Site uses cookies to provide basic functionality.

OK
ACTS
Up
Toggle notes
Chapter 1
Acts KhmerNT 1:1  ឱ​ លោក​ថេវភីល​អើយ! នៅ​ក្នុង​សៀវភៅ​ទីមួយ​ ខ្ញុំ​បាន​សរសេរ​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ចាប់ផ្ដើម​ធ្វើ​ និង​បង្រៀន​
Acts KhmerNT 1:2  រហូត​ដល់​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​វិញ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​សាវក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស។​
Acts KhmerNT 1:3  ក្រោយពី​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​រួច​ហើយ​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​សាវក​ទាំង​នេះ​ ដោយ​ប្រទាន​ភស្ដុតាង​ជាក់​ស្ដែង​ជា​ច្រើន​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់។​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួកគេ​រយៈ​ពេល​សែសិប​ថ្ងៃ​ ហើយ​បាន​មាន​បន្ទូល​អំពី​នគរ​ព្រះជាម្ចាស់។​
Acts KhmerNT 1:4  កាល​កំពុង​បរិភោគ​ជាមួយ​គ្នា​ ព្រះអង្គ​បាន​បង្គាប់​ពួកគេ​ថា៖​ «ចូរ​កុំ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ​ គឺ​ត្រូវ​រង់ចាំ​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​
Acts KhmerNT 1:5  ដ្បិត​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ថ្ងែ​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​
Acts KhmerNT 1:6  កាល​អ្នក​ទាំងនោះ​មក​ជួបជុំ​គ្នា​ហើយ​ ពួកគេ​ក៏​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​នឹង​ស្ដារ​នគរ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»​
Acts KhmerNT 1:7  ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «អ្នក​រាល់គ្នា​មិន​ចាំបាច់​ត្រូវ​ដឹង​ពី​ពេល​វេលា​ ឬ​កាល​កំណត់​ដែល​ព្រះវរបិតា​បាន​កំណត់​ទុក​ដោយ​សិទ្ធិ​អំណាច​របស់​ព្រះអង្គ​ឡើយ​
Acts KhmerNT 1:8  ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​
Acts KhmerNT 1:9  កាល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។​
Acts KhmerNT 1:10  ពេល​ពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ នោះ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ក្បែរ​ពួកគេ​
Acts KhmerNT 1:11  ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​
Acts KhmerNT 1:12  បន្ទាប់មក​ ពួកគេ​ក៏​ត្រលប់​ពី​ភ្នំ​ដើម​អូលីវ​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ភ្នំ​នោះ​នៅ​ជិត​ក្រុង​យេរូសាឡិម​ គឺ​មាន​ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃ​សប្ប័ទ។​
Acts KhmerNT 1:13  ពេល​ចូល​ដល់​ក្នុង​ក្រុង​ហើយ​ ពួកគេ​ក៏​ឡើង​ទៅ​បន្ទប់​ជាន់​លើ​ ជា​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ។​ ពួកគេ​ទាំងនោះ​មាន​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ លោក​អនទ្រេ​ លោក​ភីលីព​ លោក​ថូម៉ាស​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​យ៉ាកុប​ ត្រូវ​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​ និង​លោក​យូដាស​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។​
Acts KhmerNT 1:14  ពួក​អ្នក​ទាំងអស់​នេះ​ព្រមព្រៀង​គ្នា​បន្ដ​អធិស្ឋាន​ជាមួយ​នាង​ម៉ារា​ត្រូវ​ជា​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូនៗ​របស់​ព្រះអង្គ​ ព្រម​ទាំង​ស្ដ្រី​ឯ​ទៀតៗ​ដែរ។​
Acts KhmerNT 1:15  នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖
Acts KhmerNT 1:16  «បងប្អូន​អើយ!​ បទគម្ពីរ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ទុក​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​អំពី​យូដាស​ ដែល​ត្រលប់​ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ​នោះ​ត្រូវតែ​បាន​សម្រេច។​
Acts KhmerNT 1:17  ព្រោះ​គាត់​ក៏​ត្រូវ​បាន​រាប់​ជា​គ្នា​យើង​ ហើយ​បាន​ទទួល​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ។​
Acts KhmerNT 1:18  បន្ទាប់មក​ អ្នក​នេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ ហើយ​ក៏​ដួល​ផ្កាប់​មុខ​ ធ្លាយ​ពោះ​ ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់​
Acts KhmerNT 1:19  ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ដឹង​រឿង​នេះ​គ្រប់​គ្នា​ ដូច្នេះ​ពួកគេ​ក៏​ហៅ​ដី​នោះ​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់​ថា​ អាកិលដាម៉ា​ ដែល​មាន​ន័យ​ថា​ «ស្រែ​ឈាម»។​
Acts KhmerNT 1:20  សេចក្ដី​នេះ​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា៖​ «ចូរ​ឲ្យ​លំនៅ​របស់វា​ត្រលប់ជាទី​សោះកក្រោះ ហើយ​កុំឲ្យ​​មាន​មនុស្ស​ណា​ម្នាក់​រស់នៅ​ទីនោះ​» និង«​ចូរ​ឲ្យ​អ្នក​ផ្សេង​ទៀត​ទទួល​យក​កិច្ចការ​របស់​វា​ចុះ»​
Acts KhmerNT 1:21  ដូច្នេះ​ ត្រូវតែ​ឲ្យ​ម្នាក់​ពី​អ្នក​ទាំង​នេះ​ដែល​បាន​នៅ​ជាមួយ​យើង​គ្រប់​ពេល​វេលា​ក្នុង​កាល​ដែល​ព្រះអម្ចាស់​យេស៊ូ​គង់​នៅ​ក្នុង​ចំណោម​យើង​នៅ​ឡើយ​
Acts KhmerNT 1:22  គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជទឹក​រហូត​ដល់​ថ្ងៃ​ ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ​ គឺ​ត្រូវ​ឲ្យ​ម្នាក់​នោះ​ធ្វើ​ជា​សាក្សី​ជាមួយ​យើង​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ»។​
Acts KhmerNT 1:23  ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​មនុស្ស​ពីរ​នាក់​ គឺ​លោក​ម៉ាត់ធាស​ និង​លោក​យ៉ូសែប​ដែល​ហៅ​ថា​ បារសាបាស​ ឬ​យូស្ទុស។​
Acts KhmerNT 1:24  បន្ទាប់មក​ ពួកគេ​បាន​អធិស្ឋាន​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​យល់ចិត្ដ​មនុស្ស​គ្រប់គ្នា​ សូម​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ ព្រះអង្គ​ជ្រើសរើស​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​
Acts KhmerNT 1:25  ដើម្បី​ទទួល​យក​កិច្ចការ​នេះ​ ព្រមទាំង​តួនាទី​ជា​សាវក​ជំនួស​យូដាស​ដែល​បាន​បែរ​ចេញ​ ហើយ​ទៅ​តាម​ផ្លូវ​របស់​គាត់»។​
Acts KhmerNT 1:26  បន្ទាប់មក​ពួកគេ​ក៏​ចាប់​ឆ្នោត​ ហើយ​ចាប់​ចំ​លោក​ម៉ាត់ធាស​ ដូច្នេះ​ពួកគេ​ក៏​រាប់​បញ្ចូល​លោក​ម៉ាត់ធាស​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​។
Chapter 2
Acts KhmerNT 2:1  កាល​ដល់​ថ្ងៃ​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ពួកគេ​ទាំងអស់​គ្នា​កំពុង​ជួបជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​
Acts KhmerNT 2:2  ស្រាប់​តែ​មាន​សំឡេង​មកពី​ស្ថានសួគ៌​ ដូចជា​សន្ធឹក​ខ្យល់​យ៉ាង​ខ្លាំង​ពេញ​នៅក្នុង​ផ្ទះ​ទាំង​មូល​ដែល​ពួកគេ​កំពុង​អង្គុយ​
Acts KhmerNT 2:3  ហើយ​ពួកគេ​បាន​ឃើញ​អ្វី​មួយ​ដូចជា​អណ្ដាត​ភ្លើង​ដែល​បែក​ចេញ​ពី​គ្នា​មក​សណ្ឋិត​លើ​ពួកគេ​ម្នាក់ៗ។​
Acts KhmerNT 2:4  ពួកគេ​ទាំងអស់​គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​តាម​ដែល​ព្រះវិញ្ញាណ​ផ្ដល់​ឲ្យ។​
Acts KhmerNT 2:5  នៅ​ពេល​នោះ​ មាន​ជនជាតិ​យូដា​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​មក​ពី​គ្រប់​ប្រជាជាតិ​នៅ​ក្រោម​មេឃ​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​យេរូសាឡិម​
Acts KhmerNT 2:6  កាល​បាន​ឮ​សំឡេង​នេះ​ នោះ​បណ្ដាជន​ក៏​នាំ​គ្នា​មក​មើល​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំង​កាំង​ ព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​របស់​ពួកគេ​ផ្ទាល់។​
Acts KhmerNT 2:7  ពួកគេ​នឹក​អស្ចារ្យ​ ទាំង​ស្ងើច​សរសើរ​ ហើយ​សួរ​ថា៖​ «មើល៍​ ពួកអ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ​ តើ​មិន​មែន​ជា​ពួកអ្នក​ស្រុក​កាលីឡេ​ទេ​ឬ?​
Acts KhmerNT 2:8  ចុះ​ហេតុ​ដូចម្ដេច​បាន​ជា​យើង​ឮ​ពួកគេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀងៗ​ខ្លួន​ដូច្នេះ?​
Acts KhmerNT 2:9  គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​
Acts KhmerNT 2:10  ស្រុក​ព្រីគា​ ស្រុក​ប៉ាមភីលា​ ស្រុក​អេស៊ីព្ទ​ និង​បណ្ដា​ស្រុក​ក្នុង​តំបន់​លីប៊ី​ក្បែរ​តំបន់​គីរេន​ និង​ពួកអ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅ​ទីនោះ​
Acts KhmerNT 2:11  ព្រម​ទាំង​ជនជាតិ​យូដា​ ពួកអ្នក​ចូល​សាសនា​យូដា​ អ្នក​ស្រុក​ក្រេត​ និង​អ្នក​ស្រុក​អារ៉ាប់។​ យើង​ឮ​ពួកគេ​ប្រកាស​អំពី​ការ​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើង​ផ្ទាល់!»​
Acts KhmerNT 2:12  បណ្ដាជន​នឹក​អស្ចារ្យ​ ទាំង​គិត​មិន​យល់​ទាំងអស់​គ្នា​ ក៏​សួរ​គ្នា​ថា៖​ «តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?»​
Acts KhmerNT 2:13  ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ចំអក​ថា៖​ «ពួកនេះ​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ជ្រុល​ទេ​តើ»។​
Acts KhmerNT 2:14  ពេល​នោះ​លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​ ហើយ​បន្លឺ​សំឡេង​ថា៖​ «ឱ​បងប្អូន​យូដា​ និង​បងប្អូន​ទាំងអស់​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​អើយ!​ សូម​អ្នករាល់គ្នា​យល់​ពី​ហេតុការណ៍​នេះ​ ហើយ​ផ្ទៀង​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​ចុះ​
Acts KhmerNT 2:15  ដ្បិត​អ្នក​ទាំង​នេះ​មិន​បាន​ស្រវឹង​ដូចជា​អ្នក​រាល់គ្នា​ស្មាន​នោះ​ទេ​ ព្រោះ​ម៉ោង​ប្រាំបួន​ព្រឹក​នៅ​ឡើយ!​
Acts KhmerNT 2:16  ប៉ុន្ដែ​នេះ​ជា​អ្វី​ដែល​លោក​យ៉ូអែល​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​
Acts KhmerNT 2:17  ព្រះជាម្ចាស់​មាន​បន្ទូល​ថា​ នៅ​ថ្ងៃ​ចុងក្រោយ​ យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​មនុស្ស​ទាំងអស់​ ហើយ​កូនប្រុស​កូនសី្រ​របស់​អ្នក​រាល់គ្នា​នឹង​ថ្លែង​ព្រះបន្ទូល​ ពួក​យុវជន​របស់​អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ដ​ រីឯ​ពួក​ចាស់ៗ​របស់​អ្នក​រាល់គ្នា​នឹង​យល់​សប្ដិ។​
Acts KhmerNT 2:18  នៅ​គ្រា​នោះ​ យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​ពួក​បាវបម្រើ​របស់​យើង​ ទាំង​ប្រុស​ទាំង​ស្រី​ ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល។​
Acts KhmerNT 2:19  យើង​នឹង​បង្ហាញ​ការអស្ចារ្យ​នៅ​លើ​មេឃ​ ព្រមទាំង​ទីសំគាល់​នៅ​ផែនដី​ គឺ​ជា​ឈាម​ ជា​ភ្លើង​ និង​កំសួល​ផ្សែង​
Acts KhmerNT 2:20  ហើយ​ដួងអាទិត្យ​នឹង​ត្រលប់​ជា​ងងឹត​ ឯ​ខែ​នឹង​ត្រលប់​ជា​ឈាម​ មុន​ថ្ងៃ​ដ៏​រុងរឿង​អស្ចារ្យ​របស់​ព្រះអម្ចាស់​មក​ដល់​
Acts KhmerNT 2:21  ហើយ​នៅ​ពេល​នោះ​ អស់​អ្នកណា​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​ នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​
Acts KhmerNT 2:22  ឱ​ បងប្អូន​អ៊ីស្រាអែល​អើយ!​ សូម​ស្ដាប់​សេចក្ដី​ទាំង​នេះ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​បង្ហាញ​ព្រះយេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ដល់​អ្នក​រាល់គ្នា​ដោយ​អំណាច​ និង​ការអស្ចារ្យ​ ព្រមទាំង​ទីសំគាល់​នានា​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ព្រះយេស៊ូ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់។​
Acts KhmerNT 2:23  ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​
Acts KhmerNT 2:24  ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​ ដោយ​បំផ្លាញ​ការ​ឈឺចាប់​នៃ​សេចក្ដី​ស្លាប់​ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​បង្ខាំង​ព្រះអង្គ​ទុក​បាន​ឡើយ។​
Acts KhmerNT 2:25  ស្ដេច​ដាវីឌ​ក៏​បាន​ថ្លែង​អំពី​ព្រះយេស៊ូ​ដែរ​ថា​ ខ្ញុំ​ឃើញ​ព្រះអម្ចាស់​នៅ​មុខ​ខ្ញុំ​ជានិច្ច​ ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​រង្គើ​ឡើយ​
Acts KhmerNT 2:26  ដោយ​ហេតុនេះ​ហើយ​បាន​ជា​ចិត្ដ​របស់​ខ្ញុំ​រីករាយ​ អណ្ដាត​របស់​ខ្ញុំ​សរសើរ​តម្កើង​ ហើយ​លើស​នេះ​ទៀត​ រូបកាយ​របស់​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ដែរ​
Acts KhmerNT 2:27  ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​
Acts KhmerNT 2:28  ព្រះអង្គ​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ជីវិត​ ហើយ​បំពេញ​ខ្ញុំ​ដោយ​សេចក្ដី​អំណរ​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះអង្គ។​
Acts KhmerNT 2:29  បងប្អូន​អើយ!​ ទាក់​ទង​នឹង​ស្ដេច​ដាវីឌ​ដែល​ជា​បុព្វបុរស​របស់​យើង​ ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់​លាស់​ទៅ​បងប្អូន​ថា​ ស្ដេច​ដាវីឌ​បាន​ស្លាប់​ ហើយ​គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​ រីឯ​ផ្នូរ​របស់​ស្ដេច​វិញ​ នៅ​ជាមួយ​យើង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។​
Acts KhmerNT 2:30  ដោយ​ព្រោះ​ស្ដេច​ដាវីឌ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​ នឹង​ឲ្យ​ពូជពង្ស​ខាង​សាច់ឈាម​ម្នាក់​របស់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​របស់​ស្ដេច​
Acts KhmerNT 2:31  ដោយ​ស្ដេច​ដាវីឌ​ដឹង​ជាមុន​ដូច្នេះ​ បានជា​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រិស្ដ​ថា​ ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាន​នរក​ឡើយ​ ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​
Acts KhmerNT 2:32  គឺ​ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ហើយ​យើង​ទាំងអស់​គ្នា​ជា​បន្ទាល់​អំពី​ការ​នេះ។​
Acts KhmerNT 2:33  ដូច្នេះ​ក្រោយពី​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ព្រះយេស៊ូ​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ហើយ​ក្រោយពី​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរបិតា​រួច​ ព្រះអង្គ​ក៏​ចាក់​ព្រះវិញ្ញាណ​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​នេះ​ស្រាប់​ហើយ។​
Acts KhmerNT 2:34  ទោះបី​ស្ដេច​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ក៏​ដោយ​ ក៏​ស្ដេច​បាន​ថ្លែង​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​
Acts KhmerNT 2:35  រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ ធ្វើ​ជា​កំណល់​ជើង​របស់​អ្នក។​
Acts KhmerNT 2:36  ដូច្នេះ​ ចូរ​ឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​ប្រាកដ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​តាំង​ព្រះយេស៊ូ​ ដែល​អ្នក​រាល់គ្នា​បាន​ឆ្កាង​នេះ​ឲ្យ​ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះគ្រិស្ដ»។​
Acts KhmerNT 2:37  ពេល​ពួកគេ​ស្ដាប់​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​ និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ ព្រមទាំង​សាវក​ឯទៀត​ថា៖​ «ឱ​បងប្អូន​អើយ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​
Acts KhmerNT 2:38  លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​
Acts KhmerNT 2:39  ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​
Acts KhmerNT 2:40  លោក​ពេត្រុស​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​សំដី​ជា​ច្រើន​ទៀត​ ទាំង​ដាស់តឿន​ពួកគេ​ ដោយ​និយាយ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ជំនាន់​វៀចវេរ​នេះ​ចុះ»។​
Acts KhmerNT 2:41  បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​
Acts KhmerNT 2:42  អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​
Acts KhmerNT 2:43  ពួកគេ​មាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់​គ្នា​ ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។​
Acts KhmerNT 2:44  អស់​អ្នក​ដែល​បាន​ជឿ​ បាន​នៅ​ជាមួយ​គ្នា​ និង​មាន​អ្វីៗ​រួម​គ្នា។​
Acts KhmerNT 2:45  ពួកគេ​លក់​ទ្រព្យ​សម្បត្ដិ​ និង​អ្វីៗ​ជា​របស់​ខ្លួន​ ព្រមទាំង​ចែក​ទ្រព្យ​សម្បត្ដិ​ទាំង​នោះ​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវការ​រៀងៗ​ខ្លួន។​
Acts KhmerNT 2:46  ជា​រៀង​រាល់​ថ្ងៃ​ ពួកគេ​បាន​ជួបជុំ​គ្នា​ជា​បន្ត​នៅក្នុង​ព្រះ​វិហារ​ដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នា​ ហើយ​នៅ​តាម​ផ្ទះ​ ពួកគេ​ក៏​កាច់​នំប៉័ង​បរិភោគ​អាហារ​ជាមួយ​គ្នា​ដោយ​ចិត្ដ​រីករាយ​ និង​ស្មោះត្រង់​
Acts KhmerNT 2:47  ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។​ ប្រជាជន​គ្រប់​គ្នា​បាន​ស្រឡាញ់​រាប់អាន​ពួកគេ​ ហើយ​ព្រះអម្ចាស់​បាន​បន្ថែម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទៅ​ក្នុង​ចំណោម​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ។​
Chapter 3
Acts KhmerNT 3:1  មាន​ពេល​មួយ​នោះ​ នៅ​ពេល​អធិស្ឋាន​ម៉ោង​បីរ​សៀល​ លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ទៅ​ព្រះវិហារ​
Acts KhmerNT 3:2  ហើយ​នៅ​ត្រង់​ខ្លោង​ទ្វារ​ព្រះ​វិហារ​ដែល​ហៅ​ថា​ទ្វារ​លំអ​ មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ដែល​ត្រូវ​បាន​គេ​សែង​មក​ដាក់​នៅ​ទីនោះ​រៀង​រាល់​ថ្ងៃ​ ដើម្បី​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ​វិហារ។​
Acts KhmerNT 3:3  ពេល​គាត់​ឃើញ​លោក​ពេត្រុស​ និង​លោ​ក​យ៉ូហាន​កំពុង​ចូល​មក​ក្នុង​ព្រះ​វិហារ​ នោះ​គាត់​ក៏​សុំ​ទាន​ពី​អ្នក​ទាំង​ពីរ​
Acts KhmerNT 3:4  ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​សម្លឹង​មើល​ទៅ​គាត់​ រួច​និយាយ​ថា៖​ «ចូរ​សម្លឹង​មើល​មក​ពួក​យើង!»​
Acts KhmerNT 3:5  គាត់​ក៏​ស្ដាប់​តាម​អ្នក​ទាំង​ពីរ​ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​អ្វី​មួយ​ពី​ពួកគេ។​
Acts KhmerNT 3:6  ពេល​នោះ​លោក​ពេត្រុស​ប្រាប់​ថា៖​ «មាស​ប្រាក់​ ខ្ញុំ​គ្មាន​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មាន​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ គឺ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ!»​
Acts KhmerNT 3:7  រួច​លោក​ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​គាត់​ ហើយ​លើក​គាត់​ឡើង។​ ភ្លាមនោះ​ ប្រអប់​ជើង​ និង​ក​ជើង​របស់​គាត់​ក៏​រឹងមាំ​
Acts KhmerNT 3:8  គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង​ដើរ​ទៅ​មក​ ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​អ្នក​ទាំង​ពីរ​ ដោយ​ដើរ​ផង​លោត​ផង​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​
Acts KhmerNT 3:9  ពេល​បណ្ដាជន​ទាំង​អស់​គ្នា​ឃើញ​គាត់​ដើរ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដូច្នេះ​
Acts KhmerNT 3:10  ពួកគេ​ចំណាំ​បាន​ថា​ គាត់​ជា​អ្នក​ដែល​បាន​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​លំអ​នៃ​ព្រះ​វិហារ​ នោះ​ពួកគេ​ក៏​នឹក​អស្ចារ្យ​ ហើយ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ដល់​គាត់។​
Acts KhmerNT 3:11  កាល​គាត់​កំពុង​កៀក​ដៃ​ជាមួយ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ នោះ​បណ្ដាជន​ទាំង​អស់​ក៏​រត់​មក​ឯ​ពួកគេ​នៅ​ត្រង់​សាលា​សំណាក់​មួយ​ដែល​ហៅ​ថា​ សាលា​សំណាក់​សាឡូម៉ូន​ ទាំង​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង។​
Acts KhmerNT 3:12  ពេល​លោក​ពេត្រុស​ឃើញ​ដូច្នេះ​ គាត់​ក៏​និយាយ​ទៅ​បណ្ដាជន​ទាំង​នោះ​ថា៖​ «ឱ​បងប្អូន​អ៊ីស្រាអែល​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​នឹក​អស្ចារ្យ​ចំពោះ​ហេតុការណ៍​នេះ​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សម្លឹង​មើល​យើង​ ហាក់​បីដូចជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ​បាន​ដោយសារ​អំណាច​របស់​យើង​ផ្ទាល់​ ឬ​ដោយសារ​យើង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដូច្នេះ?​
Acts KhmerNT 3:13  ព្រះ​របស់​លោក​អ័ប្រាហាំ​ លោក​អ៊ីសាក​ លោក​យ៉ាកុប​ជា​ព្រះ​នៃ​ដូនតា​របស់​យើង​បាន​លើក​តម្កើង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ព្រះអង្គ​ ដែល​អ្នក​រាល់គ្នា​បាន​ចាប់​បញ្ជូន​ព្រះអង្គ​ និង​បាន​បដិសេធ​នៅ​ចំពោះ​មុខ​លោក​ពីឡាត់​ កាល​ដែល​គាត់​សម្រេច​ថា​ដោះលែង​ព្រះអង្គ​នោះ។​
Acts KhmerNT 3:14  អ្នក​រាល់គ្នា​បាន​បដិសេធ​ព្រះ​ដ៏​បរិសុទ្ធ​ និង​សុចរិត​ ហើយ​បែរជា​សុំ​ឲ្យ​គេ​ដោះលែង​ឃាតក​រឲ្យ​អ្នក​រាល់គ្នា​វិញ​
Acts KhmerNT 3:15  អ្នក​រាល់គ្នា​បាន​សម្លាប់​ម្ចាស់​នៃ​ជីវិត​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រីឯ​យើង​ជា​បន្ទាល់​អំពី​ការ​នេះ​
Acts KhmerNT 3:16  ហើយ​ដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​រាល់គ្នា​ឃើញ​ និង​ស្គាល់​នេះ​រឹងមាំ​ គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា។​
Acts KhmerNT 3:17  ដូច្នេះ​ បងប្អូន​អើយ!​ ខ្ញុំ​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​ដោយ​មិន​ដឹង​ ដូច​ដែល​ពួក​អ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​ដែរ។​
Acts KhmerNT 3:18  ប៉ុន្ដែ​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ប្រាប់​ជា​មុន​ តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ថា​ ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់​ត្រូវ​រងទុក្ខ​វេទនា​ នោះ​ព្រះជាម្ចាស់​បាន​សម្រេច​ការ​នេះ​តាម​របៀប​នេះ​ឯង។​
Acts KhmerNT 3:19  ដូច្នេះ​ ចូរ​ប្រែចិត្ដ​ ហើយ​វិល​មក​ឯ​ព្រះជាម្ចាស់​វិញ​ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់គ្នា​បាន​លុប​ចេញ​
Acts KhmerNT 3:20  និង​ដើម្បី​ឲ្យ​មាន​ពេល​ល្ហែល្ហើយ​ដែល​មក​ពី​ព្រះ​វត្ដមាន​របស់​ព្រះអម្ចាស់​ ព្រមទាំង​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ព្រះ​យេស៊ូ​មក​ជា​មុន​ ជា​ព្រះគ្រិស្ដ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ទុក​មក​ឯ​អ្នក​រាល់គ្នា​
Acts KhmerNT 3:21  ប៉ុន្ដែ​ព្រះយេស៊ូ​នេះ​ត្រូវ​គង់​នៅ​ឯ​ស្ថានសួគ៌​រហូត​ដល់​ពេល​ដែល​ព្រះជាម្ចាស់​ស្ដារ​អ្វីៗ​ទាំងអស់​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ជំនាន់​ដើម។​
Acts KhmerNT 3:22  លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​នឹង​តាំង​អ្នក​​នាំ​​ព្រះបន្ទូល​​ម្នាក់​ដែល​ដូចជា​ខ្ញុំ​ដែរ​ ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នក​រាល់គ្នា​ សម្រាប់​អ្នក​រាល់គ្នា​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​តាម​លោក​គ្រប់​សេចក្ដី​ទាំង​អស់​ ដែល​លោក​និយាយ​ប្រាប់​អ្នក​រាល់គ្នា​ចុះ​
Acts KhmerNT 3:23  រីឯ​អ្នកណា​ដែល​មិន​ព្រម​ស្ដាប់​តាម​អ្នក​នាំ​ព្រះបន្ទូល​ នោះ​គេ​នឹង​វិនាស​បាត់​ពី​ក្នុង​ចំណោម​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​
Acts KhmerNT 3:24  ហើយ​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ចាប់​ពី​លោក​សាំយូអែល​ ព្រមទាំង​អ្នក​ក្រោយៗ​ទៀត​ សុទ្ធតែ​បាន​ប្រកាស​ប្រាប់​ជាមុន​អំពី​គ្រា​នេះ។​
Acts KhmerNT 3:25  អ្នក​រាល់គ្នា​នេះ​ហើយ​ជា​កូនចៅ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ជា​កូនចៅ​នៃ​កិច្ច​ព្រមព្រៀង​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ដូនតា​របស់​អ្នក​រាល់គ្នា​ ដោយ​បាន​មាន​បន្ទូល​ទៅ​លោក​អ័ប្រាហាំ​ថា​ គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ពរ​តាមរយៈ​ពូជពង្ស​របស់​អ្នក។​
Acts KhmerNT 3:26  ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​
Chapter 4
Acts KhmerNT 4:1  កាល​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​កំពុង​និយាយ​ទៅ​បណ្ដាជន​នៅ​ឡើយ​ នោះ​ពួក​សង្ឃ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មក​ដល់​
Acts KhmerNT 4:2  ទាំង​ទាស់​ចិត្ដ​ជា​ខ្លាំង​ ព្រោះ​អ្នក​ទាំង​ពីរ​បង្រៀន​បណ្ដាជន​ និង​ប្រកាស​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​តាមរយៈ​ព្រះយេស៊ូ។​
Acts KhmerNT 4:3  ពួកគេ​ក៏​ចាប់​អ្នក​ទាំង​ពីរ​ ហើយ​យក​ទៅ​ឃុំ​ទុក​ក្នុង​គុក​រហូត​ដល់​ថ្ងៃ​បន្ទាប់​ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ​
Acts KhmerNT 4:4  ប៉ុន្ដែ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ មាន​មនុស្ស​ជាច្រើន​បាន​ជឿ​ គឺ​មាន​គ្នា​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់។​
Acts KhmerNT 4:5  លុះ​ថ្ងៃ​បន្ទាប់​ពួក​មេ​ដឹកនាំ​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូ​វិន័យ​ ក៏​ជួបជុំ​គ្នា​នៅក្នុង​ក្រុង​យេរូសាឡិម​
Acts KhmerNT 4:6  ជាមួយ​លោក​អាណ​ ជា​សម្ដេច​សង្ឃ​ លោក​កៃផា​ លោក​យ៉ូហាន​ និង​លោក​អ័លេក្សានត្រុស​ ព្រមទាំង​ពូជពង្ស​របស់​សម្ដេច​សង្ឃ​ទាំងអស់។​
Acts KhmerNT 4:7  ពេល​គេ​យក​អ្នក​ទាំង​ពីរ​មក​ដាក់​នៅ​កណ្ដាល​ចំណោម​ ហើយ​ក៏​សួរ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​នេះ​ដោយ​អំណាច​អ្វី​ ឬ​ដោយ​ឈ្មោះ​របស់​អ្នកណា?»​
Acts KhmerNT 4:8  ពេលនោះ​ លោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​អ្នក​ដឹកនាំ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ!​
Acts KhmerNT 4:9  បើ​អស់​លោក​សាក​សួរ​យើង​នៅ​ថ្ងៃ​នេះ​អំពី​ការ​ល្អ​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ពិការ​ម្នាក់​ថា​ គាត់​បាន​ជា​ដោយសារ​អ្វី​
Acts KhmerNT 4:10  នោះ​ចូរ​អស់​លោក​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ចុះ​ថា​ គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ដែល​ពួក​លោក​បាន​ឆ្កាង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​ហើយ​ ទើប​បុរស​នេះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​លោក​ ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។​
Acts KhmerNT 4:11  ព្រះអង្គ​ហ្នឹង​ហើយ​ជា​ថ្ម​ដែល​ពួក​លោក​ជា​ជាង​សំណង់​បោះបង់​ចោល​ ប៉ុន្ដែ​ថ្ម​នេះ​បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង។​
Acts KhmerNT 4:12  ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​អ្នកណា​ទៀត​ឡើយ​ ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​ឈ្មោះ​ណា​ទៀត​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុង​ចំណោម​មនុស្ស​ ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។​
Acts KhmerNT 4:13  ដូច្នេះ​ពេល​ពួកគេ​សង្កេត​ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ ហើយ​ក្រោយពី​បាន​យល់​ថា​ គាត់​ទាំង​ពីរ​ជា​មនុស្ស​មិន​បាន​រៀន​សូត្រ​ និង​មិន​សូវ​ចេះដឹង​ ពួកគេ​ក៏​ស្ញប់ស្ញែង​ ហើយ​ទទួល​ស្គាល់​ថា​ គាត់​ទាំង​ពីរ​នេះ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូ​
Acts KhmerNT 4:14  ព្រមទាំង​ឃើញ​បុរស​ដែល​បាន​ជា​នោះ​កំពុង​ឈរ​ជាមួយ​គាត់​ទាំង​ពីរ​នាក់​ទៀត​ នោះ​ពួកគេ​គ្មាន​អ្វី​ឆ្លើយ​តប​បាន​ឡើយ។​
Acts KhmerNT 4:15  ពេល​នោះ​ពួកគេ​បាន​បង្គាប់​គាត់​ទាំង​ពីរ​ឲ្យ​ចេញ​ពី​ក្រុម​ប្រឹក្សា​កំពូល​ទៅ​ក្រៅ​ ហើយ​ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖​
Acts KhmerNT 4:16  «តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​មនុស្ស​ទាំង​នេះ?​ ដ្បិត​តាមរយៈ​អ្នក​ទាំង​នេះ​ ទីសំគាល់​ជាក់​ស្ដែង​បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន‍​ដែរ។​
Acts KhmerNT 4:17  ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ដំណឹង​នេះ​លេច​ឮ​ដល់​ប្រជាជន​តទៅ​ទៀត​ យើង​ត្រូវ​គំរាម​ពួកគេ​កុំ​ឲ្យ​និយាយ​ប្រាប់​អ្នកណា​ទៀត​ដោយ​នូវ​ឈ្មោះ​នេះ»។​
Acts KhmerNT 4:18  បន្ទាប់មក​ ពួកគេ​ក៏​ហៅ​គាត់​ទាំង​ពីរ​នាក់​នោះ​ចូល​មក​វិញ​ ហើយ​បាន​បង្គាប់​មិន​ឲ្យ​និយាយ​ ឬ​បង្រៀន​ដោយ​នូវ​ឈ្មោះ​ព្រះយេស៊ូ​នេះ​ជា​ដាច់​ខាត​
Acts KhmerNT 4:19  ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ពួក​លោក​ពិចារណា​មើល​ចុះ​ តើ​ជា​ការ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​ ដែល​ឲ្យ​យើង​ស្ដាប់​តាម​ពួក​លោក​ជាជាង​ស្ដាប់​តាម​ព្រះជាម្ចាស់​នោះ​
Acts KhmerNT 4:20  ដ្បិត​យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ទេ»។​
Acts KhmerNT 4:21  ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​
Acts KhmerNT 4:22  រីឯ​បុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជា​នេះ​ គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។​
Acts KhmerNT 4:23  ក្រោយពេល​គេ​ដោះលែង​រួច​ហើយ​ គាត់​ទាំង​ពីរ​នាក់​ក៏​ទៅ​ឯ​គ្នីគ្នា​របស់​ខ្លួន​ ហើយ​រៀបរាប់​សព្វគ្រប់​អំពី​អ្វី​ដែល​ពួក​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​បាន​និយាយ​មក​កាន់​ពួកគាត់។​
Acts KhmerNT 4:24  កាល​ពួកគេ​បាន​ឮ​ដូច្នោះ​ ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រមៗ​គ្នា​ទូល​ទៅ​ព្រះជាម្ចាស់​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត​ផ្ទៃមេឃ​ ផែនដី​ សមុទ្រ​ និង​អ្វីៗ​សព្វ​សារពើ​ដែល​នៅក្នុង​នោះ​ផង​
Acts KhmerNT 4:25  ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ ដែល​ជា​ដូនតា​របស់​យើង​ថា​ ហេតុអ្វី​បាន​ជា​ជនជាតិ​ទាំងឡាយ​បង្ក​ចលាចល​ ហើយ​ប្រជាជន​ស្រមៃ​ពី​រឿង​ឥត​ប្រយោជន៍​ដូច្នេះ?​
Acts KhmerNT 4:26  ពួក​ស្ដេច​នៅលើ​ផែនដី​បាន​ត្រៀម​ប្រយុទ្ធ​ ពួក​មេ​ដឹកនាំ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះអម្ចាស់​ ព្រមទាំង​ព្រះគ្រិស្ដ។​
Acts KhmerNT 4:27  ហើយ​នេះ​ជា​ការ​ពិត​ ដ្បិត​នៅក្នុង​ក្រុង​នេះ​ ស្ដេច​ហេរ៉ូឌ​ លោក​ប៉ុនទាស​ពីឡាត់​ សាសន៍​ដទៃ​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​បាន​រួម​គ្នា​ទាស់​នឹង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ជ្រើសតាំង​
Acts KhmerNT 4:28  ឲ្យ​ធ្វើ​អ្វីៗ​ដែល​ព្រះហស្ដ​ និង​បំណង​របស់​ព្រះអង្គ​បាន​កំណត់​ទុក​ឲ្យ​កើតឡើង។​
Acts KhmerNT 4:29  ដូច្នេះ​ ព្រះអម្ចាស់​អើយ!​ ឥឡូវ​នេះ​ សូម​មើល​សេចក្ដី​គំរាម​របស់​ពួកគេ​ចុះ​ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​
Acts KhmerNT 4:30  ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​
Acts KhmerNT 4:31  ពេល​ពួកគេ​បាន​អធិស្ឋាន​រួច​ហើយ​ កន្លែង​ដែល​ពួកគេ​កំពុង​ជួប​ប្រជុំ​គ្នា​នោះ​ក៏​ញ័រ​រញ្ជួយ​ រីឯ​ពួកគេ​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​ក្លាហាន។​
Acts KhmerNT 4:32  ពេលនោះ​ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែ​មួយ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ ទ្រព្យ​សម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​ គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។​
Acts KhmerNT 4:33  ពួក​សាវក​បាន​ធ្វើ​ទីបន្ទាល់​យ៉ាង​មាន​អំណាច​អស្ចារ្យ​ អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូ​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ ក៏​ទទួល​បាន​ព្រះគុណ​ដ៏​លើស​លុប។​
Acts KhmerNT 4:34  នៅ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ខ្វះខាត​ឡើយ​ ដ្បិត​អស់​អ្នក​ដែល​មាន​ដី​ ឬ​មាន​ផ្ទះ​ គេ​បាន​លក់​ ហើយ​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​របស់​ទាំង​នោះ​
Acts KhmerNT 4:35  មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក​ ហើយ​គេ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា​តាម​ដែល​ម្នាក់ៗ​ត្រូវការ។​
Acts KhmerNT 4:36  រីឯ​លោក​យ៉ូសែប​ដែល​ពួក​សាវក​ហៅ​ថា​ បារណាបាស​ ប្រែ​ថា​ «កូន​នៃ​សេចក្ដី​លើក​ទឹកចិត្ដ»​ ជា​ពួក​លេវី​ កើត​នៅ​កោះ​គីប្រុស​
Acts KhmerNT 4:37  គាត់​មាន​ដី​មួយ​កន្លែង​ ហើយ​បាន​លក់​យក​ប្រាក់​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​
Chapter 5
Acts KhmerNT 5:1  មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា​ បាន​លក់​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​
Acts KhmerNT 5:2  ប៉ុន្ដែ​គាត់​បាន​លាក់​មួយ​ចំណែក​នៃ​ប្រាក់​លក់​ទ្រព្យ​នោះ​ទុក​សម្រាប់​ខ្លួន​ឯង​ ដោយ​មាន​ការ​ដឹង​ឮ​ពី​ប្រពន្ធ​ដែរ​ ហើយ​គាត់​បាន​យក​មួយ​ចំណែក​ទៀត​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​
Acts KhmerNT 5:3  ពេលនោះ​ លោក​ពេត្រុស​និយាយ​ថា៖​ «ឱ​ អាណានាស​អើយ!​ ហេតុអ្វី​បាន​ជា​អារក្ស​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​ទុក​ដូច្នេះ?​
Acts KhmerNT 5:4  កាល​អ្នក​នៅ​មាន​ដី​នៅ​ឡើយ​ តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ‍​ឬ?​ ក្រោយពី​បាន​លក់​ហើយ​ តើ​ប្រាក់​មិន​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​របស់​អ្នក​ទេ​ឬ?​ ហេតុអ្វី​បាន​ជា​អ្នក​កើត​គំនិត​នេះ​នៅ​ក្នុង​ចិត្ត​ដូច្នេះ?​ អ្នក​មិន​បាន​កុហក​មនុស្ស​ទេ​ គឺ​បាន​កុហក​ព្រះជាម្ចាស់​ទេ​តើ!»​
Acts KhmerNT 5:5  កាល​លោក​អាណានាស​ឮ​ពាក្យ​ទាំង​នេះ​ហើយ​ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ​ ហើយ​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ ក៏​មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​
Acts KhmerNT 5:6  ពេលនោះ​ ពួក​យុវជន​ក៏​ក្រោក​ឡើង​រុំ​សព​គាត់​ ហើយ​សែង​យក​ទៅ​បញ្ចុះ។​
Acts KhmerNT 5:7  ប្រហែល​ជា​បី​ម៉ោង​ក្រោយ​មក​ ប្រពន្ធ​របស់​លោក​អាណានាស​ក៏​ចូល​មក​ដែរ​ ដោយ​មិន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ទេ។​
Acts KhmerNT 5:8  លោក​ពេត្រុស​ក៏​សួរ​នាង​ថា៖​ «សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?»​ នាង​ឆ្លើយ​ថា​ «ចា៎ស!​ ប៉ុណ្ណឹង​មែន»។​
Acts KhmerNT 5:9  ពេល​នោះ​លោក​ពេត្រុស​ក៏​និយាយ​ទៅ​នាង​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​ព្រមព្រៀង​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ?​ មើល៍​ ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់​ទ្វារ​ហើយ​ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។​
Acts KhmerNT 5:10  ភ្លាមនោះ​ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស​ ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។​ ពេល​ពួក​យុវជន​ចូល​មក​ ហើយ​ឃើញ​នាង​ស្លាប់​ដូច្នេះ​ ពួកគេ​ក៏​សែង​នាង​យក​ទៅ​បញ្ចុះ​ក្បែរ​ប្ដី​របស់​នាង។​
Acts KhmerNT 5:11  ក្រុម​ជំនុំ​ទាំង​មូល​ ព្រមទាំង​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​
Acts KhmerNT 5:12  មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ជាច្រើន​បាន​កើតឡីង​នៅ​ក្នុង​ចំណោម​ប្រជាជន​ តាមរយៈ​ដៃ​របស់​ពួក​សាវក​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​មាន​ចិត្ដ​គំនិត​តែ​មួយ​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​
Acts KhmerNT 5:13  រីឯ​អ្នក​ផ្សេង​ទៀត​ គ្មាន​អ្នកណា​ហ៊ាន​ចូល​រួម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ប្រជាជន​គោរព​ពួកគេ​
Acts KhmerNT 5:14  ហើយ​អស់​អ្នក​ដែល​បាន​ជឿ​ព្រះអម្ចាស់​ ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​
Acts KhmerNT 5:15  ដូច្នេះ​ហើយ​បាន​ជា​មាន​គេ​សែង​ពួក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ​ ហើយ​ផ្ដេក​អ្នក​ជំងឺ​ទាំង​នោះ​នៅ​លើ​គ្រែ​ស្នែង​ និង​កន្ទេល​ ដើម្បី​ពេល​លោក​ពេត្រុស​ដើរ​កាត់​ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​គាត់​បាំង​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​
Acts KhmerNT 5:16  ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​
Acts KhmerNT 5:17  រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​
Acts KhmerNT 5:18  ពួកគេ​បាន​ចាប់​ពួក​សាវក​ ហើយ​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​គុក​សាធារណៈ។​
Acts KhmerNT 5:19  ប៉ុន្ដែ​នៅពេល​យប់​ ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក​ ហើយ​នាំ​ពួកគេ​ចេញ​ ទាំង​និយាយ​ថា៖​
Acts KhmerNT 5:20  «ចូរ​ទៅ​ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​អំពី​អស់​ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។​
Acts KhmerNT 5:21  ពេល​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ពី​ព្រលឹម​ ហើយ​ចាប់ផ្ដើម​បង្រៀន។​ កាល​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​មក​ដល់​ហើយ​ ពួកគេ​ក៏​កោះហៅ​ក្រុម​ប្រឹក្សា​កំពូល​ រួម​ទាំង​ក្រុម​ប្រឹក្សា​របស់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​មក​ និង​បាន​ចាត់​គេ​ឲ្យ​ទៅ​គុក​ដើម្បី​នាំ​ពួក​សាវក​មក​
Acts KhmerNT 5:22  ប៉ុន្ដែ​កាល​ពួក​ឆ្មាំ​ព្រះ​វិហារ​បាន​ទៅ​ដល់​គុក​ ពួកគេ​មិន​បាន​ឃើញ​ពួក​សាវក​នៅ​ក្នុង​នោះ​ទេ​ ដូច្នេះ​ពួកគេ​ក៏​ត្រលប់​មក​រាយការណ៍​វិញ​
Acts KhmerNT 5:23  ថា៖​ «យើង​បាន​ឃើញ​គុក​ចាក់​សោ​ជាប់​យ៉ាង​មាំ​ ទាំង​មាន​អ្នកយាម​ឈរ​នៅ​មាត់​ទ្វារ​ ប៉ុន្ដែ​ពេល​យើង​បើក​ទ្វារ​ទៅ​ នោះ​គ្មាន​ឃើញ​អ្នកណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។​
Acts KhmerNT 5:24  ពេល​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​សម្ដេច​សង្ឃ​ឮ​ដូច្នោះ​ ពួកគេ​គិត​មិន​យល់​ទាល់​តែ​សោះ​ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​ពួក​សាវក។​
Acts KhmerNT 5:25  ពេល​នោះ​មាន​ម្នាក់​បាន​មក​រាយការណ៍​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ពួក​មនុស្ស​ដែល​ពួក​លោក​បាន​ចាប់​ដាក់​គុក​នោះ​ ឥឡូវ​នេះ​ ពួកគេ​កំពុង​ឈរ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​ឯ​ណោះ!»​
Acts KhmerNT 5:26  ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​
Acts KhmerNT 5:27  ពេល​ពួកគេ​នាំ​ពួក​សាវក​មក​ដល់​ហើយ​ ពួកគេ​ក៏​ដាក់​អ្នក​ទាំង​នោះ​នៅមុខ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​សម្ដេច​សង្ឃ​ក៏​សួរ​ពួកគេ​
Acts KhmerNT 5:28  ថា៖​ «យើង​បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឲ្យ​អ្នក​រាល់គ្នា​បង្រៀន​ដោយ​នូវ​ឈ្មោះ​របស់​អ្នក​នោះ​ទេ​ ប៉ុន្ដែ​ មើល៍​ អ្នក​រាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម​ ហើយ​មាន​បំណង​យក​ឈាម​បុរស​នេះ​មក​ទម្លាក់​លើ​យើង​ទៀត​ផង»។​
Acts KhmerNT 5:29  ពេល​នោះ​លោក​ពេត្រុស​ និង​ពួក​សាវក​បាន​ឆ្លើយ​ថា៖​ «យើង​ត្រូវ​ស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់​ ជាជាង​ស្ដាប់​តាម​មនុស្ស​
Acts KhmerNT 5:30  ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះយេស៊ូ​ ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ។​
Acts KhmerNT 5:31  ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​
Acts KhmerNT 5:32  រីឯ​យើង​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។​
Acts KhmerNT 5:33  ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ខឹង​ជា​ខ្លាំង​ ហើយ​ចង់​សម្លាប់​ពួក​សាវក​ចោល​
Acts KhmerNT 5:34  ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​
Acts KhmerNT 5:35  បន្ទាប់​មក​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ ចូរ​ប្រយ័ត្ន​ខ្លួន​ពី​ការ​ដែល​បងប្អូន​ប៉ុនប៉ង​ធ្វើ​ចំពោះ​អ្នក​ទាំង​នេះ​
Acts KhmerNT 5:36  ដ្បិត​ពេល​ថ្មីៗ​កន្លង​មក​នេះ​ មាន​ម្នាក់​ឈ្មោះ​ធើដាស​បាន​អះអាង​ធ្វើ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​បួនរយ​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​នោះ​ ប៉ុន្ដែ​អ្នក​នោះ​ក៏​ត្រូវ​គេ​សម្លាប់​ ហើយ​ពួក​អ្នក​ទាំងឡាយ​ដែល​ដើរ​តាម​គាត់​បាន​ខ្ចាត់ខ្ចាយ​អស់​
Acts KhmerNT 5:37  បន្ទាប់​ពី​ម្នាក់​នោះ​មក​ មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​ បាន​ក្រោក​ឡើង​បះបោរ​នៅ​គ្រា​ធ្វើ​ជំរឿន​ប្រជាជន​ គាត់​បាន​អូសទាញ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដើរ​តាម​គាត់។​ អ្នក​នេះ​ក៏​វិនាស​ដែរ​ ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​គាត់​ទាំង​ឡាយ​ ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ​
Acts KhmerNT 5:38  ដូច្នេះ​ក្នុង​ករណី​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​នេះ​ ហើយ​បណ្ដោយ​តាម​ពួកគេ​ចុះ​ ព្រោះ​បើ​គម្រោងការ​ ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស​ នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន​
Acts KhmerNT 5:39  ផ្ទុយ​ទៅ​វិញ​ បើ​ការ​នេះ​មក​ពី​ព្រះជាម្ចាស់​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​វិនាស​បាន​ឡើយ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នក​រាល់គ្នា​នឹង​ក្លាយជា​អ្នក​តតាំង​នឹង​ព្រះជាម្ចាស់​ទៀត​ផង»។​ ពួកគេ​ក៏​យល់ព្រម‍​តាម​សំដី​របស់​គាត់​
Acts KhmerNT 5:40  បន្ទាប់មក​ ពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូល​មក​វិញ​ និង​បាន​វាយ​អ្នក​ទាំង​នោះ​ ទាំង​ហាម​មិន​ឲ្យ​ប្រកាស​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេស៊ូ​ទៀត​ឡើយ​ រួច​ពួកគេ​ក៏​ដោះលែង​ពួក​សាវក។​
Acts KhmerNT 5:41  ពេល​នោះ​ ពួក​សាវក​បាន​ចេញ​ពី​អង្គ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កំពូល​ ទាំង​អរ​សប្បាយ​ចំពោះ​ការ​ដែល​ត្រូវ​បាន​គេ​រាប់​ថា​ជា​អ្នក​ស័ក្ដិសម​ទទួល​សេចក្ដី​ដំណៀល​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះអង្គ​
Acts KhmerNT 5:42  ហើយ​ជា​រៀង​រាល់​ថ្ងៃ​ ពួក​សាវក​បាន​បន្ដ​បង្រៀន​ ព្រមទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ឥត​ឈប់ឈរ​ ទាំង​នៅ​ក្នុង​ព្រះ​វិហារ​ និង​នៅ​តាម​ផ្ទះ។​
Chapter 6
Acts KhmerNT 6:1  នៅ​គ្រា​នោះ​ ពេល​ពួក​សិស្ស​កំពុង​កើន​ចំនួន​ឡើង​ នោះ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​បាន​និយាយ​រអ៊ូរទាំ​ចំពោះ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរ​ថា​ ការ​ចែក​អាហារ​ប្រចាំ​ថ្ងៃ​ដល់​ពួក​ស្ដ្រី​មេម៉ាយ​របស់​ពួកគេ​មិន​បាន​ដិត​ដល់​ទេ។​
Acts KhmerNT 6:2  ពេល​នោះ​ពួក​សាវក​ទាំង​ដប់ពីរ​បាន​ហៅ​ពួក​សិស្ស​ទាំង​អស់​មក​ ហើយ​និយាយ​ថា៖​ «មិន​ស័ក្ដិសម​ទេ​ដែល​ឲ្យ​យើង​ឈប់​រវីរវល់​នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅ​បម្រើ​តុ​នោះ​
Acts KhmerNT 6:3  ដូច្នេះ​ បងប្អូន​អើយ!​ សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ ពេញ​ដោយ​ព្រះវិញ្ញាណ​ និង​ប្រាជ្ញា​មក​ នោះ​យើង​នឹង​តែងតាំង​អ្នក​ទាំង​នោះ​ឲ្យ​មើល​ខុសត្រូវ​លើ​មុខងារ​នេះ​
Acts KhmerNT 6:4  រីឯ​យើង​វិញ​ យើង​នឹង​បន្ដ​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​ និង​ការ​បម្រើ​ព្រះបន្ទូល​យ៉ាង​ខ្ជាប់ខ្ជួន!»​
Acts KhmerNT 6:5  អង្គ​ប្រជុំ​ទាំង​មូល​ពេញចិត្ដ​នឹង​សំណើ​នេះ​ណាស់​ ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​លោក​ស្ទេផាន​ ជា​អ្នក​ដែល​ពេញ​ដោយ​ជំនឿ​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ លោក​ភីលីព​ លោក​ប្រូខូរ៉ុស​ លោក​នីកាន័រ​ លោក​ទីម៉ូន​ លោក​ប៉ាមេណា​ និង​លោក​នីកូឡាស​ជា​អ្នក​ចូល​សាសនា​យូដា​មក​ពី​ក្រុង​អាន់ទីយ៉ូក។​
Acts KhmerNT 6:6  ពួកគេ​បាន​នាំ​អ្នក​ទាំង​នោះ​មក​ឈរ​នៅ​ចំពោះ​មុខ​ពួក​សាវក​ ហើយ​ពួក​សាវក​ក៏​អធិស្ឋាន​ដោយ​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ។​
Acts KhmerNT 6:7  ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​
Acts KhmerNT 6:8  រីឯ​លោក​ស្ទេផាន​ជា​មនុស្ស​ម្នាក់​ពេញ​ដោយ​ព្រះគុណ​ និង​អំណាច​ គាត់​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន​
Acts KhmerNT 6:9  នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​
Acts KhmerNT 6:10  ប៉ុន្ដែ​ ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​ និង​ព្រះវិញ្ញាណ​នោះ​បាន​ទេ​
Acts KhmerNT 6:11  ដូច្នេះ​ ពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖​ «យើង​បាន​ឮ​អ្នក​នេះ​និយាយ​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ​ និង​ព្រះជាម្ចាស់!»​
Acts KhmerNT 6:12  ពួកគេ​បាន​ញុះញង់​ប្រជាជន​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​ក៏​នាំ​គ្នា​មក​ចាប់​លោក​ស្ទេផាន​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល។​
Acts KhmerNT 6:13  ពួកគេ​បាន​រៀបចំ​ពួក​សាក្សី​ក្លែងក្លាយ​ឲ្យ​និយាយ​ថា៖​ «មនុស្ស​នេះ​ចេះតែ​និយាយ​ពាក្យ​ជំទាស់​នឹង​ទី​បរិសុទ្ធ​នេះ​ ព្រមទាំង​គម្ពីរ​វិន័យ​ឥត​ឈប់ឈរ​ឡើយ​
Acts KhmerNT 6:14  ដ្បិត​យើង​បាន​ឮ​គាត់​និយាយ​ថា​ យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​នេះ​នឹង​បំផ្លាញ​កន្លែង​នេះ​ចោល​ ហើយ​ផ្លាស់ប្ដូរ​ទំនៀម​ទម្លាប់​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។​
Acts KhmerNT 6:15  រីឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​បាន​សម្លឹង​មើល​លោក​ស្ទេផាន​គ្រប់ៗ​គ្នា​ ពួកគេ​បាន​ឃើញ​មុខ​របស់​គាត់​ដូច​ជា​មុខ​របស់​ទេវតា។​
Chapter 7
Acts KhmerNT 7:1  ពេល​នោះ​ សម្ដេច​សង្ឃ​សួរ​ថា៖​ «តើ​ដូច្នេះ​មែន​ឬ?»​
Acts KhmerNT 7:2  លោក​ស្ទេផាន​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ សូម​ស្ដាប់​ចុះ ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមា​ មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​
Acts KhmerNT 7:3  គឺ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ ចូរ​ចាកចេញ​ពី​ស្រុក​ និង​សាច់ញាតិ​របស់​អ្នក​ ហើយ​ទៅ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ។​
Acts KhmerNT 7:4  ដូច្នេះ​ គាត់​ក៏​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិ​ខាល់ដេ​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​ លុះ​ក្រោយ​ពេល​ឪពុក​របស់​លោក​អ័ប្រាហាំ​បាន​ស្លាប់​ទៅ​ ព្រះជាម្ចាស់​ក៏​នាំ​គាត់​មក​រស់នៅ​លើ​ទឹកដី​នេះ​ ជា​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​
Acts KhmerNT 7:5  ហើយ​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​គាត់​មាន​មរតក​នៅ​ក្នុង​ស្រុក​នេះ​ទេ​ សូម្បី​តែ​ដី​ប៉ុន​បាត​ជើង​ ប៉ុន្ដែ​ព្រះអង្គ​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ​ដល់​គាត់​ ព្រមទាំង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ទុក​ជា​កម្មសិទ្ធិ​ ទោះបី​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏​ដោយ។​
Acts KhmerNT 7:6  ព្រះជាម្ចាស់​មាន​បន្ទូល​ដូច្នេះ​ថា​ កូនចៅ​របស់​គាត់​នឹង​ត្រលប់​ជា​អ្នក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ​ អ្នក​ស្រុក​នោះ​នឹង​យក​ពួកគេ​ធ្វើ​ជា​ទាសករ​ ហើយ​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​
Acts KhmerNT 7:7  ប៉ុន្ដែ​យើង​នឹង​ដាក់ទោស​ដល់​ជាតិ​សាសន៍​ ដែល​ពួកគេ​បាន​បម្រើ​ក្នុង​នាម​ជា​ទាសករ​នោះ។​ ព្រះជាម្ចាស់​មាន​បន្ទូល​ទៀត​ថា​ ក្រោយ​នោះ​មក​ពួកគេ​នឹង​ចាកចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ។​
Acts KhmerNT 7:8  ព្រះជាម្ចាស់​បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុក​ជា​កិច្ច​ព្រមព្រៀង​ ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើត​បាន​លោក​អ៊ីសាក​ គាត់​ក៏​កាត់ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី​ ក្រោយ​មក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ​
Acts KhmerNT 7:9  ហើយ​បុព្វបុរស​ទាំង​នោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​
Acts KhmerNT 7:10  ហើយ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​ ព្រមទាំង​បាន​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​ និង​ជា​ទី​គាប់​ចិត្ដ​នៅ​ចំពោះ​ស្ដេច​ស្រុក​អេស៊ីព្ទ។​ ដូច្នេះ​ស្ដេច​ក៏​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​អេស៊ីព្ទ​ និង​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច។​
Acts KhmerNT 7:11  គ្រា​នោះ​កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​ និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​
Acts KhmerNT 7:12  ពេល​លោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​ គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ​
Acts KhmerNT 7:13  នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​
Acts KhmerNT 7:14  លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​ និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក​
Acts KhmerNT 7:15  ដូច្នេះ​លោក​យ៉ាកុប​បាន​ចុះ​ទៅ‍​ឯ​ស្រុក​អេស៊ីព្ទ​ ហើយ​គាត់​ និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅ​ទីនោះ។​
Acts KhmerNT 7:16  ពួកគេ​បាន​យក​សព​អ្នក​ទាំង​នោះ​ត្រលប់​មក​ក្រុង​ស៊ីគែម​វិញ​ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម​
Acts KhmerNT 7:17  នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​ នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​
Acts KhmerNT 7:18  រហូត​ដល់​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ ឡើង​គ្រងរាជ្យ​លើ​ស្រុក​អេស៊ីព្ទ។​
Acts KhmerNT 7:19  ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ ដោយ​ឲ្យ​បំបរបង់​កូនៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​
Acts KhmerNT 7:20  គឺ​ពេល​នោះ​ហើយ​ ដែល​លោក​ម៉ូសេ​បាន​កើត​មក​ ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ​
Acts KhmerNT 7:21  រួច​ក៏​ត្រូវ​បំបរបង់​ចោល​ ប៉ុន្ដែ​បុត្រី​របស់​ស្ដេច​ស្រុក​អេស៊ីព្ទ​បាន​យក​គាត់​មក​ចិញ្ចឹម​ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។​
Acts KhmerNT 7:22  លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់​របស់​ជនជាតិ​អេស៊ីព្ទ​ ហើយ​គាត់​ពូកែ​ទាំង​នៅ​ក្នុង​ការ​និយាយ​ស្ដី​ និង​ការ​ប្រព្រឹត្ដិ។​
Acts KhmerNT 7:23  នៅពេល​គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ គាត់​មាន​ចិត្ដ​ចង់​ទៅ​សួរ​សុខទុក្ខ​ពួក​កូនចៅ​អ៊ីស្រាអែល​ជា​បងប្អូន​របស់​គាត់។​
Acts KhmerNT 7:24  ពេល​គាត់​ឃើញ​គេ​ធ្វើបាប​បងប្អូន​របស់​គាត់​ម្នាក់​ គាត់​ក៏​ការពារ​ ហើយ​បាន​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើបាប​ ដោយ​វាយ​សម្លាប់​ជនជាតិ​អេស៊ីព្ទ​នោះ​
Acts KhmerNT 7:25  ដ្បិត​គាត់​ស្មាន​ថា​ បងប្អូន​របស់​គាត់​មុខជា​យល់​ថា​ ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេ​តាមរយៈ​ដៃ​របស់​គាត់​ ប៉ុន្ដែ​ពួកគេ​មិន​បាន​យល់​ដូច្នោះ​ឡើយ។​
Acts KhmerNT 7:26  នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​
Acts KhmerNT 7:27  ប៉ុន្ដែ​អ្នក​ដែល​កំពុង​បង្ក​របួស​ស្នាម​ដល់​ម្នាក់​ទៀត​បាន​ច្រាន​គាត់​ ទាំង​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម​សម្រាប់​យើង?​
Acts KhmerNT 7:28  តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូចជា​អ្នក​បាន​សម្លាប់​ជនជាតិ​អេស៊ីព្ទ​ម្នាក់​កាល​ពី​ម្សិលមិញ​ដែរ​ឬ?​
Acts KhmerNT 7:29  ពេល​ឮ​សំដី​ដូច្នេះ​ លោក​ម៉ូសេ​ក៏​ភៀសខ្លួន​ទៅ​ស្រុក​ម៉ាឌាន​ ហើយ​រស់នៅ​ជា​ជន​បរទេស​នៅ​ស្រុក​នោះ​ គាត់​បង្កើត​បាន​កូនប្រុស​ពីរ​នាក់។​
Acts KhmerNT 7:30  សែសិប​ឆ្នាំ​ក្រោយ​មក​ មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​ គឺ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា។​
Acts KhmerNT 7:31  ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​
Acts KhmerNT 7:32  យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ ជា​ព្រះ​របស់​អ័ប្រាហាំ​ អ៊ីសាក​ និង​យ៉ាកុប​ ពេល​នោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ​
Acts KhmerNT 7:33  ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​ទៀត​ថា​ ចូរ​ដោះ​ស្បែកជើង​របស់​អ្នក​ចេញ​ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​ដី​បរិសុទ្ធ​
Acts KhmerNT 7:34  យើង​បាន​ឃើញ​បាន​យល់​ពី​ទុក្ខ​វេទនា​របស់​ប្រជារាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ និង​បាន​ឮ​ពី​ការ​ស្រែកថ្ងូរ​របស់​ពួកគេ​ហើយ​ ដូច្នេះ​ហើយ​បានជា​យើង​ចុះ​មក​ដើម្បី​រំដោះ​ពួកគេ​ ចូរ​មក​ឥឡូវ​នេះ​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ។​
Acts KhmerNT 7:35  លោក​ម៉ូសេ​នេះ​ហើយ​ ដែល​គេ​បាន​បដិសេធ​គាត់​ដោយ​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម?​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោក​ម៉ូសេ​ដដែល​នេះ​ឲ្យ​ទៅ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​អ្នក​ជួយ​រំដោះ​តាម​រយៈ​ដៃ​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ក្នុង​គុម្ព​បន្លា​នោះ។​
Acts KhmerNT 7:36  លោក​ម្នាក់​នេះ​ហើយ​ ដែល​បាន​នាំ​ពួកគេ​ចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​នានា​នៅ​ស្រុក​អេស៊ីព្ទ​ នៅ​សមុទ្រ​ក្រហម​ និង​នៅ​ទីរហោឋាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។​
Acts KhmerNT 7:37  លោក​ម៉ូសេ​នេះ​ហើយ​ ដែល​បាន​និយាយ​ទៅ​កូនចៅ​អ៊ីស្រាអែល​ថា​ ព្រះជាម្ចាស់​នឹង​តាំង​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ដូចជា​ខ្ញុំ​ដែរ​ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នក​រាល់គ្នា​ សម្រាប់​អ្នក​រាល់​គ្នា។​
Acts KhmerNT 7:38  លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ទីរហោឋាន​ជាមួយ​ដូនតា​របស់​យើង​ និង​ទេវតា​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ដល់​គាត់​នៅ​លើ​ភ្នំ​ស៊ីណាយ​ ហើយ​គាត់​បាន​ទទួល​ព្រះបន្ទូល​ដ៏​មាន​ជីវិត​មក​ប្រគល់​ឲ្យ​យើង​រាល់គ្នា។​
Acts KhmerNT 7:39  ដូនតា​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួកគេ​បាន​ច្រាន​គាត់​ចោល​ ហើយ​ក្នុង​ចិត្ដ​របស់​ពួកគេ​នឹក​ចង់​ត្រលប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​
Acts KhmerNT 7:40  ដោយ​និយាយ​ទៅ​លោក​អើរ៉ុន​ថា​ ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យ​យើង​ ជា​ព្រះ​ដែល​នាំ​មុខ​យើង​ ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ យើង​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ដល់​គាត់​ទេ​
Acts KhmerNT 7:41  នៅ​ពេល​នោះ​ គេ​ក៏​ធ្វើ​រូប​កូនគោ​មួយ​ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ​ទាំង​នាំ​គ្នា​អរ​សប្បាយ​នឹង​ស្នាដៃ​របស់​ពួកគេ​
Acts KhmerNT 7:42  ដូច្នេះ​ព្រះជាម្ចាស់​ក៏​បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ ហើយ​បាន​ប្រគល់​ពួកគេ​ឲ្យ​ទៅ​បម្រើ​ពល​បរិវារ​នៅ​លើ​មេឃ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​ថា​ ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ!​ រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​ទីរហោឋាន​នោះ​ តើ​អ្នក​រាល់គ្នា​បាន​យក​សត្វ​តង្វាយ​ និង​យញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ?​
Acts KhmerNT 7:43  អ្នក​រាល់គ្នា​បែរជា​សែន​រោង​ម៉ូឡុក​ និង​ផ្កាយ​រេមផាន់​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ គឺ​ជា​រូបព្រះ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​សម្រាប់​ថ្វាយបង្គំ​ ដូច្នេះ​យើង​នឹង​បញ្ជូន​អ្នក​រាល់គ្នា​ទៅ​ឯ​នាយ​ស្រុក​បាប៊ីឡូន។​
Acts KhmerNT 7:44  ដូនតា​របស់​យើង​មាន​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ទីរហោឋាន​ គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ​
Acts KhmerNT 7:45  ដូនតា​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​គ្នា​តាម​ជំនាន់​ ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូត​ដល់​ជំនាន់​ស្ដេច​ដាវីឌ​
Acts KhmerNT 7:46  ដែល​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​ ហើយ​ស្ដេច​បាន​សុំ​សង់​ដំណាក់​សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប​
Acts KhmerNT 7:47  ប៉ុន្ដែ​ជា​ស្ដេច​សាឡូម៉ូន​ទេ​តើ​ ដែល​បាន​សង់​ដំណាក់​ថ្វាយ​ព្រះជាម្ចាស់​
Acts KhmerNT 7:48  ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ដូច​ដែល​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​
Acts KhmerNT 7:49  ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង​ ឯ​ផែនដី​ជា​កំណល់​ជើង​របស់​យើង។​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ តើ​អ្នក​រាល់គ្នា​នឹង​សង់​ដំណាក់​បែប​ណា​សម្រាប់​យើង?​ តើ​កន្លែង​សម្រាក​របស់​យើង​ជា​កន្លែង​យ៉ាង​ដូចម្ដេច?​
Acts KhmerNT 7:50  តើ​មិន​មែន​ដៃ​របស់​យើង​ទេ​ឬ​ ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ?​
Acts KhmerNT 7:51  ឱ​អ្នក​រាល់គ្នា​ជា​មនុស្ស​ចចេស​ និង​ជា​អ្នក​មាន​ចិត្ដ​ មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ!​ អ្នក​រាល់គ្នា​ប្រឆាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូចជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​
Acts KhmerNT 7:52  តើ​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​មិន​បាន​បៀតបៀន​ដែរ‍​ឬ​ទេ?​ ពួកគេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុក​មុន​អំពី​ការ​យាង​មក​របស់​ព្រះ​ដ៏​សុចរិត ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត​
Acts KhmerNT 7:53  គឺ​អ្នក​រាល់គ្នា​ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យវិន័យ​តាម​ការ​រៀបចំ​របស់​ពួក​ទេវតា​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​តាម​សោះ»។​
Acts KhmerNT 7:54  ពេល​ពួកគេ​ឮ​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ខឹង​ជា​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។​
Acts KhmerNT 7:55  ពេល​នោះ​ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ ហើយ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​
Acts KhmerNT 7:56  ដូច្នេះ​គាត់​ក៏​និយាយ​ថា៖​ «មើល៍​ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់!»​
Acts KhmerNT 7:57  ពួកគេ​ក៏​សម្រុក​មក​ឯ​គាត់​ព្រមៗ​គ្នា​ ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង​
Acts KhmerNT 7:58  ពេល​ពួកគេ​អូស​គាត់​ចេញ​ទៅ​ដល់​ក្រៅ​ក្រុង​ហើយ​ ពួកគេ​ក៏​គប់​គាត់​នឹង​ដុំ​ថ្ម​ រីឯ​ពួក​សាក្សី​វិញ​បាន​ទុក​សម្លៀក​បំពាក់​របស់​ពួកគេ​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។​
Acts KhmerNT 7:59  នៅពេល​ពួកគេ​កំពុង​គប់​លោក​ស្ទេផាន​នឹង​ដុំ​ថ្ម​ គាត់​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖​ «ឱ​ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​ទទួល​យក​វិញ្ញាណ​របស់​ខ្ញុំ​ចុះ»​
Acts KhmerNT 7:60  រួច​គាត់​ក៏​លុត​ជង្គង់​ចុះ​ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​ប្រកាន់​នឹង​ពួកគេ​ចំពោះ​បាប​នេះ​អី!» កាល​បាន​និយាយ​ដូច្នេះ​ហើយ​ គាត់​ក៏​ស្លាប់​ទៅ។​
Chapter 8
Acts KhmerNT 8:1  រីឯ​លោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។​ នៅ​ថ្ងៃ​នោះ​មាន​ការ​បៀតបៀន​ជា​ខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​អ្នកជឿ​ទាំង​អស់​បាន​ខ្ចាត់ខ្ចាយ​ទៅ​ពាសពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​ និង​ស្រុក​សាម៉ារី​ លើកលែង​តែ​ពួក​សាវក។​
Acts KhmerNT 8:2  ពេល​នោះ​ពួក​ប្រុសៗ​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ​ ហើយ​យំ​ស្រណោះ​គាត់​យ៉ាង​ខ្លាំង​
Acts KhmerNT 8:3  រីឯ​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។​
Acts KhmerNT 8:4  រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​នោះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ទាំង​ប្រកាស​ព្រះបន្ទូល​ផង។​
Acts KhmerNT 8:5  ពេល​នោះ​លោក​ភីលីព​បាន​ចុះ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ហើយ​ប្រកាស​ប្រាប់​ពួកគេ​អំពី​ព្រះគ្រិស្ដ​
Acts KhmerNT 8:6  ពេល​បណ្ដាជន​បាន​ស្ដាប់​ និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ ពួកគេ​ទាំង​អស់​គ្នា​ក៏​យក​ចិត្ដ​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​គាត់​បាន​និយាយ​
Acts KhmerNT 8:7  ដ្បិត​ពួក​វិញ្ញាណ​អាក្រក់​ដែល​បាន​ចូល​មនុស្ស​ជាច្រើន​ ពួកវា​បាន​ចេញ​មក​ ទាំង​ស្រែក​ខ្លាំងៗ​ ហើយ​មនុស្ស​ស្លាប់​ដៃ​ជើង​ និង​មនុស្ស​ខ្វិន​ជាច្រើន​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​
Acts KhmerNT 8:8  ដូច្នេះ​ហើយ​ក៏​មាន​អំណរ​ជា​ខ្លាំង​នៅ​ក្នុង​ក្រុង​នោះ។​
Acts KhmerNT 8:9  នៅ​ក្នុង​ក្រុង​នោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​កាល​ពី​មុន​ធ្លាប់​ប្រើ​មន្ដ​អាគម​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​សាម៉ារី​ស្ញប់ស្ញែង ​ព្រមទាំង​បាន​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​
Acts KhmerNT 8:10  មនុស្ស​ទាំងអស់​ចាប់​ពី​អ្នក​តូច​ដល់​អ្នក​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ ទាំង​និយាយ​ថា៖​ «មនុស្ស​នេះ​ហើយ​ដែល​គេ​ហៅ​ថា អំណាច​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់»​
Acts KhmerNT 8:11  ដោយ​គាត់​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ញប់ស្ញែង​ចំពោះ​មន្ដ​អាគម​របស់​គាត់​យូរ​មក​ហើយ​ បានជា​ពួកគេ​យក​ចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ដូច្នេះ​
Acts KhmerNT 8:12  ប៉ុន្ដែ​ពេល​ពួកគេ​ជឿ​ដំណឹង​ល្អ​ ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ ទាំង​ស្រី​
Acts KhmerNT 8:13  សូម្បីតែ​លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ​ ហើយ​ក្រោយ​ពី​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​នៅ​ជាមួយ​លោក​ភីលីព​តទៅ​ទៀត​ ហើយ​គាត់​បាន​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ ពេល​គាត់​បាន​ឃើញ​ទីសំគាល់​ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កំពុង​កើតឡើង។​
Acts KhmerNT 8:14  បន្ទាប់មក​ពេល​ពួក​សាវក​នៅ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ឮ​ថា​ ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ពួកគេ​ក៏​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ​
Acts KhmerNT 8:15  អ្នក​ទាំង​ពីរ​ក៏​ចុះ​មក​ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​
Acts KhmerNT 8:16  ដ្បិត​ព្រះវិញ្ញាណ​មិន​ទាន់​យាង​មក​សណ្ឋិត​លើ​ពួកគេ​ណា​ម្នាក់​នៅ​ឡើយ​ ពួកគេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ប៉ុណ្ណោះ​
Acts KhmerNT 8:17  ដូច្នេះ​ហើយ​ អ្នក​ទាំង​ពីរ​នោះ​បាន​ដាក់​ដៃ​លើ​​ពួកគេ​ ហើយ​ពួកគេ​ក៏​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​
Acts KhmerNT 8:18  ពេល​លោក​ស៊ីម៉ូន​ឃើញ​ថា​ ព្រះ​វិញ្ញាណ​បាន​សណ្ឋិត​តាមរយៈ​ការ​ដាក់​ដៃ​របស់​សាវក​ទាំង​ពីរ​ដូច្នេះ​ គាត់​ក៏​ជូន​ប្រាក់​ដល់​សាវក​ទាំង​ពីរ​នោះ​
Acts KhmerNT 8:19  ទាំង​និយាយ​ថា៖​ «សូម​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​ខ្ញុំ​ដែរ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ដាក់​ដៃ​លើ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ»​
Acts KhmerNT 8:20  ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ជាមួយ​អ្នក​ចុះ​ ព្រោះ​អ្នក​ស្មាន​ថា​ អ្នក​អាច​យក​ប្រាក់​ទិញ​អំណោយទាន​របស់​ព្រះជាម្ចាស់​បាន!​
Acts KhmerNT 8:21  ដោយសារ​តែ​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​នៅ​ចំពោះ​ព្រះជាម្ចាស់​ នោះ​អ្នក​គ្មាន​ចំណែក​ ឬ​ភាគ​ណា​មួយ​នៅ​ក្នុង​កិច្ចការ​នេះ​ឡើយ។​
Acts KhmerNT 8:22  ដូច្នេះ​ចូរ​ប្រែចិត្ដ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​នេះ​ចុះ​ ហើយ​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ ក្រែងលោ​ព្រះអង្គ​នឹង​លើកលែង​ទោស​ដល់​អ្នក​ ចំពោះ​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​
Acts KhmerNT 8:23  ដ្បិត​ខ្ញុំ​ឃើញ​ថា​ អ្នក​ជាប់​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង​ និង​ចំណង​នៃ​សេចក្ដី​ទុច្ចរិត»​
Acts KhmerNT 8:24  ពេលនោះ​ លោក​ស៊ីម៉ូន​បាន​ឆ្លើយ​ថា៖​ «សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង​ ដើម្បី​កុំ​ឲ្យ​ហេតុ​អាក្រក់​ណា​មួយ​ដែល​លោក​បាន​និយាយ​នោះ​ កើតឡើង​ចំពោះ​ខ្ញុំ​ឡើយ»។​
Acts KhmerNT 8:25  ពេល​អ្នក​ទាំង​ពីរ​នោះ​បាន​ធ្វើ​បន្ទាល់​ និង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រួច​ហើយ​ ពួកគេ​ក៏​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ទាំង​ប្រកាស​ដំណឹង​ល្អ​តាម​ភូមិ​ជា​ច្រើន​របស់​ជនជាតិ​សាម៉ារី​ផង។​
Acts KhmerNT 8:26  នៅ​ពេល​នោះ​ ទេវតា​របស់​ព្រះអម្ចាស់​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ តាម​ផ្លូវ​ដែល​ឡើង​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា​ចុះ»។​ ផ្លូវ​នេះ​ស្ងាត់​ណាស់។​
Acts KhmerNT 8:27  ដូច្នេះ​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ។​ មាន​ជនជាតិ​អេធីយ៉ូពី​ម្នាក់​ជា​មនុស្ស​កម្រៀវ​ ហើយ​ជា​មន្ដ្រី​រាជវាំង​របស់​ព្រះនាង​កាន់ដេស​ដែល​ជា​មហា​ក្សត្រិយានី​របស់​ជនជាតិ​អេធីយ៉ូពី។​ គាត់​មើល​ខុសត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ព្រះនាង។​ គាត់​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ​
Acts KhmerNT 8:28  ហើយ​ពេល​គាត់​កំពុង​ជិះ​រទេះ​សេះ​របស់​គាត់​ត្រលប់​ទៅ​វិញ​ គាត់​ក៏​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​
Acts KhmerNT 8:29  ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​
Acts KhmerNT 8:30  នៅពេល​រត់​ទៅ​ទាន់​រទេះ​សេះ​នោះ​ លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដូច្នេះ​លោក​ភីលីព​ក៏​សួរ​ថា៖​ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?»​
Acts KhmerNT 8:31  គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​
Acts KhmerNT 8:32  បទគម្ពីរ​ដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អាន​គឺ​ លោក​ត្រូវ​គេ​នាំ​ទៅ​ដូចជា​ចៀម​ ដែល​គេ​យក​ទៅ​សម្លាប់​ ហើយ​ដូចជា​កូន​ចៀម​ ដែល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម​ ដូច្នេះ​ហើយ​បាន​ជា​លោក​មិន​បើក​មាត់​និយាយ​សោះ។​
Acts KhmerNT 8:33  នៅពេល​លោក​ត្រូវ​គេ​បន្ទាប​បន្ថោក​ លោក​មិន​បាន​ទទួល​សេចក្ដី​យុត្តិធម៌​ទេ។​ តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់​លោក​បាន?​ ព្រោះ​គេ​បាន​ដក​យក​ជីវិត​របស់​លោក​ពី​ផែនដី​នេះ​បាត់​ហើយ។​
Acts KhmerNT 8:34  មនុស្ស​កម្រៀវ​នោះ​បាន​សួរ​លោក​ភីលីព​ថា៖​ «ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍​ តើ​អ្នក​នាំ​ព្រះបន្ទូល​និយាយ​យ៉ាង​ដូច្នេះ​អំពី​អ្នកណា?​ អំពី​ខ្លួន​គាត់​ ឬ​អំពី​អ្នក​ដទៃ?»​
Acts KhmerNT 8:35  ដូច្នេះ​លោក​ភីលីព​ក៏​បើក​មាត់​ប្រកាស​ប្រាប់​មន្ដ្រីនោះ​អំពី​ព្រះយេស៊ូ​ ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នោះ។​
Acts KhmerNT 8:36  ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​មាន​ទឹក។​ មនុស្ស​កម្រៀវ​នោះ​ក៏​ប្រាប់​ថា៖​ «មើល៍​ នៅ​ទីនេះ​មាន​ទឹក!​ តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?​»
Acts KhmerNT 8:37  [លោក​ភីលីព​តប​ថា៖​ «បើ​លោក​ជឿ​អស់​ពី​ចិត្ដ​មែន​ នោះ​លោក​អាច​ទទួល​បាន»​ មន្ដ្រី​នោះ​ក៏​ឆ្លើយ​ថា៖​ «ខ្ញុំ​ជឿ​ថា​ព្រះយេស៊ូ​គិ្រស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»]​
Acts KhmerNT 8:38  ពេល​នោះ​គាត់​ក៏​បញ្ជា​ឲ្យ​រទេះ​សេះ​ឈប់​ ហើយ​ពួកគេ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់​ ទាំង​លោក​ភីលីព​ និង​មនុស្ស​កម្រៀវ​ រួច​លោក​ភីលីព​ក៏​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​មនុស្ស​កម្រៀវ​នោះ។​
Acts KhmerNT 8:39  ពេល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ​ ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ក៏​ឆក់​យក​លោក​ភីលីព​ទៅ​ ហើយ​មនុស្ស​កម្រៀវ​នោះ​មិន​ឃើញ​លោក​ភីលីព​ទៀត​ទេ​ ប៉ុន្ដែ​គាត់​បាន​បន្ដ​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។​
Acts KhmerNT 8:40  រីឯ​លោក​ភីលីព​វិញ​ គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ ហើយ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ គាត់​ក៏​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់​ រហូត​ទាល់​តែ​គាត់​បាន​មក​ដល់​ក្រុង​សេសារា។​
Chapter 9
Acts KhmerNT 9:1  នៅ​ពេល​នោះ​ លោក​សុល​នៅ​តែ​ក្ដៅ​គគុក​ក្នុង​ការ​គំរាម​កំហែង​ និង​ការ​សម្លាប់​ពួក​សិស្ស​របស់​ព្រះអម្ចាស់​ ដូច្នេះ​គាត់​ក៏​ទៅ​ជួប​សម្ដេច​សង្ឃ​
Acts KhmerNT 9:2  ហើយ​សុំ​សំបុត្រ​ពី​សម្ដេច​សង្ឃ​ទៅ​ឯ​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​បើ​គាត់​រក​ឃើញ​អ្នកណា​ម្នាក់​ ដែល​ជា​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ មិន​ថា​ប្រុស​ ឬ​ស្រី​ គាត់​នឹង​ចាប់ចង​នាំ​យក​មក​ក្រុង​យេរូសាឡិម។​
Acts KhmerNT 9:3  ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ ស្រាប់តែ​មាន​ពន្លឺ​មួយ​ពី​លើ​មេឃ​ចាំង​ជុំវិញ​គាត់​
Acts KhmerNT 9:4  ហើយ​គាត់​ក៏​ដួល​លើ​ដី​ ពេល​នោះ​គាត់​ឮ​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «សុល​អើយ!​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?»​
Acts KhmerNT 9:5  គាត់​ក៏​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?» ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​ [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​
Acts KhmerNT 9:6  គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​
Acts KhmerNT 9:7  រីឯ​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​គាត់​បាន​ឈរ​ភាំង​ ព្រោះ​ពួកគេ​ឮ​សំឡេង​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​អ្នកណា​សោះ​
Acts KhmerNT 9:8  ​គេ​ក៏​លើក​លោក​សុល​ក្រោក​ឡើង​ពី​ដី​ ហើយ​ពេល​គាត់​បើក​ភ្នែក​ គាត់​មើល​មិន​ឃើញ​អ្វី​សោះ​ ដូច្នេះ​ពួកគេ​ក៏​ដឹក​ដៃ​គាត់​នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់។​
Acts KhmerNT 9:9  ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ គាត់​មើល​មិន​ឃើញ​ ហើយ​ក៏​មិន​បាន​បរិភោគ​ ឬ​ផឹក​អ្វី​សោះ​
Acts KhmerNT 9:10  នៅ​ក្នុង​ក្រុង​ដាម៉ាស់​ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​ ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «អាណានាស!»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​នៅ​ទីនេះ»​
Acts KhmerNT 9:11  ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ទៀត​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ទៅ​ឯ​ផ្លូវ​មួយ​ដែល​ហៅ​ថា​ផ្លូវ​ត្រង់​ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល​ ជា​អ្នក​ក្រុង​តើសុស​ ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​យូដាស​ ដ្បិត​មើល៍​ គាត់​កំពុង​អធិស្ឋាន​
Acts KhmerNT 9:12  ហើយ​គាត់​ក៏​ឃើញ​បុរស​ម្នាក់​ដែរ​ ឈ្មោះ​អាណានាស​នៅ​ក្នុង​សុបិន​និមិត្ដ​បាន​ចូល​មក​ដាក់​ដៃ​លើ​គាត់​ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​វិញ»​
Acts KhmerNT 9:13  ​ពេល​នោះ​លោក​អាណានាស​ឆ្លើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ឮ​មនុស្ស​ជាច្រើន​និយាយ​អំពី​ម្នាក់​នេះ​ថា​ គាត់​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​
Acts KhmerNT 9:14  ហើយ​ម្នាក់​នេះ​មក​ទីនេះ​ ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ដែល​កំពុង​អំពាវនាវ​ដល់​ព្រះនាម​របស់​ព្រះអង្គ​ទាំងអស់»​
Acts KhmerNT 9:15  ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​
Acts KhmerNT 9:16  ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​
Acts KhmerNT 9:17  ដូច្នេះ​ លោក​អាណានាស​ក៏​ចាកចេញ​ទៅ​ ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល​ គាត់​ក៏​និយាយ​ថា៖​ «ឱ​បង​សុល​អើយ!​ ព្រះអម្ចាស់​យេស៊ូ​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើល​ឃើញ​វិញ​ និង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»​
Acts KhmerNT 9:18  រំពេច​នោះ​មាន​អ្វី​មួយ​ដូចជា​ស្រកា​បាន​ជ្រុះ​ពី​ភ្នែក​របស់​លោក​សុល​មក​ ហើយ​គាត់​ក៏​មើល​ឃើញ​វិញ​ រួច​គាត់​ក៏​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជទឹក​
Acts KhmerNT 9:19  ក្រោយ​ពី​បាន​បរិភោគ​អាហារ​រួច​ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។​ បន្ទាប់​មក​ គាត់​ក៏​នៅ​ជាមួយ​ពួក​សិស្ស​ក្នុង​ក្រុង​ដាម៉ាស់​ជា​ច្រើន​ថ្ងៃ​
Acts KhmerNT 9:20  ហើយ​ភ្លាម​នោះ​ គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលា​ប្រជុំ​នានា​អំពី​ព្រះយេស៊ូ​ថា​ ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​
Acts KhmerNT 9:21  រីឯ​ពួក​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្ដាប់​គាត់​បាន​ងឿង​ឆ្ងល់​ ហើយ​សួរ​គ្នា​ថា៖​ «តើ​មិន​មែន​ម្នាក់​នេះ​ទេ​ឬ​ ដែល​បាន​បំផ្លាញ​ពួក​អ្នក​ដែល​អំពាវនាវ​ដល់​ឈ្មោះ​នេះ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​ដោយសារ​តែ​មូលហេតុ​នេះ​ បាន​ជា​គាត់​មក​ទីនេះ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ទាំង​នោះ​នាំ​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ?»​
Acts KhmerNT 9:22  ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​សុល​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ ហើយ​បាន​ផ្ចាញ់ផ្ចាល​ពួក​ជនជាតិ​យូដា​ ដែល​រស់នៅ​ក្នុង​ក្រុង​ដាម៉ាស់​ ដោយ​អះអាង​ថា​ ព្រះយេស៊ូ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ។​
Acts KhmerNT 9:23  ដូច្នេះ​ ច្រើន​ថ្ងៃ​ក្រោយ​មក​ ពួក​ជនជាតិ​យូដា​បាន​ពិភាក្សា​គ្នា​ដើម្បី​សម្លាប់​គាត់។​
Acts KhmerNT 9:24  នៅ​ពេល​នោះ​គម្រោង​ការ​របស់​ពួកគេ​បាន​ដឹង​ដល់​លោក​សុល​ ហើយ​ពួកគេ​បាន​ឃ្លាំ​មើល​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​ទ្វារ​ទាំងឡាយ​ដើម្បី​សម្លាប់​គាត់។​
Acts KhmerNT 9:25  ដូច្នេះ​ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ជើ​មួយ​ ហើយ​សម្រូត​គាត់​ចុះ​តាម​កំផែង​ក្រុង​ទាំង​យប់។​
Acts KhmerNT 9:26  ពេល​គាត់​មក​ដល់​ក្រុង​យេរូសាឡិម​វិញ​ គាត់​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស​ ប៉ុន្ដែ​ពួកគេ​ទាំង​អស់​គ្នា​ខ្លាច​គាត់​ ដោយ​មិន​ជឿ​ថា​ គាត់​ជា​សិស្ស​ទេ។​
Acts KhmerNT 9:27  នៅ​ពេល​នោះ​ លោក​បារណាបាស​បាន​ទទួល​គាត់​ ព្រមទាំង​នាំ​គាត់​ទៅ​ជួប​ពួក​សាវក​ និង​រៀបរាប់​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ដែល​លោក​សុល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ​ ការ​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​កាន់​គាត់​ និង​ការ​ដែល​គាត់​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ក្រុង​ដាម៉ាស់។​
Acts KhmerNT 9:28  លោក​សុល​ក៏​នៅ​ជាមួយ​ពួក​សាវក​ និង​បាន​ចេញ​ចូល​ក្រុង​យេរូសាឡិម​ ទាំង​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ទៀត​ផង។​
Acts KhmerNT 9:29  គាត់​បាន​ប្រកាស​ និង​ជជែក​វែកញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់​
Acts KhmerNT 9:30  ហើយ​ពេល​ពួក​បងប្អូន​បាន​ដឹង​ពី​ការ​នេះ​ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។​
Acts KhmerNT 9:31  ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​
Acts KhmerNT 9:32  រីឯ​លោក​ពេត្រុស​វិញ​ នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​អស់​នោះ​ គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ដែរ។​
Acts KhmerNT 9:33  នៅ​ទី​នោះ​ គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ អេនាស​ ដែល​ស្លាប់​ដៃ​ជើង​ ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។​
Acts KhmerNT 9:34  លោក​ពេត្រុស​ក៏​និយាយ​ទៅ​គាត់​ថា៖​ «ឱ​អេនាស​អើយ!​ ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រោស​អ្នក​ហើយ​ ចូរ​ក្រោក​ឡើង​ ហើយ​រៀបចំ​គ្រែ​របស់​អ្នក​ចុះ»​ ពេល​នោះ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម។​
Acts KhmerNT 9:35  មនុស្ស​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ និង​ស្រុក​សារ៉ូន​បាន​ឃើញ​គាត់​ដូច្នេះ​ ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។​
Acts KhmerNT 9:36  នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​
Acts KhmerNT 9:37  ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​នោះ​ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ស្លាប់​ទៅ។​ ពេល​ពួកគេ​ចំអាស​សព​របស់​នាង​រួច​ហើយ​ ពួកគេ​ក៏​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។​
Acts KhmerNT 9:38  ពេល​ពួក​សិស្ស​បាន​ឮ​ថា​ លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖​ «សូម​មក​កន្លែង​របស់​យើង​ កុំ​បង្អង់​ឡើយ»​
Acts KhmerNT 9:39  ដូច្នេះ​ លោក​ពេត្រុស​ក៏​ក្រោក​ឡើង​ ហើយ​ទៅ​ជាមួយ​ពួកគេ។​ ពេល​គាត់​ទៅ​ដល់​ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ​ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ។​
Acts KhmerNT 9:40  ពេលនោះ​ លោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា​ ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ រួច​គាត់​ក៏​បែរ​ទៅ​ឯ​សព​ ហើយ​និយាយ​ថា៖​ «តេប៊ីថា​អើយ!​ ចូរ​ក្រោក​ឡើង​ចុះ!»​ ពេល​នោះ​ នាង​ក៏​បើក​ភ្នែក​ឡើង។​ ពេល​ឃើញ​លោក​ពេត្រុស​ នាង​ក៏​ក្រោក​អង្គុយ។​
Acts KhmerNT 9:41  គាត់​ក៏​ហុច​ដៃ​ទៅ​នាង​ ព្រមទាំង​បាន​លើក​នាង​ឡើង​ ហើយ​ហៅ​ពួក​បរិសុទ្ធ​ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​ រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។​
Acts KhmerNT 9:42  ដំណឹង​នេះ​បាន​ឮ​សុសសាយ​ពាសពេញ​ក្រុង​យ៉ុបប៉េ​ ហើយ​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអម្ចាស់។​
Acts KhmerNT 9:43  លោក​ពេត្រុស​បាន​ស្នាក់នៅ​ជាច្រើន​ថ្ងៃ​ក្នុង​ក្រុង​យ៉ុបប៉េ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក។​
Chapter 10
Acts KhmerNT 10:1  មាន​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​សេសារា​ឈ្មោះ​កូនេលាស​ ជា​នាយ​ទាហាន​នៃ​កង​វរសេនា​តូច​ដែល​ហៅ​ថា​ ពល​អ៊ីតាលី​
Acts KhmerNT 10:2  គាត់​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ជា​អ្នក​គោរព​ប្រណិប័តន៍​ និង​កោតខ្លាច​ព្រះជាម្ចាស់​ គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជាជន​ និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។​
Acts KhmerNT 10:3  ថ្ងៃ​មួយ​ ប្រហែល​ម៉ោង​បី​រសៀល​ គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ ទេវតា​នោះ​បាន​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «កូនេលាស​អើយ!»​
Acts KhmerNT 10:4  គាត់​បាន​សម្លឹង​មើល​ទៅ​ទេវតា​នោះ​ ទាំង​ភ័យខ្លាច​ ហើយ​តប​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​មាន​ការ​អ្វី​ដែរ?»​ ទេវតា​ក៏​និយាយ​មក​គាត់​ថា៖​ «សេចក្ដី​អធិស្ឋាន​ និង​ការ​ដាក់​ទាន​របស់​អ្នក​បាន​ឡើង​ទៅ​ ទុកជា​សេចក្ដី​រំលឹក​នៅ​ចំពោះ​ព្រះជាម្ចាស់​ហើយ។​
Acts KhmerNT 10:5  ដូច្នេះ​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​
Acts KhmerNT 10:6  ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ជាមួយ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន។​ ផ្ទះ​របស់​អ្នក​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ​ [គាត់​នឹង​ប្រាប់​អ្នក​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ]»។​
Acts KhmerNT 10:7  កាល​ទេវតា​ដែល​បាន​និយាយ​មក​លោក​កូនេលាស​ចេញ​ផុត​ទៅ​ គាត់​ក៏​ហៅ​បាវបម្រើ​ពីរ​នាក់​ និង​ទាហាន​ម្នាក់​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ពី​ក្នុង​ចំណោម​ពួក​អ្នក​ចាំ​បម្រើ​គាត់​ឲ្យ​មក។​
Acts KhmerNT 10:8  ក្រោយ​ពី​បាន​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​ គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ។​
Acts KhmerNT 10:9  នៅ​ថ្ងៃ​បន្ទាប់​ នៅ​ពេល​អ្នក​ទាំង​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​នោះ​ លោក​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិស្ឋាន​ នៅ​ម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់។​
Acts KhmerNT 10:10  គាត់​ក៏​ឃ្លាន​ ហើយ​ចង់​បរិភោគ​ណាស់​ ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​ គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​
Acts KhmerNT 10:11  ឃើញ​មេឃ​បើក​ចំហ​ មាន​វត្ថុ​ម្យ៉ាង​ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ត្រូវ​បាន​ចង​ជាយ​ជ្រុង​ទាំង​បួន​សម្រូត​ចុះ​មក​ដល់​ដី។​
Acts KhmerNT 10:12  នៅ​ក្នុង​កម្រាល​នោះ​ មាន​សត្វ​ជើង​បួន​ សត្វ​លូនវារ​នៅ​លើ​ផែនដី​ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។​
Acts KhmerNT 10:13  ពេល​នោះ​ មាន​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «ពេត្រុស​អើយ!​ ចូរ​ក្រោក​ឡើង​ ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!»​
Acts KhmerNT 10:14  ប៉ុន្ដែ​ លោក​ពេត្រុស​ឆ្លើយ​ថា៖​ «ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ»​
Acts KhmerNT 10:15  សំឡេង​នោះ​បាន​និយាយ​មក​គាត់​ជា​លើក​ទី​ពីរ​ថា៖​ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ»​
Acts KhmerNT 10:16  ហេតុការណ៍​នេះ​បាន​កើតឡើង​បី​ដង​ ហើយ​វត្ថុ​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម។​
Acts KhmerNT 10:17  ពេល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​តែ​ម្នាក់​ឯង​អំពី​សុបិន​និមិត្ដ​ ដែល​គាត់​បាន​ឃើញ​ថា​ មាន​ន័យ​ដូចម្ដេច​នោះ​ ស្រាប់តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក​ ដែល​ក្រោយ​ពី​បាន​​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​ បាន​ឈរ​នៅ​មាត់​ទ្វារ​
Acts KhmerNT 10:18  ដោយ​ស្រែក​សួរ​ថា​ តើ​លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​ ពេត្រុស​នៅ​ទី​នេះ​ដែរ​ឬ​ទេ។​
Acts KhmerNT 10:19  ពេល​លោក​ពេត្រុស​កំពុង​គិត​អំពី​សុបិន​និមិត្ដ​ នោះ​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា‍៖​ «មើល៍​ មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក​
Acts KhmerNT 10:20  ដូច្នេះ​ ចូរ​ក្រោក​ឡើង​ ចុះ​ទៅ​ក្រោម​ ហើយ​ទៅ​ជាមួយ​ពួកគេ​ចុះ​ កុំ​រារែក​ឡើយ​ ព្រោះ​យើង​បាន​ចាត់​ពួកគេ​ឲ្យ​មក»។​
Acts KhmerNT 10:21  លោក​ពេត្រុស​ក៏​ចុះ​មក​ជួប​អ្នក​ទាំង​នោះ​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់គ្នា​កំពុង​ស្វែងរក​ តើ​អ្នក​រាល់គ្នា​មក​នេះ​មាន​ការ​អ្វី?»​
Acts KhmerNT 10:22  ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​
Acts KhmerNT 10:23  ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​
Acts KhmerNT 10:24  នៅ​ថ្ងៃ​បន្ទាប់​ ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។​ រីឯ​លោក​កូនេលាស​វិញ​ បាន​រង់ចាំ​ពួកគេ​ដោយ​បាន​ហៅ​សាច់ញាតិ​ និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។​
Acts KhmerNT 10:25  ពេល​លោក​ពេត្រុស​មក​ដល់​ លោក​កូនេលាស​ក៏​ចេញ​មក​ទទួល​ ទាំង​ក្រាប​ថ្វាយបង្គំ​នៅ​ទៀប​ជើង​របស់​គាត់។​
Acts KhmerNT 10:26  ប៉ុន្ដែ​លោក​ពេត្រុស​លើក​គាត់​ឡើង​ ទាំង​ប្រាប់​ថា៖​ «ចូរ​ក្រោក​ឡើង!​ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»​
Acts KhmerNT 10:27  រួច​គាត់​ក៏​ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយ​ជាមួយ​លោក​កូនេលាស​បណ្ដើរ​ ហើយ​ក៏​ឃើញ​មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច។​
Acts KhmerNT 10:28  ពេល​នោះ​ លោក​ពេត្រុស​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដា​សេពគប់​ ឬ​សួរ​សុខទុក្ខ​សាសន៍​ដទៃ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា​ មិន​ត្រូវ​ថា​អ្នកណា​ម្នាក់​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ។​
Acts KhmerNT 10:29  ហេតុនេះ​បាន​ជា​ពេល​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​ ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក​ ដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នក​រាល់គ្នា​ថា​ តើ​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ‍?»​
Acts KhmerNT 10:30  លោក​កូនេលាស​ក៏​ប្រាប់​ថា៖​ «កាល​ពី​បួន​ថ្ងៃ​មុន​ ម៉ោង​ប្រហែល​ថ្មើរ​នេះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​បី​រសៀល​ ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចាច​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​
Acts KhmerNT 10:31  ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​
Acts KhmerNT 10:32  ដូច្នេះ​ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។​
Acts KhmerNT 10:33  ដូច្នេះ​ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម​ ហើយ​ជា​ការ​ប្រសើរ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។​ ឥឡូវ​នេះ​ យើង​ទាំង​អស់​គ្នា​កំពុង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ដើម្បី​ស្ដាប់​សេចក្ដី​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។​
Acts KhmerNT 10:34  លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​
Acts KhmerNT 10:35  គឺ​នៅ​ក្នុង​ចំណោម​ជនជាតិ​ទាំង​អស់​ អ្នកណា​ក៏​ដោយ​ដែល​កោតខ្លាច​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ ព្រះអង្គ​ទទួល​យក​អ្នក​នោះ។​
Acts KhmerNT 10:36  អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូនចៅ​អ៊ីស្រាអែល​ បាន​ប្រកាស​ប្រាប់​អំពី​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ជា​ព្រះអម្ចាស់​លើ​ទាំង​អស់​
Acts KhmerNT 10:37  គឺ​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ ចាប់​តាំង​ពី​ស្រុក​កាលីឡេ​ទៅ​ គឺ​នៅ​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​អំពី​ពិធី​ជ្រមុជទឹក​
Acts KhmerNT 10:38  គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​
Acts KhmerNT 10:39  រីឯ​យើង​ គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅ​ក្នុង​ស្រុក​របស់​ជនជាតិ​យូដា​ និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​
Acts KhmerNT 10:40  ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ ព្រមទាំង​ប្រោស​ប្រទាន​ឲ្យ​គេ​មើល​ឃើញ​ព្រះអង្គ​
Acts KhmerNT 10:41  មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ​ គឺ​សម្រាប់​តែ​ពួក​សាក្សី​ ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ​ នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគ​ និង​បាន​ផឹក​ជាមួយ​ព្រះអង្គ​ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ។​
Acts KhmerNT 10:42  ព្រះអង្គ​បាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​ និង​ឲ្យ​ធ្វើ​ទីបន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​
Acts KhmerNT 10:43  អ្នក​នាំ​ព្រះបន្ទូល​ទាំងអស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា​ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​បាប»។​
Acts KhmerNT 10:44  ពេល​លោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅ​ឡើយ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​
Acts KhmerNT 10:45  ដូច្នេះ​ អ្នក​ជឿ​ទាំងឡាយ​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ដែល​មក​ជាមួយ​លោក​ពេត្រុស​បាន​ស្ញប់ស្ញែង​ជា​ខ្លាំង​ ព្រោះ​ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​សាសន៍​ដទៃ​ដែរ​
Acts KhmerNT 10:46  ដ្បិត​ពួកគេ​បាន​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ទាំង​លើក​តម្កើង​ព្រះជាម្ចាស់។​ នោះ​លោក​ពេត្រុស​និយាយ​ថា៖​
Acts KhmerNT 10:47  «តើ​មាន​នរណា​អាច​រារាំង​អ្នក​ទាំង​នេះ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដូចជា​យើង​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?»​
Acts KhmerNT 10:48  ហើយ​គាត់​ក៏​បង្គាប់​ពួកគេ​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ។​ បន្ទាប់មក​ពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់នៅ​ជា​ច្រើន​ថ្ងៃ​ទៀត។​
Chapter 11
Acts KhmerNT 11:1  ឯ​ពួក​សាវក​ និង​ពួក​បងប្អូន​ ដែល​រស់នៅ​ពាសពេញ​ស្រុក​យូដា​បាន​ឮ​ថា​ សាសន៍​ដទៃ​ក៏​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ​
Acts KhmerNT 11:2  ដូច្នេះ​ពេល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូសាឡិម​វិញ​ នោះ​អស់​អ្នក​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ក៏​មក​ជំទាស់​នឹង​គាត់​
Acts KhmerNT 11:3  ថា៖​ «អ្នក​បាន​ទៅ​ជួប​ពួក​អ្នក​មិន​កាត់ស្បែក​ ហើយ​បាន​បរិភោគ​ជាមួយ​ពួកគេ​ទៀត‍!‍»​
Acts KhmerNT 11:4  លោក​ពេត្រុស​ក៏​ចាប់ផ្ដើម​ពន្យល់​ប្រាប់​ពួកគេ​តាម​លំដាប់​លំដោយ​ថា៖​
Acts KhmerNT 11:5  «កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ នោះ​ខ្ញុំ​បាន​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​ ក៏​ឃើញ​វត្ថុ​ម្យ៉ាង​ ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ មាន​ចង​ជ្រុង​ទាំង​បួន​ ដែល​បាន​សម្រូត​ចុះ​ពី​លើ​មេឃ​មក‍​ឯ​ខ្ញុំ​
Acts KhmerNT 11:6  ពេល​ខ្ញុំ​សម្លឹង​សង្កេត​មើល​ ខ្ញុំ​បាន​ឃើញ​សត្វ​ជើង​បួន​ សត្វ​ព្រៃ​ និង​សត្វ​លូន​វារ​នៅ​លើ​ផែនដី​ ព្រមទាំង​សត្វ​ហើរ​លើ​អាកាស។​
Acts KhmerNT 11:7  ពេល​នោះ​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ ពេត្រុស​អើយ!​ ចូរ​ក្រោក​ឡើង​ ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!​
Acts KhmerNT 11:8  ប៉ុន្ដែ​ខ្ញុំ​បាន​ឆ្លើយ​ថា​ ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​មិន​ដែល​មាន​អ្វី​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ចូល​ក្នុង​មាត់​របស់​ខ្ញុំ​ឡើយ​
Acts KhmerNT 11:9  សំឡេង​នោះ​បាន​ឆ្លើយ​ពី​លើ​មេឃ​ជា​លើក​ទី​ពីរ​ទៀត​ថា​ អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ។​
Acts KhmerNT 11:10  ហេតុការណ៍​នេះ​បាន​កើតឡើង​បី​ដង​ រួច​អ្វីៗ​ទាំង​នោះ​ត្រូវ​បាន​ទាញ​ទៅ​លើ​មេឃ​វិញ​
Acts KhmerNT 11:11  ហើយ​មើល៍​ ភ្លាម​នោះ​ ស្រាប់តែ​មាន​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ​ បាន​មក​ដល់​ផ្ទះ​ដែល​យើង​កំពុង​នៅ​
Acts KhmerNT 11:12  ព្រះវិញ្ញាណ​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ដោយ​ឥត​រារែក​ រីឯ​បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​បាន​ទៅ​ជាមួយ​ខ្ញុំ​ដែរ​ រួច​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​
Acts KhmerNT 11:13  ហើយ​គាត់​បាន​រៀបរាប់​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល​គាត់​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ទាំង​ប្រាប់​ថា​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​
Acts KhmerNT 11:14  គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​អំពី​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​
Acts KhmerNT 11:15  ពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ​ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​ពួកគេ​ដូចជា​បាន​សណ្ឋិត​លើ​យើង​កាល​ពី​ដំបូង​ដែរ។​
Acts KhmerNT 11:16  ពេល​នោះ​ ខ្ញុំ​ក៏​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា​ លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ។​
Acts KhmerNT 11:17  ដូច្នេះ​ បើ​ព្រះជាម្ចាស់​ប្រទាន​អំណោយទាន​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ​ តើ​ខ្ញុំ​ជា​នរណា​ដែល​ហ៊ាន​រារាំង​ព្រះជាម្ចាស់?»​
Acts KhmerNT 11:18  ពេល​ពួកគេ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​នៅ​ស្ងៀម​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​ការ​ប្រែចិត្ដ​ ដែល​នាំ​ទៅ‍​ឯ​ជីវិត​ដល់​សាសន៍​ដទៃ​ដែរ!»
Acts KhmerNT 11:19  រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​
Acts KhmerNT 11:20  ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​មក​ពី​កោះ​គីប្រុស​ និង​ក្រុង​គីរេន​ ដែល​បាន​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​និយាយ​ជាមួយ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ទាំង​ប្រកាស​អំពី​ព្រះអម្ចាស់​យេស៊ូ​ដែរ​
Acts KhmerNT 11:21  ដូច្នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក៏​នៅ​ជាមួយ​ពួកគេ​ ហើយ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ជឿ​ ព្រមទាំង​បែរ​មក‍​ឯ​ព្រះអម្ចាស់។​
Acts KhmerNT 11:22  ដំណឹង​អំពី​អ្នក​ទាំង​នោះ​បាន​ឮ​ដល់​ត្រចៀក​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ ដូច្នេះ​ពួកគេ​ក៏​ចាត់​លោក​បារណាបាស​ឲ្យ​ចេញ​ទៅ​ក្រុង​អាន់ទីយ៉ូក។​
Acts KhmerNT 11:23  ពេល​លោក​បារណាបាស​មក​ដល់​ ហើយ​បាន​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ គាត់​ក៏​ត្រេកអរ​ ព្រមទាំង​លើក​ទឹក​ចិត្ត​ពួកគេ​គ្រប់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ជាប់​ជាមួយ​ព្រះអម្ចាស់​ជានិច្ច​
Acts KhmerNT 11:24  ហើយ​ដោយ​ព្រោះតែ​លោក​បារណាបាស​ជា​មនុស្ស​ល្អ​ និង​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ជំនឿ​ ដូច្នេះ​បណ្ដាជន​មួយ​ចំនួន​ធំ​បាន​ចូល​មក​ឯ​ព្រះអម្ចាស់​បន្ថែម​ទៀត។​
Acts KhmerNT 11:25  បន្ទាប់មក​ លោក​បារណាបាស​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល។​
Acts KhmerNT 11:26  ពេល​ឃើញ​លោក​សុល​ហើយ​ គាត់​ក៏​នាំ​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ជាមួយ​ក្រុម​ជំនុំ​ពេញ​មួយ​ឆ្នាំ​ និង​បាន​បង្រៀន​ដល់​មនុស្ស​ជាច្រើន។​ នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា​ គ្រិស្ដ​បរិស័ទ។​
Acts KhmerNT 11:27  នៅ​គ្រា​នោះ​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ខ្លះ​បាន​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។​
Acts KhmerNT 11:28  ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោក​ឡើង​ ហើយ​ប្រកាស​ដោយ​ព្រះវិញ្ញាណ​ថា​ នឹង​មាន​អំណត់​មួយ​យ៉ាង​ធំ​កើត​នៅ​លើ​ផែនដី​ទាំង​មូល​ គ្រោះ​អត់​ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុង​រាជ្យ​របស់​ព្រះចៅ​ក្លូឌាស។​
Acts KhmerNT 11:29  ដូច្នេះ​ ពួក​សិស្ស​បាន​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ស្រុក​យូដា​
Acts KhmerNT 11:30  ពួកគេ​ក៏​ធ្វើ​ដូច្នេះ​មែន​ គឺ​បាន​ផ្ញើ​តាមរយៈ​ដៃ​របស់​លោក​បារណាបាស​ និង​លោក​សុល​ទៅ​ឲ្យ​ពួក​ចាស់ទុំ។​
Chapter 12
Acts KhmerNT 12:1  នៅ​គ្រា​នោះ​ ស្ដេច​ហេរ៉ូឌ​បាន​លូក​ដៃ​ធ្វើបាប​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ក្នុង​ក្រុមជំនុំ។​
Acts KhmerNT 12:2  ស្ដេច​បាន​សម្លាប់​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហាន​ដោយ​ដាវ។​
Acts KhmerNT 12:3  ពេល​ស្ដេច​យល់​ឃើញ​ថា​ ការ​នេះ​ពេញ​ចិត្ដ​ដល់​ជនជាតិ​យូដា​ ស្ដេច​ក៏​ចាប់​លោក​ពេត្រុស​ទៀត។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ង​ឥតមេ។​
Acts KhmerNT 12:4  ក្រោយ​ពី​ស្ដេច​បាន​ចាប់​លោក​ពេត្រុស​រួច​ ក៏​យក​ទៅ​ដាក់​គុក​ ហើយ​ប្រគល់​គាត់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​ គឺ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ ដ្បិត​ស្ដេច​មាន​បំណង​នាំ​គាត់​ទៅ​ដាក់​នៅ​ចំពោះ​មុខ​បណ្ដាជន​ក្រោយ​ពី​បុណ្យ​រំលង​
Acts KhmerNT 12:5  ដូច្នេះ​ គេ​ក៏​ឃុំ​លោក​ពេត្រុស​ទុក​នៅ​ក្នុង​គុក​ ប៉ុន្ដែ​ក្រុមជំនុំ​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ដ​ដល់​ព្រះជាម្ចាស់​សម្រាប់​គាត់។​
Acts KhmerNT 12:6  នៅ​យប់​ដែល​ស្ដេច​ហេរ៉ូឌ​ហៀប​នឹង​នាំ​លោក​ពេត្រុស​ចេញ​មក​ គឺ​នៅ​ពេល​ដែល​គាត់​កំពុង​ដេក​លក់​នៅ​ចន្លោះ​ទាហាន​ពីរ​នាក់​ ទាំង​មាន​ច្រវាក់​ពីរ​ខ្សែ​ចង​ជាប់​ ហើយ​ពួក​អ្នកយាម​កំពុង​យាម​នៅ​មាត់​ទ្វារ​គុក​
Acts KhmerNT 12:7  ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចូល​មក​ជិត​ ហើយ​ពន្លឺ​បាន​ចែងចាំង​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ ទេវតា​នោះ​បាន​អង្រួន​លោក​ពេត្រុស​ពី​ចំហៀង​ឲ្យ​គាត់​ភ្ញាក់​ឡើង​ដោយ​និយាយ​ថា៖​ «ចូរ​ក្រោក​ឡើង​ជា​ប្រញាប់!»​ ពេល​នោះ​ច្រវាក់​បាន​របូត​ចេញ​ពី​ដៃ​របស់​គាត់។​
Acts KhmerNT 12:8  ទេវតា​នោះ​ប្រាប់​លោក​ពេត្រុស​ថា៖​ «ចូរ​ក្រវាត់​ចង្កេះ​ ហើយ​ពាក់​ស្បែក​ជើង​ទៅ»​ គាត់​ក៏​ធ្វើ​តាម​ រួច​ទេវតា​នោះ​ក៏​ប្រាប់​គាត់​ទៀត​ថា៖​ «ចូរ​ពាក់​អាវ​ ហើយ​មក​តាម​ខ្ញុំ​ចុះ»​
Acts KhmerNT 12:9  ដូច្នេះ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​ដើរ​តាម​ទេវតា​នោះ​ ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា​ ហេតុការណ៍​ដែល​កំពុង​កើតឡើង​តាមរយៈ​ទេវតា​នេះ​ គឺ​ជា​ការ​ពិត​ទេ​ ព្រោះ​គាត់​ស្មាន​ថា​គាត់​ឃើញ​ក្នុង​សុបិន​និមិត្ដ។​
Acts KhmerNT 12:10  ពេល​ឆ្លង​កាត់​កន្លែង​យាម​ទី​មួយ​ និង​កន្លែង​យាម​ទី​ពីរ​រួច​ហើយ​ ពួកគេ​ក៏​មក​ដល់​ទ្វារ​ដែក​ឆ្ពោះ​ទៅ​ក្រុង​ ដែល​បាន​បើក​ដោយ​ឯងៗ​សម្រាប់​ពួកគេ។​ ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បន្ដ​ដំណើរ​តាម​ផ្លូវ​មួយ​ រីឯ​ទេវតា​ក៏​ចាកចេញ​ពី​គាត់​ភ្លាម​ទៅ។​
Acts KhmerNT 12:11  ពេល​លោក​ពេត្រុស​ដឹង​ខ្លួន​ គាត់​ក៏​និយាយ​ថា‍៖​ «ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ប្រាកដ​ថា​ ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​មក​ ហើយ​រំដោះ​ខ្ញុំ​ពី​ដៃ​របស់​ស្ដេច​ហេរ៉ូឌ​ និង​ពី​ការ​ប៉ុនប៉ង​ទាំង​ឡាយ​របស់​ជនជាតិ​យូដា»។​
Acts KhmerNT 12:12  ក្រោយ​ពី​យល់​ហេតុការណ៍​នេះ​ហើយ​ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។​
Acts KhmerNT 12:13  ពេល​លោក​ពេត្រុស​គោះ​ទ្វារ​នៅ​ច្រក​ចូល​ ក៏​មាន​ស្ដ្រី​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​ បាន​ចូល​ទៅ​ជិត​ដើម្បី​ស្ដាប់​
Acts KhmerNT 12:14  ក្រោយពី​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស​ នាង​ត្រេកអរ​ណាស់​ នាង​មិន​បាន​បើក​ទ្វារ​ទេ​ បែរ​ជា​រត់​ទៅ​ក្នុង​ប្រាប់​គេ​ថា​ លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។​
Acts KhmerNT 12:15  ពួកគេ​ប្រាប់​នាង​ថា៖​ «អ្នក​រវើ​រវាយ​ហើយ!»​ ប៉ុន្ដែ​នាង​នៅ​តែ​អះអាង​បែប​ដូច្នេះ។​ ពួកគេ​ក៏​ប្រាប់​នាង​ទៀត​ថា៖​ «នោះ​ជា​ទេវតា​របស់​គាត់​ទេ»​
Acts KhmerNT 12:16  រីឯ​លោក​ពេត្រុស​នៅតែ​បន្ដ​គោះ​ទ្វារ​ ដូច្នេះ​ពួកគេ​ក៏​បើក​ទ្វារ​ ហើយ​កាល​បាន​ឃើញ​គាត់​ ពួកគេ​ងឿងឆ្ងល់​ណាស់។​
Acts KhmerNT 12:17  ក្រោយពី​បាន​ធ្វើ​សញ្ញា​ដៃ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​រួច​ហើយ​ គាត់​ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា៖​ «សូម​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​យ៉ាកុប​ និង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។​ បន្ទាប់មក​គាត់​ក៏​ចាកចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។​
Acts KhmerNT 12:18  លុះ​ភ្លឺ​ឡើង​ មាន​ការ​ជ្រួល​ច្របល់​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ទាហាន​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ពេត្រុស​
Acts KhmerNT 12:19  កាល​ស្ដេច​ហេរ៉ូឌ​តាម​រក​លោក​ពេត្រុស​មិន​ឃើញ​ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម​ រួច​បញ្ជា​ឲ្យ​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល​ បន្ទាប់មក​ ស្ដេច​ក៏​ចាកចេញ​ពី​ស្រុក​យូដា​ទៅ​ក្រុង​សេសារា​ ហើយ​ស្នាក់នៅ​ទី​នោះ។​
Acts KhmerNT 12:20  នៅ​គ្រា​នោះ​ ស្ដេច​ហេរ៉ូឌ​ខឹង​នឹង​ប្រជាជន​ក្រុង​ទីរ៉ុស​ និង​ប្រជាជន​ក្រុង​ស៊ីដូន​យ៉ាង​ខ្លាំង​ ដូច្នេះ​ អ្នក​ទាំង​នោះ​បាន​ព្រមព្រៀង​គ្នា​មក​ជួប​ស្ដេច​ ក្រោយ​ពី​បាន​បញ្ចុះបញ្ចូល​លោក​ប្លាសតុស​ជា​មន្ដ្រី​រក្សា​ដំណាក់​ស្ដេច​រួច​មក។​ ពួកគេ​បាន​សុំ​ឲ្យ​មាន​សន្ដិភាព​ ពីព្រោះ​ស្រុក​របស់​ពួកគេ​ទទួល​ស្បៀង​អាហារ​ពី​ស្រុក​របស់​ស្ដេច។​
Acts KhmerNT 12:21  កាល​ដល់​ថ្ងៃ​កំណត់​ហើយ​ ស្ដេច​ហេរ៉ូឌ​ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​ ហើយ​ប្រកាស​ទៅ​ពួកគេ​
Acts KhmerNT 12:22  ពេល​នោះ​បណ្ដាជន​ក៏​ស្រែក​ឡើង​ថា៖​ «នេះ​ជា​សំឡេង​របស់​ព្រះជាម្ចាស់​ មិន​មែន​មនុស្ស​ឡើយ!»​
Acts KhmerNT 12:23  រំពេច​នោះ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​វាយ​ប្រហារ​ស្ដេច​ គឺ​ស្ដេច​ត្រូវ​ដង្កូវ​ចោះ​ស្លាប់​ ព្រោះ​មិន​បាន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​
Acts KhmerNT 12:24  រីឯ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​រីក​សុះសាយ​ច្រើន​ឡើង។​
Acts KhmerNT 12:25  លោក​បារណាបាស​ និង​លោក​សុល​ ក្រោយពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​ហើយ​ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ទាំង​យក​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ផង។​
Chapter 13
Acts KhmerNT 13:1  នៅ​ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​គ្រូ​បង្រៀន​ គឺ​មាន​លោក​បារណាបាស​ លោក​ស៊ីម្មាន​ដែល​ហៅ​ថា​នីគើរ​ លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន​ លោក​សុល​ និង​លោក​ម៉ាណាអេន​ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូឌ​ ជា​ស្ដេច​ត្រាញ់។​
Acts KhmerNT 13:2  ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​
Acts KhmerNT 13:3  បន្ទាប់ពី​បាន​តម​អាហារ​ អធិស្ឋាន​ និង​ដាក់​ដៃ​លើ​អ្នក​ទាំង​ពីរ​រួច​ហើយ​ ពួកគេ​ក៏​ចាត់​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ចេញ​ទៅ។​
Acts KhmerNT 13:4  ដូច្នេះ​ពួកគាត់​ក៏​ចេញ​ទៅ​តាម​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ​ ហើយ​ក៏​ចុះ​ទៅ​ក្រុង​សេលើស៊ា​ រួច​បាន​ចេញ​ពី​ក្រុង​នោះ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស​
Acts KhmerNT 13:5  ពេល​ទៅ​ដល់​ក្រុង​សាឡាមីន​ ពួក​គាត់​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ព្រមទាំង​មាន​លោក​យ៉ូហាន​ជា​អ្នក​ជំនួយ​របស់​ពួក​គាត់​ដែរ។​
Acts KhmerNT 13:6  ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​នោះ​ទាំង​មូល​រហូត​ដល់​ក្រុង​ប៉ាផុស​ ពួកគាត់​បាន​ជួប​គ្រូ​មន្ដ​អាគម​ជា​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​
Acts KhmerNT 13:7  ដែល​បាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃ​ លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស​ និង​លោក​សុល​ឲ្យ​មក​ជួប​ ព្រោះ​គាត់​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​
Acts KhmerNT 13:8  ប៉ុន្ដែ​ គ្រូ​មន្ដ​អាគម​អេលីម៉ាស់​ (ដ្បិត​ឈ្មោះ​របស់​គាត់​ប្រែ​ថា​ដូច្នេះ)​ បាន​ប្រឆាំង​ពួកគាត់​ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​ជំនឿ​
Acts KhmerNT 13:9  ប៉ុន្ដែ​លោក​សុល​ដែល​ហៅ​ថា​ប៉ូល​ គាត់​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​សម្លឹង​មើល​អ្នក​នោះ​
Acts KhmerNT 13:10  រួច​និយាយ​ថា៖​ «នែ​ កូន​អារក្ស​សាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោកប្រាស់​ និង​ល្បិចកល​គ្រប់​បែប​យ៉ាង​ និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំង​ឡាយ​អើយ!​ តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀងត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ?​
Acts KhmerNT 13:11  មើល៍​ ឥឡូវ​នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​ទាស់​នឹង​អ្នក​ ហើយ​អ្នក​នឹង​ត្រូវ​ខ្វាក់​មួយ​រយៈ​ មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ»​ ស្រាប់តែ​អ្នក​នោះ​ចាប់ផ្ដើម​ព្រិល​ភ្នែក​ ហើយ​ងងឹត​មើល​លែង​ឃើញ​ រួច​ដើរ​រាវរក​គេ​ឲ្យ​នាំ​ផ្លូវ​គាត់។​
Acts KhmerNT 13:12  ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​អភិបាល​ក៏​ជឿ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។​
Acts KhmerNT 13:13  លោក​ប៉ូល​ និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ប៉ាផុស​មក​ដល់​ក្រុង​ពើកា​ ក្នុង​ស្រុក​ប៉ាមភីលា។​ នៅ​ពេល​នោះ​លោក​យ៉ូហាន​បាន​ចាកចេញ​ពី​ពួកគាត់​ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​
Acts KhmerNT 13:14  ប៉ុន្ដែ​ពួកគាត់​បាន​ធ្វើ​ដំណើរ​បន្ដ​ពី​ក្រុង​ពើកា​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា​ រួច​ពួក​គាត់​បាន​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ។​
Acts KhmerNT 13:15  បន្ទាប់​ពី​អាន​គម្ពីរ​វិន័យ​ និង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​រួច​ហើយ​ ប្រធាន​សាលា​ប្រជុំ​បាន​ចាត់​គេ​ឲ្យ​ប្រាប់​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «បងប្អូន​អើយ!​ បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹកចិត្ដ​ប្រជាជន​ សូម​និយាយ​មក​ចុះ»។​
Acts KhmerNT 13:16  ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឡើង​ ទាំង​លើក​ដៃ​ជា​សញ្ញា​ ហើយ​និយាយ​ថា៖​ «ឱ​ជនជាតិ​អ៊ីស្រាអែល​ និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ សូម​ស្ដាប់​ចុះ!​
Acts KhmerNT 13:17  ព្រះ​របស់​ជនជាតិ​អ៊ីស្រាអែល​នេះ​បាន​ជ្រើសរើស​ដូនតា​របស់​យើង​ ហើយ​បាន​លើក​តម្កើង​ជនជាតិ​នេះ​ នៅ​ពេល​ពួកគេ​ស្នាក់នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ​ រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុក​នោះ​ ដោយ​ព្រះហស្ដ​ដ៏​មាន​អំណាច។​
Acts KhmerNT 13:18  ព្រះអង្គ​បាន​ទ្រាំទ្រ​នឹង​ពួកគេ​នៅ​ទីរហោឋាន​អស់​រយៈពេល​សែសិប​ឆ្នាំ​
Acts KhmerNT 13:19  ហើយ​ក្រោយពី​បាន​បំផ្លាញ​ជនជាតិ​ទាំង​ប្រាំពីរ​ក្នុង​ស្រុក​កាណាន​រួច​ ព្រះអង្គ​ក៏​ប្រគល់​ស្រុក​នោះ​ដល់​ពួកគេ​ទុក​ជា​មរតក។​
Acts KhmerNT 13:20  ហេតុការណ៍​ទាំង​នោះ​បាន​កើតឡើង​ប្រហែល​បួនរយ​ហាសិប​ឆ្នាំ។​ ក្រោយ​មក​ព្រះអង្គ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់​ពួកគេ​រហូត​ដល់​ជំនាន់​លោក​សាំយូអែល​ ដែល​ជា​អ្នក​នាំ​ព្រះបន្ទូល។​
Acts KhmerNT 13:21  បន្ទាប់មក​ គេ​បាន​សុំ​ឲ្យ​មាន​ស្ដេច​ ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​សូល​ ជា​កូន​លោក​គីស​មក​ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​សែសិប​ឆ្នាំ។​
Acts KhmerNT 13:22  បន្ទាប់ពី​ព្រះអង្គ​ដក​ស្ដេច​សូល​ចេញ​ ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​ ទាំង​មាន​បន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា​ យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​យើង​ទាំង​អស់។​
Acts KhmerNT 13:23  តាម​រយៈ​ពូជពង្ស​ស្ដេច​នេះ​ហើយ​ ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះយេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​តាម​សេចក្ដី​សន្យា។​
Acts KhmerNT 13:24  មុន​ពេល​ព្រះអង្គ​យាង​មក​ លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​អំពី​ពិធី​ជ្រមុជទឹក​ ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ត។​
Acts KhmerNT 13:25  កាល​លោក​យ៉ូហាន​កំពុង​បញ្ចប់​ភារកិច្ច​របស់​គាត់​ គាត់​បាន​និយាយ​ថា​ តើ​បងប្អូន​ស្មាន​ថា​ខ្ញុំ​ជា​នរណា?​ ខ្ញុំ​មិន​មែន​ជា​ព្រះអង្គ​នោះ​ទេ​ ប៉ុន្ដែ​មើល៍​ ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ នោះ​ខ្ញុំ​មិន​ស័ក្ដិសម​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង។​
Acts KhmerNT 13:26  ឱ​ បងប្អូន​ជា​កូនចៅ​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ និង​បងប្អូន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ ព្រះអង្គ​បាន​បញ្ជូន​ព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើង​ហើយ។​
Acts KhmerNT 13:27  ដ្បិត​ពួក​អ្នក​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ​មិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ​ និង​ពាក្យ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ដែល​បាន​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ​ទេ​ ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំង​នេះ​ដោយ​បាន​ធ្វើ​ទោស​ព្រះយេស៊ូ​
Acts KhmerNT 13:28  ហើយ​ទោះបី​ពួកគេ​រក​ហេតុ​សម្លាប់​ព្រះអង្គ​មិន​បាន​ក៏​ដោយ​ ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​សម្លាប់​ព្រះអង្គ​ដែរ។​
Acts KhmerNT 13:29  កាល​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​
Acts KhmerNT 13:30  ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​
Acts KhmerNT 13:31  ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ឃើញ​ជាច្រើន​ថ្ងៃ​ គឺ​អ្នក​ទាំង​នេះ​ហើយ​ជា​សាក្សី​របស់​ព្រះអង្គ​ដល់​បណ្ដាជន​នៅ​សព្វ​ថ្ងៃ​នេះ។​
Acts KhmerNT 13:32  ដូច្នេះ​ យើង​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង​នោះ​
Acts KhmerNT 13:33  ថា​ព្រះជាម្ចាស់​បាន​សម្រេច​សេចក្ដី​សន្យា​នេះ​ដល់​យើង​ ជា​កូនចៅ​របស់​ពួកគាត់​ដោយ​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​ទំនុក​តម្កើង​ជំពូក​ទី​ពីរ​ថា​ អ្នក​ជា​កូន​របស់​យើង​ យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ​
Acts KhmerNT 13:34  ហើយ​ការ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដោយ​មិន​ឲ្យ​ត្រលប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ​ទៀត​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា​ យើង​នឹង​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​ស្មោះត្រង់​ ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នក​រាល់គ្នា។​
Acts KhmerNT 13:35  ដូច្នេះ​ហើយ​ព្រះជាម្ចាស់​មាន​បន្ទូល​នៅ​ក្នុង​ទំនុក​តម្កើង​ផ្សេង​ទៀត​ដែរ​ថា​ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​សេចក្ដី​ពុក​រលួយ​ឡើយ។​
Acts KhmerNT 13:36  ដ្បិត​ស្ដេច​ដាវីឌ​ ពេល​បាន​បម្រើ​នៅ​ក្នុង​ជំនាន់​របស់​ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ ស្ដេច​ក៏​ស្លាប់​ទៅ​ ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​ រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​
Acts KhmerNT 13:37  ប៉ុន្ដែ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ មិន​បាន​ជួប​សេចក្ដី​ពុក​រលួយ​ទេ។​
Acts KhmerNT 13:38  ដូច្នេះ​ បងប្អូន​អើយ!​ សូម​យល់​អំពី​សេចក្ដី​នេះ​ថា​ តាមរយៈ​ព្រះយេស៊ូ​ ការ​លើកលែង​ទោស​បាប​ត្រូវ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​
Acts KhmerNT 13:39  ហើយ​ដោយសារ​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​ក៏​បាន​រាប់​ជា​សុចរិត​ពី​គ្រប់​ការ​ទាំង​អស់​ ដែល​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​អ្នក​រាល់គ្នា​មិន​អាច​ត្រូវ​រាប់​ជា​សុចរិត​បាន​ឡើយ។​
Acts KhmerNT 13:40  ដូច្នេះ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​កើត​មាន​ដល់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ថា​
Acts KhmerNT 13:41  ឱ​ពួក​អ្នក​មើលងាយ​អើយ!​ ចូរ​វិនាស​ ទាំង​ងឿង​ឆ្ងល់​ចុះ​ ដ្បិត​យើង​កំពុង​ធ្វើ​ការ​មួយ​នៅ​ក្នុង​ជំនាន់​អ្នក​រាល់គ្នា​ ជា​ការ​ដែល​អ្នក​រាល់គ្នា​មិន​ជឿ​ឡើយ​ ទោះបី​មាន​អ្នកណា​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ក៏​ដោយ»។​
Acts KhmerNT 13:42  កាល​លោក​ប៉ូល​ និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ​ ពួកគេ​បាន​អង្វរ​ពួកគាត់​ឲ្យ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ប្រាប់​ពួកគេ​នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ​ទៀត។​
Acts KhmerNT 13:43  នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួប​ប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា​ និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ បាន​ដើរ​តាម​លោក​ប៉ូល​ និង​លោក​បារណាបាស​ អ្នក​ទាំង​ពីរ​បាន​និយាយ​ដាស់តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។​
Acts KhmerNT 13:44  លុះ​ដល់​ថ្ងៃ​សប្ប័ទ​ក្រោយ​ អ្នក​ក្រុង​ស្ទើរតែ​ទាំង​អស់​បាន​មក​ជួបជុំ​គ្នា​ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​
Acts KhmerNT 13:45  ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​
Acts KhmerNT 13:46  ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​
Acts KhmerNT 13:47  ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​យ៉ាង​ដូច្នេះ​ថា​ យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​អ្នក​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​ចុង​បំផុត​នៃ​ផែនដី‍»។​
Acts KhmerNT 13:48  ពេល​សាសន៍​ដទៃ​ឮ​សេចក្ដី​នេះ​ ក៏​ត្រេកអរ​ ហើយ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ឲ្យ​មាន​ជីវិត​អស់កល្ប​ក៏​ជឿ​
Acts KhmerNT 13:49  ហើយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ក៏​ឮ​ពាសពេញ​តំបន់​នោះ​ទាំង​មូល​
Acts KhmerNT 13:50  ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រី​មាន​មុខ​មាត់​ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ និង​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុង​នោះ​ ពួកគេ​ក៏​លើក​គ្នា​បៀតបៀន​លោក​ប៉ូល​ និង​លោក​បារណាបាស​ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។​
Acts KhmerNT 13:51  ដូច្នេះ​ពួកគាត់​ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​ទាស់​នឹង​ពួកគេ​ រួច​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម​
Acts KhmerNT 13:52  រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ​ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។​
Chapter 14
Acts KhmerNT 14:1  នៅ​ក្រុង​អ៊ីកូនាម​ ពួក​គាត់​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ហើយ​និយាយ​ដូច​មុន​ ធ្វើ​ឲ្យ​មនុស្ស​ច្រើន​កុះករ​ជឿ​ មាន​ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​
Acts KhmerNT 14:2  ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍​ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។​
Acts KhmerNT 14:3  ទោះជា​យ៉ាងណា​ក្ដី​ ពួកគាត់​បាន​ស្នាក់នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ ទាំង​ប្រកាស​យ៉ាង​ក្លាហាន​ដោយ​ពឹង​អាង​លើ​ព្រះអម្ចាស់​ ដែល​បាន​បញ្ជាក់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដោយ​ប្រទាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគាត់។​
Acts KhmerNT 14:4  ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​
Acts KhmerNT 14:5  កាល​ពួក​ជនជាតិ​យូដា​ និង​ពួក​សាសន៍​ដទៃ​ ព្រមទាំង​ពួក​មេ​ដឹកនាំ​របស់​ពួកគេ​ឃុបឃិត​គ្នា​ចង់​ធ្វើ​បាប​ និង​គប់​ពួកគាត់​នឹង​ដុំ​ថ្ម​
Acts KhmerNT 14:6  ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​
Acts KhmerNT 14:7  ហើយ​ពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ។​
Acts KhmerNT 14:8  នៅ​ក្រុង​លីស្ដ្រា​ មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ​ គាត់​ខ្វិន​ពី​កំណើត​មិន​ដែល​ដើរ​បាន​ឡើយ។​
Acts KhmerNT 14:9  ពេល​លោក​ប៉ូល​កំពុង​និយាយ​ បុរស​នោះ​បាន​ស្ដាប់​ ហើយ​លោក​ប៉ូល​ក៏​សម្លឹង​មើល​គាត់​ ពេល​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ប្រោស​ឲ្យ​ជា​បាន​
Acts KhmerNT 14:10  ក៏​និយាយ​ខ្លាំងៗ​ថា៖​ «ចូរ​ក្រោក​ឈរ​ឡើង!‍»​ គាត់​ក៏​ស្ទុះ​ឡើង​ ហើយ​ដើរ​បាន។​
Acts KhmerNT 14:11  ពេល​បណ្ដាជន​បាន​ឃើញ​អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ​ ពួកគេ​ក៏​ស្រែក​ជា​ភាសា​លូកៅនា​ថា៖​ «ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជា​មនុស្ស​ចុះ​មក​រក​យើង​ហើយ!»​
Acts KhmerNT 14:12  ពេល​នោះ​គេ​ហៅ​លោក​បារណាបាស​ថា​ ព្រះ​សេយូស​ ហើយ​ហៅ​លោក​ប៉ូល​ថា​ ព្រះ​ហ៊ើមេស​ ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​និយាយ។​
Acts KhmerNT 14:13  បន្ទាប់មក​ សង្ឃ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​នៅ​ចំ​មុខ​ក្រុង​នោះ​ បាន​យក​គោ​ឈ្មោល​ និង​កម្រង​ផ្កា​មក‍​ឯ​ទ្វារ​ក្រុង​ ដោយ​មាន​បំណង​ថ្វាយ​យញ្ញបូជា​ជាមួយ​បណ្ដាជន។​
Acts KhmerNT 14:14  ប៉ុន្ដែ​ពេល​សាវក​បារណាបាស​ និង​សាវក​ប៉ូល​បាន​ឮ​ដំណឹង​នេះ​ ពួកគាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ ហើយ​រត់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ទាំង​ស្រែក​
Acts KhmerNT 14:15  ថា៖​ «បងប្អូន​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ធ្វើ​ដូច្នេះ?​ យើង​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់គ្នា​ដែរ​ យើង​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បែរ​ចេញ​ពី​ការ​ឥត​ប្រយោជន៍​ទាំង​នេះ​ មក​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ​ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃមេឃ​ ផែនដី​ សមុទ្រ​ និង​របស់​សព្វ​សារពើរ​ដែល​នៅ​ក្នុង​នោះ។​
Acts KhmerNT 14:16  កាល​ពី​ជំនាន់​មុន​ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជនជាតិ​ទាំង​អស់​ ទៅ​តាម​ផ្លូវ​របស់​ពួកគេ​រៀងៗ​ខ្លួន​
Acts KhmerNT 14:17  ប៉ុន្ដែ​ព្រះអង្គ​មិន​មែន​មិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​ គឺ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​ ដោយ​ប្រទាន​ភ្លៀង​ពី​លើ‍​មេឃ​ និង​រដូវ​បង្កើត​ផល​ ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារ​ និង​អំណរ»។​
Acts KhmerNT 14:18  ក្រោយពី​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ពួកគាត់​ក៏​បញ្ឈប់​បណ្ដាជន​មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​ពួកគាត់​យ៉ាង​ពិបាក។​
Acts KhmerNT 14:19  ពេល​នោះ​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ ព្រោះ​ស្មាន​ថា​ គាត់​ស្លាប់​ហើយ​
Acts KhmerNT 14:20  ប៉ុន្ដែ​ពេល​ពួក​សិស្ស​មក​ចោមរោម​គាត់​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ចេញ​ដំណើរ​ជាមួយ​លោក​បារណាបាស​ទៅ​ក្រុង​ឌើបេ។​
Acts KhmerNT 14:21  ក្រោយពី​ពួកគាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​នោះ​ និង​បាន​បង្កើត​សិស្ស​ជាច្រើន​រួច​ហើយ​ ពួកគាត់​ក៏​ត្រលប់​ទៅ​ក្រុង​លីស្ដ្រា​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​អាន់ទីយ៉ូក​វិញ​
Acts KhmerNT 14:22  ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​
Acts KhmerNT 14:23  ពេល​ពួកគាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុមជំនុំ​ ព្រមទាំង​អធិស្ឋាន​ដោយ​តម​អាហារ​រួច​ហើយ​ ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។​
Acts KhmerNT 14:24  បន្ទាប់មក​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ពីស៊ីឌា​មក​ដល់​ស្រុក​ប៉ាមភីលា។​
Acts KhmerNT 14:25  ក្រោយពី​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា​រួច​ហើយ​ ពួកគាត់​ក៏​ចុះ​ទៅ​ក្រុង​អាតាលា​
Acts KhmerNT 14:26  បន្ទាប់មក​ពួកគាត់​បាន​ចុះ​សំពៅ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ក្រុង​អាន់ទីយ៉ូក​វិញ​ ជា​កន្លែង​ដែល​គេ​បាន​ប្រគល់​ពួកគាត់​ទៅ​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់​សម្រាប់​កិច្ចការ​ដែល​ពួកគាត់​ទើប​នឹង​សម្រេច​បាន​នេះ។​
Acts KhmerNT 14:27  ពេល​ពួកគាត់​មក​ដល់​ ក៏​ប្រមូល​ក្រុមជំនុំ​មក​ជួបជុំ​គ្នា​ ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់​ និង​ពី​របៀប​ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍​ដទៃ​
Acts KhmerNT 14:28  ហើយ​ពួកគាត់​ក៏​ស្នាក់នៅ​ជាមួយ​ពួក​សិស្ស​យ៉ាង​យូរ។​
Chapter 15
Acts KhmerNT 15:1  នៅ​ពេល​នោះ​ មាន​អ្នក​ខ្លះ​បាន​ចុះ​ពី​ស្រុក​យូដា​មក​បង្រៀន​ពួក​បងប្អូន​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​កាត់ស្បែក​តាម​ទំនៀម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឡើយ»។​
Acts KhmerNT 15:2  ដូច្នេះ​ ក្រោយពី​លោក​ប៉ូល​ និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នក​ទាំង​នោះ​ ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​ និង​លោក​បារណាបាស​ ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ជួប​ពួក​សាវក​ និង​ពួក​ចាស់ទុំ​អំពី​រឿង​នេះ។​
Acts KhmerNT 15:3  ដូច្នេះ​ ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​ រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​ និង​ស្រុក​សាម៉ារី​ ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។​
Acts KhmerNT 15:4  ពេល​មក​ដល់​ក្រុង​យេរូសាឡិម​ ក្រុមជំនុំ​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​បាន​ស្វាគមន៍​ពួកគាត់​ ហើយ​ពួកគាត់​ក៏​រៀបរាប់​ប្រាប់​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​
Acts KhmerNT 15:5  នោះ​មាន​អ្នក​ខ្លះ​ពី​ខាង​គណៈ​ផារិស៊ី​ ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ថា៖​ «ត្រូវ​តែ​កាត់ស្បែក​ឲ្យ​ពួកគេ​ និង​បង្គាប់​ពួកគេ​ឲ្យ​កាន់​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ»។​
Acts KhmerNT 15:6  បន្ទាប់មក​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា​ដើម្បី​ពិចារណា​អំពី​បញ្ហា​នេះ។​
Acts KhmerNT 15:7  ក្រោយពី​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​មក​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ តាំង​ពី​គ្រា​មុន​ ព្រះជាម្ចាស់​បាន​ជ្រើសរើស​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គឺ​តាមរយៈ​មាត់​របស់​ខ្ញុំ​ សាសន៍​ដទៃ​បាន‍​ឮ​ព្រះបន្ទូល​នៃ​ដំណឹង​ល្អ​ ហើយ​ជឿ​
Acts KhmerNT 15:8  រីឯ​ព្រះជាម្ចាស់​ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ ព្រះអង្គ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ពួកគេ​ ដោយ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ​
Acts KhmerNT 15:9  ព្រះអង្គ​រាប់​យើង​ និង​ពួកគេ​មិន​ខុស​ប្លែក​គ្នា​ឡើយ​ គឺ​សំអាត​ចិត្ត​របស់​ពួកគេ​ដោយសារ​ជំនឿ​
Acts KhmerNT 15:10  ឥឡូវ​នេះ​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បងល​ព្រះជាម្ចាស់​ដោយ​ដាក់​នឹម​នៅ​ក​របស់​ពួក​សិស្ស​ដូច្នេះ​ ដែល​សូម្បី​តែ​ដូនតា​របស់​យើង​ និង​ខ្លួន​យើង​ផ្ទាល់​ក៏​មិន​អាច​ទ្រាំទ្រ​បាន​ផង?​
Acts KhmerNT 15:11  យើង​ជឿ​ថា​ យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​ដូចជា​ពួកគេ​ដែរ»។​
Acts KhmerNT 15:12  ពេល​នោះ​មនុស្ស​គ្រប់គ្នា​បាន​ស្ងៀមស្ងាត់​ ហើយ​ស្ដាប់​លោក​បារណាបាស​ និង​លោក​ប៉ូល​រៀបរាប់​អំពី​ទីសំគាល់​ និង​ការ​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​ នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។​
Acts KhmerNT 15:13  ក្រោយពី​អ្នក​ទាំង​ពីរ​នោះ​និយាយ​ចប់​ហើយ​ លោក​យ៉ាកុប​បាន​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ សូម​ស្ដាប់​ខ្ញុំ​
Acts KhmerNT 15:14  លោក​ស៊ីម៉ូន​បាន​ប្រាប់​រួច​ហើយ​អំពី​របៀប​ដែល​តាំង​ពី​ដំបូង​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ជ្រើសរើស​ប្រជារាស្ដ្រ​មួយ​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​
Acts KhmerNT 15:15  រីឯ​ពាក្យ​សំដី​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក៏​យល់​ស្រប​នឹង​ការ​នេះ​ដែរ​ គឺ​ដូច​ដែល​មាន​សេចក្ដី​ចែងទុក​ថា​
Acts KhmerNT 15:16  ក្រោយ​ហេតុការណ៍​ទាំង​នេះ​ យើង​នឹង​ត្រលប់​មក​វិញ​ ហើយ​សង់​រោង​របស់​ស្ដេច​ដាវីឌ​ដែល​បាន​រលំ​នោះ​ឡើង​វិញ។​ យើង​នឹង​សង់​អ្វីៗ​ដែល​ខូចខាត​នៅ​ក្នុង​នោះ​ ហើយ​លើក​រោង​នោះ​ឡើង​វិញ​
Acts KhmerNT 15:17  ដើម្បី​ឲ្យ​មនុស្ស​ដែល​នៅ​សល់​ស្វែងរក​ព្រះអម្ចាស់​ និង​សាសន៍​ដទៃ​ទាំងឡាយ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​សម្រាប់​ឈ្មោះ​របស់​យើង​
Acts KhmerNT 15:18  ព្រះអម្ចាស់​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​តាំង​ពី​ដើម​រៀង​មក​ បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ‍។​
Acts KhmerNT 15:19  ដូច្នេះ​ហើយ​ ខ្ញុំ​យល់​ឃើញ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នក​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​ ដែល​បាន​បែរ​មក‍​ឯ​ព្រះជាម្ចាស់​ពិបាក​ឡើយ​
Acts KhmerNT 15:20  ផ្ទុយ​ទៅ​វិញ​ ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀសវាង​ពី​សំណែន​ដែល​ស្មោកគ្រោក​ដោយសារ​រូបព្រះ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ឈាម​
Acts KhmerNT 15:21  ដ្បិត​តាំង​ពី​ជំនាន់​ដើម​ មាន​គេ​ប្រកាស​អំពី​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​នៅ​គ្រប់​ក្រុង​ទាំង​អស់​ ព្រមទាំង​អាន​នៅ​ក្នុង​សាលា​ប្រជុំ​រៀង​រាល់​ថ្ងៃ​សប្ប័ទ‍»។​
Acts KhmerNT 15:22  ពេល​នោះ​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ពី​ក្នុង​ចំណោម​ពួកគេ​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជាមួយ​លោក​ប៉ូល​ និង​លោក​បារណាបាស។​ ពួកគេ​ក៏​ជ្រើសរើស​បាន​លោក​យូដាស​ដែល​ហៅ​ថា​បារសាបាស​ និង​លោក​ស៊ីឡាស​ដែល​ជា​អ្នក​ដឹកនាំ​ក្នុង​ចំណោម​ពួក​បងប្អូន​
Acts KhmerNT 15:23  ហើយ​ពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​ទាំង​ពីរ​ថា៖​ «ពួក​សាវក​ និង​ចាស់ទុំ​ដែល​ជា​បងប្អូន​ សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍​ដទៃ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​
Acts KhmerNT 15:24  ពេល​យើង​ឮ​ថា​ មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​យើង​ ដែល​យើង​មិន​បាន​អនុញ្ញាត​ ពួកគេ​បាន​ចេញ​ទៅ​រំខាន​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​
Acts KhmerNT 15:25  យើង​ក៏​ព្រមព្រៀង​គ្នា​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ ហើយ​ចាត់​ទៅ‍​ឯ​អ្នក​រាល់គ្នា​ជាមួយ​លោក​បារណាបាស​ និង​លោក​ប៉ូល​ជា​ទី​ស្រឡាញ់​របស់​យើង​
Acts KhmerNT 15:26  ដែល​បាន​ប្រគល់​ជីវិត​របស់​ខ្លួន​សម្រាប់​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង។​
Acts KhmerNT 15:27  ដូច្នេះ​ហើយ​ យើង​បាន​ចាត់​លោក​យូដាស​ និង​លោក​ស៊ីឡាស​ឲ្យ​ទៅ​ ដ្បិត​អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ផ្ទាល់​មាត់​អំពី​សេចក្ដី​ដូចគ្នា​នេះ​
Acts KhmerNT 15:28  ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ព្រមទាំង​យើង​យល់​ឃើញ​ថា​ មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​ លើកលែង​តែ​សេចក្ដី​ចាំបាច់​ទាំង​នេះ​ប៉ុណ្ណោះ​
Acts KhmerNT 15:29  គឺ​ចៀសវាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូបព្រះ​ ពី​ឈាម​ ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ។​ បើ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​បាន​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាន​ប្រសើរ​ហើយ​ សូម​ជម្រាបលា»។​
Acts KhmerNT 15:30  ដូច្នេះ​ កាល​ពួកគេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ​ហើយ​ អ្នក​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រុង​ឤន់ទីយ៉ូក។​ ពេល​ក្រុមជំនុំ​មក​ជុំ​គ្នា​ហើយ​ ពួកគេ​ក៏​ប្រគល់​សំបុត្រ​នោះ​ឲ្យ​ក្រុមជំនុំ​
Acts KhmerNT 15:31  កាល​បាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ ក្រុមជំនុំ​ក៏​អរសប្បាយ​ចំពោះ​ការ​លើក​ទឹកចិត្ដ​នេះ​
Acts KhmerNT 15:32  រីឯ​លោក​យូដាស​ និង​លោក​ស៊ីឡាស​ ដែល​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ផង​ដែរ​ ក៏​បាន​លើក​ទឹកចិត្ដ​ ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជា​ច្រើន។​
Acts KhmerNT 15:33  បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​
Acts KhmerNT 15:34  ប៉ុន្តែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ ត្រូវ​ស្នាក់នៅ​ទី​នោះ​បន្ត​ទៀត។​
Acts KhmerNT 15:35  រីឯ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​ស្នាក់នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ទាំង​បង្រៀន​ និង​ប្រកាស​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជាមួយ​អ្នក​ឯទៀត​ជា​ច្រើន​នាក់​ដែរ។​
Acts KhmerNT 15:36  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​និយាយ​ទៅ​លោក​បារណាបាស​ថា៖​ «យើង​ត្រលប់​ទៅ​សួរ​សុខទុក្ខ​ពួក​បងប្អូន​ នៅ​តាម​ក្រុង​ទាំងឡាយ​ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ មើល៍​ តើ​ពួកគេ​យ៉ាងណា​ទៅ​ហើយ»​
Acts KhmerNT 15:37  ពេល​នោះ​លោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ​
Acts KhmerNT 15:38  ប៉ុន្ដែ​លោក​ប៉ូល​យល់​ឃើញ​ថា​ មិន​គួរ​យក​ម្នាក់​នេះ​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ពួកគាត់​ កាល​នៅ​ស្រុក​ប៉ាមភីលា​ ហើយ​មិន​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់​ទេ។​
Acts KhmerNT 15:39  ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ដូច្នេះ​ ពួកគេ​ក៏​ចែក​ផ្លូវ​គ្នា​ គឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុស​ចុះ​សំពៅ​ជាមួយ​ទៅ​កោះ​គីប្រុស​
Acts KhmerNT 15:40  រីឯ​លោក​ប៉ូល​វិញ​ បាន​ជ្រើសរើស​លោក​ស៊ីឡាស​ ហើយ​ចេញ​ដំណើរ​ទៅ​ ដោយ​មាន​ពួក​បងប្អូន​ផ្ទុកផ្ដាក់​គាត់​ទៅ​ក្នុង​ព្រះគុណ​របស់​ព្រះអម្ចាស់​
Acts KhmerNT 15:41  រួច​ពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​ ព្រមទាំង​បាន​ពង្រឹង​ក្រុមជំនុំ​នានា។​
Chapter 16
Acts KhmerNT 16:1  លោក​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​ និង​ក្រុង​លីស្ដ្រា​ដែរ​ ហើយ​នៅ​ទី​នោះ​ មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ ជា​កូនប្រុស​របស់​ស្ដ្រី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ​ ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក​
Acts KhmerNT 16:2  សិស្ស​ម្នាក់​នោះ​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​បងប្អូន​នៅ​ក្រុង​លីស្ដ្រា​ និង​ក្រុង​អ៊ីកូនាម​
Acts KhmerNT 16:3  លោក​ប៉ូល​ចង់​យក​ធីម៉ូថេ​ទៅ​ជាមួយ​ដែរ​ ដូច្នេះ​ក៏​យក​គាត់​ទៅ​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ ដោយព្រោះ​តែ​ពួក​ជនជាតិ​យូដា​ដែល​នៅ​កន្លែង​ទាំង​នោះ​ ដ្បិត​ពួកគេ​គ្រប់​គ្នា​ដឹង​ថា​ ឪពុក​គាត់​ជា​ជនជាតិ​ក្រេក។​
Acts KhmerNT 16:4  នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នានា​ ពួកគាត់​បាន​ប្រគល់​សេចក្ដី​បង្គាប់​ដែល​ពួក​សាវក​ និង​ពួក​ចាស់ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​តាម​
Acts KhmerNT 16:5  ដូច្នេះ​ ក្រុមជំនុំ​ទាំង​នោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង​ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។​
Acts KhmerNT 16:6  ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​
Acts KhmerNT 16:7  ពេល​មក​ដល់​ស្រុក​មីស៊ា​ ពួកគាត់​ព្យាយាម​ចូល​ទៅ​ស្រុក​ប៊ីធូនា​ ប៉ុន្តែ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទេ​
Acts KhmerNT 16:8  ដូច្នេះ​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​ចុះ​ទៅ​ក្រុង​ទ្រអាស។​
Acts KhmerNT 16:9  នៅ​ពេល​យប់​ លោក​ប៉ូល​បាន​ឃើញ​សុបិន​និមិត្ដ​មួយ​ គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖​ «សូម​អញ្ជើញ​មក​ជួយ​យើង​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង!»​
Acts KhmerNT 16:10  កាល​គាត់​បាន​ឃើញ​សុបិន​និមិត្ដ​នោះ​ហើយ​ យើង​ក៏​ប្រញាប់​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម​ ដោយ​យល់​ថា​ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។​
Acts KhmerNT 16:11  ដូច្នេះ​ យើង​ក៏​ចុះ​សំពៅ​ពី​ក្រុង​ទ្រអាស​តម្រង់​ទៅ‍​ឯ​កោះ​សាម៉ូត្រាស។​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល​
Acts KhmerNT 16:12  យើង​ចេញ​ពី​ក្រុង​នោះ​ទៅ​ក្រុង​ភីលីព​ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ស្រុក​ម៉ាសេដូន​ និង​ជា​ក្រុង​ចំណុះ​របស់​ចក្រភព​រ៉ូម​ រួច​យើង​បាន​ស្នាក់នៅ​ក្រុង​នោះ​ជាច្រើន​ថ្ងៃ។​
Acts KhmerNT 16:13  នៅ​ថ្ងៃ​សប្ប័ទ​ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​សំដៅ​ទៅ​មាត់​ទន្លេ​មួយ​ ជា​កន្លែង​ដែល​យើង​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន​ យើង​ក៏​អង្គុយ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ពួក​ស្ដ្រី​ដែល​បាន​មក​ជួបជុំ​គ្នា​
Acts KhmerNT 16:14  រួច​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា​ ហើយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់។​ ពេល​គាត់​កំពុង​ស្ដាប់​ ព្រះអម្ចាស់​បាន​បើក​ចិត្ដ​របស់​គាត់​ឲ្យ​យក​ចិត្ដ​ទុកដាក់​នឹង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ។​
Acts KhmerNT 16:15  បន្ទាប់ពី​គាត់​ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​ទទូច​សុំ​យើង​ថា៖​ «បើ​ពួក​លោក​យល់​ឃើញ​ថា​ ខ្ញុំ​ពិត​ជា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ!»​ ហើយ​នាង​បាន​ទទូច​រហូត​ដល់​យើង​ព្រម។​
Acts KhmerNT 16:16  ក្រោយមក​ ពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋាន​ មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស​ចេះ​ទាយ​ បាន​មក​ឯ​យើង។​ នាង​រក​កម្រៃ​ឲ្យ​ពួក​ម្ចាស់​នាង​បាន​ច្រើន​ណាស់​ ដោយសារ​ការ​ទាយ​នេះ។​
Acts KhmerNT 16:17  នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​
Acts KhmerNT 16:18  នាង​បាន​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​ ធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ ក៏​បែរ​ទៅ​បង្គាប់​វិញ្ញាណ​អាក្រក់​នោះ​ថា៖​ «យើង​បង្គាប់​ឯង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ចូរ​ចេញ​ពី​នាង​ទៅ!»​ ពេល​នោះ​ វា​ក៏​ចេញ​ពី​នាង​ភ្លាម​
Acts KhmerNT 16:19  ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​ គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ ពួកគេ​ក៏​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន‍។​
Acts KhmerNT 16:20  កាល​នាំ​ពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​ហើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «អ្នក​ទាំង​នេះ​ជា​ជនជាតិ​យូដា​ ហើយ​ពួកគេ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង​
Acts KhmerNT 16:21  គឺ​ពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ ឬ​ធ្វើ​តាម​ឡើយ»​
Acts KhmerNT 16:22  ដូច្នេះ​បណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់​ ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់​ហែក​សម្លៀក​បំពាក់​ពួកគាត់​ រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់​
Acts KhmerNT 16:23  ក្រោយពី​វាយ​ជាច្រើន​រំពាត់​មក​ ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ ទាំង​បញ្ជា​ឲ្យ​ឆ្មាំ​គុក​យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។​
Acts KhmerNT 16:24  ពេល​ឆ្មាំ​គុក​ទទួល​បញ្ជា​យ៉ាង​ដូច្នោះ​ហើយ​ គេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​គុក​ដែល​នៅ​ជ្រៅ​ ព្រមទាំង​ដាក់​ខ្នោះ​ជើង​ជាប់។​
Acts KhmerNT 16:25  នៅ​ប្រហែល​ពាក់​កណ្ដាល​អធ្រាត្រ​ កាល​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​កំពុង​អធិស្ឋាន​ ទាំង​ច្រៀង​ចម្រៀង​សរសើរ​ព្រះជាម្ចាស់​ ហើយ​ពួក​អ្នក​ទោស​កំពុង​តែ​ស្ដាប់​ពួកគាត់​ដែរ​នោះ​
Acts KhmerNT 16:26  ស្រាប់តែ​មាន​ការ​រញ្ជួយ​ដី​ជា​ខ្លាំង​បណ្ដាល​ឲ្យ​គ្រឹះ​គុក​រង្គើ​ ហើយ​ទ្វារ​គុក​ទាំងឡាយ​ក៏​របើក​ភ្លាម​ ឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​គ្រប់​គ្នា​បាន​របើក​ឡើង។​
Acts KhmerNT 16:27  ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង​ ឃើញ​ទ្វារ​គុក​ទាំងឡាយ​ចំហ​ដូច្នេះ​ គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន​ ដោយ​ស្មាន​ថា​អ្នក​ទោស​រត់​អស់​ហើយ​
Acts KhmerNT 16:28  ប៉ុន្ដែ​លោក​ប៉ូល​បាន​ស្រែក​ខ្លាំងៗ​ថា៖​ «កុំ​ធ្វើ​បាប​ខ្លួន​អី​ ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ»​
Acts KhmerNT 16:29  ឆ្មាំ​គុក​ក៏​សុំ​ឲ្យ​គេ​យក​ភ្លើង​មក​ ហើយ​រត់​ចូល​ទៅ​ខាង​ក្នុង​ រួច​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ទាំង​ភ័យញ័រ‍។​
Acts KhmerNT 16:30  ក្រោយពី​នាំ​ពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ​ ឆ្មាំ​គុក​នោះ​បាន​សួរ​ថា៖​ «លោកម្ចាស់!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ ដើម្បី​បាន​ទទួល​សេចក្ដី​សង្គ្រោះ?»​
Acts KhmerNT 16:31  ពួកគាត់​ក៏​ឆ្លើយ​ថា៖​ «ចូរ​ជឿ​ព្រះអម្ចាស់​យេស៊ូ​ចុះ​ នោះ​អ្នក​ ព្រមទាំង​គ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ»។​
Acts KhmerNT 16:32  បន្ទាប់មក​ពួកគាត់​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​ឆ្មាំ​គុក​នោះ​ ព្រមទាំង​អ្នក​ទាំងឡាយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ផង។​
Acts KhmerNT 16:33  នៅ​វេលា​យប់​ដដែល​នោះ​ ក្រោយពេល​យក​ពួកគាត់​ទៅ​លាង​របួស​រួច​ហើយ​ ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ភ្លាម។​
Acts KhmerNT 16:34  បន្ទាប់មក​ ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ ហើយ​ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​
Acts KhmerNT 16:35  លុះ​ភ្លឺ​ឡើង​ ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​នគរបាល​ឲ្យ​ទៅ​ប្រាប់​ថា៖​ «ចូរ​ដោះលែង​អ្នក​ទាំង​នោះ​ទៅ»​
Acts KhmerNT 16:36  ដូច្នេះ​ឆ្មាំ​គុក​ក៏​ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដី​ទាំង​នោះ​ថា៖​ «ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​គេ​ឲ្យ​មក​ ដើម្បី​ដោះលែង​ពួក​លោក​ហើយ​ ដូច្នេះ​ ឥឡូវ​នេះ​ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។​
Acts KhmerNT 16:37  ពេលនោះ​លោក​ប៉ូល​ក៏​និយាយ​ប្រាប់​ពួកគេ​ថា៖​ «ពួកគេ​បាន​វាយ​យើង​ជា​ជនជាតិ​រ៉ូម​នៅ​ទី​ប្រជុំជន​ ហើយ​យក​ទៅ​ដាក់​គុក​ ដោយ​មិន​បាន​កាត់​ទោស​ឡើយ​ ឥឡូវ​នេះ​ តើ​ពួកគេ​កំពុង​បណ្ដេញ​យើង​ចេញ​ ដោយ​សម្ងាត់​ទៀត​ឬ?​ ទេ​ មិន​បាន​ទេ!​ គឺ​អ្នក​ទាំង​នោះ​ត្រូវ​មក​នាំ​យើង​ចេញ​ទៅ​ដោយ​ផ្ទាល់»។​
Acts KhmerNT 16:38  ដូច្នេះ​ ពួក​នគរបាល​ទាំង​នោះ​បាន​ប្រាប់​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​អំពី​ពាក្យ​សំដី​ទាំង​នេះ​ ហើយ​ពេល​ឮ​ថា​ពួកគាត់​ជា​ជនជាតិ​រ៉ូម​ ពួកគេ​ភ័យខ្លាច​ណាស់​
Acts KhmerNT 16:39  ដូច្នេះ​ ពួកគេ​ក៏​មក​សុំ​ទោស​ពួកគាត់​ ហើយ​នាំ​ពួកគាត់​ចេញ​ពី​គុក​ទាំង​អង្វរ​ពួកគាត់​ឲ្យ​ចេញ​ពី​ក្រុង​នោះ។​
Acts KhmerNT 16:40  ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​
Chapter 17
Acts KhmerNT 17:1  ក្រោយមក​ ពេល​ពួកគាត់​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អាំភីប៉ូលី​ និង​ក្រុង​អ័ប៉ុឡូនា​ ពួកគាត់​ក៏​មក​ដល់​ក្រុង​ថែស្សាឡូនីច​ដែល​មាន​សាលា​ប្រជុំ​មួយ​របស់​ជនជាតិ​យូដា​នៅ​ទី​នោះ។​
Acts KhmerNT 17:2  លោក​ប៉ូល​ក៏​បាន​ទៅ​ជួប​ពួក​ជនជាតិ​យូដា​តាម​ទម្លាប់​របស់​គាត់​ ហើយ​អស់​រយៈពេល​បី​ថ្ងៃ​សប្ប័ទ​ គាត់​បាន​ជជែក​វែកញែក​បទគម្ពីរ​ជាមួយ​ពួកគេ​
Acts KhmerNT 17:3  ដោយ​ពន្យល់​ និង​បញ្ជាក់​ថា​ ព្រះគ្រិស្ដ​ត្រូវតែ​រងទុក្ខ​ ហើយ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រួច​គាត់​និយាយ​ទៀត​ថា៖​ «ព្រះយេស៊ូ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នេះ​ហើយ​ជា​ព្រះគ្រិស្ដ»។​
Acts KhmerNT 17:4  ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​
Acts KhmerNT 17:5  ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​ គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​ ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​ តាម​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។​
Acts KhmerNT 17:6  ប៉ុន្ដែ​ពេល​គេ​រក​អ្នក​ទាំង​ពីរ​មិន​ឃើញ​ គេ​ក៏​ចាប់​អូស​លោក​យ៉ាសុន​ និង​បងប្អូន​ខ្លះ​ទៀត​យក​ទៅ​ប្រគល់​ឲ្យ​ពួក​អាជ្ញាធរ​ក្រុង​ ដោយ​ស្រែក​ថា៖​ «ពួក​អ្នក​ធ្វើ​ឲ្យ​ផែនដី​ច្របូក​ច្របល់​បាន​មក​ដល់​ទីនេះ​
Acts KhmerNT 17:7  ​ហើយ​យ៉ាសុន​បាន​ទទួល​ពួកវា​ គឺ​ពួកវា​ទាំង​នេះ​កំពុង​ធ្វើ​អំពើ​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះចៅ​អធិរាជ​ ដោយ​ប្រកាស​ថា​ មាន​ស្ដេច​មួយ​អង្គ​ទៀត​ឈ្មោះ​យេស៊ូ!»​
Acts KhmerNT 17:8  ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ និង​ពួក​អាជ្ញាធរ​ក្រុង​ដែល‍​បាន​ស្ដាប់​សេចក្ដី​ទាំង​នេះ​ជ្រួល​ច្របល់។​
Acts KhmerNT 17:9  ពេល​ពួកគេ​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន​ និង​អ្នក​ផ្សេង​ទៀត​រួច​ហើយ​ ពួកគេ​ក៏​ដោះលែង​អ្នក​ទាំង​នោះ។​
Acts KhmerNT 17:10  រីឯ​ពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ ហើយ​ពេល​ទៅ​ដល់​ក្រុង​នោះ​ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​
Acts KhmerNT 17:11  ប៉ុន្ដែ​ជនជាតិ​យូដា​ទាំង​នេះ​មាន​គំនិត​បើក​ចំហ​ជាង​ពួក​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ ដ្បិត​ពួកគេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ដ​សង្វាត​ ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ សេចក្ដី​ទាំង​នេះ​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​
Acts KhmerNT 17:12  ដូច្នេះ​ហើយ​ ពួកគេ​ជាច្រើន​ក៏​ជឿ​ មាន​ទាំង​បុរស​ស្ដ្រី​ជនជាតិ​ក្រេក​ ដែល​មាន​មុខមាត់​ជាច្រើន​ផង​ដែរ​
Acts KhmerNT 17:13  ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​ លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​ និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត​
Acts KhmerNT 17:14  ដូច្នេះ​ ពួក​បងប្អូន​ក៏​នាំ​លោក​ប៉ូល​ចេញ​ទៅ​សមុទ្រ​ភ្លាម​ រីឯ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ស្នាក់នៅ​ទី​នោះ​ដដែល‍។​
Acts KhmerNT 17:15  ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​ទៅ​ជាមួយ​លោក​ប៉ូល​រហូត​ដល់​ក្រុង​អាថែន​ ហើយ​បាន​ត្រលប់​មក​វិញ​ ក្រោយពី​ទទួល​ពាក្យ​បណ្ដាំ​ឲ្យ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ទៅ​តាម​លោក​ប៉ូល​ជា​ប្រញាប់។​
Acts KhmerNT 17:16  នៅពេល​លោក​ប៉ូល​កំពុង​រង់ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន​ វិញ្ញាណ​របស់​គាត់​ពុះ​កញ្ជ្រោល​ជា​ខ្លាំង​ ដោយ​គាត់​សង្កេត​ឃើញ​មាន​រូបព្រះ​ពាសពេញ​ក្រុង​នោះ​
Acts KhmerNT 17:17  ដូច្នេះ​ គាត់​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា​ និង​ពួក​អ្នក​មក​ថ្វាយបង្គំ​នៅ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​ពួក​អ្នក​ដែល​គាត់​បាន​ជួប​នៅ​ក្នុង​ទីផ្សារ​ជា​រៀង​រាល់​ថ្ងៃ​
Acts KhmerNT 17:18  ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​ គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖​ «តើ​អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ ចង់​និយាយ​អំពី​អ្វី?»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ»​ [ពួកគេ​ពោល​ដូច្នេះ]​ ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ។​
Acts KhmerNT 17:19  ដូច្នេះ​ ពួកគេ​ក៏​នាំ​គាត់​ទៅ​ជួប​នឹង​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​សួរ​ថា៖​ «តើ​អ្នក​អាច​ប្រាប់​យើង​ឲ្យ​យល់​អំពី​សេចក្ដី​បង្រៀន​ថ្មី​ដែល​អ្នក​កំពុង​ប្រកាស​នេះ​បាន​ដែរ‍ឬ​ទេ?​
Acts KhmerNT 17:20  ដ្បិត​យើង​បាន​ឮ​អ្នក​និយាយ​ពី​សេចក្ដី​ប្លែកៗ​ ដូច្នេះ​ហើយ​ យើង​ចង់​ដឹង​ថា​ តើ​សេចក្ដី​ទាំង​នេះ​មាន​ន័យ​ដូចម្ដេច»។​
Acts KhmerNT 17:21  នៅ​សម័យ​នោះ​ អ្នក​ក្រុង​អាថែន​ និង​ពួក​ជន​បរទេស​ទាំងឡាយ​ដែល​រស់នៅ​ក្រុង​នោះ​ មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វី​ក្រៅពី​និទាន​រឿង​ ឬ​ស្ដាប់​រឿង​ថ្មីៗ​ឡើយ។​
Acts KhmerNT 17:22  ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ!​ ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​រាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វ​សារពើ​
Acts KhmerNT 17:23  ដ្បិត​ពេល​ខ្ញុំ​ដើរ​កាត់​ ហើយ​សង្កេត​មើល​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ដែល​មាន​ចារឹក​អក្សរ​ថា​ ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះ​ដែល​អ្នក​រាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិន​ស្គាល់​នេះ​
Acts KhmerNT 17:24  ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក​ និង​របស់​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌​ និង​ផែនដី​ ព្រះអង្គ​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​សង់​ដោយ​ដៃ​របស់​មនុស្ស​ឡើយ​
Acts KhmerNT 17:25  ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​
Acts KhmerNT 17:26  ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​
Acts KhmerNT 17:27  ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់​ ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​ នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិន​ខាន​ ពីព្រោះ​តាម​ពិត​ព្រះជាម្ចាស់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ​
Acts KhmerNT 17:28  ហើយ​យើង​រស់នៅ​ មាន​ចលនា​ និង​មាន​ជីវិត​ជា​មនុស្ស​ដោយសារ​ព្រះអង្គ​ ដូច​ដែល​កវី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ។​
Acts KhmerNT 17:29  ដូច្នេះ​ បើ​យើង​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន​ យើង​មិន​ត្រូវ​គិត​ថា​ ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ធ្វើ​ពី​មាស​ ប្រាក់​ ឬ​ថ្ម​ តាម​ជំនាញ​ និង​គំនិត​របស់​មនុស្ស​ឡើយ​
Acts KhmerNT 17:30  ដ្បិត​ពី​មុន​ព្រះជាម្ចាស់​បាន​ទត​រំលង​គ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅ​មែន​ ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះអង្គ​បង្គាប់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែចិត្ត​
Acts KhmerNT 17:31  ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​
Acts KhmerNT 17:32  នៅពេល​ពួកគេ​ឮ​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «យើង​ចង់​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ម្ដង​ទៀត»។​
Acts KhmerNT 17:33  ដូច្នេះ​ហើយ​ លោក​ប៉ូល​ក៏​ចាកចេញ​ពី​ចំណោម​ពួកគេ​ទៅ​
Acts KhmerNT 17:34  ប៉ុន្ដែ​មាន​អ្នក​ខ្លះ​បាន​ជឿ​ ហើយ​ចូល​រួម​ជាមួយ​គាត់​ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ មាន​ទាំង​លោក​ឌេវនីស​ ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ និង​ស្ដ្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស​ ព្រមទាំង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។​
Chapter 18
Acts KhmerNT 18:1  ក្រោយពី​ហេតុការណ៍​ទាំង​នោះ​ លោក​ប៉ូល​ក៏​ចាកចេញ​ពី​ក្រុង​អាថែន​ទៅ​ក្រុង​កូរិនថូស។​
Acts KhmerNT 18:2  នៅ​ក្រុង​នោះ​ លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា​ជា​អ្នក​ស្រុក​ប៉ុនតុស​ និង​នាង​ព្រីស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើប​មក​ពី​ស្រុក​អ៊ីតាលី​ ដ្បិត​ព្រះចៅ​អធិរាជ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចាកចេញ​ពី​ក្រុង​រ៉ូម​ លោក​ប៉ូល​ក៏​ចូល​ទៅ​ជួប​ពួកគេ​
Acts KhmerNT 18:3  ហើយ​ ដោយ​ព្រោះ​អ្នក​ទាំង​ពីរ​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​រោង​ដូច​គាត់​ គាត់​ក៏​ស្នាក់នៅ​ធ្វើ​ការ​ជាមួយ​ពួកគេ។​
Acts KhmerNT 18:4  រៀង​រាល់​ថ្ងៃ​សប្ប័ទ​ លោក​ប៉ូល​បាន​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​ ទាំង​ពន្យល់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ឲ្យ​មាន​ជំនឿ​
Acts KhmerNT 18:5  រួច​កាល​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ​ លោក​ប៉ូល​ក៏​ជាប់​មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ធ្វើ​បន្ទាល់​ដល់​ជនជាតិ​យូដា​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​
Acts KhmerNT 18:6  ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​
Acts KhmerNT 18:7  បន្ទាប់មក​គាត់​ក៏​ចាកចេញ​ពី​សាលា​ប្រជុំ​ រួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​យូស្ទុស​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​ផ្ទះ​របស់​គាត់​នៅ​ជាប់​សាលា​ប្រជុំ​
Acts KhmerNT 18:8  រីឯ​លោក​គ្រីសប៉ុស​ជា​ប្រធាន​សាលា​ប្រជុំ​ និង​ក្រុម​គ្រួសារ​ទាំង​មូល​បាន​ជឿ​លើ​ព្រះអម្ចាស់​ ហើយ​អ្នក​ក្រុង​កូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់​លោក​ប៉ូល​បាន​ជឿ​ និង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដែរ។​
Acts KhmerNT 18:9  នៅ​យប់​មួយ​ ព្រះអម្ចាស់​មាន​បន្ទូល​មក​លោក​ប៉ូល​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​និយាយ​បន្ដ​ទៀត​ កុំ​នៅ​ស្ងៀម​ឡើយ​
Acts KhmerNT 18:10  ដ្បិត​យើង​នៅ​ជាមួយ​អ្នក​ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​តតាំង​ ធ្វើបាប​អ្នក​បាន​ឡើយ​ ព្រោះ​មាន​ប្រជារាស្ដ្រ​របស់​យើង​ជាច្រើន​នៅ​ក្នុង​ក្រុង​នេះ»។​
Acts KhmerNT 18:11  គាត់​ក៏​ស្នាក់នៅ​ទី​នោះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ ទាំង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​ពួកគេ​
Acts KhmerNT 18:12  ប៉ុន្ដែ​ នៅពេល​លោក​កាលីយ៉ូ​ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ​ ជនជាតិ​យូដា​បាន​បះបោរ​ព្រមគ្នា​ប្រឆាំង​លោក​ប៉ូល​ ហើយ​នាំ​គាត់​ទៅ​សាលា​ក្ដី​
Acts KhmerNT 18:13  ដោយ​ចោទ​ថា៖​ «អ្នក​នេះ​កំពុង​តែ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ផ្ទុយ​នឹង​ច្បាប់»​
Acts KhmerNT 18:14  ប៉ុន្ដែ​ ពេល​លោក​ប៉ូល​បម្រុង​និយាយ​ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖​ «ឱ​ជនជាតិ​យូដា​អើយ!​ បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​ នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នក​រាល់គ្នា​
Acts KhmerNT 18:15  ប៉ុន្ដែ​បើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី​ ឬ​ឈ្មោះ​ ឬ​វិន័យ​របស់​អ្នក​រាល់គ្នា​វិញ​ ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ​ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្ដី​រឿង​បែប​នេះ​ទេ»។​
Acts KhmerNT 18:16  បន្ទាប់មក​ គាត់​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សាលា​ក្ដី​
Acts KhmerNT 18:17  ដូច្នេះ​ ពួកគេ​គ្រប់​គ្នា​ក៏​ចាប់​លោក​សូស្ថេន​ជា​ប្រធាន​សាលា​ប្រជុំ​ ហើយ​វាយ​គាត់​នៅ​មុខ​សាលា​ក្ដី​ ប៉ុន្ដែ​លោក​កាលីយ៉ូ​មិន​ខ្វល់​នឹង​រឿង​នេះ​ឡើយ។​
Acts KhmerNT 18:18  លោក​ប៉ូល​បាន​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ទៀត​ បន្ទាប់មក​គាត់​ក៏​ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល។​ លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។​
Acts KhmerNT 18:19  លុះ​មក​ដល់​ក្រុង​អេភេសូរ​ លោក​ប៉ូល​បាន​ទុក​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ទីនោះ​ រួច​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ ដើម្បី​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា​
Acts KhmerNT 18:20  ហើយ​ពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់នៅ​យូរ​បន្ដិច​ ប៉ុន្ដែ​គាត់​មិន​ព្រម​នៅ​ទេ​
Acts KhmerNT 18:21  ពេល​ជម្រាបលា​ពួកគេ​ គាត់​បាន​និយាយ​ដូច្នេះ​ថា៖​ «បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ ខ្ញុំ​នឹង​ត្រលប់​មក‍​ឯ​អ្នក​រាល់គ្នា​វិញ»​ រួច​គាត់​ក៏​ចុះ​សំពៅ​ចាកចេញ​ពី​ក្រុង​អេភេសូរ។​
Acts KhmerNT 18:22  ពេល​មក​ដល់​ក្រុង​សេសារា​ គាត់​ក៏​ទៅ​សួរ​សុខទុក្ខ​ក្រុមជំនុំ​ បន្ទាប់មក​គាត់​ក៏​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក​
Acts KhmerNT 18:23  ហើយ​បន្ទាប់ពី​បាន​ស្នាក់នៅ​ក្រុង​អាន់ទីយ៉ូក​មួយ​រយៈ​ពេល​ គាត់​ក៏​ចាកចេញ​ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​កាឡាទី​ និង​ស្រុក​ព្រីគា​ ទាំង​ពង្រឹង​ពួក​សិស្ស​ទាំង​អស់​ឲ្យ​រឹងមាំ។​
Acts KhmerNT 18:24  នៅ​គ្រា​នោះ​ មាន​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស​ ជា​អ្នក​ក្រុង​អ័លេក្សានទ្រា​បាន​មក​ដល់​ក្រុង​អេភេសូរ។​ គាត់​ជា​មនុស្ស​មាន​វោហារ​ ហើយ​ចេះ​បទគម្ពីរ​យ៉ាង​ស្ទាត់​
Acts KhmerNT 18:25  គាត់​បាន​ទទួល​ការ​អប់រំ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ ហើយ​ឆេះឆួល​ខាង​វិញ្ញាណ​ និង​បង្រៀន​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​សេចក្ដី​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ព្រះយេស៊ូ​ ទោះបី​ជា​គាត់​ស្គាល់​ត្រឹមតែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ​
Acts KhmerNT 18:26  គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​
Acts KhmerNT 18:27  កាល​លោក​អ័ប៉ុឡូស​មាន​បំណង​ឆ្លង​ទៅ​ស្រុក​អាខៃ​ ពួក​បងប្អូន​ក៏​លើក​ទឹកចិត្ដ​គាត់​ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួល​ស្វាគមន៍​គាត់​ ហើយ​ពេល​គាត់​ទៅ​ដល់​ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយសារ​ព្រះគុណ​
Acts KhmerNT 18:28  ដ្បិត​គាត់​ឆ្លើយ​បំភ្លឺ​ដល់​ជនជាតិ​យូដា​យ៉ាង​មាន​អំណាច​នៅ​ចំពោះ​មុខ​មហាជន​ ទាំង​បង្ហាញ​តាម​បទគម្ពីរ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ។​
Chapter 19
Acts KhmerNT 19:1  កាល​លោក​អ័ប៉ុឡូស​កំពុង​នៅ​ក្នុង​ក្រុង​កូរិនថូស​នៅ​ឡើយ​ លោក​ប៉ូល​បាន​ធ្វើ​ដំណើរ​កាត់​តំបន់​ខ្ពង់រាប​មក​ដល់​ក្រុង​អេភេសូរ​ ហើយ​គាត់​ក៏​ជួប​ពួក​សិស្ស​មួយ​ចំនួន​
Acts KhmerNT 19:2  គាត់​បាន​សួរ​ពួកគេ​ថា៖​ «ពេល​បងប្អូន​ជឿ​ តើ​បងប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ?»​ ពួកគេ​ឆ្លើយ​ថា៖​ «ទេ​ យើង​មិន​ដែល​ទាំង​ឮ​ថា​ មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង»​
Acts KhmerNT 19:3  ដូច្នេះ​ គាត់​ក៏​សួរ​ទៀត​ថា៖ «ចុះ​តើ​អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?»​ ពួកគេ​ឆ្លើយ​ថា៖​ «ដោយ​នូវ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»​
Acts KhmerNT 19:4  លោក​ប៉ូល​និយាយ​ថា៖​ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ដ​ ទាំង​ប្រាប់​មនុស្ស​ឲ្យ​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​គាត់​ គឺ​ព្រះយេស៊ូ»​
Acts KhmerNT 19:5  ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​
Acts KhmerNT 19:6  ហើយ​ពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​ រួច​ពួកគេ​ក៏​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ព្រមទាំង​ថ្លែង​ព្រះបន្ទូល‍​ផង‍។​
Acts KhmerNT 19:7  អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ដប់ពីរ​នាក់។​
Acts KhmerNT 19:8  បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​
Acts KhmerNT 19:9  ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​
Acts KhmerNT 19:10  គាត់​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ ដូច្នេះ​ហើយ​បាន​ជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​
Acts KhmerNT 19:11  ហើយ​ព្រះជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ប្លែកៗ​ តាម​រយៈ​ដៃ​របស់​លោក​ប៉ូល​
Acts KhmerNT 19:12  សូម្បី​តែ​កន្សែងដៃ​ ឬ​ក្រមា​ដែល​យក​ចេញ​ពី​ខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នកជំងឺ​ នោះ​ពួកគេ​ក៏​បាន​ជា​ពី​ជំងឺ​ ហើយ​ពួក​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ដែរ​
Acts KhmerNT 19:13  ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​
Acts KhmerNT 19:14  ហើយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ា​ ក៏​ធ្វើ​ដូច្នោះ​ដែរ​
Acts KhmerNT 19:15  ប៉ុន្ដែ​វិញ្ញាណ​អាក្រក់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «មែន​ យើង​ស្គាល់​ព្រះយេស៊ូ​ ហើយ​ក៏​ស្គាល់​ប៉ូល​ដែរ​ ចុះ​ពួក​ឯង​វិញ​ជា​នរណា?»​
Acts KhmerNT 19:16  រួច​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​លោត​ចូល​ទៅ​សង្គ្រប់​យក​ឈ្នះ​លើ​ពួកគេ​ទាំង​អស់​គ្នា​ រហូត​ធ្វើ​ឲ្យ​ពួកគេ​មាន​របួស​ ហើយ​រត់​ចេញ​ពី​ផ្ទះ​នោះ​ ទាំង​អាក្រាត​
Acts KhmerNT 19:17  រឿង​នេះ​បាន​លេច​ឮ​ដល់​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ផង​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​កោតខ្លាច​ ទាំង​លើក​តម្កើង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​
Acts KhmerNT 19:18  មាន​អ្នក​ជឿ​ជា​ច្រើន​បាន​ចូល​មក​ទទួល​សារភាព​ និង​លាត​ត្រដាង​ពី​អំពើ​ទាំងឡាយ​របស់​ខ្លួន​
Acts KhmerNT 19:19  ហើយ​ក៏​មាន​ពួក​អ្នក​ធ្វើ​មន្ដ​អាគម​ជាច្រើន​ បាន​ប្រមូល​ក្បួន​តម្រា​របស់​ពួកគេ​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា។​ តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​គិត​ជា​ប្រាក់​មាន​តម្លៃ​សរុប​ប្រាំម៉ឺន​កាក់​ប្រាក់​
Acts KhmerNT 19:20  ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក៏​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ និង​យ៉ាង​មាន​អំណាច។​
Acts KhmerNT 19:21  ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​
Acts KhmerNT 19:22  រួច​គាត់​ក៏​ចាត់​អ្នក​ជំនួយ​ការ​របស់​គាត់​ពីរ​នាក់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​ គឺ​លោក​ធីម៉ូថេ​ និង​លោក​អេរ៉ាស្ទុស​ រីឯ​គាត់​បាន​ស្នាក់នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​
Acts KhmerNT 19:23  ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​
Acts KhmerNT 19:24  ដ្បិត​មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស​ ជា​ជាង​ប្រាក់​ដែល​ធ្វើ​ខ្ទម​សក្ការ​ព្រះនាង​ឌីអាន​អំពី​ប្រាក់​ គាត់​បាន​ផ្ដល់​កម្រៃ​យ៉ាង​ច្រើន​ដល់​ពួក​ជាង។​
Acts KhmerNT 19:25  គាត់​បាន​ប្រមូល​ពួក​ជាង​ និង​ពួក​អ្នក​ដែល​ប្រកប​របរ​បែប​នេះ​ដែរ​ មក​ប្រាប់​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ យើង​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ដោយសារ​មុខរបរ​នេះ​
Acts KhmerNT 19:26  ប៉ុន្ដែ​បងប្អូន​បាន​ឃើញ​ និង​បាន​ឮ​ហើយ​ថា​ ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​ និង​បាន​បង្វែរ​បណ្ដាជន​ជាច្រើន​រួច​មក​ហើយ​ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ​ទេ​ គឺ​ស្ទើរតែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ ដោយ​និយាយ​ថា​ ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ មិន​មែន​ជា​ព្រះ​ទេ។​
Acts KhmerNT 19:27  នេះ​គឺ​ជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខ​របរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏​ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ ហើយ​អំណាច​របស់​ព្រះនាង​ដែល​ស្រុក​អាស៊ី​ និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​
Acts KhmerNT 19:28  ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​មាន​កំហឹង​ពេញ​ខ្លួន​ ហើយ​ស្រែក​ឡើង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​
Acts KhmerNT 19:29  ពេល​នោះ​មាន​ការ​ច្របូក​ច្របល់​ពេញ​ក្រុង​ ហើយ​ពួកគេ​សម្រុក​ចូល​ព្រមគ្នា​ទៅ​ក្នុង​ទីលាន​មហោស្រព​ រួច​ចាប់​លោក​កៃយុស​ និង​លោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។​
Acts KhmerNT 19:30  លោក​ប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ​
Acts KhmerNT 19:31  សូម្បី​តែ​មិត្ដ​របស់​គាត់​មួយ​ចំនួន​ដែល​ជា​មន្ដ្រី​ស្រុក​អាស៊ី​ ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ​ កុំ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​ទីលាន​មហោស្រព​
Acts KhmerNT 19:32  ពេល​នោះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ព្រោះ​អង្គ​ប្រជុំ​បាន​ច្របូក​ច្របល់​អស់​ហើយ​ ឯ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មក​ជួបជុំ​គ្នា​នេះ​ទេ។​
Acts KhmerNT 19:33  ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​
Acts KhmerNT 19:34  ប៉ុន្ដែ​ពេល​ដឹង​ថា​ លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដា​ ពួកគេ​បាន​ស្រែក​ព្រម​គ្នា​អស់​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​
Acts KhmerNT 19:35  ក្រោយពី​លេខាធិការ​ក្រុង​បាន​ឲ្យ​បណ្ដាជន​នៅ​ស្ងៀមស្ងាត់​ គាត់​ក៏​និយាយ​ថា៖​ «បងប្អូន​អ្នក​ក្រុង​អេភេសូរ​អើយ!​ តើ​មាន​អ្នកណា​មិន​ដឹង​ថា​ អ្នក​ក្រុង​អេភេសូរ​ជា​អ្នក​ថ្វាយបង្គំ​ព្រះនាង​ឌីអាន​ដ៏​ឧត្ដុង្គ​ឧត្ដម​ និង​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ!​
Acts KhmerNT 19:36  ដូច្នេះ​ គ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​ បងប្អូន​ត្រូវ​នៅ​ស្ងៀមស្ងាត់​ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ
Acts KhmerNT 19:37  ដ្បិត​ពួក​អ្នក​ទាំង​នេះ​ដែល​បងប្អូន​បាន​នាំ​មក​ មិន​មែន​ជា​ចោរ​ប្លន់​ព្រះ​វិហារ​ ហើយ​ក៏​មិន​បាន​ប្រមាថ​ព្រះ​របស់​យើង​ដែរ​
Acts KhmerNT 19:38  ប៉ុន្ដែ​បើ​លោក​ដេមេទ្រាស​ និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់​មាន​បណ្ដឹង​នឹង​នរណា​ម្នាក់​ នោះ​សាលា​ក្ដី​មាន​ស្រាប់​ ហើយ​អស់​លោក​អភិបាល​ក៏​មាន​ដែរ​ ចូរ​ឲ្យ​គេ​ប្ដឹង​គ្នា​ចុះ​
Acts KhmerNT 19:39  ប៉ុន្ដែ​បើ​បងប្អូន​ចង់​បាន​អ្វី​លើស​នេះ​ នោះ​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់​
Acts KhmerNT 19:40  ដ្បិត​យើង​កំពុង​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់​ដែល​នឹង​ត្រូវ​គេ​ចោទ​ពី​បទ​បង្ក​ចលាចល​នៅ​ក្នុង​ថ្ងៃ​នេះ​ ព្រោះ​យើង​គ្មាន​មូលហេតុ​អាច​ដោះសា​អំពី​ការ​ប្រជុំ​នេះ​បាន​ទេ»។​
Acts KhmerNT 19:41  ពេល​និយាយ​ដូច្នេះ​រួច​ហើយ​ គាត់​ក៏​រំសាយ​ការ​ប្រជុំ។​
Chapter 20
Acts KhmerNT 20:1  ក្រោយពី​ចលាចល​នេះ​បាន​ស្ងប់ស្ងាត់​ហើយ​ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​ ពេល​គាត់​លើក​ទឹកចិត្ត​ពួកគេ​រួច​ គាត់​ក៏​ជម្រាបលា​ពួកគេ​ ហើយ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។​
Acts KhmerNT 20:2  ពេល​គាត់​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​នោះ​ គាត់​បាន​លើក​ទឹកចិត្ដ​ដល់​ពួក​អ្នកជឿ​ដោយ​ពាក្យ​សំដី​ជាច្រើន​ រួច​គាត់​ក៏​មក​ដល់​ស្រុក​ក្រេក​
Acts KhmerNT 20:3  ហើយ​គាត់​បាន​រស់នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ខែ​ ពេល​គាត់​បម្រុង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​គាត់​ ដូច្នេះ​គាត់​បាន​សម្រេចចិត្ដ​បក​ក្រោយ​កាត់​តាម​ស្រុក​ម៉ាសេដូន​វិញ​
Acts KhmerNT 20:4  ហើយ​លោក​សូប៉ាត្រុស​ អ្នក​ក្រុង​បេរា​ ជា​កូន​លោក​ពីរូស​ និង​លោក​អើរីស្ដាក​ និង​លោក​សេគុនដុស​ ជា​អ្នក​ក្រុង​ថែស្សាឡូនីច​ លោក​កៃយុស​ និង​លោក​ធីម៉ូថេ​ ជា​អ្នក​ក្រុង​ឌើបេ​ ព្រមទាំង​លោក​ទីឃីកុស​ និង​លោក​ទ្រភីម​ ជា​អ្នក​ស្រុក​អាស៊ី​ បាន​រួម​ដំណើរ​ជាមួយ​គាត់​
Acts KhmerNT 20:5  ប៉ុន្ដែ​បងប្អូន​ទាំង​នេះ​បាន​ទៅ​ក្រុង​ទ្រអាស​រង់ចាំ​យើង​មុន​
Acts KhmerNT 20:6  រីឯ​យើង​វិញ​ នៅ​ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥតមេ​ក៏​ជិះ​សំពៅ​ចេញ​ពី​ក្រុង​ភីលីព‍។​ អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ យើង​ក៏​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស​ ហើយ​ស្នាក់នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ‍។​
Acts KhmerNT 20:7  លុះ​នៅ​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​នោះ​ ពេល​យើង​ជួបជុំ​គ្នា​ធ្វើ​ពិធី​កាច់​នំប៉័ង​ លោក​ប៉ូល​បាន​អធិប្បាយ​ទៅ​កាន់​ពួកគេ។​ ដោយព្រោះ​គាត់​បម្រុង​ចាកចេញ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​បន្ដ​អធិប្បាយ​រហូតដល់​ពាក់​កណ្ដាល​អធ្រាត្រ។​
Acts KhmerNT 20:8  នៅ​បន្ទប់​ជាន់​ខាង​លើ​ដែល​យើង​ជួបជុំ​គ្នា​នោះ​មាន​ភ្លើង​ចង្កៀង​ជាច្រើន​
Acts KhmerNT 20:9  មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស​កំពុង​អង្គុយ​លើ​មាត់​បង្អួច​ ពេល​លោក​ប៉ូល​អធិប្បាយ​យ៉ាង​យូរ​ យុវជន​នោះ​ងងុយ​ដេក​ជា​ខ្លាំង​ ហើយ​គាត់​ក៏​លង់​លក់​ទៅ​ រហូត​ទាល់​តែ​ធ្លាក់​ពី​ជាន់​ទីបី​មក​ ពេល​គេ​លើក​គាត់​ឡើង​ គាត់​បាន​ស្លាប់​ហើយ។​
Acts KhmerNT 20:10  លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​គាត់​ ហើយ​និយាយ​ថា៖​ «កុំ​បារម្ភ​ឡើយ​ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!»​
Acts KhmerNT 20:11  រួច​ក៏​ឡើង​ទៅ​លើ​វិញ​ ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​ និង​បរិភោគ​រួច​ហើយ​ គាត់​ក៏​សំណេះ​សំណាល​យ៉ាង​យូរ​រហូត​ដល់​ភ្លឺ​ ទើប​គាត់​ចេញ​ដំណើរ​
Acts KhmerNT 20:12  ហើយ​ពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ​ ទាំង​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ជា​ខ្លាំង‍។​
Acts KhmerNT 20:13  យើង​បាន​ជិះ​សំពៅ​ទៅ​ក្រុង​អាសុស​មុន​ ដើម្បី​ទទួល​លោក​ប៉ូល​នៅ​ទី​នោះ​ ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះ​ ព្រោះ​គាត់​មាន​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​
Acts KhmerNT 20:14  ពេល​គាត់​បាន​ជួប​យើង​នៅ​ក្រុង​អាសុស​ យើង​ក៏​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ក្រុង​មីទូលេន។​
Acts KhmerNT 20:15  នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ជិះ​សំពៅ​ពី​ទី​នោះ​ទៅ​ដល់​មុខ​កោះ​ឃីយ៉ូស​ ថ្ងៃ​បន្ទាប់​ទៀត​ យើង​ក៏​ឆ្លង​មក​ដល់​កោះ​សាម៉ុស​ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​ យើង​បាន​មក​ដល់​ក្រុង​មីលេត។​
Acts KhmerNT 20:16  ពេល​នោះ​ លោក​ប៉ូល​សម្រេចចិត្ដ​ធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរ​ ដើម្បី​កុំ​ឲ្យ​គាត់​ចំណាយ​ពេល​នៅ​ស្រុក​អាស៊ី​យូរ​ ព្រោះ​គាត់ប្រញាប់​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ថ្ងៃ​បុណ្យ​ទីហាសិប​ បើសិន​ជា​អាច​
Acts KhmerNT 20:17  ប៉ុន្ដែ​គាត់​បាន​ចាត់​គេ​ពី​ក្រុង​មីលេត​ទៅ​អញ្ជើញ​ក្រុម​ចាស់ទុំ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​មក​ជួប​គាត់។​
Acts KhmerNT 20:18  កាល​ពួកគេ​មក​ជួប​គាត់​ហើយ​ គាត់​ក៏​ប្រាប់​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ ពី​របៀប​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី​
Acts KhmerNT 20:19  គឺ​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការ​បន្ទាបខ្លួន​ ដោយ​ទឹក​ភ្នែក​ និង​ដោយ​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ ដោយសារ​បំណង​អាក្រក់​របស់​ជនជាតិ​យូដា​
Acts KhmerNT 20:20  ហើយ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​មិន​ដែល​លាក់លៀម​ឡើយ​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់គ្នា​នៅ​តាម​ទីសាធារណៈ​ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​
Acts KhmerNT 20:21  ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​
Acts KhmerNT 20:22  ឥឡូវ​នេះ​ មើល៍​ ព្រះវិញ្ញាណ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​មិន​ដឹង​ជា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ខ្ញុំ​នៅ​ទី​នោះ​ទេ​
Acts KhmerNT 20:23  ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា​ មាន​ចំណង​ និង​ទុក្ខ​លំបាក​កំពុង​រង់ចាំ​ខ្ញុំ​
Acts KhmerNT 20:24  ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ ឲ្យ​តែ​មុខងារ​ និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ បាន​សម្រេច‍​ចុះ‍។​
Acts KhmerNT 20:25  ពេល​នេះ​ខ្ញុំ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ដែល​បាន​ប្រកាស​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៀត​ហើយ​
Acts KhmerNT 20:26  ដូច្នេះ​ ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នេះ​ថា​ ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ទាំង​អស់​ទេ​
Acts KhmerNT 20:27  ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​បំណង​ទាំង​អស់​របស់​ព្រះជាម្ចាស់​ ដោយ​មិន​លាក់លៀម​ឡើយ។​
Acts KhmerNT 20:28  ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​
Acts KhmerNT 20:29  ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​
Acts KhmerNT 20:30  ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​
Acts KhmerNT 20:31  ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ដោយ​នឹកចាំ​ថា​ អស់​រយៈ​ពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ឥត​ឈប់ឈរ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​បង្ហូរ​ទឹកភ្នែក​
Acts KhmerNT 20:32  ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រគល់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​ស្អាង​ និង​ប្រទាន​មរតក​ដល់​អ្នក​ទាំង​អស់​គ្នា​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​
Acts KhmerNT 20:33  ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​មាស​ប្រាក់​ ឬ​សម្លៀក​បំពាក់​របស់​អ្នកណា​ឡើយ​
Acts KhmerNT 20:34  អ្នក​រាល់គ្នា​ផ្ទាល់​ក៏​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​ទាំង​ពីរ​នេះ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ ព្រមទាំង​អស់​អ្នក​នៅ​ជាមួយ​ខ្ញុំ។​
Acts KhmerNT 20:35  ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់គ្នា​សព្វគ្រប់​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ធ្វើ​ការ​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ ព្រមទាំង​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ ការ​ដែល​ឲ្យ​ មាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​
Acts KhmerNT 20:36  ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ​ទាំង​អស់​គ្នា​
Acts KhmerNT 20:37  ហើយ​ពួកគេ​គ្រប់​គ្នា​បាន​យំ​យ៉ាង​ខ្លាំង​ ទាំង​ឱប​ថើប​គាត់​
Acts KhmerNT 20:38  ដោយ​ព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ពួកគេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ​ រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ‍។​
Chapter 21
Acts KhmerNT 21:1  ពេល​យើង​លា​ពួកគេ​រួច​ហើយ​ ក៏​ជិះ​សំពៅ​តម្រង់​ទៅ​កោះ​កូស​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​មក​ដល់​កោះ​រ៉ូដូស​ រួច​ក៏​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​ប៉ាតារ៉ា​
Acts KhmerNT 21:2  ហើយ​ពេល​ឃើញ​មាន​សំពៅ​ទៅ​ស្រុក​ភេនីស​ យើង​ក៏​ជិះ​សំពៅ​នោះ​ទៅ​មុខ​ទៀត។​
Acts KhmerNT 21:3  ពេល​យើង​ឃើញ​កោះ​គីប្រុស​ យើង​ក៏​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ឆ្វេង​កោះ​នោះ​ តម្រង់​ទៅ​ស្រុក​ស៊ីរី​ ហើយ​ក៏​មក​ដល់​ក្រុង​ទីរ៉ុស​ ដ្បិត​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទី​នោះ។​
Acts KhmerNT 21:4  ក្រោយ​ពី​រក​ឃើញ​ពួក​សិស្ស​ យើង​ក៏​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ​ ហើយ​តាមរយៈ​ព្រះវិញ្ញាណ​ ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​មិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ​
Acts KhmerNT 21:5  ប៉ុន្ដែ​កាល​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។​ ពួកគេ​ និង​ប្រពន្ធ​កូន​របស់​ពួកគេ​ទាំង​អស់​ បាន​ជូន​ដំណើរ​យើង​ទៅ​ក្រៅ​ក្រុង​ ហើយ​យើង​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ​
Acts KhmerNT 21:6  បន្ទាប់មក​យើង​បាន​ជម្រាបលា​គ្នា​ទៅ​វិញ​ទៅ​មក​ រួច​យើង​ក៏​ចុះ​សំពៅ‍​ទៅ រីឯ​អ្នក​ទាំង​នោះ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​
Acts KhmerNT 21:7  ពេល​យើង​បញ្ចប់​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស​ យើង​ក៏​មក​ដល់​ក្រុង​ផ្ទលេមេ​ ហើយ​ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បងប្អូន​រួច​ យើង​ក៏​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។​
Acts KhmerNT 21:8  នៅ​ថ្ងៃ​បន្ទាប់​ យើង​ចេញ​ដំណើរ​ទៀត​ ហើយ​មក​ដល់​ក្រុង​សេសារា​ រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព​ ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ។​
Acts KhmerNT 21:9  លោក​ភីលីព​មាន​កូនក្រមុំ​បួន​នាក់​ ដែល​ថ្លែង​ព្រះបន្ធូល។​
Acts KhmerNT 21:10  កាល​យើង​កំពុង​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ នោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ឈ្មោះ​អ័ក្កាបុស​ បាន​ចុះ​ពី​ស្រុក​យូដា​មក​
Acts KhmerNT 21:11  ពេល​មក​ដល់​យើង​ហើយ​ គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​ មក​ចង​ជើង​ដៃ​ខ្លួន​ឯង​ ហើយ​និយាយ​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ដូច្នេះ​ថា​ ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។​
Acts KhmerNT 21:12  ពេល​ឮ​ដូច្នេះ​ យើង​ ព្រមទាំង​បងប្អូន​នៅ​ស្រុក​នោះ​ បាន​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ឡើយ​
Acts KhmerNT 21:13  ពេល​នោះ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​យំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ដ​ធ្វើ​អ្វី?​ ដ្បិត​ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ ខ្ញុំ​មិន​ត្រឹមតែ​សុខចិត្ដ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ​ គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀត​ផង»​
Acts KhmerNT 21:14  ពេល​គាត់​មិន​ព្រម​ស្ដាប់​តាម​ការ​អង្វរ​របស់​យើង​ យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត​ ហើយ​និយាយ​ថា៖​ «សូម​ឲ្យ​បំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ»។​
Acts KhmerNT 21:15  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ យើង​ក៏​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​
Acts KhmerNT 21:16  ហើយ​មាន​សិស្ស​ខ្លះ​មក​ពី​ក្រុង​សេសារា​ បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​យើង​ដែរ​ ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​អ្នក​កោះ​គីប្រុស​ម្នាក់​ឈ្មោះ​ម៉្នាសុន​ ជា​សិស្ស​ដំបូង​ម្នាក់។​
Acts KhmerNT 21:17  កាល​យើង​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ​ ពួក​បងប្អូន​បាន​ស្វាគមន៍​យើង​យ៉ាង​រីករាយ។​
Acts KhmerNT 21:18  ​នៅ​ថ្ងៃ​បន្ទាប់​ លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​លោក​យ៉ាកុប​ជាមួយ​យើង​ ហើយ​ចាស់ទុំ​ទាំង​អស់​បាន​មក​ដែរ។​
Acts KhmerNT 21:19  បន្ទាប់ពី​ជម្រាប​សួរ​អ្នក​ទាំង​នោះ​រួច​ហើយ​ លោក​ប៉ូល​ក៏​រៀបរាប់​ដោយ​លំអិត​អំពី​កិច្ចការ​ទាំង​ឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ​តាមរយៈ​កិច្ចការ​របស់​គាត់។​
Acts KhmerNT 21:20  ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​និយាយ​ទៅ​គាត់​ថា៖​ «បង​អើយ!​ បង​ឃើញ​ស្រាប់​ហើយ‍​ថា​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​ និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរ​វិន័យ​ទាំង​អស់​គ្នា​
Acts KhmerNT 21:21  ប៉ុន្ដែ​ ពួកគេ​បាន‍​ឮ​ដំណឹង​អំពី​បង​ថា​ បង​បាន​បង្រៀន​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ​ គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​កាត់ស្បែក​កូនចៅ​ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ​
Acts KhmerNT 21:22  បើ​ដូច្នេះ​មែន​ តើ​ធ្វើ​ដូចម្ដេច​ទៅ?​ ដ្បិត​ពួកគេ​មុខជា​ឮ​ថា​បង​បាន​មក​ដល់​ទី​នេះ​ហើយ​
Acts KhmerNT 21:23  ដូច្នេះ​ សូម​ធ្វើ​តាម​ដែល​យើង​ប្រាប់​បង​ចុះ​ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​កំពុង​ជាប់​បំណន់​
Acts KhmerNT 21:24  គឺ​សូម​បង​នាំ​អ្នក​ទាំង​នេះ​ទៅ​ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ជាមួយ​ពួកគេ​ ព្រមទាំង​ចេញ​ប្រាក់​ឲ្យ​ពួកគេ​កោរ​សក់​ផង​ ដើម្បី​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ សេចក្ដី​ដែល​ពួកគេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ​ គឺ​បង​បាន​រស់នៅ​ដោយ​កាន់​តាម​គម្ពីរ​វិន័យ​វិញ​
Acts KhmerNT 21:25  រីឯ​សាសន៍​ដទៃ​ទាំងឡាយ​ដែល​បាន​ជឿ​នោះ​ យើង​បាន​សរសេរ​សេចក្ដី​សម្រេច​របស់​យើង​ផ្ញើ​ទៅ​ពួកគេ​រួច​ហើយ​ គឺ​ឲ្យ​ពួកគេ​ចៀសវាង​ការ​បរិភោគ​សំណែន​ដល់​រូបព្រះ​ ឈាម​ សាច់​សត្វ​ដែល​គេ​ច្របាច់​ក​ និង​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ»។​
Acts KhmerNT 21:26  ពេល​នោះ​លោក​ប៉ូល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ធ្វើ​ពិធី​ជម្រះកាយ​ជាមួយ​ពួកគេ​ រួច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ដើម្បី​បញ្ជាក់​អំពី​ថ្ងៃ​នៃ​ការ​បញ្ចប់​ពិធី​ជម្រះកាយ​ និង​តង្វាយ​ដែល​ពួកគេ​ម្នាក់ៗ‍​ត្រូវ​ថ្វាយ​
Acts KhmerNT 21:27  ប៉ុន្ដែ​កាល​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ មាន​ពួក​ជនជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី​ បាន​ឃើញ​គាត់​នៅ​ក្នុង​ព្រះវិហារ​ ក៏​ញុះញង់​បណ្ដាជន​ទាំង​អស់​ឲ្យ​ចាប់​គាត់​
Acts KhmerNT 21:28  ដោយ​ស្រែក​ឡើង​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ មក៍​ជួយ​គ្នា!​ ម្នាក់​នេះ​ហើយ​ ដែល​បាន​បង្រៀន​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង​ ទាស់​នឹង​គម្ពីរ​វិន័យ​របស់​យើង​ហើយ​ទាស់​នឹង​ទី​កន្លែង​នេះ​ លើស​ពី​នេះ​ទៀត​ គាត់​បាន​នាំ​ជនជាតិ​ក្រេក​ចូល​មក​ក្នុង​ព្រះ​វិហារ​ ហើយ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​នេះ​ស្មោកគ្រោក​ទៀត»​
Acts KhmerNT 21:29  ដ្បិត​កាល​ពី​មុន​ពួកគេ​ធ្លាប់​ឃើញ​លោក​ទ្រភីម​ ជា​អ្នក​ក្រុង​អេភេសូរ​នៅ​ក្នុង​ក្រុង​ជាមួយ​លោក​ប៉ូល​ នោះ​ពួកគេ​ស្មាន​ថា​លោក​ប៉ូល​បាន​នាំ​អ្នក​នោះ​ចូល​ក្នុង​ព្រះ​វិហារ។​
Acts KhmerNT 21:30  ពេល​នោះ​ មាន​ចលាចល​ពេញ​ក្រុង​ទាំង​មូល​ មនុស្ស​បាន​រត់​មក​ចោមរោម​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ​វិហារ​ ហើយ​បាន​បិទ​ទ្វារ​វិញ​ភ្លាម។​
Acts KhmerNT 21:31  ពេល​ដែល​ពួកគេ​រក​សម្លាប់​គាត់​ មេ​បញ្ជាការ​របស់​កង​ទាហាន​រ៉ូម​បាន‍​ដឹង​ដំណឹង​ថា​ ក្រុង​យេរូសាឡិម​ទាំង​មូល​កំពុង​ស្ថិត​នៅ​ក្នុង​ចលាចល។​
Acts KhmerNT 21:32  ដូច្នេះ​ គាត់​ក៏​នាំ​ពួក​នាយ​ទាហាន​ និង​ពល​ទាហាន​រត់​ចុះ​មក‍​ឯ​ពួកគេ​ភ្លាម‍។​ ពេល​ពួកគេ​ឃើញ​មេបញ្ជាការ​ និង​ពល​ទាហាន​ក៏​ឈប់​វាយ​លោក​ប៉ូល​
Acts KhmerNT 21:33  ពេល​នោះ​ មេ​បញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល​ ទាំង​បញ្ជា​ឲ្យ​គេ​ដាក់​ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ​ ព្រមទាំង​សួរ​ថា​ តើ​គាត់​ជា​នរណា​ ហើយ​មាន​រឿង​អ្វី​ខ្លះ​
Acts KhmerNT 21:34  ប៉ុន្ដែ​ នៅ​ក្នុង​ចំណោម​បណ្ដាជន​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ហើយ​ដោយសារ​សំឡេង​អឺងកង​ពេក​ មេបញ្ជាការ​មិន​អាច​ដឹង​រឿង​អ្វី​ពិត​ប្រាកដ​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។​
Acts KhmerNT 21:35  ពេល​គាត់​មក​ដល់​ជណ្ដើរ​ ហើយ​ដោយ​ព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង​
Acts KhmerNT 21:36  ដ្បិត​មាន​បណ្ដាជន​ច្រើន​កុះករ​នៅតែ​ដើរ​តាម​ ទាំង​ស្រែក​ថា៖​ «កំចាត់​វា​ចោល​ទៅ!»​
Acts KhmerNT 21:37  ពេល​ពួក​ទាហាន​បម្រុង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ លោក​ប៉ូល​ក៏​និយាយ​ទៅ​មេបញ្ជាការ​ថា៖​ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ‍?‍»​ មេបញ្ជាការ​ក៏​សួរ​ថា៖​ «អ្នក​ក៏​ចេះ​ភាសា​ក្រេក​ដែរ​ឬ?​
Acts KhmerNT 21:38  ដូច្នេះ​ តើ​អ្នក​មិន​មែន​ជា​ជនជាតិ​អេស៊ីព្ទ​ដែល​បាន​បង្កើត​ការ​បះបោរ​ថ្មីៗ​នេះ​ ហើយ​នាំ​ឃាតករ​បួន​ពាន់​នាក់​ចូល​ទៅ​ក្នុង​ទីរហោឋាន​ទេ​ឬ​?»​
Acts KhmerNT 21:39  លោក​ប៉ូល​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​ជនជាតិ​យូដា​មក​ពី​ក្រុង​តើសុស​ ស្រុក​គីលីគា​ មិន​មែន​ជា​ប្រជាជន​មក​ពី​ក្រុង​តូចតាច​ទេ​ ដូច្នេះ​ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។​
Acts KhmerNT 21:40  ពេល​មេបញ្ជាការ​អនុញ្ញាត​ឲ្យ​ លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​ នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖​
Chapter 22
Acts KhmerNT 22:1  «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ ឥឡូវ​នេះ​ សូម​ស្ដាប់​ខ្ញុំ​ឆ្លើយ​ការពារ​សិន!»​
Acts KhmerNT 22:2  ពេល​ពួកគេ‍​ឮ​គាត់​និយាយ​ភាសា​ហេព្រើរ​មក​កាន់​ពួកគេ​ដូច្នេះ​ ពួកគេ​កាន់តែ​ស្ញៀម​ស្ញាត់​ថែម​ទៀត​ ហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា៖​
Acts KhmerNT 22:3  «ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​
Acts KhmerNT 22:4  គឺ​ខ្ញុំ​បាន​បៀតបៀន​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ រហូត​ដល់​សម្លាប់​គេ​ ព្រមទាំង​ចាប់ចង​ទាំង​ប្រុស​ ទាំង​ស្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង​
Acts KhmerNT 22:5  សូម្បីតែ​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំង​អស់​ ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នេះ​ ឲ្យ​ទៅ​ចាប់​ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។​
Acts KhmerNT 22:6  ប៉ុន្ដែ​ មាន​រឿង​មួយ​បាន​កើតឡើង​ចំពោះ​ខ្ញុំ​ គឺ​ប្រហែល​ជា​នៅ​ពេល​ថ្ងៃ​ត្រង់​ ពេល​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ ស្រាប់តែ​មាន​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​បាន​ចាំង​ពី​លើ​មេឃ​មក​ជុំវិញ​ខ្ញុំ​
Acts KhmerNT 22:7  នៅ​ពេល​នោះ​ ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​ ហើយ​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ សុល​អើយ​សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​
Acts KhmerNT 22:8  ខ្ញុំ​បាន​ឆ្លើយ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ខ្ញុំ​ជា​យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ដែល​អ្នក​កំពុង​បៀតបៀន​
Acts KhmerNT 22:9  រីឯ​អស់​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ​ ប៉ុន្ដែ​មិន​បាន​យល់​ថា​សំឡេង​នោះ​និយាយ​អ្វី​មក​ខ្ញុំ​ទេ​
Acts KhmerNT 22:10  ហើយ​ខ្ញុំ​ក៏​សួរ​ថា​ ព្រះជាម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ ដ្បិត​នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​
Acts KhmerNT 22:11  ប៉ុន្ដែ​ដោយសារ​តែ​ភាព​រុងរឿង​នៃ​ពន្លឺ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ងងឹត​ភ្នែក​ ពួក​អ្នក​នៅ​ជាមួយ​ខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់‍។​
Acts KhmerNT 22:12  មាន​មនុស្ស​ម្នាក់​នៅ​ក្រុង​នោះ​ ឈ្មោះ​អាណានាស​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ស្រប​ទៅ​តាម​គម្ពីរ​វិន័យ​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ទីនោះ​
Acts KhmerNT 22:13  គាត់​បាន​មក​ជួប​ខ្ញុំ​ដោយ​ឈរ​និយាយ​ក្បែរ​ខ្ញុំ​ថា​ ឱ​បង​សូល​អើយ!​ សូម​ឲ្យ​ភ្នែក​របស់​បង​មើល​ឃើញ​វិញ​ចុះ!​ រំពេច​នោះ​ ខ្ញុំ​ក៏​មើល​ឃើញ​គាត់​
Acts KhmerNT 22:14  រួច​គាត់​និយាយ​ថា​ ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ជ្រើសរើស​បង​ឲ្យ​ស្គាល់​បំណង​របស់​ព្រះអង្គ​ និង​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត​ ព្រមទាំង​ឮ​សំឡេង​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់​
Acts KhmerNT 22:15  ព្រោះ​បង​នឹង​ធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ទាំង​អស់​ សម្រាប់​ព្រះអង្គ​អំពី​អ្វី​ដែល​បង​បាន​ឃើញ​ និង​បាន​ឮ​
Acts KhmerNT 22:16  ដូច្នេះ​ តើ​បង​នៅ​ចាំ​អ្វី​ទៀត?​ ចូរ​ក្រោក​ឡើង​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ ព្រមទាំង​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​លុបលាង​បាប​របស់​បង​ចុះ‍។​
Acts KhmerNT 22:17  មាន​រឿង​មួយ​បាន​កើតឡើង​ ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ហើយ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​វិហារ​ ខ្ញុំ​ក៏​លង់​ក្នុង​សុបិន​និមិត្ដ​
Acts KhmerNT 22:18  ហើយ​ឃើញ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ប្រញាប់​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ ព្រោះ​គេ​មិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយ​អំពី​ខ្ញុំ​ទេ‍។​
Acts KhmerNT 22:19  ខ្ញុំ​ក៏​ទូល​ថា​ ព្រះអម្ចាស់​អើយ!​ ពួកគេ​ដឹង​ស្រាប់​ហើយ​ថា​ ខ្ញុំ​បាន​ចាប់​ពួក​អ្នកជឿ​ព្រះអង្គ​យក​ទៅ​ដាក់​គុក​ ទាំង​វាយ​ដំ​ពួកគេ​នៅ​តាម​សាលា​ប្រជុំ​នានា​ផង​
Acts KhmerNT 22:20  ហើយ​កាល​ពួកគេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​សាក្សី​របស់​ព្រះអង្គ​ ខ្ញុំ​ក៏​ឈរ​នៅ​ទី​នោះ​ ទាំង​យល់​ស្រប​ដែរ​ ហើយ​យាម​សម្លៀក​បំពាក់​ឲ្យ​ពួក​អ្នក​សម្លាប់​គាត់​ទៀត​ផង។​
Acts KhmerNT 22:21  ព្រះអង្គ​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ចេញ​ទៅ​ ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។​
Acts KhmerNT 22:22  ពេល​ពួកគេស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះក៏​ស្រែក​ឡើង​ថា៖​ «សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ!​ ដ្បិត​វា​មិន​សម​រស់​ទេ»​
Acts KhmerNT 22:23  ហើយ​ពេល​ពួកគេ​កំពុង​ស្រែក​ ទាំង​គ្រវែង​សម្លៀក​បំពាក់​ចោល​ និង​បាច​ធូលី​ដី​ទៅ​លើ​អាកាស​
Acts KhmerNT 22:24  មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ រួច​បង្គាប់​ឲ្យ​គេ​សួរ​ចម្លើយ​គាត់​ដោយ​វាយ​នឹង​ខ្សែតី​ ដើម្បី​ឲ្យ​ដឹង​ថា​ ហេតុអ្វី​បាន​ជា​បណ្ដាជន​ស្រែក​ជំទាស់​គាត់​ដូច្នេះ​
Acts KhmerNT 22:25  ប៉ុន្ដែ​ នៅពេល​គេ​កំពុង​ចង​សន្ធឹង​លោក​ប៉ូល​ដោយ​ខ្សែ​ នោះ​គាត់​ក៏​និយាយ​ទៅ​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ​ថា៖​ «តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​លោក​វាយ​ជនជាតិ​រ៉ូម​ដោយ​មិន​បាន​កាត់​ទោស​ដែរ‍ឬ​ទេ?»​
Acts KhmerNT 22:26  ពេល​នាយ​ទាហាន​នោះ​ឮ​ដូច្នេះ​ ក៏​ចូល​ទៅ​ប្រាប់​មេបញ្ជាការ​ថា៖​ «តើ​លោក​ប្រុង​ធ្វើ​អ្វី?​ ដ្បិត​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូម»​
Acts KhmerNT 22:27  ដូច្នេះ​ មេបញ្ជាការ​ក៏​ចូល​មក​សួរ​លោក​ប៉ូល​ថា៖​ «ចូរ​ប្រាប់​ខ្ញុំ​មក៍​ តើ​អ្នក​ជា​ជនជាតិ​រ៉ូម​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «មែន​ហើយ»​
Acts KhmerNT 22:28  មេបញ្ជាការ​តប​ថា៖​ «ខ្ញុំ​ចាយ​ប្រាក់​ច្រើន​ណាស់​ ទើប​បាន​សញ្ជាតិ​នេះ»​ នោះ​លោក​ប៉ូល​ក៏​និយាយ​ថា៖​ «រីឯ​ខ្ញុំ​ កើត​មក​មាន​សញ្ជាតិ​នេះ​តែម្ដង»​
Acts KhmerNT 22:29  ពេល​នោះ​ ពួក​ទាហាន​ដែល​ប្រុង​សួរ​ចម្លើយ​ បាន​ថយ​ចេញ​ពី​គាត់​ភ្លាម​ រីឯ​មេបញ្ជាការ​ក៏​ភ័យខ្លាច​ដែរ​ ពេល​ដឹង​ថា​លោក​ប៉ូល​ជា​ជនជាតិ​រ៉ូម​ ព្រោះ​គាត់​បាន​ឲ្យ​គេ​ចង​លោក​ប៉ូល។​
Acts KhmerNT 22:30  នៅ​ថ្ងៃ​បន្ទាប់​ ដោយ​ចង់​ដឹង​ច្បាស់​អំពី​ហេតុផល​ដែល​ជនជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល​ មេបញ្ជាការ​ក៏​ដោះលែង​លោក​ប៉ូល​ ហើយ​បញ្ជា​ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​អស់​ឲ្យ​ជួបជុំ​គ្នា​ រួច​ក៏​នាំ​លោក​ប៉ូល​មក​ឲ្យ​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ទាំង​នោះ។​
Chapter 23
Acts KhmerNT 23:1  លោក​ប៉ូល​ក៏​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ រួច​និយាយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​បាន​រស់នៅ​ចំពោះ​ព្រះជាម្ចាស់​រហូត​ដល់​ថ្ងៃ​នេះ​ ដោយ​មនសិការ​ល្អ​ទាំង​អស់»​
Acts KhmerNT 23:2  ពេល​នោះ​ លោក​អាណានាស​ជា​សម្ដេច​សង្ឃ​ បាន​បញ្ជា​ឲ្យ​ពួក​អ្នក​ឈរ​ក្បែរ​លោក​ប៉ូល​ទះ​មាត់​របស់​គាត់​
Acts KhmerNT 23:3  នោះ​លោក​ប៉ូល​ក៏​និយាយ​ទៅ​សម្ដេច​សង្ឃ​ថា៖​ «នែ៎​ កំផែង​លាប​ពណ៌​ស​អើយ!​ ព្រះជាម្ចាស់​នឹង​ទះ​អ្នក​វិញ​មិន​ខាន​ អ្នក​អង្គុយ​ជំនុំជម្រះ​ខ្ញុំ​តាម​ក្រឹត្យវិន័យ​ ប៉ុន្ដែ​បញ្ជា​ឲ្យ​គេ​ទះ​ខ្ញុំ​ដោយ​បំពាន​គម្ពីរ​វិន័យ​យ៉ាង​ដូច្នេះ​ឬ?»​
Acts KhmerNT 23:4  នោះ​ពួក​អ្នក​ឈរ​ក្បែរ​គាត់​បាន​និយាយ​ថា៖​ «ម្ដេច​ឯង​មើលងាយ​សម្ដេច​សង្ឃ​របស់​ព្រះជាម្ចាស់​ដូច្នេះ?»​
Acts KhmerNT 23:5  លោក​ប៉ូល​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ដឹង​ថា​ គាត់​ជា​សម្ដេច​សង្ឃ​ទេ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ដាក់​អ្នក​ដឹកនាំ​ប្រជាជន​របស់​ខ្លួន​ឡើយ»។​
Acts KhmerNT 23:6  ពេល​លោក​ប៉ូល​ដឹង​ថា​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​មាន​គណៈ​សាឌូស៊ី​ និង​គណៈ​ផារិស៊ី​ ដូច្នេះ​ គាត់​ក៏​ស្រែក​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជា​កូនចៅ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ គេ​ជំនុំជម្រះ​ខ្ញុំ​នេះ​ទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់»​
Acts KhmerNT 23:7  ពេល​គាត់​និយាយ​ដូច្នេះ​ហើយ​ នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​រវាង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ ហើយ​អង្គប្រជុំ​បាន​បែកបាក់​គ្នា​
Acts KhmerNT 23:8  ដ្បិត​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​អះអាង​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ គ្មាន​ទេវតា​ ឬ​វិញ្ញាណ​អ្វី​ឡើយ​ រីឯ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​វិញ​ ទទួល​ស្គាល់​សេចក្ដី​ទាំង​អស់​នេះ‍។​
Acts KhmerNT 23:9  ពេល​នោះ​ ក៏​មាន​សំឡេង​ទ្រហឹង​អឺងអ័ព្ទ​ ហើយ​មាន​ពួក​គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ បាន​ក្រោក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖​ «យើង​ឃើញ​ថា​ បុរស​នេះ​គ្មាន​កំហុស​ឡើយ​ ប៉ុន្ដែ​ប្រហែល​ជា​មាន​វិញ្ញាណ​ ឬ​ទេវតា​ណា​មួយ​និយាយ​មក​គាត់​ទេ​ដឹង?»​
Acts KhmerNT 23:10  ពេល​មាន​ទំនាស់​កាន់តែ​ខ្លាំង​ មេបញ្ជាការ​ក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូល​ពី​កណ្ដាល​ចំណោម​ពួកគេ​ នាំ​ទៅ​ក្នុង​បន្ទាយ​វិញ​ ដោយ​ខ្លាច​ក្រែង​ពួកគេ​ហែក​គាត់​ជា​ចម្រៀក។​
Acts KhmerNT 23:11  នៅ​យប់​បន្ទាប់​ ព្រះអម្ចាស់​បាន​ឈរ​ក្បែរ​គាត់​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​មាន​ទឹកចិត្ត​ឡើង​ ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​យើង​នៅ​ក្រុង​យេរូសាឡិម​យ៉ាង​ណា​ អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។​
Acts KhmerNT 23:12  លុះ​ដល់​ព្រឹក​ឡើង​ ពួក​ជនជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ ទាំង​ស្បថ​ជាមួយ​គ្នា​ថា​ ពួកគេ​មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​
Acts KhmerNT 23:13  ហើយ​ពួក​អ្នក​មាន​ផែនការ​អាក្រក់​នេះ​ មាន​គ្នា​ច្រើន​ជាង​សែសិប​នាក់​
Acts KhmerNT 23:14  គឺ​ពួកគេ​បាន​ចូល​ទៅ​ប្រាប់​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ថា៖​ «យើង​បាន​ជាប់​សម្បថ​ជាមួយ​គ្នា​ហើយ​ថា​ យើង​មិន​បរិភោគ​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​ប៉ូល​បាន​
Acts KhmerNT 23:15  ដូច្នេះ​ ឥឡូវ​នេះ​ សូម​អស់​លោក​ជាមួយ​ក្រុម​ប្រឹក្សា​កំពូល​ ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿង​ក្ដី​របស់​វា​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់»​
Acts KhmerNT 23:16  ប៉ុន្ដែ​ ពេល​ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន‍​ឮ​អំពី​ការ​ពួន​ស្ទាក់​នេះ​ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។​
Acts KhmerNT 23:17  ពេល​នោះ​ លោក​ប៉ូល​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖​ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេបញ្ជាការ​ផង​ ដ្បិត​គាត់​មាន​ដំណឹង​រាយការណ៍​ប្រាប់​លោក»​
Acts KhmerNT 23:18  ដូច្នេះ​ នាយ​ទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេបញ្ជាការ​ ហើយ​ប្រាប់​ថា៖​ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​ ហើយ​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក​ ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​លោក»។​
Acts KhmerNT 23:19  មេបញ្ជាការ​ក៏​ដឹក​ដៃ​យុវជន​នោះ​ទៅ​ដាច់​ពី​គេ​ រួច​សួរ​ថា៖​ «តើ​អ្នក​មាន​ដំណឹង​អ្វី​ប្រាប់​ខ្ញុំ‍​ឬ‍?»​
Acts KhmerNT 23:20  គាត់​ក៏​ប្រាប់​ថា៖​ «ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​សុំ​ឲ្យ​លោក​នាំ​លោក​ប៉ូល​ចុះ​ទៅ​ជួប​ក្រុម​ប្រឹក្សា​កំពូល​នៅ​ថ្ងៃ​ស្អែក​ ហាក់​ដូចជា​ចង់​សាកសួ​រអំពី​រឿង​ក្ដី​របស់​គាត់​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​
Acts KhmerNT 23:21  ប៉ុន្ដែ​ សូម​លោក​កុំ​ជឿ​តាម​ពួកគេ​ឲ្យ​សោះ​ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ក្នុង​ចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​ចាំ​សម្លាប់​គាត់​ អ្នក​ទាំង​នោះ​បាន​ស្បថ​រួម​គ្នា​ថា​ មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​ ឥឡូវ​នេះ​ពួកគេ​ត្រៀម​រួច​រាល់​អស់​ហើយ​ ចាំ​តែ​ការ​យល់ព្រម​ពី​លោក​ប៉ុណ្ណោះ»។​
Acts KhmerNT 23:22  ពេល​នោះ​ មេបញ្ជាការ​ក៏​ឲ្យ​យុវជន​នោះ​ត្រលប់​ទៅ​វិញ​ ទាំង​បង្គាប់​ថា៖​ «អ្នក​មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​ដែល​អ្នក​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​នេះ​ឡើយ»។​
Acts KhmerNT 23:23  បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​
Acts KhmerNT 23:24  ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​
Acts KhmerNT 23:25  រួច​មេបញ្ជាការ​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ មាន​សេចក្ដី​ដូច​តទៅ​នេះ៖​
Acts KhmerNT 23:26  «ខ្ញុំ​ក្លូឌាស​លូស៊ា​ សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ ឲ្យ​បាន​ជ្រាប​ថា​
Acts KhmerNT 23:27  បុរស​នេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក​ ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល​ ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួកគេ​ នោះ​ទើប​ដឹង​ថា​គាត់​ជា​ជនជាតិ​រ៉ូម​
Acts KhmerNT 23:28  ហើយ​ដោយ​ចង់​ដឹង​ពី​ករណី​ដែល​ពួកគេ​ចោទ​ប្រកាន់​គាត់​នោះ​ ខ្ញុំ​ក៏​នាំ​គាត់​ចុះ​ទៅ​ឯ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ។​
Acts KhmerNT 23:29  ពេល​នោះ​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរ​វិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់​ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​
Acts KhmerNT 23:30  រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​
Acts KhmerNT 23:31  ដូច្នេះ​ ពួក​ទាហាន​ក៏​យក​លោក​ប៉ូល​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់​ តាម​សេចក្ដី​ដែល​បាន​បញ្ជា។​
Acts KhmerNT 23:32  នៅ​ថ្ងៃ​បន្ទាប់​ ពួក​ទាហាន​បាន​ត្រលប់​មក‍​ឯ​បន្ទាយ​វិញ​ ដោយ​ទុក​ឲ្យ​ពល​សេះ​ធ្វើ​ដំណើរ​ជាមួយ​លោក​ប៉ូល​
Acts KhmerNT 23:33  កាល​ចូល​ដល់​ក្រុង​សេសារា​ហើយ​ ពល​សេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​លោក​អភិបាល​ ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។​
Acts KhmerNT 23:34  ពេល​លោក​អភិបាល​អាន​សំបុត្រ​នោះ​រួច​ គាត់​ក៏​សួរ​លោក​ប៉ូល​ថា​ មក​ពី​ស្រុក​ណា​ លុះ​ដឹង​ថា​គាត់​មក​ពី​ស្រុក​គីលីគា​
Acts KhmerNT 23:35  លោក​អភិបាល​ក៏​និយាយ​ថា៖​ «ពេល​ពួក​អ្នក​ដើម​ចោទ​របស់​អ្នក​មក​ដល់​ដែរ​ ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត»​ បន្ទាប់​មក​ គាត់​ក៏​បញ្ជា​ឲ្យ​ការពារ​លោក​ប៉ូល​នៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​ហេរ៉ូឌ។​
Chapter 24
Acts KhmerNT 24:1  ប្រាំ​ថ្ងៃ​ក្រោយ​មក​ សម្ដេច​សង្ឃ​អាណានាស​ និង​ពួក​ចាស់ទុំ​ខ្លះ​បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ប៉ូល​នៅ​មុខ​លោក​អភិបាល។​
Acts KhmerNT 24:2  កាល​បាន​កោះហៅ​លោក​ប៉ូល​មក​ហើយ​ លោក​ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​ថា៖​ «ដោយសារ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​កែ​ទម្រង់​ផ្សេងៗ​របស់​លោក​សម្រាប់​ជនជាតិ​នេះ​ ទើប​យើង​មាន​សេចក្ដី​សុខសាន្ដ​បំផុត។​
Acts KhmerNT 24:3  ឱ​លោក​ភេលីច​ជាទី​គោរព​អើយ!​ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទី​កន្លែង​
Acts KhmerNT 24:4  ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​រំខាន​លោក​យូរ​ សូម​លោក​ស្ដាប់​យើង​ត្រួសៗ​ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ​
Acts KhmerNT 24:5  ដ្បិត​យើង​បាន​ឃើញ​ថា​ បុរស​នេះ​ជា​មនុស្ស​ចង្រៃ​ដែល​បាន​បង្ក​ចលាចល​ដល់​ជនជាតិ​យូដា​ទាំង​អស់​ពាសពេញ​ពិភព​លោក​ ហើយ​ជា​មេ​ដឹកនាំ​គណៈ​ណាសារ៉ែត​
Acts KhmerNT 24:6  គាត់​ថែម​ទាំង​ព្យាយាម​បង្អាប់​បង្អោន​ព្រះ​វិហារ​ទៀត​ផង​ ដូច្នេះ​បាន​ជា​យើង​ចាប់​គាត់​ [ហើយ​ផ្ដន្ទា​ទោស​តាម​គម្ពីរ​វិន័យ​របស់​យើង​
Acts KhmerNT 24:7  ប៉ុន្ដែ​មេបញ្ជាការ​ឈ្មោះ​លូស៊ា​បាន​នាំ​កង​កម្លាំង​មក​ដណ្ដើម​យក​គាត់​ពី​ដៃ​របស់​យើង​
Acts KhmerNT 24:8  ហើយ​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​របស់​គាត់​មក​ជួប​លោក]​ សូម​លោក​សាកសួរ​ពី​គាត់​ដោយ​ផ្ទាល់​ចុះ​ នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​ចោទប្រកាន់​គាត់»។​
Acts KhmerNT 24:9  ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​យល់​ព្រម​ដែរ​ដោយ​បញ្ជាក់​ថា​ សេចក្ដី​ទាំង​នេះ​ពិត​ជា​ដូច្នេះ​មែន។​
Acts KhmerNT 24:10  លោក​អភិបាល​ក៏​ងក់​ក្បាល​ដាក់​លោក​ប៉ូល​ឲ្យ​និយាយ​ លោក​ប៉ូល​ក៏​និយាយ​ថា៖​ «ដោយ​ដឹង​ថា​ ​លោក​ជា​ចៅក្រម​សម្រាប់​ជាតិ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ ខ្ញុំ​សូម​ឆ្លើយ​ការពារ​ចំពោះ​ការ​ចោទប្រកាន់​ខ្ញុំ​នេះ​យ៉ាង​រីករាយ។​
Acts KhmerNT 24:11  ​លោក​អាច​ដឹង​បាន​ថា​ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​មក​ នោះ​មាន​រយៈ​ពេល​មិន​លើស​ពី​ដប់ពីរ​ថ្ងៃ​ទេ​
Acts KhmerNT 24:12  ហើយ​ពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នកណា​ម្នាក់​នៅ​ក្នុង​ព្រះ​វិហារ​ ឬ​បង្ក​ចលាចល​ដល់​បណ្ដាជន​ឡើយ​ ទាំង​នៅ​ក្នុង​សាលា​ប្រជុំ​ ឬ​នៅ​ក្នុង​ក្រុង​ក្ដី​
Acts KhmerNT 24:13  ពួកគេ​ក៏​មិន​អាច​បង្ហាញ​ភស្ដុតាង​ដល់​លោក​អំពី​ករណី​ដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​នៅ​ពេល​នេះ​បាន​ដែរ​
Acts KhmerNT 24:14  ប៉ុន្តែ​ ខ្ញុំ​សូម​ប្រាប់​លោក​អំពី​ការ​នេះ​តាម​ត្រង់​ថា​ យោង​តាម​មាគ៌ា​ដែល​ពួកគេ​ហៅ​ថា​គណៈ​ខុស​ឆ្គង​នោះ​ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់​យើង​ ព្រមទាំង​ជឿ​សេចក្ដី​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​ និង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​
Acts KhmerNT 24:15  ដោយ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំង​នេះ​ផ្ទាល់ក៏​ទន្ទឹង​រង់ចាំ​ដែរ​ គឺ​នឹង​មាន​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត។​
Acts KhmerNT 24:16  ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​
Acts KhmerNT 24:17  ប៉ុន្តែ​ ច្រើន​ឆ្នាំ​ក្រោយ​មក​ ពេល​ខ្ញុំ​នាំ​តង្វាយ​ ព្រមទាំង​ជំនួយ​មក​ឲ្យ​ជាតិ​សាសន៍​របស់​ខ្ញុំ​
Acts KhmerNT 24:18  នៅ​ពេល​នោះ​ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ក្នុង​ព្រះ​វិហារ​ ដោយ​គ្មាន​បណ្ដាជន​ ឬ​ចលាចល​ឡើយ​
Acts KhmerNT 24:19  គឺ​មាន​តែ​ពួក​ជនជាតិ​យូដា​ខ្លះ​ដែល​មក​ពី​ស្រុក​អាស៊ី​ប៉ុណ្ណោះ​ ហើយ​បើ​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ទាស់​នឹង​ខ្ញុំ​ ពួកគេ​គួរតែ​មក​ធ្វើ​ការ​ចោទប្រកាន់​នៅ​ចំពោះ​មុខ​លោក​
Acts KhmerNT 24:20  ឬ​ក៏​ឲ្យ​អ្នក​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់​អំពី​បទល្មើស​ណា​មួយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល​ចុះ​
Acts KhmerNT 24:21  លើកលែង​តែ​ពាក្យ​សំដី​មួយ​នេះ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​បាន​ប្រកាស​ពេល​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ថា​ អ្នក​រាល់គ្នា​ជំនុំជម្រះ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់‍»។​
Acts KhmerNT 24:22  ដោយ​លោក​ភេលីច​យល់​កាន់តែ​ច្បាស់​អំពី​មាគ៌ា​នេះ​ គាត់​ក៏​ផ្អាក​រឿង​ក្ដី​របស់​ពួកគេ​ដោយ​និយាយ​ថា៖​ «ពេល​មេបញ្ជាការ​លូស៊ា​មក​ដល់​ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​ដល់​អ្នក​រាល់គ្នា»​
Acts KhmerNT 24:23  រួច​លោក​អភិបាល​ក៏​បញ្ជា​ទៅ​នាយ​ទាហាន​ឲ្យ​យាម​លោក​ប៉ូល​ ប៉ុន្តែ​ឲ្យ​គាត់​មាន​សេរីភាព​ខ្លះ​ គឺ​មិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។​
Acts KhmerNT 24:24  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពេល​លោក​ភេលីច​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ទ្រូស៊ីល​ ដែល​ជា​ជនជាតិ​យូដា​បាន​មក​ដល់​ លោក​ភេលីច​ក៏​កោះហៅ​លោក​ប៉ូល​ឲ្យ​មក​ រួច​បាន​ស្ដាប់​លោក​ប៉ូល​អំពី​ជំនឿ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​
Acts KhmerNT 24:25  ប៉ុន្ដែ​នៅពេល​លោក​ប៉ូល​កំពុង​អធិប្បាយ​អំពី​សេចក្ដី​សុចរិត​ និង​ការ​គ្រប់គ្រង​ចិត្ដ​ ព្រមទាំង​អំពី​ការ​ជំនុំជម្រះ​ដែល​នឹង​កើតឡើង​ លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច​ ហើយ​ប្រាប់​ថា៖​ «ឥឡូវ​នេះ​ ត្រលប់​ទៅ​សិន​ចុះ​ ពេល​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​កោះហៅ​អ្នក​មក​ម្ដង​ទៀត»។​
Acts KhmerNT 24:26  នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ គាត់​សង្ឃឹម​ថា​ គាត់​នឹង​ទទួល​បាន​ប្រាក់​ពី​លោក​ប៉ូល​ ដូច្នេះ​ ក៏​ចាត់​គេ​ឲ្យ​ហៅ​លោក​ប៉ូល​មក​និយាយ​គ្នា​ជាមួយ​គាត់​ជា​ញឹកញាប់។​
Acts KhmerNT 24:27  លុះ​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ កាល​លោក​ព័រគាស​ភេស្ទុស​បាន​មក​ទទួល​មុខ​តំណែង​ជំនួស​លោក​ភេលីច​ ហើយ​លោក​ភេលីច​ចង់​យក​ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​ទុក​លោក​ប៉ូល​ឲ្យ​ជាប់​គុក‍​ត​ទៅ​ទៀត‍។​
Chapter 25
Acts KhmerNT 25:1  ដូច្នេះ​ ពេល​លោក​ភេស្ទុស​មក​ដល់​ស្រុក​នោះ​បាន​បី​ថ្ងៃ​ គាត់​ក៏​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា​ទៅ​ក្រុង​យេរូសាឡិម​
Acts KhmerNT 25:2  ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​បាន​ប្ដឹង​គាត់​ទាស់​នឹង​លោក​ប៉ូល​ ទាំង​ទទូច​អង្វរ​
Acts KhmerNT 25:3  សុំ​ការ​យល់ព្រម​ពី​គាត់​ឲ្យ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិម​វិញ​ ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​ ដើម្បី​សម្លាប់​លោក​ប៉ូល​តាម​ផ្លូវ​
Acts KhmerNT 25:4  ប៉ុន្ដែ​លោក​ភេស្ទុស​ឆ្លើយ​ថា​ លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសារា​នៅ​ឡើយ​ រីឯ​គាត់​ផ្ទាល់​ក៏​ចង់​ទៅ​ពេល​ឆាប់ៗ​នេះ​ដែរ​
Acts KhmerNT 25:5  ដូច្នេះ​ គាត់​ក៏​និយាយ​ថា៖​ «​ បើសិន​ជា​បុរស​នោះ​មាន​កំហុស​អ្វី​ សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពល​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​ចោទប្រកាន់​គាត់​ចុះ»។​
Acts KhmerNT 25:6  ពេល​បាន​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ ឬ​ដប់​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ចុះ​ទៅ‍​ឯ​ក្រុង​សេសារា​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក​
Acts KhmerNT 25:7  ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​
Acts KhmerNT 25:8  ប៉ុន្ដែ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖​ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរ​វិន័យ​របស់​ពួក​ជនជាតិ​យូដា​ ឬ​ព្រះ​វិហារ ឬ​ព្រះចៅ​អធិរាជ​ឡើយ»។​
Acts KhmerNT 25:9  ប៉ុន្ដែ​ ដោយ​លោក​ភេស្ទុស​ចង់​ផ្គាប់ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា៖​ «តើ​អ្នក​សុខចិត្ដ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ ដើម្បី​ឲ្យ​ខ្ញុំ​ជំនុំជម្រះ​អំពី​រឿង​ក្ដី​ទាំង​នេះ​នៅ​ទី​នោះ​ដែរ​ឬ​ទេ?​»
Acts KhmerNT 25:10  ពេល​នោះ​ លោក​ប៉ូល​ឆ្លើយ​ថា៖​ «ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅ​អធិរាជ​ហើយ​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំជម្រះ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ​
Acts KhmerNT 25:11  បើសិន​ខ្ញុំ​ធ្វើ​ខុស​ ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ​ ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​បើ​សេចក្ដី​ដែល​អ្នក​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេ​នោះ​ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​​ពួកគេ​បាន​ឡើយ​ ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ»។​
Acts KhmerNT 25:12  ពេល​លោក​ភេស្ទុស​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​រួច​ហើយ​ ក៏​និយាយ​ថា៖​ «អ្នក​បាន​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ដូច្នេះ​ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិរាជ​មិន​ខាន!»​
Acts KhmerNT 25:13  លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​មក​ដល់​ក្រុង​សេសារា​ ដើម្បី​សំដែង​ការ​គួរសម​ចំពោះ​លោក​ភេស្ទុស។​
Acts KhmerNT 25:14  កាល​ស្ដេច​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ប្រាប់​ស្ដេច​អំពី​រឿង​ក្ដី​របស់​លោក​ប៉ូល​ថា៖​ «មាន​បុរស​ម្នាក់​ជា​អ្នក​ទោស​ដែល​លោក​ភេលីច​ទុក​ឲ្យ​នៅ​ជាប់​ឃុំ​
Acts KhmerNT 25:15  ហើយ​ពេល​ខ្ញុំ​ឡើង​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ពួក​ជនជាតិ​យូដា​បាន​ប្រាប់​ខ្ញុំ​អំពី​បុរស​នេះ​ ទាំង​ទទូច​សុំ​ការ​ផ្ដន្ទា​ទោស​ដល់​គាត់​
Acts KhmerNT 25:16  ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា​ ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការ​ការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​
Acts KhmerNT 25:17  ដូច្នេះ​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ខ្ញុំ​មិន​បង្អង់​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​បុរស​នោះ​មក​ ហើយ​ធ្វើ​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​បន្ទាប់​
Acts KhmerNT 25:18  ប៉ុន្តែ​ពេល​ពួក​ដើមចោទ​ក្រោក​ឈរ​ចោទប្រកាន់​អំពី​កររណី​របស់​គាត់​ នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ​
Acts KhmerNT 25:19  ដ្បិត​ពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត​
Acts KhmerNT 25:20  ហើយ​ដោយ​ខ្ញុំ​មិន​ច្បាស់​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​ទាំង​នេះ​ ខ្ញុំ​ក៏​សួរ​គាត់​ ក្រែងលោ​គាត់​សុខចិត្ត​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​យក​ការ​ជំនុំជម្រះ​ចំពោះ​បញ្ហា​ទាំង​នោះ​នៅ​ទី​នោះ​
Acts KhmerNT 25:21  ប៉ុន្ដែ​ពេល​ប៉ូល​សុំ​ឲ្យ​ឃុំ​គាត់​ទុក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​សុំ​សេចក្ដី​សម្រេច​ពី​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូត​ដល់​ពេល​ខ្ញុំ​អាច​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ​បាន»។​
Acts KhmerNT 25:22  ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»​ លោក​ភេស្ទុស​ទូល​ថា៖​ «នៅ​ថ្ងៃ​ស្អៃក​ ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។​
Acts KhmerNT 25:23  ដូច្នេះ​ នៅ​ថ្ងៃ​បន្ទាប់​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​យាង​មក​ជាមួយ​ក្បួន​អធិក​អធម​ដ៏​អស្ចារ្យ​ ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ព្រម​ជាមួយ​ពួក​មេបញ្ជាការ​ និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។​ បន្ទាប់មក​ លោក​ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​លោក​ប៉ូល​មក​
Acts KhmerNT 25:24  ដោយ​និយាយ​ថា៖​ «ឱ​ ស្ដេច​អ័គ្រីប៉ា​ និង​អស់​លោក​ដែល​មាន​វត្ដមាន​នៅ​ទី​នេះ​ជាមួយ​យើង​ បុរស​ដែល​អស់​លោក​ឃើញ​នេះ​ហើយ​ដែល​បណ្ដាជន​នៃ​ពួក​ជនជាតិ​យូដា​ទាំង​អស់​ ទាំង​នៅ​ក្រុង​យេរូសាឡិម​ និង​នៅ​ទី​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍​មក​ខ្ញុំ​ ដោយ​ស្រែក​ថា​ គាត់​មិន​សម​រស់​នៅ​ទៀត​ទេ​
Acts KhmerNT 25:25  រីឯ​ខ្ញុំ​ឃើញ​ថា​ គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​
Acts KhmerNT 25:26  ប៉ុន្ដែ​ ខ្ញុំ​គ្មាន​សំណុំ​រឿង​ច្បាស់​លាស់​អំពី​គាត់​សរសេរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​ទេ​ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​នាំ​គាត់​មក​នៅ​ចំពោះ​មុខ​អស់​លោក​ ជា​ពិសេស​ ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ គឺ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ដើម្បី​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ ខ្ញុំ​អាច​មាន​សំណុំ​រឿង​សរសេរ​បាន​
Acts KhmerNT 25:27  ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា​ ការ​បញ្ជូន​អ្នក​ទោស​ទៅ​ដោយ​មិន​បញ្ជាក់​ពី​ទោស​របស់​គេ​ នោះ​មិន​សម​ហេតុផល​ទេ»‍។​
Chapter 26
Acts KhmerNT 26:1  ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «អ្នក​មាន​សិទ្ធិ​និយាយ​អំពី​ខ្លួន​ឯង‍!»​ ដូច្នេះ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ ទាំង​លើក​ដៃ​ថា៖​
Acts KhmerNT 26:2  «‍ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​សំណាង​ណាស់​ថ្ងៃ​នេះ​ ដែល​ខ្ញុំ​កំពុង​ត្រៀម​ឆ្លើយ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះអង្គ​អំពី​សេចក្ដី​ទាំងឡាយ​ ដែល​ពួក​ជនជាតិ​យូដា​បាន​ចោទប្រកាន់​ខ្ញុំ​
Acts KhmerNT 26:3  ជាពិសេស​ ព្រះអង្គ​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​ និង​ទំនាស់​ទាំងឡាយ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ ដូច្នេះ​ហើយ​ សូម​ព្រះអង្គ​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ​ផង​
Acts KhmerNT 26:4  គឺ​យ៉ាង​ដូច្នេះ​ ជនជាតិ​យូដា​ទាំង​អស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​ គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​
Acts KhmerNT 26:5  ហើយ​ដោយ​ព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំងពី​ដើម​មក​ ពួកគេ​ធ្វើ​បន្ទាល់​បាន​ បើ​ពួកគេ​ចង់​ធ្វើ​ គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅ​តាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង​ គឺ​ខាង​គណៈ​ផារិស៊ី​
Acts KhmerNT 26:6  ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​ឈរ​ទទួល​ការ​ជំនុំជម្រះ​ ដោយសារ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង‍។​
Acts KhmerNT 26:7  ព្រះបន្ទូល​សន្យា​នេះ​ហើយ​ដែល​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ ដោយ​ការ​ខិតខំ​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ឱ​ព្រះរាជា​អើយ!​ ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ​ដោយសារ​សេចក្ដី​សង្ឃឹម​នេះ​ហើយ​
Acts KhmerNT 26:8  ហេតុអ្វី​បានជា​អ្នក​រាល់គ្នា​ចាត់​ទុក​ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ?​
Acts KhmerNT 26:9  ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​គិត​ថា​ ត្រូវតែ​ធ្វើ​កិច្ចការ​ប្រឆាំង​ជាច្រើន​ទាស់​នឹង​នាម​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​
Acts KhmerNT 26:10  ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​សម្ដេច​សង្ឃ​ឲ្យ​ចាប់​ពួក​បរិសុទ្ធ​ជាច្រើន​ដាក់​គុក​ ព្រមទាំង​យល់ព្រម​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ​ទៀត​ផង​
Acts KhmerNT 26:11  ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​ នៅ​តាម​សាលា​ប្រជុំ​ទាំងឡាយ​ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​ដោយ​ខឹង​ពួកគេ​កាន់​តែ​ខ្លាំង​ ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។​
Acts KhmerNT 26:12  ដូច្នេះ​ហើយ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់​ដោយ​មាន​សិទ្ធិ​អំណាច​ និង​ការ​អនុញ្ញាត​ពី​ពួក​សម្ដេច​សង្ឃ​
Acts KhmerNT 26:13  ឱ​ព្រះរាជា​អើយ!​ នៅ​តាម​ផ្លូវ​ គឺ​ពេល​ថ្ងៃ​ត្រង់​ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ ជា​ពន្លឺ​ដែល​ភ្លឺ​ជាង​ដួង​អាទិត្យ​បាន​ចាំង​ពី​លើ​មេឃ​មក​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ និង​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​
Acts KhmerNT 26:14  ហើយ​ពេល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា​ សុល​អើយ​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​ ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់​
Acts KhmerNT 26:15  ខ្ញុំ​ក៏​សួរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ រួច​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ យើង​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​
Acts KhmerNT 26:16  ប៉ុន្ដែ​ចូរ​ក្រោក​ឈរ​ឡើង​ ដ្បិត​យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ​នេះ​ ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ​ និង​ជា​សាក្សី​អំពី​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​យើង​ ព្រមទាំង​ហេតុការណ៍​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​
Acts KhmerNT 26:17  យើង​នឹង​រំដោះ​អ្នក​ពី​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​ពី​សាសន៍​ដទៃ​ ដែល​យើង​កំពុង​ចាត់​អ្នក​ឲ្យ​ទៅ​
Acts KhmerNT 26:18  បំភ្លឺ​ភ្នែក​របស់​ពួកគេ​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ​ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​ជំនឿ​លើ​យើង។​
Acts KhmerNT 26:19  ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តាំងពី​នោះ​មក​ ខ្ញុំ​មិន​ល្មើស​នឹង​សុបិន​និមិត្ដ​ពី​ស្ថានសួគ៌​នេះ​ទេ​
Acts KhmerNT 26:20  គឺ​មុន​ដំបូង​ ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​ និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែរ​ ព្រមទាំង​ក្នុង​ស្រុក​យូដា​ទាំង​មូល​ និង​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដ​បែរ​មក​ឯ​ព្រះជាម្ចាស់​ ទាំង​ប្រព្រឹត្ដ​អំពើ​ដែល​ស័ក្ដិសម​នឹង​ការ​ប្រែចិត្ដ។​
Acts KhmerNT 26:21  ដោយព្រោះ​សេចក្ដី​ទាំង​នេះ​ហើយ​បានជា​ជនជាតិ​យូដា​ចាប់​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ ទាំង​ព្យាយាម​សម្លាប់​ខ្ញុំ​
Acts KhmerNT 26:22  ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​
Acts KhmerNT 26:23  គឺ​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ដោយសារ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មុន​គេ​បង្អស់​ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។​
Acts KhmerNT 26:24  កាល​លោក​ប៉ូល​កំពុង​និយាយ​ដើម្បី​ការពារ​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​ លោក​ភេស្ទុស​ក៏​និយាយ​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ប៉ូល​អើយ!​ ឯង​ឆ្កួត​ហើយ​ ឯង​រៀន​ច្រើន​ពេក​បានជា​ឆ្កួត​ដូច្នេះ!»​
Acts KhmerNT 26:25  ប៉ុន្ដែ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «លោក​ភេស្ទុស​ជាទី​គោរព​អើយ!​ ខ្ញុំ​មិន​ឆ្កួត​ទេ​ ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ពិត​ ហើយ​ត្រឹមត្រូវ​
Acts KhmerNT 26:26  ដ្បិត​ព្រះរាជា​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​ស្រាប់​ហើយ​ បានជា​ខ្ញុំ​ទូល​ដល់​ព្រះអង្គ​ គឺ​ទូល​ដោយ​ក្លាហាន​ទៀត​ផង​ ហើយ​ខ្ញុំ​ជឿ​ថា​ គ្មាន​ហេតុការណ៍​ណា​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំង​នេះ​លាក់​បាំង​ពី​ព្រះរាជា​បាន​ឡើយ​ ព្រោះ​ហេតុការណ៍​នេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ទេ​
Acts KhmerNT 26:27  ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តើ​ព្រះអង្គ​ជឿ​អ្នក​នាំ​ព្រះបន្ទូល​ដែរ​ឬ​ទេ?​ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ជឿ»​
Acts KhmerNT 26:28  ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «ឯង​កំពុង​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ត្រលប់​ជា​គ្រិស្ដ​បរិស័ទ​ក្នុង​ពេល​តែ​មួយ​ភ្លែត‍​ឬ‍!»​
Acts KhmerNT 26:29  លោក​ប៉ូល​ក៏​ទូល​ថា៖​ «ទោះបី​ក្នុង​ពេល​តែ​មួយ​ភ្លែត​ ឬ​ក្នុង​ពេល​យូរ​ក៏​ដោយ​ ក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជា​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដែរ​ ដើម្បី​ឲ្យ​បាន​ដូចជា​ខ្ញុំ​ដែរ​ លើកលែង​តែ​ការ​ជាប់​ច្រវាក់​ទាំង​នេះ»។​
Acts KhmerNT 26:30  ពេល​នោះ​ ទាំង​ស្ដេច​ ទាំង​ព្រះនាង​បេរេនីស​ និង​លោក​អភិបាល​ ព្រមទាំង​ពួក​អ្នក​ដែល​អង្គុយ​ជាមួយ​ពួកគេ​បាន​ក្រោក​ឡើង​
Acts KhmerNT 26:31  ហើយ​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖​ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។​
Acts KhmerNT 26:32  ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ទេ​ យើង​អាច​ដោះលែង​បាន»។​
Chapter 27
Acts KhmerNT 27:1  នៅ​ពេល​គេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅ​ទៅ​ស្រុក​អ៊ីតាលី​ ពួកគេ​បាន​ប្រគល់​លោក​ប៉ូល​ និង​អ្នកទោស​ខ្លះ​ទៀត​ឲ្យ​ទៅ​ឈ្មោះ​យូលាស​ ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ​
Acts KhmerNT 27:2  ដូច្នេះ​ យើង​ក៏​ជិះ​សំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ។​
Acts KhmerNT 27:3  នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ចូល​ចត​នៅ​ក្រុង​ស៊ីដូន​ ហើយ​លោក​យូលាស​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​ប៉ូល​ដោយ​សប្បុរស​ គឺ​បាន​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ‍​ឯ​មិត្ដភក្ដិ​ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។​
Acts KhmerNT 27:4  បន្ទាប់​មក​យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ​សរសៀរ​តាម​កោះ​គីប្រុស​ ព្រោះ​បញ្ច្រាស​ខ្យល់។​
Acts KhmerNT 27:5  ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលីគា​ និង​ស្រុក​ប៉ាមភីលា​ យើង​ក៏​មក​ដល់​ក្រុង​មីរ៉ា​ក្នុង​ស្រុក​លូគា។​
Acts KhmerNT 27:6  នៅ​ទី​នោះ​ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី​ ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ។​
Acts KhmerNT 27:7  ពេល​ធ្វើ​ដំណើរ​សន្សឹមៗ​យ៉ាង​ពិបាក​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ យើង​ក៏​មក​ដល់​តាម​បណ្ដោយ​ឆ្នេរ​ក្រុង​គ្នីដូស​ ដោយ​ខ្យល់​មិន​អនុគ្រោះ​ឲ្យ​យើង​ទៅ​មុខ​ទៀត​ យើង​ក៏​ជិះ​សរសៀរ​តាម​កោះ​ក្រេត​ដោយ​ឆ្លង​កាត់​ជ្រោយ​សាលម៉ូន។​
Acts KhmerNT 27:8  បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​យ៉ាង​ពិបាក​មក​ យើង​ក៏​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ កំពង់ផែ​លំអ​ នៅ​ជិត​ក្រុង​ឡាសេ។​
Acts KhmerNT 27:9  កាល​បាន​កន្លង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ ហើយ​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ក៏​លែង​មាន​សុវត្ថិភាព​ដែរ​ ព្រោះ​ថ្ងៃ​បុណ្យ​តម​អាហារ​បាន​កន្លង​ផុត​ហើយ​ ដូច្នេះ​លោក​ប៉ូល​ក៏​ដាស់តឿន​
Acts KhmerNT 27:10  ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​ធ្វើ​ដំណើរ​តាម​សំពៅ​នឹង​មាន​អន្ដរាយ​ ព្រមទាំង​មាន​ការ​ខាត​បង់​ច្រើន​ គឺ​មិន​ត្រឹមតែ​សំពៅ​ និង​ទំនិញ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជីវិត​របស់​យើង​ទៀត​ផង»​
Acts KhmerNT 27:11  ប៉ុន្ដែ​លោក​នាយ​ទាហាន​ជឿ​អ្នក​បើក​សំពៅ​ និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។​
Acts KhmerNT 27:12  ដោយ​កំពង់ផែ​នោះ​មិន​អំណោយ​ផល​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវ​រងា​ មនុស្ស​ភាគ​ច្រើន​បាន​សម្រេចចិត្ដ​ចេញ​ដំណើរ​ពី​ទី​នោះ​ បើ​យ៉ាង​ណាៗ​នឹង​ទៅ​ដល់​ស្រុក​ភេនីស​ជា​កំពង់ផែ​មួយ​នៃ​កោះ​ក្រេត​ ដែល​បែរ​មុខ​ទៅ​ទិស​និរតី​ និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់នៅ​ក្នុង​រដូវ​រងា។​
Acts KhmerNT 27:13  ពេល​ខ្យល់​ទិស​ខាង​ត្បូង​បក់​រំភើយៗ​ ពួកគេ​គិត​ថា​បាន​សម្រេច​បំណង​ក៏​ទាញ​យុថ្កា​ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត​
Acts KhmerNT 27:14  ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ ខ្យល់​ព្យុះ​មួយ​ឈ្មោះ​ អ៊ើរ៉ាគ្លីដូន​បាន​បោកបក់​ប៉ះ​សំពៅ​
Acts KhmerNT 27:15  នាំ​យក​ទៅ​ ហើយ​ដោយ​យើង​មិន​អាច​បើក​បញ្ច្រាស​ខ្យល់​បាន​ យើង​ក៏​បណ្ដោយ​សំពៅ​ឲ្យ​រសាត់​តាម​ខ្យល់។​
Acts KhmerNT 27:16  កាល​បាន​មក​ដល់​ក្បែរ​កោះ​តូច​មួយ​ ឈ្មោះ​ក្លូដេ​ យើង​អាច​លើក​សំប៉ាន​ឡើង​បាន​យ៉ាង​ពិបាក។​
Acts KhmerNT 27:17  បន្ទាប់​ពី​លើក​សំប៉ាន​រួច​ហើយ​ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់​
Acts KhmerNT 27:18  ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ខ្យល់​ព្យុះ​នៅតែ​រុញ​ច្រាន​យើង​យ៉ាង​ខ្លាំង​ ពួកគេ​ក៏​ទម្លាក់​ទំនិញ​ចោល​
Acts KhmerNT 27:19  រួច​នៅ​ថ្ងៃ​ទី​បី​ ពួកគេ​ក៏​គ្រវែង​ឧបករណ៍​សម្រាប់​សំពៅ​ចោល​ទៀត​ ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់។​
Acts KhmerNT 27:20  ដោយ​គ្មាន​ពន្លឺ​ថ្ងៃ​ ឬ​ផ្កាយ​បំភ្លឺ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​ ហើយ​ព្យុះ​នៅតែ​បោកបក់​មិន​ថមថយ​សោះ​ នៅ​ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ទាំង​ស្រុង​ថា​ នឹង​បាន​រួច​ជីវិត។​
Acts KhmerNT 27:21  បន្ទាប់ពី​បាន​អត់​អាហារ​ជា​ច្រើន​ថ្ងៃ​មក​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​អើយ!​ បងប្អូន​គួរតែ​ស្ដាប់​តាម​ខ្ញុំ​ ហើយ​មិន​ចេញ​ដំណើរ​ពី​កោះ​ក្រេត​មក​ នោះ​បងប្អូន​នឹង​ចៀស​ផុត​ពី​អន្ដរាយ​ និង​ការ​ខាត​បង់​យ៉ាង​ដូច្នេះ​មិន​ខាន​
Acts KhmerNT 27:22  ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើង​ ព្រោះ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាត់បង់​ជីវិត​ឡើយ​ លើកលែង​តែ​សំពៅ​ប៉ុណ្ណោះ​
Acts KhmerNT 27:23  ដ្បិត​យប់​មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​ និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ​ បាន​ឈរ​ក្បែរ​ខ្ញុំ​
Acts KhmerNT 27:24  ប្រាប់​ថា​ ប៉ូល​អើយ!​ កុំ​ខ្លាច​អី​ អ្នក​ត្រូវ​ឈរ​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ​ ហើយ​មើល៍​ ព្រះជាម្ចាស់​បាន​ប្រទាន​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដល់​អ្នក​ហើយ​
Acts KhmerNT 27:25  ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​រីករាយ​ឡើង​ ដ្បិត​ខ្ញុំ​ជឿ​ព្រះជាម្ចាស់​ថា​នឹង​កើតមាន​សព្វ​គ្រប់​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​
Acts KhmerNT 27:26  គឺ​យើង​ត្រូវ​កឿង​លើ​កោះ​ណា​មួយ​មិន​ខាន»។​
Acts KhmerNT 27:27  លុះ​ដល់​យប់​ទី​ដប់បួន​ ពេល​យើង​កំពុង​រសាត់​នៅ​កណ្ដាល​សមុទ្រ​អាឌ្រា​ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋាន​ថា​ ពួកគេ​ចូល​ជិត​ដី​គោក​ណា​មួយ​ហើយ​
Acts KhmerNT 27:28  ដូច្នេះ​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ក៏​ឃើញ​ថា​ មាន​ជម្រៅ​ប្រហែល​សាមសិប​ប្រាំមួយ​ម៉ែត្រ​ លុះ​ទៅ​មុខ​បន្ដិច​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ម្ដង​ទៀត​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​ម្ភៃ​ប្រាំពីរ​ម៉ែត្រ​
Acts KhmerNT 27:29  ហើយ​ដោយ​ខ្លាច​ក្រែង​សំពៅ​កឿង​នៅ​កន្លែង​ណា​មួយ​ ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ​ ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មាន​ថ្ងៃ​វិញ​
Acts KhmerNT 27:30  ប៉ុន្ដែ​ពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់​ចេញ​ពី​សំពៅ​ ហើយ​សម្រូត​សំប៉ាន​ទៅ​ក្នុង​សមុទ្រ​ ដោយ​ធ្វើពុត​ហាក់​ដូចជា​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ​
Acts KhmerNT 27:31  លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​ និង​ពួក​ទាហាន​ថា៖​ «បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​
Acts KhmerNT 27:32  ពេល​នោះ​ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់​ខ្សែ​ចង​សំប៉ាន​ចោល​ ហើយ​បណ្ដោយ​ឲ្យ​វា​អណ្ដែត​ទៅ។​
Acts KhmerNT 27:33  លុះ​ដល់​ទៀប​ភ្លឺ​ លោក​ប៉ូល​បាន​លើក​ទឹកចិត្ដ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ​ដោយ​និយាយ​ថា៖​ «ថ្ងៃ​នេះ​ ជា​ថ្ងៃ​ទី​ដប់បួន​ហើយ​ដែល​បងប្អូន​បន្ដ​រង់ចាំ​ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ​
Acts KhmerNT 27:34  ដូច្នេះ​ហើយ​ ខ្ញុំ​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​បរិភោគ​អាហារ​ចុះ​សម្រាប់​សុខភាព​របស់​អ្នក​រាល់គ្នា​ ដ្បិត​គ្មាន​សក់​មួយ​សរសៃ​ណា​នឹង​ជ្រុះ​ពី​ក្បាល​របស់​អ្នក​រាល់គ្នា​ឡើយ»​
Acts KhmerNT 27:35  ពេល​និយាយ​ដូច្នេះ​រួច​ គាត់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​នៅ​មុខ​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​កាច់​បរិភោគ។​
Acts KhmerNT 27:36  ពួកគេ​មាន​ចិត្ដ​រីករាយ​គ្រប់​គ្នា​ ហើយ​ក៏​បរិភោគ​អាហារ​ដែរ​
Acts KhmerNT 27:37  នៅ​ក្នុង​សំពៅ​នោះ​ មាន​មនុស្ស​ទាំង​អស់​ចំនួន​ពីររយ​ចិតសិប​ប្រាំមួយ​នាក់។​
Acts KhmerNT 27:38  ពេល​ពួកគេ​បាន​បរិភោគ​អាហារ​ឆ្អែត​ហើយ​ ពួកគេ​ក៏​សម្រាល​សំពៅ​ដោយ​ទម្លាក់​ស្រូវ​ទៅ​ក្នុង​សមុទ្រ​
Acts KhmerNT 27:39  លុះ​ភ្លឺ​ឡើង​ ក៏​ឃើញ​ដី​គោក​ដែល​ពួកគេ​មិន​បាន​ស្គាល់​ ប៉ុន្ដែ​មាន​ឆក​សមុទ្រ​ និង​ឆ្នេរ​ខ្សាច់​មួយ​ ដូច្នេះ​ ពួកគេ​ក៏​សម្រេចចិត្ដ​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ ប្រសិន​បើ​អាច​បាន​
Acts KhmerNT 27:40  ដូច្នេះ​ ពួកគេ​ក៏​កាត់​ខ្សែ​ទុក​យុថ្កា​ចោល​នៅ​ក្នុង​សមុទ្រ​ ទាំង​ស្រាយ​ខ្សែ​ពី​ចង្កូត​ ហើយ​លើក​ក្ដោង​ខាង​មុខ​ឡើង​ឲ្យ​ខ្យល់​បក់​តម្រង់​ទៅ​រក​ឆ្នេរ​
Acts KhmerNT 27:41  ប៉ុន្ដែ​ពេល​មក​ដល់​កន្លែង​សមុទ្រ​ពីរ​ប្រសព្វ​គ្នា​ សំពៅ​ក៏​កឿង​ ហើយ​ពេល​ដែល​ក្បាល​សំពៅ​គាំង​នៅ​ជាប់​ទ្រឹង​ កន្សៃ​សំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំផ្លាញ​ខ្ទេច។​
Acts KhmerNT 27:42  ពេល​នោះ​ ពួក​ទាហាន​មាន​ផែនការ​ថា​ ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល​ ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​
Acts KhmerNT 27:43  ប៉ុន្ដែ​លោក​នាយ​ទាហាន​ចង់​ជួយ​លោក​ប៉ូល​ ក៏​រារាំង​ពួកគេ​ពី​ផែនការ​នេះ​ គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាច​ហែល​ទឹក​បាន​ឲ្យ​លោត​ចុះ​ពី​សំពៅ​ ហើយ​ឡើង​ទៅ‍​ដី​គោក​មុន​
Acts KhmerNT 27:44  រីឯ​អ្នក​ផ្សេង​ទៀត​ អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើ​បន្ទះ​ក្ដារ​ អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​ ដូច្នេះ​ យើង​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុវត្ថិ​ភាព​គ្រប់​គ្នា។​
Chapter 28
Acts KhmerNT 28:1  ពេល​បាន​រួច​ជីវិត​ហើយ​ នោះ​ទើប​យើង​ដឹង​ថា​ កោះ​នោះ​ឈ្នោះ​មេលីត​
Acts KhmerNT 28:2  ហើយ​ពួក​អ្នក​កោះ​នោះ​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដល់​យើង​រក​ប្រៀបផ្ទឹម​ពុំ​បាន​ ពួកគេ​បាន​បង្កាត់​ភ្លើង​ទទួល​ពួក​យើង​ទាំង​អស់​គ្នា​ ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។​
Acts KhmerNT 28:3  ប៉ុន្ដែ​ពេល​លោក​ប៉ូល​ប្រមូល​អុស​មួយ​ចំនួន​មក​ដាក់​លើ​ភ្លើង​ នោះ​មាន​ពស់​វែក​មួយ​ចេញ​មក​ ដោយសារ​កំដៅ​ភ្លើង​ ហើយ​ចឹក​ដៃ​របស់​គាត់​ជាប់‍។​
Acts KhmerNT 28:4  ពេល​ពួក​អ្នក​កោះ​ឃើញ​ពស់​វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោក​ប៉ូល​ ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «មនុស្ស​នេះ​ប្រាកដ​ជា​ឃាតក​ហើយ​ ទើប​សេចក្ដី​យុត្ដិធម៌​មិន​ទុក​ឲ្យ​គាត់​រស់​ ទោះជា​គាត់​បាន​រួច​ជីវិត​ពី​សមុទ្រ​ក៏​ដោយ»។​
Acts KhmerNT 28:5  ប៉ុន្ដែ​លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​គ្មាន​ការ​ឈឺ​ចុក​ចាប់​អ្វី​ឡើយ។​
Acts KhmerNT 28:6  ពួកគេ​គិត​ថា​ គាត់​មុខជា​ហើម​ ឬ​ដួល​ស្លាប់​ភ្លាមៗ​មិន​ខាន​ ប៉ុន្ដែ​ពេល​ចាំ​មើល​យ៉ាង​យូរ​ ហើយ​មិន​ឃើញ​មាន​អ្វី​ប្លែក​កើតឡើង​ចំពោះ​គាត់​សោះ​ ពួកគេ​ក៏​ដូរ​គំនិត​ ហើយ​និយាយ​គ្នា​ថា​គាត់​ជា​ព្រះ។​
Acts KhmerNT 28:7  មាន​កន្លែង​មួយ​នៅ​ម្ដុំ​នោះ​ជា​ដី​របស់​មេ​កន្ទ្រាញ​នៃ​កោះ​នោះ​ ឈ្មោះ​ពូព្លាស​ គាត់​បាន​ស្វាគមន៍​យើង​យ៉ាង​រាក់ទាក់​ឲ្យ​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​
Acts KhmerNT 28:8  ពេលនោះ​ឪពុក​លោក​ពូព្លាស​បាន​ដេក​គ្រុន​ ទាំង​មាន​រោគ​មួល​ លោក​ប៉ូល​ចូល​ទៅ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​ប្រោស​គាត់​ឲ្យ​ជា។​
Acts KhmerNT 28:9  បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​ អ្នក​ផ្សេង​ទៀត​នៅ​លើ​កោះ​នោះ​ដែល​មាន​ជំងឺ​បាន​នាំ​គ្នា​មក​រក​លោក​ប៉ូល​ ហើយ​ក៏​បានជា​ទាំង​អស់​គ្នា​ដែរ។​
Acts KhmerNT 28:10  ដូច្នេះ​ ពួកគេ​បាន​គោរព​យើង​ជា​ខ្លាំង​ ហើយ​ពេល​យើង​ចេញ​ដំណើរ​ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។​
Acts KhmerNT 28:11  បី​ខែ​ក្រោយ​មក​ យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា​
Acts KhmerNT 28:12  ហើយ​ពេល​សំពៅ​ចត​នៅ​ក្រុង​ស៊ីរ៉ាគូស​ យើង​បាន​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​
Acts KhmerNT 28:13  ចេញ​ពី​ទី​នោះ​ យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ ហើយ​ក៏​មក​ដល់​ក្រុង​រេគាម។​ មួយ​ថ្ងៃ​ក្រោយ​មក​ មាន​ខ្យល់​ពី​ទិស​ខាង​ត្បូង​មក​ យើង​ក៏​មក​ដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទី​ពីរ​
Acts KhmerNT 28:14  រួច​យើង​បាន​ជួប​ពួក​បងប្អូន​នៅ​ទី​នោះ​ ពួកគេ​បាន​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​អស់​ប្រាំពីរ​ថ្ងៃ​ ហើយ​ដែល​យើង​បាន​មក​ដល់​ក្រុង​រ៉ូម​នោះ​ គឺ​យ៉ាង​ដូច្នេះ​
Acts KhmerNT 28:15  ពេល​ពួក​បងប្អូន​ទាំង​នោះ​ឮ​ដំណឹង​អំពី​យើង​ ពួកគេ​ក៏​មក​រហូត​ដល់​ផ្សារ​អាប់ភាស​ និង​ផ្ទះ​សំណាក់​បី​ខ្នង​ ដើម្បី​ជួប​យើង​ ហើយ​ពេល​លោក​ប៉ូល​ជួប​ពួកគេ​ គាត់​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ ទាំង​មាន​ទឹកចិត្ដ​ឡើង​វិញ។​
Acts KhmerNT 28:16  ពេល​យើង​ចូល​ទៅ​ក្នុង​ក្រុង​រ៉ូម​ គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ស្នាក់នៅ​តែ​ម្នាក់​ឯង​ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​គាត់។​
Acts KhmerNT 28:17  បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​
Acts KhmerNT 28:18  រីឯ​ពួក​ជនជាតិ​រ៉ូម​ ពេល​បាន​សាកសួរ​ខ្ញុំ​រួច‍​ហើយ​ ក៏​ចង់​ដោះលែង​ខ្ញុំ​ ព្រោះ​ខ្ញុំ​គ្មាន​ទោស​សម​នឹង​ស្លាប់​ទេ​
Acts KhmerNT 28:19  ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ជំទាស់​ ដូច្នេះ​ ខ្ញុំ​ក៏​បង្ខំ​ចិត្ដ​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ រីឯ​ខ្ញុំ​ផ្ទាល់​មិន​មាន​អ្វី​ចោទប្រកាន់​ជនជាតិ​ឯង​ទេ​
Acts KhmerNT 28:20  ដោយសារ​មូលហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បងប្អូន​មក​ ដើម្បី​ជួប​ និង​ពិភាក្សា​គ្នា​ ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារ​តែ​សេចក្ដី​សង្ឃឹម​របស់​ជនជាតិ​អ៊ីស្រាអែល»​
Acts KhmerNT 28:21  ពួកគេ​ក៏​ប្រាប់​គាត់​ថា៖​ «យើង​មិន​បាន​ទទួល​សំបុត្រ​ស្ដី​អំពី​អ្នក​ពី​ស្រុក​យូដា​ទេ​ ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់​មក​ប្រាប់​យើង​ ឬ​និយាយ​អ្វី​អាក្រក់​ពី​អ្នក​ដែរ​
Acts KhmerNT 28:22  ដូច្នេះ​ យើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ ដ្បិត​យើង​ដឹង​ថា​ គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង»​
Acts KhmerNT 28:23  ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​
Acts KhmerNT 28:24  អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ​
Acts KhmerNT 28:25  ដូច្នេះ​ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា​ លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ នោះ​ត្រូវ​ណាស់​ថា​
Acts KhmerNT 28:26  ចូរ​ទៅ​ប្រាប់​ប្រជាជន​នេះ​ថា​ អ្នក​រាល់គ្នា​ឮ​ដោយ​ត្រចៀក​មែន​ ប៉ុន្ដែ​មិន​យល់​ឡើយ​ ហើយ​អ្នក​រាល់គ្នា​ឃើញ​ដោយ​ភ្នែក​មែន​ ប៉ុន្ដែ​មិន​ស្គាល់​ឡើយ​
Acts KhmerNT 28:27  ដ្បិត​ចិត្ដ​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​មិន​ដូច្នោះ​ទេ​ គេ​មុខជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។​
Acts KhmerNT 28:28  ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​
Acts KhmerNT 28:29  [ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង]។​
Acts KhmerNT 28:30  លោក​ប៉ូល​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ពេញ​ពីរ​ឆ្នាំ​ ហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នក​ទាំងឡាយ​ដែល​មក​ជួប​គាត់​
Acts KhmerNT 28:31  ទាំង​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​បង្រៀន​ពី​សេចក្ដី​ទាំង​ឡាយ​ អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ដោយ​ការ​បើក​ចំហ​ គ្មាន​ការ​រារាំងទាំង​អស់។​