​ស្រុក​កាលីឡេ​បាន​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ពិធី​បុណ្យ​ ដ្បិត​ពួកគេ​បាន​ទៅ​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ។​
John KhmerNT 4:46  ក្រោយ​មក​ ព្រះយេស៊ូ​បាន​យាង​មក​ដល់​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត​ ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​ទឹក​ឲ្យ​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​ ហើយ​នៅ​ទី​នោះ​មាន​មន្ត្រី​ម្នាក់​ មាន​កូន​ប្រុស​ឈឺ​នៅ​ឯ​ក្រុង​កាពើណិម​
John KhmerNT 4:47  ពេល​គាត់​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​ នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​ព្រះអង្គ​ ហើយ​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​ប្រុស​របស់​គាត់​ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​
John KhmerNT 4:48  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​ឃើញ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ទេ​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»​
John KhmerNT 4:49  មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​អញ្ជើញ​ទៅ​មុន​ពេល​កូន​របស់​ខ្ញុំ​ស្លាប់»​
John KhmerNT 4:50  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ទៅ​ចុះ​ កូន​របស់​អ្នក​នៅស់​ទេ»​ មន្ដ្រី​នោះ​ក៏​ជឿ​សេចក្ដី​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ ហើយ​គាត់​ក៏​ចេញ​ទៅ។​
John KhmerNT 4:51  កាល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​គាត់​ប្រាប់​ថា​ កូន​របស់​លោក​នៅស់​ទេ​
John KhmerNT 4:52  ដូច្នេះ​គាត់​ក៏​សួរ​ពួកគេ​ពី​ពេល​វេលា​ដែល​កូន​របស់​គាត់​បាន​ធូរ​ស្បើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «ជំងឺ​គ្រុន​បាន​បាត់​នៅ​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»​
John KhmerNT 4:53  នោះ​ឪពុក​បាន​ដឹង​ថា​ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​មក​គាត់​ថា​ កូន​ប្រុស​របស់​អ្នក​នៅស់​ទេ​ ដូច្នេះ​ហើយ​គាត់​ និង​គ្រួសារ​ទាំង​មូល​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។​
John KhmerNT 4:54  នេះ​ជាទី​សំគាល់​អស្ចារ្យ​ទី​ពីរ​ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នៅ​ពេល​ព្រះអង្គ​វិល​ត្រលប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​វិញ។​
Chapter 5
John KhmerNT 5:1  បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​ ព្រោះ​មាន​ពិធី​បុណ្យ​មួយ​របស់​ជនជាតិ​យូដា។​
John KhmerNT 5:2  នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​
John KhmerNT 5:3  មាន​មនុស្ស​ជាច្រើន​បាន​ដេក​នៅ​ក្នុង​សាលា​សំណាក់​ទាំង​នោះ​ មាន​ទាំង​មនុស្ស​ឈឺ​ មនុស្ស​ខ្វាក់​ មនុស្ស​ខ្វិន​ និង​មនុស្ស​ស្វិត​ដៃ​ជើង​(គឺ​ពួកគេ​កំពុង​រង់ចាំ​ទឹក​កម្រើក​
John KhmerNT 5:4  ដ្បិត​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​ យូរៗ​ម្ដង​បាន​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ​ ពេល​កូរ​ទឹក​រួច​ហើយ​ អ្នកណា​ចុះ​បាន​មុន​គេ​ អ្នក​នោះ​នឹង​ជា​ស្អាត​ ទោះបី​អ្នក​នោះ​ឈឺ​អ្វី​ក៏​ដោយ)។​
John KhmerNT 5:5  នៅ​ទី​នោះ​មាន​បុរស​ម្នាក់​មាន​ជំងឺ​សាម​សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ​
John KhmerNT 5:6  ពេល​ព្រះយេស៊ូ​ឃើញ​គាត់​កំពុង​ដេក​នៅ​ទី​នោះ​ ទាំង​ដឹង​ថា​ គាត់​នៅ​បែប​នេះ​យូរ​ហើយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ជា​ដែរ​ឬ​ទេ?»​
John KhmerNT 5:7  អ្នក​ជំងឺ​នោះ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ ពេល​ទឹក​កម្រើក​គ្មាន​អ្នកណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​នោះ​ទេ​ ហើយ​ពេលណា​ខ្ញុំ​កំពុង​ចុះ​ នោះ​មាន​អ្នក​ផ្សេង​បាន​ចុះ​ទៅ​មុន​ខ្ញុំ»​
John KhmerNT 5:8  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ក្រោក​ឡើង​យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ចុះ»​
John KhmerNT 5:9  ភ្លាម​នោះ​ គាត់​ក៏​ជា​សះស្បើយ​ ហើយ​យក​កន្ទេល​របស់​គាត់​ចេញ​ទៅ​។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​
John KhmerNT 5:10  ដូច្នេះ​ពួក​ជនជាតិ​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖​ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ​ វិន័យ​មិន​អនុញ្ញាត​ឲ្យ​អ្នក​លី​កន្ទេល​របស់​អ្នក​ទេ»​
John KhmerNT 5:11  ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ប្រោស​ខ្ញុំ​ឲ្យ​ជា​បាន​បង្គាប់​ខ្ញុំ​ថា​ ចូរ​យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ចុះ»។​
John KhmerNT 5:12  ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​អ្នក​ដែល​ប្រាប់​អ្នក​ថា​ ចូរ​យក​កន្ទេល​ ហើយ​ទៅ​ចុះ​នោះ​ជា​នរណា?»​
John KhmerNT 5:13  ប៉ុន្ដែ​បុរស​ដែល​បាន​ជា​នោះ​ក៏​មិន​ដឹង​ថា​នោះ​ជា​នរណា​ដែរ​ ព្រោះ​ព្រះយេស៊ូ​បាន​យាង​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​បណ្ដាជន​ដែល​នៅ​កន្លែង​នោះ។​
John KhmerNT 5:14  បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​ឃើញ​គាត់​ក្នុង​ព្រះវិហារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មើល៍​ អ្នក​បាន​ជា​ហើយ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​មុខ​ជា​កើត​សេចក្តី​វេទនា​ជាង​មុន​ទៅ​ទៀត»​
John KhmerNT 5:15  បុរស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​ជនជាតិ​យូដា​ថា​ អ្នក​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា​ គឺ​ព្រះយេស៊ូ។​
John KhmerNT 5:16  ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​បាន​បៀតបៀន​ព្រះយេស៊ូ​ ដោយសារ​តែ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។​
John KhmerNT 5:17  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។​
John KhmerNT 5:18  ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​ចង់​សម្លាប់​ព្រះអង្គ​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​ព្រះអង្គ​មិន​គ្រាន់​តែ​ល្មើស​វិន័យ​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ហៅ​ព្រះជាម្ចាស់​ថា​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​ទៀត​ គឺ​ព្រះអង្គ​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះជាម្ចាស់។​
John KhmerNT 5:19  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ព្រះរាជ​បុត្រា​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ លុះត្រា​តែ​ព្រះអង្គ​ឃើញ​ព្រះ​វរ​បិតា​ធ្វើ​ការ​នោះ​ ដ្បិត​ការ​អ្វី​ដែល​ព្រះ​វរ​បិតា​ធ្វើ​ នោះ​ព្រះរាជ​បុត្រា​ក៏​ធ្វើ​ការ​ដូច្នោះ​ដែរ​
John KhmerNT 5:20  ព្រោះ​ព្រះ​វរ​បិតា​ស្រឡាញ់​ព្រះរាជ​បុត្រា​ ហើយ​បាន​បង្ហាញ​ព្រះរាជ​បុត្រា​ពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​ធ្វើ​ រួច​ព្រះអង្គ​នឹង​បង្ហាញ​ព្រះរាជ​បុត្រា​ពី​កិច្ចការ​ដែល​ធំ​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ស្ងើច​សរសើរ​
John KhmerNT 5:21  ដ្បិត​ព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា​ នោះ​ព្រះរាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជា​យ៉ាង​នោះ​ដែរ​
John KhmerNT 5:22  ហើយ​ព្រះ​វរ​បិតា​មិន​ជំនុំជម្រះ​អ្នកណា​ទេ​ ប៉ុន្ដែ​ព្រះអង្គ​ប្រគល់​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ទាំង​អស់​
John KhmerNT 5:23  ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ព្រះរាជ​បុត្រា​ ដូចជា​គោរព​ព្រះ​វរ​បិតា​ដែរ។​ អ្នកណា​ដែល​មិន​គោរព​ព្រះរាជ​បុត្រា​ នោះ​ក៏​មិន​គោរព​ព្រះ​វរ​បិតា​ដែល​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ដែរ។​
John KhmerNT 5:24  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ ហើយ​ជឿ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ មិន​ជាប់​សេចក្ដី​ជំនុំជម្រះ​ទេ​ គឺ​ត្រូវ​បាន​ចម្លង​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ឯ​ជីវិត​វិញ។​
John KhmerNT 5:25  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ឮ​នឹង​មាន​ជីវិត។​
John KhmerNT 5:26  ​ព្រះ​វរ​បិតា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​ណា​ នោះ​ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​ព្រះរាជ​បុត្រា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​នោះ​ដែរ​
John KhmerNT 5:27  ហើយ​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ ព្រោះ​ព្រះរាជ​បុត្រា​ជា​កូន​មនុស្ស​
John KhmerNT 5:28  ចូរ​កុំ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ​ ដ្បិត​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពួក​មនុស្ស​ស្លាប់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះរាជ​បុត្រា​
John KhmerNT 5:29  ហើយ​ចេញ​មក​ ​អស់​អ្នក​ប្រព្រឹត្ត​ល្អ​នឹង​រស់​ឡើង​វិញ​ដើម្បី​មាន​ជីវិត​ រីឯ​អស់​អ្នក​ប្រព្រឹត្ត​អាក្រក់​នឹង​រស់​ឡើង​វិញ​ដើម្បី​ទទួល​ការ​ជំនុំជម្រះ​
John KhmerNT 5:30  ដូច្នេះខ្ញុំ​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ ខ្ញុំ​ជំនុំជម្រះ​តាម​តែ​ខ្ញុំ​ឮ​ ហើយ​ការ​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិត​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ។​
John KhmerNT 5:31  បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ​ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ​
John KhmerNT 5:32  ផ្ទុយ​ទៅ​វិញ​មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្តី​បន្ទាល់​ដែល​អ្នក​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ គឺ​ពិត​ប្រាកដ។​
John KhmerNT 5:33  អ្នក​រាល់គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​ពិត​
John KhmerNT 5:34  ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល​នោះ​មិន​មែន​មកពី​មនុស្ស​ទេ​ ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​សង្គ្រោះ​
John KhmerNT 5:35  រីឯ​លោក​យ៉ូហាន​វិញ​ គាត់​ជា​ចង្កៀង​កំពុង​ឆេះ​ និង​កំពុង​បញ្ចេញ​ពន្លឺ​ ហើយ​អ្នក​រាល់គ្នា​ចង់​រីករាយ​ជាមួយ​ពន្លឺ​របស់​គាត់​មួយ​រយៈ​ពេល​
John KhmerNT 5:36  ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​មាន​នោះ​វិសេស​ជាង​សេចក្ដី​បន្ទាល់​របស់​លោក​យ៉ូហាន រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ បាន​ធ្វើបន្ទាល់​ថា ព្រះ​វរ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន​ ដ្បិត​ព្រះ​វរ​បិតា​បាន​ប្រគល់​កិច្ចការ​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ​
John KhmerNT 5:37  ហើយ​ព្រះ​វរ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ ព្រះអង្គ​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​ព្រះអង្គ​ឡើយ​ ហើយ​ក៏​មិន​ធ្លាប់​ឃើញ​រូបរាង​របស់​ព្រះអង្គ​ដែរ។​
John KhmerNT 5:38  អ្នក​រាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​ជឿ​ព្រះ​មួយ​អង្គ​នេះ​ដែល​ព្រះ​វរ​បិតា​បាន​ចាត់​ឲ្យ​មក​
John KhmerNT 5:39  រួច​អ្នក​រាល់​គ្នា​ខំ​ស្រាវជ្រាវ​បទគម្ពីរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​ថា​ អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច​ដោយសារ​បទគម្ពីរ​ទាំង​នោះ​ ប៉ុន្ដែ​បទគម្ពីរ​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ។​
John KhmerNT 5:40  ទោះបី​យ៉ាង​នេះ​ក្ដី​ អ្នក​រាល់គ្នា​មិន​ចង់​មក​ឯ​ខ្ញុំ​ ដើម្បី​ឲ្យ​មាន​ជីវិត​ទេ‍​
John KhmerNT 5:41  ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ការ​សរសើរ​ពី​មនុស្ស​ដែរ​
John KhmerNT 5:42  ខ្ញុំ​ស្គាល់​អ្នក​រាល់គ្នា​ ហើយ​ដឹង​ថា​ អ្នក​រាល់គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ខ្លួន​ទេ។​
John KhmerNT 5:43  ខ្ញុំ​មក​នៅ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​ព្រម​ទទួល​ខ្ញុំ​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នក​ផ្សេង​ទៀត​មក​នៅ​ក្នុង​ឈ្មោះ​របស់​គេ​ផ្ទាល់​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​ព្រម​ទទួល​គេ​មិន​ខាន​
John KhmerNT 5:44  ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ទទួល​យក​តែ​ការ​សរសើរ​ពី​គ្នា​ទៅវិញ​ទៅមក ​ហើយ​មិន​ព្រម​ស្វែង​រក​ការ​សរសើរ​ដែល​មកពី​ព្រះជាម្ចាស់​ ដែល​ជា​ព្រះ​តែ​មួយ​អង្គ​នោះ​ តើ​អាច​ឲ្យ​អ្នក​រាល់គ្នា​ជឿ​យ៉ាង​ដូចម្តេច​បាន?​
John KhmerNT 5:45  ហើយ​កុំ​គិត​ថា​ ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់គ្នា​ដល់​ព្រះ​វរ​បិតា​ឲ្យ​សោះ​ អ្នក​ដែល​ចោទ​ប្រ​កាន់​អ្នក​រាល់គ្នា​នោះ​ គឺ​លោក​ម៉ូសេ​ ដែល​អ្នក​រាល់គ្នា​បាន​សង្ឃឹម​លើ​គាត់​
John KhmerNT 5:46  ព្រោះ​បើ​អ្នក​រាល់​គ្នា​ជឿ​លោក​ម៉ូសេ​ នោះ​អ្នក​រាល់គ្នា​ក៏​ជឿ​ខ្ញុំ​ដែរ​ ដ្បិត​គាត់​បាន​ចែង​អំពី​ខ្ញុំ​
John KhmerNT 5:47  ផ្ទុយ​ទៅវិញ​ បើ​អ្នក​រាល់គ្នា​មិន​ជឿ​សេចក្ដី​ដែល​គាត់​បាន​ចែង​ទុក​នោះ​ផង​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​នឹង​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន?»​
Chapter 6
John KhmerNT 6:1  បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​ក៏​យាង​ទៅ​ត្រើយ​ម្ខាង​នៃ​បឹង​កាលីឡេ​ គឺ​បឹង​ទីបេរាស​
John KhmerNT 6:2  ហើយ​មាន​បណ្តាជន​ច្រើន​កុះករ​មក​តាម​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​​ប្រោស​ពួកអ្នក​ឈឺ។​
John KhmerNT 6:3  ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ។​
John KhmerNT 6:4  រីឯ​បុណ្យ​រំលង​ ដែល​ជា​ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិតជិត​មក​ដល់​ដែរ។​
John KhmerNT 6:5  នៅ​ពេល​ព្រះយេស៊ូ​ទត​ទៅ​ នោះ​ក៏​ឃើញ​បណ្តាជន​ច្រើន​កុះករ​កំពុង​មក​ឯ​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​លោក​ភីលីព​ថា៖​ «តើ​ឲ្យ​យើង​ទិញ​នំប៉័ង​ពី​ណា​មក​ ដើម្បី​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»​
John KhmerNT 6:6  ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់​ប៉ុណ្ណោះ​ ព្រោះ​ព្រះអង្គ​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុង​ធ្វើ​ហើយ។​
John KhmerNT 6:7  លោក​ភីលីព​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះបី​ទិញ​នំប៉័ង​អស់​កាក់​ពីរ​រយ​ឌេណារី​ ហើយ​ចែក​ម្នាក់​បន្ដិចៗ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រាន់​សម្រាប់​គ្រប់​គ្នា​ដែរ»​
John KhmerNT 6:8  សិស្ស​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ​ អនទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​
John KhmerNT 6:9  «នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​ ប៉ុន្ដែ​តើ​ធ្វើ​ដូច​ម្ដេច​គ្រាន់​ បើ​មនុស្ស​ច្រើន​ម្ល៉េះ?»​
John KhmerNT 6:10  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​មនុស្ស​ទាំងឡាយ​អង្គុយ​ចុះ»។​ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន​ណាស់​ ដូច្នេះ​ ពួកគេ​ក៏​អង្គុយ​ចុះ​ គឺ​មាន​គ្នា​ប្រហែល​ប្រាំ​ពាន់​នាក់​
John KhmerNT 6:11  បន្ទាប់​មក​ ព្រះយេស៊ូ​ក៏​យក​នំប៉័ង​មក​ ហើយ​អរ​ព្រះគុណ​ រួច​ចែក​ទៅ​ឲ្យ​ពួកអ្នក​ដែល​អង្គុយ​តាម​ដែល​ពួកគេ​ត្រូវ​ការ​ រីឯ​ត្រី​វិញ​ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​
John KhmerNT 6:12  ពេល​ពួកគេ​ឆ្អែត​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចូរ​ប្រមូល​ចំណិត​នំប៉័ង​ដែល​នៅ​សល់​ កុំ​ខ្ជះខ្ជាយ​ឡើយ»។​
John KhmerNT 6:13  ពួក​សិស្ស​ក៏​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​ពី​នំប៉័ង​ប្រាំ​ដុំ​ដែល​បណ្តាជន​បាន​បរិភោគ​ ហើយ​ពួកគេ​ប្រមូល​បាន​ពេញ​ដប់​ពីរ​កន្ត្រក។​
John KhmerNT 6:14  ពេល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «​លោក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដែល​ត្រូវ​មក​ក្នុង​ពិភពលោក​នេះ​មែន»។​
John KhmerNT 6:15  ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកគេ​បម្រុង​មក​បង្ខំ​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ស្ដេច​ នោះ​ព្រះអង្គ​ក៏​យាង​តែ​ម្នាក់​ឯង​ឡើង​ទៅ​លើ​ភ្នំ​វិញ។​
John KhmerNT 6:16  លុះ​ដល់​ពេល​ព្រលប់​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចុះ​ទៅ​មាត់​បឹង​
John KhmerNT 6:17  ក្រោយពី​ចុះ​ទូក​ហើយ​ ពួកគេ​ក៏​ឆ្លង​បឹង​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម​ រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​មក​ឯ​ពួកគេ​ទេ​ ទោះបី​ជា​ងងឹត​ហើយ​ក្ដី។​
John KhmerNT 6:18  ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង​ពេក​ នោះ​ធ្វើ​ឲ្យ​បឹង​មាន​រលក​
John KhmerNT 6:19  ហើយ​ពេល​ចែវ​ទូក​បាន​ឆ្ងាយ​ប្រហែល​បួន​ ឬ​ប្រាំ​គីឡូ​ម៉ែត្រ​ ពួកគេ​ក៏​ឃើញ​ព្រះយេស៊ូ​យាង​ដើរ​លើ​បឹង​ ហើយ​ពេល​មក​ដល់​ជិត​ទូក​ នោះ​ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង​
John KhmerNT 6:20  ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ខ្លាច​អី​ គឺ​ខ្ញុំ​ទេ!»​
John KhmerNT 6:21  ពេល​នោះ​ ពួកគេ​ក៏​ទទួល​ព្រះអង្គ​មក​ក្នុង​ទូក​ ហើយ​ទូក​ក៏​មក​ដល់​ដីគោក​ភ្លាម​ ជា​កន្លែង​ដែល​ពួកគេ​បម្រុង​ទៅ។​
John KhmerNT 6:22  នៅ​ថ្ងៃ​បន្ទាប់​ បណ្តាជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​បាន​ដឹង​ថា​ នៅ​ទី​នោះ​គ្មាន​ទូក​ផ្សេង​ទេ​ ក្រៅពី​ទូក​មួយ​នោះ​ ហើយ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​ចេញ​ទៅ​ រីឯ​ព្រះយេស៊ូ​វិញ​ មិន​បាន​ទៅ​ជាមួយ​ពួក​សិស្ស​ទេ។​
John KhmerNT 6:23  ពេល​នោះ​ មាន​ទូក​ខ្លះ​ទៀត​មកពី​ក្រុង​ទីបេរាស​ចូល​មក​ជិត​កន្លែង​ដែល​ពួកគេ​បាន​បរិភោគ​នំប៉័ង​ ក្រោយ​ពេល​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ​ហើយ​នោះ។​
John KhmerNT 6:24  ពេល​បណ្ដាជន​បាន​ឃើញ​ថា​ ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទី​នោះ​ដូច្នេះ​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិមតាម​រក​ព្រះអង្គ។​
John KhmerNT 6:25  ពេល​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង​ហើយ​ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​មក​ដល់​ទី​នេះ​ពី​កាលណា?»​
John KhmerNT 6:26  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​រក​ខ្ញុំ​នេះ​មិន​មែន​ដោយសារ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ទេ​ គឺ​ដោយសារ​អ្នក​រាល់គ្នា​បាន​បរិភោគ​នំប៉័ង​ ហើយ​បាន​ឆ្អែត​ប៉ុណ្ណោះ​
John KhmerNT 6:27  ចូរ​កុំ​ធ្វើ​ការ​ដើម្បី​តែ​អាហារ​ដែល​នឹង​ខូច​រលួយ​ ប៉ុន្ដែ​ចូរ​ធ្វើ​ការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដៅ​ព្រះអង្គ​ចំណាំ​ទុក»។​
John KhmerNT 6:28  ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​ តើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?»​
John KhmerNT 6:29  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នេះ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​ចាត់​ឲ្យ​មក»។​
John KhmerNT 6:30  ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «បើ​ដូច្នេះ​ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​អ្វី​ដើម្បី​ឲ្យ​យើង​ឃើញ​ ហើយ​ជឿ​លោក?​ តើ​លោក​នឹង​ធ្វើ​អ្វី?​
John KhmerNT 6:31  កាល​នៅ​ទីរហោឋាន​ ដូនតា​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា​ ដូច​មាន​សេចក្តី​ចែង​ទុក​ថា​ ព្រះអង្គ​បាន​ប្រទាន​នំប៉័ង​ពី​ស្ថានសួគ៌​ ឲ្យ​ពួកគេ​បរិភោគ»។​
John KhmerNT 6:32  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មិន​មែន​លោក​ម៉ូសេ​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​តើ​ ដែល​បាន​ប្រទាន​នំប៉័ង​ដ៏​ពិត​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​
John KhmerNT 6:33  រីឯ​នំប៉័ង​របស់​ព្រះជាម្ចាស់​ គឺ​ជា​ព្រះ​មួយ​អង្គ​ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​ ហើយ​ប្រទាន​ជីវិត​ឲ្យ​ មនុស្ស​លោក»​
John KhmerNT 6:34  ពួកគេ​ទូល​ព្រះអង្គ​ទៀត​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ឲ្យ​នំប៉័ង​នោះ​មក​យើង​ជា​រៀង​រហូត​ផង»។​
John KhmerNT 6:35  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ជា​នំប៉័ង​ជីវិត​ អ្នកណា​ដែល​មក​ឯ​ខ្ញុំ​ មិន​ឃ្លាន​ទៀត​ឡើយ​ ហើយ​អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ ក៏​មិន​ស្រេក​ទៀត​ដែរ​
John KhmerNT 6:36  ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ អ្នក​រាល់គ្នា​បាន​ឃើញ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​
John KhmerNT 6:37  អស់​អ្នក​ដែល​ព្រះ​វរ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ នឹង​មក​ឯ​ខ្ញុំ​ ហើយ​អស់​អ្នក​ដែល​មក​ឯ​ខ្ញុំ​ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឡើយ​
John KhmerNT 6:38  ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថានសួគ៌​មក​ មិន​មែន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​
John KhmerNT 6:39  ហើយ​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ គឺ​មិន​ឲ្យ​ខ្ញុំ​បាត់បង់​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ប្រោស​ពួកគេ​ឲ្យរ​ស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​
John KhmerNT 6:40  ដ្បិត​នេះ​ហើយ​ជា​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ គឺ​ឲ្យ​អស់​អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ រីឯ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។​
John KhmerNT 6:41  ពួក​ជនជាតិ​យូដា​ក៏​រអ៊ូ​រទាំ​ដាក់​គ្នា​អំពី​ព្រះយេស៊ូ​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​ថា​ ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះ​ពី​ស្ថានសួគ៌។​
John KhmerNT 6:42  ពួកគេ​និយាយ​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​យេស៊ូ​ កូន​ប្រុស​របស់​លោក​យ៉ូសែប​ ដែល​យើង​បាន​ស្គាល់​ទាំង​ឪពុក​ទាំង​ម្តាយ​ទេ​ឬ?​ ហេតុ​ដូចម្ដេច​ក៏​គាត់​និយាយ​ថា​ ខ្ញុំ​ចុះ​មកពី​ស្ថានសួគ៌​ដូច្នេះ?»​
John KhmerNT 6:43  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ឈប់​រអ៊ូ​រទាំ​ដាក់​គ្នា​ទៀត​ទៅ!​
John KhmerNT 6:44  គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លុះត្រា​តែ​ព្រះ​វរ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ នាំ​ពួកគេ​មក​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ។​
John KhmerNT 6:45  មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​បទគម្ពីរ​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​ថា​ ព្រះជាម្ចាស់​បង្រៀន​គេ​ទាំង​អស់​គ្នា។​ អស់​អ្នក​ដែល​បាន​ស្ដាប់​ បាន​រៀន​ពី​ព្រះ​វរ​បិតា​ អ្នក​នោះ​នឹង​មក​ឯ​ខ្ញុំ​
John KhmerNT 6:46  ហើយ​គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះ​វរ​បិតា​ឡើយ​ លើកលែង​តែ​ព្រះ​មួយ​អង្គ​ ដែល​យាង​មកពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ គឺ​ព្រះអង្គ​នេះ​ហើយ​បាន​ឃើញ​ព្រះ​វរ​បិតា។​
John KhmerNT 6:47  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច។​
John KhmerNT 6:48  ខ្ញុំ​នេះ​ហើយ​ជា​នំប៉័ង​ជីវិត​
John KhmerNT 6:49  កាល​នៅ​ទីរហោឋាន ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​នំ​ម៉ាណា​ ហើយ​បាន​ស្លាប់​អស់​ទៅ​
John KhmerNT 6:50  ប៉ុន្ដែ​ នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ អ្នកណា​ដែល​បរិភោគ​ អ្នក​នោះ​មិន​ស្លាប់​ឡើយ។​
John KhmerNT 6:51  ខ្ញុំ​ជា​នំប៉័ង​ជីវិត​ដែល​ចុះ​មកពី​ស្ថានសួគ៌​ បើ​អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ​ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​នោះ​ គឺ​ជា​រូប​សាច់​របស់​ខ្ញុំ»។​
John KhmerNT 6:52  ពេល​នោះ​ ពួក​ជនជាតិ​យូដា​ជជែក​គ្នា​ថា៖​ «តើ​អ្នក​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​បាន​យ៉ាង​ដូចម្តេច?»​
John KhmerNT 6:53  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មិន​បរិភោគ​សាច់​ និង​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស​ទេ​ អ្នក​រាល់គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។​
John KhmerNT 6:54  អ្នកណា​បរិភោគ​សាច់​ និង​ផឹក​ឈាម​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ​
John KhmerNT 6:55  ពីព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។​
John KhmerNT 6:56  អ្នកណា​បរិភោគ​សាច់​របស់​ខ្ញុំ​ និង​ផឹក​ឈាម​របស់​ខ្ញុំ​ អ្នក​នោះ​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ។​
John KhmerNT 6:57  ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយសារ​ព្រះ​វរ​បិតា​ជា​យ៉ាងណា​ នោះ​អស់​អ្នក​ដែល​បរិភោគ​ខ្ញុំ​នឹង​មាន​ជីវិត​ដោយសារ​ខ្ញុំ​ជា​យ៉ាង​នោះ​ដែរ។​
John KhmerNT 6:58  នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ មិន​មែន​ដូចជា​នំបុ័ង​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​ហើយ​ស្លាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច»។​
John KhmerNT 6:59  ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​កាពើណិម។​
John KhmerNT 6:60  ពេល​ពួក​សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «ពាក្យ​នេះ​ហួសហេតុ​ពេក​ តើ​អ្នកណា​អាច​ទទួល​យក​បាន?»​
John KhmerNT 6:61  កាល​ព្រះយេស៊ូដឹង​ថា​ ពួក​សិស្ស​របស់ព្រះអង្គកំពុង​រអ៊ូ​រទាំ​អំពីពាក្យ​សំដី​ទាំងនេះ​ ព្រះអង្គក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «​តើ​ពាក្យសំដី​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ទាស់​ចិត្ត​ឬ​?​
John KhmerNT 6:62  ចុះ​ទម្រាំ​អ្នក​រាល់គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពីមុន​វិញ​នោះ​ យ៉ាងណា​ទៅ!​
John KhmerNT 6:63  វិញ្ញាណ​ផ្ដល់​ជីវិត​ រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ ឯ​ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ជា​វិញ្ញាណ​ ហើយ​ជា​ជីវិត​
John KhmerNT 6:64  ប៉ុន្ដែ​ក្នុងចំណោម​អ្នក​រាល់គ្នា​ មាន​អ្នក​ខ្លះ​មិន​ជឿ​ទេ»​ ព្រះយេស៊ូ​បាន​ដឹង​តាំងពី​ដំបូង​ថា​ អ្នកណា​ជា​អ្នក​មិន​ជឿ​ ហើយ​អ្នកណា​ជា​អ្នក​ក្បត់​ព្រះអង្គ។​
John KhmerNT 6:65  ព្រះ​អង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លើកលែង​តែ​ព្រះ​វរ​បិតា​នាំ​គេ​មក»។​
John KhmerNT 6:66  តាំងពី​ពេល​នោះ​មក​ សិស្ស​របស់​ព្រះអង្គ​ជាច្រើន​បាន​ដក​ខ្លួន​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត។​
John KhmerNT 6:67  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​សាវក​ទាំង​ដប់​ពីរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ចាកចេញ​ដែរ​ឬ?»​
John KhmerNT 6:68  លោក​ស៊ីម៉ូនពេត្រុស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ឲ្យ​យើង​ទៅ​រក​អ្នកណា​វិញ?​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​
John KhmerNT 6:69  យើង​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គជា​អង្គ​បរិសុទ្ធនៃ​ព្រះជាម្ចាស់​»
John KhmerNT 6:70  ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ទាំង​ដប់​ពីរ​នាក់​ទេ​ឬ?​ ប៉ុន្ដែ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​អារក្ស​សាតាំង»​
John KhmerNT 6:71  គឺ​ព្រះអង្គ​មាន​បន្ទូល​អំពី​យូដាស​ ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​ និង​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ដ្បិត​គាត់​បម្រុង​នឹង​ក្បត់​ព្រះអង្គ​ហើយ។​
Chapter 7
John KhmerNT 7:1  បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​
John KhmerNT 7:2  ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ គឺ​បុណ្យ​សង់​រោង​កំពុង​ខិតជិត​មក​ដល់​
John KhmerNT 7:3  ដូច្នេះ​ ប្អូនៗ​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា៖​ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ​ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង​បាន​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។​
John KhmerNT 7:4  បើ​អ្នកណា​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​ អ្នក​នោះ​មិន​ធ្វើ​អ្វី​ស្ងាត់​កំបាំង​ឡើយ​ ដូច្នេះ​បើ​បង​ធ្វើ​ការ​ទាំង​នេះ​មែន​ ចូរ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។​
John KhmerNT 7:5  គឺ​សូម្បី​តែ​ប្អូនៗ​របស់​ព្រះអង្គ​ ក៏​មិន​ជឿ​ព្រះអង្គ​ដែរ​
John KhmerNT 7:6  ដូច្នេះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​វេលា​របស់​បង​មិន​ទាន់​មក​ដល់​ទេ​ ប៉ុន្ដែ​ប្អូន​រាល់គ្នា​ធ្វើ​អ្វី​នៅ​ពេលណា​ក៏​បាន។​
John KhmerNT 7:7  មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូន​រាល់គ្នា​បាន​ទេ​ ប៉ុន្ដែ​គេ​ស្អប់​បង​ ព្រោះ​បង​ធ្វើ​បន្ទាល់​ពី​គេ​ថា​ ការ​ប្រព្រឹត្ដិ​របស់​គេ​ជា​សេចក្ដី​អាក្រក់​
John KhmerNT 7:8  ដូច្នេះ​ចូរ​ប្អូន​រាល់គ្នា​ទៅ​ចូល​រួម​ពិធី​បុណ្យ​ចុះ​ រីឯ​បង​វិញ​ មិន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ទេ​ ព្រោះ​ពេល​វេលា​របស់​បង​មិនទាន់​មក​ដល់»​
John KhmerNT 7:9  កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ព្រះអង្គ​ក៏​នៅ​ក្នុង​ស្រុក​កាលីឡេត​ទៅ​ទៀត។​
John KhmerNT 7:10  ប៉ុន្ដែ​ ក្រោយ​ពេល​ប្អូនៗ​របស់​ព្រះអង្គ​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​អស់​ ព្រះអង្គ​ក៏​យាង​ទៅ​ដែរ​ គឺ​ទៅ​ជា​សម្ងាត់​មិន​ឲ្យ​គេ​ដឹង​ឡើយ។​
John KhmerNT 7:11  ពួក​ជនជាតិ​យូដា​បាន​រក​ព្រះអង្គ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ដោយ​សួរ​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»
John KhmerNT 7:12  នោះ​ក៏​កើត​មាន​ការ​ខ្សឹបខ្សៀវ​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​អំពី​ព្រះអង្គ​ មាន​អ្នក​ខ្លះ​ថា៖​ «គាត់​ជា​មនុស្ស​ល្អ»​ ប៉ុន្ដែ​ខ្លះ​ទៀត​ថា​ «ទេ​ គឺ​គាត់​កំពុង​បោក​បញ្ឆោត​បណ្តាជន»។​
John KhmerNT 7:13  ទោះ​យ៉ាងណា​ក្ដី​ ក៏​គ្មាន​អ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើក​ចំហ​ដែរ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​
John KhmerNT 7:14  ពេល​ពិធី​បុណ្យ​ឈាន​ដល់​ពាក់​កណ្តាល​ ព្រះយេស៊ូ​ក៏​យាងទៅ​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​
John KhmerNT 7:15  ពេល​នោះពួក​ជនជាតិ​យូដា​ឆ្ងល់​ថា៖​ «អ្នក​នេះ​មិន​ដែល​រៀន​អ្វី​ឡើយ​ ចុះ​ហេតុអ្វី​បាន​ជា​គាត់​ចេះ​បទគម្ពីរ​ច្រើន​ម៉្លេះ?»​
John KhmerNT 7:16  ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​មិន​បង្រៀន​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ជា​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​
John KhmerNT 7:17  បើ​អ្នកណា​ចង់​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ អ្នក​នោះ​មុខ​ជា​ដឹង​អំពី​សេចក្ដី​បង្រៀន​នេះ​ ថា​តើ​ជា​សេចក្ដី​បង្រៀន​មកពី​ព្រះជាម្ចាស់​ ឬ​ខ្ញុំ​និយាយ​តែ​ពី​ខ្លួន​ខ្ញុំ។​
John KhmerNT 7:18  អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​
John KhmerNT 7:19  តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​
John KhmerNT 7:20  បណ្តាជន​ក៏​ឆ្លើយ​ថា៖​ «អ្នក​ត្រូវ​អារក្ស​ចូល​ហើយ!​ តើ​អ្នកណា​រក​សម្លាប់​អ្នក?»​
John KhmerNT 7:21  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​ការ​មួយ​ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង​ឆ្ងល់​ទៅ​វិញ​
John KhmerNT 7:22  លោក​ម៉ូសេ​បាន​ឲ្យ​ពិធី​កាត់​ស្បែក​ដល់​អ្នក​រាល់គ្នា​ (ពិធី​នោះ​មិន​បាន​មកពី​លោក​ម៉ូសេ​ទេ​ គឺ​បាន​មកពី​ដូនតា)​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ អ្នក​រាល់គ្នា​ក៏​កាត់​ស្បែក​ឲ្យ​មនុស្ស​ដែរ។​
John KhmerNT 7:23  បើ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​សប្ប័ទ​ ដើម្បី​កុំ​ឲ្យ​ល្មើស​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ ចុះ​ដូចម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ​ ដោយ​ព្រោះតែ​ខ្ញុំ​បាន​ប្រោស​រូបកាយ​ទាំង​មូល​របស់​មនុស្ស​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ?​
John KhmerNT 7:24  ចូរ​កុំ​វិនិច្ឆ័យ​តាម​បែប​ខាង​ក្រៅ​ឡើយ​ ប៉ុន្ដែចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្ដិធម៌​វិញ»។​
John KhmerNT 7:25  ពួកអ្នក​ក្រុង​យេរូសាឡិម​ខ្លះ​និយាយ​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​មនុស្ស​ដែល​គេ​រក​សម្លាប់​ទេ​ឬ?​
John KhmerNT 7:26  មើល៍​ គាត់​និយាយ​ដោយ​បើក​ចំហ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ថា​អ្វី​ឲ្យ​គាត់​សោះ​ ប្រហែល​ជា​ពួក​មេ​ដឹកនាំ​បាន​ដឹង​ថា​ អ្នក​នេះ​ជា​ព្រះគ្រិស្ដ​ពិត​ប្រាកដ​មែន​ទេ​ដឹង?​
John KhmerNT 7:27  យើង​ដឹង​ថា​ អ្នក​នេះ​គាត់​មកពី​ណា​ ប៉ុន្ដែ​ពេល​ព្រះគ្រិស្ដ​យាង​មក​ នោះ​គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​ ព្រះអង្គ​មកពី​ណា​ទេ»​
John KhmerNT 7:28  ពេល​នោះព្រះយេស៊ូ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ឡើង​ថា៖​ «អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ ហើយ​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​ពិត​ត្រង់​ ហើយ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​
John KhmerNT 7:29  ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ ព្រោះ​ខ្ញុំ​មកពី​ព្រះអង្គ​ គឺ​ព្រះអង្គ​ហើយ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក»​
John KhmerNT 7:30  ពេល​នោះ​ពួកគេ​ក៏​រក​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​សោះ​ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​របស់​ព្រះអង្គ​នៅ​ឡើយ​
John KhmerNT 7:31  មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​បាន​ជឿ​លើ​ព្រះអង្គ​ ហើយ​ពួកគេ​និយាយ​ថា៖​ «ពេល​ព្រះគ្រិស្ដ​យាង​មក​ ព្រះអង្គ​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើនជាង​ម្នាក់​នេះ​ធ្វើ​ដែរ​ឬ​ទេ?»​
John KhmerNT 7:32  ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​សេចក្ដី​ទាំង​អស់​ដែល​បណ្តាជន​បាន​ខ្សឹបខ្សៀវ​គ្នា​អំពី​ព្រះអង្គ។​ ដូច្នេះ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចាត់​ពួក​ឆ្មាំ​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះអង្គ។​
John KhmerNT 7:33  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​
John KhmerNT 7:34  អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​រាល់គ្នា​ក៏​ពុំ​អាច​ទៅ​បាន​ដែរ»។​
John KhmerNT 7:35  ពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​បម្រុង​ទៅ​ណា​ បាន​ជា​យើង​រក​គាត់​មិន​ឃើញ?​ តើ​គាត់​បម្រុង​ទៅ​ឯ​ពួកអ្នក​ខ្ចាត់ខ្ចាយ​នៅ​ក្នុង​ចំណោម​ជនជាតិ​ក្រេក​ ហើយ​បង្រៀន​ជនជាតិ​ក្រេក​ឬ?​
John KhmerNT 7:36  ពាក្យ​ដែល​គាត់​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ដែរ​ តើ​នេះ​មាន​ន័យ​ដូចម្តេច?»
John KhmerNT 7:37  នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ ជា​ថ្ងៃ​ដ៏​សំខាន់​ ព្រះយេស៊ូ​ក៏​ក្រោក​ឈរ​ឡើង​ ហើយ​បន្លឺ​សំឡេង​ថា៖​ «បើ​អ្នកណា​ស្រេក​ ចូរ​មក​ឯ​ខ្ញុំ​ ហើយ​ផឹក​ចុះ​
John KhmerNT 7:38  អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មាន​ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត ​ហូរ​ចេញ​ពី​ក្នុង​ចិត្ដ​មក​ ដូច​បាន​ចែង​នៅ​ក្នុង​បទគម្ពីរ​ស្រាប់»​
John KhmerNT 7:39  ប៉ុន្ដែ ​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ គឺ​អំពី​ព្រះវិញ្ញាណ​ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក​ទេ​ ព្រោះ​ព្រះយេស៊ូ​មិន​ទាន់​បាន​ទទួល​ការ​លើក​តម្កើង​ឡើង​នៅ​ឡើយ។​
John KhmerNT 7:40  ពេល​បាន​ឮ​ពាក្យ​ទាំង​នេះ​ អ្នក​ខ្លះ​ក្នុង​ចំណោម​បណ្តាជន​ក៏​និយាយ​ថា៖​ «អ្នក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ហើយ»​
John KhmerNT 7:41  អ្នក​ខ្លះ​ទៀត​ថា៖​ «អ្នក​នេះ​ជា​ព្រះគ្រិស្ដ»​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​ព្រះគ្រិស្ដ​អាច​យាង​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ​ទេ?​
John KhmerNT 7:42  តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​
John KhmerNT 7:43  ដូច្នេះ​ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​បណ្ដាជន​ដោយ​ព្រោះ​ព្រះយេស៊ូ​
John KhmerNT 7:44  ហើយ​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួកគេ​ចង់​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ។​
John KhmerNT 7:45  នៅ​ពេល​នោះ​ ពួក​ឆ្មាំ​ព្រះវិហារ​ក៏​វិល​ត្រលប់​មក​ឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ហើយ​អ្នក​ទាំង​នោះ​ក៏​សួរ​ពួក​ឆ្មាំ​ថា៖​ «តើ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ចាប់​អ្នក​នោះ​មក?»​
John KhmerNT 7:46  ពួក​ឆ្មាំ​ព្រះវិហារ​ឆ្លើយ​ថា៖​ «មិន​ដែល​មាន​អ្នកណា​និយាយ​ដូច​អ្នក​នោះ​ទេ»។​
John KhmerNT 7:47  ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​តប​ទៅ​ពួក​ឆ្មាំ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ?​
John KhmerNT 7:48  តើ​មាន​នរណា​នៅ​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ជឿ​អ្នក​នោះ​ដែរ​ឬ​ទេ?​
John KhmerNT 7:49  ប៉ុន្ដែ​បណ្ដាជន​ដែល​មិន​ស្គាល់​គម្ពីរ​វិន័យ​នេះ​ ពួកគេ​ត្រូវ​បណ្ដាសារ​ហើយ!»​
John KhmerNT 7:50  លោក​នីកូដេម​ ជា​អ្នក​ដែល​មក​ជួប​ព្រះអង្គ​ពី​លើក​មុន​ ហើយ​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ដែរ​ គាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​
John KhmerNT 7:51  «គម្ពីរ​វិន័យ​របស់​យើង​មិន​ដាក់​ទោស​អ្នកណា​ម្នាក់​ឡើយ​ លុះត្រា​តែ​បាន​ស្ដាប់​ ហើយ​ដឹង​អំពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​មុន​សិន»​
John KhmerNT 7:52  ពួកគេ​ក៏​ឆ្លើយ​ទៅ​គាត់​ថា៖​ «តើ​អ្នក​ក៏​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ?​ ចូរ​ស្រាវជ្រាវ​មើល៍​ នោះ​អ្នក​នឹង​ដឹង​ថា​ មិន​ដែល​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ចេញ​ពី​មក​ស្រុក​កាលីឡេ​ទេ»។​
John KhmerNT 7:53  បន្ទាប់​មក​ ពួកគេ​គ្រប់​គ្នា​ក៏​ត្រលប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។​
Chapter 8
John KhmerNT 8:1  រីឯ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​
John KhmerNT 8:2  លុះ​ព្រលឹម​ឡើង​ ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ម្តង​ទៀត​ ហើយ​បណ្តាជន​ទាំង​អស់​ក៏​មក​ឯ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​បង្រៀន​ពួកគេ។​
John KhmerNT 8:3  ពេល​នោះ​ ពួក​គ្រូ​វិន័យ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​នាំ​ស្រ្តី​ម្នាក់​ដែល​គេ​ទាន់​កំពុង​ផិត​ក្បត់​មក​ ពេល​ឲ្យ​នាង​ឈរ​នៅ​កណ្តាល​ជំនុំ​ហើយ​
John KhmerNT 8:4  ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួកគេ​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ​ នៅ​ពេល​នាង​កំពុង​ផិត​ក្បត់​
John KhmerNT 8:5  ហើយ​លោក​ម៉ូសេ​បាន​បង្គាប់​យើង​នៅ​ក្នុង​គម្ពីរ​វិន័យ​ ឲ្យ​គប់​ស្ត្រី​បែប​នេះ​នឹង​ដុំ​ថ្ម​ ដូច្នេះ​ តើ​លោក​ថា​យ៉ាង​ដូចម្ដេច​ដែរ?»
John KhmerNT 8:6  ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​
John KhmerNT 8:7  នៅ​ពេល​ពួកគេ​ចេះ​តែ​ទទូច​សួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើប​ឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នកណា​គ្មាន​បាប​សោះ​ ចូរ​ឲ្យ​អ្នក​នោះ​គប់​នាង​នឹង​ដុំ​ថ្ម​មុន​គេ​ចុះ!»​
John KhmerNT 8:8  បន្ទាប់​មក​ ព្រះអង្គ​ក៏​ឱន​សរសេរ​នៅ​លើ​ដី​ម្តង​ទៀត។​
John KhmerNT 8:9  ពេល​ពួកគេ​ឮ​ដូច្នេះ​ក៏​ថយ​ចេញ​ម្នាក់​ម្តងៗ​ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​នៅ​សល់​តែ​ព្រះយេស៊ូ​ និង​ស្ត្រី​ម្នាក់​នោះ។​
John KhmerNT 8:10  ព្រះយេស៊ូ​ក៏​ងើប​ឡើង​ ហើយ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ តើ​ពួកគេ​នៅ‍​ឯណា?​ តើ​គ្មាន​អ្នកណា​ដាក់​ទោស​អ្នក​ទេ​ឬ?»​
John KhmerNT 8:11  នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​
John KhmerNT 8:12  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​
John KhmerNT 8:13  ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ឯង​ហើយ​ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។​
John KhmerNT 8:14  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ទោះបី​ខ្ញុំ​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ​ ក៏​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​ជា​ការ​ពិត​ ព្រោះ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ហើយ​ទៅ​ណា​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ឬ​ទៅ​ណា​ទេ​
John KhmerNT 8:15  អ្នក​រាល់គ្នា​វិនិច្ឆ័យ​តាម​បែប​សាច់ឈាម​ ឯ​ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណា​ម្នាក់​ឡើយ​
John KhmerNT 8:16  ផ្ទុយ​ទៅ​វិញ​ ទោះបី​ខ្ញុំ​វិនិច្ឆ័យ​ក៏​ដោយ​ ក៏​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ពិត​ដែរ​ ព្រោះ​ខ្ញុំ​មិន​បាន​នៅ​តែ​ម្នាក់​ឯង​ទេ​ គឺ​មាន​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​
John KhmerNT 8:17  សូម្បី​តែ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ក៏​មាន​សេចក្ដី​ចែង​ទុក​មក​ដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ជា​សេចក្ដី​ពិត​
John KhmerNT 8:18  ដូច្នេះ​ខ្ញុំ​ជា​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ»។​
John KhmerNT 8:19  ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ព្រះ​វរ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​រាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ​ ហើយ​ក៏​មិន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ​ បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ»។​
John KhmerNT 8:20  ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​នៅ​ក្បែរ​ហិប​តង្វាយ​នៅ​ក្នុង​ព្រះវិហារ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ចាប់​ព្រះអង្គ​ទេ​ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​របស់​ព្រះអង្គ​នៅ​ឡើយ។​
John KhmerNT 8:21  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «ខ្ញុំ​ត្រូវ​ចាកចេញទៅ​ហើយ​ អ្នក​រាល់គ្នា​នឹង​តាម​រក​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ស្លាប់​នៅ​ក្នុង​បាប​របស់​ខ្លួន។​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ»។​
John KhmerNT 8:22  ដូច្នេះ​ពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖​ «តើ​គាត់​នឹង​សម្លាប់​ខ្លួន​ឬ​បាន​ជា​គាត់​និយាយ​ដូច្នេះ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ?»
John KhmerNT 8:23  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មកពី​ស្ថាន​ក្រោម​ ឯ​ខ្ញុំ​វិញ​ ខ្ញុំ​មកពី​ស្ថាន​លើ​ អ្នក​រាល់គ្នា​កើត​ពី​លោកិយ​នេះ​ ឯ​ខ្ញុំ​វិញ ​ខ្ញុំ​មិន​កើត​ពី​លោកិយ​នេះ​ទេ​
John KhmerNT 8:24  ដូច្នេះ​ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន​ ព្រោះ​បើ​អ្នក​រាល់គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​ព្រះ ​អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន»។​
John KhmerNT 8:25  ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​នរណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​តាំងពី​ដំបូង​ហើយ​ថា​ខ្ញុំ​ជា​នរណា​
John KhmerNT 8:26  ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ត្រូវ​និយាយ​ ហើយ​ត្រូវ​ដាក់​ទោស​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​ពិត​ត្រង់​ ហើយ​ខ្ញុំ​ប្រាប់​មនុស្ស​លោក​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ»។​
John KhmerNT 8:27  ពួកគេ​មិន​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​ព្រះ​វរ​បិតា​ទេ‍។​
John KhmerNT 8:28  ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​អ្នក​រាល់គ្នា​លើក​កូន​មនុស្ស​ឡើង​ នោះ​ទើប​អ្នក​រាល់គ្នា​ដឹង​ថា​ជា​ខ្ញុំ​នេះ​ហើយ​ ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​តាម​តែ​ព្រះ​វរ​បិតា​បាន​បង្រៀន​ខ្ញុំ។​
John KhmerNT 8:29  ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​គង់​ជាមួយ​ខ្ញុំ​ ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ឡើយ​ ដ្បិត​ខ្ញុំ​តែង​ធ្វើ​អ្វី​ដែល​សព្វ​ព្រះ​ឫទ័យ​ព្រះអង្គ»។​
John KhmerNT 8:30  ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ។​
John KhmerNT 8:31  ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​ជនជាតិ​យូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា៖​ «បើ​អ្នក​រាល់គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ​
John KhmerNT 8:32  ពេល​នោះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត​ ហើយ​សេចក្ដី​ពិត​នឹង​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព»។​
John KhmerNT 8:33  ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ហើយ​យើង​មិន​ដែល​ធ្វើ​ជា​បាវបម្រើ​របស់​អ្នកណា​ទេ​ ម្តេច​ក៏​អ្នក​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​មាន​សេរីភាព​ដូច្នេះ?»​
John KhmerNT 8:34  ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ដែល​ប្រព្រឹត្ត​បាប​ អ្នក​នោះ​ជា​បាវបម្រើ​របស់​បាប​
John KhmerNT 8:35  ហើយ​បាវបម្រើ​មិន​នៅ​ក្នុង​ផ្ទះ​ជាប់​ជានិច្ច​ទេ​ ឯ​កូន​ប្រុស​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច។​
John KhmerNT 8:36  ដូច្នេះ​បើ​ព្រះរាជ​បុត្រា​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព​ អ្នក​រាល់គ្នា​មុខ​ជា​មាន​សេរីភាព​ពិត​ប្រាកដ
John KhmerNT 8:37  ខ្ញុំ​ដឹង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ​ ព្រោះ​ពាក្យ​សំដី​របស់​ខ្ញុំ​មិន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់គ្នា​ទេ។​
John KhmerNT 8:38  ខ្ញុំ​និយាយ​សេចក្ដី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ព្រះ​វត្ដមាន​ព្រះ​វរ​បិតា​ ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ពី​ឪពុក​អ្នក​រាល់គ្នា​ដែរ»។​
John KhmerNT 8:39  ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង» ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​អ្នក​រាល់គ្នា​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​មែន​ អ្នក​រាល់គ្នា​មុខ​ជា​ធ្វើ​កិច្ចការ​របស់​លោក​អ័ប្រាហាំ​
John KhmerNT 8:40  ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ​ ជា​អ្នក​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ពិត​ដែល​បាន​ឮ​ពី​ព្រះជាម្ចាស់​មក​ លោក​អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​
John KhmerNT 8:41  ដូច្នេះ​អ្នក​រាល់គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ»​ ពួកគេ​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «យើង​មិន​បាន​កើត​មកពី​ការ​សាហាយស្មន់​ទេ​ យើង​មាន​ឪពុក​តែ​មួយ​ គឺ​ព្រះជាម្ចាស់»​
John KhmerNT 8:42  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​ព្រះជាម្ចាស់​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​មែន​ អ្នក​រាល់គ្នា​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន​ ដ្បិត​ខ្ញុំ​នៅ​ទី​នោះ​ ខ្ញុំ​ចេញ​ពី​ព្រះជាម្ចាស់​មក​ ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​
John KhmerNT 8:43  ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ពាក្យ​សំដី​របស់​ខ្ញុំ?​ នេះ​មកពី​អ្នក​រាល់គ្នា​មិន​អាច​ស្តាប់​ពាក្យ​របស់​ខ្ញុំ​បាន​
John KhmerNT 8:44  ហើយ​អ្នក​រាល់គ្នា​មាន​ឪពុក​ជា​អារក្ស​សាតាំង​ អ្នក​រាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន​ ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក​ ហើយ​មិន​ឈរ​នៅ​ក្នុង​សេចក្ដី​ពិត​ទេ​ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។​ ពេល​វា​និយាយ​កុហក​ វា​និយាយ​ចេញ​ពី​ចិត្ដ​របស់​វា​ ដ្បិត​វា​ជា​មេ​កុហក​ ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​
John KhmerNT 8:45  ដូច្នេះ​ ដោយសារ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​
John KhmerNT 8:46  តើ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នរណា​អាច​បង្ហាញ​បាន​ដែរ​ឬ​ទេ​ថា​ ខ្ញុំ​នេះ​មាន​បាប?​ បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ?​
John KhmerNT 8:47  អ្នកណា​ដែល​កើត​មកពី​ព្រះជាម្ចាស់​ អ្នក​នោះ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ រីឯ​អ្នក​រាល់គ្នា ​មិន​បាន​កើត​មកពី​ព្រះជាម្ចាស់​ទេ​ បាន​ជា​អ្នក​រាល់គ្នា​មិន​ស្ដាប់​ដូច្នេះ»។​
John KhmerNT 8:48  ពួក​ជនជាតិ​យូដា​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​យើង​និយាយ​មិន​ត្រូវ​ទេ​ឬ​អី​ថា​ អ្នក​ជា​ជនជាតិ​សាម៉ារី​ ហើយ​មាន​អារក្ស​ចូល?»​
John KhmerNT 8:49  ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​គោរព​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ប្រមាថ​ខ្ញុំ​ទៅ​វិញ។​
John KhmerNT 8:50  ខ្ញុំ​មិន​ស្វែងរក​សិរី​រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​ មាន​ព្រះ​មួយ​អង្គ​កំពុង​ស្វែងរក​ ហើយ​កំពុង​ជំនុំជម្រះ​
John KhmerNT 8:51  ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​
John KhmerNT 8:52  ពួក​ជនជាតិ​យូដា​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឥឡូវ​នេះ​ យើង​ដឹង​ថា​ អ្នក​មាន​អារក្ស​ចូល​មែន​ហើយ។​ លោក​អ័ប្រាហាំ​ និង​ពួកអ្នកនាំ​ព្រះបន្ទូល​បាន​ស្លាប់​ទៅ​ហើយ​ ប៉ុន្ដែ​អ្នក​បែរ​ជា​និយាយ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​សំដី​របស់​អ្នក​ អ្នក​នោះ​នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ទៀត​ឡើយ។​
John KhmerNT 8:53  តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ​ ជា​ដូនតា​របស់​យើង​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ឬ?​ តើ​អ្នក​តាំង​ខ្លួន​ជា​នរណា?​»
John KhmerNT 8:54  ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ​ សិរី​រុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ​ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ ជា​ព្រះ​របស់​យើង​
John KhmerNT 8:55  ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​ រីឯ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ បើ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ នោះ​ខ្ញុំ​នឹង​ត្រលប់​ជា​អ្នក​កុហក​ដូច​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ពិត​មែន​ ហើយ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៀត។​
John KhmerNT 8:56  រីឯ​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​របស់​ខ្ញុំ​ ឥឡូវ​នេះ​ គាត់​បាន​ឃើញ​មែន​ ហើយ​មាន​ចិត្ដ​រីករាយ​ណាស់»​
John KhmerNT 8:57  ពេល​នោះ ពួក​ជនជាតិ​យូដា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​មាន​អាយុ​មិន​ដល់​ហាសិប​ឆ្នាំ​ផង​ តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រាហាំ​ហើយ​ឬ?»​
John KhmerNT 8:58  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​
John KhmerNT 8:59  ដូច្នេះ​ពួកគេ​ក៏​រើស​ដុំ​ថ្ម​ដើម្បី​គប់​ព្រះយេស៊ូ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បំបាំង​កាយ​យាង​ចេញ​ពី​ព្រះវិហារ។​
Chapter 9
John KhmerNT 9:1  កាល​ព្រះអង្គ​កំពុង​យាង​ទៅ​ ព្រះអង្គ​ក៏​ទត​ឃើញ​បុរស​ម្នាក់​ខ្វាក់​ភ្នែក​តាំងពី​កំណើត​
John KhmerNT 9:2  ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ តើ​បុរស​នេះ​ជា​អ្នក​មាន​បាប​ ឬ​មួយ​ឪពុក​ម្តាយ​របស់​គាត់​ជា​អ្នក​មាន​បាប​ បាន​ជា​គាត់​កើត​មក​ខ្វាក់​ភ្នែក​ដូច្នេះ»​
John KhmerNT 9:3  ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «មិន​មែន​ដោយសារ​បុរស​នេះ​ ឬ​ឪពុក​ម្តាយ​របស់​គាត់​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​ដើម្បី​ឲ្យ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​តាម​រយៈ​គាត់​វិញ​
John KhmerNT 9:4  ដ្បិត​យើង​ត្រូវ​បំពេញ​កិច្ចការ​របស់​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ​ ដល់​ពេល​យប់​គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ទៀត​ទេ។​
John KhmerNT 9:5  កាលណា​ខ្ញុំ​នៅ​ក្នុង​ពិភពលោក​នេះ​ ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​នេះ»។​
John KhmerNT 9:6  ពេល​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ​ ព្រះអង្គ​ក៏​ស្តោះ​ទឹក​មាត់​ទៅ​លើ​ដី​ ហើយ​យក​ទឹក​មាត់​ធ្វើ​ជា​ភក់​លាប​លើ​ភ្នែក​របស់​បុរស​នោះ​
John KhmerNT 9:7  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ចុះ» ​(ពាក្យ​ស៊ីឡោម​ មាន​ន័យ​ថា​ ចាត់​ឲ្យ​ទៅ)​ ដូច្នេះ​ គាត់​ក៏​ទៅ​លាង​ហើយ​ត្រលប់​មក​វិញ​ ទាំង​មើល​ឃើញ។​
John KhmerNT 9:8  នោះ​ពួកអ្នក​ជិត​ខាង​ និង​ពួកអ្នក​ដែល​ធ្លាប់​ឃើញ​គាត់​ជា​អ្នក​សុំទាន​ពី​ដើម​មក​បាន​និយាយ​ថា៖​ «តើ​បុរស​នេះ​មិន​មែន​ជា​អ្នក​ដែល​ធ្លាប់​តែ​អង្គុយ​សុំទាន​ទេ​ឬ?»​
John KhmerNT 9:9  អ្នក​ខ្លះ​ថា៖​ «គឺ​គាត់​ហ្នឹង​ហើយ!»​ អ្នក​ខ្លះ​ទៀត​ថា៖​ «ទេ!​ គាត់​គ្រាន់​តែ​ស្រដៀង​នឹង​អ្នក​នោះ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ហ្នឹង​ហើយ!»
John KhmerNT 9:10  ដូច្នេះ​ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​ដូចម្តេច​បាន​ជា​ភ្នែក​របស់​អ្នក​ភ្លឺ?»​
John KhmerNT 9:11  បុរស​នោះ​ឆ្លើយ​ថា៖​ «មាន​ម្នាក់​ឈ្មោះ​យេស៊ូ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់​ខ្ញុំ​ រួច​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាង​នៅ​ក្នុង​ស្រះ​ស៊ីឡោម​ ដូច្នេះ​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»​
John KhmerNT 9:12  ពួកគេ​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ទេ!»
John KhmerNT 9:13  ពួកគេ​ក៏​នាំ​បុរស​ខ្វាក់​ភ្នែក​កាល​ពីមុន​នោះ​ទៅ​ជួប​ពួកអ្នក​ខាង​គណៈ​ផារិស៊ី។​
John KhmerNT 9:14  ថ្ងៃ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ភក់​ ហើយ​ប្រោស​ភ្នែក​របស់​គាត់​ឲ្យ​ភ្លឺ​ គឺ​ចំ​ថ្ងៃ​សប្ប័ទ។​
John KhmerNT 9:15  ដូច្នេះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​គាត់​ម្តង​ទៀត​ អំពី​របៀប​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ នោះ​គាត់​ប្រាប់​ពួកគេ​វិញ​ថា៖​ «គាត់​បាន​យក​ភក់​មក​លាប​លើ​ភ្នែក​របស់​ខ្ញុំ​ រួច​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»។​
John KhmerNT 9:16  ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​និយាយ​ថា៖​ «អ្នក​នោះ​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ ពី​ព្រោះ​គាត់​មិន​គោរព​ថ្ងៃ​សប្ប័ទ»​ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​អស្ចារ្យ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច?»​ នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​ពួកគេ។​
John KhmerNT 9:17  ពួកគេ​ក៏​សួរ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះម្តង​ទៀត​ថា៖​ «តើ​អ្នក​គិត​ថា​ អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​នោះ​ជា​នរណា?» ​គាត់​ឆ្លើយ​ថា៖​ «គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល»។​
John KhmerNT 9:18  ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​មិន​ជឿ​ថា​គាត់​ជា​មនុស្ស​ខ្វាក់​ ហើយ​បាន​មើល​ឃើញ​វិញ​ទេ​ ដូច្នេះ​ក៏​ហៅ​ឪពុក​ម្តាយ​របស់​គាត់​ដែល​មាន​ភ្នែក​ភ្លឺ​នោះ​មក​
John KhmerNT 9:19  សួរ​ថា៖​ «តើ​អ្នក​នេះ​ជា​កូន​ប្រុស​របស់​ពួកអ្នក​ ដែល​ពួកអ្នក​បាន​ប្រាប់​ថា​ ខ្វាក់​ភ្នែក​ពី​កំណើត​ឬ​ ចុះ​ឥឡូវ​នេះ​ ដូចម្ដេច​បាន​ជា​គាត់​មើល​ឃើញ?»​
John KhmerNT 9:20  ឪពុក​ម្តាយ​របស់​គាត់​ឆ្លើយ​ថា៖​ «យើង​ព្រម​ទទួល​ថា​ នេះ​ជា​កូន​ប្រុស​របស់​យើង​ ហើយ​វា​ពិត​ជា​ខ្វាក់​ពី​កំណើត​មែន!​
John KhmerNT 9:21  ប៉ុន្ដែ​យើង​មិន​ដឹង​ថា​ ឥឡូវ​នេះ​ វា​មើល​ឃើញ​បាន​យ៉ាង​ដូចម្ដេច​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​វា​ភ្លឺ​ដែរ ​វា​ដឹង​ក្ដី​ហើយ​ សូម​សួរ​វា​ចុះ​ វា​អាច​ឆ្លើយ​ដោយ​ខ្លួន​ឯង​បាន»។​
John KhmerNT 9:22  ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​
John KhmerNT 9:23  ហេតុនេះ​បាន​ជា​ឪពុក​ម្តាយ​របស់​គាត់​និយាយ​ថា​ វា​ដឹងក្ដី​ហើយ​ សូម​សួរ​វា​ចុះ។​
John KhmerNT 9:24  ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​
John KhmerNT 9:25  គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​
John KhmerNT 9:26  ពួកគេ​ក៏​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក?​ តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​ដោយ​របៀប​ណា?»​
John KhmerNT 9:27  គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អស់​លោក​រួច​ហើយ​ ប៉ុន្ដែ​អស់​លោក​ពុំ​ស្តាប់​ខ្ញុំ​ទេ​ ហេតុអ្វី​បាន​ជា​អស់​លោក​ចង់​ស្តាប់​ម្តង​ទៀត​ តើ​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​គាត់​ដែរ​ឬ?»​
John KhmerNT 9:28  ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​
John KhmerNT 9:29  ព្រោះ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន​ ប៉ុន្ដែ​អ្នក​នោះ​វិញ​ យើង​មិន​ដឹង​ថា​មកពី​ណា​ទេ!»​
John KhmerNT 9:30  បុរស​នោះ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «រឿង​នេះ​ចម្លែក​ណាស់​ ដែល​អស់​លោក​មិន​ដឹង​ថា​គាត់​មកពី​ណា​ ប៉ុន្ដែ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។​
John KhmerNT 9:31  យើង​ដឹង​ស្រាប់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​ស្តាប់​មនុស្ស​បាប​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ទើប​ព្រះអង្គ​ស្តាប់​អ្នក​នោះ​
John KhmerNT 9:32  តាំងពី​ដើម​មក​មិន​ដែល​ឮ​ថា​ មាន​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ពី​កំណើត​ភ្លឺ​ឡើយ​
John KhmerNT 9:33  ដូច្នេះ​បើ​គាត់​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ គាត់​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ»​
John KhmerNT 9:34  ពួកគេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖​ «ឯង​កើត​មក​មាន​បាប​ទាំង​ស្រុង​ តើ​ឯង​កំពុង​បង្រៀន​យើង​ឬ?»​ រួច​ពួកគេ​ក៏​បណ្តេញ​គាត់​ចេញ។​
John KhmerNT 9:35  កាល​ព្រះ​យេស៊ូ​ឮ​ថា ពួកគេ​បណ្តេញ​គាត់​ចេញ នោះ​ពេល​ព្រះអង្គ​ជួប​គាត់ ព្រះអង្គ​ក៏​មានបន្ទូល​សួរ​ថា​៖ «​តើ​អ្នកជឿលើ​កូនមនុស្សដែរឬទេ?»​
John KhmerNT 9:36  គាត់​ទូល​ឆ្លើយ​ថា៖​ «លោក​ម្ចាស់​អើយ!​ តើ​កូន​មនុស្ស​ជា​នរណា​ ដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់​បាន?»​
John KhmerNT 9:37  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​បាន​ឃើញ​គាត់​ហើយ​ គឺ​អ្នក​ដែល​កំពុង​និយាយ​ជាមួយ​អ្នក​នេះ​ហើយ​ ជា​កូន​មនុស្ស»​
John KhmerNT 9:38  គាត់​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ជឿ​ហើយ!»​ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ។​
John KhmerNT 9:39  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​មក​ក្នុង​ពិភពលោក​នេះ​ដើម្បី​ជំនុំជម្រះ​ គឺ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង​ ហើយ​ឲ្យ​ពួកអ្នក​ដែល​មើល​ឃើញ​ត្រលប់​ជា​ខ្វាក់​វិញ»​
John KhmerNT 9:40  កាល​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ ​ដែល​នៅ​ជាមួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​យើង​ខ្វាក់​ដែរ​ឬ​ទេ?»​
John KhmerNT 9:41  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្វាក់​ អ្នក​រាល់គ្នា​គ្មាន​បាប​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​និយាយ​ថា ​យើង​មើល​ឃើញ​ នោះ​បាប​របស់​អ្នក​រាល់គ្នា​នៅ​តែ​មាន។​
Chapter 10
John KhmerNT 10:1  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ​ ប៉ុន្ដែ​ឡើង​តាម​កន្លែង​ផ្សេង​ អ្នក​នោះ​ជា​ចោរ​លួច​ ចោរ​ប្លន់​
John KhmerNT 10:2  រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ​វិញ​ អ្នក​នោះ​ជា​អ្នក​គង្វាល​ចៀម​
John KhmerNT 10:3  ហើយ​អ្នក​យាម​ទ្វារ​ក៏​បើក​ទ្វារ​ឲ្យ​គាត់​ចូល​ ឯ​ចៀម​ស្តាប់​សំឡេង​របស់​គាត់​ រួច​គាត់​ហៅ​ចៀម​របស់​គាត់​តាម​ឈ្មោះ​ ហើយ​នាំ​ចេញ​ទៅ​ក្រៅ។​
John KhmerNT 10:4  ពេល​គាត់​បញ្ចេញ​ចៀម​របស់​គាត់​អស់​ហើយ​ គាត់​ដើរ​មុន​វា​ ហើយ​ចៀម​ដើរ​តាម​ក្រោយ​គាត់​ ព្រោះ​ពួកវា​ស្គាល់​សំឡេង​របស់​គាត់​
John KhmerNT 10:5  ពួកវា​នឹង​មិន​តាម​អ្នក​ដទៃ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ពួកវា​នឹង​រត់​ចេញ​ពី​អ្នក​នោះ​ ព្រោះ​ពួកវា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ទេ»។​
John KhmerNT 10:6  ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួកគេ​ ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​យល់​អំពី​អ្វី​ដែល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ទេ‍។​
John KhmerNT 10:7  ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម​
John KhmerNT 10:8  អស់​អ្នក​ដែល​មក​មុន​ខ្ញុំ​ សុទ្ធ​តែ​ជា​ចោរ​លួច​ ចោរ​ប្លន់​ ប៉ុន្ដែ​ចៀម​មិន​បាន​ស្តាប់​អ្នក​ទាំង​នោះ​ឡើយ។​
John KhmerNT 10:9  ខ្ញុំ​ជា​ទ្វារ បើ​អ្នកណា​ចូល​តាម​ខ្ញុំ​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ ព្រមទាំង​ចេញ​ចូល​បាន​ ហើយ​នឹង​រក​ឃើញ​វាល​ស្មៅ។​
John KhmerNT 10:10  ចោរ​វា​មក​ដើម្បី​លួច​ សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ​ រីឯ​ខ្ញុំ​វិញ​ ខ្ញុំ​មក​ដើម្បី​ឲ្យ​ពួកវា​មាន​ជីវិត​ ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ​ផង។​
John KhmerNT 10:11  ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ អ្នក​គង្វាល​ល្អ​លះ​បង់​ជីវិត​របស់​ខ្លួន​ដើម្បី​ចៀម​
John KhmerNT 10:12  រីឯ​អ្នក​ស៊ី​ឈ្នួល​ដែល​មិន​មែន​ជា​អ្នក​គង្វាល​ គឺ​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ ពេលណា​ពួកគេ​ឃើញ​ចចក​មក​ នោះ​ពួកគេ​ក៏​រត់​ចោល​ចៀម​ បណ្ដោយ​ឲ្យ​ចចក​ឆក់​យក​ចៀម​ ហើយ​ដេញ​ចៀម​ខ្ចាត់ខ្ចាយ​
John KhmerNT 10:13  ព្រោះ​ពួកគេ​ជា​អ្នក​ស៊ី​ឈ្នួល​ ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ចៀម​ឡើយ។​
John KhmerNT 10:14  ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ​ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​
John KhmerNT 10:15  ដូច​ដែល​ព្រះ​វរ​បិតា​ស្គាល់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​វរ​បិតា​ដែរ។​ ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ចៀម។​
John KhmerNT 10:16  ខ្ញុំ​នៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​ ហើយ​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ​ រួច​ពួកវា​ក៏​ត្រលប់​ជា​ហ្វូង​តែមួយ​ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។​
John KhmerNT 10:17  ហេតុនេះ​ហើយ​បាន​ជា​ព្រះ​វរ​បិតា​ស្រឡាញ់​ខ្ញុំ​ ព្រោះ​ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​បាន​ជីវិត​មក​វិញ​
John KhmerNT 10:18  គ្មាន​អ្នកណា​ដក​យក​ជីវិត​ពី​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​លះបង់​ជីវិត​ដោយ​ខ្លួន​ខ្ញុំ​វិញ​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​លះបង់​ជីវិត​នេះ​ ហើយ​ក៏​មាន​សិទ្ធិ​អំណាច​ទទួល​យក​វិញ​ដែរ​ ហើយ​សេចក្ដី​បង្គាប់​នេះ​ ខ្ញុំ​បាន​ទទួល​ពី​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មក»។​
John KhmerNT 10:19  ដោយសារ​តែ​ពាក្យ​ទាំង​នេះ​ មាន​ការ​បែក​បាក់​គ្នា​ម្ដង​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​
John KhmerNT 10:20  ហើយ​ពួកគេ​ជាច្រើន​និយាយ​ថា៖​ «អ្នក​នេះ​មាន​អារក្ស​ចូល​រហូត​ដល់​ឆ្កួត​ហើយ​ ហេតុអ្វី​បាន​ជា​ពួកអ្នក​ស្តាប់​វា?»​
John KhmerNT 10:21  ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​សំដី​របស់​មនុស្ស​អារក្ស​ចូល​ទេ​ តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​បាន​ដែរ​ឬ​ទេ?»
John KhmerNT 10:22  ពេល​នោះ​ជា​រដូវ​រងា​ ហើយ​ពួកគេ​កំពុង​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡិម​
John KhmerNT 10:23  ហើយ​នៅ​ក្នុង​ព្រះវិហារ​ ព្រះយេស៊ូ​កំពុង​យាង​ចុះ​ឡើង​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​
John KhmerNT 10:24  នោះ​មាន​ពួក​ជនជាតិ​យូដា​ចោម​រោម​ព្រះអង្គ​ ទាំង​ទូល​សួរ​ថា៖​ «តើ​ឲ្យ​ចិត្ដ​របស់​យើង​នៅ​រារែក​ដល់​ពេលណា?​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន​ សូម​ប្រាប់​យើង​ត្រង់ៗ​មក»​
John KhmerNT 10:25  ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ ហើយ​កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ​
John KhmerNT 10:26  ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​ ព្រោះ​អ្នក​រាល់គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​
John KhmerNT 10:27  ដ្បិត​ចៀម​របស់​ខ្ញុំ​ស្តាប់​សំឡេង​របស់​ខ្ញុំ​ ឯ​ខ្ញុំ​ក៏​ស្គាល់​ពួកវា​ ហើយ​ពួកវា​ក៏​មក​តាម​ខ្ញុំ​
John KhmerNT 10:28  រួច​ខ្ញុំ​ឲ្យ​ជីវិត​អស់កល្ប​ជានិច្ច​ដល់​ពួកវា​ នោះ​ពួកវា​មិន​ត្រូវ​វិនាស​ឡើយ​រហូត​អស់កល្ប​ ហើយ​គ្មាន​អ្នកណា​នឹង​ឆក់​យក​ពួកវា​ពី​ដៃ​របស់​ខ្ញុំ​បាន​ឡើយ​
John KhmerNT 10:29  រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ប្រទាន​ពួកវា​មក​ឲ្យ​ខ្ញុំ​ ព្រះអង្គ​ធំ​ជាង​អ្វីៗ​ទាំង​អស់​ ដូច្នេះ​គ្មាន​អ្នកណា​អាច​ឆក់​យក​ពួកវា​ពី​ព្រះហស្ត​របស់​ព្រះ​វរ​បិតា​បាន​ឡើយ​
John KhmerNT 10:30  ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​
John KhmerNT 10:31  ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្ម​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​
John KhmerNT 10:32  ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​កិច្ចការ​ល្អ​ជាច្រើន​ដែល​មកពី​ព្រះ​វរ​បិតា​ តើ​ដោយ​ព្រោះ​កិច្ចការ​ណា​មួយ​ឬ​ ទើប​អ្នក​រាល់គ្នា​រក​គប់​ខ្ញុំ​នឹង​ដុំ​ថ្ម​ដូច្នេះ?»​
John KhmerNT 10:33  ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​
John KhmerNT 10:34  ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ទេ​ឬ​ថា​ យើង​ប្រាប់​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​ព្រះ?​
John KhmerNT 10:35  គេ​មិន​អាច​លុប​បទគម្ពីរ​បាន​ជា​ដាច់ខាត​ ដូច្នេះ​បើ​ព្រះជាម្ចាស់​ហៅ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​ទាំង​នោះ​ថា​ ព្រះ​
John KhmerNT 10:36  ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​
John KhmerNT 10:37  បើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ទេ​ ចូរ​កុំ​ជឿ​ខ្ញុំ​ឡើយ​
John KhmerNT 10:38  ផ្ទុយ​ទៅ​វិញ​បើ​ខ្ញុំ​ធ្វើ​ នោះ​ទោះ​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​ក្ដី​ ចូរ​ជឿ​លើ​កិច្ចការ​ទាំង​នោះ​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​ ហើយ​យល់​ថែម​ទៀត​ថា​ ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ព្រះ​វរ​បិតា​ដែរ»។​
John KhmerNT 10:39  ពេល​នោះ​ ពួកគេ​រក​ចាប់​ព្រះអង្គ​ម្តង​ទៀត​ ប៉ុន្ដែ​ព្រះអង្គ​បាន​គេច​ផុត​ពី​ពួកគេ​
John KhmerNT 10:40  ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​
John KhmerNT 10:41  រួច​មាន​មនុស្ស​ជាច្រើន​មក​រក​ព្រះអង្គ​ ហើយ​និយាយ​ថា៖​ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ណា​មួយ​ទេ​ ប៉ុន្ដែ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​អ្នក​នេះសុទ្ធ​តែ​ពិត​ទាំង​អស់»​
John KhmerNT 10:42  ដូច្នេះមាន​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ​នៅ​ទីនោះ​។
Chapter 11
John KhmerNT 11:1  មាន​បុរស​ម្នាក់​មាន​ជំងឺ​ គាត់​ឈ្មោះ​ឡាសារ​ នៅ​ក្រុង​បេថានី​ ជា​ក្រុង​របស់​នាង​ម៉ារា​ និង​បង​ស្រី​របស់​នាង​ឈ្មោះ​ម៉ាថា​
John KhmerNT 11:2  នាង​ម៉ារា​គឺ​ជា​អ្នក​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះអម្ចាស់​ ព្រមទាំង​បាន​ជូត​បាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​ រីឯ​ឡាសារ​ដែល​មាន​ជំងឺ​ជា​ប្អូន​ប្រុស​របស់​នាង​
John KhmerNT 11:3  ដូច្នេះ​បងប្អូន​ស្រី​ទាំង​ពីរ​បាន​ចាត់​ឲ្យ​គេ​ទៅ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈឺ​ហើយ»។​
John KhmerNT 11:4  ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ជំងឺ​នេះ​មិន​ដល់​ស្លាប់​ទេ​ គឺ​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់វិញ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ដោយសារ​ជំងឺ​នេះ»។​
John KhmerNT 11:5  ព្រះយេស៊ូ​ស្រឡាញ់​ឡាសារ​ នាង​ម៉ាថា​ និង​ប្អូន​ស្រី​របស់​នាង​ណាស់​
John KhmerNT 11:6  ដូច្នេះ​ពេល​ព្រះអង្គ​ឮ​ថា​ គាត់​ឈឺ​ ព្រះអង្គ​ក៏​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​
John KhmerNT 11:7  ក្រោយ​មក​ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖​ «ចូរ​យើង​ត្រលប់​ទៅ​ស្រុក​យូដា​វិញ»។​
John KhmerNT 11:8  ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​
John KhmerNT 11:9  ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «តើ​នៅ​ពេល​ថ្ងៃ​មិន​មាន​ដប់​ពីរ​ម៉ោង​ទេ​ឬ?​ បើ​អ្នកណា​ដើរ​នៅ​ពេល​ថ្ងៃ​ នោះ​មិន​ជំពប់​ជើង​ឡើយ​ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោក​នេះ​
John KhmerNT 11:10  ប៉ុន្ដែ​បើ​អ្នកណា​ដើរ​នៅ​ពេល​យប់​ អ្នក​នោះ​ត្រូវ​ជំពប់​ជើង​ហើយ​ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​អ្នក​នោះ​ទេ»។​
John KhmerNT 11:11  ក្រោយពី​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឡាសារ​ ជា​មិត្ត​សម្លាញ់​របស់​យើង​ គាត់​បាន​ដេក​លក់​ទៅ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់»​
John KhmerNT 11:12  ពេល​នោះពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​គាត់​ដេក​លក់​ គាត់​នឹង​ជា​វិញ​មិន​ខាន»។​
John KhmerNT 11:13  ព្រះយេស៊ូ​មាន​បន្ទូល​អំពី​ការ​ស្លាប់​របស់​ឡាសារ​ ប៉ុន្ដែ​ពួក​សិស្ស​ស្មាន​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​ដេក​លក់​ធម្មតា​
John KhmerNT 11:14  ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ត្រង់ៗ​ថា៖​ «ឡាសារ​ស្លាប់​ហើយ!​
John KhmerNT 11:15  ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ត្រេកអរ​ណាស់​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ ដូច្នេះ​ចូរ​យើង​ទៅ​ឯ​គាត់»។​
John KhmerNT 11:16  ពេល​នោះ​លោក​ថូម៉ាស​ ហៅ​ឌីឌីម​ ក៏​និយាយ​ទៅ​ពួក​សិស្ស​ ជា​គូកន​របស់​គាត់​ថា៖​ «ចូរ​យើង​ទៅ​ស្លាប់​ជាមួយ​គាត់​ដែរ»។​
John KhmerNT 11:17  ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ហើយ​ ព្រះអង្គ​ជ្រាប​ថា​ ឡាសារ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​មក​ហើយ។​
John KhmerNT 11:18  ក្រុង​បេថានី​ នៅ​ជិត​ក្រុង​យេរូសាឡិម​ មាន​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​
John KhmerNT 11:19  ហើយ​មាន​ពួក​ជនជាតិ​យូដា​ជាច្រើន​បាន​មក​ជួប​នាង​ម៉ាថា​ និង​ម៉ារា​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង​ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​នាង​
John KhmerNT 11:20  កាល​នាង​ម៉ាថា​ឮ​ថា​ ព្រះយេស៊ូ​យាង​មក​ដល់​ហើយ​ នោះ​នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ​ ប៉ុន្ដែ​នាង​ម៉ារា​វិញ​ អង្គុយ​នៅ​ក្នុង​ផ្ទះ។​
John KhmerNT 11:21  នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​
John KhmerNT 11:22  ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ ការ​អ្វី​ដែល​ព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​មុខ​ជា​ប្រទាន​ឲ្យ​ព្រះអង្គ​មិន​ខាន​ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ»​
John KhmerNT 11:23  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ប្អូន​ប្រុស​របស់​អ្នក​នឹង​រស់​ឡើង​វិញ»​
John KhmerNT 11:24  នាង​ម៉ាថា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​ដឹង​ហើយ​ថា​ នៅ​ក្នុង​ការ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ»​
John KhmerNT 11:25  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​
John KhmerNT 11:26  ឯ​អស់​អ្នក​ដែល​នៅស់​ ហើយ​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ស្លាប់​អស់កល្ប​ជានិច្ច​ តើ​អ្នក​ជឿ​សេចក្ដី​នេះ​ទេ?»​
John KhmerNT 11:27  នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ចាស៎​ ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ថា​ ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភពលោក​នេះ»។​
John KhmerNT 11:28  ពេល​នាង​បាន​និយាយ​ដូច្នោះ​ហើយ​ ក៏​ទៅ​ហៅ​នាង​ម៉ារា​ ជា​ប្អូន​ស្រី​របស់​នាង​ដោយ​ស្ងាត់ៗ​ថា៖​ «លោកគ្រូ​មក​ដល់​ហើយ​ លោកគ្រូ​បាន​ហៅ​ប្អូន»។​
John KhmerNT 11:29  ពេល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ​ ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ ហើយ​ទៅ​ជួប​ព្រះអង្គ​
John KhmerNT 11:30  រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​ចូល​ក្រុង​នៅ​ឡើយ​ទេ​ ព្រះអង្គ​បាន​គង់​នៅ​ត្រង់​កន្លែង​ដែល​នាង​ម៉ាថា​បាន​ជួប​មុន​នេះ។​
John KhmerNT 11:31  ពេល​ពួក​ជនជាតិ​យូដា​ដែល​កំពុង​ជួយ​រំលែក​ទុក្ខ​នាង​ម៉ារា​នៅ​ក្នុង​ផ្ទះ​បាន​ឃើញ​នាង​ម៉ារា​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ចេញ​ទៅ​ដូច្នេះ​ ពួកគេ​ក៏​ទៅ​តាម​ដោយ​គិត​ថា​ នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។​
John KhmerNT 11:32  ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ព្រះយេស៊ូ​គង់​នៅ​ ហើយ​ឃើញ​ព្រះអង្គ​ នាង​ក៏​ក្រាប​ទៀប​បាទា​ព្រះអង្គ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​បាន​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ទេ»​
John KhmerNT 11:33  ពេល​ព្រះយេស៊ូ​ឃើញ​នាង​ម៉ារា​ និង​ពួក​ជនជាតិ​យូដា​ដែល​មក​ជាមួយ​នាង​យំ​ដូច្នេះ​ ព្រះអង្គ​ក៏​រំជួល​ចិត្ដ​ ហើយ​ច្រួលច្របល់​ក្នុង​វិញ្ញាណ​យ៉ាង​ខ្លាំង​
John KhmerNT 11:34  ក៏​មាន​បន្ទូល​សួរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ដាក់​សព​របស់​គាត់​នៅ​ឯណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ទៅ​មើល​ចុះ»​
John KhmerNT 11:35  ព្រះយេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​
John KhmerNT 11:36  ដូច្នេះ​ ពួក​ជនជាតិ​យូដា​ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រឡាញ់​ឡាសារ​ណាស់!»​
John KhmerNT 11:37  ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​ តើ​គាត់​អាច​ឃាត់​មនុស្ស​នេះ​មិន​ឲ្យ​ស្លាប់​បាន​ដែរ​ទេ​ឬ?»​
John KhmerNT 11:38  ព្រះយេស៊ូ​ក៏​យាង​ទៅ​ដល់​ផ្នូរ​ ទាំង​រំជួល​ចិត្ដ​ម្ដង​ទៀត។​ ផ្នូរ​នោះ​ជា​រូង​ភ្នំ​ ហើយ​មាន​ថ្ម​មួយ​បិទ​សន្ធប់​ជាប់​
John KhmerNT 11:39  ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​យក​ថ្ម​នោះ​ចេញ!»​ នាង​ម៉ាថា​ជា​បង​ស្រី​របស់​អ្នក​ស្លាប់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សព​នេះ​ធុំ​ក្លិន​ហើយ​ ព្រោះ​គេ​បាន​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»​
John KhmerNT 11:40  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ទេ​ឬ​ថា​ បើ​អ្នក​ជឿ​ នោះ​អ្នក​នឹង​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់?»​
John KhmerNT 11:41  ដូច្នេះ​គេ​ក៏​យក​ថ្ម​ចេញ​ ហើយ​ព្រះយេស៊ូ​ងើប​ព្រះនេត្រ​ឡើង ​ទាំង​មាន​បន្ទូល​ថា៖​ «ឱ​ព្រះ​វរ​បិតា​អើយ!​ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ស្តាប់​ខ្ញុំ​
John KhmerNT 11:42  ខ្ញុំ​ដឹង​ថា​ ព្រះអង្គ​ស្តាប់​ខ្ញុំ​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​ទូល​ដូច្នេះ​ ដោយសារ​តែ​បណ្តាជន​ដែល​ឈរ​នៅ​ជុំ​វិញ​ គឺ​ដើម្បី​ឲ្យ​ពួកគេ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន»​
John KhmerNT 11:43  ពេល​ព្រះអង្គ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖​ «ឡាសារ​អើយ!​ ចេញ​មក!»​
John KhmerNT 11:44  អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញ​មក​ ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​ដៃ​ជើង​ និង​កន្សែង​រុំ​មុខ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្រាយ​គាត់​ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។​
John KhmerNT 11:45  ពេល​ពួក​ជនជាតិ​យូដា​ជាច្រើន​ដែល​មក​តាម​នាង​ម៉ារា​បាន​ឃើញ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ក៏​ជឿ​ព្រះអង្គ​
John KhmerNT 11:46  ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ បាន​ទៅ​ប្រាប់​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។​
John KhmerNT 11:47  ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​
John KhmerNT 11:48  បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​ នោះ​មនុស្ស​ទាំង​អស់​មុខ​ជា​ជឿ​គាត់​មិន​ខាន​ ហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង​ និង​ជនជាតិ​របស់​យើង​ផង»។​
John KhmerNT 11:49  ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ មាន​ម្នាក់​ឈ្មោះ​កៃផា​ដែល​ធ្វើ​ជា​សម្តេច​សង្ឃ​នៅ​ក្នុង​ឆ្នាំ​នោះ​ បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «អស់​លោក​មិន​ដឹង​អ្វី​សោះ!​
John KhmerNT 11:50  ហើយ​ក៏​មិន​បាន​គិត​ឃើញ​ថា​ បើ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​សម្រាប់​អស់​លោក​ ហើយ​ជនជាតិ​ទាំង​មូល​ក៏​មិន​វិនាស​ដែរ»​
John KhmerNT 11:51  ប៉ុន្ដែ​គាត់​និយាយ​សេចក្ដី​នោះ​មិន​មែន​ចេញ​ពី​គំនិត​របស់​គាត់​ទេ​ គឺ​គាត់​ជា​សម្តេច​សង្ឃ​នៅ​ឆ្នាំ​នោះ​ បាន​ជា​គាត់​ថ្លែង​ព្រះបន្ទូល​ថា​ ព្រះយេស៊ូ​ត្រូវ​សោយ​ទិវង្គត​ជំនួស​ជនជាតិ​នោះ​
John KhmerNT 11:52  ហើយ​មិន​ត្រឹម​តែ​ជំនួស​ជនជាតិ​នោះ​ប៉ុណ្ណោះ​ទេ​ គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រមូល​កូនរបស់​ព្រះជាម្ចាស់​ដែល​ខ្ចាត់ខ្ចាយ​ទៅ​ មក​រួម​គ្នា​តែមួយ​ដែរ។​
John KhmerNT 11:53  ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ពួកគេ​បាន​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ព្រះអង្គ​
John KhmerNT 11:54  ដូច្នេះ​ហើយ​ ព្រះយេស៊ូ​មិន​យាង​នៅ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញ​មុខ​ទៀត​ទេ​ គឺ​ព្រះអង្គ​ចាកចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទីរហោឋាន​ ត្រង់​ក្រុង​មួយ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​
John KhmerNT 11:55  ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​
John KhmerNT 11:56  ដូច្នេះ​ពួកគេ​ក៏​តាម​រក​ព្រះយេស៊ូ​ ហើយ​ពេល​ពួកគេ​ឈរ​នៅ​ក្នុង​ព្រះវិហារ​ ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​គិត​ដូចម្តេច?​ តើ​អ្នក​នោះ​មិន​មក​ចូល​រួម​បុណ្យ​នេះ​ទេ​ឬ?»​
John KhmerNT 11:57  រីឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​បង្គាប់​ថា​ បើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​នៅ​ឯណា​ ត្រូវ​តែ​ប្រាប់​ឲ្យ​ពួកគេ​ដឹង​ ដើម្បី​ពួកគេ​ចាប់​ព្រះអង្គ។​
Chapter 12
John KhmerNT 12:1  មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ​ ព្រះយេស៊ូ​បាន​យាង​មក​ក្រុង​បេថានី​ ជា​កន្លែង​ដែល​ឡាសារ​នៅ​ គាត់​ជា​អ្នក​ដែល​ព្រះយេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់។​
John KhmerNT 12:2  នៅ​ទី​នោះគេ​រៀបចំ​អាហារ​ពេល​ល្ងាច​សម្រាប់​ព្រះអង្គ​ ហើយ​នាង​ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ​ រីឯ​ឡាសារ​វិញ​ គាត់​ក៏​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​អង្គុយ​រួម​តុ​អាហារ​ជាមួយ​ព្រះអង្គ​ដែរ។​
John KhmerNT 12:3  នៅ​ពេល​នោះ​ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដ៏​មាន​តម្លៃ​ ចំណុះ​ប្រហែល​កន្លះ​លីត្រ​ មក​ចាក់​លាប​បាទា​របស់​ព្រះយេស៊ូ​ រួច​ជូត​បាទា​របស់​ព្រះអង្គ​ដោយ​សក់​របស់​នាង​ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​
John KhmerNT 12:4  ប៉ុន្ដែ​មាន​សិស្ស​ម្នាក់​របស់​ព្រះអង្គ​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត​ ជា​អ្នក​បម្រុង​ក្បត់​ព្រះអង្គ​បាន​និយាយ​ថា៖​
John KhmerNT 12:5  «តើ​ហេតុអ្វី​មិន​លក់​ប្រេង​ក្រអូប​នេះ​ឲ្យ​បាន​បីរយ​ឌេណារី​ ហើយ​ចែក​ទាន​អ្នក​ក្រ​ទៅ?»​
John KhmerNT 12:6  គាត់​និយាយ​ដូច្នេះ​ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ​ គឺ​គាត់​ជា​ចោរ​ ជា​អ្នក​កាន់​ថង់​ប្រាក់​ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅ​ក្នុង​នោះ។​
John KhmerNT 12:7  ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​ចុះ!​ ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ​ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​
John KhmerNT 12:8  អ្នក​រាល់គ្នា​មាន​អ្នក​ក្រ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ទេ»។​
John KhmerNT 12:9  មាន​ពួក​ជនជាតិ​យូដា​ច្រើន​កុះករ​បាន​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ទី​នោះ​ ដូច្នេះ​ពួកគេ​នាំ​គ្នា​មក​ ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ទេ​ គឺ​ពួកគេ​ចង់​ឃើញ​ឡាសារ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ​ដែរ។​
John KhmerNT 12:10  ពួក​សម្ដច​សង្ឃ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ​
John KhmerNT 12:11  ហើយ​ដោយសារ​តែ​គាត់​ ជនជាតិ​យូដា​ជាច្រើន​ដក​ខ្លួន​ចេញ​ពី​ពួកគេ ​ទៅ​ជឿ​លើ​ព្រះយេស៊ូ​វិញ។​
John KhmerNT 12:12  នៅ​ថ្ងៃ​បន្ទាប់​ កាល​បណ្តាជន​ច្រើន​កុះករ​ ដែល​មក​ចូល​រួម​ពិធី​បុណ្យ​បាន​ឮ​ថា​ ព្រះយេស៊ូ​កំពុង​យាង​មក​ក្រុង​យេរូសាឡិម​
John KhmerNT 12:13  នោះ​ពួកគេ ​ក៏​យក​ធាង​ចាកចេញ​ទៅ​ទទួល​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ហូសាណា​ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ជា​ស្តេច​របស់​ជនជាតិ​អ៊ីស្រាអែល!»​
John KhmerNT 12:14  កាល​ព្រះយេស៊ូ​រក​បាន​កូន​លា​មួយ​ក្បាល​ នោះ​ព្រះអង្គ​ក៏​គង់​លើ​ខ្នង​វា​ ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ថា​
John KhmerNT 12:15  កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​
John KhmerNT 12:16  មុន​ដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំង​នេះ​ទេ​ ប៉ុន្ដែ​កាល​ព្រះយេស៊ូ​បាន​តម្កើង​ឡើង​ នោះ​ទើប​ពួកគេ​នឹក​ឃើញ​ថា​ សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​អំពី​ព្រះអង្គ​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​
John KhmerNT 12:17  រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​
John KhmerNT 12:18  ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​
John KhmerNT 12:19  ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​
John KhmerNT 12:20  ក្នុង​ចំណោម​ពួកអ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះ​ដែរ​
John KhmerNT 12:21  អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​
John KhmerNT 12:22  ដូច្នេះ​លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ​ ហើយ​លោក​អនទ្រេ​ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូ។​
John KhmerNT 12:23  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគាត់​ថា៖​ «ពេល​ដែល​កូន​មនុស្ស​ត្រូវ​តម្កើង​ឡើង​នោះ​ បាន​មក​ដល់​ហើយ​
John KhmerNT 12:24  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​ បើ​មិន​ងាប់​ទេ​ គ្រាប់​នោះ​នៅ​តែមួយ​ដដែល​ ប៉ុន្ដែ​បើ​ងាប់​វិញ​ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​
John KhmerNT 12:25  អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅ​ក្នុង​លោកិយ​នេះ​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​
John KhmerNT 12:26  បើ​អ្នកណា​បម្រើ​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ​ ខ្ញុំ​នៅ​ទី​ណា​ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​បើ​អ្នកណា​បម្រើ​ខ្ញុំ​ នោះ​ព្រះ​វរ​បិតា​នឹង​លើក​មុខ​អ្នក​នោះ​ឡើង។​
John KhmerNT 12:27  ឥឡូវ​នេះ​ ខ្ញុំ​មាន​ចិត្ត​ជ្រួល​ច្របល់​ណាស់​ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​ដូចម្តេច?​ ឱ​ព្រះ​វរ​បិតា​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ពី​ពេល​នេះ​ផង​ ប៉ុន្ដែ​ដោយ​ព្រោះ​ការ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​មក​ដល់​ពេល​កំណត់​នេះ​
John KhmerNT 12:28  ឱ​ព្រះ​វរ​បិតា​អើយ​ សូម​តម្កើង​ព្រះ​នាម​របស់​ព្រះអង្គ!»។​ នោះ​ស្រាប់​តែ​មាន​សំឡេង​មួយ​ពីលើ​មេឃ​មក​ថា៖​ «យើង​បាន​តម្កើង​ឡើង​ហើយ​ យើង​នឹង​តម្កើង​ឡើង​ទៀត»។​
John KhmerNT 12:29  ពេល​នោះ​ បណ្តាជន​ដែល​ឈរ​នៅ​ទី​នោះ​បាន​ឮ​ ក៏​និយាយ​ថា៖​ «មាន​ផ្គរលាន់!»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «មាន​ទេវតា​និយាយ​ជាមួយ​គាត់»​
John KhmerNT 12:30  ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «សំឡេង​នេះ​មក​ មិន​មែន​ដោយ​ព្រោះ​ខ្ញុំ​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​វិញ​
John KhmerNT 12:31  ឥឡូវ​នេះជា​ពេល​ជំនុំជម្រះ​ពិភពលោក​នេះ​ ហើយ​ត្រូវ​បណ្ដេញ​ពួកអ្នក​គ្រប់គ្រង​ពិភពលោក​នេះ​ចេញ​
John KhmerNT 12:32  រីឯ​ខ្ញុំ​វិញ​ បើ​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង​ពី​ផែនដី​នេះ​ នោះ​ខ្ញុំ​នឹង​នាំ​មនុស្ស​ទាំង​អស់​ឲ្យ​មក​ឯ​ខ្ញុំ»។​
John KhmerNT 12:33  ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​បង្ហាញ​ថា​ ការ​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ ជា​ការ​សោយ​ទិវង្គត​បែប​ណា។​
John KhmerNT 12:34  បណ្ដាជន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​បាន​ឮ​ពី​គម្ពីរ​វិន័យ​ថា​ ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​នោះ​ជា​នរណា?»​
John KhmerNT 12:35  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពន្លឺ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​តែមួយ​រយៈពេល​ខ្លី​ទេ​ ដូច្នេះ​ចូរ​ដើរ​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ចុះ​ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់គ្នា​ទាន់​ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ គេ​មិន​ដឹង​ថា​ ខ្លួង​ឯង​កំពុង​ទៅ​ណា​ទេ​។​
John KhmerNT 12:36  ចូរ​ជឿ​លើ​​ពន្លឺ​ចុះ​ ទាន់​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​នៃ​ពន្លឺ»។ ​កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ទៅ​ ហើយ​លាក់​ខ្លួន​ពី​ពួកគេ។​
John KhmerNT 12:37  ទោះបី​ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​នៅ​ចំពោះ​មុខ​ពួកគេ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​មិន​ជឿ​លើ​ព្រះអង្គ​ដែរ​
John KhmerNT 12:38  ដូច្នេះ​ក៏​សម្រេច​តាម​ពាក្យ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​មក​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​លើ​សេចក្ដី​ដែល​យើង​បាន​ប្រាប់?​ តើ​ព្រះហស្ត​របស់​ព្រះអម្ចាស់​បើក​សំដែង​ឲ្យ​អ្នកណា​ឃើញ​វិញ?​
John KhmerNT 12:39  ដូច្នេះ​ហើយ​ ពួកគេ​មិន​អាច​ជឿ​បាន​ឡើយ​ ព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀត​ថា​
John KhmerNT 12:40  ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់​ ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេ​រឹង​ ដើម្បី​កុំ​ឲ្យ​ពួកគេ​មើល​ឃើញ​ដោយ​ភ្នែក​ ហើយ​យល់​នៅ​ក្នុង​ចិត្ដ ​រួច​ប្រែចិត្ត​ នោះ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​
John KhmerNT 12:41  លោក​អេសាយ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។​
John KhmerNT 12:42  ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​
John KhmerNT 12:43  ព្រោះ​ពួកគេ​ចូល​ចិត្ត​ការ​សរសើរ​របស់​មនុស្ស​ជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់។​
John KhmerNT 12:44  ព្រះយេស៊ូ​បន្លឺ​សំឡេង​ឡើង​ថា៖​ «អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​មិន​មែន​ជឿ​លើ​ខ្ញុំ​ទេ​ គឺ​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​
John KhmerNT 12:45  ហើយ​អ្នកណា​ដែល​ឃើញ​ខ្ញុំ​ អ្នក​នោះ​ក៏​ឃើញ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​
John KhmerNT 12:46  ខ្ញុំ​ជា​ពន្លឺ​មួយ​ដែល​មក​ក្នុង​ពិភពលោក​នេះ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត​ទៀត​ឡើយ​
John KhmerNT 12:47  បើ​អ្នកណា​ឮ​ពាក្យ​របស់​ខ្ញុំ​ ប៉ុន្ដែ​មិន​ធ្វើ​តាម​ នោះ​ខ្ញុំ​ក៏​មិន​ដាក់​ទោស​គេ​ដែរ​ ដ្បិត​ខ្ញុំ​មិន​មែន​មក​ដាក់​ទោស​មនុស្ស​លោក​ឡើយ​ គឺ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ​
John KhmerNT 12:48  អ្នកណា​ដែល​បដិសេធ​ខ្ញុំ​ ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ចៅ​ក្រម​ដាក់​ទោស​គេ​ហើយ​ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង​ដែល​នឹង​ដាក់​ទោស​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​
John KhmerNT 12:49  ព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ដោយ​ខ្លួន​ខ្ញុំ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ បាន​បង្គាប់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​
John KhmerNT 12:50  ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ប្រាប់​ គឺ​ខ្ញុំ​ប្រាប់​តាម​តែ​ព្រះ​វរ​បិតា​បាន​ប្រាប់​ខ្ញុំ​ប៉ុណ្ណោះ»។​
Chapter 13
John KhmerNT 13:1  នៅ​មុន​ថ្ងៃ​បុណ្យ​រំលង​ ព្រះយេស៊ូ​បាន​ជ្រាប​ថា​ ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញ​ពី​ពិភពលោក​នេះ​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​មក​ដល់​ហើយ។​ ព្រះអង្គ​ស្រឡាញ់​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិភពលោក​នេះ​ណាស់​ ហើយ​ព្រះអង្គ​ក៏​ស្រឡាញ់​ពួកគេ​ដល់​ចុង​បំផុត​ដែរ។​
John KhmerNT 13:2  នៅ​ពេល​បរិភោគ​អាហារ​ពេល​យប់​នោះ ​អារក្ស​សាតាំង​បាន​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​យូដាស​អ៊ីស្ការីយ៉ុត​ ជា​កូន​លោក​ស៊ីម៉ូន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ក្បត់​ព្រះអង្គ​
John KhmerNT 13:3  ព្រះយេស៊ូ​បាន​ដឹង​ថា​ ព្រះ​វរ​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​ហើយ​ ព្រមទាំង​ដឹង​ទៀត​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​ ហើយ​ត្រូវ​ទៅ​ឯ​ព្រះជាម្ចាស់​វិញ​
John KhmerNT 13:4  ដូច្នេះ​ព្រះអង្គ​ក៏​ក្រោក​ចេញ​ពី​តុ​អាហារ​ ហើយ​ដោះ​អាវ​វែង​ចេញ ​រួច​យក​កន្សែង​មួយ​មក​ក្រវាត់​ខ្លួន​
John KhmerNT 13:5  បន្ទាប់​មក​ព្រះអង្គ​ចាក់​ទឹក​ក្នុង​ចានក្លាំ​មួយ​ រួច​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួកសិស្ស ​ហើយ​យក​កន្សែង​ដែល​ព្រះអង្គ​ក្រវាត់​នោះ​មក​ជូត​ផង។​
John KhmerNT 13:6  ពេល​ព្រះអង្គ​មក​ដល់​លោក​ស៊ីម៉ូនពេត្រុស​ នោះ​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​នឹង​លាង​ជើង​របស់​ខ្ញុំ​ឬ?»​
John KhmerNT 13:7  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នៅ​ពេល​នេះ​ អ្នក​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ​ ប៉ុន្ដែ​អ្នក​នឹង​យល់​នៅ​ពេល​ក្រោយ»​
John KhmerNT 13:8  លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​របស់​ខ្ញុំ​ទេ!»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ នោះ​អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ»​
John KhmerNT 13:9  នោះ​លោក​ស៊ីម៉ូនពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​លាង​ត្រឹម​តែ​ជើង​របស់​ខ្ញុំ​ គឺ​សូម​លាង​ទាំង​ដៃ​ ទាំង​ក្បាល​ផង»​
John KhmerNT 13:10  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ដែល​ងូត​ទឹក​រួច​ហើយ ​ត្រូវ​ការ​លាង​ជើង​តែ​ប៉ុណ្ណោះ​ ដ្បិត​ខ្លួន​ទាំង​មូល​របស់​អ្នក​នោះ​បាន​ស្អាត​ហើយ​ រីឯ​អ្នក​រាល់គ្នា​បាន​ស្អាត​ហើយ​ដែរ​ ប៉ុន្ដែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»​
John KhmerNT 13:11  ដ្បិត​ព្រះអង្គ​បាន​ស្គាល់​អ្នក​ក្បត់​ព្រះអង្គ​ ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា​ អ្នក​រាល់គ្នា​មិន​ស្អាត​ទាំង​អស់​គ្នា​ទេ។​
John KhmerNT 13:12  កាល​ព្រះអង្គ​លាង​ជើង​របស់​ពួកគេ​រួច​ហើយ​ ព្រះអង្គ​ក៏​ពាក់​អាវ​វែង​វិញ​ រួច​យាង​ទៅ​អង្គុយ​នៅ​តុ​អាហារ​វិញ​ ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់គ្នា​ឬ​ទេ?​
John KhmerNT 13:13  អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ លោកគ្រូ​ និង​ព្រះអម្ចាស់​ នោះ​អ្នក​រាល់គ្នា​ហៅ​ត្រូវ​ហើយ​ ព្រោះ​គឺ​ខ្ញុំ​មែន!​
John KhmerNT 13:14  ដូច្នេះ​បើ​ខ្ញុំ​ជា​ព្រះអម្ចាស់​ ហើយ​ជា​គ្រូ​ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់គ្នា​ទៅ​ហើយ​ នោះ​អ្នក​រាល់គ្នា​គួរ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​
John KhmerNT 13:15  ដ្បិត​ខ្ញុំ​បាន​ទុក​គំរូ​មួយ​សម្រាប់​អ្នក​រាល់គ្នា​ហើយ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់គ្នា​ដែរ​
John KhmerNT 13:16  ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បាវបម្រើ​មិន​ដែល​ធំ​ជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​ដែរ​
John KhmerNT 13:17  ដូច្នេះ​បើ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​ទាំង​នេះ​ ហើយ​ធ្វើ​តាម​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​
John KhmerNT 13:18  ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ​ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ ប៉ុន្ដែ​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ​ អ្នក​នោះ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់​នឹង​ខ្ញុំ។​
John KhmerNT 13:19  ពេល​នេះខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ហើយ​ មុន​ការ​នោះ​កើត​ឡើង​ ដើម្បី​នៅ​ពេល​ការ​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​នឹង​ជឿ​ថា ​គឺ​ខ្ញុំ​មែន​
John KhmerNT 13:20  ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ​ អ្នក​នោះ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ ​អ្នក​នោះ​ក៏​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​
John KhmerNT 13:21  កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ព្រះអង្គ​ជ្រួល​ច្របល់​ក្នុង​វិញ្ញាណ​ជា​ខ្លាំង​ ក៏​ធ្វើ​បន្ទាល់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។​
John KhmerNT 13:22  ពេល​នោះ​ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ ទាំង​មិន​ដឹង​ថា ​ព្រះអង្គ​មាន​បន្ទូល​អំពី​អ្នកណា​ទេ។​
John KhmerNT 13:23  មាន​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់ ​គាត់​កំពុង​អង្គុយ​នៅ​តុ​អាហារ​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​
John KhmerNT 13:24  ដូច្នេះ ​លោក​ស៊ីម៉ូនពេត្រុស​ក៏​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះអង្គ​ អំពី​អ្នក​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​
John KhmerNT 13:25  អ្នក​នោះ​ក៏​ទម្រេត​លើ​ព្រះឱរា​របស់​ព្រះយេស៊ូ​ ហើយ​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​អ្នក​នោះ​ជា​នរណា?»​
John KhmerNT 13:26  ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​នោះ​ ជា​អ្នក​ដែល​ខ្ញុំ​ជ្រលក់​ចំណិត​នំប៉័ង​ហុច​ទៅ​ឲ្យ»។​ ដូច្នេះ​ព្រះអង្គ​ក៏​ជ្រលក់​ចំណិត​នំប៉័ង​ ហើយ​ឲ្យ​ទៅ​យូដាស​ ជា​កូន​របស់​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។​
John KhmerNT 13:27  ក្រោយពី​ទទួល​ចំណិត​នំប៉័ង​នោះ​ហើយ​ នោះ​អារក្ស​សាតាំង​ក៏​ចូល​គាត់​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ចង់​ធ្វើ​អ្វី ​ចូរ​ប្រញាប់​ធ្វើ​ចុះ»។​
John KhmerNT 13:28  ក្នុង​ចំណោម​ពួកអ្នក​ដែល​អង្គុយ​នៅ​តុ​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ដូច្នេះ​ឡើយ​
John KhmerNT 13:29  ហើយ​មាន​អ្នក​ខ្លះ​ស្មាន​ថា​ ដោយ​ព្រោះតែ​យូដាស​កាន់​ថង់​ប្រាក់​ បាន​ជា​ព្រះយេស៊ូ​ប្រាប់​គាត់​ឲ្យ​ទៅ​ទិញ​ឥវ៉ាន់​ដែល​ត្រូវ​ការ​សម្រាប់​ពិធី​បុណ្យ​ ឬ​ឲ្យ​គាត់​ទៅ​ចែក​អ្វី​ដល់​ពួកអ្នក​ក្រ។​
John KhmerNT 13:30  កាល​យូដាស​បាន​ទទួល​ចំណិត​នំប៉័ង​នោះ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ភ្លាម​ ពេល​នោះ​យប់​ហើយ។​
John KhmerNT 13:31  ពេល​គាត់​ចេញ​ផុត​ទៅ ​ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «ឥឡូវ​នេះ​ កូន​មនុស្ស​បាន​តម្កើង​ឡើង​ហើយ​ ឯ​ព្រះជាម្ចាស់​ក៏​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ដែរ​
John KhmerNT 13:32  ដូច្នេះ​បើ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ នោះ​ព្រះអង្គ​ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​តាមរយៈ​ព្រះអង្គ​ដែរ​ ហើយ​ព្រះអង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ឆាប់ៗ​នេះ។​
John KhmerNT 13:33  កូន​តូចៗ​អើយ!​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ទេ​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដា​រួច​ហើយ​ ឥឡូវ​នេះ​ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ទេ។​
John KhmerNT 13:34  ខ្ញុំ​ឲ្យ​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ចូរ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ។​
John KhmerNT 13:35  មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​
John KhmerNT 13:36  លោក​ស៊ីម៉ូនពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គនឹង​យាង​ទៅ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា៖​ «កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​ពុំ​អាច​ទៅ​តាម​ខ្ញុំ​បាន​ទេ​នៅ​ពេល​ឥឡូវ​នេះ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ទើប​អ្នក​ទៅ​បាន»។​
John KhmerNT 13:37  លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅ​ពេល​ឥឡូវ​នេះ?​ ខ្ញុំ​នឹង​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​
John KhmerNT 13:38  ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «តើ​អ្នក​នឹង​លះបង់​ជីវិត​ដើម្បី​ខ្ញុំ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​
Chapter 14
John KhmerNT 14:1  កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ឡើយ​ អ្នក​រាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ហើយ​ ចូរ​ជឿ​ខ្ញុំ​ដែរ​
John KhmerNT 14:2  នៅ​ក្នុង​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មាន​លំនៅ​ច្រើន​ ប៉ុន្ដែ​បើ​គ្មាន​ទេ​ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ ដ្បិត​ខ្ញុំ​ទៅ​ដើម្បី​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា‍។​
John KhmerNT 14:3  ដូច្នេះ​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ ហើយ​ទទួល​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​
John KhmerNT 14:4  ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ផ្លូវ​នោះ​ដែរ»។​
John KhmerNT 14:5  លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ យើង​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ណា​ទេ​ ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​នោះ​បាន?»​
John KhmerNT 14:6  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​
John KhmerNT 14:7  ដូច្នេះ​បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ។​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​បាន​ស្គាល់ ​និង​បាន​ឃើញ​ព្រះអង្គ​ហើយ»។​
John KhmerNT 14:8  លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ! ​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ នោះ​យើង​ស្កប់​ចិត្ត​ហើយ»។​
John KhmerNT 14:9  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ភីលីព​អើយ!​ ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​យូរ​ហើយ​ តើ​អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ?​ អ្នកណា​ឃើញ​ខ្ញុំ​ក៏​ឃើញ​ព្រះ​វរ​បិតា​ដែរ​ ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ដូច្នេះ?​
John KhmerNT 14:10  តើ​អ្នក​មិន​ជឿ​ថា ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​ ហើយ​ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ?​ ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​នោះ ​មិន​មែន​មកពី​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះ​វរ​បិតា​ដែល​នៅ​ក្នុង​ខ្ញុំ​ ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ។​
John KhmerNT 14:11  ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​ ហើយ​ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ប៉ុន្ដែ​បើ​មិន​ជឿ​ទេ​ ចូរ​ជឿ​ដោយ​ព្រោះតែ​កិច្ចការ​ទាំង​នោះ​ចុះ។​
John KhmerNT 14:12  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ​ ហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ​វរ​បិតា​វិញ​
John KhmerNT 14:13  ហើយ​អ្នក​រាល់គ្នា​សុំ​អ្វី​ក៏​ដោយ ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​បាន​តម្កើង​ឡើង​តាមរយៈ​ព្រះរាជ​បុត្រា​
John KhmerNT 14:14  ដូច្នេះ​បើ​អ្នក​រាល់គ្នា​សុំ​អ្វី​មួយ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ។​
John KhmerNT 14:15  បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​
John KhmerNT 14:16  ខ្ញុំ​នឹង​សុំ​ព្រះ​វរ​បិតា​ឲ្យ​ព្រះអង្គ​ប្រទាន​អ្នក​ជំនួយ​ម្នាក់​ទៀត​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​នៅ​ជាមួយ​អ្នក​រាល់គ្នា​អស់កល្ប​ជានិច្ច​
John KhmerNT 14:17  ហើយ​នោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត ​ប៉ុន្ដែ​ពិភពលោក​មិន​អាច​ទទួល​យក​ព្រះវិញ្ញាណ​នោះ​បាន​ទេ ​ព្រោះ​មើល​មិន​ឃើញ​ ហើយ​មិន​ស្គាល់​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ស្គាល់​ហើយ​ ដ្បិត​ព្រះវិញ្ញាណ​នោះ​បាន​គង់​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់គ្នា។​
John KhmerNT 14:18  រីឯ​ខ្ញុំ​មិនទុ​ក​ឲ្យ​អ្នក​រាល់គ្នា​នៅ​កំព្រា​ទេ​ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​
John KhmerNT 14:19  បន្តិច​ទៀត​នេះ​ មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់​ នោះ​អ្នក​រាល់គ្នា​ក៏​រស់​ដែរ​
John KhmerNT 14:20  រួច​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​នឹង​ដឹង​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ អ្នក​រាល់គ្នា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែរ។​
John KhmerNT 14:21  ដូច្នេះ​អ្នកណា​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ ហើយ​កាន់​តាម​ អ្នក​នោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួច​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ​ ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ​ ព្រមទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។​
John KhmerNT 14:22  លោក​យូដាស​ (មិន​មែន​អ៊ីស្ការីយ៉ុត)​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​យើង​ស្គាល់​ ប៉ុន្ដែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដូច្នេះ?»​
John KhmerNT 14:23  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ ហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ​ ហើយ​តាំង​ទី​លំនៅ​នៅ​ជាមួយ​អ្នក​នោះ។​
John KhmerNT 14:24  ឯ​អ្នកណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ​ ហើយ​ពាក្យ​ដែល​អ្នក​រាល់គ្នា​ឮ​ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ​ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​
John KhmerNT 14:25  ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ហើយ​ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​
John KhmerNT 14:26  រីឯ​អ្នក​ជំនួយ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះ​វរ​បិតា​នឹង​ចាត់​ឲ្យ​មក​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ព្រះអង្គ​នឹង​បង្រៀន​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​អស់​ ហើយ​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា។​
John KhmerNT 14:27  ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​
John KhmerNT 14:28  អ្នក​រាល់គ្នា​បាន​ឮ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​ បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​អរ​សប្បាយ​ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរ​បិតា​ ដ្បិត​ព្រះ​វរ​បិតា​វិសេស​ជាង​ខ្ញុំ។​
John KhmerNT 14:29  ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ មុន​ការ​នោះ​កើត​ឡើង​ ដើម្បី​ពេល​ការ​នោះ​កើត​ឡើង​ អ្នក​រាល់គ្នា​នឹង​ជឿ​
John KhmerNT 14:30  ហើយ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​រាល់គ្នា​មិន​បាន​ច្រើន​ទៀត​ទេ​ ដ្បិត​មេ​ដឹកនាំ​លោកិយ​នេះ​កំពុង​មក​ហើយ​ គេ​ធ្វើ​អ្វី​ខ្ញុំ​មិន​បាន​ទេ​
John KhmerNT 14:31  ប៉ុន្ដែ​ដើម្បី​ឲ្យ​មនុស្ស​លោក​ដឹង​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះ​វរ​បិតា​ ហើយ​ខ្ញុំ​ធ្វើ​តាម​ដូច​ដែល​ព្រះ​វរ​បិតា​បាន​បង្គាប់​ខ្ញុំ។​ ចូរ​ក្រោក​ឡើង​ យើង​ចេញ​ពី​ទី​នេះ​ទៅ។​
Chapter 15
John KhmerNT 15:1  ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត​ ហើយ​ព្រះវរបិតា​របស់​ខ្ញុំ​ ជា​អ្នក​ថែ​ទាំ​
John KhmerNT 15:2  មែក​ទាំងឡាយ​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ប៉ុន្ដែ​មិន​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​កាត់ចោល​ រីឯ​មែក​ទាំងឡាយ​ណា​ដែល​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​លួស​វា​ ដើម្បី​ឲ្យ​បង្កើត​ផល​កាន់​តែ​ច្រើន​ឡើង។​
John KhmerNT 15:3  ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ស្អាត​រួច​ហើយ​ ដោយសារ​តែ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​
John KhmerNT 15:4  ដូច្នេះ​ចូរ​នៅ​ជាប់​នឹង​ខ្ញុំ​ចុះ​ នោះ​ខ្ញុំ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ដែរ​ ដ្បិត​គ្មាន​មែក​ណា​អាច​បង្កើត​ផល​ដោយ​ខ្លួន​ឯង​បាន​ទេ​ លុះត្រា​តែ​នៅ​ជាប់​នឹង​ដើម​ រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នេះ​ដែរ​ លុះត្រា​តែ​នៅ​ជាប់​នឹង​ខ្ញុំ
John KhmerNT 15:5  ព្រោះ​ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ ឯ​អ្នក​រាល់គ្នា​ជា​មែក​ អ្នកណា​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ​ អ្នក​នោះ​នឹង​បង្កើត​ផល​បាន​ច្រើន​ ព្រោះ​បើ​ដាច់​ចេញ​ពី​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។​
John KhmerNT 15:6  ដូច្នេះ​បើ​អ្នកណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ អ្នក​នោះ​ប្រៀប​ដូចជា​មែក​ដែល​ត្រូវ​កាត់​បោះចោល​ ហើយ​ក្រៀមស្វិត​ រួច​គេ​ក៏​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​ឆេះ​អស់ទៅ​
John KhmerNT 15:7  ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ពាក្យ​របស់​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ នោះ​ចូរ​សូម​អ្វីៗ​តាម​ប្រាថ្នា​ចុះ​ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់គ្នា​
John KhmerNT 15:8  ដ្បិត​ព្រះវរបិតា​របស់​ខ្ញុំ​បាន​តម្កើង​ឡើង​ ដោយសារ​តែ​សេចក្ដី​នេះឯង​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផល​បាន​ច្រើន​ យ៉ាង​នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។​
John KhmerNT 15:9  ព្រះវរបិតា​បាន​ស្រឡាញ់​ខ្ញុំ​យ៉ាងណា​ ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាងនោះ​ដែរ​ ដូច្នេះ​ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ​
John KhmerNT 15:10  បើ​អ្នក​រាល់គ្នា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​កាន់​តាមបញ្ញត្តិ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែរ។​
John KhmerNT 15:11  ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់គ្នា​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពេញ​បរិបូរ។​
John KhmerNT 15:12  នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​
John KhmerNT 15:13  ដ្បិត​មនុស្ស​ម្នាក់​លះបង់​ជីវិត​ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​ នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំ​ជាង​សេចក្ដី​ស្រឡាញ់​នេះ​ទៀត​ឡើយ។​
John KhmerNT 15:14  ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ។​
John KhmerNT 15:15  ខ្ញុំ​មិន​ហៅ​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​ទៀតទេ​ ព្រោះ​បាវបម្រើ​មិន​ដឹង​ថា​ ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​ហៅ​អ្នក​រាល់គ្នា​ថា​ មិត្ដ​សម្លាញ់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំបាន​ឮ​ពី​ព្រះវរបិតា​របស់​ខ្ញុំ​
John KhmerNT 15:16  ដ្បិត​មិនមែន​អ្នក​រាល់គ្នា​ជ្រើសរើស​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ព្រមទាំង​តាំង​អ្នក​រាល់គ្នា​ឲ្យចេញ​ទៅ​បង្កើត​ផល​ ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់គ្នា​បាន​នៅ​ស្ថិតស្ថេរ​ ដូច្នេះ​ហើយ​ អ្វី​ក៏ដោយ​ដែល​អ្នក​រាល់គ្នា​សុំ​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មិនខាន។​
John KhmerNT 15:17  ដូច្នេះ​នេះ​ជា​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក។​
John KhmerNT 15:18  បើ​លោកិយ​ស្អប់​អ្នក​រាល់គ្នា​ នោះ​ចូរ​ដឹង​ថា​ មុន​អ្នក​រាល់គ្នា​ គេ​បាន​ស្អប់​ខ្ញុំ​រួចហើយ​
John KhmerNT 15:19  បើ​អ្នក​រាល់គ្នា​ជា​របស់​លោកិយ​ នោះ​លោកិយ​នឹង​ស្រឡាញ់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រោះតែ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ចេញពី​លោកិយ​ នោះ​អ្នក​រាល់គ្នា​មិនមែន​ជា​របស់​លោកិយ​ទៀតទេ​ ហេតុនេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​អ្នក​រាល់គ្នា​
John KhmerNT 15:20  ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ បើ​គេ​បាន​បៀតបៀន​ខ្ញុំ​ទៅ​ហើយ​ នោះ​គេ​មុខជា​បៀតបៀន​អ្នក​រាល់គ្នា​ដែរ​ បើ​គេ​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ នោះ​គេ​មុខជា​កាន់​តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​
John KhmerNT 15:21  ប៉ុន្ដែ​ដោយព្រោះ​ឈ្មោះ​របស់​ខ្ញុំ​ គេ​មុខ​ជា​ធ្វើ​ការ​ទាំងនេះ​ដាក់​អ្នក​រាល់គ្នា​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។​
John KhmerNT 15:22  បើ​ខ្ញុំ​មិន​បាន​មក​ ហើយ​ប្រាប់​ពួកគេ​ នោះ​ពួកគេ​គ្មាន​បាប​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសារ​ឲ្យ​រួចពី​បាប​របស់​ពួកគេ​ឡើយ​
John KhmerNT 15:23  អ្នកណា​ស្អប់​ខ្ញុំ​ អ្នក​នោះ​ក៏​ស្អប់​ព្រះវរបិតា​របស់​ខ្ញុំ​ដែរ​
John KhmerNT 15:24  បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ដែល​គ្មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ក្នុង​ចំណោម​ពួកគេ​ទេ​ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​បាន​ឃើញ​ហើយ​ ហើយ​ពួកគេ​ស្អប់​ទាំងខ្ញុំ​ និង​ព្រះវរបិតា​របស់​ខ្ញុំ​ទៀត។​
John KhmerNT 15:25  នេះ​ដើម្បី​ឲ្យ​សម្រេច​តាម​សេចក្តី​ដែល​បាន​ចែងទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ពួកគេ​ថា​ គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​ហេតុផល​
John KhmerNT 15:26  ប៉ុន្ដែ​នៅ​ពេល​អ្នក​ជំនួយ​មក​ដល់​ ជា​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះវរបិតា​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​ដែល​ចេញ​ពី​ព្រះវរបិតា​មក​ ព្រះអង្គ​នឹង​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​
John KhmerNT 15:27  ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​បន្ទាល់​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​បាន​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក។​
Chapter 16
John KhmerNT 16:1  ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​ជំពប់​ដួល​
John KhmerNT 16:2  ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​
John KhmerNT 16:3  ប៉ុន្ដែ​អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា​ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​
John KhmerNT 16:4  ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់​ នោះ​អ្នក​រាល់គ្នា​អាច​ចាំ​ថា​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ។​ ពី​ដំបូង​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ទេ​ ព្រោះ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា។​
John KhmerNT 16:5  ប៉ុន្ដែ​ឥឡូវ​នេះ​ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ ខ្ញុំ​ឲ្យ​មក​ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់ ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​សួរ​ខ្ញុំ​ថា​ តើ​ព្រះអង្គ​ទៅ​ណា​ដែរ?​
John KhmerNT 16:6  ដ្បិត​ចិត្ដ​របស់​អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ព្រួយ​ដោយ​សារ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ។​
John KhmerNT 16:7  ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ពិត​ថា​ ការ​ដែល​ខ្ញុំ​ទៅ​ នោះ​វា​ល្អ​ប្រសើរ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ​ នោះ​អ្នក​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​បើ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​នឹង​ចាត់​អ្នក​ជំនួយ​នោះ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​
John KhmerNT 16:8  ហើយ​នៅ​ពេល​អ្នក​ជំនួយ​នោះ​មក​ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​យល់​អំពី​បាប​ សេចក្ដី​សុចរិត​ និង​ការ​ជំនុំជម្រះ។​
John KhmerNT 16:9  អំពី​បាប​ គឺ​ដោយ​ព្រោះ​ពួកគេ​មិន​ជឿ​ខ្ញុំ​
John KhmerNT 16:10  អំពី​សេចក្ដី​រិត​ គឺ​ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​វិញ​ ហើយ​អ្នក​រាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតទេ​
John KhmerNT 16:11  អំពី​ការ​ជំនុំ​ជម្រះ​ គឺ​ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកិយ​នេះ​ ត្រូវ​ជាប់​ជំនុំ​ជម្រះ​ហើយ។​
John KhmerNT 16:12  ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ពុំ​អាច​ទទួល​បាន​ទេ។​
John KhmerNT 16:13  នៅ​ពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​មក​ដល់​ ព្រះអង្គ​នឹង​នាំ​អ្នក​រាល់គ្នា​ទៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត​ ដ្បិត​ព្រះអង្គ​នឹង​មិន​មាន​បន្ទូល​តាម​តែ​ព្រះអង្គ​ផ្ទាល់​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​នឹង​មាន​បន្ទូល​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​ឮ​ ហើយ​ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​ហេតុការណ៍​ដែល​ត្រូវ​មក​ដល់​
John KhmerNT 16:14  ព្រះអង្គ​នឹង​តម្កើង​ខ្ញុំ​ឡើង​ ព្រោះ​ព្រះអង្គ​នឹង​ទទួល​យក​អ្វីៗ​ជា​របស់​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​
John KhmerNT 16:15  អ្វីៗ​ដែល​ព្រះវរបិតា​មាន​គឺ​ជា​របស់​ខ្ញុំ​ ហេតុនេះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា​ ព្រះអង្គ​នឹង​ទទួល​យក​អ្វីៗ​ជា​របស់​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នក​រាល់គ្នា​ដឹង។​
John KhmerNT 16:16  នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​
John KhmerNT 16:17  ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង​ថា​ នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​ ហើយ​មាន​បន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា?»​
John KhmerNT 16:18  ពេល​នោះ​ពួកគេ​និយាយ​ថា៖​ «តើ​ព្រះអង្គ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?​ យើង​មិន​យល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​ទេ»។​
John KhmerNT 16:19  ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ជ្រាប​ថា​ ពួកគេ​ចង់​សួរ​ព្រះអង្គ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍​ឬ​ ដែល​ខ្ញុំ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ?​
John KhmerNT 16:20  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​យំ​ ហើយ​កាន់​ទុក្ខ​ ប៉ុន្ដែ​ លោកិយ​នេះ​នឹង​អរ​សប្បាយ។​ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ​ ប៉ុន្ដែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នា​ នឹង​ត្រលប់​ជា​អំណរ​វិញ​
John KhmerNT 16:21  ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​
John KhmerNT 16:22  ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​
John KhmerNT 16:23  ហើយ​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​លែង​សួរ​អ្វី​ខ្ញុំ​ទៀត​ហើយ។​ ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​សុំ​ពី​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ដល់​អ្នក​រាល់គ្នា។​
John KhmerNT 16:24  រហូត​មក​ដល់​ពេល​នេះ​អ្នក​រាល់គ្នា​មិន​ដែល​បាន​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ!​ ចូរ​សូម​ចុះ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ ហើយ​អំណរ​របស់​អ្នក​រាល់គ្នា​នឹង​បាន​ពេញ​បរិបូរ។​
John KhmerNT 16:25  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​
John KhmerNT 16:26  ហើយ​នៅ​ថ្ងៃនោះ​អ្នក​រាល់គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​សុំ​ព្រះវរបិតា​ជំនួស​អ្នក​រាល់គ្នា​ទេ​
John KhmerNT 16:27  ដ្បិត​ព្រះវរបិតា​ផ្ទាល់​ស្រឡាញ់​អ្នក​រាល់គ្នា​ ព្រោះ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មកពី​ព្រះជាម្ចាស់។​
John KhmerNT 16:28  ខ្ញុំ​បាន​មកពី​ព្រះវរបិតា​ ហើយ​ចូល​មក​ក្នុង​លោកិយ​នេះ​ ដូច្នេះ​ខ្ញុំ​នឹង​ចេញ​ពី​លោកិយ​នេះ​ ហើយ​ទៅ​ឯ​ព្រះវរបិតា​វិញ»។​
John KhmerNT 16:29  ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «មើល៍ ​ឥឡូវ​នេះ​ ព្រះអង្គ​មាន​បន្ទូល​ដោយ​ច្បាស់​លាស់​ មិន​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៀត​ទេ​
John KhmerNT 16:30  ហើយ​ឥឡូវ​នេះ​ យើង​ដឹង​ថា​ ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដោយ​មិន​ចាំបាច់​មាន​អ្នកណា​ម្នាក់​សួរ​ព្រះអង្គ​ឡើយ​ ដូច្នេះ​ហើយ​យើង​ជឿ​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​មែន»។​
John KhmerNT 16:31  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឥឡូវ​នេះ​ តើ​អ្នក​រាល់គ្នា​ជឿ​ហើយ​ឬ?​
John KhmerNT 16:32  មើល៍​ ពេល​កំណត់​ដែល​ត្រូវ​មក​ដល់​ នោះ​បាន​មក​ដល់​ហើយ​ គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខ្ចាត់ខ្ចាយ​ទៅ​រៀងៗ​ខ្លួន​ ហើយ​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ​ ព្រោះ​ព្រះវរបិតា​គង់​នៅ​ជាមួយ​ខ្ញុំ។​
John KhmerNT 16:33  ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​
Chapter 17
John KhmerNT 17:1  កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​ ក៏​ងើយ​ព្រះនេត្រ​ទៅ​លើ​មេឃ​ ទាំង​មាន​បន្ទូល​ថា៖​ «ឱ ​ព្រះវរបិតា​អើយ!​ ពេល​កំណត់​បាន​មកដល់​ហើយ​ សូម​លើក​តម្កើង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឡើង​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​បាន​តម្កើង​ព្រះអង្គ​ដែរ​
John KhmerNT 17:2  ដ្បិត​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ដល់​ព្រះរាជ​បុត្រា​លើ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នក​ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​ព្រះរាជ​បុត្រា​
John KhmerNT 17:3  ហើយ​ជីវិត​អស់​កល្ប​ជានិច្ច​នោះ​ គឺ​ឲ្យ​ពួកគេ​ស្គាល់​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ និង​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក​
John KhmerNT 17:4  ខ្ញុំ​បាន​តម្កើង​ព្រះអង្គ​នៅ​ផែនដី​នេះ​ ហើយ​ខ្ញុំក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​ធ្វើ​ដែរ​
John KhmerNT 17:5  ដូច្នេះ​ឱ​ព្រះវរបិតា​អើយ!​ សូម​តម្កើង​ខ្ញុំ​ជាមួយ​ព្រះអង្គ​ ដោយ​សិរី​រុងរឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​ជាមួយ​ព្រះអង្គ​ តាំងពីមុន​កំណើត​ពិភពលោក។​
John KhmerNT 17:6  ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ពី​លោកិយ​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​បាន​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ហើយ។​ ពួកអ្នក​ទាំងនោះ​ជា​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រទាន​ពួកគេ​ឲ្យ​ខ្ញុំ​ រួច​ពួកគេ​បាន​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។​
John KhmerNT 17:7  ឥឡូវ​នេះ​ពួកគេ​ដឹង​ហើយ​ថា​ អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ គឺ​មកពី​ព្រះអង្គ​
John KhmerNT 17:8  ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​ ខ្ញុំ​បាន​ឲ្យ​ពួកគេ ​ហើយ​ពួកគេ​ក៏​ទទួល​យក ​ទាំង​ដឹង​ច្បាស់​ថា​ ខ្ញុំ​បាន​មកពី​ព្រះអង្គ​ និង​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​
John KhmerNT 17:9  ហើយ​ខ្ញុំ​សុំ​សម្រាប់​ពួកគេ​ មិន​មែន​សម្រាប់​លោកិយ​នេះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ព្រោះ​ពួកគេ​ជា​របស់​ព្រះអង្គ​
John KhmerNT 17:10  រីឯ​អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ខ្ញុំ​ គឺ​ជា​របស់​ព្រះអង្គ​ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ខ្ញុំ​ដែរ​ ដូច្នេះ​ខ្ញុំ​ត្រូវ​បាន​តម្កើង​ឡើង​ក្នុង​ចំណោម​ពួកគេ។​
John KhmerNT 17:11  ពួកគេ​នៅ​ក្នុង​លោកិយ​នេះ​ រីឯ​ខ្ញុំ​មិន​នៅ​ក្នុង​លោកិយ​នេះ​ទៀត​ទេ​ ដ្បិត​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ។​ ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ!​ សូម​រក្សា​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រ​ទាន​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ត្រលប់​ជា​តែ​មួយ​ដូច​យើង​
John KhmerNT 17:12  ដ្បិត​ពេល​ខ្ញុំ​នៅ​ជាមួយ​ពួកគេ​ ខ្ញុំ​បាន​រក្សា​ពួកគេ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ។​ ខ្ញុំ​បាន​រក្សា​ពួកគេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​វិនាស​ឡើយ​ លើកលែង​តែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​វិនាស​ ដើម្បី​ឲ្យ​សម្រេច​តាម​បទ​គម្ពីរ។​
John KhmerNT 17:13  ឥឡូវ​នេះ​ ខ្ញុំ​ត្រូវ​ទៅ​ឯ​ព្រះអង្គ​ ហើយ​ខ្ញុំ​ប្រកាស​នៅ​ក្នុង​លោកិយ​នេះ​អំពី​សេចក្ដី​ទាំងនេះ​ ដើម្បី​ឲ្យ​ពួកគេ​មាន​អំណរ​របស់​ខ្ញុំ​ពេញ​បរិបូរ​នៅ​ក្នុង​ពួកគេ។​
John KhmerNT 17:14  ខ្ញុំ​បាន​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអង្គ​ដល់​ពួកគេ​ ហើយ​លោកិយ​នេះ​បាន​ស្អប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​មែន​ជា​របស់​លោកិយ​នេះ​ ដូច​ដែល​ខ្ញុំ​មិន​មែន​ជា​របស់​លោកិយ​នេះ​ដែរ​
John KhmerNT 17:15  ហើយ​ខ្ញុំ​មិន​សុំ​ព្រះអង្គ​ឲ្យ​ដក​យក​ពួកគេ​ចេញពី​លោកិយ​នេះ​ទេ​ គឺ​សុំ​ព្រះអង្គ​រក្សា​ពួកគេ​ឲ្យ​រួច​ផុត​ពី​អារក្ស​សាតាំង​
John KhmerNT 17:16  ដូច្នេះ​ពួកគេ​មិន​មែន​ជា​របស់​លោកិយ​នេះ​ ដូច​ដែល​ខ្ញុំ​មិន​មែន​ជា​របស់​លោកិយ​នេះ​ដែរ​
John KhmerNT 17:17  សូម​ញែក​ពួកគេ​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ ដ្បិត​ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។​
John KhmerNT 17:18  ខ្ញុំ​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្នុង​លោកិយ​នេះ​ ដូច​ដែល​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​លោកិយ​នេះ​ដែរ។​
John KhmerNT 17:19  រីឯ​ខ្ញុំ​វិញ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ដែរ។​
John KhmerNT 17:20  ខ្ញុំ​មិន​សុំ​សម្រាប់​តែ​អ្នក​ទាំងនេះ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ខ្ញុំ​ដោយសារ​ពាក្យ​របស់​ពួកគេ​ដែរ​
John KhmerNT 17:21  ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​
John KhmerNT 17:22  សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ឲ្យ​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រលប់​ជា​តែ​មួយ​ដូច​យើង​ជា​តែ​មួយ​ដែរ​
John KhmerNT 17:23  គឺ​ខ្ញុំ​នៅ​ក្នុង​ពួកគេ​ ហើយ​ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់លក្ខណ៍​រហូត​ត្រលប់​ជា​តែ​មួយ​ ដូច្នេះ​លោកិយ​នេះ​អាច​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ព្រះអង្គ​ស្រឡាញ់​ពួកគេ​ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​ដែរ។​
John KhmerNT 17:24  ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​
John KhmerNT 17:25  ឱ​ព្រះវរបិតា​ដ៏​សុចរិត​អើយ!​ លោកិយ​មិន​ស្គាល់​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ រីឯ​អ្នក​ទាំងនេះ​ក៏​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ ឲ្យ​មក​ដែរ​
John KhmerNT 17:26  ដ្បិត​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​ សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​មាន​នៅ​ក្នុង​ពួកគេ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ពួកគេ​ដែរ»។​
Chapter 18
John KhmerNT 18:1  កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនោះ​រួច​ហើយ​ ព្រះអង្គ​ក៏​ចាកចេញ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ ហើយ​បាន​ឆ្លង​ជ្រលង​កេដ្រុន។​ នៅ​ទីនោះ​មាន​សួនច្បារ​មួយ​ ហើយ​ព្រះអង្គ​បាន​យាង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ក្នុង​សួនច្បារ​នោះ​
John KhmerNT 18:2  យូដាស ​ជា​អ្នក​ក្បត់​ព្រះអង្គ​បាន​ស្គាល់​កន្លែង​នោះ​ដែរ​ ព្រោះ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ជួប​ជុំ​គ្នា​ជា​ញឹកញាប់​នៅ​ ទីនោះ។​
John KhmerNT 18:3  ដូច្នេះ​ពេល​យូដាស​បាន​ទទួល​កង​ទាហាន​រ៉ូម​ និង​ពួកឆ្មាំ​ព្រះវិហារ​ពី​ពួក​សម្តេច​សង្ឃ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​រួច​ហើយ ​ក៏​ទៅ​ទីនោះ​ដោយ​មាន​កាន់​គោម​ ចន្លុះ​ និង​អាវុធ​ផង។​
John KhmerNT 18:4  ព្រះយេស៊ូ​បាន​ជ្រាប​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ចំពោះ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​យាង​ចេញ​មក​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «​តើ​អ្នក​រាលគ្នា​រក​អ្នកណា?»​
John KhmerNT 18:5  ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ!»​ ឯ​យូដាស​ដែល​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ។​
John KhmerNT 18:6  ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ»​ នោះ​ពួកគេ​ក៏​ថយ​ក្រោយ​ ហើយ​ដួល​ទៅ​លើ​ដី។​
John KhmerNT 18:7  ដូច្នេះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​រក​អ្នកណា?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»​
John KhmerNT 18:8  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ហើយ​ថា​ គឺ​ខ្ញុំ​នេះ​ហើយ​ ដូច្នេះ​បើ​អ្នក​រាល់គ្នា​រក​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​ទាំងនេះ​ទៅ​ចុះ!»​
John KhmerNT 18:9  ដូច្នេះ​ក៏​បាន​សម្រេច​តាម​ពាក្យ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា៖​ «ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ»។​
John KhmerNT 18:10  រីឯ​លោក​ស៊ីម៉ូន​ពេត្រុស​ គាត់​មាន​ដាវ​មួយ​ គាត់​ក៏​ហូត​ដាវ​នោះ​កាប់​បាវបម្រើ​របស់​សម្តេច​សង្ឃ​ម្នាក់​ ហើយ​កាត់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវបម្រើ​នោះ។​ បាវបម្រើ​នោះ​មាន​ឈ្មោះ​ថា​ម៉ាលកុស។​
John KhmerNT 18:11  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «ចូរ​ដាក់​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ​ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​ដែល​ព្រះវរបិតា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេ​ឬ?»​
John KhmerNT 18:12  ពេល​នោះ​ កង​ទាហាន​រ៉ូម​ និង​មេ​ទ័ព​ធំ​ ព្រមទាំង​ពួក​ឆ្មាំ​ព្រះវិហារ​របស់​ជនជាតិ​យូដា​បាន​ចាប់​ចង​ព្រះយេស៊ូ​
John KhmerNT 18:13  ហើយ​នាំ​ទៅ​ឲ្យ​លោក​អាណ​ជា​មុន​ ដ្បិត​គាត់​ជា​ឪពុក​ក្មេក​របស់​លោក​កៃផា​ដែល​ជា​សម្តេច​សង្ឃនៅ​ឆ្នាំ​នោះ។​
John KhmerNT 18:14  លោក​កៃផា​នេះ​ហើយ​ដែល​បាន​ឲ្យ​យោបល់​ទៅ​ជនជាតិ​យូដា​ថា​ បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​ហើយ។​
John KhmerNT 18:15  លោក​ស៊ីម៉ូនពេត្រុស​ និង​សិស្ស​ម្នាក់​ទៀត​បាន​ទៅ​តាម​ព្រះយេស៊ូ ហើយ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ​ ដូច្នេះ​សិស្ស​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​សាលា​របស់​សម្តេច​សង្ឃ​ជាមួយ​ព្រះយេស៊ូ​
John KhmerNT 18:16  រីឯ​លោក​ពេត្រុស​វិញ​ គាត់​បាន​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ​ ដូច្នេះ​សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ​បាន​ចេញ​មក​បា្រប់​អ្នក​យាម​ទ្វារ​ រួច​ក៏​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង។​
John KhmerNT 18:17  ពេល​នោះ​បាវបម្រើ​ស្រី​ដែល​ជា​អ្នក​យាម​ទ្វារ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «​តើ​អ្នក​មិន​មែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​មែន​ទេ!»​
John KhmerNT 18:18  ដោយ​ព្រោះ​ពេល​នោះ​រងា​ ពួក​បាវបម្រើ​ និង ​ពួក​ឆ្មាំ​ព្រះវិហារ​ក៏​ឈរ​អាំង​ភ្លើង​ដែល​បង្កាត់​ហើយ​ជា​ស្រេច​ រីឯ​លោក​ពេត្រុស​ ក៏​ឈរ​អាំង​ភ្លើង​ជាមួយ​ពួកគេ​ដែរ។​
John KhmerNT 18:19  ហើយ​នៅ​ពេល​នោះ​ សម្តេច​សង្ឃ​បាន​សួរ​ព្រះយេស៊ូ​អំពី​ពួក​សិស្ស​របស់​ព្រះអង្គ​ និង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​
John KhmerNT 18:20  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​សម្ដេច​សង្ឃថា៖​ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទី​សាធារណៈ​ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​ក្នុង​ព្រះវិហារ​ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​អស់​ជួប​ជុំ​គ្នា​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​
John KhmerNT 18:21  ហេតុអ្វី​លោក​សួរ​ខ្ញុំ​ដូច្នេះ?​ ចូរ​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ពួកគេ​ចុះ​ ពួកគេ​ក៏​ដឹង​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និយាយ​ដែរ»។​
John KhmerNT 18:22  ប៉ុន្ដែ​ពេល​ព្រះអង្គ​មាន​បន្ទូល​ អំពី​សេចក្ដី​ទាំងនេះ​ ឆ្មាំ​ព្រះវិហារ​ម្នាក់​ដែល​ឈរ​ជិត​នោះ​បាន​ទះ​កំផ្លៀង​ព្រះយេស៊ូ​ ទាំង​និយាយ​ថា៖​ «ឯង​ឆ្លើយ​ជាមួយ​សម្តេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ?»​
John KhmerNT 18:23  ព្រះយេស៊ូ​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖​ «បើ​ខ្ញុំ​និយាយ​អាក្រក់​មែន​ ចូរ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​អាក្រក់​នោះ​ចុះ​ ប៉ុន្ដែ​បើ​ល្អ​វិញ​ តើ​ហេតុអ្វី​បាន​ជា​អ្នក​វាយ​ខ្ញុំ?»​
John KhmerNT 18:24  ពេល​នោះ​លោក​ ​អាណ​ ក៏​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់​ចំណង​ទៅ​សម្តេច​សង្ឃ​កៃផា។​
John KhmerNT 18:25  ពេល​នោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ ដែល​កំពុង​ឈរ​អាំង​ភ្លើង​ថា៖​ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ក៏​បដិសេធ​ថា៖​ «ខ្ញុំ​មិនមែន​ទេ»។​
John KhmerNT 18:26  មាន​បាវបម្រើ​របស់​សម្តេច​សង្ឃ​ម្នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​បាវបម្រើ​ម្នាក់​ដែល​លោក​ពេត្រុស​បាន​កាត់​ដាច់​ត្រចៀក​នោះ​បាន​និយាយ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នក​នៅ​ជាមួយ​អ្នក​នោះ​ក្នុង​សួន​ទេ​ឬ?»​
John KhmerNT 18:27  លោក​ពេត្រុស​បាន​បដិសេធ​ម្ដង​ទៀត ​ហើយ​មាន់​ក៏​រងាវ​ឡើង​ភ្លាម។​
John KhmerNT 18:28  បន្ទាប់​មក​ នៅ​ព្រលឹម​ស្រាងៗ​ ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ចេញ​ពី​ផ្ទះ​លោក​កៃផា​ទៅ​បន្ទាយ​ទ័ព​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ទេ​ ក្រែង​លោ​ធ្វើ​ឲ្យ​ពួកគេ​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំលង​បាន។​
John KhmerNT 18:29  ដូច្នេះ​លោក​ពីឡាត់​ក៏​ចេញ​មក​ខាង​ក្រៅ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​បុរស​នេះ​ពី​រឿង​អ្វី?»​
John KhmerNT 18:30  ពួកគេ​ឆ្លើយ​ទៅ​គាត់​ថា៖​ «​បើ​បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​អាក្រក់​ទេ​ នោះ​យើង​មិន​បញ្ជូន​គាត់​មក​ឲ្យ​លោក​ទេ!»​
John KhmerNT 18:31  ដូច្នេះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់គ្នា​ចុះ!»​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បា្រប់​គាត់​ថា៖​ «យើង​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​ណា​ម្នាក់​ទេ»។​
John KhmerNT 18:32  នោះ​ក៏​សម្រេច​តាម​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។​
John KhmerNT 18:33  លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​វិញ​ ហើយ​ហៅ​ព្រះយេស៊ូ​មក​សួរ​ថា៖​ «តើ​អ្នក​ជា​ស្តេច​ជនជាតិ​យូដា​ឬ?»​
John KhmerNT 18:34  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​លោក​និយាយ​ដូច្នេះ​ដោយ​ខ្លួន​ឯង​ ឬ​ក៏​មាន​អ្នកណា​ម្នាក់​ទៀត​ប្រាប់​លោក​អំពី​ខ្ញុំ​ឬ?»​
John KhmerNT 18:35  លោក​ពីឡាត់​ឆ្លើយ​ថា៖​ «តើ​ខ្ញុំ​ជា​ជនជាតិ​យូដា​ឬ​អី?​ ពួក​ជន​រួមជាតិ​របស់​អ្នក​ និង​ពួក​សម្តេច​សង្ឃ​បាន​បញ្ជូន​អ្នក​ឲ្យ​ខ្ញុំ​ តើ​អ្នក​បាន​ធ្វើ​អ្វី​ឬ?»​
John KhmerNT 18:36  ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ក្នុង​លោកិយ​នេះ​ទេ​ បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោកិយ​នេះ​មែន​ នោះ​ពួកអ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​វាយ​តយុទ្ធ​វិញ​មិន​ខាន​ ដើម្បី​កុំ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា​ ប៉ុន្ដែ​ឥឡូវ​នេះ​ នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ»។​
John KhmerNT 18:37  លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «​ដូច្នេះ​អ្នក​ជា​ស្តេច​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​ទេ​តើ​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​ ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ​ សម្រាប់​ការ​នេះ​ គឺ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ ហើយ​អស់​អ្នក​ដែល​កើត​ពី​សេចក្ដី​ពិត ​អ្នក​នោះ​ឮ​សំឡេង​របស់​ខ្ញុំ​»។​
John KhmerNT 18:38  លោក​ពីឡាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​សេចក្ដី​ពិត​ជា​អ្វី?»​ ពេល​ទូល​ដូច្នោះ​ហើយ​ លោក​ពីឡាត់​ក៏​ចេញ​ទៅ​ជួប​ពួក​ជនជាតិ​យូដា​ម្តង​ទៀត​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​ឃើញ​ថា​ អ្នកនេះ​គ្មាន​ទោស​អ្វី​ឡើយ​
John KhmerNT 18:39  អ្នក​រាល់គ្នា​មាន​ទំនៀម​ទម្លាប់​ឲ្យ​ខ្ញុំ​ដោះលែង​មនុស្ស​ម្នាក់​សម្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​បុណ្យ​រំលង​ ដូច្នេះ​តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្តេច​របស់​ជនជាតិ​យូដា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ដែរ​ឬ​ទេ?»​
John KhmerNT 18:40  ពេល​នោះ​ពួកគេ​ស្រែក​ឡើង​ម្តង​ទៀត​ថា៖​ «កុំ​លែង​ម្នាក់​នេះ!​ លែង​បារ៉ាបាស​វិញ!»​ បារ៉ាបាស​គឺ​ជា​ចោរប្លន់។​
Chapter 19
John KhmerNT 19:1  ដូច្នេះ​នៅ​ពេល​នោះ​ លោក​ពីឡាត់​បាន​យក​ព្រះយេស៊ូ​ទៅ​ ហើយ​ឲ្យ​គេ​វាយ​ព្រះអង្គ​នឹង​ខ្សែតី​
John KhmerNT 19:2  ពួក​ទាហាន​បាន​ក្រង​បន្លា​ធ្វើ​មកុដ​ពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ និង​បាន​យក​អាវ​ពណ៌ស្វាយ​មក​បំពាក់​ឲ្យ​ព្រះអង្គ​
John KhmerNT 19:3  ហើយ​ពួកគេ​ក៏​មក​ឯ​ព្រះអង្គ ​ទាំង​ទូល​ថា៖​ «សូម​ថ្វាយបង្គំ​ស្តេច​របស់​ជនជាតិ​យូដា!»​ រួច​ពួកគេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។​
John KhmerNT 19:4  លោក​ពីឡាត់​បាន​ចេញ​មក​ខាង​ក្រៅ​ ហើយ​ប្រាប់​ពួកគេ​ម្តង​ទៀត​ថា៖​ «មើល៍ ​ខ្ញុំ​នាំ​គាត់​មក​ឯ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ!»​
John KhmerNT 19:5  ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ចេញ​មក​ក្រៅ​ ទាំង​ពាក់​មកុដ​បន្លា​ និង​អាវ​ពណ៌ស្វាយ​នោះ​ រីឯ​លោក​ពីឡាត់​វិញ​និយាយ​ទៅ​ពួកគេ​ថា៖​ «មើល​ចុះ​ គឺ​បុរស​នេះ​ហើយ»។​
John KhmerNT 19:6  ពេល​ពួក​សម្តេច​សង្ឃ​ និង​ពួក​ឆ្មាំ​ព្រះវិហារ​បាន​ឃើញ​ព្រះអង្គ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!​ ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ចុះ!​ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​ បុរស​នេះ​មាន​ទោស​សោះ!»​
John KhmerNT 19:7  ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​
John KhmerNT 19:8  ដូច្នេះ​ពេល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ​ គាត់​កាន់​តែ​ភ័យ​ខ្លាច​ថែម​ទៀត​
John KhmerNT 19:9  គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ម្ដង​ទៀត​ ហើយ​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​មកពី​ណា?»​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ឆ្លើយ​ប្រាប់​គាត់​ឡើយ។​
John KhmerNT 19:10  ដូច្នេះ​លោក​ពីឡាត់​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​មិន​ប្រាប់​ខ្ញុំ​ទេ​ឬ?​ តើ​អ្នក​មិន​ដឹង​ទេ​ថា​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​ដោះលែង​អ្នក​ក៏​បាន​ ឬ​ឆ្កាង​អ្នក​ក៏​បាន?»​
John KhmerNT 19:11  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​
John KhmerNT 19:12  បន្ទាប់ពី​នោះ​មក​ លោក​ពីឡាត់​ព្យាយាម​ដោះលែង​ព្រះអង្គ​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ស្រែក​ឡើង​ថា៖​ «បើ​លោក​ដោះលែង​វា​ លោក​មិនមែន​ជា​មិត្ត​របស់​ព្រះចៅអធិរាជ​ទេ​ ព្រោះ​អ្នកណា​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច​ អ្នក​នោះ​ប្រឆាំង​ព្រះចៅអធិរាជ​ហើយ!»​
John KhmerNT 19:13  ពេល​លោក​ពីឡាត់​ឮ​ពាក្យ​ដូច្នេះ​ ក៏​នាំ​ព្រះយេស៊ូ​ចេញ​មក​ ហើយ​គាត់​បាន​អង្គុយ​លើ​ទី​កាត់ក្តី​ ត្រង់​កន្លែង​មួយ​ដែល​ហៅ​ថា​ ទីលាន​ក្រាល​ថ្ម​ ភាសា​ហេព្រើរ​ហៅ​ថា​ កាបាថា។​
John KhmerNT 19:14  ពេល​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង​ ហើយ​ប្រហែល​ជា​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ លោក​ពីឡាត់​និយាយ​ទៅ​ពួក​ជនជាតិ​យូដា​ថា៖​ «មើល៍​ នេះ​ជា​ស្តេច​របស់​អ្នក​រាល់គ្នា»។​
John KhmerNT 19:15  ពេល​នោះ​ អ្នក​ទាំងនោះ​បាន​ស្រែក​ថា៖​ «សម្លាប់​ទៅ!​ សម្លាប់​ទៅ! ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​សួរ​ពួកគេ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់គ្នា​ឬ?»​ ពួក​សម្ដេច​សង្ឃ​ឆ្លើយ​ថា៖​ «យើង​គ្មាន​ស្តេច​ណា​ទៀត​ទេ​ ក្រៅពី​ព្រះចៅអធិរាជ!»​
John KhmerNT 19:16  ដូច្នេះ​លោក​ពីឡាត់​ក៏​ប្រគល់​ព្រះយេស៊ូ​ឲ្យ​គេ​ឆ្កាង​ ហើយ​ពួកគេ​ក៏​យក​ព្រះអង្គ​ទៅ​
John KhmerNT 19:17  ព្រះអង្គ​បាន​យាង​ចេញ​ទៅ​ ទាំង​លី​ឈើឆ្កាង​ដោយ​ខ្លួន​ឯង ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ហៅ​ថា​តំបន់​លលាដ៌​ក្បាល​ដែល​ភាសា​ហេព្រើរ​ហៅ​ថា​ គាល់​កូថា។​
John KhmerNT 19:18  ពួកគេ​បាន​ឆ្កាង​ព្រះអង្គ​នៅ​កន្លែង​នោះ​ជាមួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សងខាង​ព្រះអង្គ​ គឺ​ព្រះយេស៊ូ​នៅ​កណ្តាល។​
John KhmerNT 19:19  លោក​ពីឡាត់​បាន​សរសេរ​ប្រកាស​មួយ​ឲ្យ​គេ​បិទ​នៅ​លើ​ឈើឆ្កាង​ ដោយ​សរសេរ​ថា៖​ «យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ ស្តេច​របស់​ជនជាតិ​យូដា»។​
John KhmerNT 19:20  មាន​ជនជាតិ​យូដា​ជាច្រើន​បាន​អាន​ប្រកាស​នោះ​ ព្រោះ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូ​នោះ​នៅ​ជិត​ក្រុង​ ហើយ​ប្រកាស​នោះ​ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ​ ភាសា​ឡាតាំង​ និង​ភាសា​ក្រេក។​
John KhmerNT 19:21  ពេល​នោះ​ពួក​សម្តេច​សង្ឃ​របស់​ជនជាតិ​យូដា​បាន​ប្រាប់​លោក​ពីឡាត់​ថា៖​ «សូម​កុំ​សរសេរ​ថា​ ស្តេច​របស់​ជនជាតិ​យូដា​ គឺ​សូម​ដាក់​ថា​ វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​របស់​ជនជាតិ​យូដា»។​
John KhmerNT 19:22  លោក​ពីឡាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​សរសេរ​អ្វី​ ខ្ញុំ​សរសេរ​ហើយ»។​
John KhmerNT 19:23  ពេល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះយេស៊ូ​រួច​ហើយ​ ពួកគេ​ក៏​យក​អាវ​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក​ ហើយ​ម្នាក់ៗ​បាន​មួយ​ចំណែក​ ព្រោះ​អាវ​ក្នុង​ជា​អាវ​ត្បាញ​គ្មាន​ថ្នេរ​ពី​លើ​រហូត​ដល់​ក្រោម​
John KhmerNT 19:24  ដូច្នេះ​ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «​កុំ​ហែក​អាវ​នេះ​អី​ ចូរ​យើង​ចាប់​ឆ្នោត​វិញ​ដើម្បី​ឲ្យ​ដឹង​ថា​ អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នកណា!»​ ពួក​ទាហាន​ធ្វើ​ដូច្នេះ​សម្រេច​តាម​បទគម្ពីរ​ដែល​ចែង​ទុក​ថា​ គេ​បាន​យក​អាវ​របស់​ខ្ញុំ​ចែក​គ្នា​ ហើយ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ។​
John KhmerNT 19:25  នៅ​ក្បែរ​ឈើឆ្កាង​មាន​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូន​ស្រី​របស់​ម្ដាយ​ព្រះយេស៊ូ​ ព្រមទាំង​នាង​ម៉ារា​ជា​ប្រពន្ធ​របស់​លោក​ក្លូប៉ាស​ និង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរ​នៅ​ទីនោះ។​
John KhmerNT 19:26  ពេល​ព្រះយេស៊ូ​ឃើញ​ម្ដាយ​ និង​សិស្ស​ម្នាក់​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈរ​នៅ​ក្បែរ​នោះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្ដាយ​អើយ!​ មើល៍​ នេះ​ជា​កូន​របស់​អ្នក​ម្ដាយ​ហើយ!»​
John KhmerNT 19:27  ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ម្នាក់​នោះ​ថា៖​ «មើល៍​ នេះ​ជា​ម្តាយ​របស់​អ្នក​ហើយ!»​ តាំងពី​ពេល​នោះ​មក​ សិស្ស​ម្នាក់​នោះ​បាន​យក​នាង​ម៉ារា​ទៅ​នៅ​ផ្ទះ​របស់​គាត់។​
John KhmerNT 19:28  បន្ទាប់​មក​ព្រះយេស៊ូ​បាន​ដឹង​ថា​ ការ​ទាំង​អស់​បាន​សម្រេច​ហើយ​ រួច​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ស្រេក​ទឹក​ណាស់!»​
John KhmerNT 19:29  នោះ​គេ​បាន​យក​ក្រឡ​មួយ​មាន​ទឹកខ្មេះ​ពេញ​មក​ ហើយ​យក​សារាយ​ស្ងួត​រុំ​នឹង​មែក​ហ៊ីសុប​ជ្រលក់​ទឹកខ្មេះ​ជោក​ រួច​ហុច​ដល់​ព្រះឱស្ឋ​របស់​ព្រះអង្គ។​
John KhmerNT 19:30  ពេល​ព្រះយេស៊ូ​ទទួល​ទឹកខ្មេះ​រួច​ហើយ​ ក៏​មាន​បន្ទូល​ថា៖​ «កិច្ចការ​បាន​សម្រេច​ហើយ!»​ រួច​ព្រះអង្គ​ក៏​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ។​
John KhmerNT 19:31  ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ដ្បិត​ជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​ថ្ងៃ​សប្ប័ទ​ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​ថ្ងៃ​សប្ប័ទ​មិន​អនុញ្ញាត​ឲ្យ​មាន​សាក​សព​លើ​ឈើឆ្កាង​ ដូច្នេះ​ពួក​ជនជាតិ​យូដា​បាន​សុំ​លោក​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នក​ទោស​ ហើយ​ដាក់​សព​ចុះ។​
John KhmerNT 19:32  ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​ទីមួយ​ ហើយ​ជើង​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ឆ្កាង​ក្បែរ​ព្រះអង្គ​
John KhmerNT 19:33  ប៉ុន្ដែ​ពេល​មក​ដល់​ព្រះយេស៊ូ​ ពួក​ទាហាន​បាន​ឃើញ​ថា​ ព្រះអង្គ​សោយ​ទិវង្គត​ហើយ​ ពួកគេ​មិន​បាន​បំបាក់​បាទា​របស់​ព្រះអង្គ​ទេ​
John KhmerNT 19:34  ប៉ុន្ដែ​ ទាហាន​ម្នាក់​បាន​យក​លំពែង​ចាក់​ព្រះអង្គ​ត្រង់​ចំហៀង​ខ្លួន​ ភ្លាម​នោះ​ឈាម​ និង​ទឹក​ក៏​ហូរ​ចេញ​មក​
John KhmerNT 19:35  រីឯ​អ្នក​ដែល​បាន​ឃើញ​ គាត់​បាន​ធ្វើ​បន្ទាល់​ ហើយ​សេចក្ដី​បន្ទាល់​របស់​គាត់​ពិត​ប្រាកដ​ រួច​គាត់​ដឹង​ថា​គាត់​និយាយ​ពិត​ ដើម្បី​ ឲ្យ​អ្នក​រាល់គ្នា​អាច​ជឿ​បាន​ដែរ។​
John KhmerNT 19:36  ដ្បិត​ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដើម្បី​ឲ្យ​សម្រេច​បទគម្ពីរ​ដែល​ចែង​ថា​ គ្មាន​ឆ្អឹង​ណា​មួយ​របស់​ព្រះអង្គ​ត្រូវ​បាក់​ឡើយ​
John KhmerNT 19:37  និង​បទគម្ពីរ​មួយ​ទៀត​ដែល​ចែង​ថា​ ពួកគេ​នឹង​ពិនិត្យ​មើល​ព្រះអង្គ​ដែល​ពួកគេ​បាន​ចាក់។​
John KhmerNT 19:38  ក្រោយ​ហេតុការណ៍​ទាំង​នេះ​ លោក​យ៉ូសែប​ អ្នក​ក្រុង​អើរីម៉ាថេ​បាន​សុំ​លោក​ពីឡាត់​យក​សព​ព្រះយេស៊ូ​ ហើយ​លោក​ពីឡាត់​បាន​យល់​ព្រម​ ដូច្នេះ​លោក​យ៉ូសែប​ក៏​មក​យក​សព​របស់​ព្រះអង្គ។​ លោក​យ៉ូសែប​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូ​ ប៉ុន្ដែ​គាត់​បាន​លាក់​មុខ​ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​
John KhmerNT 19:39  រីឯ​លោក​នីកូដេម​ដែល​បាន​ទៅ​ជួប​ព្រះយេស៊ូ​ទាំង​យប់​កាល​ពីមុន​ក៏​បាន​មក​ជាមួយ​ដែរ​ ហើយ​គាត់​បាន​យក​ល្បាយ​ជ័រ​ក្រអូប​ និង​គ្រឿង​ក្រអូប​ប្រហែល​ហាសិប​គីឡូក្រាម​មក​ជាមួយ។​
John KhmerNT 19:40  ពេល​នោះ​ពួកគេ​បាន​យក​សព​ព្រះយេស៊ូ​មក​រុំ​ជាមួយ​គ្រឿង​ក្រអូប​ និង​ក្រណាត់​ទេសឯក​ទៅ​តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​ជនជាតិ​យូដា។​
John KhmerNT 19:41  នៅ​ត្រង់​កន្លែង​ដែល​គេ​បាន​ឆ្កាង​ព្រះអង្គ​នោះ​មាន​សួនច្បារ​មួយ​ ហើយ​ក្នុង​សួនច្បារ​នោះ​មាន​ផ្នូរ​មួយ​ថ្មី​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ​
John KhmerNT 19:42  ដូច្នេះ​ពួកគាត់​ក៏​បញ្ចុះ​សព​ព្រះយេស៊ូ​នៅ​ទី​នោះ​ ដ្បិត​ផ្នូរ​នោះ​នៅ​ជិត​ ហើយ​នោះ​ជា​ថ្ងៃ​រៀបចំ​របស់​ជនជាតិ​យូដា​ផង។​
Chapter 20
John KhmerNT 20:1  នៅ​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ កាល​ងងឹត​នៅ​ឡើយ​ នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​បាន​ទៅ​ឯ​ផ្នូរ​ នាង​ក៏​ឃើញ​ថ្ម​នៅ​មាត់​ផ្នូរ​ត្រូវ​គេ​យក​ចេញ​ទៅ​ហើយ​
John KhmerNT 20:2  ពេល​នោះ​នាង​ក៏​រត់​ទៅ​ឯ​លោក​ស៊ីម៉ូនពេត្រុស​ និង​សិស្ស​ម្នាក់​ទៀត​ដែល​ព្រះយេស៊ូ​ស្រឡាញ់​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មាន​គេ​យក​ព្រះអម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ​ យើង​មិន​ដឹង​ថា​ គេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​ណា​ទេ»។​
John KhmerNT 20:3  ដូច្នេះ​លោក​ពេត្រុស​ និង​សិស្ស​ម្នាក់​នោះ​ក៏​បាន​ចេញ​ទៅ​ឯ​ផ្នូរ​
John KhmerNT 20:4  អ្នក​ទាំង​ពីរ​ក៏​រត់​ទៅ​ជាមួយ​គ្នា​ ប៉ុន្ដែ​សិស្ស​ម្នាក់​ទៀត​នោះ​បាន​រត់​លឿន​ជាង​លោក​ពេត្រុស​ ហើយ​បាន​ទៅ​ដល់​ផ្នូរ​មុន។​
John KhmerNT 20:5  ពេល​គាត់​ឱន​ចុះ​ នោះ​ក៏​ឃើញ​មាន​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​មិន​បាន​ចូល​ទៅ​ទេ។​
John KhmerNT 20:6  បន្ទាប់​មក​ លោក​ស៊ីម៉ូនពេត្រុស​ក៏​មក​ដល់​តាម​ក្រោយ​ដែរ​ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ​ ហើយ​ឃើញ​ក្រណាត់​នៅ​ទី​នោះ​
John KhmerNT 20:7  រីឯ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ​មិន​នៅ​ជាមួយ​ក្រណាត់​ទេសឯក​នោះ​ទេ​ គឺ​បាន​ឆ្មូល​ទុក​នៅ​កន្លែង​មួយ​ដោយ​ឡែក។​
John KhmerNT 20:8  បន្ទាប់​មក​ សិស្ស​ម្នាក់​ដែល​មក​ដល់​ផ្នូរ​មុន​បាន​ចូល​ទៅ​ដែរ​ រួច​គាត់​ក៏​ឃើញ​ ហើយ​ជឿ​
John KhmerNT 20:9  ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ពួកគេ​មិន​ទាន់​យល់​នៅ​ឡើយ​អំពី​បទគម្ពីរ​ដែល​ចែង​ថា​ ព្រះអង្គ​ត្រូវ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​
John KhmerNT 20:10  ដូច្នេះ​សិស្ស​ទាំង​ពីរ​នោះ​ក៏​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​
John KhmerNT 20:11  រីឯ​នាង​ម៉ារា​វិញ​បាន​ឈរ​យំ​ខាង​ក្រៅ​ផ្នូរ ​ពេល​នាង​កំពុង​យំ​ នាង​ក៏​ឱន​ទៅ​ក្នុង​ផ្នូរ​
John KhmerNT 20:12  ហើយ​ឃើញ​ទេវតា​ពីរ​នាក់​ស្លៀកពាក់​ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​ផ្តេក​សព​ព្រះយេស៊ូ​ គឺ​ម្នាក់​នៅ​ខាង​ក្បាល​ និង​ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។​
John KhmerNT 20:13  ទេវតា​ទាំង​នោះ​បាន​សួរ​នាង​ថា៖​ «នាង​អើយ​ ហេតុអ្វី​នាង​យំ?»​ នាង​ឆ្លើយ​ប្រាប់​ថា៖​ «ពួកគេ​បាន​យក​ព្រះអម្ចាស់​របស់​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​ណា​ទេ!»​
John KhmerNT 20:14  ពេល​ប្រាប់​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ នាង​ក៏​បែរ​ក្រោយ​ ហើយ​ឃើញ​ព្រះយេស៊ូ​កំពុង​ឈរ​ ប៉ុន្ដែ​នាង​មិន​ស្គាល់​ថា​ នោះ​ជា​ព្រះយេស៊ូ​ទេ។​
John KhmerNT 20:15  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​យំ?​ តើ​អ្នក​រក​អ្នកណា?»​ ដោយ​គិត​ថា​ព្រះអង្គ​ជា​អ្នក​ថែ​សួន​ ទើប​នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឱ​លោក​អើយ!​ បើ​លោក​បាន​យក​សព​ សូម​ប្រាប់​ខ្ញុំ​អំពី​កន្លែង​ដែល​លោក​បាន​ដាក់​សព​ផង​ ខ្ញុំ​នឹង​ទទួល​យក​វិញ»។​
John KhmerNT 20:16  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ម៉ារា!»​ នោះ​នាង​ក៏​បែរ​ទៅ​ ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេព្រើរ​ថា៖​ «រ៉ាបូនី!»​ (ដែល​ប្រែ​ថា​ លោកគ្រូ)​
John KhmerNT 20:17  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កុំ​ពាល់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​នៅ​ឡើយ​ ប៉ុន្ដែ​ចូរ​អ្នក​ទៅ​ឯ​ពួក​បងប្អូន​របស់​ខ្ញុំ​ ហើយ​ប្រាប់​ពួកគេ​ថា​ ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះ​របស់​ខ្ញុំ​ ហើយ​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ដែរ»។​
John KhmerNT 20:18  ពេល​នោះ​នាង​ម៉ារា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្ស​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់»​ ព្រមទាំង​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​នាង​ផង។​
John KhmerNT 20:19  នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ ពួក​សិស្ស​បាន​នៅ​កន្លែង​មួយ​ដោយ​បាន​បិទ​ទ្វារ​ ព្រោះតែ​ខ្លាច​ពួក​ជនជាតិ​យូដា។​ ពេល​នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!»​
John KhmerNT 20:20  ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​បង្ហាញ​ព្រះហស្ដ​ និង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ឲ្យ​ពួកគេ​ឃើញ​ ពេល​នោះ​ពួក​សិស្ស​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​បាន​ឃើញ​ព្រះអម្ចាស់។​
John KhmerNT 20:21  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ត!​ ព្រះវរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជា​យ៉ាង​ណា​ ខ្ញុំ​ក៏​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ជា​យ៉ាង​នោះ​ដែរ»។​
John KhmerNT 20:22  ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ!​
John KhmerNT 20:23  បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​បាប​ឲ្យ​អ្នកណា​ នោះ​ពួកគេ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​លើកលែង​ទោស​បាប​ឲ្យ​ពួកគេ​ទេ​ នោះ​ពួកគេ​នឹង​នៅ​តែ​មាន​បាប»។​
John KhmerNT 20:24  លោក​ថូម៉ាស​ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ ហើយ​ជា​ម្នាក់​ដែល​គេ​ហៅ​ថា​ឌីឌីម​ គាត់​មិន​បាន​នៅ​ជាមួយ​ពួកគេ​ទេ​នៅ​ពេល​ព្រះយេស៊ូ​យាង​មក។​
John KhmerNT 20:25  ដូច្នេះ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអម្ចាស់​ហើយ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «បើ​ខ្ញុំ​មិន​បាន​ឃើញ​ស្នាម​ដែកគោល​នៅ​នឹង​ព្រះហស្ដ​របស់​ព្រះអង្គ​ ហើយ​មិន​បាន​លូក​ម្រាម​ដៃ​ខ្ញុំ​ទៅ​ក្នុង​ស្នាម​ដែកគោល​នោះ​ និង​ទៅ​ក្នុង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ទេ​ នោះ​ខ្ញុំ​មិន​ជឿ​ជា​ដាច់ខាត»។​
John KhmerNT 20:26  ប្រាំបី​ថ្ងៃ​ក្រោយ​មក​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត​ ហើយ​លោក​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​ រីឯ​ទ្វារ​បិទ​ជិត​នៅ​ឡើយ​ ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!» ​
John KhmerNT 20:27  រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖​ «ចូរ​លូក​ម្រាម​ដៃ​របស់​អ្នក​មក​ទី​នេះ​ ហើយ​មើល​ដៃ​ខ្ញុំ​ចុះ!​ ចូរ​លូក​ដៃ​របស់​អ្នក​មក​ក្នុង​ចំហៀង​ខ្លួន​របស់​ខ្ញុំ​ចុះ!​ ចូរ​កុំ​ធ្វើ​ជា​អ្នក​គ្មាន​ជំនឿ​ ប៉ុន្ដែ​ចូរ​ធ្វើ​ជា​អ្នក​មាន​ជំនឿ​វិញ!»​
John KhmerNT 20:28  ពេល​នោះ​លោក​ថូម៉ាស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឱ​ ព្រះអម្ចាស់​របស់​ខ្ញុំ​ និង​ជា​ព្រះ​របស់​ខ្ញុំ​អើយ!»​
John KhmerNT 20:29  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ជឿ​ដោយ​ព្រោះ​អ្នក​បាន​ឃើញ​ខ្ញុំ​ឬ?​ អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​ឃើញ​ អ្នក​នោះ​មាន​ពរ​ហើយ!»​
John KhmerNT 20:30  ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​ទៀត​នៅ​មុខ​ពួក​សិស្ស​របស់​ព្រះអង្គ​ដែល​មិន​បាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ​
John KhmerNT 20:31  ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​
Chapter 21
John KhmerNT 21:1  ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​របស់​ព្រះអង្គ​ឃើញ​ម្តង​ទៀត​នៅ​បឹង​ទីបេរាស​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​បែប​យ៉ាង​នេះ​
John KhmerNT 21:2  គឺ​ពេល​លោក​ស៊ីម៉ូន​ពេត្រុស​ លោក​ថូម៉ាស​ដែល​ហៅ​ថា​ឌីឌីម​ លោក​ណាថាណែល​ដែល​មកពី​ភូមិ​កាណា​ ស្រុក​កាលីឡេ​ កូន​ប្រុស​របស់​លោក​សេបេដេ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៀត​បាន​នៅ​ជាមួយ​គ្នា​
John KhmerNT 21:3  ហើយ​នៅ​ពេល​នោះ​ លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ប្រាប់​ពួកគេ​ថា៖​ «ខ្ញុំ​ទៅ​នេសាទ​ត្រី»​ ពួកគេ​ក៏​ឆ្លើយ​ថា៖​ «យើង​ទៅ​ជាមួយ​ដែរ»​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ ប៉ុន្ដែ​នៅ​យប់​នោះ​ ពួកគេ​ចាប់​មិន​បាន​អ្វី​សោះ។​
John KhmerNT 21:4  ពេល​ព្រឹក​ឡើង​ ព្រះយេស៊ូ​បាន​ឈរ​នៅ​មាត់បឹង​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ស្គាល់​ថា​ នោះ​ជា​ព្រះយេស៊ូ​ទេ។​
John KhmerNT 21:5  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​អើយ!​ តើ​មាន​បាន​ត្រី​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «គ្មាន​ទេ!»​
John KhmerNT 21:6  ដូច្នេះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ នោះ​ទើប​ចាប់​ត្រី​បាន!»​ ដូច្នេះ​ពួកគេ​ក៏​ធ្វើ​តាម​ ប៉ុន្ដែ​ទាញ​មក​វិញ​មិន​រួច​ទេ​ ព្រោះ​ជាប់​ត្រី​ច្រើន​ពេក។​
John KhmerNT 21:7  ពេល​នោះ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​ គាត់​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «នោះ​ជា​ព្រះអម្ចាស់​ទេ​តើ!»​ ពេល​លោក​ស៊ីម៉ូន​ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់​ គាត់​ក៏​យក​អាវ​ក្រៅ​ដណ្ដប់​ខ្លួន​លោត​ចុះ​ទៅ​ក្នុង​បឹង​ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ​
John KhmerNT 21:8  រីឯ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​អុំ​ទូក​អូស​អួន​ជាប់​ត្រី​នោះ​មក​ច្រាំង​ ដ្បិត​នៅ​មិន​ឆ្ងាយ​ទេ​ គឺ​ប្រហែល​មួយរយ​ម៉ែត្រ​ប៉ុណ្ណោះ។​
John KhmerNT 21:9  ពេល​ពួកគេ​បាន​ឡើង​ដល់​ដី​គោក​ ពួកគេ​ក៏​ឃើញ​នំប៉័ង​ ព្រមទាំង​រងើក​ភ្លើង​ដែល​មាន​ត្រី​អាំង​លើ​នោះ។​
John KhmerNT 21:10  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​បាន​នោះ​មក!»​
John KhmerNT 21:11  លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ឡើង​មក​ទាញ​អួន​ដែល​មាន​ត្រី​ធំៗ​ពេញ​ដាក់​លើ​គោក​ គឺ​មាន​ត្រី​មួយរយ​ហាសិប​បី​ក្បាល​ ហើយ​ទោះបី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អួន​មិន​ធ្លាយ​ដែរ។​
John KhmerNT 21:12  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​បរិភោគ​ចុះ»​ ហើយ​គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា​ តើ​លោក​ជា​អ្នកណា​ទេ?​ ព្រោះ​ពួកគេ​ដឹង​ហើយ​ថា​ នោះ​ជា​ព្រះអម្ចាស់។​
John KhmerNT 21:13  ព្រះយេស៊ូ​ក៏​យាង​ទៅ​យក​នំប៉័ង​ និង​ត្រី​ប្រទាន​ឲ្យ​ពួកគេ។​
John KhmerNT 21:14  នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ ក្រោយពី​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ។​
John KhmerNT 21:15  ពេល​នោះ​ ក្រោយ​ពេល​ពួកគេ​បរិភោគ​រួច​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​ពួកអ្នក​ទាំង​នេះ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​ផង!»​
John KhmerNT 21:16  ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ទៀត​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ថែទាំ​ចៀម​របស់​ខ្ញុំ​ផង!»​
John KhmerNT 21:17  ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​បី​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ លោក​ពេត្រុស​បាន​ព្រួយ​ចិត្ត​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់​ដល់​ទៅ​បី​ដង​ថា​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?​ ដូច្នេះ​គាត់​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​ដឹង​គ្រប់​ការ​ទាំង​អស់​ គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ខ្ញុំ​ផង!​
John KhmerNT 21:18  ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ ពេល​អ្នក​នៅ​ក្មេង​ អ្នក​ស្លៀក​ពាក់​ខ្លួន​ឯង​ ហើយ​ទៅ​ណា​តាម​ចិត្ត​ ប៉ុន្ដែ​ពេល​អ្នក​ចាស់​ អ្នក​នឹង​សន្ធឹង​ដៃ​របស់​អ្នក​ ហើយ​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់​ឲ្យ​អ្នក​ រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ»។​
John KhmerNT 21:19  ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ គឺ​បង្ហាញ​អំពី​របៀប​ដែល​គាត់​នឹង​ត្រូវ​ស្លាប់​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់។​ កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​ប្រាប់​គាត់​ថា‍៖​ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»​
John KhmerNT 21:20  ពេល​លោក​ពេត្រុស​ងាក​ក្រោយ​ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​នោះ​កំពុង​ដើរ​តាម​ដែរ។​ សិស្ស​នោះ​ហើយ​ដែល​បាន​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​ ហើយ​បាន​ទូល​សួរ​ព្រះអង្គ​នៅ​ក្នុង​ពេល​អាហារ​ល្ងាច​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នក​ក្បត់​ព្រះអង្គ​ជា​នរណា?​
John KhmerNT 21:21  ពេល​លោក​ពេត្រុស​ឃើញ​អ្នក​នោះ​ ក៏​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​អ្នក​នោះ​យ៉ាង​ដូច​ម្តេច​ដែរ?»​
John KhmerNT 21:22  ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅរស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក?​ ចូរ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»​
John KhmerNT 21:23  ដូច្នេះ​ពាក្យ​នោះ​ក៏​លេចឮ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​មាន​បន្ទូល​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ គឺ​គ្រាន់​តែ​មាន​បន្ទូល​ប៉ុណ្ណោះ​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក»។​
John KhmerNT 21:24  សិស្ស​នោះ​ហើយ​ដែល​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​បាន​កត់ត្រា​រឿង​ទាំង​នេះ​ទុក​ រីឯ​យើង​ក៏​ដឹង​ថា​សេចក្ដី​បន្ទាល់​របស់​គាត់​ជា​ការ​ពិត‍។​
John KhmerNT 21:25  មាន​ការ​ច្រើន​ទៀត​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ហើយ​បើ​កត់ត្រា​ឲ្យ​បាន​ល្អិតល្អន់​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ ពិភពលោក​នេះ​គ្មាន​កន្លែង​ល្មម​សម្រាប់​ទុក​សៀវភៅ​ទាំង​នោះ​ទេ។​